បណ្ណាល័យ
មេរៀនទី ១០ ៖ ម៉ាថាយ ៥:១៧-៤៨


មេរៀនទី ១០

ម៉ាថាយ ៥:១៧-៤៨

សេចក្ដីផ្ដើម

នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បន្ត​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ​ក្នុង​ស្រុក​កាលីឡេ ទ្រង់​បាន​ពន្យល់​ថា ទ្រង់​ពុំ​បាន​យាង​មក​ដើម្បី​បំផ្លាញ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ទេ ប៉ុន្តែ​យាង​មក​ដើម្បីបំពេញ​វា​វិញ ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ប្រទាន​ព្រះបញ្ញត្តិ​ដែល​ពួក​សិស្ស​របស់​ទ្រង់​ត្រូវ​ធ្វើ​តាម​ដើម្បី​ឲ្យ​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​សួគ៌ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៥:១៧-៤៨

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ពី​របៀប​ឲ្យ​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​សួគ៌

សូមសរសេរសំណួរខាងក្រោម​នេះនៅលើក្ដារខៀន ពី​មុន​ចាប់ផ្ដើមបង្រៀន ៖ តើ​ព្រះបញ្ញត្តិ​មួយ​ណា​ ដែល​អ្នក​គិត​ថា​មនុស្ស​ពិបាក​គោរព​តាម​ជាងគេ​បំផុត ? នៅ​ពេល​ថ្នាក់​ចាប់ផ្ដើម​សុំ​ឲ្យ​សិស្ស​ឆ្លើយតប​ទៅនឹង​សំណួរ​នេះ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៤៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ព្រះបញ្ញត្តិ​មួយ​ដែល​ពិបាក​គោរព​តាម ។ អ្នក​គួរ​អាន​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាថាយ ៥:៤៨ដែល​ចែង​ថា « ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវ​បាន​បង្គាប់​ឲ្យ​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នកដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ។

  • តើ​ព្រះបញ្ញត្តិ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​បែបណា​ដែរ ?

  • តើ​អ្នក​គិត​ថា ភាព​គ្រប់​លក្ខណ៍​មាន​ន័យ​ដូចម្ដេច ?

សូម​ពន្យល់​ថា ពាក្យ « គ្រប់លក្ខណ៍ » ត្រូវ​បាន​បក​ប្រែ​ចេញ​ពី​ពាក្យ​ក្រិក​ដែល​មាន​ន័យ​ថា « ពេញ​លេញ »« បញ្ចប់ »« បាន​អភិវឌ្ឍ​យ៉ាង​ពេញ​លេញ » ។ សូម​សួរ​សិស្សថាតើ​សេចក្ដី​ពន្យល់​នេះ​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ខគម្ពីរ​នេះ​កាន់​តែ​ប្រសើរ​ឡើង​បាន​ដោយ​របៀប​ណា ។ សូម​ពន្យល់​ថា​ភាព​បាន​ពេញ​លេញ ឬ​បាន​អភិវឌ្ឍ​យ៉ាង​ពេញ​លេញ​នោះ​មាន​ន័យ​ថា​ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ ។

នៅ​ពេល​សិស្ស​បន្ត​ការ​សិក្សា​របស់​ខ្លួន​អំពី​ទេសនកថា​នៅ​លើ​ភ្នំ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង ម៉ាថាយ ៥សុំ​ឲ្យ​ពួកគេ​រក​មើល​គោលការណ៍​ដែល​ពួកគេ​ត្រូវ​ធ្វើ​តាម​ដើម្បី​បាន​ចម្រើន​ឡើង​ឆ្ពោះ​ទៅ​កាន់​ភាព​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ផងដែរ ។

សូម​សង្ខេប ម៉ាថាយ ៥:១៧–២០ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ទ្រង់​បាន​យាង​មក​ដើម្បី​បំពេញ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ពុំ​មែន​យាង​មក​ដើម្បី​បំផ្លាញ ឬ​លុប​បំបាត់​ចោល​សេចក្ដី​ពិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ណា​មួយ​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ឡើយ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​ឡើង​វិញ​នូវ​ភាព​ពោរពេញ​នៃ​ដំណឹងល្អ​ដែល​បាន​បាត់​បង់​ដោយ​សារ​តែ​អំពើ​ទុច្ចរិត និង ការ​ក្បត់​សាសនា ទ្រង់​បាន​កែតម្រូវការ​ការ​បង្រៀន​ខុស​ឆ្គង ហើយ​បាន​បំពេញ​ការ​ព្យាករ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ នៅ​ទីបំផុត ដោយ​សារ​ជា​ផ្នែក​មួយ​នៃ​ការ​ស្ដារ​ភាព​ពោរពេញ​នៃ​ដំណឹងល្អ​ឡើង​វិញ កត្តា​មួយ​ចំនួន​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ត្រូវ​បាន​បញ្ឈប់ ដូច​ជា​ការ​កាត់ស្បែក និង​ការ​បូជា​សត្វ ។

សូម​ពន្យល់​ថា ម៉ាថាយ ៥:២១–៤៨ រួមបញ្ចូល​ទាំង​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ក្រឹត្យវិន័យ និង ទំនៀម​ទំលាប់​នានា​ដែល​ពួក​សាសន៍​យូដា​បាន​បង្កើត ឬ​បន្ថែម​ទៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពន្យល់​ពី​អត្ថន័យ​ពិត​នៃ​ក្រឹត្យវិន័យ​នោះ ទ្រង់​បាន​បង្រៀន​របៀប​ដ៏​ខ្ពង់ខ្ពស់​មួយ​នៃ​សេចក្ដី​សុចរិត ។ សមាជិក​នៃ​នគរ​របស់​ទ្រង់​ត្រូវ​រស់​នៅ​តាម​ក្រឹត្យវិន័យ​ដ៏​ខ្ពង់​ខ្ពស់​នេះ ។ ក្រឹត្យវិន័យ​ដ៏​ខ្ពង់​ខ្ពស់​ទាំងនេះ​បាន​ផ្ដល់​ការ​ដឹកនាំ​ ដើម្បី​ជួយ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចៀសវាង​ពី​ការ​បំពាន​ព្រះបញ្ញត្តិ​របស់​ព្រះ ។

ដើម្បី​រៀបចំ​សិស្ស​សិក្សា​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​កំហឹង សុំ​ឲ្យ​ពួកគេ​គិត​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ខឹង​នឹង​នរណា​ម្នាក់ ។

  • តើ​គ្រោះថ្នាក់​មួយ​ចំនួន​នៃ​ការ​ពុំ​អាច​គ្រប់​គ្រង​កំហឹង​របស់​យើង​បាន មានអ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:២១-២២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី ដែល​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​បាន​បង្រៀន​អំពី​អំពើ​ហឹង្សា និង កំហឹង ព្រមទាំង​សេចក្ដី​ពិត​បន្ថែម​ទៀត​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​កំហឹង​ជា​ផ្នែក​មួយ​នៃ​ក្រឹត្យវិន័យ​ដ៏​ខ្ពង់​ខ្ពស់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វីខ្លះ​អំពី​អំពើ​ហឹង្សា និង កំហឹង ? ( សូម​ពន្យល់​ថា ពាក្យ អាចោលម្សៀត ក្នុង ខ​ទី ២២ មាន​ន័យ​ថា មនុស្ស​ល្ងីល្ងើ មនុស្ស​ភ្លីភ្លើ ឬ​មនុស្ស​មិន​ចេះ​គិត ) ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិនបើ​យើង​ពុំ​រៀន​គ្រប់​គ្រង​កំហឹង​របស់​យើងទេនោះ ?

សូម​ពន្យល់​ថា​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ​សម្រាប់ ម៉ាថាយ ៥:២២បាន​ដក​យក​ឃ្លា « ដោយ​គ្មាន​ហេតុផល » ពី​ខគម្ពីរ​នេះ ដោយ​ធ្វើ​វា​ឲ្យ​ទៅ​ជា « តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្តីឲ្យ​បង​ប្អូន​ថា អា​ចោលម្សៀត នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា អា​ឆ្កួត នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក » ។

  • ហេតុអ្វី​បាន​ជា​ការ​ដក​ឃ្លា « ដោយ​គ្មាន​ហេតុផល » ចេញ​ពី​ខគម្ពីរ​នេះ​គឺជា​រឿង​ដ៏​សំខាន់ ?

  • តើ​ការ​គ្រប់គ្រង​កំហឹង​របស់​យើង​ជួយ​យើង​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាព​គ្រប់លក្ខណ៍​បាន​យ៉ាង​ដូច​ម្ដេច ?

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ដូច្នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​មក​រក​យើង ឬ​មាន​បំណង​ចង់​មក​រក​យើង …

សូម​ពន្យល់​ថា​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ​ បាន​បន្ថែម​ឃ្លា​ថា « ប្រសិន​បើ​អ្នក​រាល់​គ្នា​មក​រក​យើង ឬ​មាន​បំណង​ចង់​មក​រក​យើង » នៅ​ដើម ខ​ទី ២៣ ដូច្នេះ​វា​អាន​ថា « ដូច្នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​មក​រក​យើង ឬ​មាន​បំណង​ចង់​មក​រក​យើង ឬ​បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទីនោះ​អ្នក​នឹក​ឃើញ​ថា​បងប្អូន​ណា​មាន​ហេតុអ្វី​ទាស់​នឹង​អ្នក » ( Joseph Smith Translation, Matthew ៥:២៥ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:២៣–២៤ ឲ្យ​ឮៗ ដោយ​ដាក់​បញ្ចូល​ឃ្លា​បន្ថែម​ពី​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​គ្រប់​គ្រង​កំហឹង​របស់​យើង​ចំពោះ​មនុស្ស​ដទៃ ប្រសិន​បើ​យើង​មាន​បំណង​ចង់​មក​រក​ទ្រង់ ។

  • តើ​ឃ្លា « នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន » មានន័យ​ដូច​ម្ដេច ? ( ពី​មុន​ប្រជាជន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះអម្ចាស់ ពួកគេ​ត្រូវ​ផ្សះផ្សារ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​ជា​មុន​សិន ) ។

  • យោង​តាម ខ​ទី ២៤តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​យើង​មាន​បំណង​ចង់​មក​រក​ព្រះគ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​មាន​បំណង​ចង់​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​តែ​ធ្វើ​ផ្នែក​របស់​យើង​ដើម្បី​ផ្សះផ្សារ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​ជា​មុន​សិន ) ។

  • តើ​ការ​ផ្សះផ្សារ​នឹង​នរណា​ម្នាក់​មាន​ន័យ​ដូចម្ដេច ? ( ការ​ដោះស្រាយ​ជម្លោះ ឬ​ការ​ស្ដារ​ឡើង​វិញ​នូវ​ភាពសុខដុម​ក្នុង​ទំនាក់ទំនង ។ ការណ៍​នេះ​រួម​បញ្ចូល​ទាំង​ជន​ដែល​គ្មាន​អារម្មណ៍​ល្អ​ចំពោះ​យើង និង ​ជន​ដែល​យើង​មានអារម្មណ៍​មិនល្អ​ជាមួយ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​យើង​ត្រូវ​ដោះស្រាយ​ជម្លោះ​របស់​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ ​ដើម្បី​មក​រក​ព្រះគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:២៥-២៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា​យើង​អាច​ធ្វើ​ដើម្បី​ផ្សះផ្សារ​នឹង​អ្នក​ដទៃ ។

  • តើ​អ្នក​គិត​ថា ការ​ស្រុះស្រួល​ភ្លាមៗ​នឹង​មារសត្រូវ​របស់​អ្នក​មាន​ន័យ​ដូចម្ដេច ? សូម​ពន្យល់​ថា ឃ្លា « ស្រុះស្រួល »​ត្រូវ​បាន​បក​ប្រែ​ចេញ​ពី​ភាសា​ក្រិក​ដែល​មាន​ន័យ​ថា « មាន​គំនិត​ល្អ​ភ្លាមៗ ឬ​បាន​កម្ចាត់​ចោល​យ៉ាង​ល្អ​ចំពោះ )

  • តើ​ការ​ជ្រើស​យក​ការ​មាន​គំនិត​ល្អ​ទៅ​កាន់​នរណា​ម្នាក់​អាច​ជួយ​យើង​ឲ្យ​ដោះ​ស្រាយ​ជម្លោះ ឬ​ស្ដារ​ឡើងវិញ​នូវ​ទំនាក់ទំនងដែល​ប្រេះស្រាំ​ជាមួយ​នឹង​គាត់​បាន​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ដោះ​ស្រាយ​ជម្លោះ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ទៀត ហើយ​ជាលទ្ធផល​បាន​ខិតចូលកាន់តែជិត​ទៅ​រក​ព្រះគ្រីស្ទ ។ អ្នក​គួរ​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ប្រសិន​បើ​វា​ពុំ​មាន​​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ដោះស្រាយ​ជម្លោះ​របស់​ពួកគេ​ជាមួយ​នឹង​អ្នក​ដទៃ ​ដើម្បី​ពួកគេ​អាច​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ការ​បាន​គ្រប់លក្ខណ៍​ ដូចជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

រូបភាព
dandelions

សូម​បង្ហាញ​ស្មៅ ( ឬ រូបភាព ស្មៅ ) ។

  • តើ​អាច​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិន​បើ​ស្មៅ​ពុំ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​សួនដំណាំ ?

  • តើ​ស្មៅ​អាច​ប្រៀប​ទៅ​នឹង​អំពើ​បាប​បាន​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:២៧-២៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អំពើ​បាប​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន និង ​ក្រឹត្យវិន័យ​ដ៏​ខ្ពង់ខ្ពស់​ដែល​ទ្រង់​រំពឹង​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​រស់​នៅ​តាម ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​គំនិត​ដែល​អសិលធម៌ ឬ​បំណង​ដែល​ពោរពេញ​ដោយ​តណ្ហា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​បញ្ជាក់​ឲ្យច្បាស់​ថា ប្រសិន​បើ​យើង​ជ្រើស​យក​គំនិតអសិលធម៌ ឬ​បំណង​ដែល​ពោរពេញ​ដោយ​តណ្ហា វា​ប្រៀប​បាន​នឹង​យើង​ប្រព្រឹត្ត​អំពើ​កំផិត​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ) ។

សូម​ពន្យល់​ថា ទោះ​ជា​យើង​ពុំ​អាច​រារាំង​គំនិត​ឥត​បរិសុទ្ធ​ ពុំ​ឲ្យ​ចូល​មក​ក្នុង​គំនិត​របស់​យើង​បាន​ជានិច្ច​ក៏​ដោយ ប៉ុន្តែ​យើង​អាច​រារាំង​វា​ពុំ​ឲ្យ​នៅ​ទី​នោះ​បាន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:២៩-៣០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​អំពីការ​ដក​យក​គំនិត​​ឥត​បរិសុទ្ធចេញ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ដក​យក​គំនិត​ឥត​បរិសុទ្ធ​ចេញ ?

  • តើ​អ្នក​គិត​ថា​ការ​ខ្វេះ​ភ្នែក​មនុស្ស​ម្នាក់​ចេញ និង ការ​កាត់ដៃ​មនុស្ស​ម្នាក់​ចោល​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​មាន​ន័យ​ដូចម្ដេច ?

សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​សម្រាប់ ម៉ាថាយ ៥:៣០ បន្ថែម​ប្រយោគ​ថា « ហេតុដូច្នេះ​ហើយ​ឥឡូវ​យើង​មាន​បន្ទូល​ពី​រឿង​ប្រៀប​ប្រដូច​មួយ​ទាក់ទង​នឹង​អំពើ​បាប​អ្នក​រាល់គ្នាដែល​បណ្ដេញ​​ពួកគេ​ចេញ​ពី​អ្នក ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង ។ ចូរ​សុំ​ឲ្យ​សិស្ស​រកមើល​ថាតើ​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការ​ខ្វេះ​ភ្នែក​មនុស្ស​ម្នាក់​ចេញ និង ការ​កាត់ដៃ​មនុស្ស​ម្នាក់​ចោល​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះបាន​យ៉ាង​ដូចម្ដេច ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ក្នុង ម៉ាថាយ ៥:២៩–៣០តើ​អ្វី​ខ្លះ​អាច​នឹង​កើត​ឡើង ប្រសិន​បើ​យើង​ពុំ​ដក​អំពើបាប​ចេញ​ពី​ជីវិត​យើង ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ជ្រើស​ពុំ​ដក​អំពើ​បាប​ចេញ​ពី​ជីវិត​របស់​យើង វា​នឹង​បំផ្លាញ​យើង​ខាង​វិញ្ញាណ ) ។

  • តើ​យើងអាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដក​អំពើ​បាប​ចេញ​ពី​ជីវិត​របស់​យើង ?

  • តើ​យើងអាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដក​អំពើ​បាប​ចេញ​ពី​ជីវិត​របស់​យើង ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ពុំ​ធ្វើ​អំពើបាប​ទាំងនោះ​ម្ដង​ទៀត ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គិត​ពី​អំពើ​បាប ​ដែល​ពួកគេ​ចង់​ដក​ចេញ​ពី​ជីវិត​របស់​ពួកគេ រួច​ដាក់​គោលដៅ​មួយ​ ដើម្បី​ធ្វើ​កិច្ចការ​នោះ ដោយ​ការ​ប្រែចិត្ត និង ​ការ​ផ្លាស់ប្ដូរ​វា​ជាមួយ​នឹង​ទង្វើរ​សុចរិត ។

សូម​សង្ខេប ម៉ាថាយ ៥:៣១–៣៧ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការ​លែង​លះ អាពាហ៍ពិពាហ៍ និង ការ​ធ្វើ​សម្បថ ។

សូម​អញ្ជើញ​សិស្ស​នឹក​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​នៅ​សាលា​បាន​និយាយ​រឿង​ដ៏​អាក្រក់​អំពី​ពួកគេ ។ សូម​សួរ​ទៅ​សិស្ស​ថា​តើ​ពួកគេ​នឹង​ឆ្លើយ​តប​យ៉ាង​ណា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៣៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលថាតើ​​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការ​ដាក់​ទោស​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើបាប ឬ​កំហុស ។ សូម​អញ្ជើញ​ពួកគេឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពន្យល់​ថា​ឃ្លា « ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ » មាន​ន័យ​ថា នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ការ​ដាក់​ទោស​ត្រូវ​តែ​សក្ដិសម​នឹង​ទម្ងន់ទោសនោះ ។

សូម​បំបែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​ដៃ​គូ​ម្នាក់​អាន ម៉ាថាយ ៥:៣៩–៤២ ហើយ​ដៃ​គូ​ម្នាក់​ទៀត​អាន ម៉ាថាយ ៥:៤៣–៤៧ ។ ចូរ​សុំ​ឲ្យ​ពួកគេ​រក​មើល​ក្រឹត្យវិន័យ​ដ៏​ខ្ពង់ខ្ពស់ ។ លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យ​សិស្ស​ពិភាក្សា​សំណួរ​ខាង​ក្រោម​ជាមួយ​នឹង​ដៃ​គូ​ខ្លួន ( អ្នក​គួរ​សរសេរ​សំណួរ​ទាំងនេះ​នៅ​លើ ក្ដារ​ខៀន ឬ​ចែក​ឯកសារ​ឲ្យ​ពួកគេ) ៖

យោងតាម​ព្រះអង្គ​សង្គ្រោះ តើ​ក្រឹត្យវិន័យ​ដ៏​ខ្ពង់​ខ្ពស់​គឺជា​អ្វីទៅ ?

តើ​ក្រឹត្យវិន័យ​ដ៏​ខ្ពង់ខ្ពស់​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​ពី​របៀប​ដែល​យើង​ឆ្លើយ​តប​នឹង​ជន​ដែល​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត ?

លុះ​ដល់​ពេល​កំណត់​ហើយ សូម​ឲ្យសិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ដទៃ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៤៥ ឲ្យ​ឮៗ​ឡើង​វិញ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​អ្វី​នឹង​កើត​ឡើង ប្រសិន​បើ​យើង​ស្រឡាញ់​សត្រូវ​របស់​យើង ហើយ​ធ្វើ​ល្អ​ដាក់​ជន​ដែល​ស្អប់​យើង ។

  • តើ​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង ប្រសិន​បើ​យើង​ស្រឡាញ់​សត្រូវ​របស់​យើង ហើយ​ធ្វើ​ល្អ​ដាក់​ជន​ដែល​ស្អប់​យើង ។

  • ដោយ​ដឹង​ថា យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​វិញ្ញាណ​របស់​ព្រះ តើ​អ្នក​គិត​ថា​ការ​ធ្វើ​ជា​កូនចៅ​នៃ​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ​នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ដូចម្ដេច ? ( វា​មាន​ន័យ​ថា ការ​ក្លាយ​ដូចជា​ទ្រង់ ហើយ​ក្លាយ​ជា​អ្នក​គ្រង​នគរ​របស់​ទ្រង់ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​គំរូ​នៃការ​ស្រឡាញ់​របស់​ទ្រង់ ចំពោះពួក​សត្រូវ​ និង​ការ​ធ្វើ​ល្អ​ដល់​អ្នក​ដទៃ​នៅ​ក្នុង​ព្រះជន្ម​របស់​ទ្រង់​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថាតើ​ពួកគេ​បាន​រៀន​អ្វីខ្លះ​នៅ​ក្នុង ម៉ាថាយ​ ៥ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បាន​គ្រប់លក្ខណ៍​ដូចជា​ព្រះវរបិតា​សួគ៌ ។

  • តើ​កិច្ចការ​មួយ​ចំនួន​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​មាន​អ្វីខ្លះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​គោលការណ៍​មួយ​ដែល​ស្រដៀង​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​ធ្វើ​តាម​ការ​បង្រៀន និង ​ព្រះបញ្ញត្តិ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​បាន​គ្រប់​លក្ខណ៍​ ដូចជា​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ) ។

សូម​រំឭក​សិស្ស​ថា មាន​តែ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ​ទើប​យើង​អាច​បាន​គ្រប់​លក្ខណ៍ ( សូម​មើល មរ៉ូណៃ ១០:៣២ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ដំណើរ​ការ​នៃ​ការ​បាន​គ្រប់លក្ខណ៍ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ រ័សុល អិម ណិលសុន ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​​នាក់ ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« យើង​ពុំចាំបាច់​ស្រងាក​ចិត្តទេ បើកិច្ចខិតខំ​ដ៏​ខ្លាំង​បំផុត​របស់​យើង​ទៅ​កាន់​ភាព​ល្អ​ឥតខ្ចោះ ក្នុងពេល​នេះ​មើល​ទៅ​ហាក់ដូចជា ​[ ពិបាក ] ​ក្រៃលែង ឬ​គ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះ​គឺ​នៅរង់ចាំ​ការសម្រេច ។ វា​អាច​បានមក​ពេញលេញ មានតែ​បន្ទាប់​ពី​ដំណើរ​រស់​ឡើងវិញ និង តាមរយៈ​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ។ វា​កំពុង​រង់ចាំ​ពួក​អ្នក​ទាំងអស់​ណា​ដែល​ស្រឡាញ់​ទ្រង់ និង រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ » (« Perfection Pending » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៩៥ ទំព័រ ៨៨ ) ។

  • យោង​តាម​អែលឌើរ ណិលសុន តើ​យើង​នឹង​បាន​គ្រប់លក្ខណ៍​នៅ​ពេល​ណា ?

  • តើ​សេចក្ដី​ថ្លែងការណ៍​នេះ​អាច​ជួយ​មនុស្ស​ម្នាក់​ ដែល​មាន​អារម្មណ៍​ថា​លើសលុប ហើយ​បាក់​ទឹក​ចិត្ត​ ដោយ​សារ​តែ​ភាព​មិន​គ្រប់​លក្ខណ៍​របស់​ខ្លួន​ដោយ​របៀប​ណា ?

សូម​លើក​ទឹក​ចិត្ត​សិស្សឲ្យ​បន្ត​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ដើម្បី​នៅ​ទីបំផុត​ពួកគេ​អាច​បាន​គ្រប់​លក្ខណ៍​ដូចជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ៥:២២ ។ តើ​ពាក្យ អាចោលម្សៀត មានន័យ​ដូច​ម្ដេច ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​ដ៏​ទូលំទំលាយ​មួយ​នៃ​ពាក្យ អាចោលម្សៀត ៖

« ការ​សម្ដែង​ចេញ​នូវ​ពាក្យ​ប្រមាថ និង​ពាក្យ​ថោកទាប​ខុសៗ​គ្នា​ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ និង ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ប៉ុន្តែ​ចេតនា​នៃ​ការ​អនុម័ត​នេះ​គឺ ដើម្បី​ថ្កោលទោស​រាល់​ពាក្យ​សម្ដី​ដែល​បង្ហាញ​ពី​អារម្មណ៍​មិន​ត្រឹមត្រូវអំពី​មនុស្ស​ម្នាក់​ទៀត » (  វ៉ុល​ទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ], ១:២២២ ) ។

ម៉ាថាយ ៥:២៧-២៨ ។ « អ្នកណា​ដែល​គ្រាន់តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់បាន »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិភាក្សា​ពី​អំពើបាបដ៏​ធ្ងន់​ធ្ងរនៃតណ្ហា ៖

« តើហេតុអ្វីបានជាតណ្ហា គឺជាអំពើបាប​បណ្តាលឱ្យស្លាប់ ? មែនហើយ បន្ថែម​ពី​លើ​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​ខាង​វិញ្ញាណទាំងស្រុង ដែល​វាមាន​មក​លើ​ព្រលឹង​របស់យើង នោះ​ខ្ញុំ​គិត​ថា វាគឺជា​អំពើបាប​មួយ ដោយសារ​តែ​វា​បាន​បង្ខូច​ទំនាក់ទំនង​ដ៏​ខ្ពស់បំផុត និង​ បរិសុទ្ធ​បំផុត ដែល​ព្រះបាន​ប្រទាន​មក​ឲ្យ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ-- ជាសេចក្ដីស្រឡាញ់ដែល​បុរស និង​ ស្រ្តី​ម្នាក់​ មាន​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក និង​ បំណង​ប្រាថ្នា​ដែល​គូស្វាមីភរិយា​នោះ ត្រូវ​បង្កើត​កូនចៅ​ក្នុង​គ្រួសារ​មួយ ដែល​ប្រាថ្នា​ចង់​បានដ៏​នៅអស់កល្បជានិច្ច ។ … សេចក្ដីស្រឡាញ់​ធ្វើ​ឲ្យ​យើង​ឈោង​ទៅរក​ព្រះ និង ​អ្នកដទៃ​ទៀត​ដោយសភាវគតិ ។ ផ្ទុយទៅវិញ ដំរេក​សំរើប គឺ​ជា​អ្វីៗ​ដែល​ពុំមែន​ជា​របស់ផងព្រះ ហើយ​វា​រីករាយនឹង​ការ​បណ្ដោយ​ខ្លួន ។ សេចក្ដីស្រឡាញ់​ បណ្ដាល​ឲ្យមាន​ការលាតដៃ និង ​បើក​ចំហរ​ដួងចិត្ត ឯ​ដំរេក​សំរើប បណ្ដាល​ឲ្យ​មាន​ការ​ស្រេក​ឃ្លាន​ចង់​បាន​ដោយ​បើក​ចំហរ​តែប៉ុណ្ណោះ » (« Place No More for the Enemy of My Soul » EnsignLiahona ខែ ​ឧសភា ឆ្នាំ ​២០១០ ទំព័រ ៤៤–៤៥ ) ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំពី​ផល​នៃ​រូប​អាសគ្រាម​ចំពោះ​អ្នក​ដែល​ប្រើ​វា ៖

« ​រូបអាសគ្រាម​បណ្ដាល​ឲ្យ​លទ្ធភាព​របស់​បុគ្គល​ម្នាក់ ចុះ​អន់ថយ​ក្នុង​ការរីករាយ​នឹង​ទំនាក់ទំនង​ខាង​អារម្មណ៍ ខាង​មនោសញ្ចេតនា និង ខាង​វិញ្ញាណ​ជាមួយ​នឹង​មនុស្ស​ភេទ​ផ្ទុយ​គ្នា ។ វាបំផ្លាញរបាំងសីលធម៌ទាំងឡាយ ដែលការពារទាស់នឹងអាកប្បកិរិយាមិនត្រឹមត្រូវមិនធម្មតាឬខុសច្បាប់ ។ នៅពេលមនសិការរបស់មនុស្សស៊ាំនឹងរូបអាសគ្រាម នោះពួកគេត្រូវបាននាំឲ្យធ្វើដូចអ្វី ដែលពួកគេបានឃើញដោយឥតគិតអំពីផលប៉ះពាល់ចំពោះជីវិតរបស់ពួកគេ និងជីវិតអ្នកដទៃទៀតឡើយ» ( « Pornography » EnsignLiahona ខែ​ ឧសភា ឆ្នាំ ​២០០៥ ទំព័រ ៨៩ ) ។

ម៉ាថាយ ៥:៣១-៣៧ ។ « អ្នក​ណា​ដែល​ចង់​លែង​ប្រពន្ធ »

នៅ​ក្នុង​ជំនាន់​ព្រះយេស៊ូវ មានសាលារៀនមួយរបស់ពួក​សាសន៍​យូដា​​បាន​​បកប្រែ​បទដ្ឋាន​របស់​ព្រះមែស៊ី ( សូម​មើល ចោទិយកថា ២៤:១–២ ) តាម​របៀប​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​លែងលះ​ដែល​មិន​ពេញ​លក្ខណៈ​តាម​ច្បាប់ ។ ឧទាហរណ៍ ប្រសិន​បើ​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ​ក្មេង ឬ​ស្អាតជាង ឬ​ប្រសិន​បើ​ប្រពន្ធ​របស់​បុរស​ម្នាក់​បានបំផ្លាញ​អាហារ​ពេល​ល្ងាច​របស់​គាត់ បានចេញបង្ហាញ​មុខ​ជា​សាធារណៈ​ដោយឥត​បាំងស្បៃមុខ​ ឬបដិសេធ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​គាត់​លែង​លះ​នឹង​នាង​បាន ។ ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ម៉ាថាយ ៥:៣១–៣៧ដូចជា​វគ្គ​ផ្សេង​ទៀត​នៅ​ក្នុង​ទេសនកថា​នៅ​លើ​ភ្នំ​ដែរ ព្រះយេស៊ូវ​ខំ​អំពាវនាវ​ដល់​ពួក​អ្នក​ដើរ​តាម​ទ្រង់​ទៅ​រក​បទដ្ឋាន​ដ៏​ខ្ពង់​ខ្ពស់​មួយ​នៃសេចក្ដី​សុចរិត ហើយ​ឲ្យ​ពួកគេ​យល់​ថា អាពាហ៍ពិពាហ៍​គឺជា​ការតាក់តែង​មួយ​ដែល​គួរ​ផ្ដល់​កិត្តិយស​ឲ្យ ហើយ​ថែរក្សា​ស្រប​តាម​គន្លង​ដែល​ព្រះ​បាន​ស្ថាបនា​ជាមួយ​នឹង​អាពាហ៍ពិពាហ៍​ដ៍​នៅ​អស់កល្ប​ជានិច្ច​របស់​អ័ដាម និង អេវ៉ា ។ ( សូម​មើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី The Mortal Messiah វ៉ុល​ទី ៤ [ ឆ្នាំ​១៩៧៩–៨១ ], ៣:២៩១–៩៧ សូម​មើល​ផងដែរ ម៉ាថាយ ១៩:៣–៩ ) ។

ម៉ាថាយ ៥:៤៣ ។ « អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តីដែល​ថ្លែង​ទុក​មក »

ព្រះ​បញ្ញត្តិ​ឲ្យ « ស្រឡាញ់​អ្នក​ជិត​ខាង » គឺ​មាន​នៅ​ក្នុង លេវីវិន័យ ១៩:១៨ប៉ុន្តែ​គ្មាន​បទគម្ពីរ​ណា​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​បង្គាប់​យើង​ឲ្យ​ស្អប់សត្រូវ​របស់​យើង​ឡើយ ។ វា​ហាក់​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​សំដៅ​ទៅ​លើ​ការ​មាន​បន្ទូល​ទូទៅ​មួយ​ តាម​របៀប​របស់​ទ្រង់ ។