បណ្ណាល័យ
មេរៀនទី ១១ ៖ ម៉ាថាយ ៦


មេរៀនទី ១១

ម៉ាថាយ ៦

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បាន​បន្ត​ទេសនាកថា​នៅ​លើ​ភ្នំ ។ ទ្រង់​បាន​បង្រៀន​ថា​ទង្វើ​សុចរិត​នៃ​ការ​លះបង់​គួរ​ធ្វើ​ឡើង​សម្រាប់​ហេតុផល​ត្រឹមត្រូវ ហើយ​បាន​គូស​បញ្ជាក់ថា ​វា​គួរ​ត្រូវបាន​ធ្វើ​ឡើង ​ដើម្បី​បំពេញតាម​ព្រះហឫទ័យព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ ។ ទ្រង់​ក៏​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ខិតខំ​ស្ថាបនា​នគរ​ព្រះ​ជា​មុន​សិន ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៦:១-១៨

ព្រះអង្គ​សង្គ្រោះ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​កិច្ចការ​សុចរិត

សូម​យក​រង្វាន់​តូច​មួយ​មក​កាន់ថ្នាក់ ( ដូចជា​ស្ករ​គ្រាប់ ) ។ នៅ​ពេល​សិស្ស​បាន​មក​ដល់ ហើយ​អ្នក​ឃើញ​ពួកគេ​ធ្វើ​អ្វី​មួយ​ដែល​ល្អ( ដូចជា ការ​ដក​ព្រះគម្ពីរ​ពួកគេ​ចេញមក ការនិយាយរាក់ទាក់​ទៅកាន់មនុស្ស​ម្នាក់​ ឬ​ជួយ​រៀបចំ​ការ​ប្រជុំ​ធម្មនិដ្ឋាន ) សូមឲ្យ​រង្វាន់​ពួកគេ ហើយ​ប្រកាស​ពី​ទង្វើ​ល្អ​របស់​ពួកគេ​ចំពោះ​សិស្ស​ក្នុង​ថ្នាក់ ។ សិស្ស​មួយ​ចំនួន​អាច​ធ្វើ​តាម​ទង្វើ​ល្អ​របស់​មិត្ត​ខ្លួន ដើម្បី​ទទួល​បាន​រង្វាន់​របស់​ពួកគេ ។ សូម​បន្ត​ឲ្យ​រង្វាន់​សិស្ស​រហូត​ដល់​ពេល​ថ្នាក់​ចាប់ផ្ដើម ។

ដើម្បី​ចាប់ផ្ដើម​ថ្នាក់ សូម​សួរ​សិស្ស​ពី​ហេតុផល​ដែល​អ្នក​បានផ្តល់​រង្វាន់​ដល់​ពួកគេ​ដោយ​សារ​ទង្វើ​ល្អ​ដែល​ពួកគេ​បាន​ធ្វើ ។ សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង ម៉ាថាយ ៦ព្រះ​អង្គ​សង្គ្រោះ​បាន​បន្ត​ធ្វើទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ ហើយ​បាន​បង្រៀន​ពី​ការជំរុញចិត្ត​ខុសៗ​គ្នា​ដែល​បុគ្គល​ម្នាក់​អាច​មាន​សម្រាប់​ការ​ធ្វើ​ទង្វើ​សុចរិត ។ នៅ​ពេល​សិស្ស​សិក្សា ម៉ាថាយ ៦សុំ​ឲ្យ​ពួក​គេ​រក​មើល​គោលការណ៍​ដែល​អាច​ជួយ​ពួកគេ ឲ្យធ្វើ​ទង្វើ​សុចរិត​សម្រាប់​មូលហេតុ​ដ៏​ត្រឹមត្រូវ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៦:១-២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា​ជា​ពុំ​ត្រឹមត្រូវ​​សម្រាប់ការ​ធ្វើ​ទង្វើ​ដ៏​សុចរិត​នានា ។ ( សូម​ចង្អុល​បង្ហាញ​ថា ការ​ធ្វើ​ទាន​គឺជា​ទង្វើ​នៃ​ការលះបង់​ខាង​សាសនា ដូច​ជា​ការ​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ  ) ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ធ្វើ​ទាន ?

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ហៅ​មនុស្ស​ទាំង​នេះ​ជា​អ្វី​ទៅ ? ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ពាក្យ​ក្រិក​ដែល​បកប្រែ​មកថាជា « ពួក​មនុស្ស​លាក់​ពុត » សំដៅ​​​ទៅ​លើ​ជន​ដែល​ក្លែង​បន្លំ  ។

  • តើ​អ្នក​គិត​ថា​ឃ្លា « គេ​បាន​រង្វាន់​គេ​ហើយ » មាន​អត្ថន័យ​ដូចម្ដេច​ដែរ ?

សូម​សិស្ស​ម្នាក់​អាន ម៉ាថាយ ៦:៣–៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពី​របៀប​ដែល​ពួក​សិស្ស​របស់​ទ្រង់​គួរ​ធ្វើ​ទង្វើ​សុចរិត ។

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ធ្វើ​ការ​បម្រើ « ដោយ​សម្ងាត់ » ?

  • តើ​ការ​ធ្វើ​ទង្វើ​សុចរិត​ដោយ​សម្ងាត់​បង្ហាញ​អ្វី​ខ្លះ​ពីការ​លើក​ទឹក​ចិត្ត​របស់​បុគ្គល​ម្នាក់​ក្នុងការ​ធ្វើ​កិច្ចការ​ទាំងនោះ ? ( គាត់​ចង់​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ ហើយ​បម្រើ​ដល់​អ្នក​ដទៃ​ជាជាង​ការ​ទាម​ទារ​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ដទៃ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​អ្វី​ខ្លះ ដល់​ជន​ដែល​បាន​ធ្វើ​ទង្វើ​សុចរិត​សម្រាប់​ហេតុផល​ត្រឹមត្រូវ ?

  • តើ​យើងអាច​រៀន គោលការណ៍ អ្វី​ខ្លះ​មក​ពី​ការ​បង្រៀន​របស់​ព្រះ​អង្គ​​សង្គ្រោះ​អំពី​ការ​ធ្វើ​ទង្វើ​នៃ​ការ​លះបង់ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​គោលការណ៍​នេះ ៖ ប្រសិន​បើ​យើង​ធ្វើ​ទង្វើ​នៃ​ការ​លះបង់​ ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ជាជាង​ទាមទារ​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ដទៃ នោះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​យើង​យ៉ាង​ធំ​ធេង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​ដែល​ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​រង្វាន់​ដល់​យើង​យ៉ាង​ធំ​ធេង​មាន​ន័យ​យ៉ាង​ណា​ដែរ​ចំពោះ​យើង ?

សូម​ចាត់តាំង​ឲ្យ​សិស្ស​ធ្វើការ​ជា​គូៗ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​នៅក្នុង​ក្រុម​នីមួយៗ​អាន​ម៉ាថាយ ៦:៥-៦ ហើយ​សិស្ស​ម្នាក់ទៀត​អាន​ម៉ាថាយ ៦:១៦-១៨ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​រកមើល​ឧទាហរណ៍​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ ដើម្បី​បង្ហាញ​ពី​គោលការណ៍​នៃ​ការ​ធ្វើ​ទង្វើ​សុចរិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​នឹង​គ្នា​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • នៅ​ក្នុងបទគម្ពីរ​ពីរ​វគ្គ​នេះ តើ​ការអនុវត្ត​ខាង​សាសនា​មួយ​ណា​ដែល​ព្រះយេស៊ូវ​បាន​គូស​បញ្ជាក់​ថា​វា​គួរ​ធ្វើ​ឡើង​ដោយ​សម្ងាត់ ?

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​សិស្ស​យល់​ថា ការ​អធិស្ឋាន​ជា​សាធារណៈ​ពុំ​មែន​ជា​រឿង​ខុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​វា​ពុំ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ប៉ុណ្ណោះ ។ ការអធិស្ឋាន និង ការអនុវត្ត​ខាង​សាសនា​ផ្សេង​ទៀត​អាច​ធ្វើ​ឡើង​ជា​សាធារណៈ ប្រសិន​​បើ​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ភាពស្មោះត្រង់ និងការ​លះបង់ ។

  • យោងទៅ​តាម​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា តើ​ហេតុ​អ្វី​បាន​ជា​ពួកមនុស្ស​លាក់​ពុត​អធិស្ឋាន ហើយ​តម​អាហារ ?

អ្នក​គួរ​ពន្យល់​ថា​ឃ្លា « ធ្វើ​ទឹក​មុខ​ក្រៀម » ហើយ « គេ​ក្លែង​ទឹក​មុខ​ស្រងូត » ក្នុង ខ​ទី ១៦ បាន​សំដៅ​ទៅ​លើ​បុគ្គល​ដែល​បង្ហាញ​ទិដ្ឋភាព​ខាង​ក្រៅ​នៃ​ការ​តមអាហារ​របស់​ពួកគេ​ ដើម្បី​ទាមទារ​ចំណាប់​អារម្មណ៍​របស់​អ្នក​ដទៃ ។

សូមយោង​ទៅ​គោលការណ៍​នៅ​លើ​ក្ដារខៀន​ម្ដង​ទៀត ។ សូម​អញ្ជើញ​សិស្ស​គិត​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ធ្វើ​ទង្វើ​នៃ​ការលះបង់—ដូចជា​ការ​អធិស្ឋាន ឬ​ការ​តមអាហារ—ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ ។ ចូរ​សុំ​ឲ្យ​ពួកគេ​សញ្ជឹង​គិត​ពី​អារម្មណ៍​ថា​មាន​ពរ​ដែល​ពួកគេ​ធ្លាប់​ដោយសារ​តែ​ការ​ថ្វាយ​បង្គំ​ដោយ​ស្មោះត្រង់​របស់​ពួកគេ ។ អ្នក​អាច​សុំ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល ប្រសិនបើ​ពួកគេ​គិតថាអាច​ចែកចាយ​បាន ។

សូម​សង្ខេប ម៉ាថាយ ៦:៧–១៥ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​​បាន​ប្រទាន​សេចក្ដី​បង្គាប់ និង គំរូ​មួយ​ពី​របៀប​អធិស្ឋាន​ដ៏​ត្រឹមត្រូវ ។ គំរូ​របស់​ទ្រង់​ផ្ទាល់​ពី​ការអធិស្ឋាន​ត្រូវ​បាន​រាប់ទុកថា​ជា​ការអធិស្ឋាន​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​មើល​ខគម្ពីរ​ទាំងនេះ​ឡើង​វិញ​ដោយ​សង្ខេប រកមើល​អ្វី​ដែល​យើង​អាច រៀន​ពី​ការអធិស្ឋាន​តាមរយៈគំរូ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ( ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​នេះ អ្នក​គួរ​ពន្យល់​ថា​ការ​ព្រមាន​របស់​ព្រះអម្ចាស់​ទាស់​នឹង « ភាព​ច្រំដែលៗ » ​ពុំ​សំដៅ​ទាំង​ស្រុង​លើ​ការ​ទូន្មាន​ទាស់​នឹង​ការ​ប្រើ​ពាក្យ​ដូចគ្នា ឬ​ស្រដៀងគ្នា​រាល់​ពេល​ដែល​យើង​អធិស្ឋាន​នោះ​ឡើយ ។ ព្រះអម្ចាស់​ក៏​ព្រមាន​ទាស់​នឹង​ការអធិស្ឋាន​ដែល​ចេះ​តែ​ពោល​ដោយ​គ្មាន​ការ​គិត ពោល​រឿង​មិន​សំខាន់ ឬ​គ្មាន​ន័យ​ដែរ ។ ការ​អធិស្ឋាន​របស់​យើង​គួរ​មាន​ការ​បន្ទាប​ខ្លួន ចេញ​ពី​ចិត្ត ហើយ​បង្ហាញ​សេចក្ដី​ជំនឿ ) ។

ម៉ាថាយ៦ :១៩-​២៤

ព្រះយេស៊ូវគ្រីស្ទបង្រៀនហ្វូងមនុស្សឲ្យទុកទ្រព្យសម្បត្តិខ្លួនឯងនៅឯស្ថានសួគ៌វិញ

រូបភាព
treasure chest

សូមបង្ហាញ​រូប​ហឹប​ទ្រព្យ​សម្បត្តិ​មួយ ។ សូម​ពន្យល់​ថា ទ្រព្យ​សម្បត្តិ​គឺជា​អ្វីៗ​ដែល​យើង​ឲ្យ​តម្លៃ​យ៉ាង​ធំធេង ។

  • តើ​អ្វី​មួយ​ដែល​អ្នក​គិត​ថា​ជា​ទ្រព្យ​សម្បត្តិ​នោះ​វា​គឺជា​អ្វីទៅ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៦:១៩-២១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​អំពី​ទ្រព្យសម្បត្តិ ។

  • តើ​ទ្រព្យ​សម្បត្តិ​ប្រភេទ​ណា​ខ្លះ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ស្វែង​រក ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ទ្រព្យ​សម្បត្តិ​ ដែល​ទុក​នៅ​លើ​ផែនដី និង ​ទ្រព្យ​សម្បត្តិ​ដែល​ទុក​នៅ​ស្ថានសួគ៌​ខុស​គ្នា​ដូចម្ដេច​ខ្លះ ?

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នេះ​នៅលើ ក្ដារខៀន ៖

ទ្រព្យសម្បត្តិ​នៅ​លើ​ផែនដី

ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក​ក្ដារ​ខៀន ហើយ​សរសេរ​ឧទាហរណ៍​ពី​ទ្រព្យ​សម្បត្តិ​នៅ​លើ​ផែនដី និង ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៦:២២–២៤ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ​ដែល​វា​អាច​ជួយ​យើង​ឲ្យ​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វី​ខ្លះ​នៅ​ក្នុង ខ​ទី ២២–២៣ ដែល​អាច​ជួយ​យើង​ឲ្យរក្សា​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌ ? ( សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ ខ​ទី ២២ អាន​ថា « បើ​សិន​ជា​ភ្នែក​របស់​អ្នក​ស្មោះ​ស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរីល្អ​នៃ​ព្រះ »  ។ អ្នក​គួរ​រំឭក​សិស្ស​ថា កិច្ចការ និងសិរីល្អ​របស់​ព្រះ​គឺ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស » [ ម៉ូសេ ១:៣៩ ] ) ។

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ភ្នែក​របស់​យើង​ស្មោះ​ស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរីល្អ​នៃ​ព្រះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ចុង​បញ្ចប់​នៃ ខ​ទី ២៤ ដែល​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ដើម្បី​រក្សា​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌ ? ( សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូចខាង​ក្រោម ៖ យើង​ពុំ​អាច​បម្រើ​ទាំង​ព្រះ​ និង ​ទ្រព្យ​សម្បត្តិ​ក្នុង​ពេល​តែ​មួយ​បាន​ទេ ។ សូម​ពន្យល់​ថា​ពាក្យ ទ្រព្យសម្បត្តិ សំដៅ​លើ​ការ​ទ្រព្យធន ) ។

  • តើ​អ្នក​គិត​ថា ការ​« បម្រើ » ទ្រព្យសម្បត្តិ វា​មាន​ន័យ​ដូចម្ដេច ? ( ការ​ដាក់​ដួង​ចិត្ត​យើង​លើ​ទ្រព្យ​ខាង​លោកិយ ​តាម​របៀប​ដែល​ដឹកនាំ​យើង​ឲ្យ​ឃ្លាត​ឆ្លាយ​ពី​ព្រះ ) ។

ដើម្បី​ឆ្លុះបញ្ចាំង​ពី​សេចក្ដីពិត​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង ម៉ាថាយ ៦:២៤សូម​បិទ​បំពង់​បឺត​ពីរ​តជាប់​គ្នា​ ។ សូម​ដាក់​បង្ហាញ​ពែង​ទឹក​មួយ​ដែល​មាន​ទឹក​ពាក់​កណ្ដាល ហើយ​ដាក់​បំពង់​បឺត​មួយ​ចូល​ទៅ​ក្នុង​ពែងនោះ ហើយ​មួយ​ទៀត​នៅ​ក្រៅ​ពែង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​សាកល្បង​បឺត​ទឹក​ដោយ​ប្រើ​បំពង់​បឺត​ទាំង​ពីរ ។ ( សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​បឺត​ដំណាល​គ្នា​ចេញ ពី​បំពង់​បឺត​ទាំងពីរ​ដើម្បី​គោលបំណង​របស់​មេរៀន​អាច​សម្រេច​បាន ) ។ បន្ទាប់មក សូម​សួរ​សិស្សនោះ ៖

  • ហេតុអ្វី​ប្អូន​ពិបាក​​បឺត​ទឹកម្ល៉េះ ?

សូម​សួរ​សិស្ស ៖

  • ប្រសិន​បើ​បំពង់​បឺត​តំណាង​ឲ្យ​យើង តើ​ទឹក​តំណាង​ឲ្យ​អ្វី​ទៅ ? ( ការ​ខិតខំ​របស់​យើង​ដើម្បី​បម្រើ​ព្រះ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា យើង​ពុំ​អាច​បម្រើ​ព្រះ និង ទ្រព្យសម្បត្តិ​ក្នុង​ពេល​តែ​មួយ​បាន ? ( សូមមើល​ផងដែរ យ៉ាកុប ១:៨) ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​បំពង់​​បឺត​ដើម្បី​អាច​បឺត​ទឹក​បាន ? តើ​វា​ពាក់ព័ន្ធនឹង​ការ​ខិត​ខំ​របស់​យើង​ដើម្បី​បម្រើ​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។ អ្នក​គួរ​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​របស់​ពួកគេ ​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។

  • នៅ​ក្នុង​ជីវិត​របស់​អ្នក តើ​ឧទាហរណ៍​មួយ​នៃ​របៀប​ដាក់​ដួងចិត្ត​អ្នក​លើ​រឿង​លោកិយ​អាច​អូស​ទាញ​អ្នក​ចេញ​ពី​ការ​បម្រើ​ព្រះ និង​ ការរក្សា​ទុក​ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌​គឺជា​អ្វី​ទៅ ?

ម៉ាថាយ ៦:២៥-៣៤

ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ស្វែង​រក​នគរ​ព្រះ​ជា​មុន​សិន

សូម​សង្ខេប ម៉ាថាយ ៦:២៥–៣៤ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ កុំ​ឲ្យ​ព្រួយ​បារម្ភ​ពេក​ពី​ការ​ផ្តត់ផ្គង់​សម្រាប់​សេចក្ដី​ត្រូវការមូលដ្ឋាន​របស់​ពួកគេ ។​ ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ​ សម្រាប់ ម៉ាថាយ ៦:២៥–២៧ ជួយ​យើង​ឲ្យ​យល់​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​មាន​បន្ទូល​ជាក់លាក់​ដល់​ជន​ដែល​នឹង​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​អញ្ចើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៦:៣១-៣៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ស្វែងរក​អ្វី​ជាមុន​សិន​នៅ​ ក្នុង​ជីវិត​របស់​ពួកគាត់ ។ ( សូម​ចង្អុល​បង្ហាញ​ពាក្យ​មក​ពី​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ​ នៅ​ក្នុងខ៣៣  ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​ពួក​សិស្ស​ទ្រង់​ឲ្យ​ស្វែង​រក​ជាមុន​សិន ​ក្នុង​ជីវិត​របស់​ពួកគាត់ ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​អ្វី​ខ្លះ​ដល់​ជន​ ដែល​កំពុង​ស្វែងរក​ស្ថាបនា​នគរ​ព្រះ ( ឬ​សាសនាចក្រ​របស់​ទ្រង់ ) ជាជាង​ការ​ស្វែង​រក​ទទួល​បាន​របស់​ខាង​លោកិយ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ស្វែង​រក​ស្ថាបនា​នគរ​ព្រះ​ជាមុន​សិន នោះ​ទ្រង់​នឹង​ប្រទាន​ពរដល់​យើង​ ជាមួយ​នឹង​អ្វី​ដែល​ទ្រង់​ជ្រាប​ថា​យើង​ត្រូវការ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​គោលការណ៍​នេះ សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« យើង​ត្រូវ​ដាក់​ព្រះ​ពីមុខ​អ្វីៗ​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​យើង ។ …

« ពេល​យើង​ទុក​ព្រះ​ជាមុន នោះ​អ្វីៗ​ទាំងអស់​ផ្សេងទៀត​ចូល​ទៅក្នុង​កន្លែង​ត្រឹមត្រូវ​របស់​វា ឬ ក៏​ចេញ​ពី​ជីវិត​យើង ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ត្រូវបាន​បង្ហាញ​ដោយ​មនោសញ្ចេតនា​របស់​យើង ដោយ​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​របស់​យើង ចំណូលចិត្ត​ដែល​យើង​តាមរក និង លំដាប់​លំដោយ​នៃ​អាទិភាព​របស់​យើង ។

« យើង​គួរ​ដាក់​ព្រះ​មុន មនុស្ស​ទាំងអស់ ក្នុង​ជីវិត​យើង » (« The Great Commandment—Love the Lord » Ensign ខែ​ ឧសភា ឆ្នាំ ​១៩៨៨ ទំព័រ ៤ ) ។

  • តើ​អ្នក​ធ្លាប់ដកពិសោធន៍​ពី​ពរជ័យ​របស់​ព្រះវរបិតា​សួគ៌​នៅ​ពេល​ណា​ដែរ កាល​អ្នក​បាន​ស្វែងរក​ដើម្បី​ដាក់​ទ្រង់​ដំបូង​គេ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​ត្រិះរិះ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី​ពរជ័យ​ដែល​កើត​មាន​តាមរយៈ​ការ​ដាក់​ព្រះវរបិតា​សួគ៌​ដំបូង​គេ​នៅ​ក្នុង​ជីវិត​យើង ។

ជា​ថ្មី​ម្ដងទៀត សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ដោយ​សង្ខេប​ពី​របៀប​ដែល​ពួកគេប្រហែលជាត្រូវបានល្បួង​ឲ្យ​ដាក់​ដួងចិត្ត​របស់​ពួកគេ​ទៅ​លើ​ទ្រព្យ​ខាង​លោកិយ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ ​ដើម្បី​យក​ឈ្នះ​លើ​ការ​ល្បួង​នេះ​ដោយ​សរសេរ​នៅ​ក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ​នូវ​វិធី​មួយ​ដែល​ពួកគេ​នឹង​ខិតខំ​ដាក់​ព្រះវរបិតា​សួគ៌​ដំបូង​គេ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ៦:២២ ។ « ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ »

«ពាក្យ​ល្អ ដែល​ប្រើ​នៅ​ក្នុង​ខគម្ពីរ​នេះ ចេញ​មក​ពី​ពាក្យ​ក្រិក​មួយ​ដែល​មាន​ន័យ​ថា ‹ សំឡេងល្អ សុខភាព​ល្អ សាមញ្ញ ស្មោះត្រង់ › ។ ការ​ដឹង​ពី​និយមន័យ​នេះ​ជួយ​យើង​ឲ្យ​យល់​ពី​ សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ស្ដីពី​ការ​ធ្វើ​ទាន ការ​អធិស្ឋាន និង ការតមអាហារ ។ ការណ៍​ទាំងនេះ​គួរ​ធ្វើ​ឡើង​ដោយ​ការផ្ដោត​ចិត្តដ៏​សាមញ្ញ ហើយ​ស្មោះត្រង់​មួយ​ទៅលើ​ព្រះ​វរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ឬ​លើ​អ្នក​ទទួល ។ យើង​អាច​ត្រិះរិះ​ចំពោះ​សំណួរ​ទាំងនេះ​ដូចជា ៖ នៅ​ពេល​ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ តើ​ខ្ញុំ​សង្ឃឹម​ថា​នឹងបាន​នាំ​យក​សិរីល្អ​ថ្វាយ​ព្រះ ឬ សម្រាប់​ខ្លួន​ឯង ? នៅ​ពេល​ខ្ញុំ​បម្រើ​ព្រះអម្ចាស់ តើ​ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ពី​ព្រះអម្ចាស់ ឬ​ពី​មនុស្ស ? នៅ​ពេល​ខ្ញុំ​អធិស្ឋាន​ជា​សាធារណៈ តើ​ខ្ញុំ​កំពុង​ទូល​ទៅកាន់​ព្រះ ឬ​ទៅ​អង្គ​ជំនុំ ? ( សូម​មើល នីហ្វៃទី ២ ២:៣០, គ. និង ស. ៨៨:៦៧–៦៨, ម៉ូសេ ៤:២, យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៤៦ ) » (  [ Church Educational System manual ឆ្នាំ​២០១៤ ] ទំព័រ ២៩ ) ។