បណ្ណាល័យ
មេរៀនទី ១២ ៖ ម៉ាថាយ ៧


មេរៀនទី ១២

ម៉ាថាយ ៧

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បន្ត​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ​ដោយ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​កាត់​សេចក្ដី​ដោយ​សុចរិត ។ ទ្រង់​ក៏​បង្រៀន​ពី​ការ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន និង​ ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌​ផង​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៧:១-៥

ជា​ផ្នែក​មួយ​នៃ​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​កាត់​សេចក្ដី​ដោយ​សុចរិត ។

សូមសរសេរសំណួរខាងក្រោម​នេះ នៅលើក្ដារខៀនពី​មុន​ចាប់ផ្ដើមបង្រៀន ៖ តើ​យើង​គួរ ឬ​ក៏​មិន​គួរ​កាត់​សេចក្ដី​អ្នក​ដទៃ ? នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន សុំ​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ ។

រូបភាព
ទេសនកថា​នៅ​លើ​ភ្នំ

ទេសនកថា​នៅ​លើ​ភ្នំ ដោយ ខាល ហេនរីក ប្លូច ។ ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​វិមាន ហ្វ្រិឌើរីកស្បក នៅ ហីលលើ​រុត ប្រទេស ដាណឺម៉ាក់ ។ ហាមថតចម្លង ។

សូម​ដាក់តាំង រូបភាព The Sermon on the MountGospel Art Book [ ឆ្នាំ ​២០០៩ ] ល.រ. ៣៩ សូម​មើល​ផងដែរ LDS.org ) ។ សូម​ពន្យល់​ថា នៅពេល​ព្រះយេស៊ូវ​បាន​បន្ត​ទេសនកថា​របស់​ទ្រង់​នៅ​លើ​ភ្នំ ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ពី​ការ​កាត់​សេចក្ដី ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ៧:១ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាមរកមើលអ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការ​កាត់​សេចក្ដី ។ សូម​ចង្អុល​បង្ហាញ​ថា ខ​ទី ១ ជា​រឿយៗ​ត្រូវ​បាន​យល់​ច្រឡំ​ថា​មាន​ន័យ​ថាយើង​ពុំ​គួរ​កាត់​សេចក្ដី ។ ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:១ឲ្យឮៗ ។

  • តើ​ព្រះអង្គសង្គ្រោះ​បង្រៀន​អ្វី​ខ្លះ​អំពី​ការ​កាត់​សេចក្ដី ?

  • តើ​អ្នក​គិត​ថា ការ​ការ​កាត់​សេចក្ដី​ដោយ​សុចរិត​មាន​ន័យ​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:២ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​អ្វី​ដែល​នឹង​កើតឡើង​ផ្អែក​តាម​របៀប​ដែល​យើង​កាត់​សេចក្ដី​អ្នក​ដទៃ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​កាត់​សេចក្ដី​អ្នកដទៃ​ដោយ​សុចរិត ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គោលការណ៍​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​កាត់​សេចក្ដី​អ្នក​ដទៃ​ដោយ​សុចរិត នោះព្រះ​នឹង​ប្រទាន​សេចក្ដី​មេត្តា​ករុណា និង ​ភាពស្មើ​ភាពគ្នា​ដូចគ្នា​ដល់​យើង ) ។

ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន សូម​ចែក​សំណៅ​នៃ សេចក្ដី​ថ្លែងការណ៍ ខាង​ក្រោម​ក្នុង ពិត​ចំពោះ​សេចក្ដី​ជំនឿ ដល់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ប្រភេទ​នៃ​ការ​កាត់​សេចក្ដី​ដែល​យើង​គួរ និង​ពុំ​គួរ​ធ្វើ ។ ចូរសុំ​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​រកមើល​របៀប​ដែល​យើង​អាច​កាត់​សេចក្ដី​ដោយ​សុចរិត ។

រូបភាព
សំណៅ ការកាត់​សេចក្ដី

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១២

« ពេល​ខ្លះ​មនុស្ស​មាន​អារម្មណ៍​ថា វា​ខុស​ក្នុង​ការ​វិនិច្ឆ័យ​អ្នក​ដទៃ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ ។ ខណៈ​វា​ត្រឹមត្រូវ​ដែល អ្នក​មិន​គួរ​កាត់ទោស​អ្នក​ដ៏ទៃ ឬ វិនិច្ឆ័យ​ពួកគេ​ដោយ​មិន​យុត្តិធម៌ នោះ​អ្នក​នឹង​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​ពី​គំនិត ពី​ស្ថានភាព និង ពី​មនុស្ស ដែល​នៅក្នុង​ឆាក​ជីវិត​របស់​អ្នក ។ …

« ការវិនិច្ឆ័យ​គឺជា​ការ​ប្រើ​សេរីភាព​យ៉ាង​សំខាន់​របស់​អ្នក ហើយ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា ជា​ពិសេស ពេល​ដែល​អ្នក​ធ្វើ​ការ​វិនិច្ឆ័យ​អំពី​មនុស្ស​ដទៃ​ទៀត ។ ការ​វិនិច្ឆ័យ​ទាំង​អស់​របស់​អ្នក​ត្រូវ​តែ​បាន​ដឹកនាំ​ដោយបទដ្ឋាន​សុចរិត ។ សូម​ចងចាំ​ថា​មាន​តែ​ព្រះ​ប៉ុណ្ណោះ ដែល​ដឹង​ពី​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ ហើយ​ដែល​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ចុង​ក្រោយ​បង្អស់​ដល់​បុគ្គល​ម្នាក់ៗ ( សូម​មើល វិវរណៈ ២០:១២, នីហ្វៃទី​៣ ២៧:១៤, គ. និង ស. ១៣៧:៩ ) ។ …

« … ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក វិនិច្ឆ័យ​ពី​ស្ថានភាព​របស់​មនុស្ស​ជាជាង​វិនិច្ឆ័យ​ពី​ខ្លួន​របស់​មនុស្ស ។ ពេលណា​ដ៏​ដោយ​ដែល​អាច​ធ្វើ​ទៅ​បាន ចូរ​ជៀសវាង​ធ្វើ​ការ​វិនិច្ឆ័យ​រហូត​ដល់​អ្នក​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ល្មម​នៃ​ការ​ពិត​នោះ ។ ចូរ​ស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​ជា​អង្គ​ដឹកនាំ​ការ​សម្រេច​ចិត្ត​របស់​អ្នក » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ​ ២០០៤ ] ទំព័រ ៥៣–៥៥ ) ។

  • តើ​ការ​កាត់​សេចក្ដី​ប្រភេទ​ណា​ខ្លះ​ដែល​យើង​គួរ​ធ្វើ ?

  • តើ​យើង​អាច​កាត់​សេចក្ដី​ដោយសុចរិត​តាម​របៀប​ណា ?

សូម​ដាក់​បង្ហាញ​បំណែក​ឈើ​តួច​មួយ និង ឈើ​មួយ​ដើម​វែង​​ដែលក្រាស់ ។ សូម​ពន្យល់​ថា កាល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​សិស្ស​ទ្រង់​ពី​ការ​កាត់​សេចក្ដី ទ្រង់​បាន​ហៅ​បំណែក​ឈើ​តូច​មួយ​ជា កម្ទេច និង ឈើ​មួយ​ដើម​ធំ​ជា ធ្នឹម ។ សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន ម៉ាថាយ ៧:៣ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពី​ការ​កាត់​សេចក្ដី​អ្នក​ដទៃ ។

  • តើ​កម្ទេច និង ធ្នឹម​តំណាង​ឲ្យ​អ្វី​ ក្នុងការ​រៀបរាប់​ពីភាព​ស្រដៀង​គ្នា​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​អាច​និយាយ​ឡើងវិញ​នូវ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ៣យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឡើង​មក​ខាងមុខ​ក្ដារខៀន ។ សូម​ណែនាំ​សិស្ស​ម្នាក់​ឲ្យ​កាត់​ធ្នឹម​ដាក់​ពី​មុខ​ភ្នែក​ខ្លួន ។ សូម​សួរ​សិស្ស​ទីពីរ ៖

  • តើ​ប្អូន​ចង់​ឲ្យ​មិត្ត​រួម​ថ្នាក់​ប្អូន ​ដែល​កាន់​ធ្នឹម​ដក​យក​កម្ទេច​ចេញ​ពី​ភ្នែក​ប្អូន​ដែរ​ឬទេ ? ហេតុអ្វីមិនបាច់ ?

សូម​សួរ​សិស្ស​ដែល​កាន់​ធ្នឹម ៖

  • តើ​ប្អូន​ត្រូវ​ធ្វើ​អ្វី​ខ្លះ ​ដើម្បី​ឲ្យ​បាន​ឃើញ​ច្បាស់​ពី​មុន​ដក​យកកម្ទេចចេញ​ពី​ភ្នែក​របស់​មិត្ត​រួម​ថ្នាក់​ប្អូន ?

សូម​អញ្ជើញ​សិស្សដែល​កាន់​ធ្នឹម​​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« រឿង​ពី​ធ្នឹម និងកម្ទេច​នេះ ហាក់ដូចជា​ទាក់ទង​យ៉ាង​ជិតស្និទ្ធទៅនឹង​ការ​ខ្វះ​សមត្ថភាព​របស់​យើង​ ក្នុងការ​មើល​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ។ ខ្ញុំ​មិន​ប្រាកដ​ទេថា ហេតុអ្វីបាន​ជាយើងអាច​វិនិច្ឆ័យរោគ ហើយចេញបញ្ជាព្យាបាលជំងឺ​របស់​អ្នក​ដទៃ​បាន​យ៉ាង​ល្អ កាល​ដែល​យើង​មាន​ការ​ពិបាក​ក្នុង​ការ​មើល​ឃើញ​ពី​ជំងឺ​របស់យើងផ្ទាល់​ជារឿយៗនោះ » ( « Lord, Is It I? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៦ ) ។

សូម​អញ្ជើញសិស្ស​ទាំង​ពី​នាក់​នោះ​ត្រឡប់​ទៅ​អង្គុយ​វិញ ។ ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:៤-៥ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ថា តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ​យើង​គួរ​ព្រួយ​បារម្ភ​ពី​កំហុស​របស់​នរណា​ទៅ ។

  • តើ​កង្វល់ និង ​ការ​កែតម្រូវ​របស់​យើងគួរ​ផ្ដោត​លើ​កំហុស​អ្នក​ដទៃ ឬ​លើ​កំហុស​ខ្លួន​ឯង ? ហេតុអ្វី ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការ​កាត់​សេចក្ដី​អ្នកដទៃ​ដោយ​ឥត​សុចរិត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ផ្ដោតយកចិត្តទុកដាក់ទៅ​លើ​ការ​ដក​យក​អំពើ​បាប​ផ្ទាល់​ខ្លួន នោះ​នឹង​ពុំ​សូវ​មានចិត្តកាត់​សេចក្ដី​អ្នក​ដទៃ​ដោយ​ឥត​សុចរិតទេ ) ។

  • តើ​គោលការណ៍​នេះ​អាច​ជួយ​យើង​បែប​ណា​ដែរ ពេល​យើង​ឃើញ​កម្ទេច​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្សេង ?

អ្នក​អាច​ឲ្យ​បំណែក​ឈើ​តូច​មួយ​ទៅ​សិស្ស​ ដើម្បី​ទុក​ជា​ការ​រំឭក​ចាំ​ពី​គោលការណ៍​នេះ ។ សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អំពើបាប ឬ​ភាព​ទន់ខ្សោយ​ដែល​ពួកគេ​អាច​ដក​ចេញ​ពី​ភ្នែក​របស់​ខ្លួន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ទូល​សូម​ជំនួយ​ពី​ព្រះអម្ចាស់​ ដើម្បី​ដកយក​គុណវិបត្តិ​របស់​ខ្លួន​ជាជាង​ការ​កាត់​សេចក្ដី​អ្នក​ដទៃ​ដោយ​ឥត​សុចរិត ។

ម៉ាថាយ ៧:៦-១៤

ព្រះអង្គ​សង្គ្រោះ​បង្រៀន​ពី​ការ​ស្វែង​រក​វិវរណៈ​ផ្ទាល់ខ្លួន

សូម​សង្ខេប ម៉ាថាយ ៧:៦ ដោយ​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​សម្រាប់​ខគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពួក​សិស្ស​ទ្រង់​ឲ្យ​ប្រកាស​ដំណឹងល្អ​ដល់​ពិភពលោក ។ ពួកគាត់​ត្រូវ​បង្រៀន​ពី​ការប្រែ​ចិត្ត ប៉ុន្តែ​ត្រូវ​រក្សា​ភាពអាថ៌កំបាំង​នៃ​នគរ​ទុក​ជា​រឿង​សម្ងាត់ ។ និយាយ​ម្យ៉ាង​ទៀត គឺ​ពួកគាត់​ពុំ​ត្រូវ​ពិភាក្សា​ប្រធាន​បទ​ដែល​ពិសិដ្ឋ​ជាមួយ​នឹង​មនុស្ស​ដែល​ពុំ​ទាន់​ត្រៀម​ខ្លួន​ទទួល​វា ។ ( សូមមើល ការបកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:៩–១១ [ នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។

សូម​ពន្យល់​ថា យោងតាម​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:៧ ( សូម​មើល ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:១២ [ ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ចាប់ផ្ដើម​ជាមួយ​នឹង​ឃ្លា « និយាយ​ទៅ​កាន់​ពួកគេទូល​សូម​ដល់​ព្រះ » ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ខទី ៧ឮៗ ចាប់ផ្តើម​ជាមួយឃ្លានេះ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​បង្រៀន ។

  • តើ​ពួក​សិស្ស​បាន​ប្រាប់​ឲ្យ​និយាយ​អ្វីខ្លះ​ទៅ​មនុស្ស ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​ពី​ព្រះ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ក្នុង ខ​ទី ៧ អំពី​របៀប​ដែល​យើង​អាច​យល់​ដឹង​ពី​ចំណេះដឹង​ពិសិដ្ឋ​មក​ពី​ព្រះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គោលការណ៍​ខាង​ក្រោម ៖ នៅ​ពេល​យើង​ទូល​សូម ស្វែងរក ហើយ​គោះ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​យើង​រក​សេចក្ដី​ពិត ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ ហើយ​ប្រទាន​វិវរណៈ​ផ្ទាល់​ខ្លួន​ដល់​យើង ) ។

  • តើ​ពាក្យ ទូលសូមស្វែងរក ហើយ គោះ បញ្ជាក់​ពី​អ្វីខ្លះ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ចែក​ចាយ​ពី​គ្រា​មួយ​ដែល​ការ​ទូល​សូម ការ​ស្វែងរក និង ការ​គោះ​របស់​ពួកគេ​ បាន​អញ្ជើញ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់​ខ្លួន ។

សូម​សង្ខេប ម៉ាថាយ ៧:៩–១១ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ដូច​ជា​ឪពុក​ម្នាក់​ពុំ​ឲ្យ​ដុំថ្ម ឬ​ពស់ ពេល​កូន​ខ្លួន​សូម​នំប៉័ង ឬ​ត្រី​ដែរ ព្រះវរបិតា​សួគ៌​នឹង​ពុំ​បដិសេធ​អំណោយទាន​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន​ដល់​កូនចៅ​ទ្រង់​ដែល​ទូល​សូម​វា​ឡើយ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ដោយ​ទូល​សូម ស្វែងរក ហើយ​គោះ​ដើម្បី​អញ្ជើញ​ឲ្យ​មាន​វិវរណៈ និង ការ​យល់​ដឹង​ផ្ទាល់ខ្លួន​នៃ​ដំណឹងល្អ ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​ពួកគេ​ធ្វើ​កិច្ចការ​ដោយ​សេចក្ដី​ជំនឿ និង សេចក្តី​អត់ធ្មត់ ព្រះវរបិតា​សួគ៌​នឹង​ឆ្លើយ​តប ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:១២-១៤ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សេចក្ដី​ពិត​បន្ថែម​ទៀត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​ពួកសិស្ស​របស់​ទ្រង់​បង្រៀន ។ សូម​អញ្ជើញ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ម៉ាថាយ ៧:១៥-២៧

ព្រះអង្គ​សង្គ្រោះ​សន្យា​នឹង​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ជន ​ដែល​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ។

សុំ​ឲ្យ​សិស្ស​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​គំនិត​មួយ​ចំនួន​ ដែល​ពិភពលោក​ទទួល​យក​ជា​ទូទៅ ប៉ុន្តែ​ដែល​ផ្ទុយ​នឹង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ហេតុ​អ្វី​ការ​អាច​ដឹង​ថា​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​កំពុង​ផ្តល់​គំនិត​មួយ ​ដែល​ផ្ទុយ​ពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​គឺជា​រឿង​ដ៏​សំខាន់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:១៥ ឲ្យឮៗ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​ព្រមាន​ដល់​ពួកសិស្ស​អំពីអ្វីខ្លះ ? តើ​ទ្រង់​បាន​មាន​បន្ទូល​ថា​ ពួក​ព្យាការី​ក្លែង​ក្លាយ​ទាំង​នេះ​នឹង​ដឹកនាំ​ឲ្យ​វង្វេង​ផ្លូវ​បាន​យ៉ាង​ដូចម្ដេច ?

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

សូម​ពន្យល់​ថា អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ព្រមាន​ពី​ពួក​ព្យាការី​ក្លែងក្លាយ​ក្នុង​ជំនាន់​របស់​យើង​ដោយ​រួម​បញ្ចូល​ទាំង « បុរស​ស្ត្រី​ដែល​ជា​ពួក​អ្នក​ប្រកាស​ដោយ​ឯក​ឯង​ពី​គោលលទ្ធិ​នៃ​សាសនា​ចក្រ » ក៏​ដូចជា « ជន​ដែល​និយាយ ហើយ​បោះពុម្ព​ប្រឆាំង​នឹង​ពួក​ព្យាការី​ពិត​របស់​ព្រះ និង​អ្នក​ដែល​ខិតខំ​ផ្សព្វ​ផ្សា​យ​ដល់​អ្នក​ដទៃ​ដោយ​ពុំ​គិត​ពី​សុខុមាលភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​មនុស្ស​ដែល​ពួកគេ​ទាក់ទាញ » (« Beware of False Prophets and False Teachers » Ensign ខែ​ វិច្ឆិកា ឆ្នាំ​១៩៩៩ ទំព័រ ៦៣ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:១៦-២០ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​វិធី​មួយ​ដែល​យើង​អាច​ដឹង​ថាតើ​មនុស្ស​ម្នាក់​គឺជា​ព្យាការី​ក្លែងក្លាយ ឬ​គ្រូបង្រៀន​ក្លែងក្លាយ ។

  • តើ​វិធី​មួយ​ដែល​យើង​អាច​ដឹង​ថា​មនុស្ស​ម្នាក់​គឺជា​ព្យាការី​ក្លែងក្លាយ ឬ​គ្រូបង្រៀន​ក្លែងក្លាយបាន​ដោយរបៀបណា​ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​សូមសរសេរ សេចក្ដី​ពិត ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ យើង​អាច​ដឹង​ពួក​ព្យាការី​ក្លែង​ក្លាយ​ដោយ​ផល​របស់​ពួកគេ ) ។

សូម​បង្ហាញ​សិស្ស​ពី​ផល​ផ្លែពីរ​ប្រភេទ ។ សូម​សួរ​សិស្ស​ថាតើ​ដំណាំ​ប្រភេទ​ណា​ដែល​ឲ្យ​ផល ។ សូម​ពន្យល់​ថា ស្រដៀង​គ្នា​នឹង​ការ​ស្គាល់​ដំណាំ​តាម​រយៈ​ផល​របស់​វា​ដែរ យើង​អាច​ស្គាល់​ពួក​ព្យាការី​ក្លែងក្លាយ និង គ្រូបង្រៀន​ក្លែងក្លាយ​តាមរយៈ​ការ​បង្រៀន សកម្មភាព និង គំនិត​របស់​ពួកគេ ។

  • ដោយ​ផ្អែក​តាម​សេចក្ដី​ពិត​នេះ តើ​យើងអាច​ស្គាល់​បុគ្គល ឬ​ក្រុម​ដែល​យើង​គួរ​ចៀសវាង​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​បញ្ជី​គំនិត​នៅលើ​ក្ដារខៀន​ទាក់​ទង​គ្នា​នឹង​សេចក្ដី​ពិត​នេះ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​សង្ខេប ម៉ាថាយ ៧:២១–២៣ ដោយ​ពន្យល់​ថា ពុំ​មែន​មនុស្ស​គ្រប់​គ្នា​ដែល​ប្រកាសអំពី​ជំនឿ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ចូល​នគរ​ទ្រង់​បា​នទេ ប៉ុន្តែ​ជន​ដែល​ធ្វើ​តាម​ព្រះទ័យ​នៃ​ព្រះវរបិតាសួគ៌ ហើយ​មក​ស្គាល់​ទ្រង់ទើបនឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌ ។

សូម​ដាក់​បង្ហាញ​ដុំ​ថ្ម​មួយ និង ខ្សាច់​មួយ​ថាស ។ សូម​សួរ​សិស្ស​ថាតើ​ពួកគេ​ចង់​សង់​ផ្ទះ​របស់​ខ្លួន​លើ​ខ្សាច់ ឬ​លើ​ថ្ម ។ សូម​អញ្ជើញ​ពួកគេ​ពន្យល់​ពី​មូលហេតុ ។

ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៧:២៤-២៧ ឮៗ ។

  • យោង​តាម ខ​ទី ២៤តើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា​សកម្មភាព​អ្វី​ខ្លះ​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រៀប​បាន​នឹង​មនុស្ស​ឆ្លាត​ដែល​សង់​ផ្ទះ​នៅ​លើ​ថ្ម ?

  • យោង​តាម ខ​ទី ២៦តើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា​សកម្មភាព​អ្វី​ខ្លះ​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រៀប​បាន​នឹង​មនុស្ស​ល្ងង់ខ្លៅ​ដែល​សង់​ផ្ទះ​នៅ​លើ​ខ្សាច់ ?

  • តើ​អ្នក​គិត​ថា ភ្លៀង ទឹក​ជំនន់ និង ខ្យល់​តំណាង​ឲ្យ​អ្វី​នៅ​ រឿង​ប្រៀបប្រដូចទាំងនេះ( សូមមើល ខ​ទី ២៧ សូម​មើល​ផងដែរ ហេលេមិន ៥:១២ ) ?

  • តើ​​​គោលការណ៍​អ្វី​ខ្លះ​ ស្តីពីការធ្វើតាម​ការបង្រៀន​របស់ព្រះអម្ចាស់ ដែលយើង​អាច​រៀន​ពី​រឿងប្រៀប​ប្រដូច​ទាំងនេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ស្ដាប់ ហើយ​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ពង្រឹង​កម្លាំងដល់​​យើង​ឲ្យ​ស៊ូទ្រាំ​ នឹង​ការ​សាកល្បង​របស់​យើង ។ ប្រសិន​បើ​យើង​ស្ដាប់​តាម​ការ​បង្រៀន​របស់​ព្រះអម្ចាស់ ប៉ុន្តែ​ពុំ​បាន​ធ្វើ​តាម នោះ​យើង​នឹង​ពុំ​ទទួល​បាន​ការ​គាំទ្រ​ ដែល​យើង​ត្រូវការ នៅ​ពេល​ការ​សាកល្បង​បាន​មក​ដល់​ឡើយ ) ។

សូម​អញ្ជើញ​សិស្ស​ពិចារណា​ពី​អ្វី​ដែល​ព្រះអម្ចាស់​​បាន​បង្រៀន ​នៅ​ក្នុង​ទេសនកថា​នៅ​លើ​ភ្នំ ( សូម​មើល ម៉ាថាយ ៥–៧ ) ។ សូម​អញ្ជើញ​ពួកគេ​ធ្វើ​ដូចជា​មនុស្ស​ឆ្លាត​នោះ​ដោយ​សម្រេច​ចិត្ត​ធ្វើ​តាម​គោលការណ៍​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ អ្នក​គួរ​ឲ្យ​ពេល​សិស្ស​សរសេរ​ពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍​មួយ ឬ​ច្រើន​នៅ​ក្នុង​មេរៀន​នេះ ឬ​នៅ​ក្នុង​មេរៀន​ទាំងបី ​លើក​មុន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ៧:១-២ ។ ការ​ធ្វើ​ការ​កាត់​សេចក្ដី​សុចរិត

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​គោលការណ៍​ ដែល​ជួយ​យើង​ឲ្យ​ធ្វើ​ការ​កាត់​សេចក្ដី​សុចរិត​ជាជាង​ការ​កាត់​សេចក្ដី​ភ្លាមៗ ៖

« មាន​នូវ​ការថ្កោលទោស​ពីរ​ប្រភេទ ៖ ការជំនុំ​ជម្រះ​ភ្លាមៗ ដែល​យើង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ ហើយការវិនិច្ឆ័យ​ជាអន្តរការីដែល​យើង​ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើ ប៉ុន្តែ​ដោយ​ផ្អែកលើ​គោលការណ៍​ដ៏​សុចរិត ។ …

« … ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ថា កុំ​ឲ្យ​យើង​ធ្វើ​ការជំនុំ​ជម្រះភ្លាមៗ ? ខ្ញុំ​ជឿ​ថា បទបញ្ញត្តិ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ ដោយសារ​យើង​សន្មត់​ថា​ជា​ការត្រឹមត្រូវ ក្នុង​ការ​ធ្វើ​ការជំនុំ​ជម្រះភ្លាមៗ នៅពេល​ណា​ក៏​ដោយ​ដែល​យើង​ប្រកាស​ថា មនុស្ស​​ជាក់លាក់​ណា​ម្នាក់​នោះ​នឹងទៅ​ស្ថាន​នរក ( ឬ ទៅ​ស្ថានសួគ៌ ) សម្រាប់​ទង្វើ​ជាក់​លាក់​មួយ ឬ នៅពេល​ជាក់លាក់​មួយ​នោះ ។ …

« យើង​ទាំងអស់​គ្នា​ធ្វើ​ការវិនិច្ឆ័យ​នៅក្នុង​ការជ្រើសរើស​មិត្តភក្ដិ​របស់​យើង នៅក្នុង​ការជ្រើសរើស​របៀប​ ដែល​យើង​នឹង​ចំណាយ​ពេល និង លុយ​របស់​យើង ហើយ​ប្រាកដ​ណាស់ គឺនៅក្នុង​ការជ្រើសរើស​ដៃគូ​អស់កល្ប​របស់​យើង ។ ការ​កាត់​សេចក្ដី​ទាំង​នេះ​មួយ​ចំនួន​គឺ​ពិត​ជា​មាន​នៅ​ក្នុង​ចំណោម​ការ​កាត់សេចក្ដី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល កាល​ទ្រង់​បាន​បង្រៀន​ថា ‹ សេចក្ដី​សំខាន់​ជាង​ដែល​នៅ​ក្នុង​ក្រឹត្យវិន័យ › រួមបញ្ចូល​ទាំង​ការ​កាត់​សេចក្ដី​ដែរ ( ម៉ាថាយ ២៣:២៣ ) ។ …

« នៅ​ក្នុង​ការ​កាត់​សេចក្ដី​អន្តរការីដែល​យើង​ត្រូវ​ធ្វើ យើង​គួរ​ប្រុងប្រយត្ន័ធ្វើការ​កាត់​សេចក្ដី​ដោយ​សុចរិត ។ យើង​គួរ​ស្វែងរក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​ក្នុងការ​សម្រេច​ចិត្ត​របស់​យើង ។ យើង​គួរ​កំណត់​ការ​កាត់​សេចក្ដី​របស់​យើង​ទៅ​តាម​កាតព្វកិច្ច​របស់​យើង​ផ្ទាល់ ។ ពេលណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ទៅ​បាន យើង​គួរ​ជៀសវាង​ធ្វើ​ការ​កាត់​សេចក្ដី​មនុស្ស​រហូត​ដល់​យើង​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ល្មម​នៃ​ការ​ពិត​នោះ ។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន យើង​គួរ​កាត់​សេចក្ដី​ទៅ​លើ​កាលៈទេសៈ​ជាជាង​ទៅ​លើ​មនុស្ស ។ នៅ​រាល់​ការ​កាត់​សេចក្ដី​របស់​យើង យើង​គួរ​អនុវត្ត​បទដ្ឋាន​សុចរិត ។ ហើយ​នៅ​រាល់​កិច្ចការ​នេះ​យើង​ត្រូវ​ចងចាំ​ពី​ព្រះបញ្ញត្តិ​ឲ្យ​អភ័យទោស » (« Judge Not’ and Judging » Ensign ខែ​ សីហា ឆ្នាំ​ ១៩៩៩ ទំព័រ ៧, ៩, ១៣ ) ។

ម៉ាថាយ ៧:១៥-២០ ។ « ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែងក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន »

អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង៖

« នៅ​ពេល​យើង​គិត​ពី​ពួក​ព្យាការី​ក្លែងក្លាយ និង ​គ្រូ​ក្លែងក្លាយ យើង​តែង​គិត​ពី​ជន​ដែល​ជឿ​លើ​គោលលទ្ធិ​មួយ​ខុស ឬ​ជឿ​ថា​មាន​សិទ្ធិ​អំណាច​ដើម្បី​បង្រៀន​ដំណឹងល្អ​ពិត​នៃ​ព្រះគ្រីស្ទ​ស្រប​តាម​ការ​បកប្រែ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ជារឿយៗ យើង​សន្មតថា បុគ្គល​បែបនេះ​មាន​ទំនាក់ទំនង​នឹង​ក្រុម​តូច​ដ៏​សំខាន់​ដែល​ជាទូទៅ​សង្គម​ពុំ​ទទួល​ស្គាល់ ។ ទោះ​ជា​យ៉ាង​ក៏ដោយ ខ្ញុំថ្លែង​ជា​ថ្មី​ ៖ មាន​ពួក​ព្យាការី​ក្លែង​ក្លាយ និង គ្រូ​ក្លែងក្លាយ​ដែល​មាន ឬ​យ៉ាង​ហោច​ណាស់​ប្រកាស​ថា​មាន​សមាជិក​ភាព​នៅ​ក្នុង​សាសនាចក្រ​នេះ ។ មាន​ជន​ដែល​គ្មាន​សិទ្ធិ​អំណាច​បាន​ប្រកាស​ថា​ មាន​ការ​អនុញ្ញាតពី​សាសនាចក្រ​ចំពោះ​ផលិតផល និង ការ​អនុវត្ត​របស់​ពួកគេ ។ ចូរ​ប្រយ័ត្ន​ចំពោះជន​ទាំងនេះ ។ …

« … សូម​ប្រយ័ត្ន​នឹង​អស់​អ្នកទាំងឡាយ​ណា​ដែល​និយាយ និង ផ្សព្វផ្សាយ​ផ្ទុយ​នឹង​ព្យាការី​ដ៏​ពិត​របស់​ព្រះ និង ដែល​បាន​ញ៉ាំង​ឲ្យ​អ្នកដទៃ​ប្ដូរ​សាសនា​យ៉ាង​សកម្ម​ដោយ​ការធ្វេស​ប្រហែស​ចំពោះ​សុខុមាលភាព​ដ៏​អស់កល្ប​ជានិច្ច​របស់​អស់​អ្នក​ទាំងឡាយ ​ដែល​ពួកគេ​បាន​ទាក់ទាញចិត្ត​នោះ » ( « Beware of False Prophets and False Teachers » Ensign ខែ ​វិច្ឆិកា ឆ្នាំ​ ១៩៩៩ ទំព័រ ៦២–៦៣ ) ។