បណ្ណាល័យ
មេរៀនទី ១៣ ៖ ម៉ាថាយ ៨–១០


មេរៀនទី ១៣

ម៉ាថាយ ៨–១០

សេចក្ដីផ្ដើម

នៅ​ពេល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​ឆ្លងកាត់​ស្រុក​កាលីឡេ ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ជាច្រើន ។ ទ្រង់​ក៏​បាន​ហៅ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រគល់​អំណាច ហើយ​បាន​បង្គាប់​ពួកគាត់ ហើយ​បាន​បញ្ជូន​ពួកគាត់​ទៅ​បម្រើ​ដល់​ប្រជាជន ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៨:១-៩:៣៤

ព្រះយេស៊ូវ​ធ្វើ​អព្ភូតហេតុ​ជាច្រើន

នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • ប្រសិន​បើ​អ្នក​បាន​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក​ក្រុង​របស់​អ្នក​នៅ​ថ្ងៃ​នេះ តើ​អ្នក​នឹង​នាំ​នរណា​ទៅ​ឲ្យ​ទ្រង់​ព្យាបាល ? ហេតុអ្វី ?

សូម​ចម្លង​សេចក្ដី​យោង​បទគម្ពីរ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ម៉ាថាយ ៨:១–៤, ម៉ាថាយ ៨:៥–១៣, ម៉ាថាយ ៨:១៤–១៥, ម៉ាថាយ ៨:២៣–២៧, ម៉ាថាយ ៨:២៨–៣២, ម៉ាថាយ ៩:១–៨, ម៉ាថាយ ៩:១៨–១៩, ២៣–២៦, ម៉ាថាយ ៩:២០–២២, ម៉ាថាយ ៩:២៧–៣១, និង ម៉ាថាយ ៩:៣២–៣៣ ។ ចូរ​ចាត់​សេចក្ដី​យោង​បទគម្ពីរ​មួយ​ដល់​សិស្ស​ម្នាក់​មួយៗ ។ ( ប្រសិន​បើ​អ្នក​មានថ្នាក់​តូច សិស្ស​មួយ​ចំនួន​អាច​អាន​​វគ្គ​បទ​គម្ពីរ​ច្រើន​ជាងមួយ ) ។

សូម​អញ្ជើញ​សិស្ស​អាន​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បាន​ទទួល ហើយ​រក​មើល​អព្ភូតហេតុ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ។ លុះ​ដល់​ពេល​កំណត់​ហើយ ចូរ​សុំ​ឲ្យ​សិស្ស​រៀបរាប់​ខ្លីៗ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ( កំណត់ចំណាំ ៖ សិស្ស​នឹង សិក្សា អព្ភូតហេតុ​ទាំងនេះ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នៅ​ក្នុង ម៉ាកុស ១–៥ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៨:១៦-១៧ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​ការព្យាករ​មួយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ នៅ​ពេល​ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ទាំងនេះ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​សេចក្ដីពិតអ្វីខ្លះ ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នៃ​អព្ភូតហេតុ​ទាំងនេះ​ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវ​អាច​ព្យាបាល​យើង​ពី​ពិការភាព និង​ជំងឺ​នានា​របស់​យើង ។ អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា ពិការភាព គឺជា​ជំងឺ ​គុណវិបត្តិ ឬ​ភាព​ទន់ខ្សោយ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល​យើង ឬ​ពង្រឹង​ភាព​ទន់ខ្សោយ​របស់​យើង​ដោយ​របៀប​ណា ប្រសិន​បើ​ទ្រង់​ពុំ​បាន​យាង​មក​ក្នុង​ចំណោមយើង​សព្វថ្ងៃ​នេះ ? ( តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ សូមមើល អាលម៉ា ៧:១១–១៣ ) ។

ម៉ាថាយ ៩:៣៥–១០:៨

ព្រះយេស៊ូវ​ហៅ​ពួក​សាវក​ដប់ពីរនាក់

សូម​ដាក់​បង្ហាញ​រូបភាព​មួយ ឬ​រូបភាព​ជាច្រើន​នៃ​ពួក​សាវក​បច្ចុប្បន្ន​របស់​សាសនាចក្រ រួម​ទាំង​គណៈប្រធាន​ទី​មួយ​ផង​ដែរ ។ ( រូប​ភាព​ទាំង​នោះ​អាច​រក​បាន​នៅ LDS.org [ សូម​មើល Meet Today’s Prophets and Apostles ] និង ​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​ទស្សនាវដ្ដី EnsignLiahonaសម្រាប់​សន្និសីទ​ទូទៅ ) ។

  • តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យបុគ្គល​ទាំង​នេះ​ មាន​ភាពពិសេស​ខុស​គ្នា​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំងអស់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​នានា នៅ​ពេល​ពួកគេ​សិក្សា ម៉ាថាយ ៩–១០ អំពី​តួនាទី​របស់​ពួក​សាវក និង​ពរជ័យដែល​ពួកគាត់​អាច​នាំ​មក​ក្នុង​ជីវិត​របស់​យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ម៉ាថាយ ៩:៣៥ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើ​បន្ថែមពី​លើ​ការ​ព្យាបាល​ដល់​មនុស្ស​ដទៃ ។

  • លើស​ពី​ការ​ព្យាបាល​ដល់​មនុស្ស​ដទៃ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ​ នៅ​ក្នុង​ការ​ងារ​បម្រើ​របស់​ទ្រង់ ?

សូម​ពន្យល់​ថា នៅ​ពេល​ព្រះយេស៊ូវ​បាន​ប្រកាស​ដំណឹងល្អ ហើយ​បាន​ធ្វើ​អព្ភូតហេតុ​ពេញក្នុង​ស្រុក​យូដា ចំនួន​មនុស្ស​ដែល​បាន​ដើរ​តាម​ទ្រង់ និង​​ស្វែងរក​ទ្រង់ បាន​កើន​ឡើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៩:៣៦-៣៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​នរណា​ទៅ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា គាត់​ត្រូវ​ជួយ​ទ្រង់​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ទាំងអស់​ដែល​បាន​ដើរ​តាម​ទ្រង់ ។

  • យោង​តាម ខ​ទី ៣៧–៣៨ថាតើ​នរណា​ទៅ ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា គាត់​ត្រូវ​ជួយ​ទ្រង់​មើល​ថែ​មនុស្ស​ដែល​បាន​ដើរ​តាម​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១០:១-៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ បាន​ធ្វើ​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​​របស់​មនុស្ស​ទាំងនោះ ។

  • តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ហ្វូង​មនុស្ស​ដែល​បាន​ដើរ​តាម​ទ្រង់ ?

  • តើ​យើង​អាន​រៀន​គោលលទ្ធិ​អ្វីខ្លះ​ ពី​ខគម្ពីរ​ទាំងនេះ​ស្ដីពី​របៀប​មួយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​នៅ​លើ​ផែនដី ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ហៅ​ពួក​សាវក ហើយ​ប្រគល់​សិទ្ធិ​អំណាច​ដល់​ពួក​គាត់ ។ អ្នក​គួរ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរ​គោលលទ្ធិ​នេះ​នៅក្បែរ ម៉ាថាយ​ ១០:១-៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​​អាន ម៉ាថាយ ១០:៥-៨ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្គាប់​ឲ្យ​ពួកសាវក​របស់​ទ្រង់​ទាំងអស់​​​ធ្វើ ។

  • តើ​ព្រះយេស៊ូវ​បាន​បង្គាប់​ពួក​សាវក​របស់​ទ្រង់​ឲ្យ​ធ្វើ​អ្វីខ្លះ ?

សូម​ពន្យល់​ថា​ពាក្យ សាវក ​ចេញ​មក​ពី​ពាក្យ​មួយ​របស់​ក្រិក​ដែល​មាន​ន័យ​ថា « មនុស្ស​ម្នាក់​ដែលត្រូវ​បាន​បញ្ជូន​ទៅ » ។ ដំបូង​ឡើយ ពួក​សាវក​ត្រូវ​បាន​បញ្ជូន​តែ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​អ៊ីស្រាអែល​ប៉ុណ្ណោះ ។ ក្រោយ​មក​ទៀត ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បាន​បង្គាប់​ថា ដំណឹងល្អ​ក៏​ត្រូវ​ប្រកាស​នៅ​ក្នុង​ចំណោម​ពូជ​សាសន៍​ដទៃ ឬ​ជន​ដែល​ពុំ​មែន​ជា​ពួក​សាសន៍​អ៊ីស្រាអែល​ផង​ដែរ ។

  • តើ​អ្នក​បាន​សង្កេត​ឃើញ​ភាព​ស្រដៀង​គ្នា​អ្វី​ខ្លះ​ រវាង​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ និង​កិច្ចការ​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ធ្វើ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ ​មកពី​ខគម្ពីរ​ទាំងនេះ អំពី​អ្វី​ដែល​ព្រះអម្ចាស់​ហៅ​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ធ្វើ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ព្រះអម្ចាស់​ហៅ​ពួក​សាវក​ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ សូម​ពិចារណា​ពី​ការសរសេរ​សេចក្ដីពិត​នេះនៅ​លើ​ក្ដារខៀន ។

សូម​យោង​ទៅ​រូប​ពួក​សាវក​បច្ចុប្បន្ន​ម្ដងទៀត ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្ដល់​ជា​ឧទាហរណ៍​ អំពី​របៀប​ដែល​ពួក​សាវក​បច្ចុប្បន្ន​ប្រកាស ហើយ​ធ្វើ​ការងារ​បម្រើ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ ​ប្រសិន​បើ​ទ្រង់​បាន​គង់​នៅ​ទីនេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ពី សារៈសំខាន់ នៃ​សេចក្ដីពិត​ដែល​ពួកគេ​បាន​ស្គាល់​ខាងលើ សូម​អាន ឬ​បង្ហាញ​ផ្នែក​មួយ​នៃ​សុន្ទរកថា​ថ្មីៗ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាវក​បច្ចុប្បន្ន​មួយ​រូប​ដែល​ពាក់ព័ន្ធ​នឹង​យុវវ័យ ។ បន្ទាប់​ពី​អាន​សេចក្ដី​ថ្លែង​ការណ៍​នោះ ឬ​បង្ហាញ​ជា​វីដេអូ​ហើយ សូម​សួរ ៖

  • តើ​ការ​យល់​ដឹង​ថា ពួក​សាវក​ត្រូវបាន​ហៅ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ធ្វើ​កិច្ចការ​របស់ទ្រង់ ​អាច​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​យើង​ឆ្លើយ​តប​នឹង​អ្វី​ដែល​ពួកគាត់​បាន​បង្រៀន ហើយ​ប្រឹក្សា​ឲ្យ​យើង​ធ្វើ​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​ការងារ​បម្រើ និង សារ​លិខិត​នៃ​ពួក​សាវក​បច្ចុប្បន្ន​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​តាមរបៀប​ណា​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ដោយ​ស្មោះ​នូវ​ឱកាស​ដើម្បី​ស្ដាប់ សិក្សា ហើយ​អនុវត្ត​ប្រសាសន៍​នៃ​ពួកសាវក​របស់​ព្រះអម្ចាស់ ។

ម៉ាថាយ ១០:៩-៤២

ព្រះយេស៊ូវ​ណែនាំ​ពួក​សាវក​ទាំង​ដប់ពីរ​នាក់​ពីមុន​ពួកលោកចេញ​ទៅ​ប្រកាស ហើយ​ធ្វើ​ការងារ​បម្រើ

សូម​សង្ខេប ម៉ាថាយ ១០:៩–១៦ ដោយ​ពន្យល់​ថា ព្រះ​អម្ចាស់​​បាន​ណែនាំ​ពួក​សាវក​ឲ្យ​ទុក​ចិត្ត​លើ​ព្រះវរបិតា​សួគ៌​ ដើម្បី​ផ្ដល់​ដល់​សេចក្ដី​ត្រូវការ​របស់​ពួកគាត់ នៅ​ពេល​ពួកលោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកាស​ដំណឹងល្អ ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បង្រៀន​ដល់​ពួកគាត់ឲ្យ​ប្រសិទ្ធពរ​ដល់​មនុស្ស ​ដែល​បាន​ទទួល​ពួកគាត់ ហើយ​ផ្ដល់​ផ្ទះ​ឲ្យ​ពួកគាត់​ស្នាក់​នៅ​ផងដែរ ។

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​មួយ​ដែល​មាន​មនុស្ស​ម្នាក់ ​ដែល​មាន​សាសនា​ខុស​ពី​ពួកគេ​បាន​មក​សួរ​ពួកគេ​នូវ​សំណួរ​ដ៏​ពិបាក​មួយ​អំពី​ដំណឹងល្អ ឬ​បាន​សួរ​ពួកគេ​អំពី​អ្វី​មួយ​ដែល​​បង្កហេតុ​​ពាក់ព័ន្ធនឹង​សាសនាចក្រ ។

  • តើ​អ្នក​មាន​ជំនឿចិត្ត​យ៉ាង​ណាដែរ​ ដោយ​ដឹង​ពី​អ្វី​ដែល​អ្នក​គួរ​និយាយ​នៅ​ក្នុង​ស្ថានភាព​នោះ ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ ​​នៅ​ក្នុង​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ទៅ​កាន់​ពួក​សាវក​របស់​ទ្រង់​នៅ​ផ្នែក​ សេសសល់​ក្នុង ម៉ាថាយ ​១០​ ដែល​អាច​ជួយ​យើង​នៅ​ពេល​យើង​ត្រូវ​ពន្យល់​ដំណឹងល្អ ឬ​ចែកចាយ​ទីបន្ទាល់​របស់​យើង ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង ម៉ាថាយ ១០:១៦–២០ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​សាកល្បង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា​ ពួកសាវក​នឹង​ជួប​នៅ​ពេល​ពួកគេ​បាន​ធ្វើ​ដំណើរទៅ​ប្រកាស​ដំណឹងល្អ ។

  • តើ​ការ​សាកល្បងអ្វី​ខ្លះ ​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ​ពួក​សាវក​របស់​ទ្រង់​នឹង​ជួប​នៅ​ពេល​ពួកគាត់​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ ?

  • យោង​តាម ខ​ទី ១៩–២០តើ​ពួក​សាវក​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ទាំង​នេះ​បាន​ដោយ​របៀប​ណា ? ( អ្នក​អាច​នឹង​ត្រូវ​ពន្យល់​ថា ឃ្លា « កុំ​ថប់​ព្រួយ »​ មានន័យ​ថា « កុំ​ឲ្យ​បារម្ភ​ខ្លាំង​ពេក »  ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ មកពី​ខគម្ពីរ​ទាំងនេះ អំពី​ការ​និយាយ​ទៅ​កាន់​មនុស្ស​ដទៃ នៅ​ពេល​យើង​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ នៅ​ពេល​យើង​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​បំផុស​គំនិត​យើង​ពី​អ្វី​ដែល​ត្រូវ​និយាយ​ នៅ​ពេល​ដែល​ចាំបាច់ ) ។

  • តើ​អ្នក​ធ្លាប់​មានអារម្មណ៍​ថា ​ព្រះអម្ចាស់​បាន​បំផុត​គំនិត​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត​នៅ​ពេល​ណា​ដែរ ? ( អ្នក​គួរ​ទុក​ពេល​ឲ្យ​សិស្ស​គិត​ ពីមុន​សុំ​ឲ្យ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​នេះ ) ។

សូម​សង្ខេប ម៉ាថាយ ១០:២១–៤២ ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បន្ត​ប្រទាន​ការ​ណែនាំ ការ​ព្រមាន និង​ការ​លួងលោម​ដល់​ពួក​សាវក​របស់​ទ្រង់​ពី​ការសាកល្បងដែល​ពួកគាត់​នឹង​ជួប ។ ដើម្បី​ជួយ​សិស្ស​សិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ១០:៣៧–៣៩សូម​បំបែក​ពួកគេ​ជា​គូ ឬ​ជា​ក្រុម​តូចៗ ហើយ​ឲ្យ​ដៃ​គូ ឬ​ក្រុម​នីមួយៗ​នូវ​សំណៅ​នៃ ឯកសារដែល​ភ្ជាប់​មក​ជាមួយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​សេចក្ដី​ណែនាំ​នៅ​លើ​ឯកសារ​នោះ​ដោយ​សិក្សារួម​គ្នា​នូវ​ខគម្ពីរ​ដែល​បាន​ចាត់​ឲ្យ ហើយ​ពិភាក្សា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នានា ។

រូបភាព
handout, Matthew 10:37–39

ម៉ាថាយ ១០:៣៧-៣៩

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១៣

សូម​សិក្សា​រួម​គ្នា​ជា​ដៃគូ ឬ​ជា​ក្រុម​តូចៗ​នូវ​ខគម្ពីរ​ដែល​បាន​ចាត់​ឲ្យ ហើយ​ពិភាក្សា​ពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នានា ។

សូម​អាន ម៉ាថាយ ១០:៣៧–៣៨ដោយ​រក​មើល​ការ​លះបង់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​​ យើង​ត្រូវ​ព្រម​ធ្វើ​ដូចជា​ពួក​សាវក​របស់​ទ្រង់​ដែរ ។ ឃ្លា​ថា « គួរ​នឹង​ខ្ញុំ » នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​មានន័យ​ថា អ្នក​តំណាង​ដ៏​សក្ដិសម​មួយ​រូប​របស់​ព្រះអម្ចាស់ ហើយ​សក្ដិសម​នឹង​ពរជ័យ​របស់​ទ្រង់ ។

  • ហេតុអ្វីអ្នក​គិត​ថា វា​ជា​ការ​ចាំបាច់​សម្រាប់​ពួកសាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​ស្រឡាញ់​ទ្រង់​លើស​អ្វីៗ​ផ្សេងទៀត—​រួម​បញ្ចូល​ទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ​ផងដែរ ?

រូបភាព
cross

ពាក្យ ឈើ​ឆ្កាង ដែល​បាន​លើក​ឡើង​ក្នុង ខ​ទី ​៣៨​ និយាយ​ទៅ​ដល់​ឈើឆ្កាង​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លី ហើយ​ត្រូវ​បាន​លើក​ឡើង ​ដើម្បី​បំពេញតាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។ ក្នុង​ន័យ​ធៀប​ព្រះយេស៊ូវ​គ្រីស្ទ​បាន​អំពាវ​នាវ​ឲ្យ​ពួក​អ្នក​ដើរ​តាម​ទ្រង់ « ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម ​[ ទ្រង់ ] » ( ម៉ាថាយ ១៦:២៤ ) ។

សូម​អាន​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៦:២៦ ( នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ  ) ហើយ​រកមើល​អត្ថន័យ​របស់​វា​ចំពោះ​យើង​ក្នុង​ការ​ផ្ទុក​ឈើ​ឆ្កាង​របស់​យើង ហើយ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អាន ម៉ាថាយ ១០:៣៩ដោយ​រក​មើល​គោលការណ៍​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​អំពី​ការ​លះបង់ ។ ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ​បញ្ជាក់​ពី​ការ​ចាប់ផ្ដើម​នៃ​ខគម្ពីរ​នេះ​ថា « អ្នក​ដែល​ចង់​ឲ្យ​រួច​ជីវិត … »  ) ។ នៅ​ក្នុង​បរិបទ​នេះ ឃ្លា​ថា « រួច​ជីវិត »​ មានន័យ​ថា​ការ​រស់​នៅ​ដោយ​កំណាញ់​ជា​ជាង​ខិតខំ​បម្រើ​ព្រះ និង​កូនចៅ​របស់​ទ្រង់ ។

  • តើ​អ្នក​គិត​ថា មនុស្ស​ដែល​ផ្ដោត​លើ​បំណង និង​ក្ដី​ប្រាថ្នា​ដ៏​កំណាញ់​របស់​ខ្លួន នៅ​ទីបំផុត​នឹង « បាត់ »​ ជីវិត​ទៅ​ដោយ​របៀប​ណា ?

យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន សូម​បំពេញ​គោលការណ៍​ខាង​ក្រោម ៖

ប្រសិន​បើ​យើង​ខិតខំ​ដើម្បី​បាន​រួច​ជីវិតនោះ  ។

សូម​ពិចារណា​គូស​ចំណាំ​នៅ​ក្នុង ខ​ទី ៣៩ នូវ​សន្យា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដល់​អស់អ្នក​ដែល​បាន​បាត់​ជីវិត​សម្រាប់​កិច្ចការ​របស់​ទ្រង់ ។ ការ​បាត់​ជីវិត​សម្រាប់​កិច្ចការ​របស់​ទ្រង់ ​គឺ​លើស​ពី​ការ​សុខចិត្ត​ស្លាប់​ដើម្បី​ទ្រង់​ទៅ​ទៀត ។ វា​មានន័យ​ថា ការ​យល់ព្រម​ថ្វាយ​ខ្លួន​យើង​រាល់ថ្ងៃ​ដើម្បី​បម្រើ​ទ្រង់ និង​មនុស្ស​ដែល​នៅ​ជុំវិញ​យើង ។

  • តើ​អ្នក​គិត​ថា កាល​ដែល​យើង​រកឃើញ​ជីវិត​មក​វិញ​ នៅ​ពេល​យើង​បាត់​ជីវិត​សម្រាប់​ទ្រង់​នោះ​មាន​ន័យ​ដូចម្ដេច ?

យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន សូម​បំពេញ​គោលការណ៍​ខាង​ក្រោម ៖

ប្រសិន​បើ​យើង​បាត់​ជីវិត​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ នោះ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន រួច​ពិភាក្សា​ចម្លើយ​របស់​អ្នក​សម្រាប់​សំណួរ​បន្ទាប់​ពី​នោះ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្គ្រោះកំពុង​តែ​ប្រាប់​យើង​ថា លើកលែង​តែ​យើង​លះបង់​ខ្លួន​យើង ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ នោះ​ទើប​ជីវិត​របស់​យើង​ផ្ទាល់​នឹង​មាន​​គោល​បំណង​បន្តិចបន្តួច​វិញ ។ អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​សម្រាប់​តែ​ខ្លួនឯង ទីបំផុត​នឹង​ហួតហែង ហើយ​មាន​និមិត្តរូប​ជា ការបាត់​ជីវិត​របស់​ខ្លួន ខណៈ​ដែល​មនុស្ស​ដែល​បាត់បង់​ខ្លួន​ពួកគេ​ដើម្បី​បម្រើ​អ្នក​ដទៃ នឹង​រីក​ចម្រើន ហើយ​លូត​លាស់​—និងជាប្រយោជន៏សំរាប់​សង្គ្រោះ ​ជីវិត​របស់​ពួកគេ​វិញ » ( « What Have I Done for Someone Today ? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៥ ) ។

  • តើ​មនុស្ស​ដែល​អ្នក​ស្គាល់ដែល​បាន​ជ្រើសរើស​បាត់បង់​ជីវិត​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា ? តើ​ការ​សម្រេច​ចិត្ត​នេះ​មាន​ផលប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​បុគ្គល​នេះ ?

បន្ទាប់​ពី​សិស្ស​បាន​បំពេញ​ឯកសារ​នោះ​រួច អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ពីរ​បីនាក់​សង្ខេប​ប្រាប់​សិស្ស​ផ្សេង​ទៀត​ពី ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

អ្នក​គួរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ពី​គោលការណ៍ ​ដែល​សិស្ស​បាន​ស្គាល់​ពាក់ព័ន្ធនឹង​ការ​បាត់​ជីវិត​របស់​យើង​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​ពី​រឿង​មួយ​ចំនួន​ដែល​ពួកគេ​អាច​ធ្វើ​នៅសព្វថ្ងៃ​នេះ ឬ​នៅ​អនាគត​​ដើម្បី​បាត់​ជីវិត​ខ្លួន​នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ និង អ្នកដទៃ ។ សូម​អញ្ជើញ​ពួកគេ​កំណត់​គោលដៅ​មួយ ហើយ​អនុវត្ត​តាម​គោលដៅ​នោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១០:៣៥-៣៧ ។ « អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​អធិប្បាយ​ពី ម៉ាថាយ ១០:៣៥–៣៧​ដោយ​បានកត់​សម្គាល់​ថា ជម្រើស​មួយ​ដែល​មនុស្ស​ម្នាក់​ពិបាក​ធ្វើ​បំផុត​ គឺ​ជាការ​ជ្រើស​រវាង​ព្រះ និង​សមាជិក​គ្រួសារ ៖

« ការ​សាកល្បង​ដ៏​ពិបាក​បំផុត​មួយ​ គឺ​នៅ​ពេល​អ្នក​ត្រូវ​ជ្រើស​រវាង​ការ​ធ្វើ​ឲ្យ​ព្រះ​សព្វព្រះទ័យ ឬ​ការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ឬ​គោរព​—ជា​ពិសេស​សមាជិក​គ្រួសារ ។

« នីហ្វៃ​បាន​ជួប​នឹងការ​សាកល្បង​នោះ ហើយ​បាន​ដោះស្រាយ​វា​បាន​យ៉ាង​ល្អ នៅ​ពេល​ឪពុក​ដ៏​ល្អ​របស់​លោក​បាន​ត្អូញត្អែរ​ ទាស់​នឹង​ព្រះអម្ចាស់​ដោយ​បណ្ដោះអាសន្ន ( សូម​មើល នីហ្វៃទី ១ ១៦:១៨–២៥ ) ។ យ៉ូប​បាន​រក្សា​សេចក្ដី​ទៀងត្រង់​របស់​លោក​ចំពោះ​ព្រះអម្ចាស់ ទោះបី​ជា​ប្រពន្ធ​របស់​លោក​បាន​ប្រាប់​ឲ្យ​លោក​ជេរប្រមាថដល់​ព្រះ ហើយ​ស្លាប់​ទៅ​ក៏​ដោយ ( សូម​មើល យ៉ូប ២:៩–១០ ) ។

« ព្រះគម្ពីរ​បាន​ចែង​ថា ​‹ ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ › (និក្ខមនំ ២០:១២, សូម​មើល​ផង​ដែរ ម៉ូសាយ ១៣:២០ ) ។ ពេល​ខ្លះ​មនុស្ស​ម្នាក់​ត្រូវ​ជ្រើស​គោរព​ព្រះវរបិតា​សួគ៌​លើស​ពី​ឪពុក​ក្នុង​ជីវិត​រមែង​ស្លាប់ » (« The Great Commandment—Love the Lord » Ensign ខែ​ ឧសភា ឆ្នាំ ​១៩៨៨ ទំព័រ ៥ ) ។