បណ្ណាល័យ
មេរៀនទី ១៥ ៖ ម៉ាថាយ ១៣:១-២៣


មេរៀនទី ១៥

ម៉ាថាយ ១៣:១-២៣

សេចក្ដីផ្ដើម

កាល​ព្រះយេស៊ូវ​គង់​នៅ​ស្រុក​កាលីឡេ មាន​ហ្វូង​មនុស្សច្រើន​សន្ធឹក​បាន​មក​រក​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​មនុស្ស​ទាំងនោះ​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច​នានា ដោយ​ចាប់ផ្ដើម​​ជាមួយ​នឹង​រឿង​ប្រៀបប្រដូច​អំពី​អ្នក​ព្រួស​គ្រាប់​ពូជ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៣:១-១៧

ព្រះអង្គ​សង្គ្រោះ​ចាប់ផ្ដើម​បង្រៀន​ជា​រឿង​ប្រៀបប្រដូច

សូម​បង្ហាញ​សិស្ស​នូវកំប៉ុង​តូច​មួយ​ដែល​មាន​ដី​ពេញ ។

  • តើ​ដី​ដែល​មាន​ជីវជាតិ​មាន​លក្ខណៈ​អ្វី​ខ្លះ ? ចុះ​ដែល​គ្មាន​ជីវជាតិ​វិញ ?

សូម​ពន្យល់​ថា​នៅ​ក្នុង ម៉ាថាយ ១៣:១–២៣យើង​អាន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀប​ធៀប​ប្រភេទ​ដី​ខុសគ្នា​ទៅ​នឹង​កម្រិត​នៃ​ការ​បើក​ចំហ ឬ​ការ​ទទួលយក​ខាង​វិញ្ញាណ​នៃ​ដួង​ចិត្ត​របស់​មនុស្សម្នាក់ៗ ។ នៅ​ពេល​សិស្ស​សិក្សា​ខគម្ពីរ​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា តើ​ប្រភេទ​ដី​មួយ​ណា​ដែល​ទំនង​ជា​ស្ថានភាព​នៃ​ដួង​ចិត្ត​របស់​ពួកគេ​សព្វថ្ងៃ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៣:១-៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ហ្វូង​មនុស្ស​​នៅ​ស្រុក​កាលីឡេ ។

  • តើ​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ហ្វូង​មនុស្ស​ទាំង​នោះ​តាម​របៀប​ណា ? ( ជា​រឿង​ប្រៀបប្រដូច ) ។

សូម​អញ្ជើញ​សិស្សឲ្យ​អាន​ឃ្លា​ពីរ​ដំបូង​ក្រោម​ពាក្យ « រឿង​ប្រៀប​ប្រដូច » ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

  • តើ​រឿង​ប្រៀបប្រដូច​គឺជា​អ្វី ?

សូម​ពន្យល់​ថា រឿង​ប្រៀបប្រដូច​គឺ​ជា « រឿង​សាមញ្ញ​មួយ​ដែល​ត្រូវ​បាន​ប្រើ ដើម្បី​បង្ហាញ និង​បង្រៀន សេចក្តីពិត​ខាង​វិញ្ញាណ ឬ​ពី​គោលការណ៏ ។ រឿង​ប្រដូចយោង​ទៅ​លើ​ការប្រៀបធៀប​វត្ថុបំណង​ធម្មតា ឬ ព្រឹត្តិការណ៍​មួយ ទៅ​នឹង​សេចក្ដីពិត » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រឿង​ប្រៀប​ប្រដូច » scriptures.lds.org ) ។

  • យោង​តាម ម៉ាថាយ ១៣:៣តើ​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​ថ្លែង​ពី​អ្វី​ទៅ ? ( សូម​ពន្យល់​ថា ការ​ព្រួស​គ្រាប់​ពូជ មានន័យ​ថា ការ​ពង្រាយ ឬ​ដាំ​គ្រាប់ពូជ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាថាយ ១៣:៤-៩ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ដី​បួន​ប្រភេទ ​ដែល​គ្រាប់​ពូជ​របស់​អ្នក​ព្រួស​គ្រាប់​ពូជ​បាន​ធ្លាក់​លើ ។

  • តើ​ដី​ប្រភេទ​ណា​ខ្លះ ​ដែល​គ្រាប់​ពូជ​របស់​អ្នក​ព្រួស​គ្រាប់​ពូជ​បាន​ធ្លាក់​លើ ?

រូបភាព
illustrations of plants in rocks, soil

សូម​គូរ រូបភាព នៅ​លើ​ក្ដារ​ខៀន​ដែល​បរិយាយ​ពី​ដី​ទាំង​បួន​ប្រភេទ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​គូរ​រូប​ស្រដៀង​គ្នា​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ ឬ​លើ​ក្រដាស​ដែល​អ្នក​ផ្តល់ឲ្យ​ពួកគេ ។

សូម​ពន្យល់​ថា ភ្លឺស្រែ​គឺជា​គន្លង​មួយ​នៅ​ក្បែរ​ទីវាល​ដែល​មាន​ភាពកាន់តែ​រឹងហាប់ ​ដោយសារ​តែ​មាន​មនុស្ស​ដើរជាន់​វា ។ ភាព​រឹងហាប់​ណែន​នៃ​ភ្លឺស្រែ​ រារាំងគ្រាប់ពូជ​មិនឲ្យ​ដុះ​ឫស​ចាក់​ចូល​ទៅ​ក្នុង​ដី​នោះ ។ កន្លែង​ថ្ម​ គឺជា​ផ្ទៃ​ថ្ម​ដែល​គ្រប​ដណ្ដប់​ដោយ​ស្រទាប់​ដី​ស្ដើង ។ ហេតុដូច្នេះហើយ គ្រាប់​ពូជ​អាច​មាន​ឫស​រាក់ ថ្ម​ដែល​នៅ​ពី​ក្រោម​ស្រទាប់​ដី​នោះ​រារាំង​ឫស​កុំ​ឲ្យ​ចាក់​ចូល​ទៅ​ជ្រៅ​បាន ។ ដី​ដែល​មាន​បន្លា ​គឺជា​ដី​មាន​ជីវជាតិ ប៉ុន្តែ​បន្លា​បាន​ដុះ​ព័ទ្ធ​រុក្ខជាតិ​ទាំងឡាយ​ធ្វើ​ឲ្យ​វា​ពុំ​អាច​ទទួល​ពន្លឺ ទឹក និង​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​បាន​ឡើយ ។ ដី​ល្អ​ គឺជា​ដី​មាន​ជីវភាព​ដែល​ឫស​អាច​ដុះ​ចាក់​ចូល​យ៉ាង​ជ្រៅ​បាន ។

សូម​សង្ខេប ម៉ាថាយ ១៣:១០–១៣ ដោយ​ពន្យល់​ថា ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ទូល​សួរ​ទ្រង់​ពី​ហេតុផល​ដែល​ទ្រង់​បង្រៀន​ជា​រឿង​ប្រៀបប្រដូច ។ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ថា រឿង​ប្រៀបប្រដូច​ទាំងឡាយ​បាន​បើក​សម្ដែង​ពី​អាថ៌កំបាំង ឬ​សេចក្ដីពិត​នៃ​នគរ​ស្ថានសួគ៌ ដោយ​លាក់​កំបាំង​អត្ថន័យ​ពី​ជន​ដែល​ពុំ​បាន​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ( សូម​មើល Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤៥ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៣:១៤-១៥ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​រារាំង​មនុស្ស​ពី​ការ​យល់​ដឹង​សេចក្ដី​ពិត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ អ្វី​ទៅ​ដែល​បាន​រារាំង​មនុស្ស​ពី​ការ​មើល​ឃើញ ការ​ស្ដាប់​ឮ និង​ការ​យល់​ដឹង​ពី​សេចក្ដីពិត​ដែល​ទ្រង់​បាន​បង្រៀន ។ ( សូម​ពន្យល់​ថា ឃ្លា « ចិត្ត​របស់​ជន​ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ » មានន័យ​ថា មនុស្ស​នោះ​មាន​ចិត្ត​រឹងរូស ហើយ​ស្ពឹក ) ។

នៅ​លើ​ក្ដារ​ខៀន​ក្បែរ​គំនូរ​ភ្លឺស្រែ សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​មិន​ពេញ​លេញដូច​តទៅ ៖ ប្រសិន​បើ​យើង​មាន​ចិត្ត​រឹងរូស នោះ …

  • យោងតាម ខទី ១៥តើ​យើង​អាច​បាត់​បង់​ពរជ័យ​អ្វីខ្លះ ​ប្រសិន​បើ​យើង​មាន​ចិត្ត​រឹងរូស ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន​ដើម្បី​នាំ​ទៅ​រក​គោលការណ៍​​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​មាន​ចិត្ត​រឹងរូស នោះ​យើង​នឹង​ពុំ​យល់​ពី​ព្រះបន្ទូល​ព្រះ ពុំ​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​នឹងបាន​ព្យាបាល​ដោយ​ទ្រង់​ឡើយ ) ។

  • តើ​ការ​ប្រែចិត្តជឿ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​ត្រូវបាន​ព្យាបាល​មាន​ន័យ​ដូចម្ដេច ? ( ការ​បាន​ផ្លាស់ប្ដូរ ហើយ​បាន​បរិសុទ្ធ​តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ​គឺ​ដើម្បី​ឲ្យ​ជំនឿ ដួងចិត្ត និង​ជីវិត​របស់​យើង ​បាន​ស្រប​ទៅតាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ហើយ​យើង​បានរួចផុត​ពី​បន្ទុក​នៃ​អំពើបាប ) ។

សូម​សង្ខេប ម៉ាថាយ ១៣:១៦–១៧​ ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា ​ពួកគេ​មាន​ពរ ដោយសារ​ពួកគេ​មាន​ភ្នែក​ដែល​អាច​មើល​ឃើញ និង​ត្រចៀក​ដែល​អាច​ស្ដាប់​ឮ ។

ម៉ាថាយ ១៣:១៨–២៣

ព្រះអង្គសង្គ្រោះ​ប្រទាន​ការ​បកស្រាយ​រឿង​ប្រៀប​ប្រដូច​ស្ដីពី​អ្នក​ព្រួស​គ្រាប់​ពូជ

សូម​យោង​ម្ដង​ទៀត​ទៅ​គំនូររបស់ភ្លឺស្រែនៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៣:១៨–១៩ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​ទៅនឹង​គ្រាប់​ពូជ លើភ្លឺស្រែ និង​បក្សី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ម៉ាថាយ ១៣:៤ ។

  • តើ​គ្រាប់ពូជ​តំណាង​ឲ្យ​អ្វី ? ( សូម​សរសេរ​ឃ្លា ព្រះបន្ទូល​ព្រះ​សម្រាប់​គំនូរ​គ្រាប់ ពូជ ) ។

  • តើ​ភ្លឺស្រែ​តំណាង​ឲ្យ​ដួង​ចិត្ត​ប្រភេទ​ណា​ដែរ ? ( សូម​សរសេរ​ឃ្លា ពុំ​យល់​ពី​សេចក្ដី​ពិត [ ចិត្ត​រឹងរូស ]សម្រាប់​គំនូរ​ផ្លូវ ) ។

  • តើ​សត្វ​ស្លាប​តំណាង​ឲ្យ​អ្វី ? តើ​នរណា​ជា ​« ជន​ទុច្ចរិត » ? ( សូម​សរសេរ​ឃ្លា សាតាំង និង​ពួក​បរិវារ​របស់​វាសម្រាប់​គំនូរ​សត្វ​ស្លាប ) ។

  • តើ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ស្ដីពីភ្លឺស្រែ​នោះ​ អាច​ជួយ​យើង​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត​ពី​គោលការណ៍​ថា​ ប្រសិន​បើ​យើង​មាន​ចិត្ត​រឹងរូស នោះ​យើង​ពុំ​យល់​ពី​ព្រះបន្ទូល​ព្រះ ពុំ​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​ពុំបាន​ព្យាបាល​ដោយ​ទ្រង់​ដោយ​របៀប​ណា ?

សូម​យោង​ទៅ​គំនូរ​ដី​មាន​ថ្មី​នៅ​លើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ក្នុង ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ការ​បក​ស្រាយ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​កន្លែង​ដែល​មាន​ថ្ម ។

  • តើ​រុក្ខជាតិ​ដែល​បាន​ដុះ​នៅ​លើ​ដី​មាន​ថ្ម​នោះ​តំណាង​ឲ្យ​អ្វី ? ( សូម​សរសេរ​ឃ្លា ទីបន្ទាល់​ដែល​គ្មាន​ឫស​ចាក់​ជ្រៅសម្រាប់​គំនូរ​រុក្ខជាតិ​នៅ​លើ​ដី​មាន​ថ្ម ) ។

  • តើ​កំដៅ​ព្រះអាទិត្យ​តំណាង​ឲ្យ​អ្វី ? ( នៅ​លើ​គំនូរ​រុក្ខជាតិ​ដែល​មាន​ឫស​រាក់ សូម​សរសេរ​ ការ​ឈឺចាប់​យ៉ាង​ខ្លាំង ការ​បៀតបៀន និង ការ​ល្បួង ) ។

សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​មិន​ពេញ​លេញ​ខាង​ក្រោម​ នៅ​លើ​ក្ដារខៀន​ក្បែរ​គំនូរ​ដី​ដែល​មាន​ថ្ម ៖ លុះ​ត្រា​យើង​ខិតខំ​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​យើង​កាន់​តែ​ជ្រៅឡើង …

  • យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ១៣:២០–២១ និង លូកា ៨:១៣តើ​អ្នក​នឹង​បំពេញ​សេចក្ដី​ថ្លែង​ការណ៍​នោះ​យ៉ាង​ដូចម្ដេច ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​បំពេញ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ក្ដារខៀន​ដើម្បី​នាំ​ទៅ​រក​គោលការណ៍​ខាង​ក្រោម​នេះ ៖ លុះ​ត្រា​យើង​ខិតខំ​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​យើង​កាន់​តែ​ខ្លាំងឡើង នោះ​យើង​ប្រហែលជា​ខ្វះ​កម្លាំង​ចាំបាច់​ដើម្បី​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​ដ៏​ខ្លាំង ការ​បៀត​បៀន និង​ការល្បួង​ទាំងឡាយ ) ។

សូម​យោង​ទៅ​គំនូរ​ដី​មាន​បន្លា​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​អាន ម៉ាថាយ ១៣:២២ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រកមើល​ថា តើ​បន្លា​តំណាង​ឲ្យ​អ្វី ។

  • តើ​បន្លា​តំណាង​ឲ្យ​អ្វី ? ( សូម​សរសេរ​ឃ្លា ការ​ខ្វល់ខ្វាយ​ពី​លោកិយសម្រាប់​គំនូរ​បន្លា ) ។

  • តើ​ឧទាហរណ៍​មួយចំនួន​ពី​ « ការ​ខ្វល់ខ្វាយ​ពី​លោកិយ »​ មាន​អ្វី​ខ្លះ ? ( ភាព​រីករាយ​ក្នុង​លោកិយ ភាព​លោភលន់ ឬ​ការ​អូស​ទាញ​ខាង​សាច់​ឈាម​ដែល​នាំ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ ពី​ខគម្ពីរ​នេះ​អំពី​អ្វី​ដែល​ការ​ខ្វល់ខ្វាយ​ពី​លោកិយ​អាច​​ប៉ះពាល់​ដល់សេចក្ដីជំនឿ និង​ទីបន្ទាល់​របស់​យើង ។ ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន​ក្បែរ​នឹង​គំនូរ​ដីដែល​មាន​បន្លា ) ។ ការ​ខ្វល់ខ្វាយ​ពី​លោកិយ​អាច​រំខាន​យើង​ ដក​យក​ការ​ផ្ដោត​យកចិត្តទុកដាក់របស់​យើង​ចេញ​ពី​ព្រះអម្ចាស់ ហើយ​ពន្លិច​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​យើង​ពី​ព្រះបន្ទូល​ព្រះ ) ។

សូម​យោង​ទៅ​គំនូរ​ដី​ល្អ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន ម៉ាថាយ ១៣:២៣ ឲ្យ​ឮៗនិងផ្នែកនៃការ​បកប្រែ​ដោយ​យ៉ូសែប​ ស្ម៊ីធ​ សម្រាប់​ខគម្ពីរ​នេះ​បាន​បញ្ជាក់​ថា ពាក្យ « យល់ » ប្រសិន​បើ​បកប្រែ​ឲ្យ​ត្រឹមត្រូវ​នោះ​គឺ​ថា « យល់ ហើយ​ស៊ូទ្រាំ » ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថាតើ​ដី​ល្អ​តំណាង​ឲ្យ​អ្វី ។

ដើម្បី​ជួយ​សិស្ស​យល់ដឹង​ពី​សារៈសំខាន់​ពាក្យ ស៊ូទ្រាំ នៅ​ក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៣:២១ សូម​ចង្អុល​បង្ហាញ​ថា រុក្ខជាតិ​ដុះ​នៅ​លើ​ដី​ល្អ​បាន​ទទួល​រង​កំដៅ​ថ្ងៃ​ដូច​គ្នា ( តំណាង​ឲ្យ​ការ​ឈឺចាប់​ដ៏​ខ្លាំង ការ​បៀតបៀន និង​ការល្បួង​ទាំងឡាយ )​ នឹង​រុក្ខជាតិ​ស្រពោន​ដុះ​នៅ​លើ​ដី ​ដែល​មាន​បន្លា​ដែរ ។

  • តើ​អ្នក​នឹង​សន្និដ្ឋាន​ថា​ ដី​ល្អ​តំណាង​អ្វី​តាម​របៀប​ណា ? ( សូម​សរសេរ​ឃ្លា មនុស្ស​ម្នាក់​ដែល​ស្ដាប់ ហើយ​យល់​ព្រះបន្ទូល​ព្រះ ហើយ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​ដ៏​ខ្លាំង ការ​បៀតបៀន និង​ការល្បួង​ទាំងឡាយ ) ។

  • យោងតាម អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ១៣:១៥តើ​ផល​ផ្លែ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ខ​ទី ២៣ អាច​តំណាង​ឲ្យ​អ្វី​ទៅ ? ( ការ​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើ​យើងអាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ មក​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ដីល្អ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន​ក្បែរ​នឹង​គំនូរ​ដីល្អ ) ។ នៅ​ពេល​យើង​ទទួល​ព្រះបន្ទូល​ព្រះ យល់​ពី​ព្រះ​បន្ទូល​នោះ ហើយ​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​ដ៏​ខ្លាំង ការ​បៀតបៀន និង​ការល្បួង​ទាំងឡាយ យើង​នឹង​ត្រូវបានប្រែចិត្ត​ជឿ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ) ។

ដើម្បី​ជួយ​សិស្ស​យល់ដឹង​បន្ថែម​ទៀត​ពី​គោលការណ៍​ដែល​ពួកគេ​បាន​ស្គាល់ សូម​អញ្ជើញ​សិស្ស​បួន​នាក់ ឲ្យគេ​ម្នាក់ៗ​អាន​សាច់រឿង​មួយ​ដូច​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ។ បន្ទាប់​ពី​សិស្ស​ម្នាក់ៗ​បាន​អាន​រួចហើយ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពន្យល់​ពី​គោលការណ៍​នីមួយៗ​ដែល​​សាច់​រឿង​គូសបង្ហាញ ៖

  1. មាន​យុវជន​ម្នាក់​ចំណាយ​ពេល​ស្ទើរ​តែ​រាល់ថ្ងៃ​ខំ​សិក្សា​រៀនសូត្រ ​ដើម្បី​ទទួល​បាន​ការ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ ។ នៅ​ពេល​គាត់​មិន​រវល់​ក្នុង​ការ​សិក្សា គាត់​ខិតខំ​ធ្វើការ ។ គាត់​ប្រាប់​ខ្លួន​ឯង​ថា គាត់​គ្មាន​ពេល​អាន​ព្រះគម្ពីរ អធិស្ឋាន ឬ​ទៅ​ព្រះវិហារ​នោះ​ទេ ។

  2. មាន​យុវនារី​ម្នាក់​ធ្លាប់​ចូល​ចិត្ត​ទៅ​ព្រះវិហារ​រាល់​ថ្ងៃ​អាទិត្យ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ នៅ​ពេល​នាង​ចម្រើន​វ័យ​ធំ​ឡើង មាន​មិត្ត​ខ្លះ​បាន​ចាប់ផ្ដើម​សើច​ចំអកដាក់​នាង​ដោយ​សារ​បទដ្ឋាន​របស់​នាង ។ នាង​បាន​ចាប់ផ្ដើម​ធ្វើ​ខុសនឹង​​ព្រះបញ្ញត្តិ​មួយចំនួន ។ នាង​គ្មាន​អារម្មណ៍​សុខស្រួល​នៅ​ឯ​ព្រះវិហារ​ទៀត​ឡើយ ហើយ​បាន​បាត់បង់​បំណង​ប្រាថ្នា​ចង់​ទៅ​ចូល​រួម ។

  3. មាន​យុវជន​ម្នាក់​បាន​ទៅ​ព្រះវិហារ​ជា​ទៀងទាត់ ប៉ុន្តែ​គាត់​គ្រាន់តែ​ទៅ​ចូល​រួម ហើយ​ពុំ​បាន​បើ​ក​ដួង​ចិត្ត​របស់​គាត់​ចំពោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ គាត់​បាន​អាន​ព័ត៌មាន​តាម​អ៊ិនធើរណែត ​ដែល​បដិសេធ​គោលលទ្ធិ​ដ៏​សំខាន់​របស់​សាសនាចក្រ ហើយ​គាត់​សួរ​ខ្លួន​ឯង​ថាតើ​គាត់​នៅ​ជឿ​លើ​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​ដំណឹងល្អ​​ទៀត​ដែរ​ឬទេ ។

  4. មាន​យុវនារី​ម្នាក់​ទៅ​ព្រះវិហារ ហើយ​អធិស្ឋាន​ដោយ​ស្ងៀម​ស្ងាត់​ដើម្បី​នាង​អាច​ទទួល​បាន​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ពេល​នាង​ទទួល​បាន​ការ​បំផុស​គំនិត នោះ​នាង​បាន​ធ្វើ​តាម​វា ។ នាង​មាន​អារម្មណ៍​នៅ​ជិត​នឹង​ព្រះអម្ចាស់ ហើយ​មាន​អំណរគុណ​ចំពោះ​វិធី​ដែល​នាង​បាន​ទទួល​ការ​បំផុស​គំនិត​ដើម្បី​យក​ឈ្នះ​លើ​ការ​ល្បួង ។

សូម​ពន្យល់​សិស្ស​ថា ដួងចិត្ត​ប្រៀបដូចជា​ដី​ដែរ វា​អាច​ផ្លាស់ប្ដូរ ហើយ​ប្រសើរ​ឡើង ។ សូម​សរសេរ​សំណួរ​ខាង​ក្រោម​ដាក់​លើ ក្ដារ​ខៀន​ ឬ ផ្តល់​ជា​ឯកសារ​ចែក​ឲ្យ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​អាន ហើយ​ពិភាក្សា​សំណួរ​នោះ​ជាមួយ​នឹង​ដៃគូ ៖

តើ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្លាស់ប្ដូរ ឬ​ថែទាំ​ប្រភេទ​ដី​នីមួយៗ​ដើម្បី​ឲ្យ​វា​ក្លាយ​ជា​កន្លែងគាប់ចិត្ត​មួយ ​ដើម្បីនឹងដាំ​ដុះ​រុក្ខជាតិ​ដែល​លូតលាស់​ផ្ដល់​ផ្លែផ្កា ?

តើ​យើង​អាច​ប្រដូច​ការ​ធ្វើ​ឲ្យ​ដី​នីមួយៗ​បាន​ប្រសើរ​ឡើង​ទៅនឹង​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​កាន់​តែ ងាយ​ទទួល​ព្រះបន្ទូល​ព្រះ​ដោយ​របៀប​ណា ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​​ប្រាប់​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ការ​ខិតខំ​ទទួល​បាន ហើយ​យល់​ព្រះបន្ទូល​ព្រះ​ធ្លាប់​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​ប្រែចិត្តជឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថាតើ​ដី​ប្រភេទ ណា​ដែល​តំណាង​ឲ្យ​ស្ថានភាព​ដួងចិត្ត​របស់​ពួកគេ ​នៅ​ពេល​នេះ​បាន​យ៉ាង​ល្អបំផុត ។ សូម​អញ្ជើញ​សិស្ស​ដាក់​គោលដៅ​មួយពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​ធ្វើ​ ដើម្បី​ទទួល​បាន ហើយ​យល់​ពី​​ព្រះ​បន្ទូល​ព្រះ​កាន់​​តែ​ប្រសើរ​ឡើង ហើយ​ស៊ូទ្រាំ​នឹងការ​ឈឺចាប់​ដ៏​ខ្លាំង ការ​បៀត​បៀន និង​ការល្បួង​ទាំងឡាយ​ ។ ប្រសិន​បើ​មាន​ពេល សូម​អញ្ជើញ​សិស្ស​ឲ្យ សរសេរ គោលដៅ​របស់​ខ្លួន​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៣:៣–៨, ១៨–២៣ ។ រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះ​គ្រាប់​ពូជ

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ត្រៀម​ដួងចិត្ត​របស់​យើង​ឲ្យ​ងាយ​នឹង​ទទួល​បាន​ព្រះបន្ទូល​ព្រះ ៖

« ដើម្បី​ឲ្យ​គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ​លាស់​ចេញ​ពន្លកនៅ​ក្នុង​ជីវិត​របស់​យើង យើង​ត្រូវ​ចៀស​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ​របស់​សាតាំង ។

« យើង​ក៏​ត្រូវ​ត្រៀម​ថ្នាល​នៃ​សេចក្ដីជំនឿ​ផ្ទាល់​ខ្លួន​របស់​យើង​ផង​ដែរ ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន យើង​ត្រូវ​ភ្ជួរ​ដី​តាមរយៈ​ការ​អធិស្ឋាន​ដ៏​រាបសា ការ​ទូលសុំ​កម្លាំង និង ការ​អភ័យ​ទោស​ប្រចាំថ្ងៃ ។ យើង​ត្រូវ​រាស់​ដី​ដោយ​ការ​យក​ឈ្នះ​លើ​អារម្មណ៍​ទាំងឡាយ​​នៃ​ភាព​អំនួត​របស់​យើង ។ យើង​ត្រូវ​ត្រៀម​ថ្នាល​ដោយ​រក្សា​ព្រះបញ្ញត្តិ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង » (« Of Seeds and Soils » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៩៩ ទំព័រ ៤៨ ) ។

ម៉ាថាយ ១៣:៦, ២១ ។ « នោះ​ក៏​ក្រៀម​ខ្លោច​ទៅ​ពីព្រោះ … តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន »

ដើម្បី​ឲ្យ​រុក្ខជាតិ​មួយ​អាច​លូតលាស់​បាន​គឺ​ត្រូវ​មាន​ពន្លឺ​ថ្ងៃ ប៉ុន្តែ​ប្រសិន​បើ​ឫស​របស់​រុក្ខជាតិ​មួយ​ដុះ​ពុំ​បាន​ជ្រៅ នោះ​ពន្លឺថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​រុក្ខជាតិ​នោះ​ក្រៀម​ស្វិត ស្រពោន​ទៅវិញ ។ ស្រដៀង​គ្នា​នេះ​ដែរ ការ​សាកល្បង ការ​បៀតបៀន និង សេចក្ដី​ជំទាស់​ពិត​ជា​អាច​ជួយ​ឲ្យ​រីកចម្រើន​មែន ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ព្រះបន្ទូល​ព្រះ​ចាក់​ឫស​យ៉ាង​ជ្រៅ​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​យើង បើ​មិន​ដូច្នេះ​ទេ បទពិសោធន៍​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ទីបន្ទាល់​ផុយ​ស្រួល​ស្វិត​ស្រពោន ។

ម៉ាថាយ ១៣:២១, ២៣ ។ ចាក់ឫស​យ៉ាង​រឹងមាំ​នៅ​ក្នុង​ដំណឹងល្អ

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ពី​ពរជ័យ​នៃ​ការ​មាន​ទីបន្ទាល់​មួយ​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ដំណឹងល្អ ៖

« លុះត្រា​តែ​ឫសនៃទីបន្ទាល់​របស់​អ្នក​បាន​ចាក់​យ៉ាង​រឹងមាំ បើ​ពុំ​នោះ​ទេ វា​នឹង​មាន​ការ​ពិបាក​សម្រាប់​អ្នក​ដើម្បី​ទប់ទល់​នឹង​អស់​អ្នកណា​ដែល​ផ្ចាញ់ផ្ចាល​សេចក្ដី​ជំនឿ​របស់​អ្នក ។ ពេល​អ្នក​បាន​ចាក់​ឫស​យ៉ាង​រឹងមាំ​ហើយ ទីបន្ទាល់​របស់​អ្នក​នៃ​ដំណឹង​ល្អ នៃ​ព្រះ​សង្គ្រោះ និនៃ​ព្រះ​វរបិតា​សួគ៌​របស់​យើង នឹង​មាន​ឥទ្ធិពល​លើ​គ្រប់​អ្វី​ដែល​អ្នក​ធ្វើ​ពេញ​មួយ​ជីវិត​របស់​អ្នក ​» ( « May You Have Courage » EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០០៩ ទំព័រ ១២៦ ) ។