បណ្ណាល័យ
មេរៀនទី ១៧ ៖ ម៉ាថាយ ១៤


មេរៀនទី ១៧

ម៉ាថាយ ១៤

សេចក្ដីផ្ដើម

បន្ទាប់​ពី​បាន​ជ្រាប​ពី​ការ​ស្លាប់​របស់​ យ៉ូហាន បាទីស្ទ ព្រះយេស៊ូវ​បាន​ចង់​គង់​នៅ​តែ​ឯក​ឯង ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ទ្រង់ ។ ទ្រង់​មាន​ព្រះទ័យ​មេត្តា​ដល់​ពួកគេ បាន​ព្យាបាល​អ្នក​ឈឺ ហើយ​បាន​ប្រទាន​អាហារ​ដោយ​អព្ភូតហេតុ​ដល់​មនុស្ស​ច្រើន​ជាង​ប្រាំពាន់​នាក់ ។ នៅ​យប់​នោះ ព្រះយេស៊ូវ​បាន​យាង​ដើរ​នៅ​លើ​សមុទ្រ​ទៅ​រក​ពួក​សិស្ស​របស់​ទ្រង់​ដែល​កំពុង​ជួប​ប្រទះនឹង​ព្យុះ​ភ្លៀង​ដ៏​ធំ​នៅ​លើ​ផ្ទៃ​សមុទ្រ​កាលីឡេ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៤:១-២១

ព្រះយេស៊ូវ​ចង់​គង់​នៅ​តែ​អង្គឯង រួច​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​ច្រើន​ជាង​ប្រាំ​ពាន់​នាក់

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​គ្រា​មួយ​ ដែល​ពួកគេ​មាន​ភាព​សោកសៅ​យ៉ាង​ខ្លាំង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹង​គិត​ពី​អ្វីដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ស៊ូទ្រាំ ហើយ​យក​ឈ្នះ​លើ​ភាព​សោកសៅ​របស់​ពួកគេ ។

  • តើ​របៀប​ខុស​គ្នា​មួយ​ចំនួន​ដែល​មនុស្ស​ព្យាយាម​ស៊ូទ្រាំហើយ​យក​ឈ្នះ​លើ​ភាព​សោក​សៅ​មាន​អ្វី​ខ្លះ ?

នៅ​ពេល​សិស្ស​សិក្សា ម៉ាថាយ ១៤ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​វិធី​ដែល​ពួកគេ​អាច​ស៊ូទ្រាំ ហើយ​យក​ឈ្នះ​លើ​ទុក្ខ​ព្រួយ ការ​សាកល្បង និង​ ការ​សង្ស័យ ។

សូម​សង្ខេប ម៉ាថាយ ១៤:១–១១ ដោយ​ពន្យល់ថា តាមការ​ញុះញុង​របស់​មហេសី​ថ្មី​របស់​ខ្លួន ( ហេរ៉ូឌាស ) ស្ដេច​ហេរ៉ូឌ​បាន​ឃុំខ្លួនយ៉ូហាន បាទីស្ទ ​ទាំង​អយុត្តិធម៌ ។ បន្ទាប់​ពី​បុត្រី​របស់​មហេសី​ទ្រង់ ( សាឡូមេ )​ បាន​រាំថ្វាយ​ទ្រង់ទត ហេរ៉ូឌ​បាន​សន្យា​ជា​សាធារណៈ​ថា​នាង​អាច​មាន « គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម »( ម៉ាថាយ ១៤:៧ ) ។ បុត្រី​នោះ​បាន​ប្រឹក្សា​ជាមួយ​មាតា​នាង ហើយ​ទូល​សូម​ឲ្យ​កាត់​ក្បាល ​យ៉ូហាន បាទីស្ទ ហើយ​ជា​លទ្ធផល ហេរ៉ូឌ​បាន​កាត់​ក្បាល​របស់​យ៉ូហាន ។

សូម​រំឭក​សិស្ស​ថា យ៉ូហាន បាទីស្ទ ​គឺជា​មិត្តនិង​ជា​សាច់ញាតិ​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ព្រះ​បាន​ជ្រើស​គាត់​ធ្វើ​ជា​ព្យាការី​ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ព្រះមែស៊ី ។

  • សូម​នឹក​ស្រមៃ​ពី​ការ​ធ្វើ​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​ម្នាក់​នឹង​ យ៉ូហាន បាទីស្ទ ។ តើ​អ្នក​នឹង​មានអារម្មណ៍​យ៉ាង​ណា​ដែរ នៅ​ពេល​ឮ​ពី​ការ​ស្លាប់​ដោយ​អយុត្តិធម៌​របស់​គាត់​នោះ ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់ឲ្យ​អាន ម៉ាថាយ ១៤:១២-១៣ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ពេល​ទ្រង់​ឮ​ពី​ការ​ស្លាប់​របស់​យ៉ូហាន ។

  • តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ នៅ​ពេល​ទ្រង់​ឮ​ពី​ការ​ស្លាប់​របស់​យ៉ូហាន ? ( អ្នក​គួរ​ពន្យល់ថា « ទី​ស្ងាត់​ដោយឡែក » សំដៅ​ទៅ​លើ​ទីកន្លែង​មួយ​ស្ងាត់  ) ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង​នៅពេល​ព្រយេស៊ូវ​ព្យាយាម​គង់​នៅ​តែ​អង្គ​ឯង ?

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា ប្រសិន​បើ​អ្នក​សោកសៅហើយ​ចង់​នៅ​ម្នាក់​ឯង ប៉ុន្តែ​មាន​មនុស្ស​ដទៃ​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ១៤:១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​បានឆ្លើយតបនៅ​ពេល​ទ្រង់​បាន​ទត​ឃើញ​ហ្វូង​មនុស្ស​បាន​ដើរ​តាម​ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​គំរូ​អ្វី​ខ្លះ​ឲ្យ​យើង​ធ្វើ​តាម​ នៅ​ពេល​យើង​ជួប​នឹង​ភាព​សោកសៅ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាង​ក្រោម​នេះ ៖ តាមរយៈការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដទៃ សូម្បី​តែ​ពេល​យើង​កំពុង​ជួប​ប្រទះភាព​សោកសៅ​ក្ដី នោះយើង​កំពុង​តែធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទហើយ ) ។

  • ហេតុអ្វី​វា​មាន​ការ​លំបាក​ក្នុងការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​ដទៃទៀត ​នៅ​ពេល​យើង​កំពុង​តែ​រង​ទុក្ខ​នោះ ?

  • តើ​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​មនុស្ស​ដទៃ​អាច​ជួយ​យើង ​នៅ​ពេល​យើង​កំពុង​រងទុក្ខ​បាន​ដោយ​របៀប​ណា ?

  • តើ​អ្នកឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​ជួបប្រទះ​ភាព​សោកសៅ​ដ៏​ធំ ប៉ុន្តែ​នៅ​តែ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​ដទៃ​នៅ​ពេល​ណា​ដែរ ? ​តើ​ការ​បម្រើ​ដល់​អ្នក​ដទៃ​អាច​ជួយ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង ម៉ាថាយ ១៤:១៥-២១ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែលព្រះយេស៊ូវ​គ្រីស្ទ​បាន​បន្ត​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ហ្វូង​មនុស្ស ។ (កំណត់​ចំណាំ ៖ អព្ភូតហេតុ​ដែល​បាន​កត់ត្រា​នៅ​ក្នុង ម៉ាថាយ ១៤:១៥–២១ នឹង​ត្រូវ​បង្រៀន​យ៉ាង​ស៊ី​ជម្រៅ​នៅ​ក្នុង​មេរៀន​សម្រាប់ ម៉ាកុស ៦:៣៥-៤៤ ) ។

  • តើ​ព្រះយេស៊ូវ​បាន​បន្ត​បង្ហាញ​សេចក្ដី​មេត្តាករុណា​ដល់​មនុស្ស​ ដែល​បាន​ដើរ​តាម​ទ្រង់​ដោយ​របៀប​ណា ?

ម៉ាថាយ ១៤:២២-៣៦

ព្រះយេស៊ូវ​បាន​យាង​ដើរ​លើ​សមុទ្រ​ កាល​កំពុង​មាន​ព្យុះ​ភ្លៀង

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី ស្ថានភាព​ដែល​ពួកគេ​អាច​ជួប​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច នៅ​ពេល​ពួកគេ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​នាក់​អាន​សាច់​រឿង​ដូច​តទៅ​នេះ​ឲ្យ​ឮ ៖

  1. យុវនារី​ម្នាក់​មាន​អារម្មណ៍​តែលតោល នៅ​ពេល​នាង​មើល​ឃើញម្ដាយ​នាង​រង​ទុក្ខ​ជំងឺ​មួយ​នៅដំណាក់​កាល​ចុងក្រោយ ។ នាង​ចាប់ផ្ដើម​សួរ​ថា តើ​ព្រះវរបិតា​សួគ៌​បាន​ជ្រាប​ពី​ការ​ឈឺចាប់​របស់​ម្ដាយ​នាង​ដែរ​ឬទេ ។ នាង​ចង់​ជឿ​លើ​ព្រះ​យ៉ាង​ខ្លាំង ប៉ុន្តែ​ការ​សង្ស័យ​របស់​នាង​កំពុង​តែ​គ្រប​ដណ្ដប់​មក​លើ​នាង ។

  2. មាន​យុវជន​ម្នាក់​ទើប​ចូល​ក្នុង​សាសនាចក្រ​ថ្មីៗ ។ មិត្ត​ភក្ដិ​ចាស់​របស់​គាត់​ជាច្រើន​ បាន​ធ្វើ​ការ​រិះគន់​ ដោយបើកចំហ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គាត់​ចូល​ក្នុង​សាសនាចក្រ ។ គាត់​កំពុង​ងឿង​ឆ្ងល់​ថា តើ​គាត់​គួរ​បន្ត​ធ្វើ​ជា​សមាជិក​សាសនាចក្រ​ដ៏​សកម្ម ហើយ​ស្មោះត្រង់​ដែរ​ឬ​អត់ ។

  • តើ​មានវិធី​ណាផ្សេងទៀត ​ដែល​មនុស្ស​អាច​ជួប​ប្រទះ​នឹង​ការ​សង្ស័យ ឬ ការ​ភ័យ​ខ្លាច នៅ​ពេល​ពួកគេ​ស្វែង​រក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ?

ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​សេចក្ដី​ពិត​នានា នៅ​ពេល​ពួក​គេ​សិក្សា​ផ្នែកនៅសល់ក្នុង ​ម៉ាថាយ ១៤​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច ការ​សង្ស័យ និង​ការ​បាក់​ទឹក​ចិត្ត ។

សូម​សង្ខេប ម៉ាថាយ ១៤:២២ ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ ឲ្យ​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ច្រាំង​ម្ខាង​ទៀត​នៃ​សមុទ្រ​កាលីឡេ កាល​ទ្រង់​ប្រាប់​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ ។ សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ១៤:២៣ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​ទីកន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅ​ នៅ​ពេល​ទ្រង់​បាន​ប្រាប់​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ ។ សូម​អញ្ជើញ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៤:២៤-២៥ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​បាន​កើត​ឡើង​កាល​ពួក​សិស្ស​ឆ្លង​សមុទ្រ​កាលីឡេ ។

  • តើ​មាន​អ្វី​ខ្លះ​បាន​កើត​ឡើង​ចំពោះ​ពួក​សិស្ស​កាល​ពួកគេ​កំពុង​ឆ្លង​សមុទ្រ​កាលីឡេ ?

  • តើ​ឃ្លា​ថា « ដោយ​ព្រោះ​ច្រាស​ខ្យល់ »​ មាន​ន័យ​ដូចម្ដេច ? ( ខទី ២៤) ។ ( វា​កំពុង​បក់​បញ្ច្រាស​ទិស​ដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ ) ។

យោង​តាម ខ​ទី ២៣លុះ​ល្ងាច​ឡើង ​កាល​ព្រះយេស៊ូវ​គង់​នៅ​តែ​អង្គ​ឯង​នៅ​លើ​ភ្នំ ហើយ​ពួក​សិស្ស​កំពុង​ជិះ​ទូក​ឆ្លង​សមុទ្រ​កាលីឡេ ។ ចម្ងាយ​ឆ្លង​កាត់​សមុទ្រ​នោះ​ប្រមាណ​ជា​ប្រាំបី​គីឡូម៉ែត្រ ហើយ​ចំណាយ​ពេល​ឆ្លង​ពី​ពីរ​ទៅ​បី​ម៉ោង​ ប្រសិន​បើ​មាន​អាកាសធាតុ​ល្អ ។

  • យោងតាម ខ​ទី ២៥តើ​ព្រះអង្គសង្គ្រោះ​​បាន​យាង​ដើរ​លើ​ទឹក​ទៅ​រក​ពួក​សិស្ស​នៅ​ពេល​ណា ? ( យាម​បួន​គឺ ពី​ម៉ោង ៣:០០ ព្រឹក ដល់ ៦:០០ ព្រឹក ) ។

  • តើ​ពួក​សិស្ស​ទំនង​ជា​ជួប​ប្រទះនឹង​ខ្យល់​ព្យុះ​រយៈពេលយូរ​ប៉ុណ្ណា​ដែរ កាល​ឆ្លង​កាត់​សមុទ្រ​នោះ ? ( ប្រមាណ​ជា ​៩ ទៅ ១២ ម៉ោង ) ។

សូម​អញ្ជើញ​សិស្ស​អាន ម៉ាកុស ៦:៤៧–៤៨ ដោយ​ស្ងៀម​ស្ងាត់​រកមើល​រឿង​លម្អិត​បន្ថែម​ទៀត ​ដែល​ម៉ាកុស​បាន​ផ្ដល់​ឲ្យ​ស្ដីពី​ព្រឹត្តិការណ៍​នេះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ព្រះយេស៊ូវ​អាច​ជួយ​ពួក​សិស្ស​ឲ្យ​រួច​ផុត ​ពី​បញ្ហា​របស់​ពួកគេ​បាន​ភ្លាមៗ​ដែរ​ឬទេ ? តើ​ចេតនា​ទុក​ឲ្យ​ពួក​សិស្ស​ជួប​បញ្ហា​មួយ​គ្រា ​ពី​មុន​ពួកគេ​ទទួល​ការ​ជួយ​សង្គ្រោះ​ជា​អ្វី​ទៅ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន ​នៅ​ក្នុង​ដំណើរ​រឿង​ទាំង​នេះ​ស្ដីពី​ពួក​សិស្ស​ព្យាយាម​ឆ្លង​កាត់​សមុទ្រ​ ដែល​ទាក់​ទង​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​របស់​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាង​ក្រោម​នេះ ៖ ទោះ​បី​ជា​ព្រះ​អាច​នឹង​មិន​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​បញ្ហា​នានា​ជានិច្ច​ក្ដី ប៉ុន្តែ​ទ្រង់​ជ្រាប​ថា យើង​កំពុង​ជួប​បញ្ហា ហើយ​ទ្រង់​នឹង​យាង​មក​ជួយ​ក្នុង​កាល​កំណត់​របស់​ទ្រង់​ផ្ទាល់ ) ។

  • តើ​រឿង​ល្អ​អ្វី​ខ្លះ ដែល​អាច​កើត​ចេញ​ពី​ការ​ជួប​បញ្ហា​មួយ​គ្រា​ ជា​ជាង​ឲ្យ​ព្រះ​អម្ចាស់​ជួយ​សង្គ្រោះ​យើង​ភ្លាមៗ​ចេញ​ពី​ការ​សាកល្បង ?

  • តើ​ការ​ដឹង​ថា​ព្រះអម្ចាស់​ជ្រាប​ពី​បញ្ហា​របស់​យើង​ អាច​ពង្រឹង​សេចក្ដី​ជំនឿ​យើង​លើ​ទ្រង់ ទាំង​ពេល​ទ្រង់​មិន​បាន​ជួយ​សង្គ្រោះ​យើង​ភ្លាមៗ​ក៏​ដោយ​តាម​របៀប​ណា ?

ចូរ​សុំ​ឲ្យ​សិស្ស ស្រមើ​ស្រមៃ ថា​ពួក​គេ​កំពុង​ជិះ​លើ​ទូក​នេសាទ​ត្រី​មួយ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ ដែល​កំពុង​ជួប​ព្យុះភ្លៀង និង​រលក​ធំៗ​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង រួច​ក៏​ឃើញ​មនុស្ស​ម្នាក់​ដើរ​នៅ​លើ​ទឹក ។

  • តើ​អ្នក​អាច​គិត ឬ​មាន​អារម្មណ៍​បែប​ណា​ទៅ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៤:២៦-២៧ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ ដែល​ពួក​សិស្ស​មាន​ប្រតិកម្ម​នៅ​ពេល​ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ ។

  • តើ​ពួក​សិស្ស​មាន​ប្រតិកម្ម​បែប​ណា​ដែរ នៅ​ពេល​ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ ?

  • តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​នឹង​ការ​ភ័យ​ខ្លាច​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​ទៀតអាន ម៉ាថាយ ១៤:២៨ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ពេត្រុសប៉ងចង់​ធ្វើ នៅ​ពេល​គាត់​ឮ​ព្រះសុរសៀង​របស់​ព្រះអម្ចាស់ ។

  • តើ​ពេត្រុស​ចង់​ធ្វើ​អ្វី​ នៅ​ពេល​គាត់​បាន​ឮ​ព្រះសុរសៀង​របស់​ព្រះអម្ចាស់ ?

សូម​លើក​រូបភាព​ព្រះយេស៊ូវ​ឡើង​ឲ្យ​សិស្ស​មើល រួច​សុំ​ឲ្យ​សិស្ស​ស្រមៃ​ថា​ពួកគេ​គឺជា​ពេត្រុស​ជិះ​នៅ​ក្នុង​ទូក ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាថាយ ១៤:២៩–៣០​ ។ បន្ទាប់​ពី​អាន​ខនីមួយៗ​រួច​ហើយ ចូរ​សួរ​សិស្ស​ថាតើ​ពួកគេ​អាច​គិត ឬ​មាន​អារម្មណ៍​បែប​ណា​ទៅ ប្រសិន​បើ​បាន​ពួកគេ​ជា​ពេត្រុស​នោះ ។

  • ហេតុអ្វី​បាន​ជា​ពេត្រុស​ចាប់ផ្ដើម​លិចចុះ​ក្នុង​ទឹក ?

  • តើ​ព្យុះភ្លៀង និង​ រលក​នៅ​ក្នុង​ដំណើរ​រឿង​នេះ​អាច​តំណាង​ឲ្យ​អ្វី​ខ្លះ​ នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​អាច​ដឹកនាំ​យើង​ឲ្យ​ជួប​នឹង​ការ​ភ័យ​ខ្លាច ឬ​ការ​សង្ស័យ ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ ​ចេញ​ពី​បទពិសោធន៍​របស់​ពេត្រុស​អំពី​របៀប​ចៀសវាងពី​ការ​ហ៊ុមព័ទ្ធ​ដោយ​ដោយ​ភាព​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ធ្វើ​ប្រាកដ​ថា ប្រសិន​បើ​យើង​សម្លឹង​មើល​ទៅ​ព្រះយេស៊ូវ​ឲ្យ​ខ្ជាប់​ខ្ជួន ហើយ​ថែរក្សា​សេចក្ដី​ជំនឿ​យើង​លើ​ទ្រង់ នោះយើង​នឹង​មិន​គ្រប​ដណ្ដប់​ដោយ​ភាព​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង​ឡើយ ) ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​នូវភាពគ្រោះថ្នាក់​នៃ​ការបរាជ័យ​ក្នុង​​ការ​ថែរក្សា​សេចក្ដី​ជំនឿ​យើង​លើ​ព្រះអម្ចាស់ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ខ្ញុំ​មាន​ជំនឿ​ដ៏​មុតមាំ​ថា ទោះ​ជា​បុគ្គល​ម្នាក់ៗ ជា​គ្រួសារ សហគមន៍ និង​ប្រជាជាតិក្ដី ប្រសិន​បើ​យើង​អាច​សម្លឹង​មើល​ទៅ​ព្រះយេស៊ូវ​ឲ្យ​ខ្ជាប់​ខ្ជួន​ដូចជា​ពេត្រុស នោះ​យើង​ក៏​អាច​ដើរ​ដោយ​មាន​ជោគជ័យ​នៅ​លើ​ ‹ រលក​សមុទ្រ​ធំៗ​នៃ​ការ​ឥត​ជំនឿ › ហើយ​បន្ត​ដោយ ​‹ មិន​ភ័យ​ខ្លាច​នៅ​កណ្តាល​ព្យុះភ្លៀង​នៃ​ភាព​សង្ស័យ ​ដែល​កំពុង​បោកបក់​យ៉ាង​ខ្លាំង › ។ ប៉ុន្តែ​ប្រសិន​បើ​យើងងាក​​ចេញ​ពី​ទ្រង់​ ជា​អង្គ​ដែល​យើង​ត្រូវ​ជឿ កាល​​ដែល​វា​ងាយ​ស្រួល​នឹង​ធ្វើ ហើយ​កាល​ពិភព​លោក​នេះ​បាន​ល្បួង​យ៉ាង​ខ្លាំង​ ប្រសិន​បើ​យើង​សម្លឹង​មើល​ទៅ​អំណាច និង​កំហឹង​នៃ​កត្តា​នានា​ដែល​បំផ្លិច​បំផ្លាញ ហើយ​គួរ​ឲ្យ​ខ្លាច​ទាំង​នោះ​នៅ​ជុំវិញ​យើង​ ជា​ជាង​មើល​ទៅ​ទ្រង់​ដែល​អាច​ជួយសង្គ្រោះ​យើង នោះ​យើង​នឹង​លិច​ទៅ​ក្នុង​សមុទ្រ​នៃ​វិបត្តិ និង​ទុក្ខ​វេទនា ព្រមទាំង​ភាព​អស់​សង្ឃឹម​ដោយ​ចៀស​មិន​ផុតឡើយ » ( « The Beacon in the Harbor of Peace » Ensign ខែ​ វិច្ឆិកា ឆ្នាំ​១៩៩២ ទំព័រ ១៩ ) ។

  • តើ​អ្នក​គិត​ថា​យើង​អាច​« ផ្ដោត » លើ​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា​ពេត្រុស​បាន​ធ្វើ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ធ្លាប់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​បុគ្គល​ម្នាក់លើ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​គាត់​ឲ្យ​ចៀសវាង​ពី​ការ​ហ៊ុម​ព័ទ្ធ​ដោយ​ការ​ភ័យខ្លាច ឬ​ការ​សង្ស័យ​នៅ​ពេល​ណា ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង « ផ្ដោត » លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថែរក្សា​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់ យើង​នឹង​រកឃើញ​សេចក្ដី​សង្ឃឹម និង​ភាព​ក្លាហាន​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពីការ​ផ្លាស់ប្ដូរ​ដែល​ពួកគេ​អាច​ធ្វើ​ នៅ​ក្នុង​ជីវិត​ដើម្បី​ផ្ដោត ហើយ​ថែរក្សា​សេចក្ដី​ជំនឿ​របស់​ខ្លួន​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ប្រសើរ​ឡើង ហើយ​ដាក់​គោលដៅ​មួយ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំងនោះ ។

សូម​ពន្យល់​ថា ដូចជា​ពេត្រុស​ដែរ ពេលខ្លះ​យើង​អាច​បរាជ័យ​ក្នុងការ​ថែរក្សា​សេចក្ដី​ជំនឿ​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អាច​នឹង​បន្ទន់​ចិត្តទៅ​តាម​ការ​ភ័យ​ខ្លាច ការ​សង្ស័យ និង​ការ​បាក់​ទឹក​ចិត្ត ។

រូបភាព
ព្រះគ្រីស្ទ​យាង​ដើរ​លើ​ទឹក

សូម​បង្ហាញ រូបភាព ព្រះយេស៊ូវគ្រីស្ទ​យាង​ដើរ​លើ​ទឹក ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] លេខ ៤៣ សូមមើល​ផងដែរ LDS.org ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៤:៣០-៣២ ឲ្យ​ឮៗ ។

  • យោង​តាម ខ​ទី ៣០តើ​ពេត្រុស​បាន​ធ្វើ​អ្វីខ្លះ នៅ​ពេល​គាត់​ដឹង​ថា​គាត់កំពុងតែលិច​ទៅ​ក្នុង​ទឹក​នោះ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ដំណើរ​រឿង​នេះ​ស្ដីពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ ​ប្រសិន​បើ​យើង​ស្វែង​រក​ជំនួយ​របស់​ទ្រង់​នៅ​ពេល​សេចក្ដី​ជំនឿ​របស់​យើង​ធ្លាក់​ចុះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ស្វែងរក​ជំនួយ​របស់​ព្រះ ពេល​សេចក្ដី​ជំនឿ​របស់​យើង​ធ្លាក់​ចុះ នោះទ្រង់​អាច​លើក​យើង​ឡើង​ចេញ​ពី​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង​បាន ) ។

  • តើ​ព្រះ​លើក​យើង​ឡើង​ចេញ​ពី​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៤:៣៣ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប ដែល​ពួក​សិស្ស​កំពុង​នៅក្នុង​ទូក​បាន​ឆ្លើយតប​បន្ទាប់​ពី​ព្រះយេស៊ូវ និង​ពេត្រុស​បាន​ចូល​មក​ក្នុង​ទូក ។

សូម​សង្ខេប ម៉ាថាយ ១៤:៣៣–៣៦ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ទ្រង់​បាន​បន្ត​ដំណើរ​របស់​ខ្លួន ហើយ​បាន​ទៅ​ដល់​ឆ្នេរ​កាលីឡេ​នោះ ។ នៅ​ពេល​មនុស្ស​ម្នា​បាន​ដឹង​ថា ព្រះយេស៊ូវ​គង់​នៅ​ទីនោះ ពួកគេ​បាន​នាំ​មនុស្ស​ដែល​មាន​ជំងឺ​ទៅ​រក​ទ្រង់ ។ មាន​មនុស្ស​ជា​ច្រើន​បាន​ជា​សះ​ស្បើយ​ដោយ​គ្រាន់​តែ​ពាល់​ជាយ​ព្រះពស្ដ​របស់​ទ្រង់ ។

សូម​បញ្ចប់​ដោយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ តាម​រយៈ​ការ​ធ្វើ​តាម​អារម្មណ៍​នានា​ដែល​ពួកគេ​បាន​ទទួល ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៤:២៥ ។ « ដល់​យាម​ ៤ ​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស »

នៅ​ពេល​យើង​រំពឹង​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ដំណោះ​ស្រាយ​ភ្លាមៗ​ចំពោះ​បញ្ហា​របស់​យើង នោះ​យើង​មិន​បាន​មើល​ឃើញ​ពី​គោលបំណង​ដ៏​ធំ ​នៅ​ក្នុង​ការ​ពន្យារ​ពេល​នៃ​ជំនួយ​របស់​ទ្រង់​ឡើយ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ថ្លែង​ពី​ការ​សាក​ល្បង​ផ្ទាល់​ខ្លួន​មួយ​ដែល​លោក​បាន​ជួបប្រទះ ហើយ​គ្មាន​ដំណោះ​ស្រាយ​ភ្លាមៗ​ពី​ព្រះ​អម្ចាស់ ៖

« ទោះបីជាខ្ញុំបានរងការឈឺចាប់នៅពេលនោះក្ដី ឥឡូវនេះពេល​ខ្ញុំ​មើល​ត្រឡប់​ក្រោយ​វិញ ខ្ញុំមានអំណរគុណដែលគ្មានដំណោះស្រាយភ្លាមៗចំពោះបញ្ហារបស់ខ្ញុំ ។ ភាពពិតគឺថា ខ្ញុំត្រូវបានជម្រុញឲ្យងាកទៅរកព្រះ ដើម្បីជួយស្ទើរតែរាល់ថ្ងៃក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានបង្រៀនខ្ញុំពិតអំពីរបៀបដើម្បីអធិស្ឋាន និងទទួលចម្លើយចំពោះការអធិស្ឋាន ហើយបង្រៀនខ្ញុំក្នុងរបៀបជាក់លាក់មួយដើម្បីមានជំនឿទៅលើព្រះ ។ ខ្ញុំបានស្គាល់ព្រះអង្គសង្គ្រោះរបស់ខ្ញុំ និងព្រះវរបិតាសួគ៌របស់ខ្ញុំតាមរបៀប និងក្នុងកម្រិតមួយ ដែលប្រហែលជាពុំ កើតឡើងតាមរបៀបផ្សេង ឬប្រហែលជាត្រូវរង់ចាំយូរតទៅទៀត​ដើម្បី​សម្រេច​បាន ។ … ខ្ញុំបានរៀនទុកចិត្តលើព្រះអម្ចាស់ដោយអស់ពីដួងចិត្តរបស់ខ្ញុំ ។ ខ្ញុំ​រៀន​ដើរ​ជាមួយ​ទ្រង់​រៀង​រាល់​ថ្ងៃ » ( « Give Us This Day Our Daily Bread » [ Church Educational System fireside ថ្ងៃទី​៩ ខែ​ មករា ឆ្នាំ ​២០១១ ], LDS.org ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ថ្លែង​ដូច​តទៅ​នេះ​ស្ដីពី​ការ​ជ្រាបដឹង​របស់​ព្រះអង្គ​សង្គ្រោះ​ពី​ការ​ពុះពារ​ឆ្លង​សមុទ្រ​កាលីឡេ​របស់​ពួក​សិស្ស​ទ្រង់នៅ​ក្នុង​ព្យុះភ្លៀង​ ៖

« ពី​លើ​កំពូល​ភ្នំ​កន្លែង​ដែល​ទ្រង់​អធិស្ឋាន … ព្រះយេស៊ូវ​បាន​ទត​ឃើញ​ពី​គ្រោះថ្នាក់ និង​ការ​តស៊ូ​នៃ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ នៅ​ពេល​ពួកគេ​ស្វែងរក​សុវត្ថិភាព​នៃ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​នៃ​ទន្លេ​ស្រុក​កាលីឡេ ។ … ការ​ជ្រាប​ដឹងរបស់​ទ្រង់​អំពី​ស្ថានភាព​របស់ពួក​គេ បាន​កើត​ឡើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ជា​ជាង​តាមរយៈកែវភ្នែកធម្មតា ដ្បិត​ពួកគេ​នៅ​ឆ្ងាយ​លើស​ពី​បួនគីឡូម៉ែត្រ—ប្រហែល​ជា​ប្រាំ ឬ​ប្រាំ​មួយ—ម៉ែត្រ ។ …

« … នៅ​ក្នុង​រយៈពេល​ប្រាំបី ឬ​ដប់​ម៉ោង ពួកគេ​បាន​ធ្វើ​ដំណើរ​តិច​ជាង​ប្រាំមួយ​គីឡូម៉ែត្រ​ពី​ច្រាំង ។

« គ្រោះថ្នាក់​របស់​ពួកគេ​ធំ​ណាស់ ។ សូម្បី​តែ​ពួក​បុរស​រឹងមាំ​ ក៏មិន​អាច​តតាំង​នឹង​រលក​បក់បោក​រហូត និង​អំណាច​ខ្យល់​ព្យុះ​នៅ​ឯ​សមុទ្រ​មួយ​បាន​ឡើយ ។ ឥឡូវនេះ វេលា​យាមទី​បួន​នៅ​យប់​នោះ ពេល​រវាង​ម៉ោង​បី និង​ប្រាំ​មួយ​ព្រឹក ព្រះយេស៊ូវ​បាន​ទុក​ឲ្យ​ពួកគេ​ជួបប្រទះ​បញ្ហា​រហូត​ដល់​ពួកគេ​អស់​កម្លាំង ។ ឥឡូវ​នេះ ទ្រង់​បាន​យាង​មក​ជួយ​សង្គ្រោះ » ( The Mortal Messiah វ៉ុល ៤ [ ឆ្នាំ​១៩៧៩–៨១ ] ២:៣៥៨–៥៩ ) ។