បណ្ណាល័យ
មេរៀនទី ១៨ ៖ ម៉ាថាយ ១៥


មេរៀនទី ១៨

ម៉ាថាយ ១៥

សេចក្ដីផ្ដើម

កាល​គង់​នៅ​ស្រុក​កាលីឡេ ព្រះយេស៊ូវ​បាន​ពន្យល់​ពី​ហេតុផល​ដែល​ពួក​សិស្ស​​របស់​ទ្រង់​មិន​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ នៃ​ការ​លាង​សម្អាត​ខ្លួន​ឲ្យ​ស្អាត​ពីមុន​ពួក​គេ​បរិភោគ​អាហារ ។ បន្ទាប់​មក ទ្រង់​បាន​ធ្វើ​ដំណើរ​ទៅ​ឈូង​សមុទ្រ​មេឌីទែរ៉ាណេ ជា​កន្លែង​ដែល​ទ្រង់​បាន​ព្យាបាល​កូនស្រី​របស់​ស្ត្រី​សាសន៍​ដទៃម្នាក់ ។ ក្រោយ​មក ព្រះយេស៊ូវ​បាន​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ជា​កន្លែង​ដែល​ទ្រង់​បាន​ព្យាបាល​មនុស្ស​ជាច្រើន ហើយ​បាន​ប្រទាន​ចំណី​ដោយ​អព្ភូតហេតុ​ដល់​មនុស្ស​ច្រើន​ជាង​បួនពាន់​នាក់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៥:១-២០

ពួកអាចារ្យ និង ពួក​ផារិស៊ី​ទូល​សួរ​ហេតុអ្វី​បាន​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​មិន​លាង​ដៃ​ពីមុន​ពួកគេ​បរិភោគ​អាហារ ។

សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​អាន​សាច់រឿង​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ចំណុច​ដូចគ្នា​ដែល​សាច់​រឿង​ទាំងនោះ​មាន ។

  1. មាន​យុវនារី​ម្នាក់​ត្រូវ​មិត្តភក្ដិ​នាង​លើក​ទឹក​ចិត្ត​ឲ្យ​ស្លៀក​សំលៀក​បំពាក់​មិន​សមរម្យ​ទៅ​កម្មវិធី​រាំ​នៅ​សាលា ។ យុវនារី​នេះ​ដឹង​ថា សំលៀក​បំពាក់​នោះ​មិន​សក្ដិសម​នឹង​បទដ្ឋាន​នៃ​ភាព​រមទម្យ​របស់​ព្រះអម្ចាស់​ទេ ទោះជា​វា​ពេញនិយមនៅ​ក្នុង​វប្បធម៌​របស់​នាង​ឲ្យ​ស្លៀក​សំលៀក​បំពាក់​បែប​នោះ​ក្ដី ។

  2. យុវជន​ម្នាក់​មាន​គ្រួសារ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ស្រឡាញ់​ព្រឹត្តិការណ៍​កីឡា ។ នៅ​ពេល​ព្រឹត្តិការណ៍​ល្បីៗ​បាន​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍ គ្រួសារ​នេះ​ទម្លាប់ចោល​ការអធិស្ឋាន​ជា​គ្រួសារ ការ​សិក្សា​ព្រះគម្ពីរ រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ និង​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​នៅ​ព្រះវិហារ​មួយ​អន្លើរ​សិន ដើម្បី​បាន​មើល​ព្រឹត្តិការណ៍​ទាំងនោះ ។

  3. មាន​ដៃគូវ័យ​ក្មេង​មួយ​គូ​កំពុង​រៀបចំ​ខ្លួន​រៀបការ ។ ពួកគេ​រស់នៅ​ក្នុង​ទីកន្លែង​មួយ​ ដែល​ទទួលស្គាល់​ការ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ពី​មុន​ពេល​រៀបការ​យ៉ាង​ទូលំ​ទូលាយ ។ មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ពួកគេ​ថា ពួកគេ​ចាស់​គម្រិល​ពេក​ហើយ ដោយ​ពួកគេ​រង់​ចាំ​ពេល​រៀបការ​រួច​សិន ទើប​មាន​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​ខាង​ផ្លូវ​ភេទ​បាន ។

  • តើ​សាច់​រឿង​ទាំង​នេះ​មាន​ចំណុច​អ្វី​ខ្លះ​ដូចគ្នា ? ( សាច់រឿង​នីមួយៗ​តំណាង​ឲ្យ​វិបត្តិ​រវាង​ការ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង​ការ​ធ្វើ​តាម​ប្រពៃណី ឬ​ទំនៀម​ទម្លាប់ ) ។

សូម​ពន្យល់​ថា ប្រពៃណី ឬ​ទំនៀម​ទម្លាប់​រួម​បញ្ចូល​ទាំង​ជំនឿ និង​ការ​អនុវត្ត​នានា​របស់​វប្បធម៌ សហគមន៍ គ្រួសារ ឬ​ក្រុម​មិត្តភក្ដិ​ផង​ដែរ ។

ចូរ​សុំឲ្យ​សិស្ស​ប្រាប់​ពី​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​មួយ ឬ​ច្រើន​ដែល​អាច​រារាំង​ពួកគេ​មិន​ឲ្យគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត​នៅ​ក្នុង ម៉ាថាយ ១៥ ដែល​អាច​ជួយ​ពួកគេ​នៅ​ពេល​ពួកគេ​ត្រូវ​ជ្រើស​រើស​រវាង​ការ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ និង​ការ​ចូល​រួម​នៅ​ក្នុង​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​នានា ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន ម៉ាថាយ ១៥:១-២ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ប្រពៃណី​ដែល​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ទូល​សួរ​ដល់​ព្រះយេស៊ូវ ។

  • តើ​ប្រពៃណី​អ្វី​ទៅ​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​មិន​បាន​ធ្វើ​តាម ?

សូម​ពន្យល់​ថា ការ​លាង​សម្អាត​ដៃ​ដែល​ពួក​អាចារ្យ និង ​ពួក​ផារិស៊ី​បាន​លើក​ឡើង​សំដៅ​​ទៅ​លើ​ពិធី​លាង​ដៃ​មួយ​សម្រាប់​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ហើយ​មិន​សំដៅ​ទៅ​លើ​ការ​លាង​ដៃ​​ឲ្យ​មានអនាម័យ​​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៥:៣ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ចម្លើយ​របស់​ព្រះយេស៊ូវ​ ចំពោះសំណួរ​របស់​ពួក​អាចារ្យ និង ​ពួក​ផារិស៊ី ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​កំពុង​ធ្វើ​អ្វី ​ដោយការ​ចូល​រួម​នៅ​ក្នុង​ប្រពៃណី​របស់​ពួកគេ​នោះ ?

សូម​សង្ខេប ម៉ាថាយ ១៥:៤–៦ ដោយ​ពន្យល់ថា ព្រះយេស៊ូវ​បាន​​បង្ហាញ​ឧទាហរណ៍​មួយ​ពី​របៀប​ដែល​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ប្រព្រឹត្តរំលង​ព្រះ​បញ្ញត្តិ​មួយ​របស់​ព្រះ​ដោយ​ការ​ចូល​រួម​នៅ​ក្នុង​ប្រពៃណី​របស់​ពួក​គេ ។ ពួក​គេ​បាន​បង្រៀន​ថា មនុស្ស « នឹង​មាន​សេរីភាព » ( ខ​ទី ៦ ) ចំពោះ​កាតព្វកិច្ច​របស់​ពួកគេ​ដើម្បី​មើល​ថែ​ឪពុក​ម្ដាយ​ចាស់​ជរា​ខ្លួន​ដោយ​ប្រកាស​ថា ប្រាក់​របស់​ពួកគេ​បាន​រក្សា​ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ ឬ គ័របាន់ ( សូម​មើល ម៉ាកុស ៧:១០–១២ ) ។ ទោះ​ជា​យ៉ាង​ក៏​ដោយ ព្រះយេស៊ូវ​បាន​បង្រៀន​ថា​ដោយ​ធ្វើ​រឿង​បែប​នេះ ពួកគេ​បាន​បំពាន​ព្រះបញ្ញត្តិ​ឲ្យ​គោរព​ដល់​ឪពុកម្ដាយ​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៥:៧–៩ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ដឹកនាំ​មនុស្ស​ឲ្យ​ធ្វើ​ដោយ​ប្រើ​ប្រពៃណី​របស់​ពួកគេ​ជា​ការ​ដោះសា​មួយ ​ដើម្បី​មិន​គោរព​ដល់​ព្រះបញ្ញត្តិ​របស់​ព្រះ ។

  • តើ​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ដឹកនាំ​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​យើង​រៀន​មកពី​ខគម្ពីរ​ទាំង​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ប្រសិន​បើ​​យើង​មាន​បំណង​ប្រាថ្នា​ចង់​ខិត​ទៅ​ជិត​ព្រះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែស្គាល់គោលការណ៍​ស្រដៀងគ្នា​នេះដូចតទៅ ៖ ប្រសិន​បើ​យើង​មាន​បំណង​ប្រាថ្នា​ចង់​ខិត​ទៅ​ជិត​ព្រះ យើង​ត្រូវ​ដាក់​ព្រះបញ្ញត្តិ​របស់​ទ្រង់​ឲ្យ​ខ្ពស់​ជាង​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​នានា​ដែល​យើង​មាន ) ។

សូម​អញ្ជើញ​អាន​ឡើង​វិញ​នូវ​សាច់​រឿង​ពី​ដើម​មេរៀន​ឲ្យ​ឮៗ ។ បន្ទាប់​ពី​អាន​សាច់​រឿង​នីមួយៗ​រួច សូម​សួរ ៖

  • តើ​បុគ្គល​ម្នាក់ ឬ​បុគ្គល​ទាំងឡាយ​នៅ​ក្នុង​សាច់​រឿង​នេះ​អាច​ធ្វើ​អ្វី​ខ្លះ ​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ?

  • តើ​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​បុគ្គល​ម្នាក់ ឬ​បុគ្គល​ទាំងឡាយ​ឲ្យ​ខិត​ទៅ​កាន់តែជិត​ព្រះ​បាន​ដោយ​​របៀប​ណា ?

ក្រោយពី​អ្នក​បាន​ពិភាក្សា​អំពី​សាច់​រឿង​នីមួយៗ​ហើយ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​អ្នក​ធ្លាប់​ជ្រើស​គោរព​តាម​ព្រះបញ្ញត្តិ​របស់ព្រះ​ ជា​ជាង​ចូល​រួម​នៅ​ក្នុង​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​ដែល​ទទួល​យក​ជា​ទូទៅ​នៅ​ពេល​ណា​ដែរ ? តើ​ការណ៍​នេះ​បាន​ជួយអ្នក ឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌​បាន​ដោយ​របៀប​ណា ? ( អ្នក​ក៏​គួរ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ប្រពៃណី និង​ទំនៀម​ទម្លាប់​ដែល​ពួកគេ​ប្រាប់​កាល​ពី​ដើម​មេរៀន ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ជ្រើស​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ជា​ជាង​ធ្វើ​តាម​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​នានា​ដើម្បី​ពួកគេ​អាច​ខិត​ទៅកាន់​តែ​ជិត​នឹង​ព្រះ ។

សូម​រំឭក​សិស្ស​ថា ពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ជឿ​ថា ការ​បរិភោគ​អាហារ​ដោយ​មិន​បាន​លាង​ដៃ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្មោគ​គ្រោក ឬ​ធ្វើ​ឲ្យ​បុគ្គល​នោះ​មិន​ស្អាតស្អំ​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៥:១០-១១ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា​ វា​នឹង​ធ្វើ​ឲ្យ​យើង​ស្មោគគ្រោក​ពិត​ប្រាកដ​នោះ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​យើង​ស្មោគគ្រោក​នោះ ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « របស់​ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក … គឺជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ » ( ខ​ទី ១១ ) ។ បន្ទាប់​ពី​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​កុំ​ឲ្យ​បារម្ភ​នឹង​ពួក​ផារិស៊ី​ដែល​បាន​អាក់​អន់​ចិត្ត​ដោយសារ​បន្ទូល​ទ្រង់ ( សូមមើល ម៉ាថាយ ១៥:១២–១៦​ ) នោះ​ទ្រង់​បាន​ពន្យល់​បន្ថែម​ទៀត​អំពី​អ្វី​ ដែល​ធ្វើ​ឲ្យ​យើង​ស្មោកគ្រោក​ពិត​នោះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង ម៉ាថាយ ១៥:១៧-២០ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម​រកមើល​នូវអ្វី​ដែល​ព្រះអង្គសង្គ្រោះ​ចង់​​ចង្អុលបង្ហាញ ​នៅ​ពេល​ទ្រង់​បាន​មាន​បន្ទូល​ថា « របស់​ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក … គឺជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ »( ខ​ទី ១១ ) ។

  • តើ​ព្រះអង្គ​សង្គ្រោះ​ចង់​មាន​បន្ទូល​ពី​អ្វី​ទៅ​ កាល​ទ្រង់​បាន​មាន​បន្ទូល​ថា « របស់​ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក … គឺជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ » ?

សូម​ចង្អុល​បង្ហាញ​ថា​នៅ​ក្នុង​បទគម្ពីរ ជារឿយៗ​ពាក្យ​ដួងចិត្ត​តំណាង​ឲ្យ​គំនិត និង​បំណង​ប្រាថ្នា​របស់​យើង ។ សូម​សរសេរ​សេចក្ដី​ថ្លែងការណ៍​នេះ​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ជ្រើសបណ្តែតបណ្តោយតាម​គំនិត និង​បំណង​ប្រាថ្នា​អាក្រក់ នោះ …

  • តើ​អ្នក​នឹងបំពេញ​តាម​គោលការណ៍​នេះ ដោយ​ផ្អែក​លើ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខទី ១៩-២០បាន​យ៉ាង​ដូចម្ដេច ? ( សូម​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស​ដើម្បី​បំពេញ​គោលការណ៍​នេះ​ ដើម្បី​ឲ្យ​វា​នាំ​ទៅ​រក​សេចក្ដីពិត​ដូច​តទៅនេះ ៖ ប្រសិន​បើ​យើង​ជ្រើស​អរ​សប្បាយ​នឹង​គំនិត និង​បំណង​ប្រាថ្នា​អាក្រក់ ឬ​មិន​សមរម្យ នោះ​គំនិត និង​បំណង​ប្រាថ្នា​ទាំងនោះ​នឹង​ធ្វើ​ឲ្យ​យើងកខ្វក់​ ) ។

  • តើ​យើង​មាន​ភាព​ស្មោកគ្រោក ឬ​មិន​ស្អាត​ស្អំ​ខាង​វិញ្ញាណ​តាម​របៀប​ណា​ដែរ ប្រសិន​បើ​យើង​ជ្រើស​បណ្តែតបណ្តោយទៅតាមគំនិត និង​បំណង​ប្រាថ្នា​អាក្រក់ ឬ​មិន​សមរម្យ​នោះ ?

  • តើ​ពាក្យ​សម្ដី​ចេញ​ពី​មាត់​របស់​យើង រួម​ទាំង​ទង្វើ​របស់​យើង​ផង​ដែរ ឆ្លុះ​បញ្ចាំង​ពី​គំនិត និង​បំណងប្រាថ្នា​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច​ដែរ ?

អ្នក​គួរ​ថ្លែង​ទីបន្ទាល់​ពី​គោលការណ៍​នេះ ហើយ​អញ្ជើញ​សិស្ស​ជ្រើស​រក្សា​គំនិត និង​បំណង​ប្រាថ្នា​ឲ្យបរិសុទ្ធ ។

ម៉ាថាយ ១៥:២១-២៨

ព្រះអង្គសង្គ្រោះ​ព្យាបាល​កូនស្រី​ស្ត្រី​សាសន៍​ដទៃ​ម្នាក់

ចូរ​សុំ​ឲ្យសិស្ស​ឡើង​មក​ក្ដារខៀន ​សរសេរ​ពី​បំណង​ប្រាថ្នា​សុចរិត​របស់​ពួកគេ​មួយ ឬ​ច្រើន ។

សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​ម៉ាថាយ ១៥​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បាន​បំណង​ប្រាថ្នា​សុចរិត​របស់​ពួកគេ ។

ចូរ​សុំ​ឲ្យ​សិស្ស​បើក​ទៅ​ផែនទី​ព្រះគម្ពីរ​ប៊ីប ទី ១១ ​« ដែនដី​បរិសុទ្ធ​នៅសម័យ​ព្រះ​គម្ពីរ​សញ្ញាថ្មី » ។ ចូរ​សុំ​ឲ្យ​ពួកគេ​រក​មើល​ទីតាំង​ស្រុក​ទីរ៉ុស និង​ ស៊ីដូន​នៅ​លើ​ផែនទី​នោះ ។ សូម​ពន្យល់​ថា កាល​ព្រះយេស៊ូវ​យាង​ចេញ​ពី​ស្រុក​កាលីឡេ​ទៅ​ឈូង​សមុទ្រ​ទីរ៉ុស និង​ស៊ីដូន នោះ​ទ្រង់​បាន​ជួប​នឹង​ស្ត្រី​សាសន៍​កាណាន​ម្នាក់ ។ ដូចជា​មនុស្ស​ផ្សេងទៀត​ជាច្រើន​នៅ​ក្នុង​ភូមិភាគ​នោះ​ដែរ ស្ត្រី​ម្នាក់​នេះ​គឺជា​សាសន៍​ដទៃ—មាន​ន័យ​ថា​នាង​ពុំ​មែន​ជា​សាសន៍​យូដា​ទេ ។ នៅ​ពេល​នោះ ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ទ្រង់​បាន​ប្រកាស​ដំណឹងល្អ​ទៅ​ដល់​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ ហើយ​ពុំ​ទាន់​ទៅដល់​ពួក​សាសន៍​ដទៃ​នៅ​ឡើយ​ទេ ( សូម​មើល ម៉ាថាយ ១០:៥–៦ ) ។ ក្រោយ​មក​ទៀត ទ្វារ​នឹង​បាន​បើក​ឡើង​ដល់​ពួក​សាសន៍​ដទៃ​ដើម្បី​ទទួល​សារលិខិត​នៃ​សេចក្ដី​សង្គ្រោះ ( សូម​មើល កិច្ចការ ១០ ) ។

សូម​អញ្ជើញ​សិស្ស​ប្ដូរ​វេន​គ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង ម៉ាថាយ ១៥:២១-២៧​ជាមួយ​នឹង​ដៃ​គូ ។ ចូរ​សុំ​ឲ្យ​ពួកគេ​រក​មើល​ចម្លើយ​ចំពោះសំណួរ​ដូច​ខាង​ក្រោម ( អ្នក​គួរ​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ៖

  • តើ​បំណងប្រាថ្នា​សុចរិត​អ្វី​ខ្លះ​ ដែល​ស្ត្រី​សាសន៍​កាណាន​នោះ​មាន ?

  • តើ​ស្ត្រី​រូបនេះបាននិយាយហើយ​ធ្វើអ្វី​ខ្លះ​ ដែល​បង្ហាញ​សេចក្តី​ជំនឿ​របស់​នាង​លើ​ព្រះ​យេស៊ូវគ្រីស្ទ ?

ចូរ​សុំ​ឲ្យសិស្ស​រាយការណ៍ អំពីចម្លើយ​របស់ពួកគេ ។

  • តើ​ចម្លើយ​របស់​ស្ត្រី​រូបនេះ​ចំពោះ​រឿង​ប្រៀប​ប្រដូច​នេះ​បាន​បង្ហាញបន្ថែម​ទៀត ចំពោះ​សេចក្តី​ជំនឿ​របស់​នាង​​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៥:២៨ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​ស្ត្រី​ម្នាក់​នេះ ។

  • តើ​ព្រះអង្គសង្គ្រោះ​បានធ្វើ​អ្វីដល់​ស្ត្រី​ម្នាក់​នេះ ? ហេតុអ្វី ?

  • តើ​មាន​គោលការណ៍អ្វីខ្លះ​ដែល​យើង​អាច​រៀន​មក​ពី​ដំណើរ​រឿង​នេះ អំពី​អ្វី​ដែល​អាច​កើតឡើង នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើងលើ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែស្គាល់គោលការណ៍​ស្រដៀងគ្នា​នេះដូចតទៅ ៖ នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ទទួល​បាន​ពរជ័យ​ស្រប​តាម​បំណង​ប្រាថ្នា​សុចរិត​របស់​យើង ) ។

  • បន្ថែម​លើ​ការ​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ពរ​យើង ​ដោយ​ស្មោះត្រង់​ស្រប​តាម​បំណង​ប្រាថ្នា​សុចរិត​របស់​យើង​តើ​ យើង​អាច​ធ្វើ​អ្វី​ផ្សេងទៀត​ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់បន្ថែម​អំពី​អ្វី​ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ចូរ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« នៅ​ពេល​យើង​មាន​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ទ្រង់ ។ យើង​ត្រូវ​ទុក​ចិត្ត​លើ​ទ្រង់​ឲ្យ​ល្មម​គ្រប់​គ្រាន់​ រហូត​ដល់​យើង​ពេញ​ចិត្ត​ទទួល​យក​ព្រះឆន្ទៈ​របស់​ទ្រង់ ដោយ​ដឹង​ថា​ទ្រង់​ជ្រាបដឹង​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។ …

« … មិន​ថា​វា​ខ្លាំង​យ៉ាង​ណា​ទេ សេចក្ដី​ជំនឿ​មិន​អាច​បង្កើត​លទ្ធផល​ដែល​ផ្ទុយ​ទៅ​នឹង​ព្រះឆន្ទៈ​នៃ​ទ្រង់​ដែល​ជា​អង្គ​មាន​ព្រះចេស្ដា​បង្កើត​វា​បាន​ឡើយ ។ … យើង​ពុំ​អាច​មាន​សេចក្ដី​ជំនឿ​ដ៏​ពិត​លើ​ព្រះអម្ចាស់ ដោយ​គ្មាន​ការទុកចិត្ត​ទាំង​ស្រុង​​លើ​ព្រះ​រាជ​បំណង​របស់​ព្រះអម្ចាស់ និង ទៅលើ​ពេលវេលា​របស់​ព្រះអម្ចាស់​បាន​នោះទេ » ( « Faith in the Lord Jesus Christ » Ensign ខែ​ ឧសភា ឆ្នាំ​១៩៩៤ ទំព័រ ៩៩, ១០០ ) ។

  • តើ​ការ​ពន្យល់​របស់​អែលឌើរ អូក ​អំពី​អត្ថន័យ​នៃ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើងតាម​របៀប​ណា ​នៅ​ពេល​ព្រះអម្ចាស់​ពុំ​បាន​ប្រទាន​ពរ​ភ្លាមៗ​ដល់​យើង​ស្រប​តាម​បំណង​ប្រាថ្នា​សុចរិត​របស់​យើង​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ឡើងវិញ​នូវ​បញ្ជី​នៃ​បំណង​ប្រាថ្នា​សុចរិត​នៅ​លើ​ក្ដារខៀន ហើយ​ពន្យល់​ពី​អ្វី​ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​ពួកគេ​ស្វែង​រកដើម្បី​ទទួល​បាន​បំណង​ប្រាថ្នា​ទាំងនោះ ។

  • តើ​អ្នក​ ( ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ) ធ្លាប់​ទទួល​បាន​បំណង​ប្រាថ្នា​សុចរិត ( ស្រប​តាម​ឆន្ទៈ និង​កាលវេលា​របស់​ព្រះអម្ចាស់ ) នៅ​ពេល​អ្នក​បាន​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​នៅ​ពេ​ណា​ដែរ ?

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំក្នុង​​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​ពួកគេ​ស្វែង​រក​ទទួល​បាន​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​ពួកគេ​ពី​ទ្រង់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ម៉ាថាយ ១៥:២៩-៣៩

ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​ពួក​អ្នក​ដើរ​តាម ​ច្រើន​ជាង​បួន​ពាន់​នាក់​ចេញ​ពី​នំប៉័ង​ប្រាំពីរ​ដុំ និង​ត្រី​ខ្លះៗ

សូម​សង្ខេប​ម៉ាថាយ ១៥:២៩-៣៩​ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ។ កាល​ទ្រង់​គង់​នៅ​ទី​នោះ មាន​មនុស្ស​ជាង​បួន​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​រក​ទ្រង់ ដោយ​នាំ​យក​មនុស្ស​ដែល​មាន​ជំងឺ និង​ពិការភាព​ជាច្រើន​មក​ជាមួយ​ពួកគេ ។ ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​ពួកគេ ហើយ​បន្ទាប់​ពី​ប្រជាជន​ទាំងនោះ​បាន​ចំណាយ​ពេល​បី​ថ្ងៃ​នៅ​ជាមួយ​នឹង​ទ្រង់ នោះ​ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​មួយ​ទៀត​ដោយ​ប្រទាន​អាហារ​ដល់​ពួកគេ​ទាំងអស់​គ្នា​ជាមួយ​នឹង​នំប៉័ង​ប្រាំពីរ​ដុំ និង​ត្រីតូចៗ​ខ្លះ​ប៉ុណ្ណោះ ។ ( កំណត់​ចំណាំ ៖ អព្ភូតហេតុ​នៃ​ការ​ប្រទាន​អាហារ​ដល់​មនុស្ស​បួន​ពាន់​នាក់​នឹង​ពិភាក្សា​កាន់តែល្អិតល្អន់​​នៅ​ក្នុង​មេរៀន​សម្រាប់​ម៉ាកុស ៨ ) ។

អ្នក​គួរ​បញ្ចប់​មេរៀន​នេះ​ដោយ​ចែក​ចាយ​​ទីបន្ទាល់របស់​អ្នក​អំពី​សេចក្ដី​ពិត និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង ម៉ាថាយ ១៥ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៥:១-៩ ។ « តើ​ហេតុ​អ្វី​បាន​ជាអ្នក​ធ្វើ​ខុស​នឹង​បញ្ញត្តិ​ព្រះ ដោយ​កាន់​តាម​ទំនៀមទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ? »

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ផ្ដល់​ការ​ប្រឹក្សា​ដូច​តទៅ​នេះ​ដល់​ជន​ដែល​កំពុង​បែក​ចេញ​ពី​ប្រពៃណី ឬ​ទំនៀម​ទម្លាប់​ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ថ្វាយ​បង្គំ​ព្រះអម្ចាស់​បាន​ពេញ​លេញ ៖

« ការ​ផ្លាស់​ប្ដូរ​គន្លង​ជីវិត​ដែល​កប់​យ៉ាង​ជ្រៅអាចជារឿងដ៏​លំបាក​បំផុត ។ មិត្តភក្ដិ​ពីមុន​ទាំងឡាយ​អាច​ចំអក រិះគន់ ហើយ​ព្រមទាំងបៀតបៀន​ទៀត​ផង ។ សេចក្ដី​ជំនឿ​ខ្ជាប់​ខ្ជួន​លើ​ព្រះអង្គ​សង្គ្រោះ និង​ការ​គោរព​ប្រតិបត្តិ​នឹង​ដឹកនាំ​អ្នក​ឲ្យឆ្លង​កាត់​ការ​លំបាក​ទាំងនេះ​ទៅ​រក​ពរជ័យ​ដ៏​ធំ ។ បទគម្ពីរ​ឆ្លុះបញ្ចាំង​ពី​របៀប​ដែល​ការ​ប្រែ​ចិត្ត​ជឿ និង​សេចក្ដី​ជំនឿ​អាច​យក​ឈ្នះ​លើ​ប្រពៃណី​នានា ​ដែល​មិន​ស្រប​នឹង​ផែនការ​របស់​ព្រះ ដោយ​នាំ​យក​ពរជ័យ​ទៅ​ឲ្យ​បុគ្គល​ទាំងឡាយ និង​មនុស្ស​ជា​ច្រើន​ជំនាន់​ទៀត ។ ការ​តាំង​ចិត្ត​ស្មោះត្រង់​មិន​ងាក​រេ​ចំពោះ​សេចក្ដី​ពិត​របស់​អ័ប្រាហាំ និង​ការ​បដិសេធ​ប្រពៃណី​ខុស​ឆ្គង​បាន​ផ្ដល់​ពរជ័យ​យ៉ាង​ធំ​ដល់​គាត់ ។ ភាព​ស្មោះត្រង់​របស់​គាត់​នឹង​ផ្ដល់​រង្វាន់​យ៉ាង​ច្រើន​ដល់​វង្ស​អ៊ីស្រាអែល​ទាំងអស់​ដែល​គោរព​ប្រតិបត្តិ ។ គំរូ​ដ៏​អស្ចារ្យ​មួយ​ទៀត​នៃ​ការ​បោះបង់​ប្រពៃណី​ដ៏​យូរ​អង្វែង​ គឺ​ការ​ផ្លាស់​ប្ដូរ​របស់​សាសន៍​លេមិន​ដែល​ចូល​ចិត្ត​ធ្វើ​សង្គ្រាម ​ឲ្យ​ក្លាយ​ទៅ​ជា​ពួក​អ្នក​ដើរ​តាម​ដ៏​រាបសា​របស់​ព្រះគ្រីស្ទ ដោយ​សុខ​ចិត្ត​ស្លាប់​មិន​ព្រម​បំពាន​លើ​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​បាន​ធ្វើ​កាល​ធ្វើ​ជា​សមាជិក​នៃ​នគរ​របស់​ទ្រង់ » ( « Removing Barriers to Happiness » Ensign ខែ​ ឧសភា ឆ្នាំ​១៩៩៨ ទំព័រ ៨៦ ) ។

ម៉ាថាយ ១៥:២១-២៨ ។ « កូន​ឆ្កែ​វា​ស៊ី​កំទេច​ដែល​ធ្លាក់​ចុះ​ពី​តុ​ម្ចាស់​វា​មក​ដែរ »

រឿង​ប្រៀប​ប្រដូច​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រដូច​ពួក​សាសន៍​ដទៃ​ទៅ​នឹង​សត្វ​ឆ្កែ​ដែល​ចិញ្ចឹមចង់​បង្រៀន​ថា ដំណឹងល្អ​នៅ​ពេលនោះ​កំពុង​ប្រកាស​ទៅ​កាន់​វង្ស​អ៊ីស្រាអែល​ប៉ុណ្ណោះ ។ ពួក​សាសន៍​ដទៃ​នឹង​ទទួល​សារលិខិត​នៃ​សេចក្ដីសង្គ្រោះ​នៅ​ពេល​ក្រោយ ​ស្រប​តាម​កាលវេលា​​របស់​ព្រះ ( សូម​មើល​កិច្ចការ ១០ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី​ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ការ​ព្យាបាល​របស់​ព្រះយេស៊ូវ​ដល់​កូនស្រី​ស្ត្រី​សាសន៍​កាណាន ​នោះ​គឺជា​ការសាក​ល្បង​សេចក្ដី​ជំនឿ​របស់​ស្ត្រី​នោះ និង​ជា​គំរូ​ណែនាំ​មួយ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ៖

« ដំណឹងល្អ ( រួម​នឹង​រាល់​អំណាច​ព្យាបាល និង​សេចក្ដី​មេត្តា​របស់​វា )​ ត្រូវ​តែ​ផ្ដល់​ឲ្យ​ពួក​សាសន៍​យូដា​ពីមុន​វា​ផ្ដល់​ឲ្យ​ពួក​សាសន៍​ដទៃ ។ ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​ បាន​នៅ​ជា​មួយ​នឹង​ពួក​អ៊ីស្រាអែល ពុំ​មែន​ជាមួយ​នឹងពួក​សាសន៍​ដទៃ​ទេ ។ ការ​ព្យាបាល​របស់​ទ្រង់​ដល់​កូន​ស្រី​ម្នាក់​នេះ ឬ​ដល់​សាសន៍​ដទៃ​ណា​ផ្សេង​ទៀត​កើត​ឡើង​ដោយ​គ្រា​កាន់​កាប់​ត្រួតត្រា​ពិសេស​ដោយ​សេចក្ដី​ជំនឿ​ដ៏​ធំ ។ កាល​ពី​មុន​ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួក​សាវក​ទៅ​បង្រៀន​វង្ស​អ៊ីស្រាអែល​ ដែល​បាន​វង្វេង​ផ្លូវ​តែ​ប៉ុណ្ណោះ ហើយ​មិន​ឲ្យ​ប្រកាស​សារលិខិត​នៃ​សេចក្ដីសង្គ្រោះ​ដល់​ពួក​សាសន៍​ដទៃ​ឡើយ ។ ( ម៉ាថាយ ១០:៥-៦ ) ។ ប្រាកដ​ណាស់ ផ្លូវ​ដែល​ទ្រង់​បាន​យាង​នៅ​ក្នុង​ឧទាហរណ៍​នេះ​ បានណែនាំ​ដល់​ពួក​សិស្ស​របស់​ទ្រង់ បានល្បង​សេចក្ដី​ជំនឿ​នៃ​ស្ត្រី​សាសន៍​ដទៃ បានបង្រៀន​ថា​ការ​តស៊ូ​នៅ​ក្នុង​ការ​អធិស្ឋាន​នឹង​នាំ​មក​នូវ​រង្វាន់ ហើយ​បាន​បង្ហាញ​ថា​សេចក្ដី​ជំនឿ​ដ៏​ធំ​ពេល​ខ្លះ​មាន​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ជា​ជាង​នៅ​ក្នុង​ពូជពង្ស​នៃ​អ៊ីស្រាអែល​ដែល​បាន​ជ្រើស​រើស »​(  វ៉ុល ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ១:៣៧១ ) ។