បណ្ណាល័យ
មេរៀនទី ២៥ ៖ ម៉ាថាយ ២២:១៥-៤៦


មេរៀនទី ២៥

ម៉ាថាយ ២២:១៥-៤៦

សេចក្ដីផ្ដើម

កាល​ព្រះយេស៊ូវ​បាន​បន្ត​បង្រៀន​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ នោះ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​បាន​ព្យាយាម​ប្រើ​ល្បិច​បញ្ឆោត​ទ្រង់​ដោយ​ទូល​សួរ​សំណួរ​ពិបាកៗ​ដល់​ទ្រង់ ។ ទ្រង់​បាន​ឆ្លើយ​តប​សំណួរ​ពួកគេ​យ៉ាង​ជោគជ័យ ហើយ​បាន​បង្រៀន​ពួកគេ​ឲ្យ​គោរព​ដល់​ច្បាប់​ដែនដី និង​ច្បាប់​បញ្ញត្តិ​ធំ​ពីរ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២២:១៥-២២

ពួក​ផារិស៊ី​ព្យាយាម​ប្រើ​ល្បិត​បញ្ឆោត​ព្រះអង្គ​សង្គ្រោះ​ដោយ​ទូល​សួរ​ទ្រង់​ថា តើ​មាន​ច្បាប់​នឹង​បង់​ពន្ធឬទេ

  • តើ​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​បង្កើត ​នៅ​ក្នុង​សង្គម​របស់​យើង​​មាន​អ្វីខ្លះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់អ្វីម្ល៉េះ ?

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងៀម​ស្ងាត់ ប្រសិន​បើ​មាន​ច្បាប់​ណា​មួយ​ដែល​ពួកគេ​គួរ​តែ​គោរព​តាម ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ ។ កាល​សិស្ស​សិក្សា ម៉ាថាយ ២២:១៥–២២សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​អ្វី ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ការ​គោរព​តាម​ច្បាប់​ដែនដី ។

ចូរ​រំឭក​សិស្ស​ថា នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​បង្រៀន​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ( សូម​មើល លូកា ១៩:៤៧, ២២:៥៣ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:១៥ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អ្វី​ ដែល​ពួក​ផារិស៊ី​បាន​ព្យាយាម​ធ្វើ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ឃ្លា « ចាប់​ទ្រង់​ដោយ​នូវ​ព្រះបន្ទូល » មានន័យ​យ៉ាងណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:១៦-១៧ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ពួក​ផារិស៊ី​ព្យាយាម​ប្រើ​កលល្បិច​ដាក់ព្រះអង្គ​សង្គ្រោះ ។ សូម​ពន្យល់​ថា ពាក្យ ពន្ធ នៅ​ក្នុង ខ​ទី ១៧ មាន​ន័យ​ថា ពន្ធ​អាករ ហើយ​ដែល​សេសារ​ ជា​ស្ដេច​អាណាចក្រ​រ៉ូម ដែល​គ្រប់គ្រង​អ៊ីស្រាអែល​នៅ​គ្រានោះ ។

  • តើ​សំណួរ​ដែល​ពួកគេ​បាន​ទូល​សួរ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អន្ទាក់​យ៉ាង​ដូចម្ដេច ? ( ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា វា​គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​បង់​ពន្ធ​ដល់​អណាចក្រ​រ៉ូម នោះ​ពួក​សាសន៍​យូដា​នឹង​គិត​ថា ​ទ្រង់​ជា​អ្នក​គាំទ្រ​ពួក​រ៉ូម ហើយ​មិន​ស្មោះត្រង់​ចំពោះ​រាស្ត្រ​របស់​ទ្រង់ ។ ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា វា​មិន​ត្រូវ​នឹង​ច្បាប់​ទេ ​ដើម្បី​បង់​ពន្ធ នោះ​ពួកផារិស៊ី​អាច​ចោទប្រកាន់​ព្រះយេស៊ូវ​ថា​ជា​ជនក្បត់ជាតិ ហើយ​រាយការណ៍​ប្រាប់​មន្ត្រី​រ៉ូម​អំពី​ទ្រង់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានម៉ាថាយ ២២:១៨-២១​ឲ្យ​ឮៗ ហើយ​សុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវ​របៀប ​ដែល​ព្រះអង្គសង្គ្រោះ​បានឆ្លើយ​តប​ទៅកាន់​ពួកផារិស៊ី ។ សូម​ពន្យល់ថា ឃ្លា « ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ » នៅ​ក្នុង ខ​ទី ២១ សំដៅ​ទៅ​លើ​កាតព្វកិច្ច​របស់យើង​ដើម្បី​គោរព​តាម​ច្បាប់​រដ្ឋ ដូចជា​ច្បាប់​បង់ពន្ធ ។ ចូរ​លើក​កាក់​មួយ​ឡើង ហើយ​សួរ ៖

  • ហេតុអ្វីចម្លើយ​របស់​ព្រះអង្គសង្គ្រោះ​ គឺជា​ការ​ឆ្លើយ​តប​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ចំពោះ​សំណួរ​របស់​ពួក​ផារិស៊ី ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ ​ពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ថា ​យើង​គួរ​ដូច្នេះ « ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ » ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើងធ្វើ​ជា​ពលរដ្ឋ​ល្អ ហើយ​គោរព​តាម​ច្បាប់​ដែនដី [ សូម​មើល​ផង​ដែរ មាត្រា​នៃ​សេចក្ដីជំនឿ ១:១២ ] ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​ វា​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​យើង​ ក្នុងនាម​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ ដើម្បី​ធ្វើ​ជា​ពលរដ្ឋ​ល្អ ហើយ​គោរព​តាម​ច្បាប់​ដែនដី ? ( សូម​មើល គ. និង ស. ៥៨:២១ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានម៉ាថាយ ២២:២២ដោយស្ងាត់​ស្ងៀម ហើយ​រកមើល​របៀប​ដែល​ពួក​ផារិស៊ី​បាន​មាន​ប្រតិកម្ម​បែបណាចំពោះ​ចម្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​ អ្វី​ដែល​ពួកគេ​រកឃើញ ។

ម៉ាថាយ ២២:២៣-៣៤

ព្រះអង្គសង្គ្រោះ​បង្រៀនដល់​​ពួក​សាឌូស៊ី​អំពី​អាពាហ៍ពិពាហ៍ និង​ការ​រស់​ឡើង​វិញ 

សូម​ពន្យល់ថា ដោយ​បន្ថែម​ពី​លើ​ពួក​ផារិស៊ី នោះ​ពួក​សាឌូស៊ី​ក៏​បាន​ព្យាយាម​ប្រើ​ល្បិច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ទ្រង់ កាល​ទ្រង់​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​ពី​ជំនឿ​របស់​ពួក​សាឌូស៊ី សូម​អញ្ជើញ​ពួកគេ​អាន​អត្ថន័យ​ពាក្យ « សាឌូស៊ី » នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​អ្វីដែល​ពួក​សាឌូស៊ី​ជឿ និង​មិន​ជឿ ។

  • តើ​ជំនឿ​អ្វី​ដែល​ពួក​សាឌូស៊ី​បាន​បដិសេធ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:២៣-២៨ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ ដែល​ពួក​សាឌូស៊ី​បាន​ព្យាយាម​ប្រើ​កលល្បិចដាក់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នកនឹង​សង្ខេប​សំណួរ​ ដែល​ពួក​សាឌូស៊ី​បាន​ទូល​សួរ​ដល់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ពួក​សាឌូស៊ី​មាន​ចេតនា​អនុវត្ត​ផ្ទុយ​ពី​ទំនៀម​ទំលាប់​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​ផ្គត់ផ្គង់​ដល់​ស្ត្រី​មេម៉ាយ ( សូម​មើល ចោទិយកថា ២៥:៥–៦ Bible Dictionary, « Levirate marriage » ) ។ ពួកគេ​បាន​ប៉ុនប៉ង​បំផ្លើស​ទំនៀម​ទម្លាប់​នេះ​ ដើម្បី​បង្ខូច​គោលលទ្ធិ​នៃ​ការ​រស់​ឡើង​វិញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:២៩-៣០ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ ចម្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​នឹង​សំណួរ​របស់​ពួក​សាឌូស៊ី ។

  • តើព្រះអង្គសង្គ្រោះ​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​នោះ​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ការ​ឆ្លើយ​តប​របស់​ព្រះអង្គសង្គ្រោះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវ​​សេចក្ដី​ថ្លែង​ការ​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« [ ព្រះយេស៊ូវគ្រីស្ទ ] ពុំ​បាន បដិសេធ ទេប៉ុន្តែ បាន​កំណត់ គំនិត​ទូទៅ​ថា ​នឹង​មាន​ការ​រៀបការយក​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​ឯ​ស្ថានសួគ៌ ។ ទ្រង់​កំពុង​តែ​មាន​បន្ទូល​ថា បើ​តាម​ទស្សនៈ​របស់​ ​‹ ពួកគេ › ( ពួក​សាឌូស៊ី ) បើ​តាម​ទស្សនៈ​របស់​ ‹ ពួកគេ › ( ‹ កូនចៅ​នៃ​លោកិយ​នេះ › ) នោះ​ក្រុម​គ្រួសារ​មិន ហើយ​នឹង​មិន​បន្ត​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​ឡើយ ។ …

« ‹ ហេតុដូច្នេះហើយ កាល​ណា​ពួកគេ [ អស់អ្នក​ដែល​នឹង​មិន មិន​ ឬ​មិន​អាច​​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ] ចាក​ចេញ​ពី​លោកិយ​ទៅ នោះ​ពួកគេពុំ​មែន​រៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀតទេ › [ គ. និង ស. ១៣២:១៦ ] ។

« នោះ​គឺ​សម្រាប់​ជន​ដែល​មិន​ជឿ​លើ​ការ​រស់​ឡើង​វិញ នោះ​នឹង​គ្មាន​ការ​រៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​ឯ​ស្ថានសួគ៌​ចំពោះ​ជន ​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល គឺ​សូម្បី​តែរាល់​សេចក្ដីពិត​នៃ​ការ​សង្គ្រោះ​ផ្សេង​ទៀត​ក៏ដោយ » (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ​១៩៦៥–៧៣ ] ១:៦០៦ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត ​ពី​សារលិខិត​របស់​ព្រះអង្គសង្គ្រោះ​ នៅ​ក្នុង ម៉ាថាយ ២២:២៩–៣០សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដី​ពិត​ដ៏​សំខាន់​ជាច្រើន ​ស្ដីពី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:១៥-១៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ យ៉ូសែប ស្ម៊ីធ ស្ដីពី​អាពាហ៍ពិពាហ៍ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ជនណា​ទៅ​ដែល​នឹង​គ្មាន « ការ​រៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ » ( ខ​ទី ១៦ ) នៅ​ក្នុង​ការ​រស់​ឡើង​វិញ ?

  • តើ​សេចក្ដី​ពិត​អ្វី​ខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅ​ក្នុង ម៉ាថាយ ២២:៣០ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៥–១៧ អំពី​អាពាហ៍​ពិពាហ៍ និង​ជីវិត​ក្រោយ​ពី​ជីវិត​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ជន​ដែល​ពុំ​បាន​ផ្សារ​ភ្ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​ខ្លួន​​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​នោះ​ទេ នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ឬ​តាមរយៈ​ពិធី​បរិសុទ្ធ​ជំនួស​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកគេ​នឹង​ពុំ​បាន​រៀបអាពាហ៍ពិពាហ៍​នៅ​ក្នុង​ជីវិត​ខាង​មុខ​ឡើយ )

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន ម៉ាថាយ ២២:៣១-៣៣ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ទៅ​ជា​សេចក្ដីពិត​ផ្សេង​ទៀត​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកសាឌូស៊ី​អំពី​ការ​រស់​ឡើង​វិញ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​អ្វីខ្លះ​នៅ​ក្នុង ខទី ៣២ ដែល​ចង្អុល​បង្ហាញ​ថា​ ការ​រស់​ឡើង​វិញ​គឺជា​រឿង​ពិត ?

  • តើ​មនុស្ស​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ​កាល​ពួកគេ​ស្ដាប់​ឮ​ព្រះអង្គ​សង្គ្រោះ​បង្រៀន​គោលលទ្ធិ​ទាំងនេះ ?

ម៉ាថាយ ២២:៣៤-៤០

ព្រះអង្គសង្គ្រោះ​បង្រៀន​អំពី​ព្រះបញ្ញត្តិ​ធំ​ពីរ

សូម​អញ្ជើញ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ នូវ​ព្រះបញ្ញត្តិ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​មួយ​នាទី ។ ចូរ​សុំ​ឲ្យ​សិស្ស​ប្រាប់​ពី​ចំនួន​ព្រះបញ្ញត្តិ​ ដែល​ពួកគេ​បាន​សរសេរ ។

សូម​ពន្យល់​ថា សាសនា​យូដា​បង្រៀន​ថា ក្រឹត្យវិន័យ​របស់​ម៉ូសេ​មាន ៦១៣ ព្រះ​បញ្ញត្តិ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:៣៥-៣៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​សំណួរ​ ដែល​ពួក​ផារិស៊ី​ម្នាក់​បាន​ទូល​សួរ​ព្រះអង្គ​សង្គ្រោះ​ទាក់ទង​នឹង​ព្រះបញ្ញត្តិ​ទាំង​នេះ ។

  • តើ​សំណួរ​អ្វី​ទៅ​ដែល​ពួក​ផារិស៊ី​បាន​ទូល​សួរ​ដល់​ព្រះអង្គ​សង្គ្រោះ ?

ពី​មុន​សិស្ស​មើល​ទៅ​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូស​រង្វង់​លើ​ព្រះបញ្ញត្តិ​មួយ​នៅ​ក្នុង​បញ្ជី​របស់​ពួកគេ ​ដែល​ពួកគេ​គិត​ថា​ជា​ព្រះបញ្ញត្តិ « ដ៏ធំ » ឬ​សំខាន់​បំផុត ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្រាប់​ថាតើ​ព្រះបញ្ញត្តិ​មួយ​ណា ​ដែល​ពួកគេ​បាន​គូស​រង្វង់ ហើយ​ពន្យល់​ពី​ហេតុផល​ដែល​ពួកគេ​ជ្រើស​វា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:៣៧-៤០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ពួក​ផារិស៊ី ។

  • តើ​ព្រះបញ្ញត្តិ​ធំជាង​គេ​បំផុត​គឺ​ជា​អ្វី​ទៅ ? តើ​ព្រះបញ្ញត្តិ​ធំជាង​គេ​បំផុត​ទីពីរ​គឺ​ជា​អ្វី​ទៅ ? ( សូម​ពន្យល់​ថា ព្រះបញ្ញត្តិ​ទាំងពីរ​នេះ​មាន​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ [ សូម​មើល ចោទិយកថា ៦:៥, លេវីវិន័យ ១៩:១៨ ] ។ ក៏​សូម​ពន្យល់​ផង​ដែរ​ថា ការ​ណែនាំ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ « ស្រឡាញ់​អ្នក​ជិត​ខាង » សំដៅ​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ទៀត ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​ព្រះបញ្ញត្តិ​ទាំងនេះ​ចាត់ទុក​ថា ​ជា​ព្រះបញ្ញត្តិ​ធំ​ជាង​គេ​បំផុត ?

  • តើ​ឃ្លា « បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​ ២ ​ប្រការ​នេះ​ឯង » ​តើនៅ​ក្នុង ខ​ទី ៤០ មាន​ន័យ​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ថា រាល់​ព្រះបញ្ញត្តិ​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ ហើយ​តាមរយៈ​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​មនុស្ស​ឲ្យ​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​អ្នក​ជិតខាង​របស់​ពួកគេ ) ។

  • ប្រសិន​បើ​រាល់​ព្រះបញ្ញត្តិ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​ធំ​ទាំង​ពីរ​នេះ តើ​យើងអាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី ខ​ទី ៤០ អំពី​សារៈសំខាន់​នៃ​ការ​គោរព​តាម​នូវ​រាល់​ព្រះបញ្ញត្តិ​របស់​ព្រះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​ពិត ហើយ​ស្រឡាញ់​អ្នក​ជិតខាង​ដូចជា​ខ្លួន​យើង នោះ​យើង​នឹង​ខំព្យាយាម​គោរពតាមបញ្ញត្តិ​ទាំងអស់របស់​ព្រះ ) ។

ដើម្បី​បង្ហាញ​ពី​គោលការណ៍​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​បញ្ជី​នៃ​ព្រះបញ្ញត្តិ​ដែល​ពួកគេ​បាន​បង្កើត​នៅ​ក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ចូរ​សុំ​ឲ្យ​ពួកគេ​គូស​ផ្កាយ​មួយ​នៅ​ក្បែ​ព្រះបញ្ញត្តិ​ ដែល​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ និង​គូស​ប្រអប់​បួន​ជ្រុង​នៅ​ក្បែរ​ព្រះបញ្ញត្តិ​ទាំងនោះ​ដែល​បង្ហាញ​សេចក្ដីស្រឡាញ់​ចំពោះ​អ្នក​ជិត​ខាង​យើង ។ ( ព្រះបញ្ញត្តិ​មួយ​ចំនួន​អាច​ដាក់​ទាំង​ផ្កាយ និង​ប្រអប់បួន​ជ្រុង ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ជ្រើស​យក​ព្រះបញ្ញត្តិ​មួយ​ ក្នុង​បញ្ជី​របស់​ពួកគេ ហើយ​ពន្យល់​ថាតើ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​នោះ​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ចំពោះ​អ្នក​ជិតខាង ឬ​ទាំង​ពីរ​បាន​ដោយ​របៀប​ណា ។

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ កាល​អ្នក​បាន​ជ្រើស​គោរព​តាម​ព្រះបញ្ញត្តិ​ជាក់​លាក់​មួយ​ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ ឬ​ចំពោះ​មនុស្ស​ម្នាក់​ទៀត ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​នោះ​ថា ប្រសិន​បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​និង​អ្នក​ជិតខាង​ដូចជា​ខ្លួន​ឯង​មែន នោះ​យើង​នឹង​គោរព​តាម​នៅ​រាល់​ព្រះ​បញ្ញត្តិ​​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​ព្រះបញ្ញត្តិ​មួយ ​ដែល​ពួកគេ​អាច​គោរព​តាម​កាន់​តែ​ស្មោះត្រង់​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ព្រះវរបិតា​សួគ៌ ឬ​ចំពោះ​មនុស្ស​ម្នាក់​ទៀត ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ដើម្បីធ្វើ​ដូច្នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​គោលដៅ​នេះ​ នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។

ម៉ាថាយ ២២:៤១-៤៦

ព្រះអង្គសង្គ្រោះ​សួរ​ពួក​ផារិស៊ី​ ​តើ​ពួកគេ​គិតដូចម្តេច​អំពី​ព្រះយេស៊ូវ

សូម​ពន្យល់ថា បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​តប​ដោយ​ជោគជ័យ ចំពោះ​សំណួរ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​​មក នោះ​ទ្រង់​បាន​សួរ​ពួក​ផារិស៊ី​នូវ​សំណួរ​មួយ​ចំនួន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:៤១-៤២ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ទៅ​ពួក​ផារិស៊ី ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សួរ​សំណួរ​អ្វី​ទៅ​ពួក​ផារិស៊ី ?

  • តើ​ពួក​ផារិស៊ី​បាន​ឆ្លើយតប​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ពួក​យូដា​ភាគច្រើន​បាន​ស្គាល់​ថា ព្រះគ្រីស្ទ ឬ​ព្រះមែស៊ី​ជា​ពូជពង្ស​នៃ​ហ្លូង​ដាវីដ ។ ពួក​ផារិស៊ី​បាន​ជឿ​ថា​ព្រះមែស៊ី​នឹង​ក្លាយ​ជា​ស្ដេច​នៃ​អ៊ីស្រាអែលដែលត្រូវបាន​អភិសេក ហើយ​ជួយ​ពួកគេ​មានជ័យជំនះលើ​សត្រូវ​បរទេស ( ដូចជា​ពួក​រ៉ូម ) ហើយ​ទទួល​បាន​សេរីភាព​របស់​ពួកគេ ដូចជា​ស្ដេច​ដាវីឌ​បាន​ធ្វើ​កាល​ពី​មុន ។ សូម​សង្ខេប ម៉ាថាយ ២២:៤៣–៤៦ ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​បាន​បង្រៀន​ពួក​ផារិស៊ី​ថា យោង​តាម​ព្រះគម្ពីរ​របស់​ពួកគេ ព្រះគ្រីស្ទ​គឺ លើស​ពី​ការ​គ្រាន់តែ​ជា បុត្រ​របស់​ដាវីឌ​ទៅ​ទៀត—ទ្រង់​ក៏​ជា​ព្រះបុត្រា​នៃ​ព្រះ​ផង​ដែរ ។ ឬ​ដូចដែល​ក្រោយ​មក​ទៀត​បាន​បើក​សម្ដែង​ទៅ​កាន់​ យ៉ូហាន បាទីស្ទ ថា ព្រះគ្រីស្ទ​គឺជា « ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ » (វិវរណៈ ២២:១៦ ) ​ទ្រង់​គឺជា​ព្រះអម្ចាស់​របស់​ដាវីដ និង​ជា​ពូជពង្ស​របស់ទ្រង់ ។

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​ថា « តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ណា​ដែរ​ពី​ព្រះគ្រីស្ទ ? » សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ២២:៣៦-៣៩

ចូរ​ផ្ដល់ពេល​ឲ្យ​សិស្ស​សរសេរ​ពាក្យ​សម្ដី​ដក​ស្រង់ចេញ​មកពី ម៉ាថាយ ២២:៣៦-៣៩ នៅលើ​ប័ណ្ណ​កត់ចំណាំ ឬ​ក្រដាស​តូចមួយ ។ សូម​អញ្ជើញសិស្ស​ឲ្យ​ដាក់​ប័ណ្ណ​របស់​ពួកគេ​តាមខ្លួន ហើយ​មើល​វា​ម្ដងម្ដាល ពេញ​មួយថ្ងៃ​ដើម្បី​ជួយពួកគេ​ចងចាំ​នៅ​ក្នុង​គោរព​តាម​ព្រះបញ្ញត្តិ​ទីមួយ និង​ទីពីរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២២:២១ ។ « ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ »

ឃ្លា « ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ » នៅ​ក្នុង ម៉ាថាយ ២២:២១ សំដៅ​ទៅ​លើ​កាតព្វកិច្ច​របស់យើង​ដើម្បី​គោរព​តាម​ច្បាប់​រដ្ឋ ដូចជា​ច្បាប់​បង់ពន្ធ ។ ចុះ​តើ​យើង​ធ្វើ​អ្វីទៅ​ ប្រសិន​បើ​ច្បាប់​រដ្ឋ​ទាស់​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ? អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​បានផ្ដល់​ការ​ប្រឹក្សា​ដូចតទៅ​នេះ ៖

« ពេលខ្លះ​យើង​ត្រូវ​តែ​សួរ​ដេញ​ដោល​ច្បាប់​ ដែល​រារាំងបង្អាក់​សេរីភាព​របស់​យើង​ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង ដោយ​ការធ្វើបែបហ្នឹង គឺ​ផ្អែក​ទៅ​លើ​សិទ្ធិ​រដ្ឋ​ធម្មនុញ្ញ​របស់យើង​ចំពោះ​សិទ្ធិ​អនុវត្ត​សាសនា​ដោយ​សេរី » (« Balancing Truth and Tolerance »​Ensign ខែ​ កុម្ភៈ ឆ្នាំ​ ២០១៣ ទំព័រ ២៧ ) ។

អែលឌើរ ដាល្លិន អេក អូក ក៏​បាន​បង្រៀន​ផង​ដែរ​ថា នៅ​ពេល​ច្បាប់​រដ្ឋ​អនុញ្ញាត​ឲ្យ​មាន​ឥរិយាបថ​ទុច្ចរិត នោះ​យើង​នៅ​តែ​បន្ត​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ ៖

« មាត្រា​ទី​ដប់​ពីរ​នៃ​មាត្រា​នៃ​សេចក្ដីជំនឿ​របស់​យើង​ចែង​ថា ជំនឿ​របស់​យើង​គឺ​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​ស៊ីវិល និង ‹ ការ​គោរព ការ​ប្រតិបត្តិ និង​ការគាំទ្រ​ច្បាប់ › ។ ប៉ុន្តែច្បាប់​របស់​មនុស្ស​មិន​អាច​ធ្វើ​ឲ្យទៅជាសីលធម៌ ចំពោះ​អ្វី​ដែល​ព្រះ​បាន​ប្រកាស​ថា​ជា​រឿង​អសីលធម៌បាន​ឡើយ ។ ការ​តាំង​ចិត្ត​ចំពោះ​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​​យើង—ដើម្បី​ស្រឡាញ់ ហើយ​បម្រើ​ព្រះ—តម្រូវ​ឲ្យ​យើង​មើល​ទៅ​ក្រឹត្យវិន័យ​របស់​ទ្រង់​សម្រាប់​បទដ្ឋាន​នៃ​ឥរិយាបថ​របស់​យើង ។ ឧទាហរណ៍ យើង​បន្ត​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​របស់​ព្រះ​មិន​ឲ្យ​ធ្វើ​អំពើ​កំផឹត ឬ​សេចក្តីកំផឹត សូម្បី​តែ​ពេល​ដែល​ទង្វើ​ទាំងនោះ​ឈប់​ជា​បទឧក្រិដ្ឋ​នៅ​ក្រោម​ច្បាប់​រដ្ឋ ឬ​ប្រទេស​ដែល​យើង​រស់​នៅ​ទៀត​ក្ដី ។ ស្រដៀង​គ្នា​នេះ​ដែរ ការ​ធ្វើ​ឲ្យ ‹ ការ​រៀបការ​ភេទដូចគ្នា ›​ បាន​ត្រឹមត្រូវ​តាម​ច្បាប់​មិន​បាន​ផ្លាស់ប្ដូរ​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​របស់​ព្រះ ឬ​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​បទដ្ឋាន​របស់​យើង​ស្ដីពី​បញ្ហា​នេះ​បាន​ឡើយ » (« No Other Gods »​ EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៥) ។

ម៉ាថាយ ២២:២៣-៣០ ។ អាពាហ៍ពិពាហ៍​នៅ​ក្នុង​ការ​រស់​ឡើង​វិញ

« គន្លឹះ​ដ៏​សំខាន់​ចំពោះ​ការ​យល់ដឹង​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ត្រូវ​ចងចាំ​ថា បន្ទូល​ទាំងនោះ​គឺ​សម្រាប់​ពួក​សាឌូស៊ី​ដែល គេ​ ‹ ​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ​ទេ › ( ម៉ាថាយ ២២:២៣ ) ។ ហេតុដូច្នេះ សំណួរ​ដែល​ពួកគេ​បាន​ទូល​សួរ​ទៅ​ព្រះអង្គសង្គ្រោះ​គឺជា​សំណួរ​មិន​ស្មោះត្រង់​—ពួកគេ​មិន​បាន​ចាប់អារម្មណ៍​ចង់​ដឹង​អំពី​អាពាហ៍ពិពាហ៍​នៅ​ក្នង​ការរស់​ឡើង​វិញ​ឡើយ ។ ការ​ឆ្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​ថា ‹ ដល់​គ្រា​រស់​ឡើង​វិញ នោះ គេ មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ › ( ម៉ាថាយ ២២:៣០អក្សរ​ទ្រេត​បាន​បន្ថែម ) បាន​សំដៅ​ទៅ​លើ​បុគ្គល​ដែល​ចោទ​សួរ​សំណួរ គឺ​ជា​ពួក​សាឌូស៊ី ពីព្រោះ​អ្នក​សួរ​សំណួរ​បាន​ពោលថា ‹ រីឯ​នៅ​ក្នុង ពួក​យើង​ខ្ញុំ មាន​បងប្អូន​ប្រាំពីរ​នាក់ › ( ម៉ាថាយ ២២:២៥អក្សរ​ទ្រេត​បាន​ដាក់​បន្ថែម ) ។ ពីព្រោះ​ជន​មិន​បាន​រៀបការ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច​ទេ នោះ​អាពាហ៍ពិពាហ៍​មិន​អាច​បន្ត​ហួស​ពី​ជីវិត​នេះ​ឡើយ ( សូម​មើល គ. និង ស. ១៣២:១៥–១៧ ) ។ នៅ​ថ្ងៃ​ចុងក្រោយ​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា អាពាហ៍ពិពាហ៍​អាច​មាន​ភាពអស់កល្ប​ជានិច្ច​បាន​ តែ​ដរាប​ណា​វា​ចូ​លទៅ​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់ បាន​ធ្វើ​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ហើយ​បាន​ផ្សារ​ភ្ជាប់​ដោយ​ព្រះវិញ្ញាណ​នៃ​សេចក្ដីសញ្ញា​ប៉ុណ្ណោះ ( សូមមើល គ. និង ស. ១៣២:១៩ ) ។

« គន្លឹះ​មួយ​ទៀត​ចំពោះ​ការ​យល់ដឹង​ពី​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ត្រូវ​ដឹង​ថា នៅ​ពេល​ពួក​សាឌូស៊ី​បាន​យោង​ទៅ​សម្ដី​របស់​ម៉ូសេ ( សូមមើល ម៉ាថាយ ២២:២៤ ) ពួកគេ​កំពុង​សំដៅ​ទៅ​លើ​អ្វី ​ដែល​ពេលខ្លះ​ត្រូវ​បាន​ហៅ​ថា ‹ ការ​រៀបការ​បងថ្លៃ​ស្រី​មេម៉ាយ › ។ យោងតាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ កាល​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​បន្សល់​ទុក​ប្រពន្ធ​ឲ្យ​នៅ​មេម៉ាយ​​ដោយ​គ្មាន​កូន ប្អូន​ប្រុស​របស់​គាត់​ត្រូវ​រៀបការ​នឹង​ប្រពន្ធ​បុរស​ដែល​ស្លាប់​នោះ ដើម្បី​ផ្គត់​ផ្គង់​នាង ហើយ​បង្កើត​កូន​សម្រាប់បុរស​ដែល​ស្លាប់​នោះ ( សូម​មើល ចោទិយកថា ២៥:៥ Bible Dictionary ‹ Levirate marriage › ) » ( Church Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៦៦–៦៧ ) ។

ម៉ាថាយ ២២:៣៥-៤០ ។ ព្រះបញ្ញត្តិធំពីរ

ប្រធាន ​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​ បាន​ថ្លែង​អំពី​ព្រះបញ្ញត្តិ​ធំ​ទីមួយ និង​ទីពីរ​ដូចខាង​ក្រោម​នេះ ៖

« ដើម្បី​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ដួងចិត្ត ពី​ព្រលឹង ពី​គំនិត និង​ពី​កម្លាំង​របស់​អ្នក​គឺ​តម្រូវ​ឲ្យ​ចំណាយ​នូវ​រាល់​ពលំ និង​រាល់​ទស្សនៈវិស័យ​របស់​យើង ។ វា​ពុំមែនជា​ទង្វើដែលធ្វើដោយចិត្តស្ទាក់ស្ទើរឡើយ ។ វា​គឺជា​ការ​តាំង​ចិត្ត​ទាំង​ស្រុង​របស់​យើង—ទាំង​ខាង​រូបកាយ ខាង​ផ្លូវ​ចិត្ត ខាង​អារម្មណ៍ និង​ខាង​វិញ្ញាណ—ដើម្បី​ស្រឡាញ់​ព្រះអម្ចាស់ ។

« ទំហំ ជម្រៅ និង​កម្ពស់​នៃ​សេចក្ដីស្រឡាញ់​ចំពោះ​ព្រះ​នេះពង្រីក​ចូលទៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ ។ បំណង​ប្រាថ្នា​របស់​យើង ទោះ​ជា​ខាង​វិញ្ញាណ ឬ​ខាង​សាច់​ឈាម​ក្ដី គួរ​តែ​ចាក់​ឫស​នៅ​ក្នុង​សេចក្ដីស្រឡាញ់​នៃ​ព្រះអម្ចាស់ ។ គំនិត និង​សេចក្ដីស្រឡាញ់​របស់​យើង​គួរ​ផ្ដោត​លើ​ព្រះអម្ចាស់ ។ …

« ហេតុអ្វី​បាន​ជា​ព្រះ​ដាក់​បញ្ញត្តិ​ទីមួយ​ដំបូង​គេ ? ដោយសារ​ទ្រង់​បាន​ជ្រាប​ថា ប្រសិន​បើ​យើង​ពិត​ជា​ស្រឡាញ់​ទ្រង់មែន​ នោះ​យើងនឹង​ចង់​គោរព​តាម​រាល់​ព្រះបញ្ញត្តិ​ផ្សេង​ទៀត​របស់​ទ្រង់ ។ …

« ពេល​យើង​ទុក​ព្រះ​ជាមុន នោះ​អ្វីៗ​ទាំងអស់​ផ្សេងទៀត​ចូល​ទៅក្នុង​កន្លែង​ត្រឹមត្រូវ​របស់​វា ឬ ក៏​ចេញ​ពី​ជីវិត​យើង » ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ត្រូវបាន​បង្ហាញ​ដោយ​មនោសញ្ជេតនា​របស់​យើង ដោយ​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​របស់​យើង ចំណូលចិត្ត​ដែល​យើង​ខំស្រវាតោងចាប់ និង លំដាប់​លំដោយ​នៃ​អាទិភាព​របស់​យើង ។

« យើង​គួរ​ដាក់​ព្រះ​ឲ្យ​នៅ​ពី​មុខ មនុស្ស​ផ្សេង​ទៀត នៅ​ក្នុង​ជីវិត​របស់​យើង ។ …

« យើង​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ​បាន​យ៉ាង​ច្រើន ​កាល​ណា​យើង​ដាក់​បញ្ញត្តិ​ទីមួយ​មុន​គេ » ( « The Great Commandment—Love the Lord » Ensign ខែ​ឧសភា ឆ្នាំ​ ១៩៨៨ ទំព័រ ៤–៦ សូមមើល​ផង​ដែរ ម៉ាកុស ១២:២៨–៣៤ ) ។

ម៉ាថាយ ២២:៤៥ ។ « ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះគ្រីស្ទ​ថា​ជា​ព្រះអម្ចាស់ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ជា​ព្រះវង្ស​ទ្រង់​បាន ? »

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​​គឺជា​ព្រះយេហូវ៉ា ៖

« ព្រះយេស៊ូវ​ដែល​ជា​ព្រះគ្រីស្ទ​ គឺជា​បុត្រា​នៃ​ហ្លូង​ដាវីឌ​តាម​តំណ​ពូជពង្ស​ខាង​សាច់​ឈាម ។ … ប៉ុន្តែ​កាល​ព្រះយេស៊ូវ​បាន​ប្រសូត​មកក្នុង​សាច់​ឈាម​នៅ​ក្នុង ‹ ពេល​ដ៏​ត្រឹមត្រូវ › ទ្រង់​គឺជា​ព្រះយេហូវ៉ា ជាព្រះអម្ចាស់ និង​ជា​ព្រះ​ មុននឹងហ្លូង​ដាវីដ អ័ប្រាហាំ ឬ​អ័ដាម​ដែល​បាន​ស្គាល់​នៅ​លើ​ផែនដី » ( Jesus the Christ កំណែ​ទី ៣ [ ឆ្នាំ​១៩១៦ ] ទំព័រ ៥៥២ ) ។