បណ្ណាល័យ
មេរៀនទី ៣២ ៖ ម៉ាថាយ ២៧:១-៥០


មេរៀនទី ៣២

ម៉ាថាយ ២៧:១-៥០

សេចក្ដី​ផ្ដើម

ជា​ផ្នែក​មួយ​នៃ​ការផ្សំ​គំនិត​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវគ្រីស្ទ ពួក​អ្នកដឹកនាំ​សាសន៍​យូដា​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ជួប​ ប៉ុនទាស-ពីឡាត់ ​ជា​អភិបាល​រ៉ូម ។ ពីឡាត់​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ឲ្យគេធ្វើទុក្ខទោស ហើយ​ត្រូវ​ឆ្កាង ។ ព្រះយេស៊ូវ​បាន​ព្រម​ទទួល​ការ​រង​ទុក្ខ និង​សេចក្ដីស្លាប់​ដើម្បី​បំពេញ​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៧:១-២៥

ព្រះយេស៊ូវ​ត្រូវ​បាន​នាំ​ទៅ​ជួប​ពីឡាត់​ដើម្បីឲ្យគេ​ដាក់​ទោស​ដោយ​ការ​ឆ្កាង

ចូរ​សុំ​ឲ្យ​សិស្ស​គិតពិចារណា​អំ​ពី​សំណួរ​ខាងក្រោម ៖

  • ប្រសិនបើ​អ្នក​អាច​ក្លាយ​ជា​សាក្សី​ម្នាក់​ ចំពោះ​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​មួយ តើ​អ្នក​នឹង​ជ្រើស​យក​ព្រឹត្តិការណ៍​មួយ​ណា ?

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​ចម្លើយ​របស់ពួក​គេ ។ សូម​ពន្យល់ថា នៅ​ក្នុង​មេរៀន​នេះ សិស្ស​នឹង​សិក្សា​នូវ​ព្រឹត្តិការណ៍​ដ៏សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ​កំពុង​ឃើញ​ផ្ទាល់នឹងភ្នែកនូវអ្វី​ដែល​បាន​កើតឡើង ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ទទួល​អារម្មណ៍ …

សូម​យោង​ទៅ​សេចក្ដីថ្លែង​ការណ៍​មិន​ពេញ​លេញ​នៅ​លើ​ក្ដារខៀន ហើយ​ពន្យល់​ថា សិស្ស​នឹង​មាន​ឱកាស​មួយ​ ដើម្បី​បំពេញ​សេចក្ដីថ្លែងការណ៍​នោះ​នៅចុង​បញ្ចប់​នៃ​មេរៀន​នេះ ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​ជួប​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី ម៉ាថាយ ២៧:១–៥០ ។

សូម​រំឭក​សិស្ស​ថា កាល​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ចាប់​ព្រះកាយ « នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ » ( ម៉ាថាយ ២៦:៥៦ ) ។ សម្ដេច​សង្ឃ​ពួក​កៃផា និង ពួក​សានហេឌ្រីន​បាន​ចោទ​ថា​ព្រះយេស៊ូវ​បាន​ប្រើ​ពាក្យ​ប្រមាថ—តាម​ច្បាប់​របស់​សាសន៍​យូដា​ វាគឺ​ជា​បទឧក្រិដ្ឋ​មួយ​ត្រូវ​ផ្ដន្ទាទោស​ដល់​ស្លាប់ ប៉ុន្តែ​តាម​ច្បាប់​រ៉ូម ពួក​យូដា​គ្មាន​អំណាច​ដាក់​ទោស​មនុស្ស​ម្នាក់​ដល់​​ស្លាប់​ដោយសារ​ការ​ប្រើ​ពាក្យ​ប្រមាថឡើយ ។ ហេតុដូច្នេះ​ហើយ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ខំ​ស្វែងរក​បទល្មើស​មួយ​តាម​ច្បាប់​រ៉ូម​ ដែលថានៅក្រៅ​ច្បាប់នោះ ​ដើម្បី​ព្រះយេស៊ូវ​​ត្រូវ​ជាប់ទោស​ដល់​សុគត ។

សូម​សង្ខេប ម៉ាថាយ ២៧:១–១០ ដោយ​ពន្យល់​ថា ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​នាំ​ព្រះយេស៊ូវ​ទៅ​ជួប​ ប៉ុនទាស-ពីឡាត់​ ជា​អភិបាល​រ៉ូម​នៅ​ស្រុក​យូដា ។ កាល​យូដាស​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ គាត់​បាន​សោក​ស្ដាយ​ចំពោះ​ការ​ជ្រើសរើស​របស់​គាត់ក្នុងការក្បត់​នឹង​ព្រះយេស៊ូវ គាត់​បាន​ខំ​យក​ប្រាក់​ដែល​គាត់បាន​ទទួល​ទៅ​ឲ្យ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ហើយ​ក្រោយ​មក​ទៀត​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង ។ ដោយសារ​ប្រាក់​នោះ​គឺជា « ថ្លៃ​ឈាម » (ម៉ាថាយ ២៧:៦) វា​មិន​ត្រូវ​តាម​ច្បាប់​ដើម្បី​ដាក់​វា​បញ្ចូល​ទៅ​ក្នុង​រតនាគារ​វិញ​ឡើយ ហេតុដូច្នេះ​ហើយ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប្រើ​ប្រាក់​នោះ​ ទិញ​ដីវាល​របស់​ជាង​ស្មូន​សម្រាប់​ជាទី​កប់​ខ្មោច​មនុស្ស​ចម្លែក ( ជន​បរទេស ) ។ ម៉ាថាយ​បាន​យោង​ទៅ​ព្រឹត្តិការណ៍​នេះ​ជា​ការ​បំពេញ​មួយ​នៃ​ការ​ព្យាករ​ដែល​មាន​នៅ​ក្នុង សាការី ១១:១២–១៣ ។

សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នាអានឮៗ​នៅ​ក្នុង ម៉ាថាយ ២៧:១១-១៤ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​រក​មើល​ការ​ចោទប្រកាន់ដែល​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ធ្វើ​ឡើង​ចំពោះ​ព្រះយេស៊ូវ​នៅ​មុខ​លោក​ពីឡាត់ ។

  • យោងតាមខទី ១១តើ​ពីឡាត់​បាន​សួរ​អ្វីខ្លះ​ដល់​ព្រះយេស៊ូវ ?

សូម​ពន្យល់ថា ពួក​អ្នកដឹកនាំ​សាសន៍​យូដា​បាន​ចោទប្រកាន់​ព្រះយេស៊ូវ​អំពី​អំពើ​ក្បត់ ឬ​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​រ៉ូម ហើយ​បាន​ប្រកាស​ថា ព្រះយេស៊ូវ​បាន​ប្រកាស​ថា​ទ្រង់​ជា​ស្ដេច ហើយ​មាន​ព្រះទ័យ​ចង់​ស្ថាបនា​នគរ​របស់​ទ្រង់ ។

  • យោង​តាម​ខទី ១៤ហេតុអ្វី​បាន​ជា ​ពីឡាត់​ មាន​ការ​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង ?

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​នឹង​និយាយ​ទៅ​កាន់​ពីឡាត់ ​ដើម្បី​ការពារ​ព្រះអង្គសង្គ្រោះ ប្រសិន​បើ​ពួកគេ​មាន​ឱកាស​និយាយ​នោះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ ឲ្យ​ចែកចាយ​គំនិតរបស់​ពួកគេ​ជា​មួយសិស្ស​​នៅក្នុង​ថ្នាក់ ។

សូម​សង្ខេប ម៉ាថាយ ២៧:១៥–១៦ ដោយ​ពន្យល់​ថា រៀង​រាល់​ឆ្នាំ​អំឡុង​ពិធី​ជប់​លៀង​នៃ​បុណ្យ​រំលង វា​គឺជា​ទំនៀមទម្លាប់​របស់​អភិបាល​រ៉ូម​ដើម្បី​អត់ទោស​ដល់​អ្នកទោស​ព្រហ្មទណ្ឌ​ម្នាក់ ។ ប្រជាជន​បាន​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​អ្នក​ទោស​ម្នាក់​ដើម្បី​ធ្វើ​ការ​ដោះលែង ។ អ្នកទោស​ម្នាក់​ដែល​នៅ​គ្រា​នៃ​ការ​កាត់​សេចក្ដី​ដល់​ព្រះយេស៊ូវ​ គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា បារ៉ាបាស ដែល​បាន​ជាប់ទោស​ជា​ចោរ ជាអ្នក​បះបោរ​ប្រឆាំង​នឹង​មន្ត្រី​រ៉ូម និង​ជា​ឃាតករ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ម៉ាថាយ ២៧:១៧-២៥​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលអ្វី ដែល​ពីឡាត់​បាន​សួរ​ដល់​ហ្វូង​មនុស្ស​ដែល​បានប្រមូល​ផ្ដុំ​គ្នា​នៅ​វិមាន​របស់​លោក​អភិបាល ។

  • យោង​តាម ខ​ទី ១៧ និង​ទី ២១ តើ​ពីឡាត់​បាន​សួរ​អ្វីខ្លះ​ដល់​ហ្វូង​មនុស្ស ?

  • តើ​មូលហេតុ​អ្វីទៅ​ដែល​ពីឡាត់​មាន ​ចំពោះ​ការ​ដោះលែង​ព្រះយេស៊ូវ​ជាជាង​ដោះលែង​បារ៉ាបាស​នោះ ?

  • ហេតុអ្វី​នៅ​ទីបំផុត​ពីឡាត់​បាន​ដោះ​លែង​បារ៉ាបាស ហើយ​ប្រគល់​ព្រះយេស៊ូវ​ឲ្យគេ​ឆ្កាង​ទៅ​វិញ ?

ម៉ាថាយ ២៧:២៦-៥០

ព្រះយេស៊ូវ​ត្រូវបាន​ធ្វើ​ទុក្ខទោស ប្រមាថ ហើយ​ឆ្កាង

ចូរ​សុំ​ឲ្យសិស្ស​ម្នាក់​អានម៉ាកុស ២៧:២៦​​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ទៅ​លើ​ព្រះយេស៊ូវ​ពីមុន​ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឆ្កាង ។

  • តើ​ការ​ធ្វើ​ទុក្ខទោស​មានន័យ​ដូចម្តេច ? ( ការ​វាយ​នឹង ខ្សែតី​ម្ដងហើយ​ម្ដង​ទៀត ) ។

អ្នក​គួរ​ដាក់​បង្ហាញ​ដុំថ្ម​តូច​មួយ​រាង​ស្រួច​ចុង ហើយ​ពន្យល់​ថា ខ្សែតី មួយ​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ធ្វើ​ទុក្ខទោស​ជា​រឿយៗ​មាន​វត្ថុ​ស្រួចៗ ( ដូចជា​បំបែក​ដុំថ្ម ដែក ឬ​ឆ្អឹង ) ចង​ភ្ជាប់​នឹង​ខ្សែ​ច្រើន​សរសៃ ។ ការ​ដាក់​ទោស​បែប​នេះ ជាធម្មតា​គឺ​សម្រាប់​ជន​ដែល​ជា​ពួក​អ្នកបម្រើ កាល​បុគ្គល​ដែល​មាន​ខ្សែ​លោហិត​ថ្លៃថ្នូរ ឬ ពួកជនសេរីនៃសាសន៍​រ៉ូម​ត្រូវបាន​គេ​វាយ​នឹង​ដំបង ។ មាន​មនុស្ស​ជាច្រើន​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ធ្វើ​ទុក្ខទោស​ឡើយ ដោយសារវា​ធ្វើ​ឲ្យ​មាន​របួស​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី ម៉ាថាយ ២៧:២៧-៣២ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែលពួក​ទាហាន​រ៉ូម​បាន​ធ្វើ​ចំពោះ​ព្រះយេស៊ូវ ។

  • តើ​ពួក​ទាហាន​រ៉ូម​បាន​ធ្វើ​អ្វីខ្លះ​ ដើម្បី​ចំអក​ដល់​ព្រះយេស៊ូវ ?

  • ហេតុអ្វី​អ្នក​គិត​ថា​ ពួក​ទាហាន​បាន​រក​ឃើញ​មនុស្ស​ម្នាក់​ឲ្យ​ជួយ​លី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូវ​ជំនួស​ទ្រង់ ? ( ព្រះយេស៊ូវ​ប្រហែល​ជា​មាន​ព្រះកាយ​ទ្រុឌទ្រោម​បន្ទាប់​ពី​រង​ការ​ឈឺចាប់​ដែល​មិន​អាច​ប្រៀបផ្ទឹមបាន ហើយ​បាត់បង់​លោហិត​យ៉ាង​ច្រើន​កាល​រងទុក្ខ​នៅ​សួនច្បារគែតសេម៉ានី ហើយ​កាល​ត្រូវ​គេ​ធ្វើ​ទុក្ខទោស ) ។

  • ដោយ​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្តេចដែរ ប្រសិន​បើ​អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​លី​ឈើឆ្កាង​របស់​ព្រះយេស៊ូវ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៧:៣៣-៣៤ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ ដែល​ព្រះយេស៊ូវ​មិន​ព្រម​ធ្វើ​ពីមុន​ត្រូវ​បាន​គេ​ឆ្កាង​នោះ ។

  • តើព្រះយេស៊ូវ​បាន​បដិសេធ​មិន​ធ្វើ​អ្វី ? ( សោយ​វត្ថុធាតុ​ដែល​បាន​ថ្វាយ​ដល់​ទ្រង់ ) ។

ការ​ថ្វាយ​ទឹក​នេះ​គឺជា​ការ​បំពេញ​ការ​ព្យាករ​ដែល​មាន​នៅ​ក្នុង ទំនុក​ដំកើង ៦៩:២១ ។ អ្នក​គួរ​ពន្យល់​ថា ទឹកខ្មេះ « លាយ​នឹង​ប្រមាត់ » ( ម៉ាថាយ ២៧:៣៤​ ) ឬ​ដូចជា​ម៉ាកុស​បាន​កត់​ត្រា​ថា « ស្រាទំពាំងបាយជូរ​លាយ​នឹង​ជ័រល្វីង » ( ម៉ាកុស ១៥:២៣ )​ គឺជា​ការ​ផ្ដល់​ឲ្យ​តាម​ទំនៀម​ទំលាប់​ជា​ថ្នាំ​ស្ពឹក​បន្ថយ​ការ​រងទុក្ខ​របស់​បុគ្គល​ម្នាក់​ ដែល​រៀប​នឹង​ស្លាប់ ។ ដោយ​បដិសេធ​មិន​សោយ​វា ព្រះយេស៊ូវ​មាន​ចេតនា​ពុំ​បណ្តោយ​ឲ្យ​សាតិអារម្មណ៍​ទ្រង់​ស្ពឹកឥតវាងវៃឡើយ ហើយ​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​ដើម្បី​បន្ត​មាន​ស្មារតី​នៅ​គ្រា​ដែល​នៅ​សេសសល់​នៃ​ការរងទុក្ខ​ដ៏​ធួន​របស់​ទ្រង់ ។

ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង ម៉ាថាយ ២៧:៣៥–៤៥ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​រឿង​បន្ថែម​ទៀត​ដែល​ប្រជាជន​បាន​សើច​ចំអក ឬ​ល្បួង​ព្រះយេស៊ូវ ។

  • តើ​ប្រជាជន​បាន​សើច​ចំអក ឬ​ល្បួង​ព្រះយេស៊ូវ​តាម​របៀប​ណា ?

  • ដោយ​ដឹង​ថា ព្រះយេស៊ូវ​មាន​ព្រះចេស្ដា​ដើម្បី​រំដោះ​អង្គ​ទ្រង់ ហេតុអ្វី​អ្នក​គិត​ថា​ទ្រង់​មិន​យាង​ចុះ​ពី​លើ​ឈើ​ឆ្កាង​នោះ​មក ?

សូម​អញ្ជើញ​សិស្ស​អាន ម៉ាថាយ ២៧:៤៦ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​កាល​នៅ​លើ​ឈើ​ឆ្កាង​នោះ ។

  • តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អ្វីខ្លះ ? ( « ឱ ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុអ្វី​បានជា​ទ្រង់​ចោល​ទូលបង្គំ ? » )

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វីដែល​បាន​កើត​ឡើង​នៅ​គ្រា​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​អស់​ពី​ជំនឿ​នៃ​ព្រលឹង​របស់​ខ្ញុំ​ថា … ព្រះវរបិតា​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​អង្គ​ពុំ​បាន​បោះបង់​ចោល​ព្រះរាជបុត្រា​របស់​ទ្រង់​នៅ​គ្រា​នោះ​ឡើយ ។ ពិតណាស់ វា​គឺជា​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ថា នៅរាល់​ការងារបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះគ្រីស្ទ ព្រះវរបិតា​ពុំដែល​ធ្លាប់​គង់​នៅ​កាន់តែជិត​នឹង​ព្រះរាជបុត្រា​របស់​ទ្រង់​ជាង​នៅ​គ្រា​ចុងក្រោយ​នៃ​ការ​រងទុក្ខ​ដ៏​ឈឺចាប់​ទាំង​នេះ​ឡើយ ។ យ៉ាងណា​ក៏ដោយ … ព្រះវរបិតា​បាន​ដក​យក​ការ​លួងលោម​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​ចេញ​ពី​ព្រះយេស៊ូវ​មួយ​រយៈ​ខ្លី ដែល​ជា​ការ​គាំទ្រ​ដល់​វត្តមាន​របស់ទ្រង់ » ( « None Were with Him » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០០៩ ទំព័រ ​៨៧–៨៨ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​ ព្រះវរបិតា​សួគ៌​បាន​ដក​យក​ព្រះវិញ្ញាណ​របស់​ទ្រង់​ចេញ​ពី​ព្រះយេស៊ូវ​នៅ​គ្រា​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​មួយ​នៅ​ក្នុង​ខទី ៤៦​សូម​អាន​សេចក្ដីថ្លែងការណ៍​បន្ត​ទៀត​របស់​អែលឌើរ ហូឡិន ៖

« វា​តម្រូវ​ឲ្យ​មាន ពិតណាស់​វា​គឺជា​កត្តា​ដ៏សំខាន់​ចំពោះ​សារៈសំខាន់​នៃ​ដង្វាយធួន ដែល​ព្រះរាជបុត្រា​ដ៏​ល្អ​ឥត​ខ្ចោះ​អង្គ​នេះដែល​ពុំ​ធ្លាប់​មាន​បន្ទូល​អាក្រក់ ឬ​ធ្វើ​ខុស ឬ​ប៉ះ​អ្វីដែល​មិន​ស្អាត​​ត្រូវ​តែ​ស្គាល់​ពី​អារម្មណ៍​ដែល មនុស្ស​ដទៃ—គឺ​យើង គឺ​យើង​ទាំងអស់​គ្នា—មាន នៅ​ពេល​យើង​បាន​ធ្វើ​អំពើ​បាប​បែប​នោះ ។ ដើម្បី​ឲ្យ​ដង្វាយធួន​របស់​ទ្រង់​គ្មាន​ទីបញ្ចប់ ហើយ​មាន​ភាពអស់​កល្ប ទ្រង់​ត្រូវ​ទទួល​អារម្មណ៍​ថាដកពិសោធន៍ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណថា​តើ​សេចក្ដី​ស្លាប់​មាន​សភាព​បែបណា​ ដើម្បី​ញាណដឹង​ថាតើ​ការបាត់​ព្រះវិញ្ញាណ​នៃ​ព្រះ​មាន​សភាព​បែបណា ដោយ​បន្សល់​ទុក​នូវ​អារម្មណ៍​ឯកោ​ទាំងស្រុង ហើយ​អស់​សង្ឃឹម​នោះ » (« None Were with Him »ទំព័រ ៨៨ ) ។

  • យោងតាម ម៉ាថាយ ២៧:៤៦ និង​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ហូឡិន តើ​អ្នក​អាច​សង្ខេប​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួប​ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​បាន​ដោយ​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​បានញាណដឹង​ការ​ដក​យក​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ ) ។

  • យោង​តាម​អែ​លឌើរ ហូឡិន ហេតុអ្វី​ព្រះយេស៊ូវ​បាន​ជួប​ការ​ដក​យក​នូវ​ព្រះវិញ្ញាណ ? ( ដើម្បី​ស្គាល់​ថា តើ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​មាន​សភាព​បែបណា ) ។

សូម​ពន្យល់​ថា យើង​ដក​ពិសោធន៍​នូវ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ឬ​ការ​ដក​យកចេញ​​នូវ​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ នៅ​ពេល​យើង​មាន​បាប ។ សូម​ថ្លែង​ទីបន្ទាល់​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដកពិសោធន៍​នូវ​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​នៅ​ក្នុង​សួនច្បារគែតសេម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង នោះ​ទ្រង់​អាច​ជួយ​យើង​ នៅ​ពេល​យើងត្រូវបានបំ​បែក​ចេញ​ពី​ព្រះវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ ដោយសារ​ការ​ជ្រើស​រើស​មិន​ល្អ​របស់​យើង ។ ទ្រង់​ក៏​អាច​ជួយ​យើង​ នៅ​ពេល​យើង​មាន​អារម្មណ៍​ឯកោ​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ាថាយ ២៧:៥០ដោយ​ស្ងៀមស្ងាត់ និង​ការ​ដកស្រង់​ពី​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៧:៥៤ រក​មើល​អ្វី​ផ្សេង​ទៀត​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​មាន​បន្ទូល​កាល​នៅ​លើ​ឈើ​ឆ្កាង ។

  • យោង​តាម​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ សម្រាប់​ខគម្ពីរ​នេះ ហេតុអ្វី​បាន​ជា​ព្រះ​យេស៊ូវ​ត្រូវ​រងទុក្ខ​ចំពោះ​រឿង​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ ? ( សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូចខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ​ដើម្បី​បំពេញ​តាម​ព្រះហឬទ័យ​របស់ព្រះ​វរបិតា​សួគ៌ ) ។

ចូរ​រំឭក​សិស្ស​ពី​មេរៀន​លើក​មុន​ដែល​ពួកគេ​បាន​សិក្សា​អំពី ម៉ាថាយ ២៦ ហើយ​បាន​រៀន​អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារគែតសេម៉ានី និង​ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​ដាក់​ព្រះទ័យ​របស់​ទ្រង់​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ។ អ្នក​គួរ​ណែនាំ​សិស្ស​ឲ្យ​សរសេរ ម៉ាថាយ ២៦:៣៩ ជា​សេចក្តីយោង​បទគម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ាថាយ ២៧:៥០ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ថា ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​សន្យា​នឹង​ធ្វើ ។

  • ហេតុអ្វី​ព្រះទ័យ​របស់​ព្រះវរបិតា​ទុក​ព្រះយេស៊ូវ​ដក​ពិសោធន៍​ការ​រងទុក្ខ​ ដែល​ទ្រង់​បាន​ធ្វើ ដោយ​ចាប់ផ្ដើម​នៅ​ក្នុង​សួនច្បារគែតសេម៉ានី ហើយ​បាន​បញ្ចប់​នៅ​លើ​ឈើ​ឆ្កាង​ដូច្នេះ ?

សូម​ពន្យល់​ថា របៀប​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ហាញ​ការ​ដឹងគុណ​របស់​យើង​ចំពោះ​ព្រះអម្ចាស់​សម្រាប់​អ្វី​ដែល​ទ្រង់​បាន​រងទុក្ខ​សម្រាប់​យើង​គឺ​ដោយ​រស់នៅ​ដោយ​សុចរិត ។ សូម​យោង​ទៅ​សេចក្ដីថ្លែងការណ៍​មិន​ពេញលេញ​ដែល​អ្នក​បាន​សរសេរ​លើ​ក្ដារ​ខៀន នៅពេល​ចាប់​ផ្ដើម​បង្រៀន ។ « ថ្ងៃ​នេះ ខ្ញុំ​បាន​ឃើញ ហើយ​ទទួល​អារម្មណ៍ … »​ សូម​អញ្ជើញ​ពួកគេ​ឲ្យបំពេញ​ឃ្លា​នេះ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ អ្នក​គួរ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​​បានសរសេរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២៧:១៥-២១ ។ តើ​បារ៉ាបាស ឬ​យេស៊ូវ ?

ឈ្មោះ បារ៉ាបាស មានន័យ​ថា « កូនប្រុស​ឪពុក » ។ ហ្វូង​មនុស្ស ដែល​ភាគច្រើន​មាន​ចិត្ត​ជ្រួល​ច្រាល​ដោយ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ បាន​ស្រែក​ឲ្យ​ដោះ​លែង​បារ៉ាបាស​ហើយ​បាន​បដិសេធ​ព្រះរាជបុត្រា​ដ៏​ពិត​ប្រាកដ​របស់​ព្រះវរបិតា ។ នៅ​ក្នុង​ហេតុផល​មួយ យើង​ទាំងអស់​គ្នា​ដូចជា​បារ៉ាបាស​ដែរ—យើង​គឺជា​បុត្រា​មាន​បាប​ដែល​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព ដោយសារ​ព្រះរាជបុត្រា​ដ៏​ពិត​ប្រាកដ​របស់​ព្រះវរបិតា​ត្រូវ​បាន​ដាក់​ទោស​ដល់​សុគត ។ បារ៉ាបាស​ជា​ចោរប្លន់ ជា​ឃាតករ និង​ជា​ជន​ក្បត់ រីឯ​ព្រះយេស៊ូវ​ដែល​ជា​ព្រះគ្រីស្ទ​ គឺជា​អង្គ​ដ៏​ល្អ​ឥត​ខ្ចោះ ។ ជន​ដែល​បាន​ដាក់​ទោស​ព្រះអង្គ​សង្គ្រោះ​ឲ្យ​សុគត​ បាន​បង្ហាញ​នូវ​ការ​ជ្រើសរើស​មួយ​ច្បាស់លាស់ ហើយ​ពួកគេ​ជ្រើស​យក​អំពើ​អាក្រក់ ។

ក្រឹត្យវិន័យ​របស់​ម៉ូសេ​បាន​ផ្ដល់​ជា​តំណាងនូវអ្វីដែលនឹងកើតឡើង​ ចំពោះ​ការ​ដោះលែង​​របស់​បារ៉ាបាស​ជាច្រើន​សតវត្សរ៍ពី​មុន​វា​បាន​កើត​ឡើង ។ ក្រឹត្យវិន័យ​របស់​ម៉ូសេ​បាន​បង្រៀន​ថា មួយឆ្នាំ​ម្ដង នៅ​ថ្ងៃ​នៃ​ដង្វាយធួន សង្ឃ​ជាន់​ខ្ពស់​បាន​ជ្រើស​យក​សត្វ​ពពែ​ពីរ​ក្បាល ។ សត្វ​ពពែ​មួយ​ក្បាល​បាន​ក្លាយ​ជា​សត្វ​ពពែ​ដែល​បាន​រួចផុតពីការទទួលកំហុស​ជំនួស​ ហើយ​ត្រូវ​បាន​ដោះលែង​ឲ្យ​ចូល​ទៅ​ក្នុង​ទីរហោស្ថាន រីឯ​មួយ​ក្បាល​ទៀត​គឺជា ​‹ ព្រះអម្ចាស់ › ហើយ​ត្រូវ​បាន​គេ​សម្លាប់​ជា​ដង្វាយ​សម្រាប់​អំពើបាប​របស់​ប្រជាជន ( សូមមើល លេវីវិន័យ ១៦:៨–១០ ) ។ បន្ទាប់​មក​សង្ឃ​ជាន់​ខ្ពស់​បាន​យក​ឈាម​របស់​សត្វ​ពពែ​ដោយត្រូវ​បាន​សម្លាប់​ទៅ​ទីបរិសុទ្ធដ៏​ពិសិដ្ឋ​នៃ​រោង​ឧបោសថ ។ គាត់​យក​វា​ទៅ​ប្រោស​ដាក់​ផ្នែក​ខាង​លើ​នៃ​ហឹប​នៃ​សេចក្ដីសញ្ញា ( ដែល​ហៅ​ថា ទីសន្ដោសប្រោស ) ។

ជើរ៉ល អិន ឡាន ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​សមាជិក​មួយ​រូប​នៃ​ពួក​ចិតសិប​នាក់ បានពន្យល់​ពី​របៀប​ដែល​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នៃ​ដង្វាយធួន​បាន​តំណាង​ឲ្យ​ការ​ថ្វាយ​ព្រះលោហិត​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ព្រះគ្រីស្ទ ជា​កូនចៀម​នៃ​ព្រះយេហូវ៉ា ក៏​ដូចជា​សង្ឃ​ជាន់​ខ្ពស់​ដែរ បាន​បង្ហូរ​ព្រះ​លោហិត​របស់​ទ្រង់​ដើម្បី​ចូល​ទៅ​ក្នុង​ទីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​សួគ៌ា ដែល​លោហិត​បាន​បង់ថ្លៃ​ជំនួស​អំពើ​បាប​របស់​ជន​ដែល​ជឿ​លើ​ទ្រង់ ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​​របស់​ទ្រង់ ។ ( សូមមើល ហេព្រើរ ៩:១១–១៤, ២៤–២៨, ១០:១១–២២, គ. និង ស. ៤៥:៣–៥ ) » ។ (Jesus Christ, Key to the Plan of Salvation [ ឆ្នាំ ​១៩៩១ ] ទំព័រ ៦៧ ) ។

ម៉ាថាយ ២៧:២៦ ។ តើ​ការ​ធ្វើ​ទុក្ខទោស​មានន័យ​ដូចម្តេច ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ ការ​ធ្វើទុក្ខទោស ៖

« ការ​អនុវត្ត​ដ៏​ឃោរឃៅ​នេះ ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឆ្កាង មាន​នូវ​ការ​សម្រាត​ខោអាវ​របស់​ជនរងគ្រោះ ការ​ចងគាត់​ជាប់​នឹង​បង្គោល ឬ​គ្រោង​មួយ និង​ការ​វាយ​គាត់​នឹង​ខ្សែ​តី​ដោយ​មាន​បន្ទះ​សំណ និង​ឆ្អឹង​ស្រួចៗ ។ វា​បណ្ដាល​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ហូរ​ឈាម ទន់ខ្សោយ ហើយ​ពេលខ្លះ​រហូត​ដល់​ស្លាប់ » ( វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ១:៨០៧ ) ។

នៅ​គ្រា​មួយ​ទៀត អែលឌើរ ម៉ាក់ខន់ឃី បាន​ថ្លែង​ម្ដងទៀ​ថា « មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយ​ការ​ធ្វើ​ទុក្ខទោស​នោះ ប៉ុន្តែ [ ព្រះយេស៊ូវគ្រីស្ទ ]​ បាន​យាង​ក្រោក​ឡើង​ពី​ការរងទុក្ខ​នៃ​ការ​ធ្វើ​ទុក្ខទោស​នោះ​ ដើម្បី​ទ្រង់​បាន​អាច​សុគត​យ៉ាង​អាណោច​អាធម​នៅ​លើ​ឈើ​ឆ្កាង​ត្រង់​កាលវ៉ារី » ( « The Purifying Power of Gethsemane » Ensign ខែ​ ឧសភា ឆ្នាំ​ ១៩៨៥ ទំព័រ​៩–១០ ) ។