បណ្ណាល័យ
មេរៀនទី ៧ ៖ ម៉ាថាយ ៣


មេរៀនទី ៧

ម៉ាថាយ ៣

សេចក្ដីផ្ដើម

យ៉ូហាន បាទីស្ទ​បាន​ប្រកាស​ដំណឹងល្អ ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​នៅ​ស្រុក​យូដា ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ពី​ស្រុក​កាលីឡេ​ទៅ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​ទ្រង់ ។ ព្រះ​ជា​ព្រះវរបិតា​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​បុត្រា​ដ៏​ជា​ទី​ស្រលាញ់​របស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៣:១-១២

យ៉ូហាន បាទីស្ទ​ប្រកាសដំណឹងល្អនៅស្រុក​យូដា

សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ពី​អារម្មណ៍​ដែល​ពួកគេ​អាចនឹង​មាន ​ប្រសិន​បើ​សិស្ស​ម្នាក់​នៅ​ក្នុង​ថ្នាក់​ក្រោក​ឡើង ហើយ​ចាប់ផ្តើមយក​របស់របរផ្ទាល់​ខ្លួន​របស់​សិស្ស​ផ្សេង​​ទៀត ។ រួច​សុំ​ឲ្យ​ពួក​គេ​នឹក​ស្រមៃ​ថា បន្ទាប់​ពី​យក​របស់របរ​នីមួយៗ​រួចហើយ សិស្ស​នោះ​បាន​សុំអភ័យទោស ​ប៉ុន្តែ​នៅ​បន្ត​យក​របស់របរពី​សិស្ស​ផ្សេង​ទៀត ។ សូម​សួរ​ ៖

  • តើ​អ្នក​គិត​យ៉ាង​ណា​ដែរ ​ចំពោះ​ការ​សុំ​អភ័យទោស​របស់​សិស្ស​ម្នាក់​នេះ ?

  • តើ​ទង្វើរ​របស់​សិស្ស​នេះអាច​ស្រដៀង​គ្នា​នឹង​ការ​ព្យាយាម​ប្រែចិត្ត ​ដោយ​ចិត្ត​មិន​ស្មោះ​យ៉ាង​ដូចម្ដេច​ដែរ ?

នៅ​ពេល​សិស្ស​សិក្សា ម៉ាថាយ ៣ សុំ​ឲ្យ​ពួកគេ​រក​មើល​សេចក្ដីពិត​ដែល​ជួយ​យើង ​ឲ្យ​យល់​ដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ប្រែចិត្ត​ដ៏​ពិត​ប្រាកដ ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៣:១–៤ ឮៗ ។ សុំ​ឲ្យ​សិស្ស​រក​មើល​ថាតើ​មាន​អ្វី​បាន​កើត​ឡើង​ ដែល​អាច​ជួយ​រៀបចំ​មនុស្ស​សម្រាប់​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​យ៉ូហាន បាទីស្ទ​ជា​នរណា ? ( លោក​គឺជា​កូនប្រុស​របស់​សាការី និង អេលីស្សាប៊ែត​ដែល​ត្រូវ​ជា​សាច់​ញាតិ​នឹង​ម៉ារា ។ លោក​កាន់​កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន [ សូម​មើល គ. និង ស. ១៣, ៨៤:២៧–២៨ ] ) ។

  • តើ​យ៉ូហាន​បាន​កំពុង​ធ្វើ​អ្វី ?

  • តើ​យ៉ូហាន​បាន​ដាស់តឿន​ពួក​អ្នក​ស្ដាប់​របស់​លោក​ឲ្យ​ធ្វើ​ខ្លះ ?

សូម​ពន្យល់​ថា បេសកកម្ម​របស់​យ៉ូហាន​ត្រូវ​បាន​ព្យាករ​ទុកជា​មុន​ដោយ​អេសាយ និង​ព្យាការី​ផ្សេង​ទៀត ( សូម​មើល អេសាយ ៤០:៣,​ ម៉ាឡាគី ៣:១, នីហ្វៃទី ១ ១០:៧–១០ ) ។ យ៉ូហាន​ត្រូវ​រៀបចំ​ផ្លូវ​ឲ្យ​ព្រះមែស៊ី ( ព្រះយេស៊ូវ​គ្រីស្ទ ) ដោយ​ប្រកាស​អំពី​ការ​ប្រែចិត្ត និង​បុណ្យ​ជ្រមុជទឹក​ដោយ​ទឹក ។

  • តើ​អ្នក​គិត​ថា​ការ​ប្រកាស​ពី​ការ​ប្រែចិត្ត និង បុណ្យជ្រមុជ​ទឹក​ដោយ​ទឹក​បាន​ជួយ​រៀបចំ​ផ្លូវ​សម្រាប់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៣:៥-៦ ឮៗ ។ សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប​ចំពោះ​សារលិខិត​របស់​យ៉ូហាន ។

  • តើ​ប្រជាជន បាន​ឆ្លើយ​តប​នឹង​សារលិខិត​របស់​យ៉ូហាន​យ៉ាងដូចម្ដេច ? ( ពួកគេ​បាន​សារភាព​ពី​អំពើ​បាប​ខ្លួន ហើយ​បាន​ជ្រមុជទឹក ។ សូម​ពន្យល់​ថា ការ​យល់​ព្រម​សារភាព​អំពើបាប​របស់​បុគ្គល​ម្នាក់​ដល់​ព្រះវរបិតា​សួគ៌ ហើយ​ប្រសិន​បើ​ចាំបាច់​ទៅ​ដល់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​​ដែល​បាន​ចាត់​ គឺជា​រឿង​ដ៏​សំខាន់​ចាំបាច់ចំពោះ​ការ​ប្រែចិត្ត [ សូម​មើល ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ ( ឆ្នាំ ២០០៤ ) ទំព័រ ១៣៤ ] ) ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៣:៧ ឮៗ ។ សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថាតើ​យ៉ូហាន​បាន​និយាយជាមួយ​​នឹង​នរណា ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​យ៉ូហាន​បាន​និយាយ​នឹង​នរណា ?

សូម​ពន្យល់​ថា ពួក​ផារិស៊ី​គឺជា​មនុស្ស​មួយ​ក្រុម​ខាង​សាសនា​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ដែល​ឈ្មោះ​មាន​ន័យ​ថា ព្រាត់ ឬ​បែក​ពី​គ្នា ។ ពួកគេ​បាន​តម្កើង​ខ្លួន​ដោយសារ​ការ​គោរព​​យ៉ាង​ម៉ឺងម៉ាត់ តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ហើយ​ជឿ​ថា​សេចក្ដី​បន្ថែម​ទៅ​នឹង​ក្រឹត្យវិន័យ​នេះ ​ដែល​បង្កើត​ដោយ​មនុស្ស ដែល​ហៅ​ថា​ជា​ច្បាប់​តាម​មាត់ សំខាន់​ដូចគ្នា​នឹង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ​ដែរ ( សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពួក​ផារិស៊ី » ) ។ ពួក​សាឌូស៊ី​ជា​ក្រុម​តូច​មួយ​ តែ​មាន​​អំណាច​ខាង​ការ​ត្រួតត្រា​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា​ ដែល​ជឿ​លើ​ការ​កាន់​តាម​តួអក្សរនៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ ពួក​គេ​ពុំ​ជឿ​លើ​គោលលទ្ធិ​នៃ​ការ​រស់​ឡើង​វិញ ឬ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ឡើយ ( សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពួក​សាឌូស៊ី » ) ។

  • តើ​យ៉ូហាន​បាន​ហៅ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​យ៉ាង​ដូចម្ដេច ?

រូបភាព
ពស់​វែក​ប៉ាលេស្ទីន

ពស់​វែក​ប៉ាលេស្ទីន

© taviphoto/Shutterstock.com

ប្រសិន​បើ​អាច​ធ្វើ​បាន សូម​ដាក់​បង្ហាញ រូប ពស់​វែក​ប៉ាលេស្ទីន ហើយ​ពន្យល់​ថា វា​គឺ​ជា​ពស់​ដែល​មាន​ពិស​ខ្លាំង​បំផុត​នៅ​អ៊ីស្រាអែល ។ ពស់​វែក​ចេញ​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ហើយ​ជា​ធម្មតា​លាក់​ខ្លួន​ចាំ​ប្រមាញ់​ចំណី​របស់​វា ។ កាល​ពួក​វា​ជួប​នឹង​ការ​គម្រាម​កំហែង ពស់​វែក​នឹង​ព័ទ្ធពេន​ខ្លួន បន្លឺ​សូរស៊ឺៗៗ ហើយ​វាយ​ប្រហារ​ទៅ​លើ​សត្រូវ​របស់​វា ។

  • ហេតុអ្វី​អ្នក​គិត​ថា​យ៉ូហាន​ហៅ​ពួកផារិស៊ី និង​ពួក​សាឌូស៊ី​ជា​ពួក​ពស់​វែក ? ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​គិត​ថា ​យ៉ូហាន​គម្រាម​កំហែង​ដល់​ពួកគេ កាល​លោក​អូសទាញ​មនុស្ស​ជា​ច្រើន​ចេញពី​ឥទ្ធិពល​អាក្រក់ និង​ការ​បង្រៀន​ខុស​ឆ្គង​របស់​ពួកគេ ) ។

សូម​ពន្យល់​ថា​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ​មាន​ពាក្យ​ពេចន៍​បន្ថែម​ថា យ៉ូហាន​បាន​និយាយ​ទៅ​កាន់​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី ។ សុំ​ឲ្យ​សិស្ស​ម្នាក់​បើក​ទៅ ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៣:៣៤-៣៦ ( នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ ( អ្នក​គួរ​ពន្យល់​ថា​ខគម្ពីរ​ទាំងនេះ​គឺជា​ការ​បកប្រែ​នៃ ម៉ាថាយ ៣:៨–៩ ) ។ សុំ​ឲ្យ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។

  • យោងតាម ​យ៉ូហាន ប្រសិន​បើ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​បដិសេធ​ការ​បង្រៀន​របស់​លោក តើ​ពួកគេ​នឹង​បដិសេធ​នរណា​ផងដែរ ?

  • តើ​អ្នក​នឹង​សង្ខេប​សារលិខិត​របស់​យ៉ូហាន​ដល់​ពួកគេ​ដោយ​របៀប​ណា ?

សូម​សរសេរ​ឃ្លា បង្កើត​ផល​ឲ្យ​សំណំ​នឹង​ការ​ប្រែចិត្ត នៅ​លើ​ក្ដារខៀន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ឃ្លា​នេះ សូម​ចង្អុល​បង្ហាញ​ថា នៅ​ក្នុង​ព្រះគម្ពីរ​មនុស្ស​ពេល​ខ្លះ​ត្រូវ​បាន​តំណាង​​ដោយ​ដើម​ឈើ​ដែល​ឲ្យ​ផល​ល្អ ឬ​អាក្រក់ ។ សូម​ដាក់​បង្ហាញ ឬ​គូរ​ផ្លែ​ឈើ​មួយ​ចំណិត ហើយ​ពន្យល់​ថា​វា​តំណាង​ឲ្យ​បំណង​ប្រាថ្នា និង ទង្វើ​របស់​យើង ។ អ្នក​គួរ​ពន្យល់​ថា​ឃ្លា « សំណំ​នឹង » មានន័យ​ថា « សក្ដិសម​នឹង »  ) ។

សូម​រំឭក​សិស្ស​ពី​សាច់រឿង​ដែល​អ្នក​បាន​សុំ​ឲ្យ​ពួកគេ​នឹក​ស្រមៃ​កាល​ពី​ដើម​មេរៀន ( សិស្ស​ម្នាក់​យក​របស់របរផ្ទាល់​ខ្លួន​របស់​សិស្ស​ផ្សេង​ទៀត រួច​បន្ត​ធ្វើ​ដូច្នេះ​សូម្បី​តែ​ធ្វើ​ការ​សុំទោស​ហើយ​ក្ដី ) ។

  • តើ​សិស្ស​នោះ​បាន​បង្ហាញ​គោលការណ៍​នៃ​ការ​ប្រែចិត្ត​ដោយ​សមរម្យ​តាមរយៈ​បំណងប្រាថ្នា ឬ​ទង្វើរបស់​ខ្លួន​ដែរ​ឬទេ ? ហេតុអ្វីមិនមែន ? ( សិស្ស​នេះ​បាន​បន្ត​យក​សម្ភារ​ពី​សិស្ស​ដទៃ សូម្បី​តែ​ធ្វើ​ការ​សុំអភ័យទោស​ហើយ​ក្ដី ) ។

  • តើ​អ្នក​នឹង​សង្ខេប​ពី​អត្ថន័យ​នៃ​ « បង្កើត … ផល​ឲ្យ​សំណំ​នឹង​ការ​ប្រែចិត្ត » យ៉ាង​ដូចម្ដេច ? ( ម៉ាថាយ ៣:៨ ) ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ យើង​បង្ហាញ​ការ​ប្រែចិត្ត​ពិត​ចំពោះ​ព្រះអម្ចាស់ នៅ​ពេល​យើង​ផ្លាស់​ប្ដូរ​បំណង​ប្រាថ្នា និង ទង្វើ​របស់​យើង​ដើម្បី​ធ្វើ​តាម​ការ​បង្រៀន​របស់​ទ្រង់ ) ។

  • តើ​បំណង​ប្រាថ្នា និងទង្វើបែបណា​ទៅ​ដែល​បង្ហាញ​ថា ​យើង​បាន​ប្រែចិត្ត​ពិត​ពី​អំពើបាប​របស់​យើង ?

ដើម្បី​ជួយ​សិស្ស​យល់ពី​សេចក្ដីពិត​នេះ ចូរ​សរសេរ​ឧទាហរណ៍​ខាង​ក្រោម​នៅ​លើ​ក្ដារ​ខៀន ៖ ការ​លួចចម្លងបន្លំ​នៅ​សាលារៀន ចរិត​កាច​ដាក់​បងប្អូន ការ​ខ្វះ​សេចក្ដី​សប្បុរស ឬ​ការ​ឆាឆៅ​សិស្ស​ដទៃ ការ​ប្រើ​ពាក្យ​សម្ដី​មិន​ល្អ និង ការ​មើល​រូប​អាស​គ្រាម ។ សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ ដែល​មនុស្សណា​ម្នាក់​ដែល​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​នេះ​ អាច​គិត​ហើយ​ប្រព្រឹត្ត ។

សូម​អាន ម៉ាថាយ ៣:១០ ឮៗ ។ សុំ​ឲ្យ​សិស្ស​ផ្ទៀងតាម ហើយ​រក​មើល​ផលវិបាក​នៃ​ការ​ពុំ​ប្រែ​ចិត្ត​យ៉ាង​ពិត​ប្រាកដ ។ សុំ​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពន្យល់​ថាការ « កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង » បញ្ជាក់​ថា បុគ្គល​ដែល​​ពុំ​ប្រែចិត្ត​បាត់បង់​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះ ហើយ​នៅ​ទីបំផុត​បោះ​បង់​ចោល​ពរជ័យ​នៃ​នគរ​សេឡេស្ទាល ។

សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​បំណងប្រាថ្នា ឬ​ទង្វើ​នានា​ដែល​ពួកគេ​ត្រូវ​ផ្លាស់ប្ដូរ​ ដើម្បី​ប្រែចិត្ត​យ៉ាង​ពិត​ប្រាកដ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បង្ហាញ​ការ​ប្រែចិត្ត​ពិត​ដោយ​ផ្លាស់ប្ដូរ​បំណង​ប្រាថ្នា និង​ទង្វើ​នានា​ដែល​ពុំ​ស្រប​តាម​ការ​បង្រៀន​របស់​ព្រះ ។

សុំ​ឲ្យ​សិស្ស​អាន ម៉ាថាយ៣:១១ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​អ្វី​ដែល​យ៉ូហាន​ថ្លែង​ថា​ ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ ។

  • យោង​តាម ខ​ទី ១១តើ​ព្រះយេស៊ូវ​អាច​ធ្វើ​អ្វីខ្លះ​ដែល​យ៉ូហាន​ពុំ​អាច​ធ្វើ​បាន ? ( ព្រះយេស៊ូវ​នឹង​ធ្វើ​បុណ្យជ្រមុជ​ទឹក « ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ដោយ​ភ្លើង » ។ សូម​ពន្យល់​ថា យ៉ូហាន​កំពុង​ហៅ​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​សេចក្ដី​សញ្ញា​ពាក់​កណ្ដាល​ទៀត​នៃ​សេចក្ដី​សញ្ញា និង ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ញែក ហើយ​បន្សុទ្ធ​ព្រលឹង​យើង​ដូចជា​ភ្លើង​ដែរ [ សូម​មើល នីហ្វៃទី ២ ៣១:១៣–១៤, ១៧ ] ) ។

សូម​សង្ខេប ខ​ទី ១២ ដោយ​ពន្យល់​ថា វា​ពិពណ៌នា​ដោយ​តំណាង​ឲ្យ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​សុចរិត​ដែល​ទទួល​យក​ព្រះយេស៊ូវ​គ្រីស្ទ ( ស្រូវ​សាលី ) និង​ចំពោះ​មនុស្ស​ទុច្ចរិត​ដែល​បដិសេធ​ទ្រង់ ( អង្កាម ) ។

ម៉ាថាយ ៣:១៣-១៧

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជ្រមុជទឹក ហើយ​ព្រះវរបិតា​បាន​ប្រកាស​ថា ​ទ្រង់​ជា​បុត្រា​ដ៏​ជាទី​ស្រលាញ់

សុំ​ឲ្យ​សិស្ស​បាន​ជ្រមុជទឹក​រួច​សញ្ជឹង​គិត​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ខ្លួន ។ សុំ​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយ​អ្វី ​ដែល​ពួកគេ​ចងចាំ ។

សូម​ពន្យល់​ថា ម៉ាថាយ ៣:១៣–១៧ និទាន​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គ​សង្គ្រោះ ។ សុំ​ឲ្យ​សិស្ស​រក​មើល​ភាពស្រដៀង​គ្នា​រវាង​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ និង របស់​ព្រះអង្គ​សង្គ្រោះ កាល​ពួកគេ​សិក្សា​ខគម្ពីរ​ទាំងនេះ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

ដោយ​នរណា ?

ដោយ​របៀប​ណា ?

ហេតុអ្វី ?

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ សុំ​ឲ្យ​ដៃ​គូ​នីមួយៗ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាថាយ ៣:១៣–១៧​ហើយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​បី​នេះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយសូម​សួរ ៖

  • តើ​នរណា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ ? ( សូម​សរសេរ យ៉ូហាន បាទីស្ទ នៅ​លើ​ក្ដារ​ខៀន​ក្បែរ ដោយ​នរណា ? )

  • ហេតុអ្វី​ព្រះយេស៊ូវ​យាង​ពី​ស្រុក​កាលីឡេ​ទៅ​ទន្លេ​យ័រដាន់​ដើម្បី​ឲ្យ យ៉ូហាន បាទីស្ទ​ អាច​ជ្រមុជទឹក​ឲ្យ​ទ្រង់ ? ( សូម​រំឭក​សិស្ស​ថា យ៉ូហាន​កាន់​កូនសោ​នៃ​បព្វជិតភាព​អើរ៉ុន ហើយ​ជា​បុរស​តែ​ម្នាក់​គត់​នៅ​ពេល​នោះ​ដែល​មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យជ្រមុជទឹក ។ សូម​សរសេរ សិទ្ធិ​អំណាច​ត្រឹមត្រូវ នៅ​លើ​ក្ដារខៀន​ក្បែរ​នឹង យ៉ូហាន បាទីស្ទ ) ។

  • នៅ​ក្នុង ខ​ទី ១៦ តើ​ឃ្លា​អ្វី​ទៅ​ដែល​បញ្ជាក់​ពី​របៀប​ដែល​ព្រះស៊ូវ​បាន​ទទួល​បុណ្យជ្រមុជ​ទឹក ? ( សូម​ធ្វើ​ឲ្យ​សិស្ស​យល់​យ៉ាង​ប្រាកដ​ថា ព្រះយេស៊ូវ​យាង​ងើប​ឡើង « ចេញ​ពី​ទឹក »​ ភ្លាម​បង្ហាញ​ថា​ទ្រង់​បាន​ទទួល​បុណ្យជ្រមុជទឹក​​ដោយ​ការ​ជ្រមុជ​ក្នុង​ទឹក—មាន​ន័យ​ថា​ទ្រង់​ត្រូវ​គ្រប​ដណ្ដប់​ទាំង​ស្រុង​ដោយ​ទឹក ។ សូម​សរសេរ ដោយ​ការ​ជ្រមុជ​ក្នុង​ទឹក លើ​ក្ដារ​ខៀន​ក្បែរ ដោយ​របៀប​ណា ? )

សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ពួកគេ​ស្ថិត​នៅ​ទន្លេ​យ័រដាន់ កាល​ព្រះយេស៊ូវ​បាន​យាង​មក​ទទួល​បុណ្យ​ជ្រមុជទឹក ។

  • ហេតុអ្វី​បាន​ជា​យ៉ូហាន​ដំបូង​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​ព្រះអង្គ​សង្គ្រោះ ? ( លោក​បាន​ដឹង​ថា តំណែង និង​សិទ្ធិអំណាច​របស់​ព្រះយេស៊ូវ​ គឺ​មហិមា​ជាង​គាត់​ទៅ​ទៀត ) ។

  • យោតាម ខទី ១៥ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​មាន​បន្ទូល​ថា​ទ្រង់​ត្រូវ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​យ៉ាង​ដូច្នេះ ? ( « ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង » ។ សូម​សរសេរ ឃ្លា​នេះ​លើ​ក្ដារ​ខៀន​ក្បែរ ហេតុអ្វី ? )

  • តើ​អ្នក​គិត​ថា ឃ្លា​នេះ​មាន​អត្ថន័យ​យ៉ាងណា ?

សូម​ពន្យល់​ថា « ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង » មានន័យ​ថា​ការ​ធ្វើ​គ្រប់​កិច្ចការ​ដែល​ព្រះវរបិតា​សួគ៌​តម្រូវ​ឲ្យ​យើង​ធ្វើ ​ដើម្បី​យើង​អាច​រស់​នៅ​ជាមួយ​នឹង​ទ្រង់​ម្ដង​ទៀត ។ ការណ៍​នេះ​រួម​បញ្ចូលនូវ​ការ​ទទួល​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ ដែល​ព្រះ​តម្រូវ​ឲ្យ​កូនចៅ​ទ្រង់​គ្រប់​រូប​ធ្វើ​ រួម​ទាំង​ព្រះយេស៊ូវ​ផង​ដែរ ។ តាមរយៈ​ការ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ព្រះយេស៊ូវ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ឲ្យ​យើង​ធ្វើ​តាម បាន​បង្ហាញ​ពី​សេចក្តី​រាបសា បាន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតា​ទ្រង់ ហើយ​បាន​ទទួល​ពិធី​បរិសុទ្ធ​មួយ​ដែល​ចាំបាច់ ​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( សូមមើល នីហ្វៃទី ២ ៣១:៤–១១ ) ។

សុំ​ឲ្យ​សិស្ស​ប្រើ​ចម្លើយ​សម្រាប់​សំណួរ​ទាំង​បី​នៅ​លើ​ក្ដារខៀន ដើម្បី​បញ្ជាក់​ពី​គោលលទ្ធិ​មួយ​ដែល​យើង​អាច​រៀន​ពី ម៉ាថាយ ៣:១៣–១៧ ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ បុណ្យជ្រមុជទឹក​ដោយ​ការពន្លិច​ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​សិទ្ធិ​អំណាច​ គឺជា​រឿង​ដ៏​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ។

  • តើ​បុណ្យជ្រមុជទឹក​របស់​អ្នក ប្រៀបផ្ទឹម​គ្នា​នឹង​គំរូ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ដល់​យើង​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ពន្យល់​ថា ម៉ាថាយ ៣:១៦–១៧ ក៏​ជួយ​យើង​ឲ្យ​រៀន​នូវ​គោលលទ្ធិ​អំពី​ក្រុម​ព្រះ​ដែរ ។ សុំ​ឲ្យ​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ​ឡើង​វិញ​ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​អ្វី​ដែល​វា​បង្រៀន​អំពី​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​សមាជិក​នៃ​ក្រុម​ព្រះ​មួយ​អង្គៗ​គង់​នៅ​ឯណា​ អំឡុង​ពេល​នៃ​បុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គ​សង្គ្រោះ ? ( ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅ​ក្នុង​ទន្លេ​យ័រដាន់ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ទ្រង់​ដូច​ជា​សត្វ​ព្រាប ហើយ​ព្រះវរបិតា​បាន​មាន​បន្ទូល​មក​ពី​ស្ថានសួគ៌ ។ អ្នក​អាច​ពន្យល់​ថា តាម​ពិត​ទៅ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​បាន​ប្រែ​ជា​សត្វ​ព្រាប​ទេ ។ ផ្ទុយ​ទៅ​វិញ សត្វ​ព្រាប​គឺជា​សញ្ញា ឬ​ជា​និមិត្តរូប​មួយ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះយេស៊ូវ ) ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​គោលលទ្ធិ​អ្វីខ្លះ​ដល់​យើង​អំពី​ក្រុម​ព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​ គឺជា​តួអង្គ​បី​អង្គ​ដាច់​ដោយ​ឡែក​ពី គ្នា ) ។

សូម​ចង្អុល​បង្ហាញ​ថា មាន​មនុស្ស​ជាច្រើន​ពុំ​មាន​ចំណេះដឹង​ដ៏​ត្រឹមត្រូវ ឬ​ពេញលេញ​អំពី​ក្រុម​ព្រះ​ឡើយ ។ កាល​ណា​យើង​យល់​ពី​លក្ខណៈ​ពិត​នៃ​ក្រុម​ព្រះ​កាន់​តែ​ច្រើន នោះ​យើងនឹង​​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ធំធេង​ចំពោះ​ពួក​ទ្រង់ ហើយយើង​នឹង​រៀបចំ​ខ្លួន​បង្រៀន ហើយ​ធ្វើ​ទីបន្ទាល់​អំពី​ពួក​ទ្រង់​ដល់​មនុស្ស​ដទៃ​ទៀត​កាន់​តែ​ប្រសើរ​ឡើង ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​ចំណេះដឹង​មួយ​កាន់​តែ​ប្រសើរ​ឡើង​អំពី​អត្តសញ្ញាណ​នៃ​សមាជិក​មួយ​អង្គៗ​​របស់​ក្រុម​ព្រះ សូម​បំបែក​ពួកគេ​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ហើយ​សុំ​ឲ្យ​ពួកគេ​រក​មើល​ពាក្យ « ព្រះ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ សម្រាប់​គ្រប់​ក្រុមទាំងអស់ សូម​ចាត់​តាំងសិស្ស​ម្នាក់ៗ​​ក្នុង​ចំណោម​សិស្ស​ទាំង​បី​នាក់​នោះ​ធ្វើ​ជា​សមាជិក​ម្នាក់​របស់​ក្រុម​ព្រះ ។ សុំ​ឲ្យ​សិស្ស​អានមេរៀន​ខាងដើម ​រក​មើល​ព័ត៌មាន​អំពី​សមាជិក​ដែល​ពួកគេ​បាន​ទទួល​ការ​ចាត់តាំង ។ លុះ​ដល់​ពេល​កំណត់​ហើយ សុំ​ឲ្យ​សិស្ស​បង្រៀន​ដល់​ក្រុម​របស់​ខ្លួន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ ហើយ​ពន្យល់​ពី​ហេតុផល​ដែល​សេចក្ដី​ពិត​ទាំងនោះ​គឺជា​រឿង​ដ៏​សំខាន់​ដែល​យើង​ត្រូវ​ដឹង ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​ដល់​សិស្ស​ដទៃទៀត ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ៣:១១ ។ « ទ្រង់​នឹង​ជ្រមុជ​ទឹកឲ្យអ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង »

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពិភាក្សា​ពី​អត្ថន័យ​នៃការបាន​ជ្រមុជទឹក​ដោយ​ភ្លើង ៖

« យើង​ត្រូវ​បាន​បញ្ជា និង ណែនាំ​ឲ្យ​រស់នៅ​ដូច្នោះ ដើម្បី​ឲ្យ​ស្ថានភាព​ធ្លាក់​ចុះរបស់​យើង​ត្រូវ​ប្ដូរ​តាមរយៈ​អំណាច​បន្សុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​បង្រៀន​ថា បុណ្យ​ជ្រមុជ​នៃភ្លើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ‹ បាន​ប្រែចិត្ត [ យើង ] ឲ្យ​ជឿ​ពី​ភាព​ខាង​សាច់ឈាម ទៅ​ភាព​ខាង​វិញ្ញាណ ។ វា​លាង​សម្អាត ព្យាបាល និង ធ្វើ​ឲ្យ​ព្រលឹង​បាន​បរិសុទ្ធ ។ … សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ទឹក​ទាំង​អស់នោះ​គឺជា​លក្ខខណ្ឌដំបូង និង ត្រូវការ​ជាមុន​​ចំពោះ​វា ប៉ុន្ដែ [ បុណ្យ​ជ្រមុជ​ដោយ​ភ្លើង ] គឺជា​ការបំពេញ​មួយ ។ ដើម្បី​ទទួល​បាន [ បុណ្យ​ជ្រមុជ​ដោយ​ភ្លើង​នេះ ] គឺ​ដើម្បី​ឲ្យ​សំលៀក​បំពាក់​របស់​មនុស្ស​ម្នាក់​ត្រូវ​បាន​សម្អាត​នៅក្នុង​ព្រះលោហិត​ដ៏​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ › (  និពន្ធ​ដោយ. George J. Romney [ ឆ្នាំ ​១៩៧៧ ] ទំព័រ ១៣៣, សូមមើល​ផងដែរ នីហ្វៃទី ៣ ២៧:១៩–២០ ) ។

« ហេតុដូច្នេះ​ហើយ នៅពេល​យើង​ត្រូវ​បាន​កើត​ម្ដងទៀត ហើយ​តស៊ូ​ដើម្បី​ឲ្យ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជានិច្ច នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បន្សុទ្ធ និង សំអាត​ព្រលឹង​យើង​ដោយសារ​ភ្លើង ( សូម​មើល នីហ្វៃទី ២ ៣១:១៣–១៤, ១៧ ) ។ ទីបំផុត យើង​ត្រូវ​ឈរ​ដោយ​គ្មាន​ប្រឡាក់​អ្វី​​នៅ​ចំពោះ​ព្រះ » ( « Clean Hands and a Pure Heart » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ​២០០៧ ទំព័រ ៨១ ) ។

ម៉ាថាយ ៣:១២ ។ « ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះហស្ដ »

« ពាក្យ ‹ ចង្អេរ ›​ ដែល​បាន​លើក​ឡើង​ក្នុង ម៉ាថាយ ៣:១២ គឺជា​ចង្អេរ​ដែល​ប្រើ​ដើម្បី​ផាត់​ស្រូវ​តាម​ខ្យល់ ។ ការណ៍​នេះធ្វើ​ឲ្យ​ស្រូវ​នៅ​ដាច់​ចេញពី​អង្កាម ។ គ្រាប់​ស្រូវ​នឹង​ធ្លាក់​ទៅ​លើ​ដី​កាល​ខ្យល់​បក់​អង្កាម​យក​ទៅ ។ ក្រោយ​មក​ស្រូវ​ត្រូវ​បាន​ប្រមូល​ទុក​ក្នុង​ជង្រុក ឬ​ឃ្លាំង ហើយ​អង្កាម​ត្រូវ​បាន​យក​ទៅ​ដុត​ចោល ។ យ៉ូហាន បាទីស្ទ​បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​ដែល​នឹង​យាង​មក​បន្ទាប់​ពី​លោក នឹង​ញែក​ពួក​អ្នក​ជឿ​ចេញ​ពី​ពួក​អ្នក​គ្មាន​ជំនឿ​តាម​របៀប​ដូចគ្នា​នឹង​ការ​ញែក​​ស្រូវ​ចេញ​ពី​អង្កាម​ដែរ ( New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ១៧ ) ។

ម៉ាថាយ ៣:១៦ ។ សញ្ញា​ជា​សត្វព្រាប

ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​បាន​លេច​មក​ជា​សត្វ​ព្រាប ​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​យាង​ចុះ​មក​ជា​សត្វ​ព្រាប​បាន​បញ្ជាក់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​គង់​នៅ​គ្រា​នោះ ។ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖

« សញ្ញា​ជា​សត្វ​ព្រាប​ត្រូវ​បាន​បង្កើត​ពី​មុន​ការ​បង្ក​បង្កើត​នៃ​លោកិយ​ទៅទៀត វា​ជា​សាក្សី​មួយ​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អារក្ស​ពុំ​អាច​មក​ជា​សញ្ញា​ជា​សត្វ​ព្រាប​បាន​ឡើយ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​តួអង្គ​មួយ​អង្គ ហើយ​មាន​ទ្រង់ទ្រាយ​ជា​មនុស្ស ។ ទ្រង់​ពុំ​បាន​បង្ខាំង​ខ្លួន​ទៅ​ជា ទ្រង់ទ្រាយ នៃ​សត្វព្រាប​ទេប៉ុន្តែ​ជា សញ្ញា នៃ​សត្វ​ព្រាប ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​អាច​ប្រែ​ទៅ​ជា​សត្វ​ព្រាប​ឡើយ ប៉ុន្តែ​សញ្ញា​ជា​សត្វ​ព្រាប​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​យ៉ូហាន​ដើម្បី​បញ្ជាក់​ពី​សេចក្ដីពិត​នៃ​ទង្វើ សត្វ​ព្រាប​គឺជា​និមិត្តរូប ឬ​តំណាង​ឲ្យ​សេចក្ដី​ពិត និង​ចិត្ត​បរិសុទ្ធ » ( [ ឆ្នាំ​ ២០០៧ ] ទំព័រ ៨១ ) ។

ម៉ាថាយ ៣:១៣-១៧ ។ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​ គឺជា​តួអង្គ​បី​អង្គ​ដាច់​ដោយ​ឡែក​ពីគ្នា

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​សមាជិក​នៃ​ក្រុម​ព្រះ​គឺ​តែ​មួយ ប៉ុន្តែ​ក៏​ជា​តួអង្គ​ដាច់​ដោយ​ឡែក​ពី​គ្នា​ផងដែរ ៖

« យើង​ជឿ​លើ​តួអង្គ​នៃ​ក្រុមព្រះ​ទាំង​បី​អង្គ​ ដែល​រួម​គ្នា​ជា​ក្រុម​ព្រះ​តែមួយ​ដែល​មាន​គោលបំណង លក្ខណៈ ទីបន្ទាល់ បេសកកម្ម​តែមួយ ។ … ខ្ញុំ​គិត​ថា​ វា​ត្រឹមត្រូវ​ដើម្បី​និយាយ​ថា​យើង​ជឿ​ថា ពួក​ទ្រង់​​ព្រះទ័យតែ​មួយ​ក្នុង​គ្រប់​កិច្ចការ​ដ៏​សំខាន់ និង អស់កល្បជានិច្ច ប៉ុន្តែ សូម​កុំ​ជឿ​ថា​ពួក​ទ្រង់​គឺ​ជា​តួអង្គ​បី ដែល​រួម​ចូល​គ្នាតែ​មួយ​ឡើយ ជំនឿ​ដែល​ថា​ពួកទ្រង់គឺជាត្រៃទេព​ជា​តួអង្គ​តែ​មួយ​ពុំ​មាន​ឡើយ​នៅក្នុង​ព្រះគម្ពីរ​ដោយ​សារ​វា​មិន​ពិត​ទេ ( « The Only True God and Jesus Christ Whom He Hath Sent » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​ ២០០៧ ទំព័រ ៤០) ។

អែលឌើរ ហូឡិន​ បាន​ពន្យល់​បន្ថែម​ទៀត​ថា ហេតុផល​មួយ​សម្រាប់​ការ​ភ័ន្ត​ច្រឡំ​អំពី​លក្ខណៈ​នៃ​ក្រុម​ព្រះ​គឺ​ថា អំឡុង​ពេល​ការ​​ក្បត់​សាសនា​ដ៏​ធំ « ពួក​បព្វជិត ពួក​ទស្សន​វិទូ និង ពួក​ឥស្សរជន​ខាង​សាសនា » បាន​ជជែក​ពិភាក្សា​គ្នា​អំពី​លក្ខណៈ​នៃ​ក្រុម​ព្រះ ហើយ​នៅ​ទី​បំផុត​បាន​សម្រេច​ចិត្ត​ថា ព្រះ​គឺជា​អង្គ​ដ៏​អាថ៌កំបាំង ហើយ​មិន​អាច​យល់​បាន ( សូម​មើល « The Only True God and Jesus Christ Whom He Hath Sent » ទំព័រ ៤០–៤១ ) ។