បណ្ណាល័យ
មេរៀនទី ៩ ៖ ម៉ាថាយ ៥:១-១៦


មេរៀនទី ៩

ម៉ាថាយ ៥:១-១៦

សេចក្ដីផ្ដើម

ម៉ាថាយ ៥–៧ កត់ត្រា​ការ​បង្រៀន​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នៅ​ឯ​ការ​ចាប់ផ្ដើម​ការ​ងារ​បម្រើ​របស់​ទ្រង់ ។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទេសនកថា​នៅ​លើ​ភ្នំ ។ ម៉ាថាយ ៥:១–១៦ កត់ត្រា​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​គោលការណ៍​ដែល​នាំ​ទៅ​រក​សុភមង្គល ។ ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បង្គាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​គំរូ​សុចរិត​មួយ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ៥:១-១២

ព្រះអង្គ​សង្គ្រោះ​ចាប់ផ្ដើម​ទេសនកថា​នៅ​លើ​ភ្នំ​ដោយ​បង្រៀន​ពី​ក្រឹត្យវិន័យ​មាស ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ តើ​អ្នក​សប្បាយ​ចិត្ត​ទេ ? ហេតុអ្វី​សប្បាយចិត្ត ឬ ហេតុអ្វី​មិន​សប្បាយ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត ( ឬ​សរសេរ​នៅក្នុងសៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ) ថាតើ​ពួកគេ​នឹង​ឆ្លើយតប​សំណួរ​ទាំងនេះយ៉ាង​ដូចម្ដេច ។ ( អ្នក​គួរ​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​ត្រូវ​ចែកចាយ​ចម្លើយ​ពួកគេ​ជាមួយ​នឹង​សិស្ស​ដទៃ​ទៀត ) ។

ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ជាញឹកញាប់ណាស់ យើងត្រូវជាប់ក្នុងការបំភាន់ថា មានអ្វីមួយដែលនឹងនាំយើងឲ្យមានសុភមង្គល ប៉ុន្តែ​យើង​មិន​អាច​ឈោង​ចាប់​វា​បាន​ឡើយ រួមមាន ៖ ស្ថានភាពគ្រួសារដ៏ល្អជាងមុន , ស្ថានភាពហិរញ្ញវត្ថុកាន់តែល្អប្រសើរជាងមុន ឬទីបញ្ចប់នៃឧបសគ្គ ។

« … ស្ថានភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ពុំ​សំខាន់ ឬ​កំណត់​សុភមង្គល​របស់​យើង​ឡើយ ។

« … យើង កំណត់​សុភមង្គល​របស់​យើង » ( « Of Regrets and Resolutions » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១២ ទំព័រ ២៣ ) ។

  • តើអ្នកគិតថាឃ្លា « យើង​កំណត់​សុភមង្គល​របស់​យើង » ​មាន​ន័យ​ដូចម្ដេច ? ហេតុអ្វី​វាសំខាន់​ដើម្បី​ដឹងពី​រឿងនេះ ?

សូម​ពន្យល់​ថា កាល​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់ផ្ដើម​ការងារ​បម្រើ​របស់​ទ្រង់ ទ្រង់​បាន​ធ្វើ​ការ​បង្រៀន​មួយ​នៅ​ក្បែរ​សមុទ្រ​កាលីឡេ ។ ជារឿយៗ ការ​បង្រៀន​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ទេសនកថា​នៅ​លើ​ភ្នំ ហើយ​បាន​កត់ត្រា​ទុក​នៅ​ក្នុង ម៉ាថាយ ៥–៧ ។ នៅ​ក្នុងទេសនកថា​នេះ ព្រះអង្គ​សង្គ្រោះ​បាន​ពន្យល់​ពី​អ្វី​ដែល​យើងអាច​ធ្វើ​ដើម្បី​មាន​សុភមង្គល​ពិត មិន​ថា​ស្ថានភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់យើង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​មើល ម៉ាថាយ ៥:៣–១១ ដោយ​ស្ងៀម​ស្ងាត់ រក​មើល​ពាក្យ​ដដែល​ដែល​បាន​លើក​ឡើង​នៅខាង​ដើម​នៃ​ខគម្ពីរ​នីមួយៗ ។ ចូរសុំ​ឲ្យ​សិស្ស​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:៣  ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​អត្ថន័យ​នៃ​ពាក្យ មាន​ពរ ។

  • តើ​ពាក្យ មាន​ពរ មានន័យ​ដូច​ម្ដេច ?

សូម​ពន្យល់​ថា ដោយសារ​ពាក្យ មាន​ពរ បក​ប្រែ​មក​ពី​ពាក្យ​ឡាតាំង beatus ដែល​មាន​ន័យ​ថា មាន​សំណាង ឬ​រីករាយ ខគម្ពីរ​ទាំងនេះ​ត្រូវបាន​ហៅ​ជាទូទៅ​ថា​ក្រឹត្យវិន័យ​មាស ។

ចូរ​ឲ្យ​សំណៅ​នៃ តារាង​ខាង​ក្រោម​ដល់​សិស្ស​ម្នាក់ៗ ។ សូម​ចង្អុល​បង្ហាញ​ថា បន្ថែម​ពី​លើ​ខគម្ពីរ​ដែល​មាន​នូវ​ក្រឹត្យវិន័យ​មាស​នៅ​ក្នុង ម៉ាថាយ ៥តារាង​នេះ​មាន​សេចក្ដី​យោង​ចំនួន​ពីរ​ទៅ​នឹង នីហ្វៃទី ៣ ។ សេចក្ដី​យោង​ទាំង​នេះ​គឺជា​ផ្នែក​នៃ​ការ​បង្រៀន​មួយ​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ពេលទ្រង់បំពេញ​ការងារ​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ទេសនកថា​នៅ​លើ​ភ្នំ​ដែរ ។ សេចក្ដី​យោង​នៅ​ក្នុង នីហ្វៃទី ៣ ផ្ដល់​នូវ​ការ​យល់​ដឹង​យ៉ាង​អស្ចារ្យពី​វគ្គ​បទគម្ពីរ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង ម៉ាថាយ ៥ ។

រូបភាព
handout, Beatitudes

ក្រឹត្យវិន័យ​មាស

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៩

ម៉ាថាយ ៥:៣, នីហ្វៃទី ៣ ១២:៣

ការ​មាន​សេចក្តី​កម្សត់​ខាង​ឯ​វិញ្ញាណ​មាន​ន័យ​ថា ការ​បន្ទាប​ខ្លួន និង « ការ​ទទួល​ស្គាល់​​ដោយ​ដឹងគុណ​ចំពោះ​ការ​ពឹង​ផ្អែក [ របស់​យើង ] ​លើ​ព្រះអម្ចាស់—យល់​ថា [ យើង ]​ មានសេចក្តី​ត្រូវការ​​ការផ្គត់ផ្គង់​ពី​ទ្រង់​ជាប់​ជានិច្ច ។ ការ​បន្ទាប​ខ្លួន​គឺជា​ការ​ទទួល​ស្គាល់​ថា ទេពកោសល្យ និង សមត្ថភាព ​[ របស់​យើង ] ​គឺជា​អំណោយទាន​មក​ពី ព្រះ » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ២៥) ។

ម៉ាថាយ ៥:៤

ការ​យំសោក​គឺជា​អារម្មណ៍ ឬ​ការ​បង្ហាញ​អារម្មណ៍​សោកសៅ ។ មនុស្ស​ម្នាក់​អាច​យំសោក​ដោយសារ​ការ​លំបាក និង ការ​សាកល្បង​នៃ​ជីវិត​រមែង​ស្លាប់ រួម​ទាំង​សេចក្ដី​ស្លាប់​នៃ​មនុស្ស​ជាទីស្រឡាញ់​ផងដែរ ។ ដូចគ្នា​នេះ​ដែរ មនុស្ស​ម្នាក់​ក៏​អាច​យំសោក​ដោយសារ​តែ​ភាពសោកសៅ​នៃ​អំពើ​បាប ។

ម៉ាថាយ ៥:៥

« “ភាព​ស្លូតត្រង់ ដូច​ដែល​បាន​ឲ្យ​និយមន័យ​នៅ​ក្នុង​វចនានុក្រម Webster គឺ​ជា ‹ ការ​បង្ហាញ​ភាព​អត់ធ្មត់ និង ការ​អត់ទ្រាំ​ដ៏​យូរ ដោយ​ស៊ូទ្រាំរង​របួស​ដោយ​គ្មានការសោកស្តាយ › [Webster’s Third New International Dictionary ( ឆ្នាំ​១៩៧៦ ) ‹ meek › ទំព័រ ១៤០៣ ] ។ ភាព​ស្លូតត្រង់​ពុំ​មែន​ជា​ភាពទន់ខ្សោយ​នោះ​ទេ ។ វា​គឺជា​ស្លាក​ឈ្មោះ​នៃ​ភាព​ក្លាហាន​របស់​ពួក​គ្រីស្ទាន » ( រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship », EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៣ ) ។

ម៉ាថាយ ៥:៦, នីហ្វៃទី ៣ ១២:៦

ការ​ស្រេកឃ្លាន​នូវ​សេចក្ដី​សុចរិត​បញ្ជាក់​ពី​បំណង​ប្រាថ្នា​ដ៏​ធំធេង​មួយ​ដើម្បី​ដឹង ហើយ​ធ្វើ​តាម​ព្រះទ័យ​នៃ​ព្រះ ។

ម៉ាថាយ ៥:៧

« ចិត្ត​មេត្តា​ករុណា​ គឺជា​ការ​ព្យាបាល​មនុស្ស​ម្នាក់​ដោយ​ចិត្ត​អាណិត​អាសូរ​លើស​ពី​អ្វី​ដែលបុគ្គល​នោះសម​នឹង​ទទួល​បាន » (« Mercy » Gospel Topics lds.org/topics ) ។ យើង​អាច​ទទួល​បាន​សេចក្ដី​មេត្តា​ករុណាពីព្រះវរបិតា​សួគ៌​​ដោយសារ​តែ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល អាលម៉ា ៣៣:១១ ) ។

ម៉ាថាយ ៥:៨

« អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​គឺជា​ជន​ដែល​ស្រឡាញ់​ព្រះអម្ចាស់ ខិតខំ​ធ្វើ​តាម​ទ្រង់ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ជា​ជន​ដែល​កំពុង​ព្យាយាម​រស់​នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​គុណធម៌ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុងបំផុត​ដោយ​ស្មោះត្រង់ ។ អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​គឺជា​ជន​ដែល​គ្រប់គ្រង​គំនិត​ខ្លួន​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សេរីភាព​ពី​ចំណង់​ប្លែកៗ និង ទង្វើ​អសីលធម៌​នានា » ( សែលដុន អែហ្វ ឆាល « Words of Jesus: Chastity » Ensign ខែ​មករា ឆ្នាំ​ ២០០៣ ទំព័រ ៤៤ ) ។

ម៉ាថាយ ៥:៩

« [ ការ​ផ្សះផ្សា ] ​គឺជា​អំណោយទានដើម្បី​ជួយ​មនុស្ស ឲ្យ​រក​ឃើញ​ចំណុច​រួម ពេល​មនុស្ស​ដទៃ​ទៀត​កំពុង​មើល​ឃើញ​ពី​ភាព​ខុស​គ្នា » ( ហិនរី ប៊ី អាវរិង « Learning in the Priesthood » EnsignLiahona ខែ​ឧសភា ឆ្នាំ​ ២០១១ ទំព័រ ៦៣ ) ។

ម៉ាថាយ ៥:១០–១២

ការ​ត្រូវ​បាន​គេ « បៀតបៀន​ដោយ​ព្រោះ​សេចក្ដី​សុចរិត » មានន័យ​ថា ការ​យល់​ព្រម​គោរព​តាម ហើយ​ការ​ពារ​ព្រះយេស៊ូវ​គ្រីស្ទ និង ការ​បង្រៀន​របស់​ទ្រង់ សូម្បី​តែ​ពេល​យើង​ត្រូវបាន​គេ​សើច​ចំអកឲ្យ ឬ​ធ្វើ​បាប​ដោយ​សារ​តែ​ការ​ធ្វើ​ដូច្នោះ​ក្ដី ។

សូម​បំបែក​សិស្ស​ជា​ប្រាំបី​ក្រុម ហើយ​ចាត់​ឲ្យក្រុម​នីមួយៗ​នូវ​ក្រឹត្យវិន័យ​មាស​មួយ​ដែល​មាន​នៅ​ក្នុង​តារាង ( ប្រសិន​បើ​អ្នក​គ្មាន​សិស្ស​គ្រប់​គ្រាន់​ដើម្បី​បង្កើត​ជា​ប្រាំបី​ក្រុមទេ សូម​ពិចារណា​ចាត់​ក្រឹត្យវិន័យ​មាស​លើស​ពី​មួយ​ដល់​ក្រុម​នីមួយៗ ) ។ សូម​អញ្ជើញ​សិស្ស​រៀបចំ​បទឧទ្ទេសនាម​ខ្លី​មួយ​អំពី​ក្រឹត្យវិន័យ​មាស​ដែល​ពួកគេ​បាន​ទទួល ។ ពួកគេ​គួរ​ដាក់​បញ្ចូល​សកម្មភាព​ខាងក្រោម​នេះ​នៅ​ក្នុង​បទឧទ្ទេសនាម​របស់​ពួកគេ ( អ្នក​គួរ​សរសេរ​សេចក្ដី​ណែនាំ​ទាំងនេះ​នៅ​លើ ក្ដារ​ខៀន ឬ​បង្កើត​ជា​ឯកសារ​យោង​មួយ ) ៖

  1. សូម​អញ្ជើញ​មិត្ត​រួម​ថ្នាក់​ម្នាក់​អាន​ខគម្ពីរ​ឮៗ ហើយ​រៀបរាប់​ពី​ពរជ័យ​ដែល​យើង​ទទួល​បាន​តាម​រយៈ​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​មាស​នោះ ។

  2. ដោយ​ប្រើ​ខគម្ពីរ​នេះ និង​ព័ត៌មាន​នៅ​ក្នុង​តារាង សូម​ពន្យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា ។

  3. សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ណែនាំ​ពី​វិធី​ជាក់លាក់​ដែល​យើង​អាច​រស់នៅ​ឲ្យ​ស្រប​នឹង​ក្រឹត្យវិន័យ​មាស​នេះ ។

  4. សូម​ពន្យល់​ពី​របៀប​ដែល​ការរស់នៅ​ស្រប​តាម​បទប្រទានពរ​នេះ​អាច​នាំ​សុភមង្គល​ដល់​យើង ។ អ្នក​ក៏​គួរ​ចែកចាយ​បទពិសោធន៍​មួយ​ដែលឆ្លុះបញ្ចាំង​ពី​សេចក្ដី​ពិត​ដែល​អ្នក​បាន​បង្រៀន រួម​ទាំង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​នោះ​ផងដែរ ។

លុះ​ដល់​ពេល​កំណត់​ហើយ សុំ​ឲ្យ​ក្រុម​នីមួយៗ​ធ្វើ​បទ​ឧទ្ទេសនាម​ដល់​សិស្ស​ក្នុង​ថ្នាក់​ពី​បទប្រទានពរ​ដែល​ពួកគេ​ទទួលបាន ។

ក្រោយ​ពី​សិស្ស​បាន​បញ្ចប់​បទ​ឧទ្ទេសនាម សូម​ចង្អុល​បង្ហាញ​ថា បទប្រទានពរបង្រៀន​អំពី​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​តាមរយៈ​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​ទាំងនេះ​ នោះយើង​អាច​ប្រែក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។

  • យោងតាម​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ម៉ាថាយ ៥តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​យើង កាល​​យើង​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ទាំងនេះ និង​លក្ខណៈ​ផ្សេង​ទៀត ? ( ទោះបី​ជា​ពួកគេ​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា​ក៏ដោយ សិស្ស​ទាំងឡាយ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ នៅពេល​យើង​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ យើងឃើញ​ថា​សុភមង្គល​នឹង​កើន​ឡើង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​នេះ ។ សូម​រំឭក​សិស្ស​អំពី សំណួរ​ទាក់ទង​នឹង​សុភមង្គល​ ​ដែល​ពួកគេ​បាន​សញ្ជឹង​គិត​នៅ​ដើម​មេរៀន​នេះ ។ សូម​អញ្ជើញ​សិស្ស​ស្វែង​រក​សុភមង្គល​ដ៏​ធំធេង​ដោយ​ជ្រើស​រើស​បទប្រទានពរ​មួយ​ដែល​មាន​នៅ​ក្នុង​ក្រឹត្យវិន័យ​មាស​ដែល​មាន​រាយ​ក្នុង​បញ្ជី រួច​ដាក់​គោលដៅ​មួយ​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​នោះ ។

ម៉ាថាយ ៥:១៣–១៦

ព្រះយេស៊ូវគ្រីស្ទ​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​គំរូ​សុចរិត

ចូរសុំ​ឲ្យ​សិស្ស​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដូចជា​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់ ដែល​អាច​ទទួល​ពរ​ដោយ​ការ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ ។ នៅ​ពេល​សិស្ស​បន្ត​សិក្សា ម៉ាថាយ ៥សុំ​ឲ្យ​ពួក​គេ​រក​មើល​គោលការណ៍​ដែល​អាច​ដឹកនាំ​ពួកគេ នៅ​ពេល​ពួកគេ​ព្យាយាម​ជួយ​មនុស្ស​ម្នាក់​នេះ ។

សូម​ដាក់​បង្ហាញ​កំប៉ុង​អំបិល​មួយ ហើយ​ចាក់​អំបិល​បន្តិច​ទៅ​ក្នុង​ចាន ។

  • តើ​អំបិល​មាន​ប្រយោជន៍​យ៉ាង​ណា​ដែរ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​របស់​អែលឌើរ ខាឡូស អ៊ី អេសេ នៃ​ពួក​ចិតសិប​នាក់ ៖ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​កិច្ចការ​មួយ​ចំនួន​ដែល​ប្រើប្រាស់​អំបិល​ ៖

រូបភាព
អែលឌើរ ខាឡូស អ៊ី អេសេ

« [ អំបិល​ល្អ ] … ស្អាត សុទ្ធ គ្មាន​សារជាតិ​ពុល ហើយ​មាន​ប្រយោជន៍ ។ នៅ​ក្នុង​ស្ថានភាព ឬ​លក្ខខណ្ឌ​នេះ អំបិល​នឹង​ការ​ពារ ផ្ដល់​រសជាតិ ព្យាបាល ហើយ​ធ្វើ​មុខងារ​ដ៏​មាន​ប្រយោជន៍​ផ្សេង​ទៀត » (« Salt of the Earth: Savor of Men and Saviors of Men » Ensign ខែ​ ឧសភា ឆ្នាំ​ ១៩៨០ ទំព័រ ៤២ ) ។

សូម​អញ្ជើញ​សិស្ស​អាន ម៉ាថាយ ៥:១៣ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថាតើ​​ព្រះអង្គ​សង្គ្រោះ​ប្រៀប​ផ្ទឹម​​អំបិលទៅនរណា ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បានប្រៀប​ប្រដូច​អំបិល​ទៅ​​នរណា​ដែរ ? ( ពួក​សិស្ស​របស់​ទ្រង់ ) ។

  • តើ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​លក្ខណៈ​សម្បត្តិ​ដូចគ្នា​នឹង​អំបិល​ល្អ​តាម​របៀប​ណា ?

  • យោង​តាម ខ​ទី ១៣តើ​មាន​អ្វី​កើត​ឡើង កាល​អំបិលបាត់បង់រស់​ជាតិ​ប្រៃ ?

សូម​ពន្យល់​ថា ពាក្យ ជាតិ​ប្រៃ ពុំ​មែន​សំដៅ​តែ​លើរសជាតិ​របស់​អំបិល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅ​លើ​គុណសម្បត្តិ​ដាច់​ដោយ​ឡែក ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ភ្នាក់ងារ​ព្យាបាល និង ការពារ​ផងដែរ ។

  • តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យអំបិល​បាត់​បង់​រសជាតិ​ប្រៃ ? ( អំបិល​បាត់​បង់​ជាតិ​ប្រៃ ពេល​វា​លាយ​នឹង​សារធាតុ​ផ្សេង​ទៀត ហើយ​ទៅ​ជា​កខ្វក់ ) ។

សូម​ចាក់​សារធាតុ​ផ្សេង​ទៀត ដូចជា​ដី ចូល​ទៅ​ក្នុង​ចាន ហើយ​លាយ​អំបិល និង សារធាតុ​ផ្សេង​ទៀត​បញ្ចូល​គ្នា ។

  • តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ប្រយោជន៍​របស់​អំបិល កាល​វា​លាយ​បញ្ចូល​គ្នា​នឹង​សារធាតុ​ផ្សេងទៀត ?

  • ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ តើ​អ្វី​ទៅ​ដែល​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ប្រៃ​របស់​យើង ឬ​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ ​ដែល​អនុញ្ញាត​ឲ្យ​យើង​ក្លាយ​ជា​ទៅ​ពរជ័យ​មួយ​សម្រាប់​មនុស្ស​ដទៃ​ទៀត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​គោលការណ៍​ខាង​ក្រោម​នេះ ៖ ការ​មាន​ភាព​កខ្វក់​ដោយ​អំពើបាប​នៃ​លោកិយ អាច​រារាំង​យើង​មិន​ឲ្យ​ធ្វើ​ជា​ពរជ័យ​មួយ​សម្រាប់​មនុស្ស​ដទៃទៀត ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​យើងអាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​ទុក ឬ​ទទួល​បាន​ជាតិប្រៃ​របស់​យើង​មក​វិញ ?

សូម​ដាក់​បង្ហាញ​ចង្កៀង​មួយ ( កុំ​បញ្ឆេះ​វា ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៥:១៤-១៦ ឲ្យ​ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថាតើ​ព្រះអង្គ​សង្គ្រោះ​ប្រៀប​ផ្ទឹម​ពួកសិស្ស​របស់​ទ្រង់​ទៅ​នឹង​ចង្កៀង​តាម​របៀប​ណា ។

  • តើ​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​ពន្លឺ​របស់​ពួកគេ ?

  • តើ​ឃ្លា​ដែល​ចែង​ថា ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា​បាន​ភ្លឺ មាន​ន័យ​ដូចម្ដេច ? ( សូមមើល នីហ្វៃទី ៣ ១៨:២៤ ) ។

  • តើ​កិច្ចការ​ល្អៗ​របស់​យើង​នឹង​ដឹកនាំ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូម​ពន្យល់​ថា នៅ​ក្នុង​ចំណោម​រឿង​ផ្សេង​ទៀតឃ្លា « សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ » ( ខទី ១៦ ) មានន័យ​ថា ការ​ថ្វាយ​ការ​សរសើរ និង ការ​គោរព​ដល់​ព្រះ​តាមរយៈ​ពាក្យ​សម្ដី ឬ​ទង្វើ ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​នៅ​ក្នុង ខទី ១៤–១៦អំពី​របៀប​ដែល​គំរូ​សុចរិត​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដទៃទៀត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ គំរូ​សុចរិត​របស់​យើង​អាច​លើក​ទឹក​ចិត្ត​មនុស្ស​ដទៃ​ទៀត​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតា​សួគ៌ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ធ្លាប់​មាន​មនុស្ស​ម្នាក់​បាន​​ធ្វើ​គំរូ​សុចរិត​មួយ ហើយ​វា​បាន​ជួយ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​នឹង​ព្រះវរ​បិតា​សួគ៌​នៅ​ពេល​ណា​ដែរ ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អ្វី​ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​មាន​គំរូ​មួយ​ដ៏​ល្អ​ប្រសើរ​​ដល់​គ្រួសារ និង មិត្ត​របស់​ពួកគេ ។

សូម​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​ដែល​បាន​រក​ឃើញ ហើយ​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នៅ​ក្នុង​មេរៀន​នេះ ។ សូម​សរសេរ​ពាក្យ ចាប់ផ្ដើម ឈប់ និង បន្ត នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​វាយតម្លៃ​ពី​ជីវិត​របស់​ពួកគេ ហើយ​ជ្រើស​រើសយក​រឿង​មួយ​ដែល​ពួកគេ​អាច​ចាប់ផ្ដើម​ធ្វើ រឿង​មួយ​ដែល​ពួកគេ​អាច​ឈប់​ធ្វើ​វា និង​រឿង​មួយ​ដែល​ពួកគេ​អាច​បន្ត​ធ្វើ​ដើម្បី​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ៥:១៤–១៦

សូម​ពន្យល់​ថា ពេញ​មួយ​ឆ្នាំ​សិស្ស​ផ្ដោត​លើ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង​ ២៥ រួម​បញ្ចូល​ទាំង ម៉ាថាយ ៥:១៤–១៦ ។ វគ្គ​ទាំងនេះ​នឹង​ជួយ​ពួកគេ​ឲ្យ​យល់ ហើយ​ពន្យល់​ពី​គោលលទ្ធិ​គ្រឹះ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សេចក្ដី​យោង​នៃ​ចំណេះចំណាន​ខគម្ពីរ​ទាំង ២៥ មាន​នៅ​លើ​ផ្នែក​ខ្នង​នៃ​ប្រដាប់​សៀត​សៀវភៅ​នៃ​ថ្នាក់​សិក្ខាសាលា​សម្រាប់​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​ពន្យល់​ថា « វគ្គ​ចំណេះចំណាន​ខគម្ពីរ​ រួម​បញ្ចូល​ទាំង​ការរកឃើញ ការយល់​ដឹង ការអនុវត្ត និង​ការទន្ទេញ​វា​ឲ្យ​ចាំ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ​វគ្គ​នេះ សុំ​ឲ្យ​ពួកគេ​សូត្រ​វា​ពីរ​បី​ដង​នៅ​ក្នុង​ចិត្ត​ពួកគេ រួច​សូត្រ​ឮៗ​ឲ្យ​មិត្ត​រួម​ថ្នាក់​ម្នាក់​ស្ដាប់ ។ អ្នក​គួរ​ឲ្យ​សិស្ស​ទាំងអស់​សូត្រ​វគ្គ​នេះ​ឮៗ​ នៅ​ពេលចាប់ផ្ដើម ឬ​បញ្ចប់​ថ្នាក់​ម្ដងៗ​នៅ​សប្ដាហ៍​ក្រោយ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ៥:១-១២ ។ «ក្រឹត្យវិន័យ​មាស»

សម្រាប់​ការ​សិក្សា​បន្ថែម​ទៀត​ស្ដីពី​បទប្រទានពរ អ្នក​គួរ​មើល​អត្ថបទ​មួយ​របស់​អែលឌើរ រ៉ូប៊ឺត អ៊ី វ៉េលស៍ នៃ​ពួក​ចិតសិបនាក់​ដែល​មាន​ចំណង​ជើង​ថា « The Beatitudes: Pattern for Coming unto Christ »Ensign ខែ​ធ្នូ ឆ្នាំ​១៩៨៧ ទំព័រ ៨–១១ ) ។

ម៉ាថាយ ៥:១-១២ ។ « មានពរ »

ទាក់ទង​នឹង​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ៥:១-១២ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន ៖

« ការ​ប្រកាស​ទាំងនេះ​របស់​លោក​ចៅហ្វាយ​ ត្រូវ​បាន​គេស្គាល់​នៅ​ក្នុង​អក្សរសាស្ត្រ​នៃ​ពួក​គ្រីស្ទាន​ថាជា​បទប្រទានពរ​ ហើយ​ត្រូវបាន​ពួក​អ្នក​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ហៅ​ថា ការ​រៀបចំ​ខ្លួន​ដ៏​ចាំបាច់​សម្រាប់​ការ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌ ។ សម្រាប់​គោលបំណង​នៃ​ការ​ពិភាក្សា​នេះ ខ្ញុំ​សូម​លើក​ឡើង​ពី​រឿង​ទាំង​នេះ​ថា​ជា​អ្វី​មួយ​ដែល​លើស​ពី​អ្វី​ដែល​វា​ត្រូវ​បាន​បញ្ជាក់​ប្រាប់​ដល់​អ្នក និង​ខ្ញុំ​ទៅ​ទៀត ។ ពិតណាស់ វា​តំណាង​ឲ្យ​ការ​តាក់តែង​សម្រាប់​ជីវិត​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ » (  [ ឆ្នាំ​១៩៧៣ ] ទំព័រ ៥៦–៥៧ ) ។