បណ្ណាល័យ
មេរៀន​ទី ២១ ថ្ងៃ​ទី ៣ ៖ កូរិន​ថូស ទី១ ១–២


មេរៀន​ទី ២១ ៖ ថ្ងៃទី ៣

កូរិន​ថូស ទី១ ១–២

សេចក្ដីផ្ដើម

បន្ទាប់​ពី​បាន​ដឹង​អំពី​បញ្ហា​មួយ​ចំនួន​ដែល​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​បាន​ប្រឈម​មុខ​ហើយ ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួកគេ ហើយ​ទូន្មាន​ពួកគេ​ឲ្យ​លុប​បំបាត់​ការទាស់ទែងគ្នា ហើយ​ឲ្យ​បាន​រួបរួម​គ្នា ។ លោក​ក៏​បាន​ពន្យល់​ថា ព្រះ​ត្រាស់​ហៅ​អ្នក​កម្សោយ និង​អ្នក​ទន់ទាប​ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ថា​រឿងរ៉ាវ​របស់​ព្រះ​អាច​ដឹង ហើយ​យល់​បាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។

កូរិនថូស ទី១ ១:១–១៦

ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ហើយ​ដាស់តឿន​ពួកគេ​ឲ្យ​លុបបំបាត់​ការទាស់ទែងគ្នា ហើយ​ឲ្យ​បាន​រួបរួម​គ្នា

សូម​គិត​អំពី​ក្រុមគ្រួសារ ក្រុម​កីឡា និង ក្រុម​មិត្តភក្ដិ ។

រូបភាព
ក្រុមគ្រួសារ​អង្គុយ​នៅ​លើ​ឆ្នេរខ្សាច់ ក្រុម​បាល់ទាត់ ក្រុម​មិត្ត​ឡើង​ភ្នំ

តើ​អ្វី​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការបែងចែក និង​ការទាស់ទែងគ្នា​នៅ​ក្នុង​ក្រុម​នីមួយៗ​ទាំងនេះ ?

តើ​ការបែងចែក និង​ការទាស់ទែងគ្នា​បែប​នេះ ជះ​ឥទ្ធិពល​លើ​ក្រុមគ្រួសារ ក្រុម​ការងារ ឬ​ក្រុម​មិត្តភក្ដិ​យ៉ាង​ដូចម្ដេច ?

សូម​គិត​អំពី​របៀប​ដែល​ការបែងចែក និង​ការទាស់ទែងគ្នា​ក្នុង​ចំណោម​សមាជិក​របស់​ក្រុម​នីមួយៗ​អាច​ជះ​ឥទ្ធិពល​លើ​សាសនាចក្រ ។

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១ សូម​ស្វែងរក​សេចក្ដីពិត​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស អំពី​ការបែងចែក និង​ការទាស់ទែងគ្នា ។

សូម​ស្វែងរក​ទីតាំង​ក្រុង​កូរិនថូស​នៅ​លើ​ផែនទី​ខាង​ក្រោម​នេះ ៖

រូបភាព
ផែនទី មេឌីទែរ៉ាណេ​ខាង​កើត

អំឡុង​ពេល​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ទីពីរ​របស់​លោក ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កូរិនថូស​នៅ​ប្រទេស​ក្រេក ជា​ទីតាំង​ដែល​លោក​បាន​ប្រកាស​ដំណឹងល្អ ។ មនុស្ស​ជា​ច្រើន​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​នៅ​គ្រា​នោះ ( សូម​មើល កិច្ចការ ១៨:១–១៨ ) ។ ក្រោយ​មក​អំឡុង​ពេល​ប៉ុល​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​អេភេសូរ លោក​បាន​ដឹង​ថា​បញ្ហា​កើតឡើង​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​បណ្ដាល​មក​ពី​អ្នក​ប្រែចិត្ត​ជឿ​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​រក​ជំនឿ​ដើម​របស់​ពួកគេ ហើយ​អនុវត្ត​ការថ្វាយបង្គំ​រូប​ព្រះ ។ ប៉ុល​បាន​សរសេ​សំបុត្រ​ទៅ​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​ដើម្បី​ពង្រឹង ហើយ​រំឭក​ពួកគេ​អំពី​ការតាំងចិត្ត​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ។

យើង​អាន​នៅ​ក្នុង កូរិនថូស ទី១ ១:១–៩ ថា​ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ថា លោក​អរព្រះគុណ​ដល់​ព្រះ​ជំនួស​ពួកគេ សម្រាប់​ព្រះគុណ​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ប្រទានពរ​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ ។

សូម​អាន កូរិនថូស ទី១ ១:១០–១១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​កូរិនថូស​ធ្វើ ។

ដើម្បី​បង្ហាញ​សេចក្ដីពិត​ដែល​មាន​កត់ត្រា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ សូម​ប្រើ​ពាក្យ​ដូច​ខាង​ក្រោម​នេះ​ដើម្បី​បំពេញ​ចន្លោះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ៖ បាន​រួបរួម រំពឹង ការទាស់ទែងគ្នា លុបបំបាត់ ។

ព្រះអម្ចាស់ ____________________ យើង​ដែល​ជា​ពួក​បរិសុទ្ធ​ឲ្យ​បាន ____________________ ហើយ ____________________ ការបែងចែក និង ____________________ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​យើង​ជា​សមាជិក​សាសនាចក្រ​ទទួលបាន នៅ​ពេល​យើង​ពុះពារ​ឲ្យ​បាន​រួបរួម ហើយ​លុបបំបាត់​ចោល​ការបែងចែក និង ការទាស់ទែងគ្នា ?

    2. តើ​អ្នក​ធ្លាប់​បាន​ពរ​ដែល​ជា​លទ្ធផល​នៃ​ការបាន​រួបរួម​នៅ​ក្នុង​ក្រុមគ្រួសារ ថ្នាក់រៀន កូរ៉ុម ឬ​វួដ ឬ​សាខា​នៅ​ពេល​ណា​ខ្លះ ?

    3. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​លុប​បំបាត់​ការបែងចែក និង ការទាស់ទែងគ្នា​នៅ​ក្នុង​សាសនាចក្រ ?

យោងតាម កូរិនថូស ទី១ ១:១២–១៦ សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​បាន​បែងចែក​គ្នា​ជា​ក្រុមៗ ដោយ​ផ្អែក​ទៅ​លើ​ការបកស្រាយ​ផ្សេងៗ​គ្នា​អំពី​គោលលទ្ធិ​នៃ​សាសនាចក្រ ហើយ​ពួកគេ​គាំទ្រ​ទស្សន​នៃ​ការយល់ដឹង​របស់​ខ្លួន​ដោយ​លើក​យក​ប្រសាសន៍​របស់​អ្នក​ដឹកនាំ​ល្បីៗ ។

កូរិនថូស ទី១ ១:១៧–៣១

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​ថា ព្រះ​ត្រាស់​ហៅ​អ្នក​កម្សោយ និង​អ្នក​ទន់ទាប​ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់

នៅ​ជំនាន់​របស់​ប៉ុល ប្រទេស​ក្រេក​បាន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ពួក​រ៉ូម ហើយ​ពួក​ក្រេក​ជាច្រើន​បាន​រស់នៅ​ក្រុង​កូរិនថូស ។ ពួក​ក្រេក​បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គំនិត​ទស្សនវិទ្យា និង​ប្រាជ្ញា​នៃ​លោកិយ ។

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​នរណា​ម្នាក់​ដែល​ឲ្យ​តម្លៃ​លើ​ទស្សនវិទ្យា អាច​នឹង​ឃើញ​ថា​មាន​ការពិបាក​ក្នុង​ការទទួលយក ឬ​រស់នៅ​តាម​ដំណឹងល្អ ។

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១:១៧–៣១ សូម​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​យល់​អំពី​ភាពល្ងង់ខ្លៅ​នៃ​ការពឹងផ្អែក​ទៅ​លើ​ប្រាជ្ញា​នៃ​លោកិយ ។

សូម​អាន កូរិនថូស ទី១ ១:១៧–២២ ដោយ​ស្វែងរក​អ្វី​ដែល​សាវក​ប៉ុល​បាន​បង្រៀន​អំពី​ប្រាជ្ញា​នៃ​លោកិយ និង ប្រាជ្ញា​នៃ​ព្រះ ។ ឃ្លា « ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ » ( កូរិនថូស ទី១ ១:១៩ ) និង « ប្រាជ្ញា​របស់​លោកីយ៍​នេះ » ( កូរិនថូស ទី១ ១:២០ ) សំដៅ​ទៅ​លើ​ប្រពៃណី​ទស្សនវិទ្យា​ដ៏​ខុសឆ្គង​នៅ​ជំនាន់​នោះ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ដែល​ត្រូវ​ដឹង​ថា ប៉ុល​បាន​ប្រើ​ពាក្យ « ឈើឆ្កាង » ( កូរិនថូស ទី១ ១:១៧–១៨ ) ដើម្បី​សំដៅ​ទៅ​លើ​ព្រះជន្ម បេសកកម្ម និង ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​ដែល​មិន​ជឿ ចាត់ទុក​សារលិខិត​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​រឿង​ល្ងង់ខ្លៅ​ទៅ​វិញ ?

សូម​អាន កូរិនថូស ទី១ ១:២៥ ដោយ​ស្វែងរក​អ្វី​ដែល​សាវក​ប៉ុល​បាន​បង្រៀន​អំពី​ប្រាជ្ញា​នៃ​មនុស្ស​លោក ប្រៀបធៀប​ទៅ​នឹង​ប្រាជ្ញា​នៃ​ព្រះ ។ ព្រះ​មិន​មែន​ជា​អង្គ​ដែល​ល្ងង់ខ្លៅ​នោះ​ទេ ហើយ​ទ្រង់​ក៏​មិន​មាន​ភាពទន់ខ្សោយ​ណា​មួយ​ដែរ ។ ប៉ុល​បាន​ប្រើ​ឃ្លា « សេចក្តី​ល្ងង់ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស » រីឯ « សេចក្តី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ » ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រាជ្ញា និង​អំណាច​នៃ​មនុស្ស​លោក​មិន​មែន​ជា​អ្វី​ទាំងអស់​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រាជ្ញា និង ព្រះចេស្ដា​នៃ​ព្រះ ។

សូម​គូស​រង្វង់​លើ​សេចក្ដីពិត​ដែល​ពិពណ៌នា​អំពី​សេចក្ដី ដែល​ប៉ុល​បាន​បង្រៀន​ពួក​កូរិនថូស​អំពី​ប្រាជ្ញា​នៃ​ព្រះ ៖

  • ប្រាជ្ញា​នៃ​ព្រះ​គឺ​អស្ចារ្យ​ជាង​ប្រាជ្ញា​នៃ​មនុស្ស​លោក ។

  • បុគ្គល​ម្នាក់​ពេញ​ដោយ​អំណាច​នៅ​ពេល​គាត់​ឈ្លាសវៃ ។

  • ទីសម្គាល់​ពី​ស្ថានសួគ៌​គឺ​អស្ចារ្យ​ជាង​ប្រាជ្ញា​នៃ​ពួក​ក្រេក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​ការយល់​ថា​ប្រាជ្ញា​នៃ​ព្រះ​គឺ​អស្ចារ្យ​ជាង​ប្រាជ្ញា​នៃ​មនុស្ស​លោក អាច​មាន​អានុភាព​លើ​របៀប​ដែល​បុគ្គល​ម្នាក់​ដែល​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​គាត់​យ៉ាង​ដូចម្ដេច ?

សូម​អាន កូរិនថូស ទី១ ១:២៦–២៧ ដោយ​ស្វែងរក​ថាតើ​នរណា​ដែល​ព្រះ​ជ្រើសរើស​ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះ​ជ្រើសរើស បុគ្គល​ទាំងឡាយ​ណា​ដែល​ពិភពលោក​នេះ​ចាត់ទុក​ថា​ជា​ពួក​ល្ងង់ល្ងើ និង​ពួក​កម្សោយ ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ។

យើង​រៀន​នៅ​ក្នុង កូរិនថូស ទី១ ១:២៨–៣១ ថា​ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​មួយ​ដ៏​ល្អ​ឥតខ្ចោះ​នៃ « ប្រាជ្ញា ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោសលោះ » ( កូរិនថូស ទី១ ១:៣០ ) ហើយ​យើង​គួរតែ​ពេញចិត្ត ឬ​អរសប្បាយ​នៅ​ក្នុង​ទ្រង់ ។

កូរិនថូស ទី១ ២

ប៉ុល​ពន្យល់​អំពី​របៀប​ដែល​យើង​រៀន​រឿងរ៉ាវ​ទាំងឡាយ​អំពី​ព្រះ

សូម​អាន​ដំណើររឿង​ខាង​ក្រោម​ដែល​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ជា​បទពិសោធន៍​ដែល​បាន​កើតឡើង​ពីមុន​លោក​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ខ្ញុំ​បាន​ជិះ​យន្តហោះ​ជាមួយ​នឹង​អ្នក​មិន​ជឿ​លើ​ព្រះ​ម្នាក់ ដែល​បាន​បង្ហាញ​ការឥតជំនឿ​របស់​គាត់​ថា​មិន​មាន​ព្រះ ដូច្នេះ​ខ្ញុំ​ក៏​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ទៅ​កាន់​គាត់​ភ្លាមៗ ។ ខ្ញុំ​បាន​និយាយ​ថា ‹ លោក​យល់​ខុស​ហើយ ពិត​ជា​មាន​ព្រះ​មួយ​ព្រះអង្គ​មែន ។ ខ្ញុំ ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ! ›

« គាត់​បាន​ប្រឆាំង​ថា ‹ លោក​មិន ដឹង នោះ​ទេ ។ គ្មាន​នរណា​ម្នាក់ ដឹង រឿង​បែប​នោះ​ឡើយ ! លោក​មិន​អាច ដឹង នោះ​ទេ ! › នៅ​ពេល​ដែល​ខ្ញុំ​ពុំ​បាន​យល់ស្រប​ជាមួយ នោះ​អ្នក​មិន​ជឿ​លើ​ព្រះ​ដែល​ជា​មេធាវី​រូប​នោះ គាត់​បាន​សួរ​ប្រហែល​ជា​សំណួរ​ចុងក្រោយ​អំពី​ទីបន្ទាល់ ។ គាត់​បាន​និយាយ​ដោយ​ចំអក និង​មើលងាយ​ថា ‹ អញ្ជឹង លោក​និយាយ​ថា​លោក​ដឹង ។ សូម​ប្រាប់​ខ្ញុំ​ថាតើ​លោក​ដឹង តាម​របៀប​ណា ?

« នៅ​ពេល​ខ្ញុំ​ព្យាយាម​ឆ្លើយ​នឹង​សំណួរ​នោះ ទោះជា​ខ្ញុំ​បាន​រៀន​ចប់​កម្រិត​ខ្ពស់​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​ខ្សោយ​ក្នុង​ទំនាក់ទំនង​ដែរ ។ …

« នៅ​ពេល​ខ្ញុំ​ប្រើ​ពាក្យ ព្រះវិញ្ញាណនិង សាក្សីអ្នក​មិន​ជឿ​លើ​ព្រះ​រូប​នោះ​បាន​តប​ថា ‹ ខ្ញុំ​មិន​ដឹង​ថា​លោក​កំពុង​និយាយ​អំពី​អ្វី​នោះ​ទេ › ។ ពាក្យ ការអធិស្ឋាន ការញែកដឹង និង សេចក្តីជំនឿ ពុំ​មាន​ន័យ​អ្វី​សម្រាប់​គាត់​បន្តិច​សោះ​ឡើយ ។ គាត់​ពោល​ថា ‹ លោក​ឃើញ​ទេ លោក​មិន​ដឹង​នោះ​ទេ ។ ប្រសិនបើ​លោក​ដឹង​មែន​នោះ លោក​ប្រាកដ​ជា​អាច​ប្រាប់​ខ្ញុំ ថាតើ​លោក​ដឹង​តាមរបៀប​ណា​បាន​ហើយ › ។

« ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ប្រហែល​ជា​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ដល់​គាត់​ដោយ​មិន​ឆ្លាតវៃ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ » ។ ( « The Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥១ ) ។

ប្រសិនបើ​អ្នក​បាន​ស្ថិត​នៅ​ក្នុង​សា្ថនភាព​នេះ តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ដូចម្ដេច​ទៅ​កាន់​បុរស​ដែល​មិន​ជឿ​លើ​ព្រះ​រូប​នេះ ?

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ២ សូម​ស្វែងរក​សេចក្ដីពិត​ដែល​នឹង​ជួយ​អ្នក​យល់​អំពី​មូលហេតុ​ដែល​បុរស​នេះ​ពុំ​អាច​យល់​ប្រសាសន៍​របស់​ប្រធាន ផាកកឺ បាន និង មូលហេតុ​ដែល​អ្នក​អាច​មាន​ការទុកចិត្ត​លើ​ចំណេះដឹង​របស់​អ្នក​អំពី​បញ្ហា​ខាង​វិញ្ញាណ ។

យើង​អាន​នៅ​ក្នុង កូរិនថូស ទី១ ២:១–៨ ថា​ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ថា លោក​ពុំ​បាន​ប្រើ​ប្រាជ្ញា​នៃ​លោកិយ​ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​អំពី​ភាពពេញលេញ​នៃ​សេចក្ដីពិត​នៃ​ដំណឹងល្អ​នោះ​ទេ ។ លោក​បាន​ពន្យល់​ថា លោក​បាន​បង្រៀន​ពួកគេ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​សេចក្ដីជំនឿ​លើ​ព្រះ ។ ប៉ុល​ក៏​បាន​ប្រាប់​ពួកគេ​ដែរ​ថា ពួក​អ្នក​មិន​ជឿ​ពុំ​អាច​យល់​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ​បាន​ឡើយ ។

សូម​អាន កូរិនថូស ទី១ ២:៩–១៦ ដោយ​ស្វែងរក​មូលហេតុ​ដែល​ប៉ុល​បាន​ថ្លែង​ថា មនុស្ស​មួយ​ចំនួន​អាច​ដឹង ហើយ​យល់ « សេចក្ដី​នៃ​ព្រះ » បាន ( កូរិនថូស ទី១ ២:១០–១១ ) ខណៈ​ពេល​ដែល​មនុស្ស​ដទៃ​ទៀត​ពុំ​អាច​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោងតាម កូរិនថូស ទី១ ២:៩–១០ ហេតុអ្វី​បាន​ជា​ប៉ុល និង មនុស្ស​មាន​ចិត្ត​ស្មោះត្រង់​ដទៃ​ទៀត​យល់​អំពី​សេចក្ដី​ទាំងឡាយ​នៃ​ព្រះ ?

    2. យោងតាម កូរិនថូស ទី១ ២:១៤ ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ពុំ​អាច​យល់​សេចក្ដី​ទាំងឡាយ​នៃ​ព្រះ ?

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ យើង​អាច​ដឹង ហើយ​យល់​អំពី​សេចក្ដី​ទាំងឡាយ​នៃ​ព្រះ​បាន តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ សូម​គិត​ដល់​ការគូសចំណាំ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង កូរិនថូស ទី១ ២:១០–១៤ ដែល​បង្រៀន​អំពី​សេចក្ដីពិត​នេះ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ប្រធាន ផាកកឺ បាន​បញ្ចប់​ដំណើររឿង​របស់​លោក​ដោយ​ប្រាប់​ថា លោក​បាន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​សួរ​បុរស​ដែល​អង្គុយ​ក្បែរ​លោក​ក្នុង​យន្តហោះ​នោះ​ថាតើ​គាត់​ស្គាល់​រសជាតិ​អំបិល​ដែរ​ឬ​ទេ ។

« គាត់​បាន​តប​ថា ‹ ប្រាកដណាស់​ខ្ញុំ​ស្គាល់ › ។

« ‹ តើ​លោក​បាន​ភ្លក់​អំបិល​ចុងក្រោយ​បំផុត​ពេល​ណា ? ›

« ‹ ខ្ញុំ​ទើប​តែ​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​លើ​យន្តហោះ​អម្បាញ់មិញ​នេះ › ។

« ខ្ញុំ​បាន​និយាយ​ថា ‹ លោក​គិត​ថា​លោក​ស្គាល់​រសជាតិ​អំបិល › ។

« គាត់​បាន​និយាយ​យក​ឈ្នះ​ថា ‹ ខ្ញុំ​ស្គាល់​រសជាតិ​អំបិល​ច្បាស់​ដូចជា​ខ្ញុំ​ស្គាល់​អ្វី​គ្រប់​យ៉ាង​អញ្ជឹង​ដែរ › ។ …

« ខ្ញុំ​បាន​និយាយ​ថា ‹ អញ្ជឹង​ឧបមា​ថា​ខ្ញុំ​មិន​ដែល​ភ្លក់​អំបិល​ទាល់តែសោះ សូម​ពន្យល់​អំពី​រសជាតិ​របស់​វា​ឲ្យ​ខ្ញុំ​ដឹង​ផង › ។ …

« ប្រាកដណាស់ បន្ទាប់​ពី​បាន​ព្យាយាម​បីបួន​ដង គាត់​មិន​អាច​ពន្យល់​បាន​នោះ​ទេ ។ គាត់​មិន​អាច​រៀបរាប់​អំពី​បទពិសោធន៍​សាមញ្ញ​នៃ​ការភ្លក់​រសជាតិ​អំបិល​បាន​ដោយ​គ្រាន់តែ​ប្រើ​ពាក្យសម្ដី​នោះ​ទេ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ដល់​គាត់​ម្ដង​ទៀត ហើយ​ពោល​ថា ‹ ខ្ញុំ​ដឹង​ថា​មាន​ព្រះ ។ លោក​បាន​ចំអក​ដាក់​ទីបន្ទាល់​នេះ ហើយ​និយាយ​ថា​ប្រសិនបើ​ខ្ញុំ ពិតជា​បាន ដឹង​មែន​នោះ ខ្ញុំ​នឹង​អាច​ប្រាប់​លោក​យ៉ាង​ប្រាកដ​អំពី របៀប ដែល​ខ្ញុំ​ដឹង ។ សំឡាញ់ និយាយ​ទៅ​តាម​ខាង​វិញ្ញាណ ខ្ញុំ​ធ្លាប់​ភ្លក់​រសជាតិ​អំបិល ។ ខ្ញុំ​មិន​អាច​រៀបរាប់​ដល់​លោក​ដោយ​ប្រើ​ពាក្យ​សម្ដី អំពី​របៀប​ដែល​ចំណេះដឹង​នេះ​កើត​មាន​ឡើង ឲ្យ​បាន​ប្រសើរ​ជាង​លោក​ត្រូវ​ប្រាប់​ខ្ញុំ​អំពី​រសជាតិ​អំបិល​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ទៅ​កាន់​លោក​ម្ដង​ទៀត​ថា មាន​ព្រះ​មួយ​អង្គ ! ទ្រង់​ពិត​ជា​មាន​ព្រះជន្ម​រស់ ! ហើយ​កុំ​ដោយសារ​តែ​លោក​មិន​ដឹង នោះ​លោក​កុំ​ព្យាយាម​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​ដឹង​ឲ្យ​សោះ ព្រោះ​ខ្ញុំ​ពិត​ជា​ដឹង​មែន ! ›

« នៅ​ពេល​យើង​បំបែក​ផ្លូវ​គ្នា​ទៅ ខ្ញុំ​បាន​ឮ​គាត់​ពោល​ពាក្យ​ខ្សឹបៗ​ថា ‹ ខ្ញុំ​មិន​ត្រូវការ​សាសនា​របស់​លោក​ឯង​ធ្វើជា​ទីពំនាក់​នោះ​ទេ ! ខ្ញុំ​មិន​ត្រូវការ​វា​ឡើយ › ។

« ចាប់​ពី​ពេល​មាន​បទពិសោធន៍​នោះ​រៀង​មក ខ្ញុំ​មិន​ដែល​ត្រូវ​ទទួល​រង​ភាពអាម៉ាស់ ឬ​មាន​អារម្មណ៍​អៀនខ្មាស់​ដែល​ខ្ញុំ​មិន​អាច​ពន្យល់​ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​សម្ដី​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ដឹង​តាមរយៈ​ព្រះវិញ្ញាណ​នោះ​ទេ » ( « The Candle of the Lord » ទំព័រ ៥២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​រាយ​បញ្ជី​សេចក្ដី​មួយ​ចំនួន​នៃ​ព្រះ ដែល​អាច​ដឹង ហើយ​យល់​តែ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​ប៉ុណ្ណោះ ។

    2. ហេតុអ្វី​បាន​ជា​សំខាន់​ដែល​យើង​ត្រូវ​ជឿ​ថា យើង​អាច​ដឹង ហើយ​យល់​អំពី​សេចក្ដី​ទាំងឡាយ​នៃ​ព្រះ​បាន តែ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​ប៉ុណ្ណោះ ។

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ដឹង ហើយ​យល់​តាមរយៈ​ព្រះវិញ្ញាណ អំពី​សេចក្ដី​មួយ​នៃ​ព្រះ​ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​នា​ពេល​ឥឡូវ​នេះ ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​នៅ​ពេល​អ្នក​ព្យាយាម​ដឹង ហើយ​ស្គាល់​អំពី​សេចក្ដី​ទាំងឡាយ​នៃ​ព្រះ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ១–២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖