បណ្ណាល័យ
មេរៀន​ទី ២១ ថ្ងៃ​ទី ៤ ៖ កូរិនថូស ទី១ ៣-៦


មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ៤

កូរិនថូស ទី១ ៣-៦

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​ពន្យល់​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​អំពី​តួនាទី​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ការស្ថាបនា​នគរ​ព្រះ ។ លោក​បាន​បង្រៀន​ថា ក្រុមជំនុំ​របស់​ពួកគេ​គឺ​ជា​ទីកន្លែង​ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ ហើយ​លោក​បាន​ជំរុញ​ចិត្ត​ពួកគេ​កុំ​ឲ្យ​គិត​ថា​មនុស្ស​ខ្លះ​ប្រសើរ​ជាង​មនុស្ស​ឯ​ទៀត​ឡើយ ។ មិនតែប៉ុណ្ណោះ ប៉ុល​បាន​ហាមប្រាម​ពួកគេ​ទាស់​នឹង​ការបណ្ដោយ​ខ្លួន​ឲ្យ​ពួក​ទុច្ចរិត​មាន​ឥទ្ធិពល​ទៅ​លើ​ពួកគេ ។ លោក​ក៏​បាន​ព្រមាន​ពួកគេ​ឲ្យ​ចៀសវាង​ពី​ទស្សនវិទ្យា និង​ការអនុវត្ត​អសីលធម៌​នានា​ដែល​ជា​ញឹកញាប់​ឃើញ​មាន​នៅ​ក្រុង​កូរិនថូស ។

កូរិនថូស ទី១ ៣

ប៉ុល​ពន្យល់​អំពី​តួនាទី​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង សមាជិក​សាសនាចក្រ​ក្នុង​ការស្ថាបនា​នគរ​ព្រះ

សូម​ស្រមៃ​ថា​មិត្តភក្ដិ​ម្នាក់​របស់​អ្នក​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​គណិតវិទ្យា​ជាន់​ខ្ពស់​ដូចជា​ការ​គណនា​ពិបាកៗ​ជាដើម ប៉ុន្តែ​ពុំ​បាន​ចូល​រៀន​ថ្នាក់​ត្រៀម​ដូចជា​មូលដ្ឋាន​គ្រឹះ​ពិជគណិត​ឡើយ ។

សូម​ពិចារណា​អំពី​ថាតើ​មិត្តភក្ដិ​របស់​អ្នក នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ថ្នាក់​គណិតវិទ្យា​ពិបាកៗ​បាន​ប៉ុណ្ណា ។ ហេតុអ្វី​បាន​ជា​សំខាន់​ដែល​ត្រូវ​យល់​អំពី​គំនិត​មូលដ្ឋានគ្រឹះ​នៃ​ប្រធានបទ ពីមុន​អ្នក​អាច​យល់​បរិបទ​កាន់តែ​ជ្រៅជ្រះ​បាន ?

សូម​អាន កូរិនថូស ទី១ ៣:១–៣ ដោយ​ស្វែងរក​ការប្រៀបប្រដូច​ដែល​សាវក​ប៉ុល​បាន​ប្រើ ដើម្បី​បង្ហាញ​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ថា ពួកគេ​ពុំ​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​សេចក្ដីពិត​នៃ​ដំណឹងល្អ​បន្ថែម​នៅ​ឡើយ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ទឹក​ដោះ និង​ពាក្យ សាច់ នៅ​ក្នុង កូរិនថូស ទី១ ៣:២ ។

តើ​ឃ្លា « កូន​ខ្ចី​ក្នុង​ព្រះគ្រីស្ទ » នៅ​ក្នុង កូរិនថូស ទី១ ៣:១ ណែនាំ​យ៉ាង​ដូចម្ដេច អំពី​ភាពចាស់ទុំ​ខាង​វិញ្ញាណ​របស់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស ?

សូម​ចងចាំ​ថា​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ពុំ​មាន​ការរួបរួម​គ្នា ហើយ​ថា​ពួកគេ​មួយ​ចំនួន​បាន​ចុះចូល​នឹង​ជំនឿ​ពួក​ផាហ្គិន ( មិន​ជឿ​លើ​ព្រះ ) និង​ការអនុវត្ត​នានា​របស់​ពួកគេ​នៅ​ក្នុង​ការធ្វើតាម​ដំណឹងល្អ​ឡើយ ។ ពួកគេ​បាន​ចាប់ផ្ដើម​បែងចែក​ជា​ក្រុមៗ​អាស្រ័យ​ទៅ​លើ​ការបកស្រាយ​ខុសៗ​គ្នា​ទៅ​លើ​គោលលទ្ធិ​នៃ​សាសនាចក្រ ហើយ​ពួកគេ​បាន​គាំទ្រ​ទស្សន​នៃ​ការយល់ដឹង​របស់​ខ្លួន​ដោយ​លើក​យក​ប្រសាសន៍​របស់​អ្នក​ដឹកនាំ​ល្បីៗ ( សូម​មើល កូរិនថូស ទី១ ១:១០–១៦; ៣:៤ ) ។

សូម​អាន កូរិនថូស ទី១ ៣:៥–៨ ដោយ​ស្វែងរក​ពាក្យ​ប្រៀបធៀប​ដែល​ប៉ុល​បាន​ប្រើ ដើម្បី​ជួយ​ពួក​បរិសុទ្ធ​យល់​អំពី​តួនាទី​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​នាំ​ដំណឹងល្អ​ទៅ​ដល់​ពួក​កូរិនថូស ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​ពាក្យ​ប្រៀបធៀប​របស់​ប៉ុល រួច​សរសេរ​អ្វី​ដែល​អ្នក​គិត​ថា​ប៉ុល​បាន​ព្យាយាម​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស​ជាមួយ​នឹង​ពាក្យប្រៀបធៀប​នេះ ។

សូម​កត់ចំណាំ​នៅ​ក្នុង កូរិនថូស ទី១ ៣:៦–៧ ថាតើ​នរណា​ដែល​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​មនុស្ស​ដែល​នាំ​ទៅ​រក​ការប្រែចិត្តជឿ ។ យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ទោះជា​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្ដី ក៏​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ដែល​មនុស្ស​ប្រែចិត្តជឿ​នោះ ។

សូម​ពិចារណ​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​យើង ដែល​ត្រូវ​យល់​ថា​វា​គឺ​ជា​ព្រះចេស្ដា​របស់​ព្រះ មិនមែន​ជា​អំណាច​របស់​យើង​ទេ ដែល​ប្រែចិត្ត​គេ​ឲ្យ​ជឿ​នោះ ។

នៅ​ក្នុង កូរិនថូស ទី១ ៣:៩–២៣ យើង​រៀន​ថា ប៉ុល​បាន​ជំរុញ​ចិត្ត​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ឲ្យ​ស្ថាបនា​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​គង់​នៅ​ក្នុង​សាសនាចក្រ ។ ប៉ុល​ក៏​បាន​ទូន្មាន​ពួកបរិសុទ្ធ​ផងដែរ​កុំ​ឲ្យ​ពឹងផ្អែក​ទៅ​លើ​ប្រាជ្ញា​លោកិយ ដ្បិត​នោះ​គឺ​ជា « សេចក្តី​ល្ងង់ល្ងើ » ( កូរិនថូស ទី១ ៣:១៩ ) បើ​ប្រៀប​ទៅ​នឹង​ប្រាជ្ញា​នៃ​ព្រះ ។

កូរិនថូស ទី១ ៤

ប៉ុល​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​កុំ​ឲ្យ​គិត​ថា​មនុស្ស​ខ្លះ​ប្រសើរ​ជាង​មនុស្ស​ដទៃ​ទៀត​ឡើយ ។

យោងតាម​ដំបូន្មាន​របស់​ប៉ុល​ដែល​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ៤:១–៣ យើង​ឃើញ​ថា សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​គិត​មិន​បាន​ល្អិតល្អន់​អំពី​មុខងារ​របស់​ប៉ុល​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​អ្នក​ដឹកនាំ​សាសនាចក្រ ។ ពួកគេ​ប្រហែល​ជា​​មាន​មន្ទិល​អំពី​ការសម្រេចចិត្ត​របស់​លោក ឬ បាន​គិត​ថា​មាន​បុគ្គល​ផ្សេង​ទៀត​ក៏​អាច​ធ្វើ​កិច្ចការ​បាន​ល្អ​ប្រសើរ​ជាង​លោក​ដែរ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ៤:៣–៥ ប៉ុល​បាន​បង្រៀន​ថា ព្រះអម្ចាស់​នឹង​ធ្វើ​ការវិនិច្ឆ័យ​លើ​លោក ហើយ​នឹង « យក​អស់​ទាំង​អំពើ​លាក់​កំបាំង … មក​ដាក់​នៅ​ទី​ភ្លឺ​វិញ » ព្រមទាំង « បើក​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង » ( កូរិនថូស ទី១ ៤:៥ ) ។ យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា ទោះ​ជា​មាន​ការវិនិច្ឆ័យ​ពី​មនុស្ស​ណា​ផ្សេង​ទៀត​ក៏​ដោយ ក៏​ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​យើង​យ៉ាង​យុត្តិធម៌​ដែរ ព្រោះ​ទ្រង់​ជ្រាប​គ្រប់​អំពើ​ទាំងអស់​រួមមាន​គំនិត និង ចេតនា​នៃ​ដួងចិត្ត​របស់​យើង​ផង ។

នៅ​ក្នុង កូរិនថូស ទី១ ៤:៦–២១ យើង​រៀន​ថា ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​កុំ​ឲ្យ​សរសើរ​អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់ ហើយ​បន្តុះបង្អាប់​អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់​ទៀត​ឡើយ ។ លោក​ក៏​បាន​បង្រៀន​ពួកគេ​ថា ពួក​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ហៅ​ឲ្យ​រងទុក្ខ​ដោយសារតែ​អំពើ​ទុច្ចរិត​របស់​លោកិយ ។ លោកិយ​វិនិច្ឆ័យ​ពួក​សាវក និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​ថា​ជា « មនុស្ស​ល្ងង់ល្ងើ » ( កូរិនថូស ទី១ ៤:១០ ) ដោយ​ពួកលោក​ស្វែងរក​ព្រះគ្រីស្ទ ។ ក្រោយ​មក​ប៉ុល​បាន​បង្រៀន​ថា នគរព្រះ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ តាមរយៈ​បុគ្គល​ទាំងឡាយ​ដែល​កាន់​កូនសោ​នៃ​បព្វជិតភាព ។

កូរិនថូស ទី១ ៥

ប៉ុល​ហាមប្រាម​ពួក​បរិសុទ្ធ​ទាស់​នឹង​ការគាំទ្រ​ដល់​ជន​ទាំងឡាយ​ណា ដែល​ជ្រើសរើស​ប្រព្រឹត្ត​បាប​ដោយ​ចេតនា

សូម​ស្រមៃ​ថា​អ្នក​មាន​ផ្លែឈើ​ស្រស់​មួយ​ចាន ដែល​មាន​ផ្លែឈើ​មួយ​ផ្លែ​រលួយ ។

រូបភាព
ចាន​ដាក់​ផ្លែស្វាយ

តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​ទុក​ឲ្យ​ផ្លែឈើ​រលួយ​នោះ នៅ​ក្នុង​ចាន​ជាមួយ​ផ្លែឈើ​ដទៃ​ទៀត ?

តើ​ផ្លែឈើ​រលួយ​នោះ​តំណាង​ឲ្យ​អ្វី​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ៥ សូម​ស្វែងរក​សេចក្ដីពិត​នានា ដែល​អាច​ជួយ​អ្នក​ឆ្លើយ​តប​ទៅ​នឹង​ឥទ្ធិពល​នាំ​ឲ្យ​ខូច​ប្រយោជន៍​នានា​នៅ​ក្នុង​ជីវិត​អ្នក ។

សូម​អាន កូរិនថូស ទី១ ៥:១–២ ដោយ​ស្វែងរក​អំពើបាប ដែល​ពួក​បរិសុទ្ធ​កូរិនថូស​ពុំ​បាន​ធ្វើ​សកម្មភាព​វិន័យ​ទាស់​នឹង​អំពើបាប​នោះ ។

ការកំផិត​សំដៅ​ទៅ​លើ​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ។ យើង​ឃើញ​ថា​សមាជិក​ម្នាក់​ក្នុង​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស បាន​ប្រព្រឹត្ត​អំពើបាប​ខាង​ផ្លូវភេទ​ជាមួយ​ម្ដាយ​ចុង​របស់​ខ្លួន ។

ឃ្លា « ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា » នៅ​ក្នុង កូរិនថូស ទី១ ៥:២ មាន​ន័យ​ថា អ្នក​ប្រព្រឹត្ត​បាប​នោះ​គួរតែ​បាន​កាត់កាល​ចេញ​ពី​សាសនាចក្រ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពិចារណា​ដោយ​យក​ចិត្ត​ទុកដាក់ លើ​កត្តា​ជា​ច្រើន​ពីមុន​ធ្វើ​ការកាត់កាល ឬ​ដាក់​វិន័យ​ណាមួយ​របស់​សាសនាចក្រ ។ បន្ថែម​លើ​ការពិចារណា​ថាតើ​អំពើ​រំលង​នោះ​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា​នោះ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ពិចារណា​លើ​គោលបំណង​ជា​ច្រើន​សម្រាប់​វិន័យ​នៃ​សាសនាចក្រ ៖ ដើម្បី​ជួយ​បុគ្គល​នោះ​ឲ្យ​ប្រែចិត្ត ដើម្បី​ការពារ​បុគ្គល​ទាំងឡាយ​ណា​ដែល​នឹង​រង​ឥទ្ធិពល​អវិជ្ជមាន​ដោយ​ទង្វើ ឬ​ជំនឿ​របស់​បុគ្គល​ម្នាក់ និង ដើម្បី​រក្សា​ភាពថ្លៃថ្នូរ​នៃ​ការបង្រៀន​របស់​សាសនាចក្រ ( សូម​មើល « Church Discipline » mormonnewsroom.org/article/church-discipline ) ។

សូម​អាន កូរិនថូស ទី១ ៥:៦–៧ ដោយ​ស្វែងរក​ការប្រៀបប្រដូច​ដែល​សាវក​ប៉ុល​បាន​ប្រើ ដើម្បី​ពន្យល់​អំពី​មូលហេតុ​ដែល​បុគ្គល​នេះ​ត្រូវតែ​បាត់បង់​សមាជិកភាព​ក្នុង​សាសនាចក្រ ។

ដំបែ ឬ មេ ធ្វើ​ឲ្យ​នំប៉័ង​ឡើង ។ វា​ក៏​ធ្វើ​ឲ្យ​នំប៉័ង​ផ្អូម ឬ ដុះ​ផ្សិត​ដែរ ។ ដុំ​ម្សៅ​នំប៉័ង​តំណាង​ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​នឹង​សង្ខេប​អត្ថន័យ​នៃ​ការប្រៀបប្រដូច​នេះ​យ៉ាង​ដូចម្ដេច ?

ចេញ​ពី​ការប្រៀបប្រដូច​របស់​ប៉ុល​នេះ យើង​អាច​រៀន​សេចក្តីពិត​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើង​ជ្រើសរើស​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ប្រកិត​នឹង​ជន​ទាំងឡាយ​ណា​ដែល​ឱបក្រសោប​យក​អំពើបាប នោះ​យើង​អាច​នឹង​រង​ឥទ្ធិពល​ដោយសារ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។

សូម​អាន កូរិនថូស ទី១ ៥:៩–១១ ដោយ​ស្វែងរក​ដំបូន្មាន​ដែល​ប៉ុល​បាន​ផ្ដល់​ដល់​ពួក​បរិសុទ្ធ​កូរិនថូស ដើម្បី​ជួយ​ពួកគេ​អនុវត្ត​គោលការណ៍​ដែល​មាន​បង្រៀន​នៅ​ក្នុង ខទី ៦ ។

សូម​ពិចារណា​អំពី​ការបង្រៀន​របស់​ប៉ុល ដែល​ទាក់ទង​ទៅ​នឹង​ចាន​ផ្លែ​ឈើ​ដែល​មាន​ផ្លែ​ឈើ​មួយ​រលួយ​នៅ​ក្នុង​ចាន​នោះ ។

រូបភាព
អែលឌើរ នែល អេ ម៉ាក់ស្វែល

ដើម្បី​យល់​ឲ្យ​បាន​កាន់តែ​ច្បាស់​អំពី​ដំបូន្មាន​របស់​ប៉ុល​ដែល​ប្រាប់​ថា​កុំ​ឲ្យ​ចូលរួម​នឹង​ជន​កំផិត ឬ​ជន​ដទៃ​ទៀត​ដែល​បដិសេធ​មិន​ប្រែចិត្ត​ពី​អំពើបាប សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « កុំ​ចូលរួម​នឹង​ជន​កំផិត—មិនមែន​ព្រោះ​តែ​អ្នក​ប្រសើរ​ជាង​ពួកគេ​នោះ​ទេ ដូច​ដែល [ ស៊ី.អែស. ] លូវីស បាន​សរសេរ​ថា ព្រោះ​តែ​អ្នក​ពុំ​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ ។ សូម​ចងចាំ​ថា ស្ថានភាព​អាក្រក់​អាច​ជះ​ឥទ្ធិពល​អាក្រក់​លើ​មនុស្ស​ល្អ​បាន​គ្រប់​ពេល​ទាំងអស់ » ( « The Stern but Sweet Seventh Commandment » New Era ខែ មិថុនា ឆ្នាំ ១៩៧៩ ទំព័រ ៤២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​ឧទាហរណ៍​នៃ​ស្ថានភាព​អាក្រក់​ណា​ខ្លះ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​លើ​មនុស្ស​ល្អ​បាន​គ្រប់​ពេល​ទាំងអស់ ដើម្បី​ពួកគេ​បន្ទាប​បទដ្ឋាន​របស់​ខ្លួន ហើយ​ទទួលយក​ឥរិយាបថ​ពេញ​ដោយ​អំពើបាប ?

យើង​គួរតែ​ព្យាយាម​ជួយ ហើយ​បំផុសគំនិត​មនុស្ស​ទាំងឡាយ​ដែល​កំពុង​ពុះពារ​នឹង​អំពើបាប​ដោយ​មិន​ចាំបាច់​បន្ទាប​បទដ្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង ។ សូម​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជះ​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​នៅ​តាម​របៀប​ដ៏​វិជ្ជមាន​ដោយ​មិន​ចាំបាច់​បន្ទាប​បទដ្ឋាន​ផ្ទាល់​ខ្លួន​របស់​យើង ។

នៅ​ក្នុង កូរិនថូស ទី១ ៥:១២–១៣ យើង​រៀន​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ការទទួលខុសត្រូវ​លើ​ការវិនិច្ឆ័យ ហើយ​ប្រសិនបើ​ចាំបាច់ គឺ​ត្រូវ​កាត់កាល​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើរំលង​ធ្ងន់ធ្ងរ ។

កូរិនថូស ទី១ ៦

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​អំពី​សាមគ្គីភាព និង ច្បាប់​ព្រហ្មចារីភាព

ក្រុង​កូរិនថូស​ពី​បូរាណ​ត្រូវបាន​គេ​ស្គាល់​ចំពោះ​ភាពអសីលធម៌ ហើយ​ពួក​កូរិនថូស​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​គំនិត​ដែល​ថា រូបកាយ​របស់​យើង​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ការសប្បាយ ។ នៅ​ក្នុង កូរិនថូស ទី១ ៦:១៣–១៧ សាវក​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស​ថា រូបកាយ​របស់​យើង​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​បំពេញ​ព្រះ​បំណង​របស់​ព្រះ ពុំ​មែន​ដើម្បី​រួមចំណែក​ក្នុង​អំពើបាប​ខាង​ផ្លូវភេទ ឬ​គ្រាន់តែ​រីករាយ​ការសប្បាយ​នានា​មាន​ដូចជា ម្ហូប​អាហារ ជាដើម​នោះ​ទេ ។ បុគ្គល​ទាំងឡាយ​ណា​ដែល​ចូល​សាសនាចក្រ ក្លាយ​ទៅ​ជា​រួបរួម​ជាមួយ​ព្រះគ្រីស្ទ​ជា « សមាជិក » ខាង​វិញ្ញាណ​នៃ​ព្រះកាយ​របស់​ទ្រង់ ។ ភាពអសីលធម៌​ខាង​ផ្លូវភេទ​ពុំ​ត្រូវ​គ្នា​នឹង​ទំនាក់ទំនង​ខាង​វិញ្ញាណ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

សូម​អាន កូរិនថូស ទី១ ៦:១៨–២០ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​រូបកាយ​របស់​យើង ។ ( កូរិនថូស ទី១ ៦:១៩–២០ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សង្ខេប​សេចក្ដីពិត​ដែល​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង កូរិនថូស ទី១ ៦:១៩ ។

    2. សូម​ពន្យល់​ថាតើ​ការយល់​ថា​រូបកាយ​របស់​យើង​គឺ​ជា​ព្រះវិហារ​នៃ​ព្រះ នឹង​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​រូបកាយ​របស់​យើង និង​រូបកាយ​របស់​មនុស្ស​ដទៃ​ទៀត ។

    3. សូម​សង្ខេប​សេចក្ដីពិត​ដែល​ប៉ុល​បាន​បង្រៀន​នៅ​ក្នុង កូរិនថូស ទី១ ៦:២០ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ទីក្រុង​ខដូបា ប្រទេស​អាហ្សង់ទីន

សាវក​ប៉ុល​បាន​បង្រៀន​ថា រូបកាយ​របស់​យើង​គឺ​ជា​ព្រះវិហារ​នៃ​ព្រះ ។

សូម​ពិចារណា​អំពី​របៀប​ដែលការយល់​អំពី​សេចក្ដីពិត​ទាំងនេះ​អំពី​រូបកាយ​របស់​យើង អាច​ជួយ​អ្នក​រក្សា​ភាពបរិសុទ្ធ​នៅ​ពេល​អ្នក​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​អំពើទុច្ចរិត​បាន ។

រូបភាព
scripture mastery icon
ចំណេះចំណានខគម្ពីរ—កូរិនថូស ទី១ ៦:១៩–២០

  1. ដើម្បី​ជួយ​អ្នក​ទន្ទេញ​ចាំ​ចំណេះចំណានខគម្ពីរ​នេះ សូម​សូត្រ​ជួរ​ខាង​ក្រោម​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ប្រើ​ក្រដាស​បាំង​ផ្នែក​ខ្លះៗ​នៅ​ពេល​អ្នក​ចាំ​ពាក្យ​ហើយ​នោះ ។ សូម​បន្ត​សូត្រ​វគ្គបទគម្ពីរ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​អ្នក​ទន្ទេញ​វា​ចាំ ។ ក្រោយ​មក​សូម​សូត្រ​វគ្គបទគម្ពីរ​នេះ​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ស្ដាប់ រួច​សុំ​ឲ្យ​ពួកគេ​ចុះ​ហត្ថលេខា​លើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    [ ១៩ ] តើ

    មិន​ដឹង​ទេ​ឬ​អី​ថា រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ

    នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

    ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ

    ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ ?

    [ ២០ ] ដ្បិត ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ៖

    ដូច្នេះ ចូរ​ដំកើង​ព្រះនៅ​ក្នុង​រូបកាយ

    ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា

    ដែល​ជា​របស់​ផង​ទ្រង់​ចុះ។

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ៣-៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖