បណ្ណាល័យ
មេរៀន​ទី ២២ ថ្ងៃ​ទី ៣ ៖ កូរិនថូស ទី១ ១១


មេរៀន​ទី ២២ ៖ ថ្ងៃទី ៣

កូរិនថូស ទី១ ១១

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ទាក់ទង​នឹង​ទំនៀម​ទម្លាប់​សាសនា ។ លោក​បាន​គូស​បញ្ជាក់​ថា បុរស និង​ស្ត្រី​មាន​តួនាទី​ដ៏​ទេវភាព ហើយ​នៅ​អស់​កល្ប​ជានិច្ច ហើយ​វា​ជា​រឿង​ដ៏​ចាំបាច់​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ។ លោក​ក៏​បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​ផង​ដែរ​អំពី​ការរៀបចំ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ។

កូរិនថូស ទី១ ១១:១–១៦

ប៉ុល​ដោះស្រាយ​ជម្លោះ​អំពី​ទំនៀមទម្លាប់​សាសនា

រូបភាព
គូស្វាមី​ភរិយា​ដើរ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ អូគ័រ ម៉ោនធិន យូថាហ៍

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដែល​ឆ្លុះបញ្ចាំង​អំពី​អារម្មណ៍​ដែល​បុគ្គល​មួយ​ចំនួន​មាន​ចំពោះ​អាពាហ៍ពិពាហ៍ ៖

  • « ការមាន​ជោគជ័យ​នៅ​ក្នុង​ការងារ​របស់​ខ្ញុំ គឺជា​រឿង​សំខាន់​ណាស់​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មិន​ចង់​បែងចែក​ការផ្ដោត​អារម្មណ៍​រវាង​គោលដៅ​ការងារ និង​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​ឡើយ » ។

  • « ខ្ញុំ​មិន​ចង់​មាន​ការតាំងចិត្ត​ចំពោះ​ទំនាក់ទនង​មួយ​ដ៏​យូរ​អង្វែង​នោះ​ទេ ។ ខ្ញុំ​បារម្ភ​អំពី​ការធ្វើ​ការសម្រេច​ចិត្ត​មួយ​ដែល​ខ្ញុំ​នឹង​មាន​វិប្បដិសារី​នៅ​ពេល​ក្រោយ » ។

  • « អាពាហ៍ពិពាហ៍​នឹង​រឹត​បន្តឹង​ដល់​ខ្ញុំ ។ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​បាន​ទេ » ។

  • « ខ្ញុំ​ដឹង​ថា អាពាហ៍ពិពាហ៍​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក ហើយ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដើម្បី​មាន​វា » ។

  1. សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​អាពាហ៍ពិពាហ៍ ។

នៅ​ក្នុង កូរិនថូស ទី១ ១១ យើង​អាន​កាន់តែ​ច្រើន​អំពី​អ្វី​ដែល​សាវក​ប៉ុល​បាន​សរសេរ ដើម្បី​ដោះស្រាយ​កង្វល់​នានា​ដែល​សមាជិក​សាសនាចក្រ​មាន​នៅ​ក្រុង​កូរិនថូស ។ សូម​អាន កូរិនថូស ទី១ ១១:៣ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការទទួលខុសត្រូវ​របស់​ស្វាមី​ម្នាក់ ។

ឃ្លា « ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី » មាន​ន័យ​ថា ស្វាមី​មាន​ទំនួល​ខុស​ត្រូវ​ពិសិដ្ឋ​នៃ​ការធ្វើ​អធិបតី​នៅ​ក្នុង​ផ្ទះ ។ ការ ធ្វើ​ជា​អធិបតី មាន​ន័យ​ថា ការ​ដឹកនាំ និង​ការ​ណែនាំ​អ្នកដទៃ​ដោយ​សុចរិត​នៅ​ក្នុង​បញ្ហា​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ។

សូម​កត់​ចំណាំ​ថា​នៅ​ក្នុង ខទី ៣ ថាតើ​នរណា​ជា​អធិបតីលើ ហើយ​ណែនាំ​ស្វាមី កាល​ស្វាមី​ធ្វើ​ជា​អធិបតី​លើ​គ្រួសារ​គាត់ ។ ហេតុអ្វី​បាន​ជា​វា​សារៈសំខាន់​ដែល​ស្វាមី និង ឪពុក​ត្រូវ​មើល​ទៅ​ព្រះ​ទុក​ជា​អង្គ​ដឹកនាំ និង អង្គ​បង្ហាញ​ផ្លូវនោះ ?

នៅ​ពេល​យើង​យល់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ធ្វើ​អធិបតី​លើ​នគរ​ទ្រង់ នោះ​យើង​អាច​ឃើញ​ថា ទ្រង់​គឺ​ជា​ព្រះ​នៃ​របៀប​រៀបរយ ហើយ​ពុំ​មែន​ជា​ព្រះ​នៃ​សេចក្តី​វឹកវរ​ឡើយ ( សូម​មើល គ. និង ស. ១៣២:៨ ) ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១១:៤–១៦ ប៉ុល​បាន​ឆ្លើយ​សំណួរ​អំពី​ទំនៀម​ទម្លាប់​សម្រាប់​បុរស និង​ស្ត្រី នៅ​ពេល​ពួកគេ​អធិស្ឋាន ហើយ​ព្យាករ​នៅ​ក្នុង​ការប្រជុំ​ថ្វាយ​បង្គំ​របស់​ពួកគេ ។ ទំនៀមទម្លាប់​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការអនុវត្ត​របស់​ស្រ្តី​ក្នុង​ការទទូរ​ក្រណាត់​នៅ​លើ​ក្បាល ។

ពេល​ខ្លះ​ពួក​អ្នក​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​យល់​ខុស​អំពី​ការបង្រៀន​របស់​ប៉ុល​ថា តួនាទី​របស់​បុរស​គឺ​សំខាន់​ជាង​តួនាទី​របស់​ស្ត្រី ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ស្រាយ​បំភ្លឺ​ការភាន់ច្រឡំ​នេះ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« បុរស និង ស្ត្រី​គឺ​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះនេត្រ​របស់​ព្រះ និង នៅ​ចំពោះ​មុខ​នៃ​សាសនាចក្រ ប៉ុន្តែ​ភាពស្មើគ្នា​នេះ​ពុំ​មែន​មាន​ន័យ​ថា ពួកគេ​ដូច​គ្នា​នោះ​ទេ ។ ទំនួល​ខុស​ត្រូវ និង អំណោយ​ទាន​ដ៏​ទេវភាព​នានា​នៃ​បុរស និង ស្ត្រី​ផ្សេងៗ​ពី​គ្នា​ទៅ​តាម​ធម្មជាតិ​របស់​ខ្លួន ប៉ុន្តែ​មិនមែន​ទៅ​តាម​ភាពសំខាន់ ឬ ឥទ្ធិពល​របស់​ខ្លួន​នោះ​ឡើយ ។ គោលលទ្ធិ​សាសនាចក្រ​យើង​បាន​ដាក់​ស្ត្រីឲ្យ​ស្មើ​នឹង​បុរស ប៉ុន្តែ​ផ្សេង​ពី​បុរស ។ ព្រះ​ពុំ​ចាត់​ទុក​ភេទ​ណា​មួយ​ថា​ប្រសើរ​ជាង​ភេទ​ណា​មួយ ឬ សំខាន់​ជាង​គ្នា​ឡើយ ។ …

« បុរស និង ស្ត្រី​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា កម្លាំង​ខុស​គ្នា និង​ទស្សន​នៃ​ការយល់​ដឹង និង​ទំនោរ​ចិត្ត​ខុស​គ្នា ។ នោះ​ហើយ​គឺ​ជា​មូលហេតុ​គ្រឹះ​ដែល​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក » ( « Men and Women in the Work of the Lord » New Era ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤ ) ។

សូម​អាន កូរិនថូស ទី១ ១១:១១ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន អំពី​ទំនាក់ទំនង​រវាង​ស្វាមី និង​ភរិយា ។ ឃ្លា « ក្នុង​ព្រះអម្ចាស់ » សំដៅ​ទៅ​លើ​ផែនការ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ចេញ​ពី កូរិនថូស ទី១ ១១:១១ យើង​រៀន​សេចក្តីពិត​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ បុរស និង​ស្ត្រី​មិន​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​គ្មាន​គ្នា​បាន​ឡើយ ( សូម​មើល​ផងដែរ គ. និង ស. ១៣១:១–៤ ) ។

អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​គឺ​ជា​ចំណែក​មួយ​នៅ​ក្នុង​ផែនការ​នៃ​ព្រះ ។ សូម​គិត​អំពី​សំណួរ​ខាងក្រោម​នេះ ៖ តើ​ការធ្វើ​ជា​ឪពុក ឬ​ម្ដាយ​ដ៏​សុចរិត​ម្នាក់ ជួយ​ធ្វើ​ឲ្យ​ផែនការ​នៃ​ព្រះ​ចម្រើន​ទៅ​មុខ​យ៉ាង​ដូចម្ដេច ? តើ​កិច្ចការ​នោះ​ជួយ​រៀបចំ​យើង ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

រូបភាព
កន្ត្រៃ
រូបភាព
ផ្លែ​កន្ត្រៃ​ម្ខាង

សូម​គិត​អំពី​របៀប​ដែល​កន្ត្រៃ​ដំណើរការ ។ តើ​កន្ត្រៃ​ដំណើរការ​ទៅ​យ៉ាង​ដូចម្ដេច ប្រសិនបើ​ផ្លែ​របស់​វា​បាន​បែក​ចេញ​ពី​គ្នា ហើយ​អ្នក​ព្យាយាម​កាត់​ក្រដាស ឬ កំណាត់​ដោយ​ផ្លែ​តែ​ម្ខាង​នោះ ? តើ​ផ្លែ​កន្ត្រៃ​ទាំង​សង​ខាង​ប្រៀប​ដូច​ជា​ស្វាមី និង ភរិយា ដែល​កំពុង​ព្យាយាម​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​ស្វែងរក​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ថាតើ​ស្វាមី និង ភរិយា​ត្រូវបាន​តាក់តែង​ឡើង ដើម្បី​ធ្វើការ​រួម​គ្នា​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ៖ « តាមរយៈ​ការតាក់តែង​ដ៏​ទេវភាព បុរស និង ស្ត្រី ត្រូវបាន​តាំងចិត្ត​ដើម្បី​រីកចម្រើន​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​កាន់​ភាពល្អ​ឥតខ្ចោះ និង សិរីល្អ​ដ៏​ពេញលេញ ។ ដោយសារ​ភាពខុសគ្នា​នៃ​និស្ស័យ និង សមត្ថភាព​របស់​ខ្លួន នោះ​បុរស និង ស្ត្រី​គ្រប់រូប​នាំ​មក​កាន់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដែល​មាន​ទស្សនវិស័យ និង បទពិសោធន៍​ពិសេសៗ ។ បុរស និង ស្ត្រី​ផ្ដល់​ការរួម​ចំណែក​ផ្សេងៗ​គ្នា ប៉ុន្តែ​មាន​ភាព​ស្មើគ្នា​តែមួយ និង សាមគ្គី​ភាព​ដែល​កិច្ចការ​ទាំងនេះ​មិន​អាច​ទទួល​បាន​ជោគជ័យ​តាម​វិធី​ផ្សេង​បាន​ឡើយ ។ នៅ​ពេល​ពួកគេ​រៀន ហើយ​ពង្រឹង​គ្នា​ទៅវិញ​ទៅ​មក ព្រមទាំង​ផ្ដល់​ពរ​ឲ្យ​គ្នា​ទៅវិញ​ទៅមក នោះ​បុរស​បំពេញ ហើយ​ធ្វើ​ឲ្យ​ស្ត្រី​បាន​ល្អ​ឥត​ខ្ចោះ ហើយ​ស្ត្រី​បំពេញ ហើយ​ធ្វើ​ឲ្យ​បុរស​បាន​ល្អ​ឥត​ខ្ចោះ » ( « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ​២០០៦ ទំព័រ ៨៣–៨៤ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​លក្ខណៈសម្បត្តិ និង ការទទួលខុសត្រូវ​ផ្សេងៗ​គ្នា​មួយ​ចំនួន​របស់​បុរស និង ស្ត្រី ដែល​គាំទ្រ ហើយ​ពង្រឹង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រុមគ្រួសារ ។

នៅ​ក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ប្រកាស ៖ « តាម​ការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវបាន​ចាត់ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន​ដោយ​សេចក្ដីស្រឡាញ់ និង សេចក្ដី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ជីវិត ព្រមទាំង​ការពារ​ក្រុម​គ្រួសារ​ខ្លួន​ផង ។ ម្តាយ​មាន​ភារកិច្ច​សំខាន់ ដើម្បី​ថែ​រក្សា​បី​បាច់​កូន​ចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ​ឪពុក និង ម្តាយ មាន​កាតព្វ​កិច្ច ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃ​គូ​ស្មើ​គ្នា ។ ពិការភាព មរណភាព ឬ កាលៈទេសៈ​ផ្សេងៗ​ទៀត អាច​នឹង​ត្រូវ​សម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ » ( Ensign ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

  1. សូម​គិត​អំពី​ឥរិយាបថ​ជា​ច្រើន​អំពី​អាពាហ៍ពិពាហ៍ ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​អ្នក​បាន​អាន​នៅ​ដើមដំបូង​ក្នុង​មេរៀន​នេះ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ បន្ទាប់​ពី​បាន​សិក្សា កូរិនថូស ទី១ ១១:១–១៦ តើ​អ្នក​នឹង​ឆ្លើយ​តប​ទៅ​នរណា​ម្នាក់ ដែល​ពុំ​យល់​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ផែនការ​នៃ​ព្រះ​យ៉ាង​ដូចម្ដេច ?

កូរិនថូស ទី១ ១១:១៧-៣៤

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​កូរិនថូស​ឲ្យ​ទទួលទាន​សាក្រាម៉ង់​ដោយ​ប្រុងប្រយ័ត្ន

តើ​អ្នក​គិត​យ៉ាង​ណា​នៅ​ពេល​អ្នក​អាន​ឃ្លា​ខាង​ក្រោម​ទាំងនេះ ?

  • « បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ពិត​មួយ » ។

  • « ការផ្លាស់ប្ដូរ​ថ្មី​មួយ​ដល់​ព្រលឹង » ។

  • « ផ្នែក​សំខាន់ៗ​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ » ។

សូម​ពិចារណា​អំពី​បទពិសោធន៍​នៃ​ការទទួលទាន​សាក្រាម៉ង់​ថ្មីៗ​នេះ រួច​គិត​ថាតើ​ឃ្លា​ទាំងនេះ​ពិត​ជា​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​អ្នក​ដែរ​ឬ​ទេ ។

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១១:១៧–៣៤ សូម​ស្វែងរក​សេចក្ដីពិត​នានា ដែល​អាច​ជួយ​អ្នក​ធ្វើ​ឲ្យ​ការទទួលទាន​សាក្រាម៉ង់​ក្លាយ​ជា​បទពិសោធន៍​មួយ​កាន់តែ​មាន​ន័យ​ខាង​វិញ្ញាណ ។

នៅ​ក្នុង​សម័យ​របស់​ប៉ុល សមាជិក​សាសនាចក្រ​បាន​រក្សា​ទំនៀមទម្លាប់​មួយ ដែល​ស្រដៀង​ទៅ​នឹង​ការទទួលទាន​អាហារ​យប់​ចុងក្រោយ ។ យូរៗម្ដង ពួកគេ​បាន​បរិភោគ​អាហារ​រួម​គ្នា រួច​ក្រោយមក​ទទួលទាន​សាក្រាម៉ង់ ។ សាវក​ប៉ុល​បាន​បន្ទោស​ដល់​ការជួបជុំ​ប្រភេទ​នោះ ព្រោះ​ពួក​បរិសុទ្ធ​បាន​បែរ​ជា​ធ្វើ​ឲ្យ​ការទទួលទាន​អាហារ​នោះ​ទៅ​ជា​ការទទួលទាន​អាហារ​ធម្មតា ជាជាង​រក្សា​ភាពពិសិដ្ឋ​ដែល​គួរតែ​រួម​បញ្ចូល​ទាំង​ការទទួលទាន​សាក្រាម៉ង់​ផង​នោះ ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ បញ្ជាក់​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ុល​ស្ដីពី​គោលបំណង​នៃ​ការជួបជុំ​របស់​ពួកគេ ៖ « តើ​អ្នក​ប្រជុំ​គ្នា​នៅ​ទី​ណា​មួយ នោះ​មិន​មែន​ប្រជុំ ដើម្បី​នឹង​បរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​ទេ​ឬ​អី ? » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ កូរិនថូស ទី១ ១១:២០  ) ។

ទោះជា​ការជួបជុំ​ទាំងនេះ​មាន​ទំនោរ​បង្កើន​មិត្តភាព និង សាមគ្គីភាព​ក្ដី ក៏​ជា​ញឹកញាប់​ពួកគេ​មាន​ការទាស់ទែង​គ្នា​ផងដែរ ។ ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១១:១៧–២២ ប៉ុល​បាន​បន្ទោស​ដល់​ការទាស់ទែង ដែល​កើតឡើង​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​កូរិនថូស​អំឡុង​ពេល​ការទទួលទាន​អាហារ​ទាំងនេះ ។

សូម​អាន កូរិនថូស ទី១ ១១:២៣–២៦ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​សាសនាចក្រ​ចងចាំ​អំពី​សាក្រាម៉ង់ ។ ក្នុង​ភាសា​អង់គ្លេស ពាក្យ សំដែង នៅ​ក្នុង ខទី ២៦ គឺ​ជា​ពាក្យ​តែ​មួយ​នឹង បង្ហាញ ហើយ​ត្រូវបាន​បញ្ចេញ​សំឡេង​ដូចគ្នា ។ ប៉ុន្តែ​ពាក្យ​ក្រិច​ដែល​វា​ត្រូវបាន​បកប្រែ​មក​មាន​ន័យ​ថា ប្រកាស ផ្សាយ ឬ ថ្លែង​ទីបន្ទាល់  ។

រូបភាព
អាហារ​ចុងក្រោយ

សូម​អាន កូរិនថូស ទី១ ១១:២៧–៣០ ដោយ​ស្វែងរក​ការព្រមាន​ដែល​ប៉ុល​ បាន​ផ្ដល់​ដល់​ពួក​បរិសុទ្ធ​កូរិនថូស​អំពី​សាក្រាម៉ង់ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ជន​ដែល​ទទួលទាន​សាក្រាម៉ង់​ដោយ​មិន​សក្ដិសម នាំ​មក​នូវ​ការដាក់ទោស និង​ការជាប់​ទោស​ដល់​ខ្លួន​ឯង ។

សេចក្ដីពិត​នេះ​ត្រូវបាន​បញ្ជាក់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ព្រមាន​ថា ជន​ដែល​ទទួលទាន​សាក្រាម៉ង់​ដោយ​មិន​សក្ដិសម គឺ​ទទួលទាន ហើយ​ផឹក​នូវ​សេចក្ដី​ជាប់​ទោស​ចំពោះ​ព្រលឹង​របស់​គេ​ហើយ ( សូម​មើល នីហ្វៃទី៣ ១៨:២៩ ) ។ មិន​តែ​ប៉ុណ្ណោះ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថ្នាក់​ដឹកនាំ​ថា ពួក​លោក​មិន​គួរ​អនុញ្ញាត​ឲ្យ​ជន​ដែល​មិន​សក្ដិសម​ទទួលទាន​សាក្រាម៉ង់​ឡើយ ( សូម​មើល នីហ្វៃទី៣ ១៨:២៩ ) ។ ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី​ភាពសក្ដិសម​របស់​អ្នក​ក្នុង​ការទទួលទាន​សាក្រាម៉ង់ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក ។

នៅ​ក្នុង កូរិនថូស ទី១ ១១:២៩ ពាក្យ​ក្រិច​ត្រូវបាន​បកប្រែ​ថា « សេចក្ដី​ជាប់​ទោស » ក៏​អាច​បកប្រែ​ថា « ការកាត់ទោស » ដែរ  ។ ការកាត់ទោស មាន​ន័យ​ថា « ត្រូវបាន​ជំនុំជម្រះ ឬ​សម្រេច​កំហុស​ដោយ​ព្រះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កាត់ទោស ការកាត់ទោស » scriptures.lds.org ) ។ សេចក្ដី​ជាប់​ទោស សំដៅ​ទៅ​លើ « ស្ថានភាព​នៃ​ការបញ្ឈប់​នូវ​ការជឿនលឿន​របស់​មនុស្ស ហើយ​បដិសេធ​ផ្លូវ​ដែល​ទៅ​រក​វត្តមាន​នៃ​ព្រះ និង​សិរីល្អ​របស់​ទ្រង់ ។ សេចក្ដី​ជាប់ទោស​មាន​នៅ​តាម​លំដាប់​ច្រើន​បែប ។ មនុស្ស​ទាំងអស់​ដែល​មិន​បាន​ទទួល​ភាពពោរពេញ​នៃ​ភាពថ្កើងថ្កាន​ឡើង​ខាង​សេឡេស្ទាល នោះ​នឹង​ត្រូវ​បាន​ដាក់​កម្រិត​ការរីក​ចម្រើន និង​ឯកសិទ្ធិ​ទៅ​តាម​លំដាប់​ខ្លះៗ ហើយ​ពួក​គេ​នឹង​ជាប់ទោស​ចំពោះ​ស្ថានភាព​នោះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ជាប់ទោស សេចក្ដី​ជាប់ទោស » scriptures.lds.org ) ។

សូម​ចងចាំ​ថា « អ្នក​ពុំ​ចាំបាច់​ត្រូវ​ល្អ​ឥតខ្ចោះ​ដើម្បី​ទទួលទាន​សាក្រាម៉ង់​នោះ​ទេ ប៉ុន្តែ អ្នក​គួរ​មាន​ស្មារតី​នៃ​ការបន្ទាបខ្លួន និង​ការប្រែចិត្ត​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៨ ) ។ ប្រសិនបើ​យើង​ទទួលទាន​សាក្រាម៉ង់​ទាំង​មាន​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ឬ​មាន​ដួងចិត្ត​ដែល​មិន​ព្រម​ប្រែចិត្ត គ្មាន​បំណង​ប្រាថ្នា​ដើម្បី​ចងចាំ ហើយ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ទេ នោះ​យើង​កំពុង​ទទួលទាន​សាក្រាម៉ង់​ដោយ​មិន​សក្ដិសម​ហើយ ។

សូម​គិត​អំពី​មូលហេតុ​ដែល​ការទទួលទាន​សាក្រាម៉ង់​ដោយ​មិន​សក្ដិសម​នឹង​នាំ​មក​នូវ​ការជាប់ទោស​ដល់​ព្រលឹង​យើង ?

សូម​អាន កូរិនថូស ទី១ ១១:២៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​សមាជិក​សាសនាចក្រ​ធ្វើ នៅ​ពេល​ពួកគេ​ទទួលទាន​សាក្រាម៉ង់ ។ សូម​គិត​ដល់​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា យើង​គួរតែ​ត្រួតពិនិត្យ​លើ​ជីវិត​របស់​យើង នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។

តើ​អ្នក​គិត​ថា យើង​គួរតែ​ត្រួតពិនិត្យ​លើ​ជីវិត​របស់​យើង​តាម​របៀប​ណា​ខ្លះ ?

គោលបំណង​នៃ​ការត្រួតពិនិត្យ​លើ​ជីវិត​របស់​យើង​គឺ​ពុំមែន​គ្រាន់តែ​ដើម្បី​ពិចារណា​ថាតើ​យើង​មាន​ភាពសក្ដិសម​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ដែរ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ពិចារណា​ដែរ​ថា យើង​កំពុង​ខិតខំ​គោរព​តាម​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ​បាន​ល្អ​ដល់​កម្រិត​ណា​ហើយ និង​អំពី​របៀប​ដែល​យើង​អាច​នឹង​ខិតខំ​ប្រែចិត្ត ហើយ​ធ្វើ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

សូម​អាន​សេចក្ដីពិត​ខាង​ក្រោម​នេះ រួច​ពិចារណា​អំពី​របៀប​ទាំងឡាយ​ដែល​អ្នក​អាច​ត្រួតពិនិត្យ​លើ​ជីវិត​របស់​អ្នក​នៅ​ពេល​អ្នក​ទទួលទា​នសាក្រាម៉ង់ ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

នៅ​ពេល​ពិពណ៌នា​អំពី​បទពិសោធន៍​មួយ​ដែល​លោក​បាន​មាន​នៅ​ពេលទទួលទាន​សាក្រាម៉ង់ នោះ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​មាន​ប្រសាសន៍ ៖ « ខ្ញុំ​បាន​សួរ​សំណួរ​នេះ​ដល់​ខ្លួន​ឯង ៖ ‹ តើ​ខ្ញុំ​បាន​ដាក់​ព្រះ​នៅ​លើ​អ្វីៗ​ទាំងអស់​ផ្សេង​ទៀត ហើយ​គោរព​តាម​រាល់​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដែរ​ឬ​ទេ ? បន្ទាប់មក​ការសញ្ជឹង​គិត និង​ដំណោះស្រាយ​បាន​កើត​មាន ។ ដើម្បី​ចុះ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​ព្រះអម្ចាស់​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ជានិច្ច​គឺជា​កាតព្វកិច្ច​មួយ​ដ៏​ធំ ហើយ​ដើម្បី​រំឭក​សេចក្ដី​សញ្ញា​នោះ​ដោយ​ការទទួលទាន​សាក្រាម៉ង់​ក៏​ជា​កាតព្វកិច្ច​ធំ​ដូច​គ្នា​ដែរ ។ គ្រា​ដ៏​ឱឡារិក​សម្រាប់​គិត កាល​សាក្រាម៉ង់​កំពុង​ត្រូវបាន​ចែក​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ វា​គឺជា​គ្រា​នៃ​ការត្រួតពិនិត្យ​ខ្លួន​ឯង ការពិចារណា​មើល​ចិត្ត​ខ្លួន​ឯង ការដឹងខុសត្រូវ​ពី​ខ្លួន​ឯង—ជា​គ្រា​មួយ​ដើម្បី​សញ្ជឹង​គិត ហើយ​ដោះស្រាយ » ( « Thoughts On the Sacrament » Ensign ខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ២៥ ) ។

រូបភាព
ថាត អរ ខាលីស្ទើរ

ថាត អរ ខាលីស្ទើរ ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ បាន​បង្រៀន​កាល​លោក​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់​ថា សាក្រាម៉ង់​គឺ​ជា​គ្រា​នៃ​ការសញ្ជឹង​គិត និង ការវាយតម្លៃ​ខ្លួនឯង ៖ « សាក្រាម៉ង់​គឺ​ជា … គ្រា​នៃ​ការគិត និង ការវាយតម្លៃ​ខ្លួនឯង ។ … សាក្រាម៉ង់​គឺ​ជា​គ្រា​ដែល​យើង​ពុំ​គ្រាន់តែ​ចងចាំ​អំពី​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ផ្គូផ្គង​ជីវិត​របស់​យើង​ទៅ​នឹង​ព្រះជន្ម​ដែល​ជា​គំរូ​ដ៏​ឆ្នើម [ ព្រះយេស៊ូវគ្រីស្ទ ] ។ វា​គឺ​ជា​គ្រា​ដែល​ត្រូវ​ទុក​ការបំភាន់​ខ្លួនឯង​មួយ​អន្លើ ដ្បិត​វា​ជា​គ្រា​ដែល​ទទួល​យក​សេចក្ដីពិត​ដ៏​ប្រសើរ​បំផុត ។ រាល់​ការដោះសារ រាល់​អាការៈ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ខុស នោះ​ត្រូវតែ​ចៀសចេញ ដើម្បី​អនុញ្ញាត​ឲ្យ​យើង និង​ព្រះវរបិតា​ទំនាក់ទំនង​គ្នា​តាមរយៈ​វិញ្ញាណ​របស់​យើង​នឹង​ព្រះវិញ្ញាណ ។ នៅ​គ្រា​នេះ យើង​ក្លាយ​ជា​អ្នក​វិនិច្ឆ័យ​ផ្ទាល់ខ្លួន ដោយ​យកចិត្តទុកដាក់​ថាតើ​ជីវិត​របស់​យើង​គឺ​ជា​អ្វី និង ថាតើ​វា​គួរតែ​ក្លាយ​ជា​អ្វី​ឲ្យ​ប្រាកដ » ( The Infinite Atonement[ ឆ្នាំ ២០០០ ] ទំព័រ ២៩១ ) ។

វិធី​មួយ​ដើម្បី​អនុវត្ត​តាម​គោលការណ៍​នៃ​ការត្រួតពិនិត្យ​លើ​ជីវិត​ខ្លួនឯង​នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ គឺ​ត្រូវ​គិត​អំពី​សំណួរ​ទាំងឡាយ​ដែល​អ្នក​អាច​ពិចារណា នៅ​ពេល​អ្នក​ត្រៀមខ្លួន​ទទួលទាន​សាក្រាម៉ង់ ។ ឧទាហរណ៍ អ្នក​អាច​សួរ​ថា « តើ​ខ្ញុំ​អាច​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង​តាម​របៀប​ណា ? » « តើ​ជីវិត​របស់​ខ្ញុំ​ដូច​ទៅ​នឹង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ? តើ​វា​មិន​ដូច​យ៉ាង​ដូចម្ដេច ? » « តើ​ភាពទន់ខ្សោយ​ណា​ខ្លះ​ដែល​ខ្ញុំ​កំពុង​ពុះពារ​ជាមួយ ដែល​រារាំង​ខ្ញុំ​ពី​ការរីកចម្រើន​ខាង​វិញ្ញាណ ? » « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​នៅ​សប្ដាហ៍​នេះ ដើម្បី​ធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ​បន្តិច​ទៀត ? »

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពីរ​បី​សំណួរ​ដែល​អ្នក​អាច​សួរ​ខ្លួនឯង​ពីមុន និង អំឡុង​ពេល​ពិធីសាក្រាម៉ង់ ។

  2. សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ផែនការ​មួយ​អំពី​កិច្ចការ​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​ឱកាស​ទទួលទាន​សាក្រាម៉ង់ ។

នៅ​ពេល​អ្នក​ត្រួត​ពិនិត្យ​លើ​ជីវិត​របស់​អ្នក​ពីមុន និង​អំឡុង​ពេល​ពិធី​សាក្រាម៉ង់ ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​បំពេញ​សេចក្ដី​សញ្ញា​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង ហើយ​សក្ដិសម​នឹង​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​មាន​ព្រះរាជ​បំណង​ប្រទាន​ដល់​អ្នក ។ សូម​តាំងចិត្ត​ធ្វើតាម​រាល់​ការបំផុសគំនិត​ដែល​អ្នក​ទទួលបាន ។

នៅ​ក្នុង កូរិនថូស ទី១ ១១:៣៣–៣៤ យើង​អាន​អំពី​ការណែនាំ​បន្ថែម​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​កូរិនថូស ទាក់ទង​នឹង​អាហារ​ដែល​ពួកគេ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ការធ្វើ​ពិធី​សាក្រាម៉ង់ ។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចៀសវាង​ការទាស់ទែង​គ្នា ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ១១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖