បណ្ណាល័យ
មេរៀន​ទី ២៣ ថ្ងៃ​ទី ១ ៖ កូរិនថូស ទី១ ១៥:១–២៩


មេរៀន​ទី ២៣ ៖ ថ្ងៃទី ១

កូរិនថូសទី ១ ១៥:១–២៩

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​ដឹង​ថា សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​កំពុង​បង្រៀន​ថា គ្មាន​ការរស់ឡើងវិញ​ពី​សេចក្តីស្លាប់​នោះ​ទេ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ពី​សេចក្ដីស្លាប់ ហើយ​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ការរស់ឡើងវិញ​ដែល​មាន​សម្រាប់​បុត្រាបុត្រី​ទាំងអស់​នៃ​ព្រះវរបិតាសួគ៌ ។

កូរិនថូស ទី១ ១៥:១–១០

ប៉ុល​ផ្ដល់​ភស្តុតាង​នៃ​ការមានព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « បងប្អូន​ប្រុស​ស្រី​ខ្ញុំ​អើយ យើង​សើច យើង​យំ យើង​ធ្វើការ យើង​លេង យើង​ស្រឡាញ់ យើង​រស់នៅ ។ បន្ទាប់​មក យើង​ស្លាប់ ។ សេចក្ដីស្លាប់​គឺជា​មរតក​ជា​សាកល​របស់​យើង ។ យើង​ទាំងអស់​គ្នា​ត្រូវតែ​ដើរ​ឆ្លង​កាត់​ខ្លោង​ទ្វារ​នៃ​សេចក្ដីស្លាប់​នេះ ។ សេចក្ដីស្លាប់​លេប​ត្របាក់​យក​ជីវិត​មនុស្ស​ចាស់​ជរា ជនដែល​មាន​កង្វល់ ហើយ​ធ្លាក់ខ្លួន​ឈឺ​ទ្រុឌទ្រោម ។ វា​ឆក់​យក​ទាំង​ជីវិត​របស់​យុវវ័យ​ទៀត​ផង មិន​ថា​ពួកគេ​មាន​សេចក្ដីសង្ឃឹម និង​ការរំពឹង​ទុក​ដ៏​រុងរឿង​ប៉ុណ្ណា​នោះ​ទេ ។ សូម្បី​តែ​កុមារ​តូចៗ​ក៏​មិន​អាច​រួច​ផុត​ពី​កណ្ដាប់ដៃ​របស់​វា​បាន​ឡើយ ។ នៅ​ក្នុង​ប្រសាសន៍​របស់​សាវក​ប៉ុល ‹ ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង › [ ហេព្រើរ ៩:២៧ ] » ( « ខ្ញុំ​ដឹង​ថា ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់! » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ២៤ ) ។

សូម​គិត​អំពី​គំនិត ឬ​អារម្មណ៍​ដែល​អ្នក​ធ្លាប់​មាន នៅ​ពេល​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​ស្លាប់ ។

នៅ​ពេល​អ្នក​សិក្សា កូរិនថូស ទី១ ១៥:១–២៩ សូម​ស្វែងរក​គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​បាន នៅ​ពេល​មាន​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ស្លាប់ ។

នៅ​ពេល​សាវក​ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស លោក​បាន​លើក​ឡើង​អំពី​ជំនឿ​ខុសឆ្គង​មួយ​ដែល​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​បាន​បង្រៀន ។ សូម​អាន កូរិនថូស ទី១ ១៥:១២ ដោយ​ស្វែងរក​ជំនឿ​ខុសឆ្គង​ដែល​ពួកគេ​បាន​បង្រៀន ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ប៉ុល​បារម្ភ​អំពី​ជំនឿ​ខុសឆ្គង​នេះ ?

សូម​អាន កូរិនថូស ទី១ ១៥:៣–៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​សាវក​ប៉ុល​បាន​សរសេរ ដើម្បី​ជួយ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​យល់​ដឹង​អំពី​ធាតុពិត​នៃ​ការមានព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ( សូម​កត់ចំណាំ​ថា កេផាស គឺ​ជា​ឈ្មោះ​មួយ​ទៀត​របស់​សាវក​ពេត្រុស ) ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ពួក​សាវក​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​ជំនួស​អំពើបាប​របស់​យើង ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ពី​សុគត ។ ( អ្នក​អាច​គូសចំណាំ ឬ កត់ចំណាំ​សេចក្ដីពិត​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចែកចាយ​ទីបន្ទាល់​ដូចតទៅ​នេះ ៖ « ខ្ញុំ​សូម​ដំឡើង​សំឡេង​របស់​ខ្ញុំ​នៅ​ក្នុង​ទីបន្ទាល់​ក្នុង​នាម​ជា​សាក្សី​ពិសេស​មួយ​រូប និង សូម​ប្រកាស​ដោយ​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ និង អារម្មណ៍​ដ៏​មុតមាំ​នៃ​ព្រលឹង​របស់​ខ្ញុំ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ គឺ​ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ជា​បុត្រា​សំណព្វ​តែ​មួយ​គត់​របស់​ព្រះវរបិតា​នៅ​ក្នុង​រូបកាយ ។ ទ្រង់​ជា​ព្រះ​ប្រោសលោះ​របស់​យើង ទ្រង់​ជា​អង្គ​បង្រួបបង្រួម​របស់​យើង ជាមួយ​នឹង​ព្រះវរបិតា ។ ទ្រង់​គឺ​ជា​អង្គ​ដែល​បាន​សុគត​នៅ​លើ​ឈើឆ្កាង ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​របស់​យើង ។ ទ្រង់​បាន​ក្លាយ​ទៅ​ជា​ផល​ដំបូង​នៃ​ការរស់ឡើងវិញ ។ ដោយសារ​តែ​ទ្រង់​សុគត នោះ​មនុស្ស​ទាំងអស់ នឹង​បាន​រស់​ម្ដង​ទៀត ។ ‹ នេះ​ជា​ឃ្លា​ដែល​មាន​បទ​ដ៏​ពិរោះ ៖ « ខ្ញុំ​ដឹង​ថា ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ ! » › [ « ខ្ញុំ​ដឹង​ថា ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ទំនុកតម្កើង លេខ ៧៦ ] ។ សូម​ឲ្យ​ពិភពលោក​ទាំងមូល​ដឹង​អំពី​រឿង​នេះ ហើយ​រស់នៅ​ដោយ​មាន​ចំណេះដឹង​បែប​នោះ » ( « I Know That My Redeemer Lives! » ទំព័រ ២៥ ) ។

សូម​ពិចារណា​អំពី​ទីបន្ទាល់​របស់​ពួក​សាវក​ស្ដីពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ជួយ​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ និង ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ ។

កូរិនថូស ទី១ ១៥:១១-២៩

ប៉ុល​បាន​ពន្យល់​បន្ថែម​អំពី​គោលលទ្ធិ​នៃ​ការរស់ឡើងវិញ

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១៥:១១–១៥ សាវក​ប៉ុល​បាន​សួរ​អំពី​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​កូរិនថូស​បាន​ចាប់ផ្ដើម​សង្ស័យ​អំពី​ធាតុពិត​នៃ​ការរស់ឡើងវិញ ។ លោក​បាន​លើក​ហេតុផល​ថា ប្រសិនបើ​ពុំ​មាន​ការរស់ឡើងវិញ​ពី​សេចក្ដីស្លាប់​ទេ​នោះ ព្រះយេស៊ូវគ្រីស្ទ​ក៏​មិន​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ដែរ ។ ហើយ​ប្រសិនបើ​ព្រះយេស៊ូវគ្រីស្ទ​ពុំ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ពី​សុគត​វិញ​ទេ​នោះ រាល់​សាក្សី​ទាំងអស់​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់​គឺជា​សាក្សី​ក្លែងក្លាយ ហើយ​ក៏​គ្មាន​ហេតុផល​ចាំបាច់​ណា​ដែល​ត្រូវ​ប្រកាស​ដំណឹងល្អ​ដែរ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន ៖ « គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង គឺជា​ទីបន្ទាល់​របស់​ពួកសាវក និង​ព្យាការី​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវបាន​គេ​បញ្ចុះ ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ម្ដង​ទៀត​នៅ​ថ្ងៃទី​បី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ ចំណែក​ឯ​រឿង​ផ្សេង​ទៀត​ដែល​បាន​ជាប់​ទាក់ទង​ទៅ​នឹង​សាសនា​របស់​យើង​គឺ​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ​ចំពោះ​ការណ៍​នេះ​ប៉ុណ្ណោះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៩ សេចក្តីបន្ថែម គឺ​ជា​ការបន្ថែម​ទៅ​ក្នុង​អ្វី​មួយ ឬ ផ្នែក​ដែល​ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​អ្វី​មួយ​ដែល​មាន​ន័យ​កាន់តែ​ទូលាយ ) ។

  1. សូម​ចម្លង​តារាង​ដែល​មាន​មក​ជាមួយ​នេះ ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់​មក សូម​អាន​វគ្គបទគម្ពីរ​ដែល​មាន​យោង​នៅ​ក្នុង​ប្រអប់​ឈរ​ខាង​ឆ្វេង​នៃ​តារាង ដោយ​ស្វែងរក​របៀប​ដែល​អ្នក​នឹង​បំពេញ​ប្រយោគ​ដែល​ទាក់ទង​នៅ​ក្នុង​ប្រអប់​ឈរ​ខាង​ស្ដាំ ។ ក្រោយ​មក​សូម​បំពេញ​ប្រយោគ​ដូច​ខាងក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    សូម​កត់ចំណាំ​ថា ពាក្យ ផល​ដំបូង នៅ​ក្នុង កូរិនថូស ទី១ ១៥:២០ សំដៅ​ទៅ​លើ​ផ្នែក​ដំបូង​នៃ​ផល​ផ្លែ​ដែល​កសិករ​បាន​ច្រូតកាត់ ។ ដូចជា​ផលផ្លែ​ទាំងនេះ​នៃ​ការច្រូតកាត់​គឺជា​ផលផ្លែ​ដំបូង​នៃ​ផលផ្លែ​ជាច្រើន​ដែល​ត្រូវ​ច្រូតកាត់​ដែរ នោះ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​ដំបូង​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ( សូម​កត់ចំណាំ​ថា កូរិនថូស ទី១ ១៥:២០-២២ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

    កូរិនថូស ទី១ ១៥:១៦-១៩

    ប្រសិនបើ​ព្រះយេស៊ូវ​មិន​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​ពី​សេចក្ដីស្លាប់​ទេ នោះ …

    កូរិនថូស ទី១ ១៥:២០-២២

    ដោយសារតែ​ព្រះយេស៊ូវ​ពិត​ជា​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​ពី​សេចក្ដីស្លាប់ នោះ …

យោង​ទៅ​លើ​សេចក្ដីថ្លែងការណ៍​របស់​ប៉ុល​នៅ​ក្នុង កូរិនថូស ទី១ ១៥:១៩ ៖ « បើសិនជា​យើង​មាន​ទីសង្ឃឹម​ក្នុង​ព្រះគ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំងអស់​ទៅ​ទៀត » ។ សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ទីបន្ទាល់​របស់​ប៉ុល​នៅ​ក្នុង ខទី ២០–២២ គឺ​ថា ដោយសារ​តែ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​មាន​សេចក្ដីសង្ឃឹម ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​នាំ​ឲ្យ​មាន​សេចក្ដីសង្ឃឹម​ដល់​អ្នក​តាម​របៀប​ណា នៅ​ពេល​មាន​នរណាម្នាក់​ដែល​អ្នក​ស្គាល់​បាន​ស្លាប់ ឬ នៅ​ពេល​អ្នក​ភ័យខ្លាច​នឹង​សេចក្ដីស្លាប់​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​ទីបំផុត​នោះ ។

  2. សូម​ធ្វើ​កិច្ចការ​ខាង​ក្រោម​នេះ​ចំនួន​មួយ ឬ ទាំង​ពីរ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក​អំពី​ភាពពិត​នៃ​ការរស់ឡើងវិញ និង​សារៈសំខាន់​របស់​វា​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ សូម​គិត​ដល់​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ការរស់ឡើងវិញ ជាមួយ​មនុស្ស​ម្នាក់​ទៀត ។

    2. សូម​ស្នើ​ឲ្យ​ឪពុកម្ដាយ មិត្ត​ភក្ដិ ឬ អ្នក​ដឹកនាំ​សាសនាចក្រ ចែកចាយ​ជាមួយ​អ្នក​នូវ​ទីបន្ទាល់​របស់​ពួកគាត់​អំពី​ការរស់ឡើងវិញ ។ សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ហើយ​បាន​ទទួល​អារម្មណ៍​នៅ​ពេល​អ្នក​ស្ដាប់​ទីបន្ទាល់​នោះ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១៥:២៣–២៤ ប៉ុល​បាន​បង្រៀន​ថា​នឹង​មាន​លំដាប់​នៃ​ការរស់ឡើងវិញ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​មុន​គេ​បង្អស់ ចំណែក​ឯ​ពួក​អ្នក​ដើរតាម​ទ្រង់​ដ៏​ស្មោះត្រង់​នឹង​រស់ឡើងវិញ​នៅ​ពេល​បន្ទាប់ ។ គោលលទ្ធិ និង សេចក្តីសញ្ញា បង្រៀន​ថា ពួក​អ្នក​ដើរតាម​ដ៏​ស្មោះត្រង់​ទាំងនេះ​នឹង​គ្រង​សិរីល្អ​សេឡេស្ទាល​ជា​មរតក ( សូម​មើល គ. និង ស. ៧៦:៥០–៧០; ៨៨:៩៧–៩៨ ) ។ បុគ្គល​ទាំងឡាយ​ដែល​ពុំ​មាន​ភាពក្លាហាន​នៅ​ក្នុង​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង បុគ្គល​ទាំងឡាយ​ដែល​ទុច្ចរិត​នឹង​បាន​រស់ឡើងវិញ​នៅ​ពេល​ក្រោយ​មក​ទៀត ( សូម​មើល គ. និង ស. ៧៦:៧១–៨៦; ៨៨:៩៩–១០១ ) ។ ប៉ុល​ក៏​បាន​បង្រៀន​ផងដែរ​ថា « នៅ​ចុង​បំផុត » ( អំឡុង​ពេល​សហស្សវត្សរ៍ ) ព្រះយេស៊ូវគ្រីស្ទ​នឹង « [ ប្រគល់ ] នគរ » ដល់​ព្រះវរបិតា​វិញ បន្ទាប់​ពី​បាន​ទម្លាក់​រាល់​ទម្រង់​នៃ « អំណាច ហើយ​និង​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ » ខាង​ផែនដី ( ឬ​ខាង​លោកិយ ) ( កូរិនថូស ទី១ ១៥:២៤ ) ។

សូម​អាន កូរិនថូស ទី១ ១៥:២៥–២៦ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន ដែល​នឹង​កើតឡើង​ដល់​ខ្មាំង​សត្រូវ​របស់​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​សហស្សវត្សរ៍ ។

សូម​កត់ចំណាំ​អំពី​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​បំផ្លាញ​បង់ ។ ហេតុអ្វី​បាន​ជា​សេចក្ដីស្លាប់​អាច​ត្រូវបាន​ចាត់ទុក​ថា​ជា​ខ្មាំង​សត្រូវ​មួយ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ? ( សូម​មើល ម៉ូសេ ១:៣៩ ) ។

សូម​អាន កូរិនថូស ទី១ ១៥:២៩ ដោយ​ស្វែងរក​ពិធីបរិសុទ្ធ​ដែល​ពួក​បរិសុទ្ធ​កូរិនថូស​បាន​ធ្វើ ។

សូម​សង្ខេប​ដោយ​ប្រើ​ពាក្យពេចន៍​ផ្ទាល់ខ្លួន​អ្នក នូវ​អ្វី​ដែល​ប៉ុល​បាន​ចោទ​សួរ​ដល់​ពួក​បរិសុទ្ធ ទាក់ទង​នឹង​ការចូលរួម​របស់​ពួកគេ​នៅ​ក្នុង​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន ។

សេចក្ដីមួយ​ដែល​យើង​រៀន​ចេញ​ពី កូរិនថូស ទី១ ១៥:២៩ គឺ​ថា អ្នក​ដែល​បាន​ចែកឋាន​ទៅ​ដោយ​គ្មាន​ពិធី​បុណ្យ​ជ្រមុជទឹក អាច​នឹង​ទទួលពិធី​បរិសុទ្ធ​ពិសេស​នេះ​បាន ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ព្រះវិហារបរិសុទ្ធ​ឈរ​ជា​និមិត្តរូប​នៃ​ជំនឿ​របស់​យើង​លើ​ការរស់ឡើងវិញ ៖ « រាល់​ព្រះវិហារ​បរិសុទ្ធ ទោះ​ជា​ធំ ឬ​តូច ចាស់ ឬ​ថ្មី​ក្ដី វា​គឺ​ជា​ការបង្ហាញ​មួយ​អំពី​ទីបន្ទាល់​របស់​យើង​ថា ជីវិត​លើស​ពី​សេចក្ដីស្លាប់​គឺ​មាន​ពិតប្រាកដ​មែន ហើយ​ប្រាកដ​ច្បាស់​ដូចជា​ជីវិត​រមែងស្លាប់​ដែរ ។ ប្រសិនបើ​វិញ្ញាណ និង ព្រលឹង​មនុស្ស​លោក​ពុំ​មាន​ភាពអស់កល្ប​ជានិច្ច​ទេ​នោះ នឹង​មិន​ចាំបាច់​ត្រូវ​មាន​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ រាល់​ពិធីបរិសុទ្ធ​ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ដំណាក់​ដ៏​ពិសិដ្ឋ​ទាំងនេះ មាន​លទ្ធផល​ស្ថិតស្ថេរ​ជានិច្ច​រៀង​ទៅ » ( « This Peaceful House of God » Ensign ខែ ឧសភា ឆ្នាំ ១៩៩៣ ទំព័រ ៧៤ ) ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ភេសុន យូថាហ៍

ព្រះវិហារ​បរិសុទ្ធ ភេសុន យូថាហ៍

ប្រសិនបើ​អ្នក​រស់នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន ឬ បាន​រៀបចំ​ឈ្មោះ​បុព្វការីជន​របស់​អ្នក​ដើម្បី​បញ្ជូន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច នៅ​ពេល​អ្នក​បាន​រៀបចំ​ឈ្មោះ ឬ​បាន​ធ្វើ​កិច្ចការ​សម្រាប់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? ប្រសិនបើ​អ្នក​ពុំ​រស់នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ​ទេ សូម​គិត​ដល់​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់​មរណជន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រួមចំណែក​កាន់តែ​ពេញលេញ​នៅ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ និង ថាតើ​អ្នក​គិត​ថា​ការរួមចំណែក​របស់​អ្នក​អាច​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ការរស់ឡើងវិញ​បាន​តាម​របៀប​ណា ?

នៅ​លើ​ក្រដាស​មួយ​សន្លឹក សូម​សរសេរ​គោលដៅ​ផ្ទាល់ខ្លួន​មួយ​ទាក់ទង​នឹង​របៀប​ដែល​អ្នក​អាច​រួមចំណែក​កាន់តែ​ច្រើន​នៅ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ ។ សូម​ទុក​ក្រដាស​នោះ​នៅ​ទីតាំង​ដែល​វា​នឹង​រំឭក​អ្នក​ឲ្យ​ខិតខំ​សម្រេច​គោលដៅ​របស់​អ្នក ។

រូបភាព
scripture mastery icon
ចំណេះចំណានខគម្ពីរ—កូរិនថូស ទី១ ១៥:២០–២២

  1. ការទន្ទេញ​ចាំ​ចំណេះចំណានខគម្ពីរ​នេះ ( កូរិនថូស ទី១ ១៥:២០–២២ ) នឹង​ជួយ​អ្នក​ឲ្យ​ចាំ​ពាក្យពេជន៍ និង មាន​ការយល់ដឹង ដើម្បី​ជួយ​បង្រៀន​គោលលទ្ធិ​នៃ​ការរស់ឡើងវិញ​ទៅ​ដល់​មនុស្ស​ដទៃ ។ សូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​ទន្ទេញ ខទី ២២ រួច​សូត្រ​ខគម្ពីរ​នោះ​ដោយ​ពុំ​ចាំបាច់​មើល​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ធ្វើ​ដូចគ្នា​នេះ​ជាមួយ ខទី ២១ សូត្រ ខទី ២១–២២ បន្ទាប់​មក ខទី ២០ រួច​សូត្រ​ខគម្ពីរ​ទាំង​បី​តាម​លំដាប់លំដោយ ។ ចុងក្រោយ​បង្អស់ សូម​ព្យាយាម​សរសេរ​ចំណេះចំណានខគម្ពីរ​ទាំងស្រុង ចេញ​ពី​ការចងចាំ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ១៥:១–២៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖