បណ្ណាល័យ
មេរៀន​ទី ២៣ ថ្ងៃទី ២ ៖ កូរិនថូស ទី១ ១៥:៣០–១៦:២៤


មេរៀន​ទី ២៣ ថ្ងៃទី ២

កូរិនថូស ទី១ ១៥:៣០–១៦:២៤

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បន្ត​បង្រៀន​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​អំពី​ការរស់ឡើងវិញ ។ លោក​អរសប្បាយ​នៅ​ក្នុង​ជ័យជម្នះ​របស់​ព្រះយេស៊ូវគ្រីស្ទ​លើ​សេចក្ដីស្លាប់ ។ ប៉ុល​ក៏​បាន​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ឲ្យ​ផ្ដល់​ការបរិច្ចាគ​ដ៏​សប្បុរស​ដល់​ពួក​បរិសុទ្ធ​ខ្វះខាត​ដែល​រស់នៅ​ក្រុង​យេរូសាឡិម ។

កូរិនថូស ទី១ ១៥:៣០-៥២

ប៉ុល​បង្រៀន​អំពី​ការរស់ឡើងវិញ

តើ​អ្នក​ធ្លាប់​គិត​ថា តើ​ជីវិត​របស់​អ្នក​នឹង​មាន​ភាពខុសគ្នា​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​ពុំ​ជឿ​ទៅ​លើ​ជីវិត​ក្រោយ​ពី​ស្លាប់​ទេ​នោះ ? តើ​មនុស្ស​អាច​នឹង​ជ្រើសរើស​រស់នៅ​យ៉ាង​ដូចម្ដេច ប្រសិនបើ​ពួកគេ​ពុំ​ជឿ​ថា​ពួកគេ​នឹង​រស់នៅ​ម្ដង​ទៀត​បន្ទាប់​ពី​ស្លាប់​ទេ​នោះ ?

នៅ​ក្នុង កូរិនថូស ទី១ ១៥:១–២៩ យើង​រៀន​ថា សាវក​ប៉ុល​បាន​កែតម្រូវ​ជំនឿ​ខុសឆ្គង​របស់​ពួក​បរិសុទ្ធ​កូរិនថូស​មួយ​ចំនួន ដែល​ជឿ​ថា​គ្មាន​ការរស់ឡើងវិញ​បន្ទាប់​ពី​ស្លាប់​នោះ​ទេ ។ នៅ​ក្នុង កូរិនថូស ទី១ ១៥:៣០–៣៤ យើង​អាន​ថា ប៉ុល​បាន​ស្នើ​ឲ្យ​ពួក​បរិសុទ្ធ​ពិចារណា​អំពី​មូលហេតុ​ដែល​បុគ្គល​ម្នាក់​ដែល​បាន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​ទ្រាំទ្រ​សេចក្ដី​បៀតបៀន ព្រមទាំង​ប្រថុយ​ជីវិត​ប្រសិនបើ​គ្មាន​ការរស់ឡើងវិញ​ទេ​នោះ ។ លោក​ក៏​បាន​ព្រមាន​ពួក​បរិសុទ្ធ​កុំ​ឲ្យ​ត្រូវ​គេ​បំភាន់​ដោយ​ផ្នត់គំនិត​របស់​មនុស្ស​ដែល​ថា « ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ » ( កូរិនថូស ទី១ ១៥:៣២ ) ជា​ផ្នត់គំនិត​បង្ហាញ​អំពី​ជំនឿ​ខុសឆ្គង​ដែល​ប្រាប់​ថា​យើង​អាច​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ ព្រោះ​គ្មាន​ជីវិត​បន្ទាប់​ពី​ស្លាប់​នោះ​ទេ ហេតុដូច្នេះហើយ គ្មាន​សេចក្ដី​ជំនុំជម្រះ​ពី​ព្រះ​ឡើយ ។

ដោយសារតែ​ការរស់ឡើងវិញ​មាន​ពិតប្រាកដ​មែន ហេតុអ្វី​បាន​ជា​ការទទួល​យក​ផ្នត់គំនិត​នេះ​អាច​ជា​រឿង​ប្រកប​ដោយ​គ្រោះថ្នាក់ ?

នៅ​ពេល​អ្នក​សិក្សា​បន្ត​ទៀត​នៅ​ក្នុង កូរិនថូស ទី១ ១៥ សូម​ស្វែងរក​សេចក្ដីពិត​នានា​ដែល​អាច​ជួយ​អ្នក​យល់​អំពី​របៀប​ដែល​ការមាន​ចំណេះដឹង​អំពី​ការរស់ឡើងវិញ អាច​មាន​ឥទ្ធិពល​ទៅ​លើ​ជម្រើស​របស់​អ្នក​នៅ​ក្នុង​ជីវិត​រមែងស្លាប់ ។

សូម​អាន កូរិនថូស ទី១ ១៥:៣៥ ដោយ​ស្វែងរក​សំណួរ​ដែល​មនុស្ស​អាច​មាន​អំពី​ការរស់ឡើងវិញ ។

នៅ​ក្នុង កូរិនថូស ទី១ ១៥:៣៦–៣៨ យើង​រៀន​ថា ប៉ុល​បាន​ជួយ​ឆ្លើយ​សំណួរ​ទាំងនេះ​ដោយ​ប្រើ​គ្រាប់​ពូជ​ដើម្បី​តំណាង​ឲ្យ​ជីវិត​រមែងស្លាប់ ដែល—បន្ទាប់​ពី​បាន​ស្លាប់ ហើយ​កប់​ទៅ​ក្នុង​ដី​ហើយ​នោះ—នឹង​ដុះ​ចេញ​មក​នៅ​ក្នុង​ការរស់ឡើងវិញ ។

រូបភាព
drawings, sun, moon, stars

សូម​ពិចារណា​ថា តើ​អ្នក​នឹង​ពិពណ៌នា​អំពី​ភាពខុសគ្នា​រវាង​ពន្លឺ​ព្រះអាទិត្យ និង ពន្លឺ​ព្រះចន្ទ​យ៉ាង​ដូចម្ដេច ។ តើ​ពន្លឺ​ព្រះចន្ទ​ប្រៀបធៀប​ទៅ​នឹង​ពន្លឺ​តារា​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​អាន កូរិនថូស ទី១ ១៥:៣៩–៤២ ដោយ​ស្វែងរក​របៀប​ដែល​ប៉ុល​បាន​ប្រើ​រស្មី​ព្រះអាទិត្យ ព្រះចន្ទ និង តារា មក​ពន្យល់​អំពី​ភាពខុសគ្នា​នៃ​រូបកាយ​ដែល​បាន​រស់ឡើងវិញ ។ សូម​អាន​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ កូរិនថូស ទី១ ១៥:៤០ ( នៅ​ក្នុង កូរិនថូស ទី១ ១៥:៤០ លេខ​យោង a ) ។ នៅ​ក្នុង​បរិបទ​នេះ ពាក្យ សិរី អាច​សំដៅ​ទៅ​លើ​ពន្លឺ ភាពរុងរឿង ឬ ភាពត្រចះត្រចង់ ។ ( សូម​កត់ចំណាំ​ថា កូរិនថូស ទី១ ១៥:៤០–៤២ គឺ​ជា​ចំណេះចំណានខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

សេចក្តីពិត​មួយ​ដែល​សាវក​ប៉ុល​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​នេះ​គឺ​ថា មាន​កម្រិត​នៃ​ភាពរុងរឿង​ខុសៗគ្នា​សម្រាប់​រូបកាយ​ដែល​បាន​រស់ឡើងវិញ ។ និយាយ​ម្យ៉ាង​ទៀត រូបកាយ​មួយ​ចំនួន​ដែល​បាន​រស់ឡើងវិញ​នឹង​មាន​ភាពត្រចះត្រចង់ ហើយ​រុងរឿង​ជាង​រូបកាយ​ដទៃៗ​ទៀត ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ដោយ​ស្វែងរក​របៀប​ដែល​ភាពរុងរឿង​ខុសៗគ្នា​នៃ​រូបកាយ​ដែល​បាន​រស់ឡើងវិញ នឹង​មាន​ភាពខុស​ពី​គ្នា ។ ( នៅ​ពេល​ប្រធាន ស្ម៊ីធ មាន​ប្រសាសន៍​អំពី « រូបកាយ​ខាង​សេឡេស្ទាល » លោក​ចង់​មាន​ន័យ​អំពី​អស់​អ្នក​ដែល​ទទួល​បាន​លំដាប់​សិរីល្អ​ខ្ពស់​បំផុត​នៅ​ក្នុង​នគរ​សេឡេស្ទាល [ សូម​មើល គ. និង ស. ១៣១:១–៤ ] ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« នៅ​ក្នុង​ការរស់ឡើងវិញ នឹង​មាន​រូបកាយ​ប្រភេទ​ខុសៗ​គ្នា ដ្បិត​រូបកាយ​ទាំង​អស់​នោះ​មិន​ដូច​គ្នា​នោះ​ទេ ។ រូបកាយ​ដែល​មនុស្ស​ម្នាក់​ទទួល​បាន នឹង​កំណត់​អំពី​កន្លែង​ដែល​មនុស្ស​នោះ​នឹង​រស់នៅ​ចាប់​ពី​ពេល​នោះ​ទៅ ។ នឹង​មាន​រូបកាយ​ខាង​សេឡេស្ទាល ខាង​ទេរេសស្ទ្រាល និង ខាង​ទេឡេស្ទាល ។ …

« …មនុស្ស​ខ្លះ​នឹង​ទទួល​បាន​រូបកាយ​ខាង​សេឡេស្ទាល ដោយ​មាន​នូវ​គ្រប់​ព្រះចេស្ដា​នៃ​ភាពតម្កើងឡើង និង ភាពរីកចម្រើន​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ រូបកាយ​ទាំងនេះ​នឹង​ភ្លឺ​ចែងចាំង​ដូច​ជា​ព្រះអាទិត្យ គឺ​ដូចជា​ព្រះ​កាយ​របស់​ព្រះអង្គសង្គ្រោះ​ដែរ ។ … អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​នគរ​ទេរេសស្ទ្រាល​នឹង​មាន​រូបកាយ​ទេរេសស្ទ្រាល ហើយ​រូបកាយ​នោះ​នឹង​មិន​ភ្លឺ​ចែងចាំង​ដូចជា​ព្រះអាទិត្យ​ទេ ប៉ុន្តែ​វា​នឹង​មាន​សិរីល្អ​ច្រើន​ជាង​រូបកាយ​នៃ​អស់​អ្នក​ដែល​ទទួល​បាន​សិរីល្អ​ខាង​ទេឡេស្ទាល » ( Doctrines of Salvation, ចងក្រង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល ៣ [ ទំព័រ ១៩៥៤–៥៦ ] ២:២៨៦–៨៧ ) ។

សូម​កត់​ចំណាំ​ថា​ប្រធាន ស្ម៊ីធ បាន​ពន្យល់​ថា សិរីល្អ ឬ រូបកាយ​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ការរស់ឡើងវិញ នឹង​កំណត់​អំពី​នគរ​ដែល​យើង​នឹង​រស់នៅ ។

រូបភាព
drawings, sun, moon, stars

« ព្រះចេស្ដា​នៃ​ភាពតម្កើងឡើង » ដែល​ប្រធាន ស្ម៊ីធ បាន​សំដៅ​នោះ រួម​បញ្ចូល​ទាំង​ការរស់នៅ​ជីវិត​ដូច​ព្រះ ចំណែក​ឯ « ភាពរីកចម្រើន​ដ៏​នៅ​អស់កល្ប​ជានិច្ច » គឺ​ជា​លទ្ធភាព​ដើម្បី​បន្ត​បង្កើត​កូនចៅ​នៅ​ក្នុង​ភាពអស់កល្ប​ជានិច្ច ។ ពរជ័យ​ទាំងនេះ​មាន​សម្រាប់​តែ​អស់​អ្នក​ដែល​ត្រូវបាន​តម្កើង​ឡើង នៅ​ក្នុង​លំដាប់​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​ប៉ុណ្ណោះ ( សូម​មើល គ. និង ស. ១៣១:១–៤; ១៣២:១៩–២០ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២១–២២ ដោយ​ស្វែងរក​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ទទួលបាន​រូបកាយ​ខាង​សេឡេស្ទាល​នៅ​ពេល​យើង​រស់ឡើងវិញ ។ « ជាប់​នៅ​ក្នុង​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល » ( ខទី ២២ ) មាន​ន័យ​ថា ទទួលបាន​រាល់​ពិធីបរិសុទ្ធ ហើយ​ធ្វើ ព្រមទាំង​រក្សា​រាល់​សេចក្ដី​សញ្ញា​ចាំបាច់ៗ​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​ការដឹង​ថា​សិរីល្អ និង ពរជ័យ​មាន​សម្រាប់​តែ​បុគ្គល​ទាំងឡាយ​ដែល​បាន​រស់ឡើងវិញ​នៅ​ក្នុង​លំដាប់​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​ប៉ុណ្ណោះ អាច​មាន​ឥទ្ធិពល​លើ​ជម្រើស​ដែល​បុគ្គល​ម្នាក់​ធ្វើ​នៅ​ក្នុង​ជីវិត​រមែងស្លាប់​យ៉ាង​ដូចម្ដេច ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូរិនថូស ទី១ ១៥:៤២–៥២ ប៉ុល​បាន​ស្រាយ​បំភ្លឺ​បន្ថែម​អំពី​លក្ខណៈ​នៃ​រូបកាយ​ដែល​បាន​រស់ឡើងវិញ ។ លោក​បាន​សំដៅ​រូបកាយ​ក្នុង​ជីវិត​រមែងស្លាប់​ថា​ជា « ខាង​សាច់ឈាម » ( ខទី ៤៤, ៤៦ ) និង​ពុករលួយ ហើយ​លោក​បាន​សំដៅ​រូបកាយ​ដែល​បាន​រស់ឡើងវិញ​ថា​ជា « ខាង​វិញ្ញាណ » ( ខទី ៤៤, ៤៦ ) និង « មិន​ពុករលួយ » ( ខទី ៥២ ) ។

រូបភាព
scripture mastery icon
ចំណេះចំណានខគម្ពីរ—កូរិនថូស ទី១ ១៥:៤០–៤២

  1. សូម​បង្រៀន​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ភាពខុសប្លែក​ពី​គ្នា រវាង​រូបកាយ​ទាំងឡាយ​ដែល​បាន​រស់ឡើងវិញ ទៅ​កាន់​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ។ សូម​ប្រើប្រាស់​ចំណេះចំណានខគម្ពីរ ( កូរិនថូស ទី១ ១៥:៤០–៤២ ) នៅ​ពេល​អ្នក​បង្រៀន ។ បន្ទាប់​ពី​អ្នក​បង្រៀន​ចប់​ហើយ សូម​ស្នើ​ឲ្យ​បុគ្គល​ដែល​អ្នក​បាន​បង្រៀន​នោះ ចែកចាយ​អ្វី​ណា​មួយ​ដែល​គាត់​អាច​បន្ថែម​ទៅ​លើ​អ្វី​ដែល​អ្នក​បង្រៀន ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​ការរស់ឡើងវិញ ជាមួយ​បុគ្គល​ដែល​អ្នក​បាន​បង្រៀន ។ សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​បទពិសោធន៍​បង្រៀន​របស់​អ្នក ។

កូរិនថូស ទី១ ១៥:៥៣-៥៨

ប៉ុល​អរសប្បាយ​នៅ​ក្នុង​ជ័យជម្នះ​របស់​ព្រះយេស៊ូវគ្រីស្ទ​លើ​សេចក្ដីស្លាប់

សូម​គូស​រង្វង់​ជុំ​វិញ​ស្ថានភាព ដែល​អ្នក​ចង់​មាន ៖

ជំងឺ

សេចក្តី​ស្រេក​ឃ្លាន

សេចក្ដី​ឈឺចាប់

គ្មាន​ជំងឺ

គ្មាន​សេចក្តី​ស្រេក​ឃ្លាន

គ្មាន​ការឈឺចាប់

សូម​អាន កូរិនថូស ទី១ ១៥:៥៣ ដោយ​ស្វែងរក​គោលលទ្ធិ​ដែល​ប៉ុល​បាន​បង្រៀន អំពី​ស្ថានភាព​នៃ​រូបកាយ​របស់​យើង​នៅ​ពេល​យើង​រស់ឡើងវិញ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា យើង​នឹង​បាន​រស់ឡើងវិញ​នៅ​ក្នុង​ស្ថានភាព​ដែល​មិន​ពុក​រលួយ ហើយ​មាន​ភាពអមត ។ រូបកាយ​ដែល​បាន​រស់ឡើងវិញ​របស់​យើង​នឹង​មិន​ពុករលួយ មាន​ន័យ​ថា រូបកាយ​យើង​នឹង​មិន​ដែល​ស្លាប់ ឬ មាន​ជំងឺ រោគា ឬ ការឈឺចាប់​ឡើយ ។ ការដឹង​បែប​នេះ​ជួយ​យើង​យល់​ថា ការបារម្ភ​របស់​យើង​អំពី​សេចក្ដីស្លាប់​អាច​ត្រូវបាន « លេប​បាត់ » ( កូរិនថូស ទី១ ១៥:៥៤ ) ទៅ​ក្នុង​សេចក្ដី​សង្ឃឹម​នៃ​ការរស់ឡើងវិញ​ដ៏​រុងរឿង​មួយ ។

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់​ត្រូវ​សត្វ​ល្អិត​ទិច ។ តើ​អ្នក​គិត​ថា ទ្រនិច​ប្រភេទ​ណា​ដែល​មាន​ការឈឺចាប់​បំផុត ?

សូម​អាន កូរិនថូស ទី១ ១៥:៥៤–៥៥ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​គ្មាន​ទ្រនិច​ទៀត​ទេ ។

តើ​សេចក្តីស្លាប់​ខាង​សាច់ឈាម​អាច​ជា « ទ្រនិច » ឬ ហាក់ដូចជា​មាន​ជ័យជម្នះ​លើ​យើង​តាម​របៀប​ណា ?

តើ « សេចក្តី​ជ័យជំនះ​បាន​លេប » ទ្រនិច​សេចក្ដីស្លាប់​ខាង​សាច់ឈាម ( កូរិនថូស ទី១ ១៥:៥៤ ) តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា សេចក្ដីស្លាប់​ខាង​សាច់ឈាម​គ្មាន​ជ័យជម្នះ​លើ​យើង គឺ​ដោយសារ​តែ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន កូរិនថូស ទី១ ១៥:៥៦ ដោយ​ស្វែងរក​ទ្រនិច​ដែល​អាច​នៅតែ​មាន​នៅ​ពេល​យើង​ស្លាប់ ។

សូម​អាន កូរិនថូស ទី១ ១៥:៥៧–៥៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន ដែល​អាច​ដកយក​ទ្រនិច​នៃ​សេចក្ដីស្លាប់​ចេញ ។

ជ័យជម្នះ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ដង្វាយធួន​របស់​ទ្រង់ តាមរយៈ​ដង្វាយធួន​នេះ ទ្រង់​ឈ្នះ​លើ​ទាំង​អំពើ​បាប​ផង និង សេចក្ដីស្លាប់​ខាង​សាច់ឈាម​ផង ។ យោង​តាម ខទី ៥៨ តើ​ប៉ុល​បាន​អញ្ជើញ​អ្នក​អាន​របស់​លោក​ឲ្យ​ធ្វើ​អ្វី ដោយ​ព្រោះ​តែ​ជ័យជម្នះ​របស់​ព្រះយេស៊ូវគ្រីស្ទ​លើ​សេចក្ដីស្លាប់​នោះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី កូរិនថូស ទី១ ១៥:៥៦–៥៨ មាន​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ខ្ជាប់ខ្ជួន ហើយ​នឹងនរ​នៅ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ នោះ​ទ្រនិច​នៃ​សេចក្ដីស្លាប់​ដែល​កើត​ចេញ​ពី​អំពើ​បាប​ត្រូវបាន​ដក​ចេញ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការមាន​ភាពខ្ជាប់ខ្ជួន ហើយ​នឹងនរ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​មាន​ន័យ​ដូចម្ដេច ?

    2. តើ​ការប្រែចិត្ត​មាន​តួនាទី​ដូចម្ដេច នៅ​ក្នុង​ការមាន​ភាពខ្ជាប់ខ្ជួន ហើយ​នឹងនរ ?

  2. នៅ​ក្នុង កូរិនថូស ទី១ ១៥:៣០–៥៨ យើង​អាន​សេចក្ដី​បង្រៀន​របស់​ប៉ុល​ស្ដីពី​ការរស់ឡើងវិញ និង ការបដិសេធ​របស់​លោក​ចំពោះ​ទស្សនវិទ្យា​នៃ​អស់​អ្នក​ដែល​បាន​បង្រៀន​ថា​គ្មាន​ការរស់ឡើងវិញ ។ ពួកគេ​ជឿ​ថា យើង​អាច​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ ដ្បិត « ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ » ( កូរិនថូស ទី១ ១៥:៣២ ) ហើយ​ដោយ​ព្រោះ​តែ​ពួកគេ​ជឿ​ថា​គ្មាន​ការរស់ឡើងវិញ ទើប​ពួកគេ​ជឿ​ថា​គ្មាន​ការជំនុំជម្រះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ ដើម្បី​ពន្យល់​អំពី​មូលហេតុ​ដែល​ទស្សនវិទ្យា​នេះ​គឺ​ជា​រឿង​ខុសឆ្គង ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​រស់នៅ​កាន់តែ​សុចរិត ដើម្បី​ឲ្យ​ទ្រនិច​នៃ​សេចក្ដីស្លាប់​របស់​អ្នក​អាច​ត្រូវ​ដក​ចេញ ហើយ​អ្នក​អាច​ទទួលបាន​ការរស់ឡើងវិញ​ដ៏​រុងរឿង​នា​ពេល​អនាគត ។ សូម​សរសេរ​គោលដៅ​មួយ​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​កាន់តែ​មាន​ភាពខ្ជាប់ខ្ជួន ហើយ​នឹងនរ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។ សូម​គិត​ដល់​ការចែកចាយ​អ្វី​ដែល​អ្នក​បាន​សរសេរ ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​គិត​ថា​អាច​ទទួលបាន​ប្រយោជន៍​ពី​ការស្ដាប់​ឮ​ទីបន្ទាល់​របស់​អ្នក ។

កូរិនថូស ទី១ ១៦

ប៉ុល​បង្កើត​ការរៃអង្គាស​មួយ​សម្រាប់​ជន​ក្រីក្រ ដែល​រស់នៅ​ឯ​ក្រុង​យេរូសាឡិម

នៅ​ក្នុង កូរិនថូស ទី១ ១៦:១–២៤ យើង​អាន​ថា សាវក​ប៉ុល​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​កូរិនថូស​ជួយ​មើល​ថែ​ជនក្រីក្រ ដែល​រស់នៅ​ឯ​ក្រុង​យេរូសាឡិម ដើម្បី « ឈរ​ឲ្យ​មាំមួន​ក្នុង​សេចក្តី​ជំនឿ » ( ខទី ១៣ ) និង​ដើម្បី​ធ្វើ​អ្វី​គ្រប់យ៉ាង « ដោយ​សេចក្តី​ស្រឡាញ់ » ( ខទី ១៤  ) ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូស ទី១ ១៥:៣០–១៦:២៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖