បណ្ណាល័យ
មេរៀន​ទី ៣០ ថ្ងៃទី ២ ៖ យ៉ូហានទី ១


មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ២

យ៉ូហាន​ទី ១

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​អញ្ជើញ​ឲ្យ​សមាជិក​សាសនាចក្រ ស្វែងរក​សេចក្តីប្រកប​ជាមួយ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុងការ​គោរព​បញ្ញត្តិ​ព្រះ ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ យ៉ូហាន​ក៏​បាន​រំឭក​សមាជិក​សាសនាចក្រ​ឲ្យ​ចេះ​ស្រឡាញ់​គ្នាទៅវិញ​ទៅមក​ផងដែរ ។

យ៉ូហាន​ទី ១

យ៉ូហាន​ពន្យល់​ពី​សារៈសំខាន់​នៃ​ការគោរព​ព្រះបញ្ញត្តិ និង​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពាក្យ ការក្បត់សាសនា និង និយមន័យ​របស់​វា ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ សូម​ប្រើ Topical Guide សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ Basic Doctrines ឯកសារ​ដែល​មាន​នៅ​ដើម​ទំព័រ​នៃ​សៀវភៅ​ណែនាំ​នេះ ។

សាវក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​នេះ នា​គ្រា​ដែល​ការក្បត់​សាសនា​កំពុង​គំរាមកំហែង​សាសនាចក្រ ។ លោក​បាន​ព្រមាន​ពួកបរិសុទ្ធ​អំពី​ពួក​ទទឹង​នឹង​ព្រះគ្រីស្ទ ( សូមមើល យ៉ូហានទី ១ ២:១៨–២៦, ៤:៣ ) ។ អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​គឺ « នរណា​ក៏​ដោយ ឬ អ្វី​ក៏​ដោយ ដែល​ក្លែងបន្លំ​ផែនការ​នៃ​ដំណឹងល្អ​ដ៏​ពិត​នៃ​សេចក្ដី​សង្គ្រោះ និង ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​ដោយ​បើកចំហ ឬ ដោយ​សម្ងាត់​ក្ដី » ព្រមទាំង​ប្រឆាំង​នឹង​សិទ្ធិ​អំណាច និង ការបង្រៀន​របស់​អ្នក​បម្រើ​ដែល​ទ្រង់​បាន​រើស ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ » scriptures.lds.org) ។ អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​មួយ​ចំនួន​នៅក្នុង​ជំនាន់​របស់​យ៉ូហាន បាន​បង្រៀន​ថា​ព្រះយេស៊ូវគ្រីស្ទ​ពុំ​មាន​រូបកាយ​ឡើយ អំឡុងពេល​នៅលើ​ផែនដី​នេះ ប៉ុន្តែ​គ្រាន់តែ​បង្ហាញ​ជា​រូបកាយ​បែប​នោះ​ប៉ុណ្ណោះ ។

សូម​អាន យ៉ូហានទី ១ ១:១-៤ ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន​បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការបង្រៀន​ខុស​ឆ្គង​នោះ ។ សូម​កត់សម្គាល់​ថា​ពាក្យ « ព្រះបន្ទូល​នៃ​ជីវិត » នៅក្នុង ខ​ទី ១ សំដៅ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​កត់សម្គាល់​នៅក្នុង ខ​ទី ៣–៤ ថា​យ៉ូហាន​ចង់​ឲ្យ​ពួកបរិសុទ្ធ មាន​សេចក្តី​ប្រកប​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​មាន​សេចក្តីប្រកប​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​មាន​ប្រាថ្នា​ថា ពួកគេ​ជួប​បទពិសោធន៍​នៃ​សេចក្ដី​អំណរ​ពេញលេញ​ផងដែរ ។ គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំង​នេះ​គឺ​ថា ប្រសិនបើ​យើង​ទទួល ហើយ​ធ្វើ​តាម​ការបង្រៀន​របស់​ព្យាការី និង សាវក នោះ​យើង​អាច​ទទួល​បាន​សេចក្តី​ប្រកប​ជាមួយ​ព្រះវរបិតា និង ព្រះរាជបុត្រា ។

ដើម្បី​មាន​សេចក្តីប្រកប​មាន​ន័យ​ថា រីករាយ​ជាមួយ​នឹង​ទំនាក់ទំនង​នៃ​ការទុកចិត្ត មិត្តភាព អន្តរកម្ម និង សាមគ្គីភាព ។ សូម​គិត​អំពី​បុរស​នានា​ដែល​បម្រើ​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ តើ​ការធ្វើ​តាម​ការបង្រៀន​របស់​ព្យាការី និង សាវក​ជួយ​យើង​ឲ្យ​ទទួល​បាន​សេចក្តីប្រកប​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អាន យ៉ូហានទី ១ ១:៥-៦ ដោយ​រកមើល​អ្វី​ដែល​អាច​រារាំង​យើង ពី​ការមាន​សេចក្តីប្រកប​ជាមួយ​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

ប្រធាន​បទ​ដ៏​សំខាន់​បំផុត​នៃ​ការសរសេរ​របស់​យ៉ូហាន​នោះ​ត្រូវបាន​បង្ហាញ​នៅក្នុង យ៉ូហានទី ១ ១:៥—ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ពន្លឺ​នៃ​ពិភពលោក ( សូមមើល យ៉ូហាន ១:៤–៩, ៨:១២, ៩:១–៥) ។ សូម​គិត​ពី​គ្រា​មួយ នៅពេល​អ្នក​បាន​ដើរ​ចូល​ទៅ​ក្នុង​ទី​ងងឹត ។ យ៉ូហាន​ប្រើ​ថា​ពាក្យ សេចក្តី​ងងឹត សំដៅ​លើ​ភាព​ងងឹត​ខាង​វិញ្ញាណ ។

តើ​អ្នក​គិត​ថា ការដើរ​នៅក្នុង​សេចក្តី​ងងឹត​ខាង​វិញ្ញាណ​មាន​ន័យ​ដូចម្ដេច ?

សូម​សិក្សា យ៉ូហានទី ១ ១:៧–២:៦ ដោយ​រក​មើល​សេចក្ដី​ពិត​ដែល​យ៉ូហាន​បាន​បង្រៀន ដែល​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​របៀប​ដើម្បី​ដើរ​នៅក្នុង​ពន្លឺ​នៃ​ដំណឹង​ល្អ ។ ពាក្យ ​ដង្វាយ​ធួន នៅក្នុង យ៉ូហានទី ១ ២:២ មាន​ន័យ​ថា ការពលិកម្ម​ធួន​ដែល​បំពេញ​នូវ​សេចក្តី​យុត្តិធម៌​នៃ​ព្រះ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សេចក្តីពិត​មួយ​ចំនួន ដែល​អ្នក​រកឃើញ​នៅក្នុង យ៉ូហានទី ១ ១:៧–២:៦ ។ បន្ទាប់​មក​សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖

    1. ហេតុអ្វី​អ្នក​គិត​ថា​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ប្រែ​កាន់តែ​ល្អ​ឥតខ្ចោះ ឬ ពេញលេញ នៅពេល​យើង​គោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់ ?

    2. តើ​នៅពេល​ណា​ដែល​អ្នក​ជួប​នូវ​បទពិសោធន៍​នៃ​សេចក្តីស្រឡាញ់​ដ៏​មហិមា​ចំពោះ​ព្រះ នៅពេល​អ្នក​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ?

សូម​អាន​ការពិពណ៌នា​ដូច​តទៅ​នេះ ដោយ​រកមើល​បទ​បញ្ញត្តិ​ពិសេស​មួយ ដែល​យុវវ័យ​ទាំង​ពីរ​នេះ​មាន​ការលំបាក​ដើម្បី​គោរព​តាម ៖

  • យុវជន​ម្នាក់​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ ហើយ​ធ្វើ​កាតព្វកិច្ច​បព្វជិតភាព​ជាច្រើន​របស់​គាត់​ដោយ​ស្មោះត្រង់ ប៉ុន្តែ​ជា​ញឹកញាប់​គាត់​ពុំ​ធ្វើ​ល្អ​ដាក់​ប្អូនប្រុស​របស់​គាត់​ទេ ។

  • យុវនារី​ម្នាក់​ចូលរួម​រាល់​ការប្រជុំ​នៅ​ព្រះវិហារ​ជា​ទៀងទាត់ ហើយ​បាន​ទទួល​ការ​ទទួលស្គាល់​ភាព​ជា​យុវនារី​របស់​នាង ។ ប៉ុន្តែ ជា​ញយៗ​នាង​បាន​ចុះ​ផ្សាយ​វាចា​ដែល​មិន​សមរម្យ​អំពី​មិត្តភក្តិ​រួម​ថ្នាក់ និង គ្រូបង្រៀន​របស់​នាង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

តើ​បទបញ្ញត្តិ​អ្វី​ដែល​យុវវ័យ​ថ្ងៃ​ចុងក្រោយ​ទាំង​ពីរ​នាក់​មាន​ការលំបាក​គោរព​តាម​នោះ ? ( សូម​មើល​វគ្គ​ចំណេះចំណាន​ខគម្ពីរ ម៉ាថាយ ២២:៣៦–៣៩ សម្រាប់​ជំនួយ​ក្នុង​ការឆ្លើយ​សំណួរ​នេះ ) ។

សូម​គិត​អំពី​ស្ថានភាព​នោះ​ដែល​អ្នក​អាច​មាន​ការលំបាក ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ ។

  1. សូម​អាន យ៉ូហានទី ១ ២:៩–១១, ៤:៧–១១, ១៩–២១ ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន​បាន​បង្រៀន​អំពី​សេចក្តីស្រឡាញ់ ។ សូម​ពិចារណា​អំពី​ការគូសចំណាំ កត់ចំណាំ​ការបង្រៀន​នានា ដែល​មាន​ន័យ​ចំពោះ​អ្នក ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការបង្រៀន​មួយ​ណា​របស់​យ៉ូហាន​អំពី​សេចក្តីស្រឡាញ់​ដែល​មាន​អត្ថន័យ​ខ្លាំង​ចំពោះ​អ្នក ? ហេតុអ្វី ?

    2. គោលការណ៍​មួយ​ដែល​យើង​អាច​រកឃើញ​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា នៅពេល​យើង​ស្រឡាញ់​ព្រះ នោះ​យើង​នឹង​ស្រឡាញ់​អ្នក​ដទៃ ។ ហេតុអ្វី​អ្នកគិត​ថា យើង​នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ដទៃ នៅពេល​យើង​ស្រឡាញ់​ព្រះ​ពិតប្រាកដ​នោះ ?

សូម​កត់ចំណាំ​ថា យ៉ូហាន​បាន​និយាយ​ដល់​ការ​ស្អប់ខ្ពើម​អ្នក​ដទៃ​នៅក្នុង យ៉ូហានទី ១ ៤:២០ ។ មាន​របៀប​ជា​ច្រើន​ដែល​យើង​អាច​ដក​យក​សេចក្តីស្រឡាញ់ ឬ សេចក្តីសប្បុរស​របស់​យើង​ពី​អ្នក​ដទៃ ក្រៅពី​ការស្អប់ខ្ពើម​ពួកគេ ។ តើ​អ្នក​គិត​ថា របៀប​ទាំង​នោះ​អាច​មាន​អ្វីខ្លះ ?

សូម​អាន យ៉ូហានទី ១ ៣:១៧-១៨ ដោយ​រកមើល​របៀប​ដែល​យើង​គួរតែ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​អ្នកដទៃ ។

ហេតុអ្វី​អ្នក​គិត​ថា​វា​សំខាន់ ដែល​យើង​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង តាមរយៈ​ទង្វើ​របស់​យើង ពុំ​មែន​តាម​តែ​ពាក្យ​សម្តី​នោះ ?

តើ​អ្នក​ស្គាល់​នរណា​ដែល​ជា​គំរូ​ល្អ​នៃ​ការបង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​អ្នក​ដទៃ​នោះ ?

ប្រសិន​បើ​មាន​ពេល សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា « Two Brothers Apart » ដែល​មាន​នៅ​គេហទំព័រ LDS.org ។ នៅពេល​អ្នក​មើល​វា សូមមើល​ពី​របៀប​ដែល​បងប្អូន​ប្រុស​ទាំង​នេះ​បាន​អនុវត្ត​គោលការណ៍​នេះ និង ឥទ្ធិពល​ដែល​គោលការណ៍​នេះ​មាន​ចំពោះ​ពួកគេ​ម្នាក់ៗ ។

  1. សូម​គិត​អំពី​នរណា​ម្នាក់​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​អាច​បង្ហាញ​សេចក្តីស្រឡាញ់​កាន់តែ​ច្រើន​ជាង​មុន ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ឈ្មោះ​បុគ្គល​នោះ និង អ្វី​ដែល​ជាក់លាក់ ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ ឬ សេចក្តីសប្បុរស​របស់​អ្នក​ចំពោះ​បុគ្គល​នោះ ។ អ្នក​មិន​ចាំបាច់​បង្ហាញសេចក្តីស្រឡាញ់​របស់​អ្នក​ក្នុង​របៀប​មួយ​ដ៏​ហួសហេតុ​ឡើយ ។ កាយវិការ​នៃ​សេចក្តីសប្បុរស និង ចិត្ត​ល្អ​តូចតាច សាមញ្ញ ជាញយៗ​វា​មាន​អត្ថន័យ​ខ្លាំង​បំផុត ។

នៅពេល​យើង​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​តាមរយៈ​សកម្មភាព​របស់​យើង នោះ​យើង​កំពុង​ដើរ​ដូច​ជា​ព្រះយេស៊ូវ​បាន​យាង ឬ រស់​នៅ​ក្នុង​ជីវិត​មួយ​ដូច​ជា​ព្រះយេស៊ូវ​បាន​រស់នៅ ( សូមមើល យ៉ូហានទី ១ ២:៦, ៣:១–៣ ) ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អ្នក នៅ​ពេល​អ្នក​អនុវត្ត​តាម​សេចក្ដីពិត​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​អាន យ៉ូហានទី ១ ៤:១២ ហើយ​បន្ទាប់​មក​សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហានទី ១ ៤:១២ ( នៅក្នុង យ៉ូហានទី ១ ៤:១២  ) ។ តើ​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ផ្តល់​នូវ​ភាព​ច្បាស់លាស់​អ្វីខ្លះ អំពី​ការ​អាច​មើល​ឃើញ​ព្រះ ?

នៅក្នុង យ៉ូហានទី ១ ៥ យ៉ូហាន​បាន​បង្រៀន​ពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​កើត​ម្តង​ទៀត​គឺ​ថា « មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ ដើម្បី [ គាត់ ] ពុំ​មាន​បំណង​ប្រាថ្នា​ធ្វើ​អាក្រក់​ទៀត​ឡើយ ប៉ុន្ដែ​មាន​បំណង​ស្វែងរក​ការណ៍​នៃ​ព្រះ​វិញ ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កើត​ម្តង​ទៀត កើត​ពី​ព្រះ » scriptures.lds.org ) ។ សូម​អាន​វគ្គ​ខគម្ពីរ​ខាង​ក្រោម​នេះ ហើយ​សរសេរ​នូវ​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​បាន​កើត​ម្តង​ទៀត ៖

យ៉ូហានទី ១ ៥:១

យ៉ូហានទី ១ ៥:២-៣

យ៉ូហានទី ១ ៥:៤

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហានទី ១ ៥:១៨ ( នៅក្នុង យ៉ូហានទី ១ ៥:១៨  )

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហានទី ១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖