បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​យ៉ូហាន​ទី ១


សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ យ៉ូហាន​ទី ១

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

នៅ​ក្នុង​សំបុត្រ​នេះ សាវក​យ៉ូហាន​បាន​ថ្លែង​អំពី​គ្រោះថ្នាក់​ស្ដីពី​ឥទ្ធិពល​នៃ​ការ​ក្បត់​សាសនា ដែល​បាន​រីករាលដាល​ឡើង​នៅ​ក្នុង​សាសនាចក្រ ។ លោក​បាន​ព្រមាន​ពួកបរិសុទ្ធ​កុំ​ឲ្យ​មាន​សេចក្តី​ប្រកប​ជាមួយ​នឹង​ភាព​ខ្មៅ​ងងឹត ហើយ​បន្ត​នៅក្នុង​ទីសុវត្ថិភាព​នៃ​ពន្លឺ​របស់​ដំណឹង​ល្អ ។ ការសិក្សា​គម្ពីរ​យ៉ូហាន​ទី ១ អាច​ជួយ​អ្នក​ប្រែកាន់តែ​ដឹង​អំពី​ការបង្រៀន​ខុសឆ្គង​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ការធ្វើ​តាម​ការទូន្មាន​របស់​យ៉ូហាន អាច​ជួយ​អ្នក​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ព្រះអម្ចាស់ នៅពេល​អ្នក​ធ្វើ​តាម​សេចក្តីពិត ។ ក្រៅ​ពី​នោះ ការសិក្សា​គម្ពីរ​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សេចក្តីស្រឡាញ់​ដ៏​មហិមា​របស់​ព្រះវរបិសួគ៌​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់​គ្រប់​គ្នា ដែល​ទ្រង់​បាន​បង្ហាញ​តាមរយៈ​ការបូជា​ព្រះរាបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ដង្វាយ​មួយ​សម្រាប់​មនុស្ស​លោក​ទាំង​អស់ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

« នៅក្នុង​សំបុត្រ​ទាំង​បី​នេះ​គ្មាន​សំបុត្រ​ណា​មួយ​ដែល​អ្នក​និពន្ធ​បាន​និយាយ​ប្រាប់​ពី​ឈ្មោះ​របស់​លោក​ឡើយ ប៉ុន្តែ​តាម​ទម្លាប់​គេ​ចាត់​ថា​ជា យ៉ូហាន » ដែល​ជា​សាវក​មួយ​រូប​ក្នុង​ចំណោម​ពួក​សាវក​ដើម​ទាំង​ដប់​ពីរ​នាក់ ( សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​យ៉ូហាន ») ។ អ្នក​និពន្ធ​សំបុត្រ​របស់​យ៉ូហាន គឺ​ជា​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ម្នាក់​របស់​ព្រះអង្គសង្គ្រោះ​ដែល​បាន​ព្រះជន្ម​រស់​ឡើង​វិញ ដែល​នោះ​គឺ​ពិត​ជា​យ៉ូហាន​ជា​សាវក ( សូមមើល យ៉ូហាន​ទី ១ ១:១–៤, ៤:១៤ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅពេល​ណា ហើយ​នៅកន្លែង​ណា ?

គ្មាន​នរណា​ម្នាក់​ដឹង​ពិត​ប្រាកដ​ពី​ពេលវេលា និង​ទីកន្លែង​ដែល​គម្ពីរ​យ៉ូហាន​ទី ១ ត្រូវ​បាន​សរសេរ​ឡើង​ឡើយ ។ វា​ទំនង​ជា​ត្រូវ​បាន​សរសេរ​នៅ​អំឡុង​ពេល​នៅ​ផ្នែក​ចុងក្រោយ​នៃ​សតវត្សរ៍​ទី​មួយ​នៃ គ. ស. ។

ទោះបី​ជា​យ៉ូហាន​បាន​ចំណាយ​ពេល​ច្រើន​កាល​ពី​នៅ​វ័យ​ក្មេង​នៅ​ក្នុង​ស្រុក ភីលីស្ទីន ក្ដី ក៏​វា​ជា​តំបន់​ដែល​ជា​សត្រូវ​នឹង​ពួក​គ្រីស្ទាន និង ពួកសាសន៍យូដា បន្ទាប់​ពី​ការបំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម និង ព្រះវិហារបរិសុទ្ធ​របស់​វា​នៅក្នុង គ. ស. ឆ្នាំ ៧០ ។ តាម​ទម្លាប់​គេ​ថ្លែង​ថា យ៉ូហាន​បាន​ចាកចេញ​ពី​ស្រុក ភីលីស្ទីន​ទៅ​រស់នៅ​ស្រុក អេភេសូរ​អំឡុង​ពេល​នៃ​ជីវិត​ក្រោយៗ​មក​ទៀត​របស់​លោក ។ ប្រសិន​បើ​ក្នុង​ករណីនេះ យ៉ូហាន​អាច​សរសេរ​សំបុត្រ​នេះ​ពី​ស្រុក អេភេសូរ​ចន្លោះ គ.ស. ឆ្នាំ ៧០ និង ១០០ ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

អ្នក​ទទួល​សំបុត្រ​យ៉ូហាន​ទី ១ ពុំ​ត្រូវ​បាន​ថ្លែង​ប្រាប់​យ៉ាង​ច្បាស់លាស់​ឡើយ ប៉ុន្តែ​វា​បង្ហាញ​ចេញ​ពី​ការសរសេរ​របស់​លោក​ថា យ៉ូហាន​បាន​សរសេរ​ទៅកាន់​ពួក​អ្នក​ជឿ ( សូមមើល យ៉ូហានទី ១ ១:៣–៤, ២:១២–១៤ ) ប្រហែល​ជា​សរសេរ​ដល់​ពួក​អ្នក​នៅ​តំបន់​អាស៊ី​តូច ( ប្រទេស​តួកគី​បច្ចុប្បន្ន​នេះ ) ជា​ទី​កន្លែង​ដែល​ធនធាន​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​និយាយ​ថា យ៉ូហាន​បាន​រស់នៅ ហើយ​បម្រើ​នៅ​ទីនោះ​នៅ​ពេល​ចុងក្រោយ​នៃ​សតវត្សរ៍​ទី​មួយ​នៃ គ. ស. ។

នៅ​គ្រា​នោះ គ្រូបង្រៀន​ក្លែងក្លាយ​បាន​បង្កើត​ឲ្យ​មាន​ការបែកខ្ញែក​គ្នា ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​តំបន់​នោះ ( សូមមើល យ៉ូហានទី ១ ២:១៨–១៩, ២២, ២៦, ៤:១ ) ហើយ​ការក្បត់​សាសនា​បាន​រីករាលដាល​នៅក្នុង​សាសនាចក្រ ។ ទស្សនៈ​ដ៏​ពិសេស​មួយ​ដែល​ទទួល​បាន​ប្រជាប្រិយភាព​នោះ​គឺ​លទ្ធិ​ព្រះ​អរូប ។ លទ្ធិ​ព្រះ​អរូប គឺ​ជា​ផ្នែក​នៃ​ចលនា​ដ៏​ធំ​មួយ​ដែល​ហៅ​ថា​លទ្ធិ​​ខាង​វិញ្ញាណ ។ ការបង្រៀន​ដ៏​សំខាន់​ក្នុង​ទម្រង់​ជា​ច្រើន​នៃ​លទ្ធិ​​ខាង​វិញ្ញាណ គឺ​ថា​វិញ្ញាណ​ល្អ​ទាំងអស់ ហើយ​ធាតុ​នានា រួម​ទាំង​រូបកាយ​គឺ​អាក្រក់​ទាំងស្រុង ។

អ្នក​ដើរ​តាម​លទ្ធិ​​ខាង​វិញ្ញាណ បាន​ជឿ​ថា សេចក្តីសង្គ្រោះ​ពុំ​អាច​សម្រេច​បាន តាមរយៈ​ការ​រួច​ពី​បាប​ឡើយ ប៉ុន្តែ​សេចក្តី​សង្គ្រោះ​អាច​សម្រេច​បាន តាមរយៈ​ការធ្វើ​ឲ្យ​វិញ្ញាណ​មាន​សេរីភាព​ចេញ​ពី​ធាតុ​វិញ មាន​ន័យ​ថា​ចេញ​ពី​រូបកាយ​វិញ ។ ពួកគេ​ក៏​បាន​ជឿ​ផងដែរ​ថា សេចក្តីសង្គ្រោះ​សម្រេច​បាន តាមរយៈ​ចំណេះ​ដឹង​ពិសេសៗ ( ចំណេះដឹង ) ពុំ​មែន​តាមរយៈ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ទេ ។

លទ្ធិ​ព្រះ​អរូប ចេញ​មក​ពី​ពាក្យ​ភាសា​ក្រិក​ថា dokeō, មាន​ន័យ​ថា « ហាក់ដូច​ជា » ឬ « លេចចេញ​មក » ។ អ្នក​ដើរ​តាម​លទ្ធិ​ព្រះ​អរូប គូស​បញ្ជាក់​ហួសហេតុ​ពី​លក្ខណៈ​ខាង​វិញ្ញាណ​របស់​ព្រះយេស៊ូវ ទៅ​ដល់​ចំណុច​មួយ​ដែល​ពួកគេ​បាន​បដិសេធ​គំនិត​ដែល​ថា ទ្រង់​បាន​យាង​មក​លើ​ផែនដី​នេះ​មាន​រូបកាយ​ពិតប្រាកដ ។ ពួកគេ​បាន​ជឿ​ថា​ព្រះ​គឺ​ជា​អង្គ​ដែល​យើង​មើល​មិន​ឃើញ អមតៈ ចេះ​ដឹង​ល្អ​ឥតខ្ចោះ ជា​វិញ្ញាណ​ជាជាង​មាន​រូបកាយ ហើយ​ពួកគេ​ចាត់ទុក​ពិភពលោក​នេះ និង រូបកាយ​ជា​អ្វី​ដែល​ពុក​រលួយ និង អាក្រក់ ។ ហេតុដូច្នោះហើយ ពួកគេ​បាន​ជឿ​ថា ដោយសារ​ព្រះយេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ នោះ​ទ្រង់​ពុំ​ធ្លាប់​ជួប​បទពិសោធន៍​នៃ​ភាពទន់ខ្សោយ​ដូច​មនុស្ស​លោក​ឡើយ ។ នៅក្នុង​ទស្សនៈ​របស់​ពួកគេ ព្រះយេស៊ូវគ្រីស្ទ​ពុំ​បាន​ប្រសូត​មក​ជា​សាច់​ឈាម​ឡើយ ហើយ​ថា​ទ្រង់​ពុំ​បាន​រស់​នៅ​ក្នុង​រូបកាយ​ជាក់ស្តែង មាន​ឈាម រង​ការឈឺចាប់ ស្លាប់ ឬ រស់​ឡើង​វិញ​ជា​រូបកាយ​ដែល​រស់​ឡើង​វិញ​ឡើយ—ទ្រង់​គ្រាន់តែ​ដូច​ជា​បាន​ធ្វើ​កិច្ចការ​ទាំង​នេះ​ប៉ុណ្ណោះ ។

ទោះបី​ជា​សាវក​យ៉ូហាន បាន​និយាយ​ប្រឆាំង​នឹង​ការបង្រៀន​ខុសឆ្គង​ទាំង​នេះ​នៅក្នុង​គម្ពីរ យ៉ូហានទី ១ ​ក្តី ការបង្រៀន​ទាំង​នេះ​បាន​ជំនះ និង ជះឥទ្ធិពល​សន្សឹមៗ​ទៅក្នុង​សមាជិកភាព​សាសនាចក្រ ។ គោលលទ្ធិ​ទាំង​នេះ និង គោលលទ្ធិ​ក្លែងក្លាយ​ផ្សេង​ទៀត គឺ​ជា​ផ្នែក​នៃ​អ្វី​ដែល​នាំ​ឲ្យ​មាន​ការក្បត់​សាសនា​ដ៏​ធំ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

ក្នុង​នាម​ជា​សាក្សី​ជំនាន់​ដើម​របស់​ព្រះយេស៊ូវគ្រីស្ទ យ៉ូហាន​គឺ​ជា​សាក្សី​ពិសេស​មា្នក់​របស់​ព្រះអង្គសង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ យ៉ូហាន​បាន​ចាប់ផ្តើម​សរសេរ​សំបុត្រ​នេះ ដោយ​ប្រកាស​ថា លោក​បាន​ឃើញ ស្តាប់ ហើយ​បាន​ពាល់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ផ្ទាល់ ។ បន្ថែម​លើ​ការមើល​ឃើញ​ដោយ​ផ្ទាល់​នេះ លោក​បាន​អញ្ជើញ​អ្នក​អាន​របស់​លោក​ឲ្យ « មាន​សេចក្តី​ប្រកប​… នឹង​ព្រះវរបិតា ហើយ​និង​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​ទ្រង់ » ( យ៉ូហានទី ១ ១:៣ ) ។ សេចក្តី​ស្រឡាញ់​គឺ​ជា​ប្រធាន​បទ​សំខាន់​នៃ​សំបុត្រ​ទី​មួយ​របស់​យ៉ូហាន ។ យ៉ូហាន​បាន​គូស​បញ្ជាក់​ថា អស់​អ្នក​ដែល​និយាយ​ថា​ពួកគេ​ស្រឡាញ់​ព្រះ ប៉ុន្តែ​បែរជា​ពុំ​ស្រឡាញ់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​នោះ​គឺ​ជា​មនុស្ស​កុហក​ហើយ ( សូមមើល យ៉ូហានទី ១ ៤:២០–២១ ) ។

គម្រោង​មេរៀន

យ៉ូហានទី ១ ១-៣ ។ យ៉ូហាន​បង្រៀន​ថា តាមរយៈ​ការគោរព​ប្រតិបត្តិ នោះ​យើង​អាច​ស្គាល់​ព្រះ មាន​សេចក្តីប្រកប​ជាមួយ​ទ្រង់ ហើយ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។ នៅ​ថ្ងៃ​ចុងក្រោយ ពួក​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​នឹង​កើត​មាន​ឡើង ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​យើង ត្រូវបាន​បង្ហាញ​តាមរយៈ​ពលិកម្មធួន​របស់​ទ្រង់ ។

យ៉ូហានទី ១ ៤-៥ ។ យ៉ូហាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​កំណត់​ថា តើ​គ្រូបង្រៀន​ណា​ដែល​មក​ពី​ព្រះ ។ ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់ ហើយ​ដោយសារ​សេចក្តីស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​យើង នោះ​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​រង​ការឈឺចាប់​ជំនួស​យើង ។ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​នឹង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​កើត​មក​ពី​ព្រះ​នឹង​យក​ឈ្នះ​លើ​លោកិយ​នេះ ។