បណ្ណាល័យ
មេរៀន​ទី ២៩ ថ្ងៃទី ៤ ៖ ពេត្រុសទី ១ ៣-៥


មេរៀន​ទី ២៩ ៖ ថ្ងៃទី ៤

ពេត្រុសទី ១ ៣-៥

សេចក្ដីផ្ដើម

សាវក​ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​ដោយ​សុចរិត ដើម្បី​បណ្តេញ​នូវ​ការចោទប្រកាន់​ខុសឆ្គង​ដែល​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ពួកគេ ។ លោក​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ បាន​ផ្សាយ​ដំណឹង​ល្អ​នៅក្នុង​ពិភពវិញ្ញាណ​បន្ទាប់ពី​ទ្រង់ សុគត ។ ពេត្រុស​ក៏​បាន​ទូន្មាន​ពួក​អែលឌើរ​នៃ​សាសនាចក្រ​ផងដែរ ឲ្យ​មើល​ថែទាំ​ហ្វូង​ចៀម​របស់​ព្រះ ឲ្យ​ដូច​ជា​ការមើល​ថែទាំ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែរ ដែល​ទ្រង់​ជា​ប្រធាន​នៃ​អ្នក​គង្វាល ។

ពេត្រុស ទី ១ ៣:១-១៧

ពេត្រុស​ទូន្មាន​ឲ្យ​ពួកបរិសុទ្ធ​មាន​ភាព​សាមគ្គី​គ្នា​នៅក្នុង​ភាព​សុចរិត ហើយ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

សូម​អាន​ដំណើរ​រឿង​ខាង​ក្រោម​ដោយ ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« យើង​នឹង​មាន​ឱកាស​នានា​ពេញ​មួយ​ជីវិត​យើង​ដើម្បី​ចែកចាយ​ជំនឿ​របស់​យើង ទោះបី​ជា​យើង​មិន​បាន​ដឹង​ពី​ពេល​ដែល​យើង​នឹង​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ​ជានិច្ច​ក្តី ។ ឱកាស​មួយ​បែប​នេះ​បាន​កើត​មាន​ចំពោះ​ខ្ញុំ​ក្នុង​ឆ្នាំ ១៩៥៧ កាល​ខ្ញុំ​ធ្វើ​ការ​ក្នុង​អាជីព​ផ្នែក​បោះពុម្ព ហើយ​ត្រូវបាន​សុំ​ឲ្យ​ទៅ​ទីក្រុង ដាឡាស រដ្ឋ តិចសាស [ ស.រ.អា. ] ពេល​ខ្លះ​ត្រូវបាន​ហៅ​ជា ‹ ទីក្រុង​ដែល​មាន​ព្រះវិហារ​ច្រើន › ដើម្បី​និយាយ​ក្នុង​ការប្រជុំ​ការងារ​មួយ ។ បន្ទាប់​ពី​បញ្ចប់​ការនិយាយ​នោះ ខ្ញុំ​បាន​ជិះ​ឡានក្រុង​តាម​ជាយ​ក្រុង​របស់​ទីក្រុង​នោះ ។ ពេលយើង​បាន​ឆ្លងកាត់​ព្រះវិហារ​មួយ​ចំនួន តៃកុង​ឡាន​បាន​និយាយ​ថា ‹ នៅ​ខាង​ឆ្វេង​ដៃ អ្នក​នឹង​ឃើញ​ព្រះវិហារ​មេតូឌីស › ឬ ‹ នៅ​ខាង​ស្តាំ​ដៃ​គឺ​ជា​ព្រះវិហារ កាតូលិក › ។

ពេល​យើង​ឆ្លង​កាត់​អគារ​ឥដ្ឋ​ពណ៌​ក្រហម​ដ៏​ស្រស់​ស្អាត​មួយ​ដែល​សង់​នៅ​លើ​ភ្នំ តៃកុង​ឡាន​បាន​និយាយ​ថា ‹ អគារ​នោះ​គឺ​ជា​កន្លែង​ដែល​ពួកមរមន​ប្រជុំ​គ្នា › ។ មាន​ស្ត្រី​ម្នាក់​នៅ​ក្នុង​ឡាន​ក្រុង​នោះ​បាន​ស្រែក​ឡើង​ថា ‹ តៃកុង​ឡាន តើ​អ្នក​អាច​ប្រាប់​ពួកយើង​បន្ថែម​ទៀត​ពី​ពួកមរមន​បាន​ទេ ? ›

តៃកុង​ឡាន​នោះ​បាន​ឈប់​ឡាន​នៅ​ជ្រុង​ផ្លូវ​ម្ខាង ហើយ​បាន​ងាក​មក​ក្រោយ​ដោយ​និយាយ​ថា ‹ អ្នក​ស្រី អ្វី​ដែល​ខ្ញុំ​ដឹង​ពី​ពួក​មរមន​គឺ​ថា ពួកគេ​ជួបជុំ​គ្នា​នៅ​ក្នុង​អគារ​ឥដ្ឋ​ក្រហម​នោះ ។ តើ​មាន​នរណា​ម្នាក់​នៅ​លើ​ឡាន​នេះ​ដឹង​រឿង​បន្ថែម​ទៀត​ពី​ពួកមរមន​ដែរ​ឬ​ទេ ? › » ( « Dare to Stand Alone » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦៧ ) ។

ប្រសិនបើ​អ្នក​នៅក្នុង​ឡាន​ក្រុង​នោះ តើ​អ្នក​នឹង​ធ្វើ ឬ និយាយ​អ្វី​ខ្លះ ?

តើ​ឱកាស​បែប​នេះ​អាច​ក្លាយ​ជា​ឱកាស​ដ៏​រំភើប​ចំពោះ​អ្នក​តាម​របៀប​ណា​ខ្លះ ? តើ​ឱកាស​នេះ​អាច​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​អ្នក​តាម​របៀប​ណា​ខ្លះ ?

នៅ​ពេល​អ្នក​សិក្សា ពេត្រុសទី ១ ៣:១-១៧ សូម​ស្វែងរក​គោលការណ៍​មួយ​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​មាន​ឱកាស​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ ។

នៅក្នុង ពេត្រុសទី ១ ៣:១–១១ យើង​អាន​ថា​សាវក​ពេត្រុស បាន​ទូន្មាន​ភរិយា ឲ្យ​ជួយ​នាំ​ស្វាមី​ដែល​គ្មាន​ជំនឿ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ តាមរយៈ​ទង្វើ​សុចរិត​របស់​ពួកគេ ( សូមមើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ពេត្រុសទី ១ ៣:២ [ នៅក្នុង ពេត្រុសទី ១ ៣:២  ] ) ។ លោក​បាន​ទូន្មាន​ស្វាមី​ឲ្យ​គោរព​ស្រឡាញ់​ភរិយា​របស់​ខ្លួន ។ លោក​ក៏​បាន​ទូន្មាន​សមាជិក​ឲ្យ « ចូរ … មាន​គំនិត​តែ​មួយ » ( ពេត្រុសទី ១ ៣:៨ ) ហើយ​រស់នៅ​តាម​បទដ្ឋាន​នៃ​ដំណឹង​ល្អ ។

សូម​អាន ពេត្រុសទី ១ ៣:១៤–១៦ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ នៅពេល​ពួកគេ​បាន​ជួប​នឹង​មនុស្ស​ដែល​សួរ​ពួកគេ​ពី​ជំនឿ​របស់​ខ្លួន ឬ បាន​បៀតបៀន​ពួកគេ​ដោយ​សារ​ជំនឿ​ទាំងនោះ ។

ពាក្យ ឆ្លើយ​តប នៅក្នុង ខ​ទី ១៥ អាច​បកប្រែ​ថា « ការពារ » ផងដែរ ( សូមមើល ពេត្រុសទី ១ ៣:១៥ ) ។ ពេត្រុស​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ចែកចាយ និង ការពារ​ជំនឿ​សាសនា​របស់​ពួកគេ ។ សូម​កត់​សម្គាល់​ថា​ពេត្រុស​ក៏​បាន​ណែនាំ​ពួកគេ​ឲ្យ​ធ្វើ​ការណ៍​នេះ​ដោយ​ចិត្ត​សុភាព​រាបសា និង កោតខ្លាច ។ ចិត្ត​សុភាព​រាបសា មាន​ន័យ​ថា ស្លូតបូត បន្ទាបខ្លួន និង អត់ធ្មត់ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ស្លូតបូត, ចិត្ត​សុភាព​រាបសា » scriptures.lds.org) ។ ពាក្យ កោតខ្លាច មាន​ន័យ​ថា មាន​គាវរភាព ឬ គោរព ( សូមមើល ពេត្រុសទី ១ ៣:១៥) ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី ពេត្រុសទី ១ ៣:១៥ គឺ​ថា ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ យើង​គប្បី​ព្យាយាម​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​ចែកចាយ និង ការពារ​ជំនឿ​របស់​យើង​ដោយ​ចិត្ត​សុភាព​រាបសា និង ការគោរព ។ សូម​គិត​ពី​ការសរសេរ ឬ កត់ចំណាំ​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ពេត្រុសទី ១ ៣:១៥ ។

សូម​អាន​សេចក្ដី​បញ្ចប់​នៃ​ដំណើររឿង​របស់​ប្រធាន ម៉នសុន អំពី​បទពិសោធន៍​របស់​លោក​នៅលើ​ឡាន​ក្រុង ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​បាន​ចាំ​មើល​ក្រែង​មាន​នរណា​ម្នាក់​ឆ្លើយតប ។ ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ​ទឹកមុខ​របស់​មនុស្ស​គ្រប់​គ្នា រកមើល​សញ្ញា​នៃ​ការស្គាល់​ពួកមរមន ហើយ​មាន​អ្នក​ខ្លះ​ចង់​ផ្តល់​យោបល់ ។ គ្មាន​សោះ ។ ខ្ញុំ​បាន​ដឹង​ថា វា​អាស្រ័យ​លើ​ខ្ញុំ ដើម្បី​ធ្វើ​ដូចជា​សាវក​ពេត្រុស បាន​ផ្តល់​ដំបូន្មាន​ថា ៖ ‹ ចូរប្រុង​ប្រៀប​ជានិច្ច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុផល​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា › ។ ខ្ញុំ​ក៏​ដឹង​ពី​សេចក្តី​ពិត​ដែល​បាន​និយាយ​ថា ‹ នៅ​ពេល​វេលា​នៃ​ការសម្រេច​ចិត្ត​មក​ដល់ នោះ​ពេល​នៃ​ការត្រៀម​ខ្លួន​គឺ​បាន​កន្លង​ហួស​បាត់​ទៅ​ហើយ › ។

អស់​រយៈពេល ១៥ នាទី​ក្រោយ​មក ខ្ញុំ​មាន​ឯកសិទ្ធិ​ចែកចាយ​ជាមួយ​អស់​អ្នកដែល​នៅលើ​ឡាន​នោះ ដោយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​សាសនាចក្រ និង ជំនឿ​របស់​យើង ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​មាន​អំណរគុណ​ដែល​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចែកចាយ​វា » ( « Dare to Stand Alone » ទំព័រ ៦៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ពីរ ឬ ទាំងអស់​ដែល​នៅ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ត្រៀម​ខ្លួន​របស់​អ្នក​ជានិច្ច​ចែកចាយ​ជំនឿ​របស់​អ្នក ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ដើម្បី​ចែកចាយ​ជំនឿ​របស់​អ្នក​ដោយ​ចិត្ត​សុភាព​រាបសា និង គោរព​នោះ ?

    3. តើ​នៅពេល​ណា ដែល​អ្នក​បាន​ចែកចាយ​ជំនឿ និង ទីបន្ទាល់​របស់​អ្នក​ជាមួយ​នឹង​អ្នកដទៃ​នោះ ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ និង ការពារ​ជំនឿ​របស់​អ្នក ។ សូម​អនុវត្ត​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

ពេត្រុសទី ១ ៣:១៨-៤:១៩

ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្សាយ​ដំណឹង​ល្អ​នៅក្នុង​ពិភពវិញ្ញាណ​បន្ទាប់ពី​ទ្រង់​សុគត

សូម​ស្រមៃ​ថា​អ្នក​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ចំពោះ​នរណា​ម្នាក់ ដែល​និយាយ​ដូច​នេះ​ថា ៖ « ខ្ញុំ​ជឿ​ថា​អ្វី​ដែល​អ្នក​កំពុង​បង្រៀន​ខ្ញុំ​នេះ​គឺ​ពិត ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​អំពី​មនុស្ស​ដែល​ស្លាប់​ទៅ ដោយ​គ្មាន​ឱកាស​បាន​ស្តាប់​ឮ​ពី​សេចក្តី​ពិត​នេះ ។ វា​ហាក់​បីដូច​ជា​មិន​យុត្តិធម៌​ទេ​ដែល​ព្រះ​ដាក់​ទោស​ពួកគេ ឬ រាំរាំង​ពួកគេ​ពី​ការ​រស់នៅ​ដោយ​គ្មាន​ទ្រង់​ម្តង​ទៀត ប្រសិនបើ​ពួកគេ​ពុំ​ធ្លាប់​មាន​ឱកាស​សោះ​ដើម្បី​រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ » ។

សូម​អាន ពេត្រុសទី ១ ៣:១៨–២០ ព្រមទាំង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៅក្នុង ពេត្រុសទី ១ ៣:២០ ។ បន្ទាប់​មក សូម​អាន ពេត្រុសទី ១ ៤:៥–៦ ព្រមទាំង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៅក្នុង ពេត្រុសទី ១ ៤:៦  ។ នៅពេល​អ្នក​អាន សូម​រកមើល​សេចក្តី​ពិត​ដែល​ពេត្រុស​បាន​បង្រៀន ដើម្បី​អ្នក​អាច​ចែកចាយ​ជាមួយ​បុគ្គល​ដែល​នៅក្នុង​ស្ថានភាព​ដែល​បាន​លើក​ឡើង​ពី​ខាង​លើ​នោះ ។ « ពិភព​វិញ្ញាណ » នៅក្នុង ពេត្រុសទី ១ ៣:១៩ សំដៅ​លើ​អស់​អ្នក​នៅ​ក្នុង​ពិភព​វិញ្ញាណ ដែល​ពុំ​បាន​ទទួល​យក​ដំណឹងល្អ ឬ មាន​ឱកាស​ស្តាប់​ឮ​ពី​ដំណឹង​ល្អ​កាល​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

តើ​យើង​រៀន​អ្វី​ខ្លះ​ចេញ​ពី​ខគម្ពីរ​ទាំង​នេះ​អំពី អស់​អ្នក​នៅ​ក្នុង​ពិភព​វិញ្ញាណ ដែល​ពុំ​បាន​ទទួល​យក​ដំណឹងល្អ ឬ មាន​ឱកាស​ទទួល​យក​ដំណឹង​ល្អ​កាល​នៅក្នុង​ជីវិត​នេះ ?

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ពិចារណា​អំពី​អត្ថន័យ​នៅក្នុង ពេត្រុសទី ១ ៣:១៨–២០ និង ពេត្រុសទី ១ ៤:៦ កាល​លោក​បាន​ទទួល​វិវរណៈ និង ការនិមិត្ត​អំពី​ការយាង​ទៅ​ជួប​ពិភព​វិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ ។ វិវរណៈ​នេះ​បាន​កត់ត្រា​ជា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨ ។ ប្រធាន ស៊្មីធ បាន​មើល​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ចន្លោះ​ពេល​នៃ​ការ​សុគត និង​ការ​រស់ឡើង​វិញ​របស់​ទ្រង់ បាន​បង្រៀន​ដំណឹង​ល្អ ហើយ​បាន​បម្រើ​ដោយ​ផ្ទាល់​អង្គ​ទ្រង់​ដល់​វិញ្ញាណ​សុចរិត​នៅក្នុង​ពិភព​វិញ្ញាណ ។ បន្ទាប់​មក​ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ និង ផ្តល់​អំណាច​ដល់​អ្នក​បម្រើ​សុចរិត​នានា ឲ្យ​បង្រៀន​ដំណឹង​ល្អ​ដល់​វិញ្ញាណ​នៅក្នុង​ស្ថាន​ឃុំ​វិញ្ញាណ ( សូមមើល គ. និង ស. ១៣៨:១–១២, ១៨–១៩, ២៧–៣០ ) ។

យោង​តាម ពេត្រុសទី ១ ៤:៦ ហេតុអ្វី​ដំណឹងល្អ​ត្រូវ​ផ្សព្វផ្សាយ​ដល់​មរណជន​ដូច្នេះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​នេះ​គឺ​ថា ដំណឹងល្អ​ត្រូវ​បាន​ផ្សាយ​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​បាន​ស្លាប់​ទៅ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​មាន​ឱកាស​ដូច​គ្នា នឹង​អស់​អ្នក​ទាំងឡាយ​ណា ដែល​បាន​ស្តាប់​ឮ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ផង​ដែរ ។ ( សូម​កត់សម្គាល់​ថា ពេត្រុសទី ១ ៤:៦ គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។ អ្នក​អាច​គូស​ចំណាំ​វា​តាម​របៀប​មួយ ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ក្រោយ ) ។

  1. សូម​រំឭក​អំពី​ស្ថានភាព​ដែល​បាន​អាន​នៅ​ពេល​ចាប់ផ្ដើម​វគ្គ​នេះ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ប្រើ ពេត្រុសទី ១ ៤:៦ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ដែល​អ្នក​បាន​អាន​នោះ ។ រួមទាំង​សរសេរ​ពី​អារម្មណ៍​ថា តើ​គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​មរណជន​គឺ​ជា​ភស្តុតាង​នៃ​សេចក្ដី​មេត្តា​ករុណា និង សេចក្ដី​អាណិតអាសូរ​របស់​ព្រះ​ចំពោះ​កូនចៅ​ទ្រង់​ខ្លាំង​ប៉ុណ្ណា ។

នៅក្នុង ពេត្រុសទី ១ ៤:៧-១៩ យើង​អាន​ថា​ពេត្រុស​បាន​ជំរុញ​ឲ្យ​ពួកបរិសុទ្ធ​មាន​សេចក្តី​សប្បុរស​ដោយ​ចិត្ត​ក្លៀវក្លា ដោយសារ​សេចក្តី​សប្បុរស​គ្របបាំង​ទាំង​អស់ ឬ ការពារ​អំពើ​បាប​ជា​អនេកអនន្ត ។ លោក​ក៏​បាន​និយាយ​អំពី « ភ្លើង​ដ៏​ក្តៅ​ក្រហាយ » នា​ពេល​ខាង​មុខ ( ពេត្រុសទី ១ ៤:១២ ) ដែល​ពួកបរិសុទ្ធ​ពុំ​ទាន់​បាន​ស៊ូទ្រាំ​នៅ​ឡើយ ហើយ​លោក​បាន​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​រីករាយ នៅពេល​ពួកគេ​ស៊ូទ្រាំ​នឹង​ការសាកល្បង ព្រមទាំង​ការបៀតបៀន ដោយសារ​តែ​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—ពេត្រុសទី ១ ៤:៦

  1. សូម​សរសេរ​ពាក្យ​នានា​ចេញ​ពី ពេត្រុសទី ១ ៤:៦ ដាក់​នៅលើ​ប័ណ្ណ​តូច​មួយ ឬ ក្រដាស​មួយ​សន្លឹក ។ នៅ​ទំព័រ​ម្ខាង​ទៀត សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​ជីដូនជីតា​របស់​អ្នក​ដែល​បាន​ទទួល​ដំណឹង​ល្អ​នៅ​ពិភព​វិញ្ញាណ និង កំពុង​រង់ចាំ​ដើម្បី​បាន​រំដោះ​ឲ្យ​មាន​សេរីភាព​ពី​ស្ថាន​ឃុំ​វិញ្ញាណ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ថា​អ្នក​បាន​បញ្ចប់​ផ្នែក​នៃ​លំហាត់​នេះ ។ អំឡុង​សប្តាហ៍​ក្រោយ សូម​ទន្ទេញ ពេត្រុសទី ១ ៤:៦ ដោយ​ការសូត្រ​វា​រៀងរាល់​ព្រឹក និង យប់​ពី​មុន​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក ។ សូម​រំឭក​ពី​អ្វី​ដែល​អ្នក​បាន​សរសេរ​អំពី​របៀប​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ​សម្រាប់​ជីដូនជីតា​របស់​អ្នក ។

ពេត្រុសទី ១ ៥

ពេត្រុស​បាន​ទូន្មាន​ពួក​អែលឌើរ​ឲ្យ​មើល​ថែទាំ​ហ្វូង​ចៀម​របស់​ព្រះ ហើយ​បាន​លើក​ទឹកចិត្ត​ឲ្យ​ពួក​បរិសុទ្ធ​បន្ត​កាន់​ខ្ជាប់​នៅក្នុង​សេចក្តី​ជំនឿ

ដើម្បី​រៀបចំ​ពួកបរិសុទ្ធ​ចំពោះ​ការសាកល្បង​នូវ​បទពិសោធន៍​ដែល​ពួកគេ​នឹង​ជួប នោះ​សាវក​ពេត្រុស​បាន​បង្រៀន​ពួកអែលឌើរ​នៃ​សាសនាចក្រ​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ សូម​អាន ពេត្រុសទី ១ ៥:១-៣ ដោយ​រកមើល​ការទូន្មាន​របស់​ពេត្រុស​ចំពោះ​ពួកអែលឌើរ​នៃ​សាសនាចក្រ ។

« ឃ្វាល​ហ្វូង​ចៀមរបស់​ព្រះ » ( ខ​ទី ២ ) មាន​ន័យ​ថា មើល​ថែទាំ និង ថែរក្សា​សមាជិក​សាសនាចក្រ ។ ពេត្រុស​បាន​បង្រៀន​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​គប្បី​បម្រើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង ដោយ​សេចក្តី​ស្រឡាញ់​ជាជាង ដោយ​ក្តី​ច្រណែន ឬ ដោយ​មាន​ចិត្ត​ចង់​បាន​រង្វាន់​នោះ​ឡើយ ។ ពួកគេ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​សមាជិក​នានា ជាជាង​ធ្វើ​ជា « អ្នក​មាន​អំណាច » ( ខ​ទី ៣ ) លើ​ពួកគេ ។

សេចក្តីពិត​មួយ​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន​នោះ​គឺ​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ការទទួលខុសត្រូវ ដើម្បី​ថែទាំ និង មើល​ថែ​ដល់​ហ្វូង​ចៀម​របស់​ព្រះ​ដោយ​សេចក្តីស្រឡាញ់ និង តាមរយៈ​គំរូ ។

សូម​អាន ពេត្រុសទី ១ ៥:៤ ដោយ​រកមើល​របៀប​ដែល​ពេត្រុស​បាន​ថ្លែង​អំពី​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
ព្រះគ្រីស្ទ​បី​កូនចៀម

តើ​គុណសម្បត្តិ និង បុគ្គលិក​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ​អ្វី​ខ្លះ ដែល​អាច​ជួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឲ្យ​មើល​ថែ និង ថែទាំ​ដល់​សមាជិក​សាសនាចក្រ​នោះ ?

តើ​នៅពេល​ណា ដែល​អ្នក​បាន​ទទួល​ពរជ័យ ដោយ​សារ​តែ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​សេចក្តីស្រឡាញ់ ឬ គំរូ​ដូច​ជា​ព្រះគ្រីស្ទ​នោះ ?

នៅពេល​អ្នក​គោរព ទុកចិត្ត ហើយ​ធ្វើ​តាម​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​ព្រះអម្ចាស់​បាន​ហៅ នោះ​ពួកគេ​នឹង​ជួយ​ឃ្វាល ហើយ​មើល​ថែ​ខាង​វិញ្ញាណ​របស់​អ្នក ។

នៅក្នុង ពេត្រុសទី ១ ៥:៥–១៤ ពេត្រុស​បាន​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​គោរព​ពួកចាស់ទុំ ( ពួកអែលឌើរ ) ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បន្ត​នៅ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្តីជំនឿ​របស់​ពួកគេ ទោះបី​ជា​មាន​ទុក្ខ​វេទនា​ក្តី ។ ពេត្រុស​បាន​អះអាង​នឹង​ពួកគេ​ថា ប្រសិនបើ​ពួកគេ​ធ្វើ​បែប​នោះ ព្រះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​បាន​គ្រប់​លក្ខណ៍ និង មាន​ភាពរឹងមាំ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ពេត្រុសទី ១ ៣-៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖