បណ្ណាល័យ
សេចក្ដីណែនាំ​ស្តីពី​គម្ពីរ​ថែស្សាឡូនីច​ទី១


សេចក្ដីណែនាំ​ស្តីពី គម្ពីរ​ថែស្សាឡូនីច​ទី១

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​ទី​មួយ​ទៅ​កាន់​ពួក​ថែស្សាឡូនីច ត្រូវបាន​គេ​ជឿ​ថា​ជា​សំបុត្រ​ដំបូង​បង្អស់​របស់​សាវក​ប៉ុល ហើយ​អាច​ជា​គម្ពីរ​ចាស់​ជាង​គេ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ។ សេចក្ដី​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង​សំបុត្រ​នេះ គឺ​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ រួមបញ្ចូល​ទាំង​ទុក្ខ​លំបាក​ទាំងឡាយ​ដែល​ពួក​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួប​ប្រទះ​ពីមុន​ពេល​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ ( សូម​មើល ថែស្សាឡូនីច​ទី១ ៣:៣ ) ការរស់ឡើងវិញ​របស់​គ្រិស្ដសាសនិក​នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ ( សូម​មើល ថែស្សាឡូនីច​ទី១ ៤:១៣–១៤ ) និង ពេល​វេលា​នៃ​ការយាង​មក​របស់​ព្រះគ្រីស្ទ ( សូម​មើល ថែស្សាឡូនីច​ទី១ ៥:១–២ ) ។ តាមរយៈ​ការសិក្សា​គម្ពីរ​នេះ អ្នក​នឹង​រៀន​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ហើយ​ទទួល​បាន​ការលើក​ទឹកចិត្ត​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​ថែស្សាឡូនីច​ទី១ ( សូម​មើល ថែស្សាឡូនីច​ទី១ ១:១ សូម​មើល​ផងដែរ ថែស្សាឡូនីច​ទី១ ២:១៨ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

« ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​ថែស្សាឡូនីច​ពី​ក្រុង​កូរិនថូស អំឡុង​ពេល​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទីពីរ​របស់​លោក ប្រមាណ​ឆ្នាំ ៥០–៥១ នៃ គ. ស. ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​ថែស្សាឡូនីច​ទី១ ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​ថែស្សាឡូនីច ។ ក្រុង​ថែស្សាឡូនីច​គឺ​ជា​ទីក្រុង​ដែល​មាន​ប្រជាប្រិយភាព និង រីកចម្រើន​បំផុត​ក្នុង​អាណាចក្រ​ក្រិក​បុរាណ​នៃ​ខេត្ត​ម៉ាសេដូន​ ដោយសារ​តែ​លក្ខណៈ​ពិសេស​ចំនួន​ពីរ ៖ ទីក្រុង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​កំពង់ផែ​ធម្មជាតិ​ដែល​ល្អ​បំផុត​នៃ​សមុទ្រ​អេហ្គីន ហើយ​វា​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ធំ​ដែល​ភ្ជាប់​ពី​ក្រុង​រ៉ូម​ទៅ​ស្រុក​អាស៊ី ។

អំឡុង​ពេល​ការ​ធ្វើដំណើរ​ផ្សព្វផ្សាយ​សាសនា​ជាលើក​ទីពីរ​របស់​ប៉ុល ព្រះវិញ្ញាណ​បាន​ដឹកនាំ​ប៉ុល និង ដៃគូ​របស់​លោក​គឺ—ស៊ីឡាស, ធីម៉ូថេ និង លូកា—ធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​អេហ្គីន​ទៅ​កាន់​ខេត្ត​ម៉ាសេដូន ( សូម​មើល កិច្ចការ ១៦:៦–១២ ) ។ ការណ៍​នេះ​បាន​ចាប់ផ្ដើម​ឲ្យ​មាន​ការប្រកាស​ដំណឹងល្អ​នៅ​អឺរ៉ុប ។ បន្ទាប់​ពី​បាន​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​ភិលីព​ ( សូម​មើល កិច្ចការ ១៦:១២–៤០ ) ប៉ុល និង ស៊ីឡាស បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ថែស្សាឡូនីច ។

ប៉ុល​បាន​ធ្វើការ​ជាមួយ​ស៊ីឡាស​នៅ​ក្រុង​ថែស្សាឡូនីច ប៉ុន្តែ​ពួកលោក​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ទីក្រុង​ដោយ​ថ្នាក់​ដឹកនាំ​សាសន៍​យូដា ( សូម​មើល កិច្ចការ ១៧:១–៩ ) ។ ក្រោយ​មក ធីម៉ូថេ​បាន​រាយការណ៍​ទៅ​ប៉ុល​ថា ពួក​បរិសុទ្ធ​ថែស្សាឡូនីច​នៅ​តែ​មាន​ចិត្ត​ស្មោះត្រង់​ដដែល ទោះជា​មាន​សេចក្ដី​បៀតបៀន​យ៉ាង​ណា​ក្ដី ហើយ​ឥទ្ធិពល​ដ៏​សុចរិត​របស់​ពួកគេ​បាន​រីកសាយភាយ ( សូម​មើល កិច្ចការ ១៨:៥; ថែស្សាឡូនីច ទី១ ១:៧–៨; ៣:៦–៨ ) ។

ពួក​អ្នក​ប្រែចិត្តជឿ​ថែស្សាឡូនីច​គឺ​ជា​ជនជាតិ​អឺរ៉ុប​ដំបូង​មួយ​ចំនួន​ដែល​ឱបក្រសោប​យក​ដំណឹងល្អ ហើយ​ជា​លទ្ធផល ពួកគេ​បាន​ទទួល​រង​សេចក្ដី​បៀតបៀន ។ ពួកគេ​ក៏​មាន​សំណួរ​ជាច្រើន​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​ផងដែរ ។ ហេតុដូច្នោះ​ហើយ បាន​ជា​នៅ​ក្នុង​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​ថែស្សាឡូនីច ប៉ុល​បាន​សរសេរ​ពាក្យពេចន៍​នៃ​ការលើកទឹកចិត្ត និង កម្លាំងចិត្ត ព្រមទាំង​បាន​ឆ្លើយ​សំណួរ​របស់​ពួកគេ​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

ប្រធានបទ​សំខាន់​មួយ​របស់​ប៉ុល​នៅ​ក្នុង​សំបុត្រ​ទីមួយ​របស់​លោក​ទៅ​កាន់​ពួក​ថែស្សាឡូនីច គឺ​ជា​ការយាង​មក​ជា​លើក​ទី​ពីរ ។ លោក​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការរួមចំណែក​របស់​ពួក​សុចរិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ ជា​ពិសេស​ពួក​បរិសុទ្ធ​ដែល​បាន​ស្លាប់​ទៅ​ពីមុនៗ ( សូម​មើល ថែស្សាឡូនីច ទី១ ២:១៩; ៣:១៣; ៤:១៣–១៧; ៥:១–១០  ) ។ មិន​ដូច​ជា​សំបុត្រ​ជា​ច្រើន​ទៀត​របស់​ប៉ុល​នោះ​ទេ ថែស្សាឡូនីច ទី១ ពុំ​មាន​ការវាយផ្ចាល​ខ្លាំងៗ​ឡើយ ផ្ទុយទៅវិញ​លោក​បាន​សរសើរ ហើយ​ផ្ដល់​កិត្តិយស​ដល់​ពួក​បរិសុទ្ធ ។

គម្រោង​មេរៀន

ថែស្សាឡូនីច ទី១ ១–៣ ។ ប៉ុល​សម្ដែង​សេចក្ដី​សោមនស្ស​ដ៏​ធំធេង​សម្រាប់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច ។ លោក​រំឭក​អ្នក​អាន​សំបុត្រ​របស់​លោក​អំពី​ការងារ​បម្រើ​ដ៏​សប្បុរស​របស់​លោក​ក្នុង​ចំណោម​ពួកគេ ហើយ​បង្ហាញ​អំណរ​ចំពោះ​ភាពស្មោះត្រង់​របស់​ពួកគេ ។ លោក​លើក​ទឹកចិត្ត​ឲ្យ​ពួក​បរិសុទ្ធ​បង្កើន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង ចំពោះ​មនុស្ស​ទាំងអស់ ។

ថែស្សាឡូនីច​ទី១ ៤–៥ ។ ប៉ុល​មាន​ប្រសាសន៍​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​មាន​ភាពបរិសុទ្ធ ហើយ​ញែក​ខ្លួន​គេ​ឲ្យ​បាន​បរិសុទ្ធ ។ លោក​ពន្យល់​ថា នៅ​ពេល​ព្រះអម្ចាស់​យាង​មក​វិញ ពួក​បរិសុទ្ធ​ដែល​មាន​ចិត្ត​ស្មោះត្រង់​នៅ​ក្នុង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគ្រីស្ទ ទាំង​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ​ និង​អ្នក​ដែល​នៅ​មាន​ជីវិត នឹង​ក្រោក​ឡើង ហើយ​ចូល​គាល់​ព្រះអម្ចាស់ ។ សាវក​ដាស់តឿន​សមាជិក​សាសនាចក្រ​ឲ្យ​ត្រៀមខ្លួន ហើយ​ឃ្លាំ​មើល​ថ្ងៃ​នៃ​ការយាង​មក​របស់​ព្រះគ្រីស្ទ ។