បណ្ណាល័យ
មេរៀន​ទី ២៦ ថ្ងៃ​ទី ៤ ៖ ធីម៉ូថេ ទី១


មេរៀន​ទី ២៦ ៖ ថ្ងៃទី ៤

ធីម៉ូថេ ទី១

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ធីម៉ូថេ ដែល​ជា​អ្នក​ដឹកនាំ​បព្វជិតភាព​ម្នាក់​នៅ​ក្រុង​អេភេសូរ ហើយ​បាន​ទូន្មាន​គាត់​ឲ្យ​ប្រាកដ​ថា​គាត់​បាន​បង្រៀន​គោលលទ្ធិ​ពិត ។ លោក​បាន​លើក​ឡើង​អំពី​ភាពសក្ដិសម​នានា​របស់​ប៊ីស្សព និង​ឌីកុន ព្រមទាំង​បាន​ទូន្មាន​ធីម៉ូថេ​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ។ ប៉ុល​បាន​ដាក់តឿន​ពួក​បរិសុទ្ធ​ឲ្យ​មើលថែ​ជនក្រីក្រ និង​ស្ត្រី​មេម៉ាយ ។ លោក​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​បង្រៀន​ថា « ការដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » ( ធីម៉ូថេ ទី១ ៦:១០ ) ។

ធីម៉ូថេ ទី១ ១–៣

ប៉ុល​ណែនាំ​ធីម៉ូថេ​អំពី​ការទទួលខុសត្រូវ​ក្នុង​ការមើលថែ​សាសនាចក្រ

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

សូម​អាន​ដំណើររឿង​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « ខ្ញុំ​នៅ​ចាំ​អំពី​បទពិសោធន៍​មួយ​ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​ខ្ញុំ​បម្រើ​ជា​ប៊ីស្សព ។ អំឡុង​ពេល​ពិធីបើក​ការប្រជុំបព្វជិតភាព​នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ យើង​បាន​រៀបចំ​តែងតាំង​យុវជន​មួយ​រូប​ឲ្យ​កាន់​តំណែង​សង្ឃ ។ អ្នក​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​វួដ​របស់​យើង​នៅ​ថ្ងៃ​នោះ គឺ​ទីប្រឹក្សា​ជាន់ខ្ពស់​មួយ​រូប​ដែល​ក៏​បាន​បម្រើ​ជា​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ នៅ​ពេល​ខ្ញុំ​បាន​រៀបចំ​ឲ្យ​យុវជន​រូប​នោះ​អង្គុយ​បែរ​មុខ​ទៅ​បណ្ដាជន​ដើម្បី​យើង​អាច​ធ្វើ​ការតែងតាំង ទីប្រឹក្សា​ជាន់ខ្ពស់​រូប​នោះ​ក៏​បាន​បញ្ឈប់​ខ្ញុំ ហើយ​បាន​ពោល​ថា ‹ ប៊ីស្សព ខ្ញុំ​តែង​ឲ្យ​អ្នក​ដែល​ត្រូវបាន​តែងតាំង​នោះ​អង្គុយ​បែរ​មុខ​ទៅ​រក​ព្រះវិហារ​បរិសុទ្ធ​ជានិច្ច › ។ គាត់​បាន​បង្វែរ​កៅអី​ដើម្បី​ឲ្យ​យុវជន​រូប​នោះ​បាន​អង្គុយ​បែរ​មុខ​ទៅ​រក​ព្រះវិហារ​បរិសុទ្ធ ។ ភ្លាម​នោះ ខ្ញុំ​បាន​ដឹង​ថា​នេះ​គឺ​ជា​ទង្វើ​ដែល​គ្មាន​ការអនុញ្ញាត​ឡើយ » ( « Opening Remarksworldwide leadership training meeting ខែ វិច្ឆិកា ឆ្នាំ ២០១០ ] lds.org/broadcasts ) ។

ក្នុង​នាម​ជា​ប៊ីស្សព នោះ​ប្រធាន ម៉នសុន ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​អធិបតី​លើ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​វួដ​របស់​លោក មិនមែន​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​រូប​នោះ​ទេ ។ តើ​អ្នក​គិត​ថា ប៊ីស្សព​មួយ​រូប​អាច​ធ្វើ​ដូចម្ដេច​បាន​នៅ​ក្នុង​ស្ថានភាព​ដូចនេះ ? ( ដំណើររឿង​បញ្ចប់​របស់​ប្រធាន ម៉នសុន មាន​នៅ​បន្តិច​ទៀត​ក្នុង​មេរៀន​នេះ ) ។

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​ធីម៉ូថេ ដែល​ជា​អ្នក​ដឹកនាំ​បព្វជិតភាព​វ័យ​ក្មេង​មួយ​រូប​នៅ​ក្រុង​អេភេសូរ ។ នៅ​ក្នុង​សាខា​ដែល​គាត់​បាន​ធ្វើ​អធិបតី​លើ ធីម៉ូថេ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ស្រដៀង​នឹង​បញ្ហា​ដែល​ប្រធាន ម៉នសុន បាន​ប្រឈម​មុខ​នៅ​ក្នុង​ដំណើររឿង​ដែល​អ្នក​បាន​អាន ។

សូម​អាន ធីម៉ូថេ ទី១ ១:៣–៧ ដោយ​ស្វែងរក​ការទទួលខុសត្រូវ​ដែល​បាន​ប៉ុល​បាន​ផ្ដល់​ឲ្យ​ធីម៉ូថេ ។

ពាក្យ រឿង​ព្រេង ( ខទី ៤ ) សំដៅ​ទៅ​លើ​ការបង្រៀន​ខុសឆ្គង ការស្តាប់​តាម « ពង្សាវតារ​ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ » ( ខទី ៤ ) សំដៅ​ទៅ​លើ​ប្រពៃណី​ខុសឆ្គង​ដែល​ថា ការសង្គ្រោះ​កើត​មាន​ដល់​តែ​ពូជ​ដែល​បាន​ជ្រើសរើស​របស់​អ័ប្រាហាំ ជា​អ្នក​ដែល​ត្រូវបាន​ស្គាល់​តាមរយៈ​ពង្សាវតា​ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ប៉ុណ្ណោះ ចំណែក​ឯ​ពាក្យ « ពាក្យ​សម្តី​ដែល​ឥត​ប្រយោជន៍ » ( ខទី ៦ ) សំដៅ​ទៅ​លើ​ការពិភាក្សា​គ្មាន​បាន​ការ ( សូម​មើល ធីម៉ូថេ ទី១ ១:៦ លេខ​យោង c ) ។

យោងតាម ធីម៉ូថេ ទី១ ១:៦–៧ ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ​ធីម៉ូថេ ដែល​ត្រូវ​បំពេញ​ការទទួលខុសត្រូវ​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​គាត់ ?

យើង​រៀន​ចេញ​ពី​សេចក្ដី​បង្រៀន​របស់​ប៉ុល​ថា ថ្នាក់​ដឹកនាំ​បព្វជិតភាព​មាន​ការទទួលខុសត្រូវ​ដើម្បី​ប្រាកដ​ថា ពួក​គាត់​បាន​បង្រៀន​អំពី​គោលលទ្ធិ​ពិត និង​អំពី​ការប្រព្រឹត្ត​ដ៏​ត្រឹមត្រូវ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

សូម​អាន​សេចក្ដីបញ្ចប់​ក្នុង​ដំណើររឿង​របស់​ប្រធាន ម៉នសុន ដោយ​ស្វែងរក​របៀប​ដែល​លោក​បាន​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ទីប្រឹក្សា​ជាន់ខ្ពស់​រូប​នោះ​បាន​ធ្វើ ៖ « ខ្ញុំ​អាច​មើល​ឃើញ​ប្រសិទ្ធភាព​របស់​វា [ ដែល​ឲ្យ​មនុស្ស​អង្គុយ​បែរ​មុខ​ទៅ​រក​ព្រះវិហារ​បរិសុទ្ធ ] ដើម្បី​ឲ្យ​ការប្រព្រឹត្ត​បែប​នោះ​មាន​សភាព​ដូច​ទៅ​នឹង​អ្វី​ដែល​គាត់​ធ្វើ​ដែរ ។ ទោះជា​ខ្ញុំ​មាន​វ័យ​ក្មេង​ជាង​ទីប្រឹក្សា​ជាន់ខ្ពស់​រូប​នោះ​ឆ្ងាយ​ក្ដី ក៏​ខ្ញុំ​ដឹង​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដែរ ។ ខ្ញុំ​បាន​បង្វែរ​កៅអី​មក​វិញ​ដើម្បី​ឲ្យ​យុវជន​រូប​នោះ​បែរ​ទៅ​រក​បណ្ដាជន​សាជាថ្មី ហើយ​ពោល​ទៅ​កាន់​គាត់​ថា ‹ នៅ​ក្នុង​វួដ​របស់​យើង ពួក​យើង​អង្គុយ​បែរ​ទៅ​រក​ក្រុម​ជំនុំ › » ( « Opening Remarks » lds.org/broadcasts ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​សមាជិក​សាសនាចក្រ​មាន​ពរ​តាមរយៈ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ខិតខំ​ធ្វើ​ឲ្យ​ប្រាកដ​ថា គាត់​បាន​បង្រៀន​អំពី​គោលលទ្ធិ​ពិត និង​ការប្រព្រឹត្ត​ត្រឹមត្រូវ​នៅ​ក្នុង​សាសនាចក្រ ។

នៅ​ក្នុង ធីម៉ូថេ ទី១ ១:៨–១១ យើង​រៀន​ថា ប៉ុល​បាន​ព្រមាន​អំពី​អ្នក​ដែល​មាន​បំណង​ធ្វើ​ជា​គ្រូបង្រៀន​ក្រឹត្យវិន័យ​របស់​ព្រះ ប៉ុន្តែ​គ្មាន​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ក្រឹត្យវិន័យ​នោះ ។ សូម​អាន ធីម៉ូថេ ទី១ ១:១២–១៦ ដោយ​ស្វែងរក​មូលហេតុ​ដែល​ប៉ុល​បាន​សម្ដែង​ការដឹងគុណ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

យោងតាម ខទី ១៥–១៦ តើ​ប៉ុល « បាន​ធ្វើ​ជា​ក្បួន » ដល់​ពួក​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង ធីម៉ូថេ ទី១ ១:១៧–២:១៥ ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ​ឲ្យ​កាន់ខ្ជាប់​ទៅ​នឹង​សេចក្ដី​ជំនឿ​របស់​គាត់ ហើយ​លោក​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​អង្គ​បង្រួបបង្រួម​យើង ។ ប៉ុល​ក៏​បាន​ដាស់តឿន​ស្ត្រីៗ​ឲ្យ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ដែរ ។ នៅ​ក្នុង ធីម៉ូថេ ទី១ ៣ យើង​អាន​សេចក្ដី​បង្រៀន​របស់​ប៉ុល អំពី​ភាពសក្ដិសម​នានា​របស់​ប៊ីស្សព និង​ឌីកុន ។ សូម​កត់ចំណាំ​ថា ឌីកុន​ទាំងនេះ​ក្នុង​សាសនាចក្រ​ពី​បុរាណ​មិន​មែន​ជា​យុវជន​ដែល​មាន​អាយុ ១២ ឬ ១៣ ឆ្នាំ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ ។

ធីម៉ូថេ ទី១ ៤–៥

ប៉ុល​ពិពណ៌នា​អំពី​លក្ខណៈសម្បត្តិ​របស់​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ

នៅ​ក្នុង ធីម៉ូថេ ទី១ ៤:១–១១ យើង​អាន​អំពី​ការព្យាករ​របស់​ប៉ុល​ថា « នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ » ( ខទី ១ ) សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​នឹង​ដើរ​ចេញ​ពី​សេចក្ដី​ជំនឿ ហើយ​ធ្វើតាម​សេចក្ដីបង្រៀន និង​ការប្រព្រឹត្ត​ខុសឆ្គង ដូចជា​ការហាមប្រាម​មិន​ឲ្យ​រៀបការ​ជាដើម ។ ប៉ុល​បាន​ប្រៀនប្រដៅ​ធីម៉ូថេ ឲ្យ​ចិញ្ចឹមបីបាច់​ពួក​បរិសុទ្ធ​ដោយ​នូវ​គោលលទ្ធិ​ពិត ។

សូម​អាន ធីម៉ូថេ ទី១ ៤:១២ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ធីម៉ូថេ​ធ្វើ ។ ពាក្យ កិរិយា​ប្រព្រឹត្ត នៅ​ក្នុង ខទី ១២ សំដៅ​ទៅ​លើ​ការប្រព្រឹត្ត ឬ​អាកប្បកិរិយា ( សូម​មើល ធីម៉ូថេ ទី១ ៤:១២  ) ។

តើ​អ្នក​គិត​ថា « គំរូ​ដល់​ពួក​អ្នក​ជឿ » មាន​ន័យ​ដូចម្ដេច ?

តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ធីម៉ូថេ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ តាមរបៀប​ណា ?

  1. សូម​ពិចារណា​អំពី​របៀប​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ធីម៉ូថេ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ( សូម​មើល ធីម៉ូថេ ទី១ ៤:១២ ) ។ សូម​ជ្រើសរើស​របៀប​ចំនួន​បី រួច​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​នៅ​តាម​របៀប​និមួយៗ​ទាំងនោះ ។

សូម​អាន ធីម៉ូថេ ទី១ ៤:១៣–១៦ ដោយ​ស្វែងរក​ពាក្យ​ណែនាំ​បន្ថែម​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​ធីម៉ូថេ ដែល​នឹង​ជួយ​គាត់​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ធីម៉ូថេ ទី១ ៥ ប៉ុល​បាន​ណែនាំ​ធីម៉ូថេ​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​អាច​មើល​ថែ​អ្នក​ខ្វះខាត រួមទាំង​ស្ត្រី​មេម៉ាយ ។

ធីម៉ូថេ ទី១ ៦

ប៉ុល​ប្រៀនប្រដៅ​ធីម៉ូថេ​ឲ្យ​ជួយ​មនុស្ស​ដទៃ​ស្វែងរក​ភាពមាន​បាន​ដ៏​នៅ​អស់កល្ប​ជានិច្ច

រូបភាព
កាក់ និង វិក្កយបត្រ

តើ​អ្នក​គិត​ថា​ការមាន​ប្រាក់កាស​ច្រើន អាច​នាំ​ឲ្យ​មាន​សេចក្ដីអាក្រក់​កាន់តែ​ច្រើន ឬ​សេចក្ដីល្អ​កាន់តែ​ច្រើន ? ហេតុអ្វី ?

នៅ​ក្នុង ធីម៉ូថេ ទី១ ៦ យើង​អាន​អំពី​ដំបូន្មាន​របស់​ប៉ុល​ដល់​ធីម៉ូថេ អំពី​ប្រាក់កាស ។ សូម​អាន ធីម៉ូថេ ទី១ ៦:៦-១០ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន ហើយ​ព្រមាន​អំពី​ទ្រព្យសម្បត្តិ ។

តើ​អ្នក​គិត​ថា​ឃ្លា « ការដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង » មាន​ន័យ​ដូចម្ដេច ( ធីម៉ូថេ ទី១ ៦:១០ ) ?

សេចក្ដីពិត​មួយ​ដែល​យើង​រៀន​ចេញ​ពី​សេចក្ដីបង្រៀន​របស់​ប៉ុល​គឺ​ថា ការដែល​ស្រឡាញ់​ប្រាក់ នាំ​ឲ្យ​មាន​អំពើទុច្ចរិត និង​ការក្បត់សាសនា ។

វា​សំខាន់​ដែល​ត្រូវ​យល់​ថា ការដែល​ស្រឡាញ់​ប្រាក់​ហួសហេតុ​ពេក​នាំ​ឲ្យ​មាន​អំពើ​ទុច្ចរិត ។ សូម​ពិចារណា​អំពី​របៀប​ដែល​មនុស្ស​ទាំងអស់​អាច​ស្ដាប់​តាម​ការព្រមាន​របស់​ប៉ុល—ទាំង​អ្នក​ក្រ ទាំង​អ្នក​មាន ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ថាតើ​ការដែល​ស្រឡាញ់​ប្រាក់ ( ហួសហេតុ​ពេក ) នាំ​ឲ្យ​មាន​អំពើ​ទុច្ចរិត​តាម​របៀប​ណា ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ប្រាក់​មិន​មែន​ជា​សេចក្ដីអាក្រក់​ឡើយ ។ សាសន៍​សាម៉ារី​ដ៏​សប្បុរស​បាន​ប្រើ​ប្រាក់​ដូច​នឹង​ប្រាក់​ដែល​យូដាស​បាន​ប្រើ​ដើម្បី​ក្បត់​ព្រះយេស៊ូវ ទៅ​បម្រើ​បងប្អូន​របស់​គាត់ ។ វា​គឺ​ជា ‹ ការដែល ស្រឡាញ់​ប្រាក់ [ នោះ​ហើយ ] ជា​មេ​ឫស​នៃ​សេចក្តី​អាក្រក់​គ្រប់​យ៉ាង › ។ ( ធីម៉ូថេ ទី១ ៦:១០ អក្សរ​ទ្រេត​បាន​បន្ថែម ) ។ ភាពខុសគ្នា​ដ៏​ចាំបាច់​នោះ​គឺ​ជា​កម្រិត​នៃ​ជីវភាព​ខាង​វិញ្ញាណ ដែល​យើង​ប្រើ​ក្នុង​ការយល់ឃើញ ការវាយតម្លៃ និង​ការគ្រប់គ្រង​របស់​ខាង​លោកិយ​នេះ ព្រមទាំង​បទពិសោធន៍​ដែល​យើង​មាន​ជាមួយ​វា ។

« ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​វា​ក្លាយ​ជា​អ្វី​មួយ​ដែល​យើង​ថ្វាយបង្គំ ឬ​ទុក​ជា​អាទិភាព​ខ្ពស់ នោះ​ប្រាក់​អាច​នឹង​ធ្វើ​ឲ្យ​យើង​អាត្មានិយម ហើយ​ឆ្មើងឆ្មៃ ‹ អួត​ខ្លួន​ចំពោះ​វត្ថុ​ទាំងឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ › ។ ( អាលម៉ា ៥:៣៧ ) ។ ផ្ទុយទៅវិញ ប្រសិនបើ​យើង​ប្រើ​វា​ដើម្បី​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ និង​សម្រាប់​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​តមអាហារ នោះ​ប្រាក់​អាច​បង្ហាញ​ភាពថ្លៃថ្នូរ ហើយ​មិន​មាន​ភាពអាត្មានិយម​ឡើយ ។ ការប្រើប្រាស់​ទ្រព្យសម្បត្តិ​ដ៏​ត្រឹមត្រូវ​ខាង​វិញ្ញាណ អាច​ជួយ​រៀបចំ​យើង​ឲ្យ​សក្ដិសម​នឹង​ក្រឹត្យវិន័យ​កាន់តែ​ខ្ពស់​នៃ​សិរីល្អ​សេឡេស្ទាល » ( « Spirituality » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៦៣ ) ។

សូម​អាន ធីម៉ូថេ ទី១ ៦:១១–១២, ១៧–១៩ ដោយ​ស្វែងរក​ដំបូន្មាន​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​ធីម៉ូថេ និង​អ្នក​មាន​ទាំងឡាយ ។

សូម​ពិចារណា​អំពី​របៀប​ដែល​ដំបូន្មាន​របស់​ប៉ុល​អាច​ជួយ​យើង​ឲ្យ​មាន​ឥរិយាបថ​ត្រឹមត្រូវ​ក្នុង​ការស្វែងរក​ភាពមាន​បាន ហើយ​ប្រើប្រាស់​ប្រាក់ និង​ទ្រព្យសម្បត្តិ​ខាង​សាច់ឈាម​ដទៃ​ទៀត ។

យោងតាម ធីម៉ូថេ ទី១ ៦:១៩ ប្រសិនបើ​ពួក​បរិសុទ្ធ​ទុកចិត្ត​លើ​ព្រះ ហើយ​មាន​ទ្រព្យសម្បត្តិ​ដោយសារ​កិច្ចការ​ល្អ តើ​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​ពួកគេ​អាច « ចាប់​បាន » អ្វី ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ដំបូន្មាន​របស់​ប៉ុល​គឺ​ថា បើ​យើង​ទុកចិត្ត​លើ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​មាន​ទ្រព្យសម្បត្តិ​ដោយសារ​កិច្ចការ​ល្អ នោះ​យើង​អាច​ចាប់​បាន​ជីវិត​អស់កល្ប​ជានិច្ច ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ប្រសិនបើ​យើង​ដាក់​អាទិភាព​លើ​ការទុកចិត្ត​លើ​ព្រះ និង​ការធ្វើតាម​សេចក្ដី​សុចរិត តើ​ការធ្វើ​ដូចនោះ​អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​យើង​យល់ឃើញ ស្វែងរក ហើយ​ប្រើប្រាស់​ប្រាក់កាស​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​ទុកចិត្ត​លើ​ព្រះ ហើយ​ដាក់​អាទិភាព​ចម្បង​ទៅ​លើ​ការធ្វើតាម​សេចក្ដីសុចរិត នោះ​អ្នក​អាច​ទទួល​បាន​ភាពមានបាន​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ធីម៉ូថេ ទី១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖