បណ្ណាល័យ
សេចក្ដីណែនាំ​ស្ដីពី​គម្ពីរ​កូរិនថូស ទី២


សេចក្ដីណែនាំ​ស្ដីពី គម្ពីរ​កូរិនថូស ទី២

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​របស់​សាវក​ប៉ុល​មួយ​ច្បាប់​នេះ​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស​បង្ហាញ​អំពី​ប្រធាន​បទ​របស់​ខ្លួន​ស្ដីពី​ការលួងលោម​នៅ​កណ្ដាល​នៃ​ទុក្ខព្រួយ កម្លាំង​នៅ​កណ្ដាល​ភាពទន់ខ្សោយ ( តួយ៉ាង​ដូចជា​ប៉ុល​ខ្លួន​ឯង​ផ្ទាល់ ) និង​ការស្គាល់​គ្រូបង្រៀន​ពិត និង​គ្រូបង្រៀន​ក្លែងក្លាយ ។ គំរូ និង ការបង្រៀន​របស់​ប៉ុល​ដែល​មាន​កត់ត្រា​ក្នុង​គម្ពីរ​កូរិនថូស ទី២ អាច​បំផុស​គំនិត​សិស្ស​ឲ្យ​បន្ត​មាន​ភក្ដីភាព ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច មិនថា​កាលៈទេសៈ ឬ​ផលវិបាក​បែប​ណា​នោះ​ទេ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​ពួក​បរិសុទ្ធ​កូរិនថូស ( សូម​មើល កូរិនថូស ទី២ ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​ប៉ុល​បាន​សរសេរ​សំបុត្រ​ដែល​យើង​ស្គាល់​ថា​ជា​កូរិនថូស ទី១ មាន​កុប្បកម្ម​មួយ​កើត​ឡើង​នៅ​ក្រុង​អេភេសូរ​ទាស់​នឹង​ការបង្រៀន​របស់​លោក ( សូម​មើល កិច្ចការ ១៩:២៣–៤១ ) ហើយ​លោក​បាន​ចេញ​ទៅ​ស្រុក​ម៉ាសេដូន ( សូម​មើល កិច្ចការ ២០:១; កូរិនថូស ទី២ ២:១៣; ៧:៥ ) ។ លោក​ទំនង​ជា​សរសេរ​គម្ពីរ​កូរិនថូស ទី២ កាល​លោក​ស្នាក់​នៅ​ស្រុក​ម៉ាសេដូន ប្រមាណ​ជា​ឆ្នាំ ៥៥–៥៧ នៃ គ.ស. ( សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​ដែល​យើង​ស្គាល់​ថា​ជា​កូរិនថូស ទី២ ត្រូវបាន​សរសេរ​ទៅ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូរិនថូស ។ កាល​ប៉ុល​ស្នាក់​នៅ​ស្រុក​ម៉ាសេដូន​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទីបី​របស់​លោក ទីតុស​បាន​នាំ​ដំណឹងល្អ​មក​ប្រាប់​លោក​ថា សំបុត្រ​ច្បាប់​មុន​ដែល​លោក​បាន​ផ្ញើ​ទៅ​ត្រូវ​បាន​ពួក​បរិសុទ្ធ​នៅ​ទី​នោះ​ទទួល​យ៉ាង​រីករាយ ( សូម​មើល កូរិនថូស ទី២ ៧:៦–១៣ ) ។ សាខា​សាសនាចក្រ​កូរិនថូស​កំពុង​មាន​ការរីកចម្រើន ប៉ុន្តែ​ប៉ុល​ក៏​បាន​ដឹង​ថា មាន​ពួក​គ្រូបង្រៀន​ក្លែងក្លាយ​នៅ​ទីនោះ ដែល​កំពុង​តែ​បង្ខូច​ដល់​គោលលទ្ធិ​បរិសុទ្ធ​របស់​ព្រះគ្រីស្ទ​ដែរ ។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប៉ុលទៅ​ក្រុង​កូរិនថូស ហើយ​ប្រហែល​ជា​ដំណើរ​លើក​ទីពីរ ( សូម​មើល កូរិនថូស ទី២ ១:១៥–១៦ ) កាល​ប៉ុល​បាន​ស្ដីបន្ទោស​ដល់​ពួក​បរិសុទ្ធ ( សូម​មើល កូរិនថូស ទី២ ២:១; ១២:២១ ) ពួក​គ្រូគង្វាល​មក​ពី​ក្រុង​យេរូសាឡិម​បាន​មក​ក្រុង​កូរិនថូស ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​ពួកបរិសុទ្ធ​ថា ពួកគេ​ត្រូវតែ​សម្រប​ខ្លួន​ទៅ​នឹង​ទំនៀមទម្លាប់​របស់​សាសន៍​យូដា ដែល​ផ្ទុយ​នឹង​ការបង្រៀន​របស់​ប៉ុល ។ ភាគច្រើន​នៅ​ក្នុង​កូរិនថូស ទី២ លើក​ឡើង​ពី​បញ្ហា​នានា​ដែល​បង្កើត​ឡើង​ដោយ​ពួក​គ្រូបង្រៀន​ក្លែងក្លាយ​ទាំងនេះ ។

សំបុត្រ​របស់​ប៉ុល​បាន​ថ្លែង​ទៅ​កាន់​ទាំង​ជន​ដែល​ប្រាថ្នា​ចង់​រៀន​អំពី​ប្រសាសន៍​របស់​លោក​បន្ថែម​ទៀត ( សូម​មើល កូរិនថូស ទី២ ១–៩ ) និង​ជន​ដែល​ទើសទាល់​ក្នុង​ការទទួល​យក​ការបង្រៀន​របស់​លោក ( សូម​មើល កូរិនថូស ទី២ ១០–១៣ ) ។ ជាទូទៅ អត្ថបទ​នៅ​ក្នុង​កូរិនថូស ទី២ បើក​សម្ដែង​នូវ​គោលបំណង​មួយ​ចំនួន​អំពី​សំបុត្រ​នេះ ៖

  • ដើម្បី​បង្ហាញ​ការ​ដឹងគុណ ហើយ​ពង្រឹង​ដល់​ពួក​បរិសុទ្ធ​ដែល​ចូលចិត្ត​សំបុត្រ​របស់​លោក​កាល​ពី​លើក​មុន

  • ដើម្បី​ព្រមានពី​គ្រូបង្រៀន​ក្លែងក្លាយដែល​បាន​បង្ខូច​ដល់​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ

  • ដើម្បី​ការពារ​កិត្តិនាម​ផ្ទាល់ និង​សិទ្ធិ​អំណាច​របស់​លោក​ក្នុង​នាម​ជា​សាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល កូរិនថូសទី ២ ១០–១៣ )

  • ដើម្បី​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​នៅ​ក្រុង​កូរិនថូស​ឲ្យ​ថ្វាយ​ដង្វាយ​ជាប្រាក់​ដោយ​សេចក្ដីសប្បុរស​ទៅ​ដល់ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ដែល​កំពុង​ខ្វះខាត ( សូមមើល កូរិនថូសទី ២ ៨–៩ )

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

កាល​ដែល​សំបុត្រ​ជាច្រើន​របស់​ប៉ុល​ផ្ដោត​លើ​គោលលទ្ធិ ផ្នែក​ភាគច្រើន​នៃ​សំបុត្រ​នេះ​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​របស់​ប៉ុល​ជាមួយ​ពួក​បរិសុទ្ធ​កូរិនថូស ព្រមទាំង​សេចក្ដីស្រឡាញ់​របស់​លោក និង​កង្វល់​របស់​លោក​ចំពោះ​ពួកគេ ។ ប៉ុន្តែប៉ុល​បាន​មុតមាំ​ជំទាស់​នឹង​ការ​ទិតៀន នៅ​ក្នុង​កូរិនថូស​ទី ២ ទាំង​មូល យើង​ឃើញ​ថា​លោក​គឺ​ជា​ថ្នាក់ដឹកនាំ​បព្វជិតភាព​មួយ​រូប​ដ៏ទន់ភ្លន់​ដែល​ចេះ​ខ្វល់ខ្វាយ​ពី​សុភមង្គល និង​សុខុមាលភាព​របស់​ពួកបរិសុទ្ធ ។ ប៉ុល​ក៏​បាន​ចែកចាយ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​អំពី​ជីវប្រវត្តិ​របស់​លោក ហើយ​បាន​សរសេរ​អំពី « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » លោក ( កូរិនថូស ទី២ ១២:៧ ) ។

នៅ​ក្នុង​បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កូរិនថូសទី ២ ១២:២–៤ ប៉ុល​បាន​ពិពណ៌នា​ខ្លួន​ឯង​ថា​ជា « មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះគ្រីស្ទ » ដែល « បាន​លើក​ឡើងដល់​ស្ថាន​បរមសុខ » ជា​កន្លែង​ដែល​លោក​បាន​ឃើញ ហើយ​បាន​ស្ដាប់​ឮរឿងដែល​ថ្លែង​ប្រាប់​មិន​បាន ។ ការនិមិត្ត​នេះ រួម​ជាមួយ​នឹង​សេចក្ដីថ្លែង​ខាង​គោលលទ្ធិ​របស់​លោក​កាល​ពីមុន​ស្ដីពី​ភាព​ខុស​គ្នា​នៅ​ក្នុង​សិរីល្អ​នៃ​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ( សូម​មើល កូរិនថូស ទី១ ១៥:៣៥–៤៤ ) អាច​មើល​ឃើញ​ថា​ជា​ភាព​ស្រដៀង​គ្នា​មួយ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ទៅ​នឹង​ការនិមិត្ត​ដែល​បាន​កត់​ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ។

គម្រោង

កូរិនថូស ទី២ ១-៥ ។ ប៉ុល​ថ្លែង​ទីបន្ទាល់​ថា ព្រះ​លួងលោម​កូនចៅ​របស់​ទ្រង់​នៅ​គ្រប់​ការឈឺចាប់​ខ្លោចផ្សារ​របស់​ពួកគេ ។ លោក​សំណូម​ពរ​ឲ្យ​ពួក​បរិសុទ្ធ​ចេះ​ស្រឡាញ់​គ្នា ហើយ​អត់ទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក ។ ដំណឹងល្អ និង​កិច្ចការ​នៃ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​រុងរឿង​ជាង​អក្សរ​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទៅ​ទៀត ។ ប៉ុល​លើក​ទឹក​ចិត្ត​ពួក​អ្នក​អាន​របស់​លោក​នៅ​ក្នុង​គ្រាលំបាក​របស់​ពួកគេ ហើយ​រំឭក​ពួកគេ​អំពី​លក្ខណៈ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​សេចក្ដីស្រឡាញ់ និង​សិរីល្អ​របស់​ព្រះ ។ លោក​ជួយ​ពួក​អ្នក​អាន​ឲ្យ​យល់​ពី​សេចក្ដីត្រូវការ​របស់​ពួកគេ​ដើម្បី​ស្រុះស្រួល​នឹង​ព្រះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

កូរិនថូស ទី២ ៦-១៣ ។ កាល​កំពុង​ជួប​នឹង​ការទិតៀន និង​ការជំទាស់​ពី​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ ប៉ុល​ការពារ​សេចក្ដីស្មោះ​របស់​លោក​ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ហើយ​អញ្ជើញ​ពួក​អ្នក​អាន​របស់​លោក​ឲ្យ​ញែក​ខ្លួន​ចេញ​ពី​លោកិយ ។ លោក​បង្រៀន​អំពី « សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ( សូម​មើល កូរិនថូស ទី២ ៧:១០ ) ។ ប៉ុល​ថ្លែង​អំណរគុណ​ដល់​ពួក​បរិសុទ្ធ​កូរិនថូស​ចំពោះ​ការបរិច្ចាគ​របស់​ពួកគេ​ដល់​ជនក្រីក្រ​នៅ​ក្រុង​យេរូសាឡិម ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ត​ផ្ដល់​ឲ្យ​ដោយ​សេចក្ដីសប្បុរស ។ លោក​ថ្លែង​យ៉ាង​មុតមាំ​ទាស់​នឹង « សាវក​ក្លែងក្លាយ » ( កូរិនថូស ទី២ ១១:១៣ ) ។ ប៉ុល​មាន​សិរីល្អ​នៅ​ក្នុង​ព្រះអម្ចាស់ ហើយ​ចែកចាយ​ជីវប្រវត្តិ​លម្អិត​អំពី​សេចក្តី​ឈឺចាប់ និង​សេចក្ដីជំនឿ​របស់​លោក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​សរសេរ​អំពី​ការនិមិត្ត​របស់​លោក​អំពី​ស្ថានសួគ៌​នៅ​ជាន់​ទី​បី ហើយ​លោក​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ​ពិសោធន៍​ខ្លួន​ឯង ហើយ​ធ្វើ​ឲ្យ​ខ្លួន​គេ​កាន់តែ​មាន​ចិត្ត​ស្មោះត្រង់ ។