បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​យ៉ូហាន​ទី ២


សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ យ៉ូហានទី ២

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

នៅ​ក្នុង​សំបុត្រ​ទី​ពីរ​របស់​សាវក​យ៉ូហាន បាន​បង្ហាញ​កង្វល់​អំពី​ឥទ្ធិពល​នៃ​ការ​ក្បត់​សាសនា​នៅ​ក្នុង​សាសនាចក្រ ។ ទន្ទឹម​នឹង​នោះ​ដែរ លោក​ក៏​បាន​បង្ហាញ​អំណរ​ចំពោះ​សមាជិក​សាសនាចក្រ​ដែល​បាន​បន្ត​មាន​ភាព​រឹងមាំ ហើយ​ភក្ដីភាព​ចំពោះ​ដំណឹងល្អ ( សូមមើល យ៉ូហាន​ទី ២ ១:៤ ) ។ ប្រសាសន៍​របស់​លោក​បង្ហាញ​ពី​អំណរ និង​ការ​ដឹងគុណ​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​មាន​ចំពោះ​ជន​ដែល​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។ នៅ​ពេល​អ្នក​សិក្សា យ៉ូហាន​ទី ២ ពួកគេ​អាច​ទទួល​បាន​ភាព​រឹងមាំ​ដោយ​ការ​រំឭក​របស់​យ៉ូហាន​ឲ្យ​ចេះ​ស្រឡាញ់​គ្នា គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​រស់​នៅ​ដោយ​ស្មោះ​ត្រង់​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

អ្នក​និពន្ធ​បាន​បង្ហាញ​ខ្លួន​លោក​ជា « អ្នក​ចាស់​ទុំ » ( យ៉ូហានទី ២ ១:១ ) ហើយ​យោង​តាម​ទម្លាប់​យ៉ូហាន​ដែល​ជា​សាវក​មួយ​រូប​ក្នុង​ចំណោម​ពួក​សាវក​ដើម​ទាំង​ដប់​ពីរ​នាក់ បាន​សរសេរ​សំបុត្រ​នេះ ( សូម​មើល Bible Dictionary « John, Epistles of » ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅពេល​ណា ហើយ​នៅកន្លែង​ណា ?

គ្មាន​នរណា​ម្នាក់​ដឹង​ពិត​ប្រាកដ​ពី​ពេលវេលា និង​ទីកន្លែង​ដែល​គម្ពីរ​យ៉ូហាន​ទី ២ ត្រូវ​បាន​សរសេរ​ឡើង​ឡើយ ។ ប្រសិន​បើ​ទម្លាប់​នៃ​ការ​ស្នាក់​នៅ​ដ៏​យូរ​របស់​យ៉ូហាន​នៅ​អេភេសូរ​មាន​ភាព​ត្រឹម​ត្រូវ នោះ​លោក​អាច​សរសេរ​សំបុត្រ​នេះ​នៅ​ទីនោះ​នៅ​ចន្លោះ គ.ស. ឆ្នាំ ៧០ និង ១០០ ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​ទីពីរ​របស់​យ៉ូហាន​បាន​សរសេរ​ទៅ​កាន់ « លោក​ស្រី​រើស​តាំង និង​កូន​ចៅ​របស់​លោក​ស្រី » ( យ៉ូហានទី ២ ១:១ ) ។ យើង​មិន​បាន​ដឹង​ថា​យ៉ូហាន​កំពុង​តែ​លើក​ឡើង​ពី​គ្រួសារ​លោក ឬ​មនុស្ស​មួយ​ក្រុម​ជាក់លាក់​ផ្សេង​ទៀត ឬ​កំពុង​ថ្លែង​ទៅ​កាន់​សាសនាចក្រ​ដែល​ប្រើ​ជា​ពាក្យ​ប្រៀបធៀប​នោះ​ទេ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សរសេរ​ថា យ៉ូហានទី ២ និង​យ៉ូហាន​ទី ៣ ប្រហែល​ជា​សំបុត្រ​ដែល​យ៉ូហាន​សរសេរ​ទៅ​សមាជិក​គ្រួសារ​លោក​ផ្ទាល់ ( សូម​មើល Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ], ៣:៤០៩–១០, ១២–១៤ ) ។

អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា​ឃ្លា « លោក​ស្រី​រើស​តាំង » គឺ​សំដៅ​ទៅ​លើ​ក្រុម​ជំនុំ​សាសនា​គ្រីស្ទ​មួយ ( សូម​មើល យ៉ូហានទី ២ ១:១៣ ) ។ ពាក្យ​ភាសា​ក្រិក​សម្រាប់​ពាក្យ ព្រះវិហារ ជា​នាម​ភេទ​ស្រី ហើយ​វា​ជា​រឿង​ទូទៅ​ដែល​ប្រដូច​សាសនាចក្រ​ទៅ​នឹង​ស្ត្រី​ម្នាក់ ( សូម​មើល អេភេសូរ ៥:២៥–២៧, ៣២, ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, វិវរណៈ ១២:១–៣, ៧ [ នៅ​ក្នុង​សេចក្ដី​ណែនាំដល់​បទគម្ពីរ​ទាំងឡាយ ], វិវរណៈ ១៩:៧–៨ ) ។

ដូចជា​នៅ​ក្នុង យ៉ូហាន​ទី ១ យ៉ូហាន​ទំនង​ជា​សរសេរ​សំបុត្រ​នេះ​ដើម្បី​ឆ្លើយតប​នឹង​ការ​បង្រៀន​ខុស​ឆ្គង​ថា ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​បាន​ប្រសូត​មក​កាន់​ផែនដី​នេះ​ក្នុង​រូបកាយ​ជា​សាច់​ឈាម​ទេ ។ លោក​បាន​ពន្យល់​ថា សមាជិក​ដែល​បាន​បង្រៀន​ថា ព្រះគ្រីស្ទ​គ្មាន​ព្រះកាយ​ខាង​សាច់​ឈាម​មិន​គួរ​ឲ្យ​ទទួល​ចូល​ទៅ​ក្នុង​ផ្ទះ ឬ​ក្រុម​ជំនុំ​របស់​នរណា​ម្នាក់​ឡើយ ( សូម​មើល យ៉ូហានទី ២ ១:៧–១០ ) ។

តើ​គម្ពីរ​នេះ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

នៅ​ក្នុង​សំបុត្រ​នេះ​យ៉ូហាន​បាន​ព្រមាន​អំពី​គ្រូបង្រៀន​ក្លែង​ក្លាយ​ដែល​បាន​ចូល​ទៅ​ក្នុង​សាសនាចក្រ ។ លោក​បាន​ណែនាំ​មិន​ឲ្យ​សមាជិក​សាសនាចក្រ​ស្ដាប់ ឬ​សេពគប់​នឹង​បុគ្គល​ទាំងនេះ​ឡើយ ។

គម្រោង​មេរៀន

យ៉ូហានទី ២ ១ ។ យ៉ូហាន​រំឭក​សមាជិក​សាសនាចក្រ​ពី​ព្រះបញ្ញត្តិ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ។ លោក​ព្រមាន​ពី​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ និង​ពួក​បោក​បញ្ឆោត​នៅ​ក្នុង​សាសនាចក្រ ហើយ​ទូន្មាន​សមាជិក​សាសនាចក្រ​កុំ​បណ្ដោយ​ឲ្យ​ពួកគេ​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ខ្លួន ។