បណ្ណាល័យ
មេរៀន​ទី ២៦ ថ្ងៃ​ទី ៣ ៖ ថែស្សាឡូនីច​ទី២


មេរៀន​ទី ២៦ ៖ ថ្ងៃទី ៣

ថែស្សាឡូនីច​ទី២

សេចក្ដីផ្ដើម

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​សរសេរ​សំបុត្រ​ទី​មួយ​ទៅ​កាន់​ពួក​បរិសុទ្ធ​ថែស្សាឡូនីច សាវក​ប៉ុល​ក៏​បាន​សរសេរ​សំបុត្រ​ទី​ពីរ​ទៅ​កាន់​ពួកគេ​ទៀត ដែល​ក្នុង​សំបុត្រ​មួយ​ច្បាប់​នោះ លោក​បាន​ពន្យល់​សេចក្ដីពិត​បន្ថែម​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​បង្រៀន​ថា ព្រះអង្គសង្គ្រោះ​នឹង​មិន​យាង​មក​ម្ដង​ទៀត​ទេ​លុះត្រា​តែ​មាន​ការក្បត់សាសនា​មួយ​បាន​កើតឡើង ។ ក្រោយ​មក ប៉ុល​បាន​បង្រៀន​ទាស់​នឹង​ភាពខ្ជិលច្រអូស ហើយ​បាន​ទូន្មាន​ពួក​បរិសុទ្ធ « កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯការ​ល្អ​ឡើយ » ( ថែស្សាឡូនីច​ទី២ ៣:១៣ ) ។

ថែស្សាឡូនីចទី១ ១-២

ប៉ុល​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ តាមរយៈ​ការព្យាករ​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖ « ខ្ញុំ​សូម​និយាយ​ដល់​អ្នក​ទាំង​អស់​គ្នា និង​ជាពិសេស​ដល់​យុវវ័យ​នៃ​សាសនាចក្រ​ជាមួយ​នឹង​ការកោត​សរសើរ និង ការលើក​ទឹកចិត្ត​ដល់​គ្រប់គ្នា​ដែល​នឹង​ចាំបាច់​ត្រូវ​បន្ដ​ខ្ជាប់ខ្ជួន​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ​ថា ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ត្រៀមខ្លួន​ទេ ថ្ងៃ​ណា​មួយ​អ្នក​នឹង​ឃើញ​ថា ខ្លួន​អ្នក​ត្រូវបាន​ហៅ​ឲ្យ​ការពារ​ដល់​សេចក្ដីជំនឿ​របស់​អ្នក ឬ​ប្រហែល​ជា​ថែមទាំង​ឲ្យ​ស៊ូទ្រាំ​នូវ​ការរំលោភ​បំពាន​ផ្ទាល់ខ្លួន​ខ្លះ ព្រោះ​អ្នក​ជា​សមាជិក​ម្នាក់​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ ។ គ្រា​នោះ​នឹង​តម្រូវ​ឲ្យ​មាន​ទាំង​ភាព​ក្លាហាន និង​សុភាវធម៌​ចេញ​ពី​ខ្លួន​អ្នក » ( « The Cost—and Blessings—of Discipleship » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​បទពិសោធន៍​មួយ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការពារ​សេចក្ដី​ជំនឿ​ ឬ​ត្រូវ​ទ្រាំទ្រ​នឹង​ការប្រឆាំង​ ដោយសារ​តែ​អ្នក​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ ។ សូម​សរសេរ​បញ្ចូល​ផងដែរ អំពី​របៀប​ដែល​អ្នក​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​នោះ ។ ប្រសិនបើ​អ្នក​មិន​ធ្លាប់​បាន​ការពារ​សេចក្ដី​ជំនឿ​របស់​ខ្លួន ឬ​ជួប​នឹង​ការប្រឆាំង​ដោយសារ​តែ​អ្នក​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​ទេ​នោះ សូម​សរសេរ​អំពី​របៀប​ដែល​អ្នក​គិត​ថា​អ្នក​នឹង​ឆ្លើយ​តប ​ប្រសិនបើ​អ្នក​ប្រឈម​មុខ​នឹង​ស្ថានភាព​បែប​នេះ ។

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​ពីរ​ទៅ​កាន់​ពួក​បរិសុទ្ធ​ថែស្សាឡូនីច ហើយ​បាន​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ​រួមមាន​សេចក្ដីបៀតបៀន​ដែល​ពួក​បរិសុទ្ធ​ជួប ។ នៅ​ពេល​អ្នក​សិក្សា ថែស្សាឡូនីចទី២ ១ សូម​ស្វែងរក​គោលការណ៍​មួយ​ដែល​អាច​ជួយ​អ្នក​ទ្រាំទ្រ​នឹង​ការប្រឆាំង និង​ទុក្ខវេទនា​ដែល​អ្នក​អាច​ជួប​ប្រទះ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ។

សូម​អាន ថែស្សាឡូនីចទី២ ១:៣–៥ ដោយ​ស្វែងរក​មូលហេតុ​ដែល​ប៉ុល​បាន​សរសើរ​ដល់​ពួក​បរិសុទ្ធ​ថែស្សាឡូនីច ។

សូម​គិត​ដល់​ការគូសចំណាំ ឬ​កត់ចំណាំ​នៅ​ក្នុង ខទី ៥ លើ​រង្វាន់​ដែល​ពួក​បរិសុទ្ធ​នឹង​ទទួលបាន​សម្រាប់​ការទ្រាំទ្រ​នឹង​សេចក្ដី​បៀតបៀន និង សេចក្តី​ទុក្ខលំបាក​ទាំង​ប៉ុន្មាន​ដោយ « សេចក្តី​ខ្ជាប់ខ្ជួន និង​សេចក្តី​ជំនឿ » ( ថែស្សាឡូនីចទី២ ១:៤ ) ។

ចេញ​ពី ថែស្សាឡូនីចទី២ ១:៣–៥ យើង​រៀន​ថា ប្រសិនបើ​យើង​ទ្រាំទ្រ​នឹង​ការប្រឆាំង និង​សេចក្ដី​ទុក្ខលំបាក​យ៉ាង​ស្មោះត្រង់​ដោយ​សេចក្តី​ខ្ជាប់ខ្ជួន និង​សេចក្តី​ជំនឿ នោះ​យើង​អាច​ត្រូវបាន​រាប់​ថា​មាន​ភាពសក្ដិសម​ចូល​ក្នុង​នគរ​ព្រះ ។

សូម​គិត​ថា តើ​ការទ្រាំទ្រ​ដោយ​សេចក្ដី​ខ្ជាប់ខ្ជួន​ក្នុង​ការសាកល្បង​មាន​ន័យ​ដូចម្ដេច ។ ហេតុអ្វី​បាន​ជា​យើង​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ទ្រាំទ្រ​នឹង​ការប្រឆាំង ឬ​សេចក្ដី​ទុក្ខលំបាក​ដោយ​សេចក្ដីខ្ជាប់ខ្ជួន ?

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

សូម​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ ដោយ​គូសចំណាំ​ថា តើ​ការទ្រាំទ្រ​នឹង​ការសាកល្បង​ដោយ​សេចក្ដី​ខ្ជាប់ខ្ជួន​មាន​ន័យ​ដូចម្ដេច ៖ « សេចក្ដី​ខ្ជាប់ខ្ជួន​មិន​មែន​ជា​ការអត់ធ្មត់​ដ៏​អកម្ម​នោះ​ទេ ក៏​មិន​មែន​ជា​ការមិន​ធ្វើ​សកម្មភាព​ដោយ​ព្រោះ​តែ​ភាពភ័យខ្លាច​របស់​យើង​ដែរ ។ សេចក្ដី​ខ្ជាប់ខ្ជួន​មាន​ន័យ​ថា ជា​ការរង់ចាំ និង ការកាន់ខ្ជាប់​យ៉ាង​សកម្ម ។ វា​មាន​ន័យ​ថា ទ្រាំទ្រ​នឹង​អ្វី​មួយ ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព—ដោយ​ខិតខំ សង្ឃឹម ហើយ​អនុវត្ត​សេចក្ដី​ជំនឿ ទទួល​បន្ទុក​ដោយ​អត់ធន់ ទោះ​ជា​បំណង​ក្នុង​ចិត្ត​យើង​ត្រូវបាន​ពន្យារ​ពេល​ក៏​ដោយ ។ សេចក្ដី​ខ្ជាប់ខ្ជួន​ពុំ​គ្រាន់តែ​ជា​ការកាន់ខ្ជាប់​ធម្មតា​នោះ​ទេ វា​គឺ​ជា​ការកាន់ខ្ជាប់​បាន​យ៉ាង​ល្អ ! » ( « Continue in Patience » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៧ ) ។

  1. សូម​គិត​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ​ដែល​អ្នក​បាន​អាន​អំពី​គាត់​នៅ​ក្នុង​ព្រះគម្ពីរ ជា​បុគ្គល​ដែល​កាន់ខ្ជាប់​ដោយ​សេចក្ដី​ស្មោះត្រង់ និង​សេចក្ដី​ខ្ជាប់ខ្ជួន​នៅ​ក្នុង​សេចក្ដី​បៀតបៀន និង​សេចក្ដី​ទុក្ខលំបាក ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​គំរូ​របស់​បុគ្គល​រូប​នេះ​មាន​អត្ថន័យ​សម្រាប់​អ្នក ។

សូម​គិត​អំពី​ការប្រឆាំង ឬ​សេចក្ដី​ទុក្ខលំបាក​នានា​ដែល​អ្នក​អាច​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ រួច​សម្រេចចិត្ត​អំពី​របៀប​ដែល​អ្នក​អាច​កាន់ខ្ជាប់​ក្នុង​ឧបសគ្គ​ទាំងនេះ​ដោយ​សេចក្ដី​ខ្ជាប់ខ្ជួន និង​សេចក្ដី​ជំនឿ ។ សូម​គិត​ដល់​ការអធិស្ឋាន​សុំ​ជំនួយ ។

ប៉ុល​បាន​ព្យាករ​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន ថែស្សាឡូនីចទី២ ១:៦–១០ ដោយ​ស្វែងរក​ពាក្យ និង​ឃ្លា​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ។ នៅ​ពេល​អ្នក​អាន សូម​កត់ចំណាំ​របៀប​ដែល​បទពិសោធន៍​នៃ​ពួកសុចរិត ខុស​គ្នា​ពី​បទពិសោធន៍​នៃ​ពួក​ទុច្ចរិត នៅ​ពេល​ដែល​ព្រះអម្ចាស់​យាង​មក​នោះ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា នៅ​ពេល​ដែល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​មក​ដល់ ពួក​សុចរិត​នឹង​បាន​សម្រាក ហើយ​ពួក​ទុច្ចរិត​នឹង​ត្រូវបាន​បំផ្លាញ​បង់ ។

តើ​អ្នក​គិត​ថា​ពួក​សុចរិត​នឹង​បាន​សម្រាក​ពី​អ្វី ?

តើ​គោលលទ្ធិ​នេះ​អាច​លួងលោមចិត្ត​អ្នក​ទាំងឡាយ​ដែល​កំពុង​ទ្រាំទ្រ​ក្នុង​ការលំបាក​នា​ពេល​បច្ចុប្បន្ន ដោយ​ព្រោះ​តែ​ការតាំងចិត្ត​របស់​ខ្លួន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

តើ​អ្នក​ធ្លាប់​ចង់​ដឹង​ថា​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​កើតឡើង​នៅ​ពេល​ណា​ដែរ​ឬ​ទេ ? ថែស្សាឡូនីចទី២ ២:២ ប្រាប់​ថា ពួក​បរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច​ប្រហែលជា​គិត​ថា ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់​បាន​ហៀប​នឹង​កើតឡើង ឬ​បាន​កើតឡើង​រួច​ទៅ​ហើយ ។ ប៉ុល​បាន​បារម្ភ​ថា ពួកគេ​ត្រូវបាន​បង្រៀន​ឲ្យ​យល់​ខុស​ឆ្គង ។

សូម​អាន ថែស្សាឡូនីចទី២ ២:១–៣ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​នឹង​កើតឡើង​ពី​មុន​ការយាងមក​ជា​លើក​ទី​ពីរ ។ នៅ​ក្នុង ខទី ៣ ឃ្លា « ថ្ងៃ​នោះ » សំដៅ​ទៅ​លើ​ការយាង​មក​ជា​លើក​ទី​ពីរ រីឯ​ឃ្លា « ការ​បញ្ឆោត » មាន​ន័យ​ថា ការក្បត់សាសនា ឬ​ការប្រាសចាក​ពី​សេចក្ដីពិត ។ ( សូម​កត់ចំណាំ​ថា ថែស្សាឡូនីចទី២ ២:១–៣ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​តាម​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ។

ចេញ​ពី ថែស្សាឡូនីចទី២ ២:១–៣ យើង​រៀន​ថា ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ការក្បត់សាសនា​មួយ​នឹង​កើតឡើង ។

នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ប៉ុល​បាន​ណែនាំ​ថា សមាជិក​សាសនាចក្រ​នៅ​ជំនាន់​របស់​លោក​គួរតែ​ខ្វាយខ្វល់​អំពី​ការក្បត់សាសនា​ដែល​បាន​ចាប់ផ្ដើម​មាន​ក្នុង​ចំណោម​ពួកគេ​រួច​ហើយ​នោះ ប្រសើរជា​ជាង​ខ្វាយខ្វល់​អំពី​ពេល​វេលា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​ដែល​នឹង​មក​ដល់ ។ ការពន្យល់​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​យល់​អំពី​ការក្បត់សាសនា​ដ៏​ធំ ដែល​បាន​កើតឡើង​នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ប៉ុល និង​ពួក​សាវក​ដទៃ​ទៀត​បាន​ទទួល​មរណភាព​ទៅ ។ ប៉ុល​បាន​ដឹង​ថា ការបែកចេញ​នេះ​នឹង​កើតឡើង​ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។

« បន្ទាប់​ពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទុច្ចរិត​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​សាវក និង សមាជិក​នៃ​សាសនាចក្រ ហើយ​បាន​សម្លាប់​ពួកគេ​ជាច្រើន​នាក់ ។ ជាមួយ​នឹង​សេចក្តី​ស្លាប់​របស់​សាវក នោះ​កូនសោ​នៃ​បព្វជិតភាព និង សិទ្ធិអំណាច​បព្វជិតភាព​នៃ​ការដឹកនាំ​ត្រូវបាន​ដក​យក​ពី​ផែនដី ។ ពួក​សាវក​បាន​រក្សា​គោលលទ្ធិ​នៃ​ដំណឹងល្អ​ឲ្យ​នៅ​បរិសុទ្ធ និង ការពារ​របៀប​រៀបរយ និង បទដ្ឋាន​នៃ​ភាពសក្តិសម​សម្រាប់​សមាជិក​សាសនាចក្រ ។ ដោយ​គ្មាន​ពួក​សាវក ក្រោយ​មក​គោលលទ្ធិ​ត្រូវ​បាន​បង្ខូច ហើយ​ការផ្លាស់ប្តូរ​ដែល​គ្មាន​សិទ្ធិ​អំណាច​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ការរៀបចំ​សាសនាចក្រ និង ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដូច​ជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង ការប្រគល់​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ដោយ​គ្មាន​វិវរណៈ និង សិទ្ធិ​អំណាច​បព្វជិតភាព មនុស្ស​បាន​ពឹង​លើ​ប្រាជ្ញា​របស់​មនុស្ស ដើម្បី​បកស្រាយ​ព្រះគម្ពីរ និង គោលការណ៍ និង ពិធីបរិសុទ្ធ​ផ្សេងៗ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូគ្រីស្ទ ។ គំនិត​ខុស​ឆ្គង​ត្រូវ​បាន​បង្រៀន​ដូចជា​សេចក្តីពិត ។ ​ចំណេះដឹង ភាគ​ច្រើន អំពី​លក្ខណៈ​នៃ​សេចក្តី​ពិត និង និស្ស័យ​របស់​ព្រះ​ជា​ព្រះវរបិតា ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ និង ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បាត់បង់ ។ គោលលទ្ធិ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក និង អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ខូច​ទ្រង់ទ្រាយ ឬ ត្រូវ​គេ​បំភ្លេច​ចោល ។ សិទ្ធិអំណាច​បព្វជិតភាព​ដែល​បាន​ប្រទាន​ដល់​ពួក​សាវក​របស់​ព្រះយេស៊ូវគ្រីស្ទ ពុំ​បាន​មាន​វត្តមាន​នៅ​លើ​ផែនដី​ទៀត​ឡើយ ។ នៅ​ទីបំផុត ការក្បត់សាសនា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការផុស​ចេញ​នូវ​ព្រះវិហារ​ជា​ច្រើន » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទ្ទេសក៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា [ ឆ្នាំ ២០០៤ ] ទំព័រ ៣៥ ) ។

នៅ​ពេល​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការក្បត់សាសនា សូម​ពិចារណា​អំពី​មូលហេតុ​ដែល​វា​ចាំបាច់​សម្រាប់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​ទ្រង់​បាន​ស្ដារឡើងវិញ​ពីមុន​ការយាងមក​របស់​ព្រះអម្ចាស់ ។

« មនុស្ស​ដែល​ជា​តួ​បាប » ដែល​មាន​លើកឡើង​ក្នុង ថែស្សាឡូនីច ទី២ ២:៣ សំដៅ​ទៅ​លើ​សាតាំង ។ ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​រួម​មាន​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន លាតត្រដាង​អំពី​ការបំភាន់​របស់​សាតាំង និង​ពួក​អ្នក​ដើរតាម​វា ។

យើង​អាន​នៅ​ក្នុង ថែស្សាឡូនីចទី២ ២:៤–១៧ ថា​ប៉ុល​បាន​ព្យាករ​ថា ព្រះអម្ចាស់​នឹង​ទុក​ឲ្យ​សាតាំង​បំភាន់​បណ្ដាជន​លើ​ផែនដី​ដរាប​ដល់​ពេល​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ ( សូម​មើល ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ថែស្សាឡូនីចទី២ ២:៧–៩ [ នៅ​ក្នុង the Bible appendix ] ) ។ ប៉ុល​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ « ឈរ​ឲ្យ​មាំមួន » ក្នុង​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន ( ថែស្សាឡូនីចទី២ ២:១៥ ) ។

រូបភាព
scripture mastery icon
ចំណេះចំណានខគម្ពីរ—ថែស្សាឡូនីចទី២ ២:១–៣

  1. ដោយ​ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ ( ដូចជា​លេខយោង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ Topical Guide ) នោះ​សូម​ស្វែងរក​បទគម្ពីរ​មួយ​ទៀត​ដែល​បង្រៀន​អំពី​ការក្បត់សាសនា ។ អ្នក​អាច​នឹង​ចង់​សរសេរ ឬ​កត់ចំណាំ​សេចក្ដីយោង​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ថែស្សាឡូនីចទី២ ២:១-៣ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​អ្នក​នឹង​ប្រើ​ខគម្ពីរ​ទាំងនេះ​ដើម្បី​ពន្យល់​អំពី​គោលលទ្ធិ​គ្រឹះ​នៃ​ការក្បត់សាសនា និង​ការស្ដារឡើងវិញ ទៅ​កាន់​នរណាម្នាក់​ដែល​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ។

ថែស្សាឡូនីចទី២ ៣

ប៉ុល​ព្រមាន​អ្នក​ទាំងឡាយ​ដែល​ពុំ​ដើរតាម​ឱវាទ​របស់​ព្រះអម្ចាស់ ហើយ​លោក​បង្រៀន​អំពី​ភាពខ្លួនទីពឹងខ្លួន

នៅ​គ្រា​ដែល​ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​ពីរ​របស់​លោក​ទៅ​កាន់​ពួក​ថែស្សាឡូនីច មាន​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ​បាន​មាន​ភាពខ្ជិលច្រអូស ឬ​មិន​ឧស្សាហ៍ ហើយ​មិន​បាន​ធ្វើការ​ដើម្បី​មាន​ភាពខ្លួនទីពឹងខ្លួន​ឡើយ ។ ពួកគេ​រំពឹង​ឲ្យ​មនុស្ស​ដទៃ​ដែល​ធ្វើការ ជួយ​ផ្គត់ផ្គង់​ដល់​ខ្លួន ។

តើ​ស្ថានភាព​ដូចនេះ អាច​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​ដូចម្ដេច ?

យោង​តាម ថែស្សាឡូនីចទី២ ៣:១–៩ ប៉ុល​បាន​ពោល​ពាក្យ​សរសើរ​ពួក​បរិសុទ្ធ​ថែស្សាឡូនីច​ដែល​ស្មោះត្រង់ ហើយ​បាន​ព្រមាន​ពួកគេ​ឲ្យ​ថយ​ចេញ​ឲ្យ​ផុត​ពី​អ្នក​ដែល « ប្រព្រឹត្ត​ខុស​របៀប » ( ខទី ៦ ) ។ ពាក្យ ប្រព្រឹត្ត​ខុស​របៀប មាន​ន័យ​ថា ការមិន​បាន​លុតដំ រីឯ​នៅ​ក្នុង​បរិបទ​នៃ ថែស្សាឡូនីចទី២ ៣ វិញ សំដៅ​ទៅ​លើ​ការខ្ជិលច្រអូស ឬ​មិន​ឧស្សាហ៍ ។ សមាជិក​សាសនាចក្រ​ដែល​ប្រព្រឹត្ត​ខុស​របៀប គឺ​ជា​អ្នក​ទាំងឡាយ​ណា​ដែល​មាន​លទ្ធភាព​ធ្វើការ​ដើម្បី​ផ្គត់ផ្គង់​ខ្លួន ប៉ុន្តែ​មិន​ចង់​ធ្វើ​ដូច្នោះ​ទេ ។ ប៉ុល​បាន​ចង្អុល​បង្ហាញ​ថា លោក ព្រមទាំង​ដៃគូ​របស់​លោក បាន​ធ្វើ​គំរូ​មួយ​អំពី​ភាពខ្លួនទីពឹងខ្លួន​តាមរយៈ​ការធ្វើការ​ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ពួក​លោក​ផ្ទាល់ ។

សូម​អាន ថែស្សាឡូនីចទី២ ៣:១០–១៣ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​មិន​ចង់​ធ្វើការ ។

ប៉ុល​ក៏​បាន​ទូន្មាន​ពួក​បរិសុទ្ធ​ផងដែរ​ថា « កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯការ​ល្អ​ឡើយ » ( ថែស្សាឡូនីចទី២ ៣:១៣ ) ។ លោក​បាន​ណែនាំ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ខ្លួន​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ហើយ​ជួយ​ដល់​មនុស្ស​ដទៃ ( សូម​មើល ផងដែរ គ. និង ស. ៦៤:៣៣ ) ។

យើង​រៀន​ចេញ​ពី​ការណែនាំ​របស់​ប៉ុល​ថា យើង​ត្រូវបាន​បង្គាប់​ឲ្យ​ខិតខំ​ដើម្បី​មាន​ភាពខ្លួនទីពឹងខ្លួន ហើយ​ជួយ​ដល់​មនុស្ស​ដទៃ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​ស្វែងរក​អត្ថន័យ​នៃ​ការមាន​ភាពខ្លួនទីពឹងខ្លួន ៖

« ពរជ័យ​មួយ​ក្នុង​ចំណោម​ពរជ័យ​ជា​ច្រើន​នៃ​ការងារ គឺ​ការអភិវឌ្ឍ​ការពឹងផ្អែក​លើ​ខ្លួនឯង ។ នៅ​ពេល​ដែល​អ្នក​មានភាពខ្លួនទីពឹងខ្លួន អ្នក​ប្រើ​ពរជ័យ និង សមត្ថភាព​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​មកថែរក្សា​ខ្លួន​អ្នក និង​គ្រួសារ​អ្នក និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​អ្នក​ផ្ទាល់ ។ ភាពខ្លួនទីពឹងខ្លួន​មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវតែ​មាន​លទ្ធភាព​ធ្វើ​អ្វីៗ​ទាំងអស់​ដោយ​ខ្លួន​អ្នក​ផ្ទាល់​នោះ​ទេ ។ ដើម្បី​មាន​ភាពខ្លួនទីពឹងខ្លួន​ពិត​ប្រាកដ នោះ​អ្នក​ត្រូវតែ​រៀន​ពី​របៀប​ធ្វើការ​ជាមួយ​នឹង​អ្នក​ដទៃ ហើយ​ងាក​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​បាន​ជំនួយ និង កម្លាំង​របស់​ទ្រង់ ។

« ចូរ​ចងចាំ​ថា ព្រះ​មាន​កិច្ចការ​ដ៏​មហិមា​ឲ្យ​អ្នក​ធ្វើ ។ ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​អ្នក​នៅ​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​សម្រេច​កិច្ចការ​នោះ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៤១ ) ។

សូម​គិត​អំពី​កិច្ចការ​មួយ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​មាន​ភាពខ្លួនទីពឹងខ្លួន​កាន់តែ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ និង​ពេល​អនាគត ។ សូម​ដាក់​គោលដៅ​មួយ រួច​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ថែស្សាឡូនីចទី២ ៣:១៤–១៨ ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ទាំងឡាយ​ដែល​ខ្ជិលច្រអូស​ឲ្យ​មាន​ភាពខ្លួនទីពឹងខ្លួន​ឲ្យ​បាន​ច្រើន​ដោយ « កុំ​ឲ្យ​ភប់ប្រសព្វ​នឹង » គេ ឬ​ដកខ្លួន​ចេញ​ពី​គេ​ឲ្យ​សោះ ( ខទី ១៤ ) ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​លើកទឹកចិត្ត​ពួក​បរិសុទ្ធ​កុំ​ឲ្យ​ចាត់ទុក​អ្នក​ខ្ជិលច្រអូស​ជា​សត្រូវ ប៉ុន្តែ​ឲ្យ​ចាត់ទុក​ពួកគេ​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ដំណឹងល្អ​វិញ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ នៅ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កូរិនថូសទី២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖