បណ្ណាល័យ
សេចក្ដីណែនាំ​ស្តីពី​គម្ពីរ ថែស្សាឡូនីចទី ២


សេចក្ដីណែនាំ​ស្តីពី ថែស្សាឡូនីច​ទី ២

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

នៅ​ក្នុង​សំបុត្រ​ទីពីរ​របស់​លោក​ទៅ​កាន់​ពួក​ថែស្សាឡូនីច ប៉ុល​បាន​សរសេរ​ពាក្យពេចន៍​ដំបូន្មាន និង សេចក្ដី​ស្រាយបំភ្លឺ​ទៅ​ដល់​សមាជិក​សាសនាចក្រ​ដែល​យល់​ច្រឡំ​អំពី​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សា​អំពី​ការបង្រៀន​នានា​របស់​លោក​អាច​ជួយ​អ្នក​យល់​អំពី​លក្ខណៈ​នៃ​ការក្បត់សាសនា​ដែល​បាន​កើតឡើង និង ​របៀប​ត្រៀមខ្លួន​យ៉ាង​ត្រឹមត្រូវ​សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​បាន​សរសេរ ថែស្សាឡូនីច​ទី ២ ( សូម​មើល ថែស្សាឡូនីចទី ២ ១:១ សូម​មើល​ផងដែរ ថែស្សាឡូនីចទី ២ ២:៥ ; ៣:១៧ ) ។ នៅ​ដើម​សំបុត្រ​មួយ​ច្បាប់​នេះ ក៏​មាន​ពាក្យ​ជម្រាប​សួរ​ពី​ស៊ីឡាស និង ធីម៉ូថេ​ដែរ ( ថែស្សាឡូនីច​ទី ២ ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

« ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​ថែស្សាឡូនីច​ពី​ក្រុង​កូរិនថូស អំឡុង​ពេលការ​ធ្វើ​​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទីពីរ​របស់​លោក » ប្រមាណ​ឆ្នាំ ៥០–៥១ នៃ គ. ស. ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​ថែស្សាឡូនីចទី ២ ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​ថែស្សាឡូនីច ។ ប្រធានបទ​នៃ​ថែស្សាឡូនីច​ទី ១ និង ថែស្សាឡូនីច​ទី ២ មាន​សភាព​ស្រដៀងគ្នា ដោយ​ប្រាប់​ថា លោក​បាន​សរសេរ ថែស្សាឡូនីច​ទី ២ ដើម្បី​ស្រាយ​បំភ្លឺ ហើយ​បកស្រាយ​អំពី​សំបុត្រ​ទី​មួយ ។ យើង​ឃើញ​ថា​មាន​ពួក​បរិសុទ្ធ​ថែស្សាឡូនីច​បាន​ទទួល​សំបុត្រ​ក្លែងក្លាយ​មួយ​ដែល​អះអាង​ថា​មក​ពី​ប៉ុល ដែល​បណ្ដាល​ឲ្យ​ពួក​បរិសុទ្ធ​ខ្លះ​ជឿ​ថា​ការយាង​មក​ជា​លើក​ទី​ពីរ​បាន​កើតឡើង​រួច​ទៅ​ហើយ ( សូម​មើល ថែស្សាឡូនីច​ទី ២ ២:២ ) ។

« នៅ​ចន្លោះ​ពេល​ដ៏​ខ្លី​នៃ​សំបុត្រ​ទាំង​ពីរ​ច្បាប់​នេះ សាសនាចក្រ​បាន​រងទុក្ខ​នឹង​សេចក្ដី​បៀតបៀន [ សូម​មើល ថែស្សាឡូនីច​ទី ២ ១:៤ ] ទស្សន​ដែល​យល់​ថា​ព្រះអម្ចាស់​យាង​ត្រឡប់​មក​វិញ​ភ្លាមៗ បាន​បង្ក​ឲ្យ​មាន​ការរំជើបរំជួល​ខុស​ប្រក្រតី [ សូម​មើល ថែស្សាឡូនីច​ទី ២ ២:២ ] » ( Bible Dictionary « Pauline Epistles » ) ។ ប៉ុល​បាន​សរសេរ ថែស្សាឡូនីចទី ២ ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សមាជិក​ទាំងនេះ ហើយ​ដើម្បី​កែតម្រូវ​ការយល់ច្រឡំអំពីគោលលទ្ធិ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

សំបុត្រ​ទី​ពីរ​ទៅ​កាន់​ពួក​ថែស្សាឡូនីច ផ្ដល់​សេចក្ដី​លម្អិត​ពិសេស​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍​មួយ​ចំនួន​ មាន​រួម​បញ្ចូល​ទាំង​គំនិត​ទាំងឡាយ ដែល​ប្រាប់​ថា​ព្រះអម្ចាស់​នឹង​យាង​ត្រឡប់​មក​នៅ​ក្នុង « អណ្តាត​ភ្លើង » ហើយ​ថា​ពួក​ទុច្ចរិត​នឹង « រង​ទុក្ខទោស ជា​សេចក្តី​ហិនវិនាស​អស់កល្ប​ជានិច្ច ឃ្លាត​ពី​ព្រះភក្ត្រ​នៃ​ព្រះអម្ចាស់ » ( ថែស្សាឡូនីច​ទី ២ ១:៨–៩ ) ។

នៅ​ក្នុង​សំបុត្រ​នេះ​យើង​អាន​ថា ប៉ុល​ក៏​បាន​ព្យាករ​អំពី​ការក្បត់សាសនា​ដ៏​ធំ​ផងដែរ ដោយ​បង្រៀន​ថា សាសនាចក្រ​នឹង​ស្ថិត​នៅ​ក្រោម « ការ​បញ្ឆោត » ចេញ​ពី​ដំណឹងល្អ នៅ​ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ( សូម​មើល ថែស្សាឡូនីច​ទី ២ ២:២–១២ ) ។ សេចក្ដី​បង្រៀន​របស់​ប៉ុល​អំពី​ការក្បត់សាសនា រំឭក​សមាជិក​សាសនាចក្រ​នៅ​សម័យ​ទំនើប​អំពី​មូលហេតុ​ដែល​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​មាន​សារៈសំខាន់ ។

គម្រោង​មេរៀន

ថែស្សាឡូនីចទី ២ ១ ។ ប៉ុល​ថ្លែង​ពាក្យ​ជំរាបសួ ហើយ​សរសើរ​ពួក​បរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច ។ លោក​បង្រៀន​ថា អ្នក​ដែល​មិន​ជឿ​ព្រះ​នឹង​ជួប​សេចក្ដី​សងសឹក​របស់​ព្រះអម្ចាស់​នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ ។

ថែស្សាឡូនីចទី ២ ២ ។ ប៉ុល​កែតម្រូវ​គំនិត​ខុសឆ្គង​ដែល​ថា​ការយាង​មក​ជា​លើក​ទី​ពីរ​បាន​កើតឡើង​រួច​ទៅ​ហើយ ហើយ​ព្យាករ​ថា ការក្បត់សាសនា​នឹង​កើតឡើង​នៅ​ពី​មុន​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់ ។ លោក​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ថែស្សាឡូនីច​ឲ្យ​បន្ត​មាន​ចិត្ត​ស្មោះត្រង់ ។

ថែស្សាឡូនីច​ទី ២ ៣ ។ ប៉ុល​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើការ​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ខាង​សាច់ឈាម​របស់​ខ្លួន ហើយ​កុំនឿយណាយ​ក្នុង​ការធ្វើ​ល្អ​ឡើយ ។