បណ្ណាល័យ
មេរៀន​ទី ២៧ ថ្ងៃទី ១ ៖ ធីម៉ូថេ ទី២


មេរៀន​ទី ២៧ ថ្ងៃទី ១

ធីម៉ូថេ ទី២

សេចក្ដីផ្ដើម

នៅ​ក្នុង​សំបុត្រ​ទី​ពីរ​នេះ​របស់​លោក​ទៅ​កាន់​ធីម៉ូថេ សាវក​ប៉ុល​បាន​បង្រៀន​ថា ការភ័យខ្លាច​មិន​មែន​មក​ពី​ព្រះ​ទេ ហើយ​លោក​បាន​លើក​ទឹកចិត្ត​ធីម៉ូថេ​កុំ​ឲ្យ​មាន​ការអៀនខ្មាស់​ចំពោះ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ លោក​បាន​លើក​ទឹកចិត្ត​ធីម៉ូថេ​ឲ្យ​តស៊ូ​ក្នុង​ការសាកល្បង​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​បាន​ណែនាំ​គាត់​ឲ្យ​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ប្រែចិត្ត ។ ប៉ុល​បាន​ពន្យល់​ថា ទោះជា​ការក្បត់សាសនា និង​អំពើទុច្ចរិត​នឹង​រាលដាល​នៅ​ក្នុង​ជំនាន់​ពួកគេ​ក៏​ដូចជា​ក្នុង​ជំនាន់​ចុងក្រោយ​ក្ដី ក៏​ធីម៉ូថេ​គួរតែ​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដីពិត​ដែល​គាត់​បាន​រៀន​ដែរ ។ ប៉ុល​ក៏​បាន​បង្រៀន​អំពី​គោលបំណង​នៃ​ព្រះគម្ពីរ​ផងដែរ ។ លោក​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​លើកទឹកចិត្ត​ធីម៉ូថេ​ឲ្យ​បំពេញ​ការងារ​បម្រើ​របស់​លោក​ដោយ​ឧស្សាហ៍​ព្យាយាម ។

ធីម៉ូថេ ទី២ ១

ប៉ុល​ទូន្មាន​ធីម៉ូថេ​កុំ​ឲ្យ​មាន​ការអៀនខ្មាស់​ចំពោះ​ដំណឹងល្អ

សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​មាន​ការភ័យខ្លាច ។ តើ​អ្នក​បាន​នៅ​ទីណា ? តើ​អ្នក​បាន​ធ្វើ​អ្វី ?

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ពន្យល់​អំពី​របៀប​ដែល​ការភ័យខ្លាច​មាន​ឥទ្ធិពល​មក​លើ​យើង ៖ « តើ​នរណា​ខ្លះ​ក្នុង​ចំណោម​ពួក​យើង​ដែល​មិន​ធ្លាប់​មាន​អារម្មណ៍​ភ័យខ្លាច ? ខ្ញុំ​មិន​ដែល​ស្គាល់​នរណាម្នាក់​ដែល​មិន​ធ្លាប់​មាន​ការភ័យខ្លាច​នោះ​ទេ ។ ប្រាកដណាស់ មនុស្ស​ខ្លះ​មាន​ការភ័យខ្លាច​ខ្លាំង​ជាង​មនុស្ស​ផ្សេង​ទៀត ។ មនុស្ស​ខ្លះ​អាច​ចាក ចេញ​ពី​ការភ័យខ្លាច​នោះ​បាន​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​មនុស្ស​ខ្លះ​ទៀត​ត្រូវ​ជាប់​អន្ទាក់ ហើយ​ត្រូវ​ទាញ​ចុះ​ដោយ​ការភ័យខ្លាច​នោះ ដរាប​ដល់​ពួកគេ​បរាជ័យ ។ យើង​រងទុក្ខ​ដោយ​ការភ័យខ្លាច​មក​ពី​ការចំអក មក​ពី​ភាពបរាជ័យ មក​ពី​ភាពឯកោ និង​មក​ពី​ភាពអវិជ្ជា ។ មនុស្ស​ខ្លះ​ភ័យខ្លាច​នឹង​ពេល​បច្ចុប្បន្ន រីឯ​មនុស្ស​ខ្លះ​ទៀត​ភ័យខ្លាច​នឹង​ពេល​អនាគត ។ មនុស្ស​ខ្លះ​រែក​បន្ទុក​អំពើបាប ហើយ​សុខចិត្ត​លះបង់​ស្ទើរតែ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រលាស់​ខ្លួន​ពួកគេ​ចេញ​ពី​បន្ទុក​ទាំងនោះ ប៉ុន្តែ​ភ័យខ្លាច​ក្នុង​ការកែប្រែ​ជីវិត​របស់​ខ្លួន ។ ចូរ​យើង​ចាំ​ថា ការភ័យខ្លាច​មិន​មែន​មក​ពី​ព្រះ​ទេ ប៉ុន្តែ​កត្តា​ដែល​នាំ​ឲ្យ​មាន​ការឈឺចាប់ និង​បំផ្លិចបំផ្លាញ​នេះ​គឺ​មក​ពី​បច្ចាមិត្ត​របស់​សេចក្ដីពិត និង សេចក្តីសុចរិត ។ ការភ័យខ្លាច​គឺ​ជា​ការផ្ទុយ [ ការប្រឆាំង ] ទៅ​នឹង​សេចក្ដីជំនឿ ។ ឥទ្ធិពល​របស់​វា​ធ្វើ​ឲ្យ​សឹករិចរិល ឬ​បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង » ( « God Hath Not Given Us the Spirit of Fear » Ensign ខែ តុលា ឆ្នាំ ១៩៨៤ ទំព័រ ២ ) ។

តើ​ការភ័យខ្លាច​ជះ​ឥទ្ធិពល​លើ​លទ្ធភាព​របស់​យើង​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា ធីម៉ូថេ ទី២ ១ សូម​ស្វែងរក​គោលការណ៍​មួយ​ដែល​អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​ការភ័យខ្លាច​បាន ។

ខណៈ​ដែល​ប៉ុល​ត្រូវ​ជាប់​ឃុំ​នៅ​ក្រុង​រ៉ូម​ដែល​ជីវិត​របស់​លោក​ហៀប​នឹង​បញ្ចប់​ទៅ​ហើយ​នោះ លោក​បាន​សរសេរ​សំបុត្រ​ទី​ពីរ​ទៅ​កាន់​ធីម៉ូថេ ។ ដូច​មាន​កត់ត្រា​នៅ​ក្នុង ធីម៉ូថេ ទី២ ១:១–៥ ប៉ុល​បាន​បង្ហាញ​ពី​បំណង​របស់​លោក​ចង់​ជួប​ធីម៉ូថេ ហើយ​រំឭក​អំពី​សេចក្ដីជំនឿ​ដ៏​ស្មោះ​របស់​ធីម៉ូថេ ។

សូម​អាន ធីម៉ូថេ ទី២ ១:៦–៨ ដោយ​ស្វែងរក​ថា តើ​ប៉ុល​បាន​រំឭក​ធីម៉ូថេ​ឲ្យ​ធ្វើ​អ្វី​ដើម្បី​យក​ឈ្នះ​លើ​ការភ័យខ្លាច ។

« អំណោយទាន​របស់​ព្រះ » ត្រូវបាន​ទទួល​ដោយ​ការដាក់ដៃ​លើ​ក្បាល ( ធីម៉ូថេ ទី២ ១:៦ ) សំដៅ​ទៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឃ្លា « ដាស់តឿន » នៅ​ក្នុង ខទី ៦ មាន​ន័យ​ថា ចាប់ផ្ដើម​ឡើង​វិញ ឬ ក្រោក​ឡើង​វិញ  ។ ប៉ុល​ទូន្មាន​ធីម៉ូថេ​ឲ្យ​ចាប់ផ្ដើម​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើង​វិញ ឬ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​នៅ​ជាមួយ​គាត់ ។

យោង​តាម ធីម៉ូថេ ទី២ ១:៧ តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អាច​កើត​មក​ពី​ការមាន​ព្រះវិញ្ញាណ​គង់​ជាមួយ​យើង ?

ប៉ុល​បាន​សំដៅ​ទៅ​លើ​ការភ័យខ្លាច​ខាង​លោកិយ ដែល​បណ្ដាល​ឲ្យ​មាន​ក្ដី​រសាប់រសល់ ភាពមិនប្រាកដប្រជា និង​ភាពអាសន្ន ព្រមទាំង​មាន​ភាពខុសគ្នា​ពី​អ្វី​ដែល​បទគម្ពីរ​និយាយ​អំពី « សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា » ( សុភាសិត ៩:១០ ) ។ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​គឺ « មាន​ចិត្ត​គោរព​កោតក្រែង និង​ស្ងើចស្ញែង​ដល់​ទ្រង់ ហើយ​គោរព​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កោតខ្លាច » scriptures.lds.org ) ។ សេចក្ដីកោតខ្លាច ឬ​ការគោរពកោតក្រែង​ដល់​ព្រះអម្ចាស់ អាច​ពង្រឹង​យើង​ទាស់​នឹង​ការភ័យខ្លាច​ខាង​លោកិយ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំបូន្មាន​របស់​ប៉ុល​ដល់​ធីម៉ូថេ​គឺ នៅ​ពេល​យើង​ព្យាយាម​ដោយ​ស្មោះ​ឲ្យ​មាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​យើង នោះ​យើង​អាច​យក​ឈ្នះ​លើ​ការភ័យខ្លាច ហើយ​មិន​អៀនខ្មាស់​ចំពោះ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​មធ្យោបាយ​ណា​ខ្លះ​ដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​មិន​អៀនខ្មាស់​ចំពោះ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

    2. តើ​នៅ​ពេល​ណា​ដែល​ព្រះវិញ្ញាណ​បាន​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការភ័យខ្លាច ឬ បាន​ប្រទាន​ឲ្យ​អ្នក​នូវ​ភាពក្លាហាន​ដើម្បី​ខ្ជាប់ខ្ជួន​ក្នុង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​អ្នក ប្រយោជន៍​ឲ្យ​អ្នក​អាច​យក​ឈ្នះ​លើ​ការភ័យខ្លាច​ខាង​លោកិយ ហើយ​មិន​អៀនខ្មាស់​ចំពោះ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង ធីម៉ូថេ ទី២ ១:៩–១៨ ប៉ុល​បាន​ជំរុញ​ចិត្ត​ធីម៉ូថេ​ឲ្យ​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​គោលលទ្ធិ​ពិត ។ លោក​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​នៃ​ការសង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ធ្វើ​ឲ្យ​មាន​ការរស់ឡើងវិញ ជីវិត​អមត និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ធីម៉ូថេ ទី២ ២

ប៉ុល​ណែនាំ​ធីម៉ូថេ​ឲ្យ​តស៊ូ​ក្នុង​ការលំបាក​ដោយ​ចិត្ត​ស្មោះត្រង់

ដូច​មាន​កត់ត្រា​នៅ​ក្នុង ធីម៉ូថេ ទី២ ២:១–៩ ប៉ុល​បាន​លើក​ទឹកចិត្ត​ធីម៉ូថេ​ឲ្យ​ពឹងផ្អែក​ទៅ​លើ​ដំណឹងល្អ ហើយ​តស៊ូ​ក្នុង​ការលំបាក​គឺ​ដូចជា​ទាហាន​ម្នាក់​ដែរ ។ ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា លោក​បាន​ជួប​នឹង​ការសាកល្បង​ជា​ច្រើន​ក្នុង​ការធ្វើ​ជា​សិស្ស​ម្នាក់​របស់​ព្រះគ្រីស្ទ ។

សូម​អាន ធីម៉ូថេ ទី២ ២:១០–១២ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​មូលហេតុ​ដែល​លោក​បាន​តស៊ូ​ក្នុង​ការលំបាក​ដូចនោះ ។ « ពួក​រើស​តាំង » ( ខទី ១០ ) សំដៅ​ទៅ​លើ​សមាជិក​ស្មោះត្រង់​ក្នុង​សាសនាចក្រ ( សូម​មើល គ. និង ស. ២៩:៧ ) រីឯ​ពាក្យ ទ្រាំទ្រ នៅ​ក្នុង ខទី ១២ សំដៅ​ទៅ​លើ​ការកាន់ខ្ជាប់ និង​ការបន្ត​មាន​ភាពខ្ជាប់ខ្ជួន ( សូម​មើល ធីម៉ូថេ ទី២ ២:១២  ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ នៅ​ពេល​យើង​តស៊ូ​ក្នុង​ការលំបាក ហើយ​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ នោះ​យើង​អាច​ជួយ​ខ្លួន​យើង ព្រមទាំង​មនុស្ស​ដទៃ​ឲ្យ​ទទួល​បាន​សេចក្ដីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​យើង​អាច​ជួយ​មនុស្សដទៃ​ឲ្យ​ទទួល​បាន​សេចក្ដីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការតស៊ូ​យ៉ាង​ស្មោះត្រង់​ក្នុង​ការសាកល្បង​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង ធីម៉ូថេ ទី២ ២:១៣–១៩ ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ​ឲ្យ​រំឭក​ពួក​បរិសុទ្ធ​ឲ្យ​ចៀសវាង​ពី​ការល្បួង ហើយ « ថយ​ចេញ​ពី​សេចក្តី​ទុច្ចរិត » ( ខទី ១៩ ) ។ សូម​គិត​ដល់​ការគូសចំណាំ​ប្រយោគ​ចុងក្រោយ​បង្អង់​នៅ​ក្នុង ធីម៉ូថេ ទី២ ២:១៩ ។

រូបភាព
goblets, barrels

ដើម្បី​ជួយ​ធីម៉ូថេ​យល់​អំពី​សេចក្ដីត្រូវការ​របស់​ពួក​បរិសុទ្ធ​ឲ្យ​ប្រែចិត្ត នោះ​ប៉ុល​បាន​ប្រើ​គ្រឿង​ប្រដាប់ ឬ​ភាជន៍​ជា​ច្រើន​ប្រភេទ ដើម្បី​ជា​ពាក្យ​ប្រៀបធៀប​អំពី​សមាជិក​គ្រួសារ ឬ​សាសនាចក្រ និង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន ធីម៉ូថេ ទី២ ២:២០ ដោយ​ស្វែងរក​ប្រភេទ​គ្រឿង​ប្រដាប់ (ភាជន៍) ដែល​មាន « នៅ​ក្នុង​ផ្ទះ​ធំ » ។ ឃ្លា « ខ្លះ​សំរាប់​ការប្រសើរ ខ្លះ​សំរាប់​ការអាប់ឱន » ណែនាំ​ថា សមាជិក​ខ្លះ​ក្នុង​សាសនាចក្រ​មាន​ភាពសក្ដិសម ហើយ​បាន​ថ្វាយ​ខ្លួន​របស់​ពួកគេ​ទៅ​ក្នុង​គោលបំណង​ដ៏​មុតមាំ ប៉ុន្តែ​សមាជិក​ខ្លះ​ទៀត​មិន​ធ្វើ​ដូច្នោះ​ឡើយ ។

សូម​អាន ធីម៉ូថេ ទី២ ២:២១ ដោយ​ស្វែងរក​អ្វី​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ជា « ប្រដាប់​សម្រាប់​ការប្រសើរ … មាន​ប្រយោជន៍​ដល់​ម្ចាស់ » ។ ឃ្លា « បាន​សំអាត​ខ្លួន ពី​សេចក្តី​ទាំងនោះ » សំដៅ​ទៅ​លើ​ការបាន​ស្អាត​ពី​សេចក្ដីទុច្ចរិត​ទាំងស្រុង ( សូម​មើល ធីម៉ូថេ ទី២ ២:២១ ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ពាក្យប្រដូច​របស់​ប៉ុល​គឺ ប្រសិនបើ​យើង​សម្អាត​ខ្លួន​យើង​ពី​សេចក្ដីទុច្ចរិត នោះ​យើង​អាច​បម្រើ​ព្រះអម្ចាស់​កាន់តែ​ប្រសើរ​ជាង​មុន ។

តើ​យើង​អាច​ធ្វើ​ដូចម្ដេច​ដើម្បី​សម្អាត​ខ្លួន​យើង​ពី​សេចក្ដីទុច្ចរិត ?

សូម​អាន ធីម៉ូថេ ទី២ ២:២២ ដោយ​ស្វែងរក​កិច្ចការ​មួយ​ចំនួន​ដែល​ប៉ុល​បាន​សរសេរ ដែល​យើង​អាច​ធ្វើ​ដើម្បី​សម្អាត​ខ្លួន​យើង​ចេញ​ពី​សេចក្ដីទុច្ចរិត ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​គោលការណ៍​នេះ​អនុវត្ត​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ព្រះអម្ចាស់​បាន​គូស​បន្ទាត់​ភាពសក្ដិសម​សម្រាប់​អ្នកទាំងឡាយ​ដែល​ត្រូវបាន​ហៅ​ឲ្យ​ធ្វើការ​ជាមួយ​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ គ្មាន​អ្នក​ផ្សព្វផ្សាយសាសនា​ណា អាច​មិន​ប្រែចិត្ត​ពី​អំពើ​រំលង​ខាង​ផ្លូវភេទ ឬ​ភាសា​អាសគ្រាម ឬ​បណ្ដោយ​ខ្លួន​តាម​ភាពអាសគ្រាម ហើយ​មក​រំពឹង​ឲ្យ​អ្នកដទៃ​ប្រែចិត្ត​ពី​រឿង​ទាំងអស់​នេះ​នោះ​ទេ ! អ្នក​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ ។ ព្រះវិញ្ញាណ​នឹង​ពុំ​គង់​នៅ​ជាមួយ​អ្នក​ឡើយ ហើយ​ពាក្យ​ទាំងឡាយ​នឹង​ត្រូវ​ស្លាក់​នៅ​ក្នុង​បំពង់ក​អ្នក ពេល​អ្នក​ថ្លែង​វា​ចេញ​មក ។ អ្នក​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​លីហៃ​បាន​ហៅ​ថា​ជា ‹ ផ្លូវ​ហាមឃាត់​ទាំងឡាយ › [ នីហ្វៃទី១ ៨:២៨ ] ហើយ​រំពឹង​ថា​នឹង​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ដើរតាម​ផ្លូវ ‹ តូច ហើយ​ចង្អៀត › [ នីហ្វៃទី២ ៣១:១៨ ] បាន​នោះ​ទេ—វា​ពុំ​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ ។

« ប៉ុន្តែ​មាន​ចម្លើយ​មួយ​ចំពោះ​បញ្ហា​នេះ​ដែល​អ្នក​ប្រឈម​គ្រប់​ជំហាន ដូចជា​មាន​ចំពោះ​សាសនាគន់ការី​ដែល​អ្នក​នឹង​បង្រៀន​ដែរ ។ មិនថា​អ្នក​ជា​នរណា ឬ​អ្នក​បាន​ធ្វើ​អ្វី​នោះ​ទេ អ្នក​អាច​ត្រូវ​បាន​អភ័យទោស​ឲ្យ ។ អ្នក​ទាំងអស់​គ្នា … អាច​ទុក​ចោល​អំពើ​រំលង​សព្វបែប​យ៉ាង ដែល​អ្នក​អាច​នឹង​មាន​បញ្ហា ។ វា​គឺ​ជា​អព្ភូតហេតុ​នៃ​ការអភ័យទោស វា​គឺជា​អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​អ្នក​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​ការតាំងចិត្ត​ដ៏​សកម្ម​មួយ​ចំពោះ​ដំណឹងល្អ​នោះ​ទេ ហើយ​អ្នក​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​គ្មាន​ការប្រែចិត្ត ពេល​ដែល​វា​ចាំបាច់​តម្រូវ​ឲ្យ​មាន​នោះ​ឡើយ ។ ខ្ញុំ​សុំ​ឲ្យ​អ្នក… សកម្ម ហើយ​ស្អាតស្អំ ។ ប្រសិនបើ​វា​តម្រូវ ខ្ញុំ​សុំ​ឲ្យ​អ្នក បាន សកម្ម ហើយ បាន​ ស្អាតស្អំ » ( « We Are All Enlisted » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤៥ ) ។

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​វា​ចាំបាច់​ដើម្បី​បាន​ស្អាតស្អំ​ពី​អំពើបាប នៅ​ពេល​យើង​ផ្សាយ​ដំណឹងល្អ ។ សូម​ពិចារណា​អំពី​អំពើបាប​ដែល​អ្នក​អាច​ប្រែចិត្ត ដើម្បី​អ្នក​អាច​បម្រើ​ព្រះអម្ចាស់​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ។ សូម​ចងចាំ​ថា ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​អាច​ជា​ប្រភព​ជំនួយ​ដ៏​សំខាន់​មួយ ពេល​ដែល​អ្នក​អាច​ពុះពារ​ដើម្បី​បាន​ស្អាតស្អំ ហើយ​បរិសុទ្ធ ។

ធីម៉ូថេ ទី២ ៣

ប៉ុល​ពិពណ៌នា​អំពី​គ្រា​លំបាក​ណាស់​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់

តើ​អ្នក​ធ្លាប់​បារម្ភ​ថា អ្នក ឬ​អនាគត​កូនៗ​របស់​អ្នក​អាច​នឹង​មិន​អាច​ទប់ទល់​សេចក្ដីអាក្រក់​នៃ​លោកិយ​នៅ​ក្នុង​ជំនាន់​យើង​នេះ​បាន​ដែរ​ឬ​ទេ ?

សាវក​ប៉ុល​បាន​បង្រៀន​ធីម៉ូថេ​អំពី​របៀប​យក​ឈ្នះ​លើ​គ្រោះថ្នាក់​នៃ​លោកិយ ។ សូម​អាន ធីម៉ូថេទី ២ ៣:១–៥ ដោយ​ស្វែងរក​គ្រោះថ្នាក់​នានា​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ធីម៉ូថេ ព្រមទាំង​យើង​ទាំងអស់​គ្នា​នឹង​ជួប ឬ​ឃើញ​មាន​ក្នុង​ជីវិត​របស់​យើង ។ អ្នក​អាច​ចង់​ប្រើ​លេខយោង​ដើម្បី​ជួយ​អ្នក​យល់​ពាក្យ​ពិបាក​មួយ​ចំនួន ។

សូម​គិត​អំពី​គ្រា​ថ្មីៗ​នេះ ដែល​អ្នក​អាច​ប្រហែលជា​បាន​សង្កេត​ឃើញ​មាន​ឥរិយាបថ​គ្រោះថ្នាក់​ប្រភេទ​ទាំងនេះ ។

នៅ​ក្នុង ធីម៉ូថេ ទី២ ៣:៦–១៣ ប៉ុល​បាន​បន្ត​ពិពណ៌នា​អំពី​គ្រោះថ្នាក់​ទាំងនេះ ព្រមទាំង​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​នឹង​មាន​ស្ថានភាព​កាន់តែ​ពិបាក​ទៅៗ ។

សូម​កត់ចំណាំ​នៅ​ក្នុង ធីម៉ូថេ ទី២ ៣:៧ ថា ប៉ុល​បាន​លើក​ឡើង​អំពី​អ្នក​ទាំងឡាយ​ដែល « ពុំ​អាច​នឹង​ចេះ​ដល់​ថ្នាក់​នៃ​សេចក្តីពិត​ឡើយ » ។ តើ​មាន​ទស្សនវិជ្ជា ឬ​ការយល់ឃើញ​ណា​ខ្លះ​ដែល​លេច​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​មាន​សភាព​ផ្ទុយទៅនឹង​សេចក្ដីពិត​ដែល​ព្រះ​បាន​បើកសម្ដែង​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ?

បន្ទាប់​ពី​បាន​ពិពណ៌នា​អំពី​គ្រោះថ្នាក់​ទាំងនេះ​ហើយ ប៉ុល​បាន​ទូន្មាន​ធីម៉ូថេ—ព្រមទាំង​យើង​ទាំងអស់​គ្នា​ផង—អំពី​របៀប​យក​ឈ្នះ​លើ​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ទាំងនេះ ។

សូម​អាន ធីម៉ូថេ ទី២ ៣:១៤–១៧ ដោយ​ស្វែងរក​ដំបូន្មាន​របស់​ប៉ុល ។ ( សូម​កត់ចំណាំ​ថា ធីម៉ូថេ ទី២ ៣:១៥–១៧ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅតាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

សូម​គិត​អំពី​អត្ថន័យ​នៃ « ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ » ( ធីម៉ូថេ ទី២ ៣:១៤ ) ។

យើង​អាច​រៀន​គោលការណ៍​ទាំង​ពីរ​ខាង​ក្រោម​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ៖ ប្រសិនបើ​យើង​បន្ត​នៅ​ក្នុង​សេចក្ដីពិត​ដែល​យើង​បាន​រៀន​ចេញ​ពី​ប្រភព​ដែល​មាន​ទំនុកចិត្ត និង​នៅ​ក្នុង​ព្រះគម្ពីរ នោះ​យើង​អាច​យក​ឈ្នះ​លើ​គ្រោះថ្នាក់​ខាង​វិញ្ញាណ​នា​ថ្ងៃ​ចុង​ក្រោយ​បង្អស់​បាន ។ នៅ​ពេល​យើង​សិក្សា​បទគម្ពីរ យើង​អាច​រៀន​គោលលទ្ធិ ហើយ​ទទួលបាន​ការកែតម្រូវ ព្រមទាំង​សេចក្ដីណែនាំ​ដែល​នឹង​ជួយ​យើង​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ភាពគ្រប់លក្ខណ៍ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រា​មួយ​ដែល​បទគម្ពីរ​បាន​ជួយ​អ្នក​នៅ​តាម​របៀប​មួយ ឬ ច្រើន​ខាង​ក្រោម​នេះ ៖

    1. យល់​គោលលទ្ធិ​មួយ​នៃ​ដំណឹងល្អ

    2. ដោយ​ការបន្ទោស ឬ​ការកែតម្រូវ​លើ​អ្វី​មួយ នៅ​ក្នុង​ការគិត ជម្រើស ឬ​ឥរិយាបថ​របស់​អ្នក​ដែល​មិន​សមរម្យ

    3. ដោយ​ការផ្ដល់​ចម្លើយ​មួយ​ចំពោះ​ការអធិស្ឋាន ឬ​ការណែនាំ​អំពី​របៀប​ដែល​អ្នក​អាច​ដោះស្រាយ​បញ្ហា

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណានខគម្ពីរ—ធីម៉ូថេ ទី២ ៣:១៥-១៧

  1. សូម​ឆ្លៀត​ពេល​បន្តិច ហើយ​ទន្ទេញ ធីម៉ូថេ ទី២ ៣:១៦–១៧ ។ រួច​សរសេរ​ខគម្ពីរ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ខ្ញុំ​បាន​ទន្ទេញ​ចាំ ធីម៉ូថេ ទី២ ៣:១៦–១៧ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​នៅ​សប្ដាហ៍​នេះ នៅ​តាម​របៀប​មួយ​ដែល​នាំ​ឲ្យ​ការសន្យា​មក​ពី​ខគម្ពីរ​ទាំងនេះ​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ធីម៉ូថេ ទី២ ៤

ប៉ុល​ប្រកាស​ថា លោក​បាន​តយុទ្ធ​យ៉ាង​ល្អ ហើយ​លោក​ចាត់​ឲ្យ​ធីម៉ូថេ​បន្ត​ផ្សាយ​ដំណឹងល្អ

វា​ហាក់ដូចជា​ធីម៉ូថេ ទី២ គឺ​ជា​សំបុត្រ​ចុងក្រោយ​បង្អស់​ដែល​សាវក​ប៉ុល​បាន​សរសេរ​ពី​មុន​ការស្លាប់​របស់​លោក ។ សូម​អាន ធីម៉ូថេ ទី២ ៤:១–៥ ដោយ​ស្វែងរក​កិច្ចការ​ចំនួន​ពីរ ៖ (១) ដំបូន្មាន​របស់​ប៉ុល​ដល់​ធីម៉ូថេ និង (២) ការព្យាករ​របស់​ប៉ុល​អំពី​អនាគត​នៃ​សាសនាចក្រ​គ្រិស្តសាសនា​ពី​បុរាណ ។ សូម​ប្រើ​លេខយោង​ដើម្បី​ជួយ​អ្នក​យល់​អំពី​អ្វី​ដែល​អ្នក​អាន ។ ឃ្លា « ទោះ​ត្រូវ​ពេល ឬ​ខុស​ក្តី » នៅ​ក្នុង ខទី ២ មាន​ន័យ​ថា ត្រូវ​មាន​ភាពបន្ទាន់​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​បន្ទោស ឬ​កែតម្រូវ​អ្នក​ដែល​មិន​ធ្វើ​ដូចនោះ ( សូម​មើល ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ធីម៉ូថេ ទី២ ៤:២ [ នៅ​ក្នុង ធីម៉ូថេ ទី២ ៤:២  ] ) ។

សូម​សរសេរ​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ ៖

ដំបូន្មាន​របស់​ប៉ុល​ដល់​ធីម៉ូថេ

ការព្យាករ​របស់​ប៉ុល​អំពី​សាសនាចក្រ​គ្រិស្តសាសនា​ពី​បុរាណ

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ប៉ុល​លើក​ទឹកចិត្ត​ធីម៉ូថេ​ឲ្យ​បន្ត​ផ្សាយ​ដំណឹងល្អ ហើយ​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន​ទោះជា​លោក​បាន​ដឹង​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ងាក​ចេញ​ពី​សេចក្ដពិត​ហើយ​នោះ ?

សូម​អាន ធីម៉ូថេ ទី២ ៤:៦–៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​សរសេរ​អំពី​កិច្ចខិតខំ​របស់​លោក​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

សូម​កត់ចំណាំ​ថា សេចក្ដីយោង​ខាង​អត្តពលកម្ម​ដល់​ការតយុទ្ធ​យ៉ាង​ល្អ និង​ការទៅ​ដល់​ទិសដៅ​របស់​ប៉ុល ពិពណ៌នា​អំពី​របៀប​ដែល​លោក​បាន​បញ្ចប់​បេសកកម្ម​របស់​លោក​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ។ យោង​តាម ខទី ៨ តើ​ប៉ុល​បាន​ដឹង​ថា អ្វី​ដែល​រង់ចាំ​លោក​បន្ទាប់​ពី​លោក​បាន​ស្លាប់​ទៅ ?

យើង​អាច​រៀន​គោលការណ៍​ខាង​ក្រោម​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ៖ ប្រសិនបើ​យើង​បន្ត​មាន​ចិត្ត​ស្មោះត្រង់​នៅ​ក្នុង​គ្រប់​ការណ៍​ទាំងអស់​ដែល​ព្រះអម្ចាស់​ទ្រង់​តម្រូវ​ពី​យើង នោះ​យើង​នឹង​ទទួល​បាន​មកុដ​នៃ​សេចក្ដីសុចរិត ។ « មកុដ​នៃ​សេចក្តី​សុចរិត » រួម​មាន​ការក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​តម្រូវការ​នានា​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​ពួក​យុវវ័យ​ក្នុង​សាសនាចក្រ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​ពួកគេ ។ ( ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ សូម​មើល​នៅ​ក្នុង កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ) ។ បន្ទាប់​មក សូម​សរសេរ​ចម្លើយ​ដល់​សំណួរ​ខាង​ក្រោម​នេះ ៖

    1. ហេតុអ្វី​បាន​ជា​ពួក​យុវវ័យ​ជ្រើសរើស​ឈប់​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​តម្រូវការ​មួយ​ចំនួន​ទាំងនេះ ?

    2. តើ​អ្នក​ស្គាល់​នរណា​ដូចជា​ប៉ុល​ដែល​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ការបន្ត​មាន​ចិត្ត​ស្មោះត្រង់ ទោះជា​ពេល​មាន​ការលំបាក​យ៉ាង​ណា​ក្ដី​នោះ ? តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ ដែល​ធ្វើ​ជា​គំរូ​នៃ​គោលការណ៍​នេះ ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង ធីម៉ូថេ ទី២ ៤:៩–២២ ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​ពន្យល់​ថា ទោះជា​លោក​ធ្លាប់​មាន​អារម្មណ៍​ឯកោ​នៅ​ពេល​ខ្លះ​ក្នុង​កិច្ចការ​របស់​លោក​ក្ដី ក៏​លោក​បាន​ដឹង​ថា ព្រះអម្ចាស់​គង់​នៅ​ជាមួយ​លោក ហើយ​បាន​ពង្រឹង​លោក ។

សូម​ចងចាំ​ថា​ត្រូវ​បន្ត​មាន​ចិត្តស្មោះត្រង់​នៅ​ក្នុង​អ្វី​ដែល​ព្រះអម្ចាស់​ទ្រង់​តម្រូវ​ពី​អ្នក ។ អ្នក​អាច​សរសេរ​អំពី​អារម្មណ៍ ឬ​ការបំផុសគំនិត​ទាំងឡាយ​ណា​ដែល​មក​ពី​ព្រះវរបិតាសួគ៌ ដែល​អ្នក​អាច​មាន​អំឡុង​មេរៀន​នេះ ។ សូម​គិត​ដល់​ការដាក់​គោលដៅ​ដើម្បី​ធ្វើ​តាម​អារម្មណ៍​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ធីម៉ូថេ ទី២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖