បណ្ណាល័យ
សេចក្ដីណែនាំ​ស្តីពី​គម្ពីរ​ធីម៉ូថេ​ទី ២


សេចក្ដីណែនាំ​ស្តីពី គម្ពីរ​ធីម៉ូថេ​ទី ២

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ជា​សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ទៅ​កាន់​ធីម៉ូថេ ដែល​គូសបញ្ជាក់​អំពី​អំណាច​ដែល​មាន​មក​ពី​ការមាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ធីម៉ូថេ​ទី ២ ១:៧–៨ ) ។ សំបុត្រ​នេះ​មាន​នូវ​ការព្យាករ​អំពី « គ្រា​លំបាក​ណាស់ » ដែល​មាន​នៅ​ជំនាន់​របស់​ប៉ុល និង ធីម៉ូថេ ក៏​មាន​នៅ​ជំនាន់​ចុងក្រោយ​ដែរ ( សូម​មើល ធីម៉ូថេ​ទី ២ ៣:១–៧ ) ។ ដើម្បី​ជួយ​ធីម៉ូថេ​នៅ​ក្នុង​ឧបសគ្គ​ទាំងឡាយ​ដែល​គាត់​ជួប ប៉ុល​បាន​លើក​ទឹកចិត្ត​គាត់​ឲ្យ​ទុកចិត្ត​លើ​ព្រះគម្ពីរ និង លើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ( សូម​មើល ធីម៉ូថេ​ទី ២ ៣:១៤–១៧ ) ហើយ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​គោលលទ្ធិ​ដ៏​ពិត ( សូម​មើល ធីម៉ូថេ​ទី ២ ៤:២ ) ។ តាមរយៈ​ការសិក្សា​គម្ពីរ​នេះ អ្នក​នឹង​រៀន​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​រស់នៅ​ដោយ​ស្មោះត្រង់​នៅ​ពេល​អ្នក​ជួប​នឹង​គ្រា​លំបាក​ណាស់​នៅ​ថ្ងៃ​ចុងក្រោយ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​បាន​សរសេរ ធីម៉ូថេ​ទី ២ ( សូម​មើល ធីម៉ូថេ​ទី ២ ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

សំបុត្រ​ទី​ពីរ​របស់​ប៉ុល​ទៅ​កាន់​ធីម៉ូថេ​ប្រហែល​ជា​ត្រូវបាន​សរសេរ​រវាង​ឆ្នាំ ៦៤ និង ៦៥ នៃ គ.ស. ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​អំឡុង​ពេល​ការជាប់ឃុំ​លើក​ទី​ពីរ​របស់​លោក​នៅ​ក្រុង​រ៉ូម​នៅ​មិន​យូរ​ប៉ុន្មាន​ពីមុន​ទុក្ករកម្ម​របស់​លោក ( សូម​មើល Bible Dictionary « Pauline Epistles » ) ។

អំឡុងពេល​ការជាប់ឃុំ​របស់​លោក ប៉ុល​បាន​ជាប់​ចំណង ( សូម​មើល ធីម៉ូថេ​ទី ២ ១:១៦; ២:៩ ) លោក​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​គុកតូច ឬ គុក​ងងឹត ហើយ​រង​នឹង​អាកាសធាតុ​ត្រជាក់ ( សូម​មើល ធីម៉ូថេទី ២ ៤:១៣, ២១ ) ចំណែក​ឯ​មិត្តភក្ដិ​របស់​លោក​បាន​ខ្នះខ្នែង​រក​លោក ( សូម​មើល ធីម៉ូថេ​ទី ២ ១:១៧ ) ។ លូកា​ទំនង​ជា​អ្នក​មក​សួរសុខទុក្ខ​តែ​ម្នាក់​គត់ ដែល​មក​សួរ​សុខទុក្ខ​លោក​ជា​ប្រចាំ ( សូម​មើល ធីម៉ូថេ​ទី ២ ៤:១១ ) ហើយ​ប៉ុល​បាន​ដឹង​ថា ជីវិត​របស់​លោក​កំពុង​តែ​ឈាន​ដល់​ទីបញ្ចប់ ( សូម​មើល ធីម៉ូថេ​ទី ២ ៤:៦–៨ ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

នៅ​ក្នុង​សំបុត្រ​មួយ​ច្បាប់​នេះ ប៉ុល​បាន​លើក​ទឹកចិត្ត​ធីម៉ូថេ ហើយ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដើម្បី​ជួយ​គាត់​បន្ត​ទៅ​មុខ​ទៀត បន្ទាប់​ពី​ការស្លាប់​របស់​ប៉ុល​ដែល​ហៀប​នឹង​មក​ដល់​នោះ ។ ប៉ុល​បាន​ដឹង​ថា គាត់​មាន​ពេល​តិចតួច​ណាស់ ហើយ​លោក​ចង់​ជួប​ធីម៉ូថេ ដែល​លោក​បាន​ហៅ​ថា​ជា « កូន​ស្ងួនភ្ងា » ( ធីម៉ូថេ​ទី ២ ១:២ ) ។

នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​របស់​លោក ប៉ុល​បាន​ស្នើ​ឲ្យ​ធីម៉ូថេ និង ម៉ាកុស​មក​ជួប​លោក ហើយ​នាំ​យក​របស់​មួយ​ចំនួន​ដែល​លោក​បាន​ផ្ញើ​ទុកមក ( សូម​មើល ធីម៉ូថេ​ទី ២ ៤:៩–១៣ ) ។ ទោះជា​សំបុត្រ​របស់​ប៉ុល​ថ្លែង​ជា​ពិសេស​ទៅ​កាន់​ធីម៉ូថេ​ក្ដី ក៏​ដំបូន្មាន​ក្នុង​សំបុត្រ​នេះ​អាច​អនុវត្ត​ចំពោះ​អ្នក​ដែល​រស់នៅ « ជាន់​ក្រោយ​បង្អស់ » ដែរ ( ធីម៉ូថេ​ទី ២ ៣:១ ) ព្រោះ​ប៉ុល​បាន​បង្រៀន​អំពី​ឧបសគ្គ និង ដំណោះស្រាយ​នានា ដែល​ទាក់ទង​នឹង​ជំនាន់​របស់​យើង​នេះ​ក៏​ដូចជា​ជំនាន់​របស់​លោក​ដែរ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

សំបុត្រ​នេះ​គឺ​ជា​សំបុត្រ​សម្រាប់​គ្រូគង្វាល ព្រមជាមួយ​ធីម៉ូថេទី១ និង ទីតុស ហើយ « មាន​សរសេរ​ពាក្យពេចន៍​ចុងក្រោយ​របស់​សាវក ថែមទាំង​បង្ហាញ​ភាពក្លាហាន និង ការទុកចិត្ត​ដ៏​អស្ចារ្យ​នៅ​ពេល​លោក​ត្រូវ​ប្រឈម​មុខ​នឹង​សេចក្ដីស្លាប់ » ( សូម​មើល Bible Dictionary « Pauline Epistles » ) ។ តាម​លំដាប់កាល ធីម៉ូថេ​ទី ២ គឺ​ជា​សំបុត្រ​ច្បាប់​ចុងក្រោយ​របស់​ប៉ុល​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ( សូម​មើល ធីម៉ូថេ​ទី ២ ៤:៦ ) ។

សំបុត្រ​មួយ​ច្បាប់​នេះ​មាន​ការត្រិះរិះ​ពិចារណា​មួយ​ចំនួន​របស់​ប៉ុល​ទៅ​លើ​ពរជ័យ និង ទុក្ខលំបាក​ក្នុង​ការបម្រើ​ជា « អ្នក​ប្រកាស​ប្រាប់​ដំណឹងល្អ និង​ជា​សាវក ហើយ​ជា​គ្រូ​បង្រៀន​ដល់​សាសន៍​ដទៃ » ( ធីម៉ូថេ​ទី ២ ១:១១ ) ។ ប៉ុល​បាន​ប្រកាស​ថា « ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ៖ ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បម្រុងទុក​ឲ្យ​ខ្ញុំ » ( ធីម៉ូថេ​ទី ២ ៤:៧–៨ ) បង្ហាញ​ថា លោក​មាន​ទំនុកចិត្ត​ផ្ទាល់ខ្លួន​ថា លោក​នឹង​គ្រង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ក្នុង​នាម​ជា​បុគ្គល​មួយ​រូប​ដែល​បាន​បម្រើ​ព្រះយេស៊ូវគ្រីស្ទ​ជាង ៣០ ឆ្នាំ នោះ​ប៉ុល​មាន​គោលជំហរ​យ៉ាង​រឹងមាំ ដើម្បី​ណែនាំ​ធីម៉ូថេ​អំពី​របៀប​បម្រើ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការពង្រឹង​សេចក្ដីជំនឿ​របស់​មនុស្ស​ដទៃ ( សូម​មើល ធីម៉ូថេទី ២ ២:១៥–១៧, ២២–២៦; ៤:១–២, ៥ ) ។

គម្រោង​មេរៀន

ធីម៉ូថេ ទី២ ១ ។ ប៉ុល​បាន​ថ្លែង​អំពី​អំណោយទាន និង ព្រះចេស្ដា​នៃ​ព្រះ ដែល​ទទួល​បាន​តាមរយៈ​ការតែងតាំង​បព្វជិតភាព ។ លោក​បង្រៀន​ថា « វិញ្ញាណ​ដែល​តែងតែ​ខ្លាច » ( ធីម៉ូថេ​ទី ២ ១:៧ ) ពុំ​មែន​មក​ពី​ព្រះ​នោះ​ទេ ហើយ​យើង​មិន​គួរ​អៀនខ្មាស​ចំពោះ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ប៉ុល​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​ប្រកាស​ដំណឹងល្អ ( សូម​មើល ធីម៉ូថេទី ២ ១:១១ ) ។

ធីម៉ូថេទី ២ ២ ។ ប៉ុល​បាន​ប្រើ​ការប្រៀបធៀប​អំពី​ទាហាន​ល្អ​ម្នាក់ កីឡាករ​ដ៏​ជោគជ័យ និង​អ្នក​ធ្វើ​ស្រែ​ដ៏​ឧស្សាហ៍ ដើម្បី​បង្ហាញ​អំពី​តម្រូវការ​កាន់ខ្ជាប់​នៅ​ក្នុង​ភាពលំបាក​ដើម្បី​ទទួលបាន​សិរីរុងរឿង​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ លោក​បែងចែក​ភាពខុសគ្នា​រវាង​គ្រូ​បង្រៀន​ពិត និង ក្លែងក្លាយ គ្រឿង​ប្រដាប់​ប្រសើរ និង អាប់ឱន ។ លោក​ព្រមាន​ធីម៉ូថេ​ឲ្យ​ចៀសវាង​ពី​ការជជែក​ឈ្នះ​ចាញ់ ហើយ​ត្រូវ​បង្រៀន​ដោយ​ចិត្ត​អត់ធ្មត់​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវ​ប្រែចិត្ត ។

ធីម៉ូថេ​ទី ២ ៣–៤ ។ ប៉ុល​ពិពណ៌នា​អំពី​ស្ថានភាព​អាក្រក់​នៅ​ថ្ងៃ​ចុងក្រោយ ហើយ​លើក​ទឹកចិត្ត​ធីម៉ូថេ​ឲ្យ​ប្រើប្រាស់​ព្រះគម្ពីរ​នៅ​ក្នុង​តួនាទី​របស់​លោក​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព ។ លោក​សរសេរ​អំពី​សេចក្ដីស្លាប់​ដែល​ហៀប​នឹង​មក​ដល់ ហើយ​ប្រកាស​ថា « ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ » ( ធីម៉ូថេទី ២ ៤:៧ ) ។ ប៉ុល​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ប្រោស​លោក​ទុក​សម្រាប់ « នគរ​ទ្រង់​នៅ​ស្ថានសួគ៌ » ( ធីម៉ូថេ​ទី ២ ៤:១៨ ) ។