បណ្ណាល័យ
មេរៀន​ទី ៣០ ថ្ងៃទី ៣ ៖ យ៉ូហានទី ២-យ៉ូហានទី ៣


មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ៣

យ៉ូហានទី ២យ៉ូហានទី ៣

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ​អំពី​មនុស្ស​ដែល​បោកបញ្ឆោត និង បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​បាន​ប្រសូត​មក​ក្នុង​រូបកាយ​ជា​សាច់​ឈាម​ទេ ។ លោក​ក៏​បាន​សរសើរ​ដល់ កៃយុស ជា​សមាជិក​សាសនាចក្រ​ម្នាក់​ចំពោះ​ភាពស្មោះត្រង់​របស់​គាត់ ។

យ៉ូហាន ទី ២

យ៉ូហាន​ព្រមាន​អំពី​មនុស្ស​ដែល​បង្រៀន​គោលលទ្ធិ​ក្លែងក្លាយ

សូម​គិត​ពី​អត្តពលករ​ដ៏​ល្បីល្បាញ​ម្នាក់ ។ តើ​អត្តពលករ​រូប​នោះ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​មាន​សុខភាព​ល្អ​ដើម្បី​រត់​បាន​ល្អ ?

រូបភាព
បាល់ទាត់ និង កីឡាករ

តើ​មាន​ហេតុការណ៍​អ្វី​អាច​កើត​មាន​ឡើង ប្រសិនបើ​អត្តពលករ​នោះ ឈប់​ហាត់​ប្រាណ ហើយ​ចាប់ផ្តើម​បរិភោគ​អាហារ​ដែល​បំផ្លាញ​សុខភាព មើល​ទូរទស្សន៍​ច្រើន លេង​វីដេអូ​ហ្គេម ហើយ​ប្រើ​សារធាតុ​នានា​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​រាងកាយ បន្ទាប់​ពី​បាន​ព្យាយាម​ដើម្បី​បាន​រូបរាង​ល្អ​នោះ ?

សូម​ពិចារណា​អំពី​របៀប​ដែល​កិច្ចការ​របស់​អត្តពលករ​ដ៏​មាន​ជោគជ័យ​នោះ​ត្រូវតែ​ធ្វើ ដើម្បី​រក្សា​លក្ខខណ្ឌ​រូបកាយ​របស់​ពួកគេ​ឲ្យ​បាន​ល្អ​បំផុត ដែល​អាច​ប្រៀបធៀប​ទៅ​នឹង​កិច្ចការ​ដែល​សមាជិក​សាសនាចក្រ​ត្រូវតែ​ធ្វើ ដើម្បី​រក្សា​ទុក​នូវ​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ដំណឹង​ល្អ ។ នៅពេល​អ្នក​សិក្សា យ៉ូហានទី ២ សូម​រកមើល​គោលការណ៍​មួយ ដែល​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ទុក​នូវ​ពរជ័យ​នានា ដែល​អ្នក​បាន​ទទួល​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ។

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ូហានទី ២ ១:១–៤ សាវក​យ៉ូហាន បាន​ចាប់ផ្តើម​សរសេរ​សំបុត្រ​នេះ ដោយ​ថ្លែង​ថា « លោក​ស្រីរើស​តាំង និង​កូន​ចៅ​របស់​លោក​ស្រី » ដែល​អាច​ជា​ការថ្លែង​ផ្ទាល់​ទៅកាន់​ស្ត្រី​នានា​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ និង កូនៗ​របស់​ពួកគេ ឬ ភាសា​និមិត្តរូប​ដែល​ពិពណ៌នា​អំពី​ក្រុម​ជំនុំ​សាសនាចក្រ​មួយ ។

សូម​អាន យ៉ូហានទី ២ ១:៥-៦ ដោយ​រកមើល​បទបញ្ញត្តិ​ដែល​យ៉ូហាន​បាន​រំឭក​ពួកបរិសុទ្ធ ។

សូម​អាន យ៉ូហានទី ២ ១:៧ ដោយ​រក​មើល​មូលហេតុ​ដែល​យ៉ូហាន​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ « ប្រព្រឹត្ត​តាម » ( យ៉ូហានទី ២ ១:៦ ) ឬ គោរព​ព្រះបញ្ញត្តិ​របស់​ព្រះ ។

តើ​ពួក​អ្នក​បោក​បញ្ឆោត និង ពួក​ទទឹង​នឹង​ព្រះគ្រីស្ទ​កំពុង​បង្រៀន​អ្វី​ខ្លះ ?

នៅពេល​សាវក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​នេះ នោះមាន​ទស្សនៈ​មួយ​ដែល​គេ​ស្គាល់​ថា​ជាលទ្ធិ​ព្រះ​អរូប​កំពុង​មាន​ប្រជាប្រិយភាព ។ ពួក​អ្នក​ជឿលទ្ធិ​ព្រះ​អរូប បាន​ជឿ​ថា​ព្រះ​មាន​ភាពតម្កើង​ឡើង ដែល​ទ្រង់​គង់​នៅលើ​អស់​ទាំង​ការឈឺចាប់ សេចក្តីស្លាប់ ឬ បទពិសោធន៍​ផ្សេង​ទៀត​នៃ​ជីវិត​រមែង​ស្លាប់ ។ ហេតុដូច្នោះហើយ ពួកគេ​បាន​សន្និដ្ឋាន​ថា ព្រះយេស៊ូវគ្រីស្ទ​ក្នុងនាម​ជា​ព្រះរាជបុត្រ​នៃ​ព្រះ ពុំ​បាន​ប្រសូត​មក​ទទួល​សាច់ និង ឈាម​ឡើយ ប៉ុន្តែ​មាន​តែ​វិញ្ញាណ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ​ដែល ហាក់​បីដូច​ជា​ ( ជា​អត្ថន័យ​មួយ​មក​ពី​ភាសា​ក្រិក​អំពី​ពាក្យ លទ្ធិ​ព្រះ​អរូប បាន​ពន្យល់ ) ធ្វើ​នូវ​កិច្ចការ​នានា ដែល​ជីវិត​រមែង​ស្លាប់​នេះ​នឹង​ធ្វើ ឬ ជួប​បទពិសោធន៍ ។

តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​អំពី​ការបង្រៀន​ខុសឆ្គង​នៅ​ជំនាន់​យើង​នេះ ដែល​ផ្ទុយ​នឹង​សេចក្តីពិត​នានា​នៃ​ដំណឹង​ល្អ​នោះ ?

ហេតុអ្វី​ការបង្រៀន​ទាំង​នេះ​វា​មាន​គ្រោះថ្នាក់​ដល់​ខាង​វិញ្ញាណ ?

សូម​អាន យ៉ូហានទី ២ ១:៨ ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន​បាន​ទូន្មាន​សមាជិក​សាសនាចក្រ ឲ្យ​ធ្វើ​ដោយសារ​ការបង្រៀន​ខុស​ឆ្គង​ទាំង​នេះ ។ « ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន » មាន​ន័យ​ថា ប្រុងប្រយ័ត្ន ឬ យកចិត្ត​ទុកដាក់​កុំ​បណ្តោយ​ខ្លួន​នឹង​ការ​បង្រៀន​ខុស​ឆ្គង​នោះ ។ បាន​ធ្វើហើយ​នោះ មាន​ន័យ​ថា បាន​ធ្វើ​កិច្ចការ​ហើយ ( សូមមើល យ៉ូហានទី ២ ១:៨ ) ឬ ធ្វើ​កិច្ចការ​ឲ្យ ហើយ​បាន​ទទួល ។

គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី យ៉ូហានទី ២ ១:៦–៨ គឺ​ថា នៅពេល​យើង​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​មាន​ស្មារតី​ប្រុងប្រយ័ត្ន នោះ​យើង​អាច​បន្ត​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹង​ល្អ​ដែល​យើង​បាន​ទទួល ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ពរជ័យ​ដំណឹង​ល្អ​នានា ដែល​អ្នក​បាន​ទទួល និង សង្ឃឹម​ថា​ទទួល​បាន ។

    2. ហេតុអ្វី​យើង​ត្រូវតែ​បន្ត​រក្សា​បញ្ញត្តិ​ព្រះ ហើយ​រស់នៅ​តាម​ដំណឹង​ល្អ ដើម្បី​ទទួល​បាន ហើយ​បន្ត​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹង​ល្អ​ដែល​យើង​បាន​ទទួល ?

សូម​អាន យ៉ូហានទី ២ ១:៩ ដោយ​រក​មើល​អ្វី​ដែល​យ៉ូហាន​បាន​បង្រៀន​ថា កើត​ឡើង​ចំពោះ អស់​អ្នក​ដែល​រស់នៅ​តាម ឬ បន្ត​ធ្វើ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​គឺ​មាន​សេចក្តី​ជំនឿ ប្រែចិត្ត ជ្រមុជទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពី​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ( សូមមើល នីហ្វៃទី ២ ៣១:១៥–២១ ) ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី យ៉ូហានទី ២ ១:៩ គឺ​ថា ប្រសិនបើ​យើង​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ នោះ​យើង​នឹង​មាន​ព្រះវរបិតា និង ព្រះរាជបុត្រា​គង់​នៅ​ជាមួយ​យើង ។

របៀប​មួយ​ដែល​យើង​មាន​ព្រះវរបិតា និង ព្រះរាជបុត្រា គង់​នៅ​ជាមួយ​យើង​នោះ​គឺ​តាមរយៈ​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​ពិចារណា​អំពី​សេចក្ដី​ពិត​ពីរ​ដែល​មាន​នៅ​ក្នុង​មេរៀន​នេះ ។ តើ​កិច្ចខិតខំ​របស់​អ្នក​ក្នុង​ការ​រក្សា​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​មាន​ការប្រុងប្រយ័ត្ន ហើយ​រស់នៅ​តាម​ដំណឹង​ល្អ​ដល់​កម្រិត​ណា​ហើយ ? តើ​ពរជ័យ​ដំណឹង​ល្អ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​រីករាយ​ក្នុង​ពេល​នេះ និង​នា​ពេល​អនាគត​នោះ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​កាន់តែ​ស្មោះត្រង់​ក្នុង​ការ​រក្សា​ព្រះ​បញ្ញត្តិ ហើយ​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ?

ដូច​មាន​កត់ត្រា​នៅក្នុង យ៉ូហានទី ២ ១:១០–១៣ យ៉ូហាន​បាន​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​ចៀសវាង​ពី​មនុស្ស​ដែល​ផ្សាយ​គោលលទ្ធិ​ខុសឆ្គង ។ លោក​ក៏​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​លោក ដើម្បី​ទៅ​ជួប​ពួកបរិសុទ្ធ​ដែល​លោក​សរសេរ​សំបុត្រ​ទៅ​នោះ​ដោយ​ផ្ទាល់​ផងដែរ ។

យ៉ូហាន​ទី ៣

យ៉ូហាន​សរសើរ​ដល់ កៃយុស​ចំពោះ​ភាពស្មោះត្រង់​របស់​គាត់

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ផ្ទៃ​ទឹក​ខាង​លើ នៅពេល​មាន​អ្វី​មួយ​ប៉ះ​វា​នោះ ? តើ​វា​អាច​ទៅ​រួច​ទេ ប្រសិនបើ​ប៉ះ​ទឹក​នោះ​ហើយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​សោះ​នោះ ? តើ​ការ​ប៉ះ​ផ្ទៃ​ទឹក​ខាង​លើ ដូច​គ្នា​ទៅនឹង​ការរស់នៅ​តាម​ដំណឹង​ល្អ​យ៉ាង​ដូចម្តេច ?

រូបភាព
ទឹក​រលក​អង្កាញ់ៗ

នៅក្នុង​យ៉ូហាន​ទី ៣ សាវក​យ៉ូហាន​បាន​ថ្លែង​ពី​សមាជិក​ស្មោះត្រង់​ម្នាក់​នៃ​សាសនាចក្រ​ឈ្មោះ​ថា កៃយុស ។ សូម​អាន យ៉ូហានទី ៣ ១:១-៤ ដោយ​រកមើល​របៀប​ដែល​យ៉ូហាន​បាន​ទទួល​ឥទ្ធិពល ដោយសារ​តែ​ភាពស្មោះត្រង់​របស់​កៃយុស​ក្នុង​ការរស់នៅ​តាម​ដំណឹង​ល្អ ។ ពាក្យ ពួកកូន នៅក្នុង ខ​ទី ៤ អាច​សំដៅ​លើ​សមាជិក​សាសនាចក្រ ដែល​យ៉ូហាន​បាន​ជួយ​ឲ្យ​ប្រែចិត្ត​លើ​ដំណឹង​ល្អ ។

ផ្អែក​លើ​ភាពស្មោះត្រង់​របស់ កៃយុស ដែល​ជះឥទ្ធិពល​ដល់​យ៉ូហាន តើ​សេចក្តី​ពិត​អ្វី​ដែល​យើង​រកឃើញ​ពី យ៉ូហាន​ទី ៣ ១:១–៤ អំពី​របៀប​ដើម្បី​រស់នៅ​តាម​ដំណឹង​ល្អ អាច​ជះឥទ្ធិពល​ដល់​ខ្លួន​យើង និង អ្នក​ដទៃ ?

  1. សូម​គិត​អំពី​គ្រា​ដែល​អ្នក​មាន​អារម្មណ៍​អំណរ ដោយសារ​អ្នក​បាន​ឃើញ មនុស្ស​ម្នាក់​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ឬ នៅ​លើ​ក្រដាស​មួយ​សន្លឹក​ផ្សេង​ទៀត សូម​សរសេរ​សំបុត្រ​អរគុណ​ចំពោះ​បុគ្គល​នោះ សម្រាប់​កិច្ចខិតខំ​របស់​គាត់​ដើម្បី​រស់​នៅ​តាម​ដំណឹង​ល្អ ហើយ​ពន្យល់​ពី​របៀប​ដែល​សេចក្តីស្មោះត្រង់​របស់​គាត់​បាន​ជះឥទ្ធិពល​លើ​អ្នក ។ ប្រសិនបើ​អ្នក​សរសេរ​សំបុត្រ នៅលើ​ក្រដាស​មួយ​សន្លឹក​ផ្សេង នោះ​សូម​សរសរ​សំបុត្រ​សង្ខេប​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គិត​ពី​ការជូន​សំបុត្រ​នោះ​ទៅ​ដល់​បុគ្គល​ដែល​អ្នក​បាន​សរសេរ​សំបុត្រ​នោះ​ឲ្យ​គាត់ ។

សូម​គិត​ពី គ្រា មួយ​នៅពេល​អ្នក​បាន​ឮ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​អ្នក​មិន​ស្គាល់ និយាយ​នៅក្នុង​ការប្រជុំ​សាសនាចក្រ ឬ អំឡុង​ពេល​សន្និសីទ​ទូទៅ ។ នៅ​គ្រា​ដែល​ត្រូវបាន​ល្បួង យើង​អាច​ផ្ដល់​ការ​គិតគូរ ឬ​ការគោរព​តិចតួច​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ គ្រូបង្រៀន​មួយ​ចំនួន ប្រសិនបើ​យើង​ពុំ​ស្គាល់​ពួកគាត់ ។

សូម​អាន យ៉ូហានទី ៣ ១:៥-៨ ដោយ​រកមើល​អ្វី​ដែល​កៃយុស​កំពុង​ធ្វើ​ដែល​ធ្វើ​ឲ្យ​យ៉ូហាន​ពេញ​ចិត្ត ។ ពាក្យ ពួក​បង​ប្អូន និង​ពួក​ដទៃ នៅក្នុង ខ​ទី ៥ សំដៅ​លើ​គ្រូបង្រៀន ឬ អ្នកផ្សព្វផ្សាយ​សាសនា​ដែល​កៃយុស​ពុំ​បាន​ស្គាល់​មុខ ។

យ៉ូហាន​ក៏​បាន​សរសេរ​អំពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ឈ្មោះ ឌីអូត្រេព ដែល​យ៉ូហាន​ពុំ​ពេញ​ចិត្ត ។ សូម​អាន យ៉ូហានទី ៣ ១:៩-១០ ដោយ​រកមើល​មូលហេតុ​ដែល​យ៉ូហាន​មិន​ពេញ​ចិត្ត​នឹង​គាត់ ។

ឌីអូត្រេព​បាន​ប្រែ​ជា​បះបោរ ហើយ​បាន​ប្រព្រឹត្ត​ការក្បត់សាសនា​ផ្ទាល់​ខ្លួន ។ សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​គំរូ​ល្អ​របស់​កៃយុស និង គំរូ​មិន​ល្អ​របស់​ឌីអូត្រេព​គឺ​ដូចតទៅ​នេះ ៖ សមាជិក​សាសនាចក្រ​គួរតែ​ទទួល ហើយ​គាំទ្រ​ដល់​អ្នក​បម្រើ​ទាំងអស់​របស់​ព្រះអម្ចាស់ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​មួយ​ចំនួន​ដែល​យើង​អាច « ទំនុកបម្រុង » (យ៉ូហានទី ៣ ១:៨) អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

សូម​រក​មើល​ឱកាស ដើម្បី​អនុវត្ត​សេចក្តីពិត​មុនៗ តាមរយៈ​ការទទួល និង គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន និង ទូទៅ​នៃ​សាសនាចក្រ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហានទី ២–យ៉ូហានទី ៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖