បណ្ណាល័យ
មេរៀន​ទី ១៧ ថ្ងៃទី ១ ៖ កិច្ចការ ១:១-៨


មេរៀន​ទី ១៧ ៖ ថ្ងៃទី ១

កិច្ចការ ១:១-៨

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​ដល់​ពួកសាវក​របស់​ទ្រង់​អស់​រយៈពេល ៤០​ថ្ងៃ បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ទ្រង់​បាន​រៀបចំ​ពួកគេ​ដើម្បី​ឲ្យ​ធ្វើ​ជា​សាក្សី​អំពី​ទ្រង់​ទូទាំង​ផែនដី ។

កិច្ចការ ១:១-៨

ព្រះយេស៊ូវគ្រីស្ទ​បម្រើ​ដល់​ពួកសាវក​របស់​ទ្រង់​អស់​រយៈពេល ៤០​ថ្ងៃ

សូម​ស្រមៃ​គិត​ពី​មិត្ត​ម្នាក់​ដែល​មាន​ជំនឿ​ផ្សេង បាន​មក​ជួប​អ្នក​ដោយ​មាន​បំណង​ចង់​ដឹង​បន្ថែម​អំពី​សាសនាចក្រ​របស់​អ្នក ហើយ​សួរថា « តើ​នរណា​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​របស់ឯង ? » តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូចម្ដេច ?

នៅពេល​អ្នក​សិក្សា កិច្ចការ ១:១-៨ សូម​រកមើល​សេចក្តីពិត​នានា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​សំណួរ​នោះ ហើយ​យល់​ថា​ពួកសាវក​ដែល​ដឹកនាំ​សាសនាចក្រ​ពី​បុរាណ​គឺ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​កាតព្វកិច្ច​ដើម្បី​ចែកចាយ​ទីបន្ទាល់​នោះ​ទូទាំង​ពិភពលោក ។ ពួក​សាវក​ដែល​ដឹកនាំ​សាសនាចក្រ​សព្វថ្ងៃ​នេះ​មាន​នូវ​ពរជ័យ និង ទំនួលខុសត្រូវ​ដូចគ្នា​នោះ​ផងដែរ ។

សូម​បើក​ទៅ​គម្ពីរ​កិច្ចការ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ហើយ​រក​មើល​ចំណង​ជើង​ពេញ​នៃ​ឈ្មោះ​សៀវភៅ​នេះ ។

គម្ពីរ​កិច្ចការ​គឺ​ជា​ដំណើរ​ផ្លាស់ប្ដូរ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ដំណឹង​ល្អ​របស់​ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ផ្តល់​នូវ​ដំណើរ​រឿង​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែងស្លាប់ និង ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ផ្ទុយ​ទៅវិញ​គម្ពីរ​កិច្ចការ​រៀបរាប់​ពី​ការងារ​បម្រើ​របស់​ពួក​សាវក​បន្ទាប់​ពី ការយាង​ទៅ​ឋាន​សួគ៌​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​អាន កិច្ចការ ១:១-២ ដោយ​រកមើល​ថា​នរណា​ដែល​សរសេរ​គម្ពីរ​នេះ ។

លូកា​គឺ​ជា​អ្នក​និពន្ធ​គម្ពីរ​កិច្ចការ​នេះ ហើយ​« រឿង​មួយ​ច្បាប់​មុន​នោះ » ដែល​និយាយ​នៅក្នុង ខ​ទី ១ គឺ​ជា​ដំណឹង​ល្អ​របស់​លូកា ដែល​បាន​សរសេរ​ឡើង​ទៅ​ដល់​បុគ្គល​ម្នាក់​មិន​ស្គាល់​ដែល​មាន​ឈ្មោះ​ថា ថេវភីល ។ គោលបំណង​ក្នុង​ការសរសេរ​របស់​លូកា​គឺ​ដើម្បី​ជួយ​ថេវភីល​ឲ្យ​ទទួល​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល លូកា ១:១–៤ ) ។

សូម​អាន កិច្ចការ ១:២ ដោយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

យោង​តាម ខ​ទី ២ តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាំង​ពី​ទ្រង់​សុគត​ដោយ​របៀប​ណា ?

យើង​រៀន​នៅក្នុង កិច្ចការ ១:២ ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ការបើក​សម្តែង ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​ពួក​សាវក​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​ក្នុង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្មរស់​ឡើង​វិញ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ចេញ​មក​ពី​ខគម្ពីរ​ទីមួយ​នៃ​គម្ពីរ​កិច្ចការ … មាន​ការប្រកាស​មួយ​ថា​សាសនាចក្រ​នឹង​បន្ត​ដឹកនាំ​ដោយ ព្រះ ពុំ​មែន​ដោយសារ​មនុស្ស​ឡើយ ។ … ពិតណាស់ ចំណង​ជើង​កាន់តែ​ពេញលេញ​សម្រាប់​គម្ពីរ​កិច្ចការ អាច​ដាក់​យ៉ាង​សមរម្យ​បែប​នេះ​ថា ‹ កិច្ចការ​របស់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ធ្វើ​ការ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត និង ការងារបម្រើ​នៃ​ពួកសាវក​ដែល​បាន​តែងតាំង › ។ …

« ការដឹកនាំ​នៃ​សាសនាចក្រ​គឺ​ដូច​គ្នា ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្តូរ​ទីតាំង ប៉ុន្តែ​ការដឹកនាំ និង ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​គឺ​នៅតែ​ដដែល​សុទ្ធសាធ » ( « Teaching, Preaching, Healing » Ensign ខែ មករា ឆ្នាំ ២០០៣ ទំព័រ ៣៧ ) ។

សូម​គិត​អំពី​មូលហេតុ​សំខាន់​ដែល​ត្រូវ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​សព្វថ្ងៃ​នេះ ?

  1. សូម​សញ្ជឹង​គិត​ពី​បទពិសោធន៍​នានា​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​សព្វថ្ងៃ​នេះ​តាមរយៈ​វិវរណៈ ។ សូម​សរសេរ​បទពិសោធន៍​របស់​អ្នក នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ពុំ​ធ្លាប់​មាន​បទពិសោធន៍​បែប​នេះ​ទេ សូម​ឲ្យ​សមាជិក​ស្មោះត្រង់​ម្នាក់​នៃ​សាសាចក្រ​ចែកចាយ​ជាមួយ​អ្នក នូវ​របៀប​ដែល​គាត់​ដឹង​ថា​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការសន្ទនា​របស់​អ្នក ។

ព្រះយេស៊ូវ​បាន​ចំណាយ​ពេល ៤០ ថ្ងៃ​ផ្តល់​ការ​ណែនាំ​ដោយ​ព្រះអង្គ​ទ្រង់​ផ្ទាល់ ដល់​ពួក​សាវក​ពីមុន​ទ្រង់​យាង​ទៅ​ឋានសួគ៌​វិញ ហើយ​ពួកសាវក​បាន​ចាប់ផ្តើម​ដឹកនាំ​សាសនាចក្រ​នៅលើ​ផែនដី​នេះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូមអាន កិច្ចការ ១:៣ ដោយ​រកមើល​អ្វី​ដែល​ពួក​សាវក​បាន​ជួប ហើយ​រៀន​អំឡុង​ពេល ៤០ ថ្ងៃ​នោះ ។

នៅក្នុង ខ​ទី ៣ពាក្យ រងទុក្ខ សំដៅ​លើ​ពលិកម្មធួន​របស់​ព្រះអង្គ​សង្គ្រោះ និង ការរងទុក្ខ​របស់​ទ្រង់  ។ ឃ្លា​ថា « ភស្តុតាង​ជា​ច្រើន » សំដៅ​លើ​ភស្តុងតាង​ដែល​មិន​គួរ​ឲ្យ​ជឿ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​មក​ថា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

សូម​អាន កិច្ចការ ១:៤–៥ ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បញ្ជា​ឲ្យ​ពួកសាវក​ធ្វើ ។ អ្នក​អាច​គូស​ចំណាំ​អ្វី​ដែល​អ្នក​រក​ឃើញ ។

ព្រះយេស៊ូវ​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួក​សាវក​ស្នាក់​នៅ​ក្រុង​យេរូសាឡិម រហូត​ដល់​ពួកគេ​ត្រូវបាន​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការណ៍​នេះ​គឺ​សំដៅ​ទៅលើ​ការទទួល​បាន​ភាពជាប់លាប់​ជានិច្ច​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​សាវក​ពុំ​ចាំបាច់​ត្រូវការ​ឡើយ កាល​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​ពួកគេ​នោះ ។

សូម​អាន កិច្ចការ ១:៨ ដោយ​រកមើល​អ្វី​ដែល​ពួក​សាវក​ត្រូវបាន​បង្គាប់​ឲ្យ​ធ្វើ បន្ទាប់​ពី​ពួកគេ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចេញ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង ខ​ទី ៨ យើង​រៀន​ថា ពួកសាវក​គឺ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ទូទាំង​ផែនដី​នេះ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​អំពី​ទំនួល​ខុសត្រូវ​នៃ​ពួក​សាវក​សព្វថ្ងៃ​នេះ ក្នុង​ការ​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ ៖ « នៅក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ព្រះអម្ចាស់​បាន​ហៅ​សាក្សី​ពិសេស ១៥ នាក់ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់​នៅ​ចំពោះ​មុខ​មនុស្ស​លោក​ទាំងអស់ ។ ការទទួលខុសត្រូវ​របស់​ពួកគេ​គឺ​ជា​ការហៅ​ពិសេសេ​មួយ ដ្បិត​ពួកគេ​គឺ​ជា​សាវក​ដ៏​ជម្រើស​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ទទួល​អំណាច​ពី​ទ្រង់ ។ ពួកគេ​ត្រូវបាន​បង្គាប់​ឲ្យ​ថ្លែង​សាក្សី​អំពី​ភាព​មាន​ព្រះជន្ម​ពិត​របស់​ទ្រង់ តាមរយៈ​ព្រះចេស្តា និង សិទ្ធិ​អំណាច​នៃ​សាវក​ដ៏​បរិសុទ្ធ​ដែល​ត្រូវបាន​ប្រទាន​ដល់​ពួកគេ » ( នៅក្នុង « Special Witnesses of Christ » Ensign ខែ មេសា ឆ្នាំ ២០០១ ទំព័រ ៤ ) ។

រូបភាព
ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់

សូម​អាន​ឯកសារ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ដែល​មាន​អម​មក​ជាមួយ​នៅក្នុង​មេរៀន​នេះ ។ សូម​គូស​ចំណាំ​ផ្នែក​នានា​នៃ​ទីបន្ទាល់​របស់​ពួក​សាវក ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ​អ្នក ។

វីដេអូ​នៃ​សមាជិក​ម្នាក់ៗ​ក្នុង​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ​មាន​នៅ « Special Witnesses of Christ » នៅ​គេហទំព័រ LDS.org ។ អ្នក​អាច​ជ្រើសរើស​ទស្សនា​ពីរ ឬ បី​វីដេអូ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ទីបន្ទាល់​របស់​ពួកសាវក​សម័យ​ទំនើប​មាន​ឥទ្ធិពល​លើ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ទោះបី​ជា កិច្ចការ ១:៨ សំដៅ​យ៉ាង​ពិសេស​ពី​តួនាទី​របស់​ពួក​សាវក​ក្នុង​នាម​ជា​សាក្សី​ពិសេស​របស់​ព្រះអង្គសង្គ្រោះ​ក្តី ក៏​វា​បង្រៀន​យើង​អំពី​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ​ទូទាំង​ពិភពលោក​នេះ​ដែរ ។

ផ្អែកលើ​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​សាវក​នៅក្នុង កិច្ចការ ១:៨ យើង​រៀន​ថា តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ក្លាយ​ជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ ។

តើ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​យើង​ឲ្យ​ក្លាយ​ជា​សាក្សី​របស់​ព្រះអង្គសង្គ្រោះ​តាម​របៀប​ណា​ខ្លះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​មនុស្ស​ផ្សេង​ទៀត​បាន​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

    2. តើ​នៅពេល​ណា​ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដល់​មនុស្ស​ដទៃ ?

សូម​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ដទៃ ហើយ​សូម​ទុក​ចិត្ត​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​បញ្ជាក់​សេចក្តីពិត​អំពី​អ្វី​ដែល​អ្នក​ថ្លែង​ជា​សាក្សី​ដល់​ពួកគេ ។

កិច្ចការ–វិវរណៈ ៖ ទិដ្ឋភាព​ទូទៅ​នៃ​ផ្នែក​ពាក់​កណ្តាល​ទៀត​ជា​ផ្នែក​បញ្ចប់​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី

កិច្ចការ ១:៨ ពុំ​គ្រាន់តែ​បង្រៀន​ពី​សេចក្តី​ពិត​អំពី​ការទទួលខុសត្រូវ​របស់​ពួកសាវក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បាន​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​មួយ​អំពី​ផ្នែក​ពាក់​កណ្តាល​ទៀត​ជា​ផ្នែក​បញ្ចប់​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ យោង​តាម កិច្ចការ ១:៨ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​ថា​ពួក​សិស្ស​របស់​ទ្រង់​នឹង​ធ្វើ​ជា​សាក្សី​អំពី​ទ្រង់​នៅ​កន្លែង​ណា ?

ដោយ​ប្រើ ផែនទី ដែល​មាន​នៅក្នុង​ឧបសម្ព័ន្ធ​នៃ​ព្រះគម្ពីរ​ប៊ីប ឬ នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ សូម​រកមើល​កន្លែង​ដែល​បាន​និយាយ​នៅក្នុង​ខគម្ពីរ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្រមៃ​គិត​ពី​ការធ្វើ​ដំណើរ​របស់​ពួក​សាវក និង ការបំពេញ​តាម​ការព្យាករ​របស់​ព្រះអង្គ​សង្គ្រោះ ។

កិច្ចការ ១–៥ កត់ត្រា​អំពី​ការងារ​បម្រើ​របស់​ពួកសាវក​នៅក្នុង​ក្រុង​យេរូសាឡិម កិច្ចការ ៦–៩ កត់ត្រា​អំពី​ការងារ​បម្រើ​របស់​ពួក​សាវក​នៅ​ទូទាំងស្រុក​យូដា និង ស្រុក​សាម៉ារី ហើយ កិច្ចការ ១០–២៨ កត់ត្រា​អំពី​ការងារ​បម្រើ​របស់​ពួកសាវក​នៅ​ទូទាំង​ចក្រភព​រ៉ូម ឬ « ចុង​ផែនដី​បំផុត » (កិច្ចការ ១:៨ ) ។ អ្នក​អាច​នឹង​សរសេរ​ចំណុច​សំខាន់ៗ​នៃ​គម្ពីរ​កិច្ចការ​ទាំង​នេះ​នៅ​លើ​គែម​នៃ​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កិច្ចការ ១:៨ ។

រូបភាព
ផែនទី ទិដ្ឋភាព​ទូទៅ​អំពី​កិច្ចការ​នៃ​ពួក​សាវក

សូម​បើក​ទៅ​តារាង​មាតិកា​របស់​ព្រះគម្ពីរ​ប៊ីប ។ សូមមើល​គម្ពីរ​នានា​នៃ​ព្រះគម្ពីរ​ថ្មី ដែល​នៅ​បន្ទាប់​ពី​គម្ពីរ​កិច្ចការ ។ គម្ពីរ​កូរិនថូស​ទី ១ រហូត​ដល់​ហេព្រើរ​គឺ​ជា​សំបុត្រ ( លិខិត ) ដែល​បាន​សរសេរ​ដោយ​សាវក​ប៉ុល ។ នៅ​ពេល​អ្នក​សិក្សា កិច្ចការ ៩, ១៣–២៨ អ្នក​នឹង​រៀន​អំពី​ការប្រែចិត្ត​ជឿ និង ការងារ​បម្រើ​របស់​ប៉ុល ។

សូមមើល​ផែនទី « ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចការ​នៃ​ពួក​សាវក » ដែល​បង្ហាញ​ឈ្មោះ​ទីក្រុង ឬ តំបន់​នានា​ដែល​មាន​លើកឡើង​ក្នុង​សំបុត្រ​ជាច្រើន​របស់​ប៉ុល ។ សំបុត្រ​ជាច្រើន​របស់​ប៉ុល​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ត្រូវបាន​សរសេរ​ឲ្យ​ក្រុមជំនុំ​នៃ​សាសនាចក្រ​នៅក្នុង​ទីក្រុង​ផ្សេងៗ​គ្នា ដើម្បី​ដោះស្រាយ​តម្រូវការ​ជាក់លាក់​របស់​ពួកគេ ។ ឧទាហរណ៍ ពួក​ថែស្សាឡូនីច​គឺ​ជា​ប្រជាជន​ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​ថែស្សាសឡូនីច ហើយ​គម្ពីរ ថែស្សាឡូនីចទី ១ ត្រូវ​បាន​គេ​ជឿ​ថា​គឺ​ជា​សំបុត្រ​ដំបូង​គេ​បង្អស់​ដែល​ប៉ុល​បាន​សរសេរ ។ បន្ថែម​លើ​ការសរសេរ​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​ពួក​បរិសុទ្ធ ប៉ុល​បាន​សរសេរ​ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត​ដូច​ជា ធីម៉ូថេ ទីតុស និង ភីលេម៉ូន ។

សូមមើល​ទៅក្នុង​តារាង​នៃ​មាតិកា​អំពី​សំបុត្រ​បន្ទាប់​ពី​គម្ពីរ​ហេព្រើរ ។ ក្រៅ​ពី​ប៉ុល ពួក​សាវក និង អ្នក​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​បាន​សរសរ​ទៅ​សមាជិក​នៃ​សាសនាចក្រ ។ សំបុត្រ​មួយ​ចំនួន​នេះ​គឺ​ជា​គម្ពីរ​យ៉ាកុប ពេត្រុស យ៉ូហាន និង យូដាស ។ គម្ពីរ​វិវរណៈ​កត់ត្រា​អំពី​ការនិមិត្ត​ដែល​បាន​ប្រទាន​ដល់​សាវក​យ៉ូហាន ។

នៅពេល​អ្នក​បន្ត​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​ផ្នែក​ពាក់​កណ្តាល​ទៀត​ជា​ផ្នែក​បញ្ចប់​នេះ សូម​អធិស្ឋាន​ប្រយោជន៍​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​បង្រៀន​អ្នក ហើយ​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ការយល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​អំពី​ការបង្រៀន​នៃ​ពួក​សាវក​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ១:១–៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖