បណ្ណាល័យ
មេរៀន​ទី ១៧ ថ្ងៃទី ២ ៖ កិច្ចការ ១:៩-២៦


មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ២

កិច្ចការ ១:៩-២៦

សេចក្ដីផ្ដើម

បន្ទាប់​ពី​បាន​បង្គាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់​អស់​រយៈពេល ៤០ ថ្ងៃ​មក ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ឡើង​ទៅ​ឋានសួគ៌​វិញ ។ ពួក​សាវក និង មនុស្ស​ដទៃ​ទៀត​បាន​ប្រជុំ​គ្នា​អធិស្ឋាន និង ទូល​អង្វរ ។ តាមរយៈ​ការបំផុស​គំនិត នោះ ម៉ាត់ធាស ត្រូវបាន​ហៅ​ឲ្យ​បំពេញ​មុខងារ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​បន្សល់​ទុកមក​ពី​ការក្បត់ និង ការស្លាប់​របស់​យូដាស-អ៊ីស្ការីយ៉ុត ។

កិច្ចការ ១:៩-១២

ព្រះអង្គសង្គ្រោះ​យាង​ឡើង​ទៅ​ស្ថានសួគ៌

សូម​អាន​សេចក្តី​ថ្លែងការណ៍​ដូច​តទៅនេះ​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​សរសេរ​ថា​តើ​សេចក្តី​ថ្លែង​និមួយៗ​នោះ​ត្រូវ ( ត ) ឬ ខុស ( ខ )​នៅក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ ។ សូម​ប្រើ​ខគម្ពីរ​ដែល​មាន ដើម្បី​ជួយ​អ្នក​ឲ្យ​ឆ្លើយ​បាន​ត្រឹមត្រូវ ។

  • ____ ១. ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​ត្រឡប់​មក​កាន់​ផែនដី​នៅ​ថ្ងៃ​ចុងក្រោយ ។ ( សូមមើល ម៉ូសេ ៧:៦០ ) ។

  • ____ ២. នៅ​ពេល​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់​មក​ដល់ នោះ​ព្រះយេស៊ូវគ្រីស្ទ​នឹង​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួក​សុចរិត​តែ​ប៉ុណ្ណោះ ។ ( សូម​មើល គ. និង ស. ១០១:២៣; យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២៦ ) ។

  • ____ ៣. ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​នឹង​នៅក្នុង​ការលាក់បំបាំង ពេល​ទ្រង់​យាង​មក​ម្តង​ទៀត នោះ​មនុស្ស​ភាគច្រើន​នឹង​មិន​ដឹង​ថា​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​កើត​ឡើង​នៅពេល​ណា​នោះ​ទេ ។ ( សូមមើល គ. និង ស. ៤៩:២២-២៣ ) ។

អំឡុង​ពេល​នៃ​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាករ​ថា នៅថ្ងៃ​ចុងក្រោយ​មនុស្ស​មួយ​ចំនួន​នឹង​ផ្សាយ​ពី​ការបង្រៀន​ខុស​ឆ្គង​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ( សូមមើល យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២២–២៥ ) ។ យើង​អាច​ដឹង​ថា តើ​ការបង្រៀន​ជាក់លាក់​ណា​មួយ​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ការពិត ឬ ក្លែងក្លាយ ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ និង ប្រសាសន៍​របស់​ពួក​ព្យាការី​ទ្រង់​នោះ ។ តាមរយៈ​ការធ្វើ​កិច្ចការ​នេះ នោះ​យើង​អាច​ចៀសវាង​ពី​ការបោកបញ្ឆោត ( សូមមើល យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៧ ) ។

នៅពេល​អ្នក​សិក្សា កិច្ចការ ១:៩–១២ សូម​រកមើល​សេចក្តីពិត​នានា​ដែល​ទាក់ទង​នឹង​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​ដល់​ពួកសាវក​របស់​ទ្រង់​អស់​រយៈពេល ៤០ ថ្ងៃ បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​ឡើង​វិញ ( សូមមើល កិច្ចការ ១:៣ ) ។ សូម​អាន កិច្ចការ ១:៩-១២ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ការបង្គាប់​ដល់​ពួកគេ ។

សូម​ស្រមៃ​ថា​អ្នក​បាន​នៅ​ទីនោះ ឃើញ​ព្រះអង្គសង្គ្រោះ​យាង​ឡើង​ទៅ​ឋានសួគ៌​វិញ ។ តើ​អ្នក​អាច​មាន​គំនិត និង​អារម្មណ៍​បែប​ណា ?

រូបភាព
ការយាង​ឡើង​ឋានសួគ៌​របស់​ព្រះយេស៊ូវ

នៅ​សម័យ​អ៊ីស្រាអែល​ពី​បុរាណ ពេលខ្លះ​មាន​ពពក​បាន​បង្ហាញ​ជា​តំណាង​នៃ​វត្តមាន និង សិរី​ល្អ​របស់​ព្រះ ( សូមមើល និក្ខមនំ ៤០:៣៤ ) ។ ពពក​ដែល​បាន​លើក​ឡើង​នៅក្នុង កិច្ចការ ១:៩ គឺ​ជា​ពពក​នៃ​សិរី​ល្អ ( សូមមើល Bible Dictionary « Cloud » ) ។ បុរស​ពីរនាក់​ដែល​បាន​លើក​ឡើង​នៅក្នុង កិច្ចការ ១:១០ គឺ​ជា​ពួក​ទេវតា ។

សូម​កត់ចំណាំ​នៅក្នុង កិច្ចការ ១:១១ អំពី​អ្វី​ដែល​ពួក​ទេវតា​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវក ។ សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​សេចក្តីថ្លែងការណ៍​របស់​ពួក​ទេវតា​នោះ​គឺ​ថា នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ចុះ​ពី​ឋានសួគ៌​នៅក្នុង​សិរី​ល្អ ។

សូម​កត់ចំណាំ​នៅក្នុង កិច្ចការ ១:១២ ថា​ការយាង​ឡើង​ទៅ​ឋានសួគ៌​របស់​ព្រះអង្គ​សង្គ្រោះ បាន​កើត​ឡើង​នៅ​លើ​ភ្នំ អូលីវ ។ នៅពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ម្តង​ទៀត នោះ​ព្រះកាយ​របស់​ទ្រង់​នឹង​មាន​រូបរាង​ដូច​ជា​ពេល​ទ្រង់​យាង​ចុះ ហើយ​គង់​នៅ​លើ​ភ្នំ​អូលីវ​ដូច្នោះ​ដែរ ( សូមមើល សាការី ១៤:៤, គ. និង ស. ៤៥:៤៧–៥៣, ១៣៣:១៩–២០ ) ។ ការណ៍​នេះ​នឹង​កើត​ឡើង​ពីមុន​ការបង្ហាញ​ព្រះកាយ​ដ៍​អស្ចារ្យ និង ធំធេង​នោះ​ដល់​ពិភពលោក ( សូមមើល អេសាយ ៤០:៥ ) ។

សូម​ពិចារណា​លើ​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​ការដឹង​ពី​លក្ខណៈ​ដែល​ព្រះអង្គសង្គ្រោះ​នឹង​យាង​ត្រឡប់​មក​វិញ អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការបោក​បញ្ឆោត ខណៈ​ដែល​យើង​រង់ចាំ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

កិច្ចការ ១:១៣-២៦

ម៉ាត់ធាស​ត្រូវបាន​ជ្រើសរើស​ឲ្យ​បំពេញ​តំណែង​ទំនេរ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់

បន្ទាប់​ពី​ពួក​សាវក​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ពី​ភ្នំ​អូលីវ នោះ​ពួកគេ​បាន​ជួបជុំ​គ្នា​ជាមួយ​បុរស និង ស្ត្រី​ស្មោះត្រង់​មួយ​ចំនួន​ទៀត រួម​មាន​ម៉ារា ម្តាយ​របស់​ព្រះយេស៊ូវ ដើម្បី​អធិស្ឋាន ហើយ​ថ្វាយ​បង្គំ ។ សូម​អាន កិច្ចការ ១:១៣ ហើយ​រាប់​ចំនួន​សាវក​ដែល​បាន​រៀបរាប់​នោះ ។

ហេតុអ្វី​មាន​សាវក​តែ ១១ នាក់​នា​គ្រា​នោះ ?

នៅ​ក្នុង កិច្ចការ ១:១៥-២០ យើង​រៀន​ថា​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​នៅ​មុខ​ពួក​សិស្ស ១២០​នាក់ ហើយ​បាន​និយាយ​អំពី​ការស្លាប់​របស់​យូដាស-អ៊ីស្ការីយ៉ុត ។ ដោយសារ​យូដាស​គឺ​ជា​សាវក​ម្នាក់​នៃ​ពួក​ដប់​ពីរនាក់ នោះ​ពួក​សិស្ស​បាន​ជួបជុំ​គ្នា​ដើម្បី​ជ្រើសរើស​សាវក​ថ្មី​ម្នាក់ ។

សូម​ពិចារណា​ពី​របៀប​ផ្សេងៗ ដែល​អ្នក​ដឹកនាំ​មួយ​ចំនួន​ដូចត​ទៅ​នេះ ត្រូវបាន​ជ្រើសរើស ៖ មេ​បញ្ជាការ អ្នក​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន ស្តេច ឬ ម្ចាស់​ក្សត្រី និង ប្រធាន​ក្រុមហ៊ុន ។ តើ​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​មុខងារ​ជា​ថ្នាក់​ដឹកនាំ​ទាំង​នេះ ?

សូម​ពិចារណា​ពី​របៀប​ដែល​សាវក​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ជ្រើសរើស និង គុណសម្បត្តិ​នានា​ដែល​មនុស្ស​ម្នាក់​បម្រើ​ជា​សាវក ។

សូម​អាន កិច្ចការ ១:២១–២៦ ដោយ​រកមើល​របៀប​ដែល​សាវក​ថ្មី​ម្នាក់​ត្រូវបាន​ជ្រើសរើស បន្ទាប់​ពី​ការស្លាប់​របស់​យូដាស-អ៊ីស្ការីយ៉ុត ។

នៅ​ក្នុង ខ​ទី ២៦ ឃ្លា « គេ​ចាប់​ឆ្នោត » សំដៅ​ទៅ​លើ​វិធីសាស្ត្រ​ពី​បុរាណ​ក្នុង​ការសម្រេចចិត្ត ។ ក្នុង​ចំណោម​ពួក​អ្នក​ស្មោះត្រង់ នោះ​ព្រះហស្ត​របស់​ព្រះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល ( សូមមើល សុភាសិត ១៦:៣៣ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ដូច​នេះ ៖ « ប្រសិនបើ​ពួកគេ​ចាប់​ឆ្នោត នោះ​វា​គឺ​ជា​របៀប​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​យក​លទ្ធផល ។ ប៉ុន្តែ​ប្រហែល​ជា ‹ ពួកគេ​បាន​ផ្តល់​ការបោះឆ្នោត › ដោយសន្មត់​ថា​ជា ‹ ការបោះឆ្នោត​គាំទ្រ › ដើម្បី​លើក​ស្ទួយ​គាត់​ឡើង ដែល​ព្រះ​បាន​ជ្រើសរើស ដើម្បី​បម្រើ​នៅក្នុង​ភាព​ជា​សាវក​ដ៏​បរិសុទ្ធ » ( Doctrinal New Testament Commentary ភាគ​ទី ៣. [ ឆ្នាំ ១៩៦៥–៧៣ ] ២:៣២ ) ។

យោង​តាម កិច្ចការ ១:២១–២២ ពេត្រុស​បាន​និយាយ​ថា​សាវក​ថ្មី​នឹង​ត្រូវបាន​ជ្រើសរើស​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្គាល់​ព្រះយេស៊ូវ​ដោយ​ផ្ទាល់ ហើយ​បាន​ឃើញ​ការងារ​បម្រើ​របស់​ទ្រង់ ចាប់តាំង​ពី​ដើម​ដំបូង​រហូត​ដល់​ការរស់ឡើង​វិញ​របស់​ទ្រង់ ។

តើ​មាន​អ្វី​បាន​ទាក់​ចិត្ត​អ្នក​អំពី​ការអធិស្ឋាន​របស់​ពួកសាវក​ដែល​បាន​កត់ត្រា​នៅក្នុង កិច្ចការ ១:២៤–២៥ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើរ​រឿង​នេះ​គឺ​ថា ពួកសាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ហៅ​ពី​ព្រះ​តាមរយៈ​វិវរណៈ ។ សូម​គិត​ពី​ការសរសេរ​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ កិច្ចការ ១:២៤ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់ ដែល​សាវក​ម្នាក់​ត្រូវបាន​ហៅ​ដោយ​ព្រះ​តាមរយៈ​វិវរណៈ ជាជាង​ត្រូវបាន​ជ្រើសរើស​នៅក្នុង​របៀប​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​ក្នុង​ពិភពលោក ?

ឧទាហរណ៍ អំពី​របៀប​ដែល​ពួក​សាវក​សម័យ​ទំនើប​ត្រូវបាន​ជ្រើសរើស​តាមរយៈ​វិវរណៈ សូម​អាន​ដំណើរ​រឿង​ខាង​ក្រោម​នេះ​មក​ពី​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ៖

រូបភាព
ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត

« ប្រធាន [ ហ៊ីប៊ើរ ចេ ] ក្រាន្ត​បាន​ទទួល​វិវរណៈ​ក្នុង​នាម​ជា​ប្រធាន​នៃ​សាសនាចក្រ​ដើម្បី​ដឹកនាំ​សាសនាចក្រ​ទាំង​មូល ។ នៅពេល​វិវរណៈ​បែប​នេះ​កើត​ឡើង គឺ​បន្ទាប់​ពី​លោក​ត្រូវបាន​ញែកចេញ​ជា​ប្រធាន​នៃ​សាសនាចក្រ ជា​ពេល​លោក​បាន​ស្វែងរក​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ នៅក្នុង​ការតែងតាំង​ដល់​សមាជិក​ថ្មី​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ នៅពេល​លោក​​បាន​ពិចារណា​ពី​ទំនួលខុសត្រូវ​នេះ គំនិត​របស់​លោក​ត្រូវបាន​បំផុស​ដដែលៗ​ទៅ​កាន់​មិត្ត​ជិតស្និទ​របស់​លោក​ឈ្មោះ រីឆាដ ដ័បុលយូ យាំង ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ និង អ្នក​ដឹកនាំ​មាន​បទពិសោធន៍​ម្នាក់ ។ ប្រធាន ក្រាន្ត បាន​ពិភាក្សា​ពី​លទ្ធភាព​នេះ​ជាមួយ​ទីប្រឹក្សា​របស់​លោក ដែល​បាន​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​របស់​លោក ។ ទីបំផុត​នៅពេល​លោក​មាន​ទំនុក​ចិត្ត​ជាមួយ​នឹង​កិច្ចការ​នេះ នោះ​លោក​បាន​សរសេរ​ឈ្មោះ​របស់​មិត្ត​លោក​នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​យក​ក្រដាស​នោះ​ទៅ​ជាមួយ​គាត់​ដើម្បី​ទៅ​កាន់​ការប្រជុំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប្រចាំ​សប្តាហ៍​ជាមួយ​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​ដប់​ពីរនាក់ ។ ប៉ុន្តែ នៅពេល​លោក​ហៀប​នឹង​បង្ហាញ​ឈ្មោះ​នោះ​សម្រាប់​ការអនុមតិ​មក​ពី​ពួក​បងប្អូន​ប្រុស នោះ​លោក​ពុំ​អាច​ធ្វើ​ការណ៍​នោះ​បាន​ឡើយ។ ជំនួស​ឲ្យ​ការ​បង្ហាញ​ឈ្មោះ​របស់ រីឆាដ ដ័បុលយូ យាំង នោះ​គាត់​បែរ​ជា​បាន​បង្ហាញ​ឈ្មោះ មេលវិន ជេ បាឡាដ ជា​បុរស​ម្នាក់​ដែល​គាត់​ពុំ​ស្គាល់​ទៅ​វិញ ។ ក្រោយ​មក​ប្រធាន​ក្រាន្ត​បាន​ប្រាប់​ពី​ឥទ្ធិពល​នៃ​បទពិសោធន៍​នេះ​ចំពោះ​គាត់ ៖

« ‹ ខ្ញុំ​បាន​មាន​អារម្មណ៍​បំផុស​គំនិត​ពី​ព្រះ​មាន​ព្រះជន្មរស់​ឲ្យ​ដឹកនាំ​ខ្ញុំ​នៅ​ក្នុង​កិច្ចការ​របស់​ខ្ញុំ ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​បាន​ជ្រើសរើស​ជនចម្លែក​មួយ​ដែល​សក្តិសម​ធ្វើ​ជា​សាវក​ម្នាក់ ជំនួស​ឲ្យ​មិត្តភក្តិ​ជិតស្និទ្ធ​ជា​ច្រើន​ឆ្នាំ​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ពន្លឺ និង ការបំផុស​គំនិត ព្រមទាំង​ការណែនាំ​ពី​ព្រះ​ក្នុង​ការដឹកនាំ​កិច្ចការ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ › » ( Teachings of Presidents of the Church: Heber J. Grant [ ឆ្នាំ ២០០២ ] ទំព័រ ១៨១–៨២ ) ។

សូម​សញ្ចឹង​គិត​ពី​របៀប​ដែល​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង កិច្ចការ ១:២៤ ត្រូវបាន​បង្ហាញ​នៅក្នុង​ដំណើររឿង​នេះ រៀបរាប់​ពី​ការហៅ​នៃ​ពួក​សាវក​សម័យ​ទំនើប ។

តើ​ការហៅ​បម្រើ​របស់​សាវក​ម្នាក់​បង្ហាញ​ថា​ព្រះអង្គសង្គ្រោះ​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? ( សូម​ចាំ​ពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង កិច្ចការ ១:២—ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ការបើក​សម្តែង ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​ពួក​សាវក​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​មួយ ឬ ច្រើន​ជាង​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​បាន​ឃើញ​សាវក​ថ្មី​ម្នាក់​ត្រូវបាន​ហៅ​បម្រើ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ហើយ​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​នៅពេល​អ្នក​បាន​គាំទ្រ​គាត់​នៅក្នុង​ការហៅ​នោះ ?

    2. តើ​មាន​បទពិសោធន៍​ណា​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា​ពួក​សាវក​ដែល​កំពុង​រស់នៅ​ត្រូវបាន​ហៅ​ពី​ព្រះ ?

    3. ហេតុអ្វី​វា​សំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​មាន​ទីបន្ទាល់​ថា​ពួក​សាវក​កំពុង​រស់នៅ​ត្រូវបាន​ហៅ​ពី​ព្រះ ?

    4. តើ​អ្នក​ស្គាល់​ឈ្មោះ​ទាំងអស់​របស់​ពួកសាវក​ដែល​កំពុង​បម្រើ​នៅក្នុង​សាសាចក្រ​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ ? សូម​សរសេរ​ឈ្មោះ​របស់​ពួកសាវក​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ចាំបាន ។ ( ដើម្បី​ដឹង​ថា អ្នក​រៀបរាប់​ឈ្មោះ​របស់​ពួកសាវក​បច្ចុប្បន្ន​ទាំង​អស់​ត្រឹមត្រូវ​បាន​ល្អ​ប៉ុណ្ណា​នោះ សូមមើល​ទំព័រ​ដែល​មាន​រូបភាព និង ឈ្មោះ​របស់​ពួក​អ្នក​សិទ្ធិ​អំណាច​ទូទៅ​នៅក្នុង​ការបោះពុម្ព​នៃ​សន្និសីទ​ទូទៅ​ចុងក្រោយ​បំផុត​នៃ EnsignLiahona ឬ ស្រាវជ្រាវ​នៅ​លើ​គេហទំព័រ LDS.org ) ។

  2. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ១:៩-២៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖