បណ្ណាល័យ
មេរៀន​ទី ១៧ ថ្ងៃទី ៤ ៖ កិច្ចការ ៣-៥


មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ៤

កិច្ចការ ៣-៥

សេចក្ដីផ្ដើម

នៅ​ត្រង់​ច្រក​ចូល​ព្រះវិហារ​បរិសុទ្ធ ពេត្រុស និង យ៉ូហាន បាន​ព្យាបាល​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត ។ ក្រោយ​មក​ពេត្រុស​បាន​បង្រៀន​ប្រជាជន ដែល​បាន​ឃើញ​ការព្យាបាល​បុរស​ម្នាក់​នេះ ។ ជា​លទ្ធផល​ពេត្រុស និង យ៉ូហាន ត្រូវបាន​ចាប់​ខ្លួន ហើយ​បាន​បញ្ជា​ដោយ​សានហេទ្រិន ឲ្យ​ឈប់​បង្រៀន​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ ។ សមាជិក​សាសនាចក្រ​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ប៉ុន្តែ​មាន​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​តែ​ការកុហក​ដល់​ពេត្រុស និង ព្រះ ។ ពេត្រុស និង យ៉ូហាន​បាន​បន្ត​សម្តែង​អព្ភូតហេតុ​ជាច្រើន ដែល​ធ្វើ​ឲ្យ​សម្តេច​សង្ឃ​មាន​កំហឹង ។ ពួកលោក​ត្រូវបាន​ចាប់​ខ្លួន​ម្តង​ទៀត ហើយ​បាន​ឃុំ​ខ្លួន​ក្នុង​គុក ប៉ុន្តែ​ពួកលោក​ត្រូវបាន​រំដោះ​ឲ្យ​រួច​តាមរយៈ​ទេវតា​មួយ​អង្គ ។ ទេវតា​បាន​មាន​បន្ទូល​ប្រាប់​ពួកលោក​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ផ្សាយ​ដំណឹង​ល្អ ។

កិច្ចការ ៣:១-១១

ពេត្រុស​ព្យាបាល​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត

សូម​គិត​អំពី​គ្រា​មួយ នៅពេល​អ្នក​បាន​ស្នើ​សុំ​អ្វី​មួយ​ជាក់លាក់ ( ប្រហែល​ជា​អំណោយ​ខួប​កំណើត ឬ អំណោយ​បុណ្យគ្រីស្ទម៉ាស់ ) ប៉ុន្តែ​បាន​ទទួល​អ្វី​មួយ​ផ្សេង​ជំនួស​វិញ ។ តើ​បទពិសោធន៍​នេះ​ស្រដៀង​ទៅ​នឹង​ការស្វែងរក​ពរជ័យ​មក​ពី​ព្រះវរបិតាសួគ៌ តាមរយៈ​ការអធិស្ឋាន​ដោយ​របៀប​ណា ?

នៅ​ពេល​អ្នក​សិក្សា កិច្ចការ ៣ សូម​រកមើល​គោលការណ៍​មួយ​ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​ពុំ​បាន​ទទួល​ចម្លើយ ឬ ពរជ័យ​ដែល​អ្នក​រំពឹង​ចង់បាន​ពី​ព្រះអម្ចាស់​ទេ​នោះ ។

សូម​អាន កិច្ចការ ៣:១-៣ ដោយ​រកមើល​ថា​តើ​នរណា​ដែល​ពេត្រុស និង យ៉ូហាន​បាន​ជួប​នៅ​ឯ​ច្រក​ចូល​ព្រះវិហារ​បរិសុទ្ធ ។

សូម​សញ្ជឹង​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា បើ​អ្នក​នៅក្នុង​ស្ថានភាព​របស់​បុរស​ខ្វិន​នោះ ។ ចេញ​ពី​បទពិសោធន៍​របស់​អ្នក តើ​មាន​របៀប​ណា​ខ្លះ​ដែល​មនុស្ស​អាច​ឆ្លើយ​តប​ចំពោះ​ការសុំ​ទាន ឬ ជួយ​ផ្តល់​ជា​ប្រាក់​កាក់ ឬ អាហារ​ដល់​ការស្នើសុំ​របស់​មនុស្ស​ម្នាក់​ទៀត​នោះ ?

សូម​អាន កិច្ចការ ៣:៤–៧ ដោយ​រកមើល​អ្វី​ដែល ពេត្រុស បាន​ធ្វើ​ចំពោះ​បុរស​ម្នាក់​នោះ ។

តើ​ពេត្រុស​បាន​និយាយ និង ធ្វើ​អ្វី​ខ្លះ​ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ ?

រូបភាព
ពេត្រុស​ជាមួយ​បុរស​ខ្វិន

ពេត្រុស​បាន​ព្យាបាល​បុរស​ខិ្វន​ម្នាក់​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ។

សូម​អាន កិច្ចការ ៣:៨ ដោយ​រកមើល​អ្វី​ដែល​បុរស​នោះ​បាន​ធ្វើ បន្ទាប់​ពី​ពេត្រុស « បាន​លើក​គាត់​ឡើង » ( កិច្ចការ ៣:៧ ) ។

តើ​ពរជ័យ​ដែល​បុរស​នេះ​បាន​ទទួល​ល្អ​ប្រសើរ​ជាង​ទាន ( ប្រាក់ ) ដែល​គាត់​បាន​សុំ​កាល​ពី​ដំបូង​យ៉ាង​ដូចម្ដេច​ខ្លះ ?

យើង​អាច​ប្រដូច​ដំណើរ​រឿង​នេះ​ទៅនឹង​ជីវិត​របស់​យើង ។ ព្រះវរបិតាសួគ៌​អាច​ពុំ​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់​យើង​តាម​ចិត្ត​យើង​ចង់​បាន ឬ តាម​ការរំពឹង​របស់​យើង​ចំពោះ​ទ្រង់​ទេ ប៉ុន្តែ​ចម្លើយ​របស់​ទ្រង់​នាំ​មក​នូវ​សេចក្តី​ល្អ​កាន់តែ​ប្រសើរ​ឡើង​ដល់​យើង ។

នៅ​ក្នុង​ដំណើរ​រឿង​ដែល​បាន​កត់ត្រា​នៅក្នុង កិច្ចការ ៣:១–៨ វា​បង្ហាញ​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​បុរស​ម្នាក់​នោះ​បាន​ទទួល​ដែល​វា​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​គាត់​បាន​ស្នើ​សុំ​ទៅ​ទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ករណី​មួយ​ចំនួន​វា​មិន​ប្រាកដ​ច្បាស់​ឡើយ​ថា អ្វី​ដែល​យើង​កំពុង​ទទួល​បាន​នោះ​វា​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​បាន​ស្នើសុំ​នោះ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​បទពិសោធន៍​មួយ​ដែល​ការឆ្លើយតប​របស់​ព្រះអម្ចាស់​ផ្ទុយ​ពី​ចម្លើយ​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ប៉ុន្តែ​បាន​នាំ​មក​នូវ​សេចក្តី​ល្អ​កាន់តែ​ប្រសើរ​ឡើង​ដល់​អ្នក ។

សូម​ស្រមៃ​ថា​អ្នក​បាន​នៅក្នុង​ចំណោម​ប្រជាជន​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ដែល​បាន​ឃើញ​ការព្យាបាល​បុរស​ខ្វិន​ម្នាក់​នេះ ។ ជារឿយៗ​អ្នក​នឹង​ឃើញ​មនុស្ស​ខ្វិន​សុំ​ទាន នៅ​ពេល​អ្នក​ដើរចូល​ច្រក​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ថ្ងៃ​ក្រោយ​មក អ្នក​នឹង​ឃើញ​គាត់​ហក់លោត ហើយ​រត់​បន្ទាប់​ពី​គាត់​បាន​ជា​សះស្បើយ​ហើយ ។ តើ​អ្នក​គិត​ថា​ការយល់​ឃើញ​របស់​អ្នក​ចំពោះ​ពេត្រុស និង យ៉ូហាន អាច​មាន​ការផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច បន្ទាប់​ពី​បាន​ឃើញ​អព្ភូតហេតុ​នេះ ?

សូម​អាន កិច្ចការ ៣:៩-១១ ដោយ​រកមើល​ថា​តើ​ប្រជាជន​មាន​ប្រតិកម្ម​ដូចម្ដេច​ចំពោះ​ការជាសះស្បើយ​របស់​បុរស​ម្នាក់​នោះ ។

កិច្ចការ ៣:១២-២៦

ពេត្រុស​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្រៀន​អំពី​ការប្រែចិត្ត

សូម​អាន កិច្ចការ ៣:១២-១៨ ដោយ​រកមើល​របៀប​ដែល​ពេត្រុស​បាន​ពន្យល់​ពី​ការប្រោស​ឲ្យ​ជា​ដល់​បុរស​ខ្វិន​នោះ​ដល់​ហ្វូង​មនុស្ស ។ សូម​កត់ចំណាំ​ពី​បុគ្គល​ដែល​ពេត្រុស​បាន​សរសើរ​តម្កើង​ចំពោះ​ការប្រោសលោះ​បុរស​ម្នាក់​នោះ ។

តាមរយៈ​ទង្វើ និង ពាក្យ​សម្តី​របស់​ពេត្រុស នោះ​យើង​រៀន​ថា អ្នក​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​សម្តែង​អព្ភូតហេតុ​នានា​តាមរយៈ​សេចក្តីជំនឿ​លើ​ព្រះនាម​របស់​ទ្រង់ ។

សូម​អាន កិច្ចការ ៣:១៩ ដោយ​រក​មើល​ការអញ្ជើញ​របស់​ពេត្រុស​ដល់​ហ្វូង​មនុស្ស ។ ( កិច្ចការ ៣:១៩-២១ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​ឲ្យ​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

ពេត្រុស​បាន​ផ្តល់​សេចក្តីសង្ឃឹម​ដល់​អស់​អ្នក​ដែល​លោក​កំពុង​ថ្លែង​ប្រាប់ ដោយ​បង្រៀន​ពួកគេ​ថា ពួកគេ​ក៏​អាច​បាន​ជា​ស្អាត​ផងដែរ​តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង លើ​ដង្វាយធួន​របស់​ទ្រង់ ។

សូម​កត់​ចំណាំ​ពី​ឃ្លា​ថា « មាន​ពេល​លំហើយ » នៅ​ក្នុង កិច្ចការ ៣:១៩ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ដូច​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« រយៈពេល​ដែល​បាន​កំណត់​នេះ មាន​ពេល​លំហើយ គឺ​កើត​ឡើង​នៅ​គ្រា​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​កូន​មនុស្ស នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់​បញ្ជូន​ព្រះគ្រីស្ទ​ម្តង​ទៀត​មក​កាន់​ផែនដី ។

« …វា​ជា​ថ្ងៃ​នៅពេល​ដែល ‹ ផែនដី​នឹង​បាន​ផ្លាស់ប្តូរ​សារ​ជាថ្មី ហើយ​នឹង​ទទួល​សិរី​ល្អ​ដ៏​ប្រកប​ដោយ​ភាព​បរមសុខ › ។ ( មាត្រា​នៃ​សេចក្ដីជំនឿ​ខ​ទី​ដប់ ) ។ វា​គឺ​ជា​ថ្ងៃ​នៃ ‹ ផែនដី​ថ្មី › ដែល​អេសាយ​បាន​ឃើញ ( អេសាយ ៦៥:១៧ ) ជា​ថ្ងៃ​ដែល​ផែនដី​នឹង​មាន​ជ័យជម្នះ នៅពេល​ដែល​អំពើ​ទុច្ចរិត​ឈប់​មាន ជា​គ្រា​ដែល​សម័យ​សហសវត្សរ៍​ចូល​មក​ដល់ » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៦៧ ទំព័រ​៤៣ ) ។

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

សូម​អាន កិច្ចការ ៣:២០-២១ ដោយ​រកមើល​អ្វី​ផ្សេង​ទៀត​ដែល​នឹង​កើត​ឡើង​អំឡុង​ពេល​នោះ ។

ឃ្លា « គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ » នៅក្នុង កិច្ចការ ៣:២១ សំដៅ​លើ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៅក្នុង​សម័យ​ចុងក្រោយ ។ ចេញពី កិច្ចការ ៣:២០–២១ យើង​រៀន​ថា ព្យាការី​នៅក្នុង​គ្រប់​ជំនាន់​បាន​ព្យាករ​ពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។

ដូច​មាន​កត់ត្រា​នៅក្នុង កិច្ចការ ៣:២២–២៦ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ម៉ូសេ « ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូអែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក » ( កិច្ចការ ៣:២៤ ) បាន​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ព្រមាន​ពី​វិបាក​នៃ​ការបដិសេធ​ទ្រង់ ( សូមមើល កិច្ចការ ៣:២៣ ) ។ នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប​នេះ ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​វគ្គ​បទគម្ពីរ​នេះ​សា​ជាថ្មី​ដល់​យ៉ូសែប ស្ម៊ីធ ដោយ​បញ្ជាក់​ពី​ផលវិបាក​នៃ​ការបដិសេធ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៤១ ) ។

រូបភាព
រូបសញ្ញា​ចំណេះចំណា​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—កិច្ចការ ៣:១៩-២១

  1. សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​មាន​សាសនាគន់ការី​ម្នាក់​សួរ​ថា « តើ​ខគម្ពីរ​ណា​មួយ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​និយាយ​ថា​ដំណឹង​ល្អ​នឹង​ត្រូវបាន​ស្តារ​ឡើង​វិញ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នោះ ? » នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​នេះ​ដោយ​ប្រើ កិច្ចការ ៣:១៩–២១ និង យ៉ាងហោច​ណាស់​វគ្គ​បទគម្ពីរ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ សូម​គិត​ពី​ការមើល​នៅ​ក្រោម​ពាក្យ « ការសាងឡើង​វិញ​នៃ​ដំណឹង​ល្អ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

កិច្ចការ ៤-៥

ពេត្រុស និង យ៉ូហាន​ត្រូវ​បាន​ចាប់​ខ្លួន និង ដោះលែង​មក​វិញ អាន៉្នានាស និង សាភីរ៉ា​កុហក​ដល់​ពេត្រុស

រូបភាព
ពេត្រុស និង យ៉ូហាន នៅ​ចំពោះ​មុខ​សានហេទ្រិន

ពេត្រុស និង យ៉ូហាន ត្រូវបាន​ចាប់​ខ្លួន ហើយ​នាំ​យក​ទៅ​មុខ​សានហេទ្រិន ។

នៅក្នុង កិច្ចការ ៤:១–៣១ និង កិច្ចការ ៥:១២–៤២ យើង​រៀន​អំពី​ចំណុច​ដូចតទៅ​នេះ ៖ ពេត្រុស និង យ៉ូហាន ត្រូវបាន​ចាប់​ខ្លួន ដោយ​ព្រោះ​ការប្រោស​ឲ្យ​ជា និង ការបង្រៀន​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុស​បាន​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លាហាន​ដល់ សានហេទ្រិន ដែល​ជា​ព្រឹទ្ធសភា​សាសន៍​យូដា ហើយ​ជា​តុលាការ​ដ៏​ខ្ពស់​របស់​សាសន៍​យូដា​ផ្នែក​ខាង​រដ្ឋការ និង ខាង​សាសនា » ( សេចក្ដីណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « សានហេទ្រិន » scriptures.lds.org ) ។ បន្ទាប់​ពី​ការដោះលែង​មក ពេត្រុស និង យ៉ូហាន​បាន​បន្ត​ប្រកាស​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ ហើយ​ត្រូវបាន​ចាប់​ខ្លួន​ម្តង​ទៀត ។ ពួកលោក​ត្រូវបាន​គេ​វាយដំ ហើយ​ប្រាប់​សា​ជាថ្មី​ឲ្យ​ឈប់​និយាយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្រោយ​មក​ត្រូវបាន​ដោះលែង​វិញ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកលោក​ពុំ​បាន​ឈប់​បង្រៀន​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​ឡើយ ។

សូម​ពិចារណា​អំពី​ស្ថានភាព​ខាង​ក្រោម ៖ យុវជន​ម្នាក់​កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។ គាត់​ដឹង​ថា​ប៊ីស្សព​នឹង​សួរ​សំណួរ​នានា​អំពី​ភាពសក្តិសម​របស់​គាត់​ដើម្បី​បម្រើ​បេសកកម្ម ហើយ​គាត់​កំពុង​ពិចារណា​ថា​តើ​គាត់​គួរតែ​ប្រាប់​ប៊ីស្សព​ឬ​អត់​អំពី​អំពើ​បាប​ធ្ងន់ធ្ងរ​ដែល​គាត់​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល ។

នៅពេល​អ្នក​សិក្សា កិច្ចការ ៤:៣២–៥:១១ សូម​រកមើល​គោលការណ៍​ដែល​អាច​ជួយ​អ្នក​យល់​ពី​ភាពចាំបាច់​នៃ​ការមាន​ភាព​ទៀងត្រង់​ជាមួយ​អ្នក​មប្រើ​របស់​ព្រះ ។

នៅក្នុង កិច្ចការ ៤:៣២ យើង​រៀន​ថា ពួក​បរិសុទ្ធ ( សមាជិក​សាសនាចក្រ ) នៅ​ជំនាន់​របស់​ពេត្រុស​កំពុង​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដែល​មាន​ន័យ​ថា​ពួកគេ​បាន​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ប្រយោជន៍​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ដល់​មនុស្ស​គ្រប់​គ្នា ។

សូម​អាន កិច្ចការ ៤:៣៤–៣៥ ដោយ​រក​មើល​របៀប​ដែល​ពួកគេ​ថ្វាយ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ។

សូម​អាន កិច្ចការ ៥:១–២ ដោយ​រកមើល​អ្វី​ដែល​គូស្វាមី​ភរិយា​បាន​រៀបការ​មួយ​គូ​ឈ្មោះ អាន៉្នានាស និង​សាភីរ៉ា​បាន​ធ្វើ​ជាមួយ​នឹង​ប្រាក់​ដែល​ពួកគេ​បាន​ទទួល​ពី​ការលក់​ដី​របស់​ខ្លួន ។ ពាក្យ យល់​ព្រម នៅក្នុង ខទី ២ មាន​ន័យ​ថា មាន​ចំណេះដឹង​អំពី​អ្វី​មួយ ។

តើ​អាន៉្នានាស និង​សាភីរ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ដែល​ជា​អំពើ​បាប​ធ្ងន់ធ្ងរ​នោះ ?

សូម​អាន កិច្ចការ ៥:៣-៤ ដោយ​រកមើល​អ្វី​ដែល ពេត្រុស​បាន​និយាយ​ទៅកាន់​អាន៉្នានាស ។

យោង​តាម ខទី ៤ តើ​អាន៉្នានាស​បាន​កុហក​នរណា ?

ចេញ​ពី​ចម្លើយ​របស់​ពេត្រុស យើង​រៀន​ថា ប្រសិនបើ​យើង​កុហក​អ្នក​បម្រើ​ព្រះ នោះ​វា​គឺ​ដូច​ជា​កុហក​ដល់​ទ្រង់​ផងដែរ ។

សូម​អាន កិច្ចការ ៥:៥–១១ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ដល់​អាន៉្នានាស និង​សាភីរ៉ា ដែល​ជា​វិបាក​នៃ​ការក្បត់​សេចក្តីសញ្ញា​របស់​ខ្លួន ហើយ​កុហក​ដល់​ពេត្រុស និង ព្រះ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​អំពី​វិបាក​មួយ​ចំនួន​ដែល​យើង​អាច​ជួបប្រទះ ប្រសិនបើ​យើង​កុហក​ដល់​ព្រះអម្ចាស់ ឬ អ្នក​បម្រើ​ទ្រង់ ៖ « នៅក្នុង​ជំនាន់​របស់​យើង​នេះ អស់​អ្នក​ដែល​ឃើញ​ថា​គ្មាន​ភាពទៀង​ត្រង់ ពុំ​លា​ចាក​លោក​នេះ​ដូច​ជា​អាន៉្នានាស និង​សាភីរ៉ា​ឡើយ ប៉ុន្តែ​មាន​អ្វី​មួយ​នៅក្នុង​ខ្លួន​របស់​ពួកគេ​បាន​ស្លាប់ ។ បំផ្លាញ​សតិសម្បជញ្ញៈ អត្តចរិត​ទន់ខ្សោយ បាត់បង់​ការគោរព​ខ្លួន​ឯង គ្មាន​សេចក្តី​ថ្លៃថ្នូរ » ( « We Believe in Being Honest » Ensign ខែ តុលា ឆ្នាំ ១៩៩០ ទំព័រ ៤ ) ។

  1. សូម​រំឭក​ពី​ស្ថានភាព​នៃ​ការសម្ភាសន៍​របស់​យុវជន​ដែល​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​យុវជន​នោះ ដោយ​ពន្យល់​ពី​អ្វី​ដែល​គាត់​គួរ​ដឹង​អំពី​ការកុហក​អ្នក​ដឹកនាំ​បព្វជិតភាព ។

សូម​សញ្ជឹង​គិត​ពី​ពរជ័យ​នានា​ដែល​កើត​ចេញ​មកពី​ការមាន​ភាពទៀងត្រង់​ជាមួយ​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

ចេញ​ពី​ដំណើរ​រឿង​របស់ អាន៉្នានាស និង​សាភីរ៉ា នោះ​យើង​រៀន​ពី​តម្រូវការ​ដើម្បី​មាន​ភាពទៀងត្រង់​ទាំងស្រុង​ជាមួយ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​យើង ។ លើស​ពី​នេះ​ទៅ​ទៀត យើង​គួរតែ​មាន​ភាពទៀងត្រង់​នៅក្នុង​គ្រប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​ទៀត​ទាំងអស់ ។ តើ​ដើម្បី​មាន​ភាពទៀងត្រង់​នៅក្នុង​គ្រប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​ទៀត​ទាំងអស់​មាន​ន័យ​បែប​ណា​ចំពោះ​អ្នក ?

ប្រធាន ហ៊ិងគ្លី បាន​បង្រៀន​បន្ថែម​ដូចនេះ ៖ « អស់​អ្នក​ដែល​កំពុង​រស់នៅ​តាម​គោលការណ៍​នៃ​ភាពទៀងត្រង់​ដឹង​ថា​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកគេ ។ ពួកគេ​មាន​ឯកសិទ្ធិ​ដ៏​មាន​តម្លៃ​ដើម្បី​រស់នៅ​ក្នុង​ពន្លឺ​នៃ​សេចក្តីពិត ដោយ​គ្មាន​ការអៀនខ្មាស​នៅ​ចំពោះ​មុខ​មនុស្ស​លោក​ណា​ឡើយ ។ ម្យ៉ាងវិញ​ទៀត ប្រសិនបើ​មាន​តម្រូវការ​ក្នុង​ការកែតម្រូវ​នៅក្នុង​សមាជិក​ណា​ម្នាក់​នៅក្នុង​សាសនាចក្រ នោះ​ការកែតម្រូវ​បែប​នោះ​គួរតែ​ចាប់ផ្តើម​ក្នុង​ពេល​ឥឡូវ​នេះ » ( « We Believe in Being Honest » ទំព័រ ៥ ) ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ៤-៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖