បណ្ណាល័យ
មេរៀន​ទី ១៨ ថ្ងៃទី ១ ៖ កិច្ចការ ៦-៧


មេរៀន​ទី ១៨ ៖ ថ្ងៃទី ១

កិច្ចការ ៦-៧

សេចក្ដីផ្ដើម

ពួក​សាវក​បាន​តែងតាំង​ពួក​សិស្ស​ប្រាំពីរ​នាក់​ដើម្បី​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ស្ទេផាន​ជា​សិស្ស​ម្នាក់​ដែល​បាន​ជ្រើសរើស បាន​សម្តែង​អព្ភូតហេតុ​ជាច្រើន ។ ពួក​សាសន៍​យូដា​មួយ​ចំនួន​បាន​ចោទប្រកាន់​ថា​លោក​បាន​ប្រើ​ពាក្យប្រមាថ ហើយ​បាន​នាំ​លោក​ទៅ​ចំពោះ​មុខ​ពួកសានហេទ្រិន​ជា​ពេល​ដែល​លោក​បាន​ប្រែរូប​ដើម្បី​បង្ហាញ​ថា​ព្រះ​បាន​ផ្តល់​ការអនុញ្ញាត​ដល់​លោក ។ បន្ទាប់​ពី​បាន​វាយផ្ចាល​ដល់​ពួក​សាសន៍​យូដា​ចំពោះ​ការបដិសេធ​ព្រះអង្គ​សង្គ្រោះ​មក ស្ទេផាន​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​មក​គេ​បាន​បណ្តេញ​លោក​ចេញ​ពី​ទីក្រុង ហើយ​ចោល​ដុំថ្ម​លើ​រហូត​ដល់​ស្លាប់ ។

កិច្ចការ ៦:១-៨

ពួក​សិស្ស​ប្រាំពីរ​នាក់​ត្រូវបាន​ជ្រើសរើស​ដើម្បី​ជួយ​ពួក​សាវក​នៅក្នុង​កិច្ចការ

នៅពេល​អ្នក​សិក្សា កិច្ចការ ៦:១-៨ សូម​រកមើល​បញ្ហា​ជាក់លាក់​មួយ​ដែល​អ្នក​ដឹកនាំ​សាសនាចក្រ​លើ​ផែនដី​នេះ​បាន​ជួប​ប្រទះ ។

សូម​អាន កិច្ចការ ៦:១-២ ដោយ​រកមើល​កង្វល់​ដែល​ពួក​ហេលេន​មាន ដែល​បាន​ធ្វើ​ឲ្យ​ពួក​សាវក​មាន​ការចាប់អារម្មណ៍ ។

« ដោយសារ​សាសនាចក្រ​មាន​ការរីកចម្រើន​យ៉ាង​លឿន នោះ​ពួក​សាវក​ពុំ​អាច​មើល​ថែទាំ​ដល់​សេចក្តីត្រូវការ​របស់​សមាជិក​គ្រប់​រូប​បាន​ត​ទៅ​ទៀត​ឡើយ ។ ‹ ពួកហេលេន › ដែល​ជា​ពួក​គ្រីស្ទាន​នៃ​សាសន៍​យូដា​និយាយ​ភាសា​ក្រិក មាន​អារម្មណ៍​ថា ស្ត្រី​មេម៉ាយ​របស់​ពួកគេ​ត្រូវបាន​ព្រងើយ​កន្តើយ ហើយ​ពួកគេ​បាន​រអ៊ូរទាំទាស់​នឹង ‹ ពួក​ហេព្រើរ › ដែល​ជា​ពួក​គ្រីស្ទាន​សាសន៍​យូដា​និយាយ​ភាសា​ប៉ាលេស្ទីន » ( New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ]ទំព័រ ២៨៨ ) ។

សូម​អាន កិច្ចការ ៦:៣–៦ ដោយ​រកមើល​របៀប​ដែល​ពួកសាវក​បាន​ដោះស្រាយ​បញ្ហា​ចំពោះ​ការមើលថែ​ដល់​សេចក្តីត្រូវការ​របស់​សមាជិក​សាសនាចក្រ​ម្នាក់ៗ ដោយ​ពុំ​ចាំបាច់​ឲ្យ​ពួកលោក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ការទទួលខុសត្រូវ​របស់​ខ្លួន​ក្នុង​នាម​ជា​សាវក​ដើម្បី នាំ​យក​ដំណឹង​ល្អ​ទៅ​កាន់ « គ្រប់​ទាំង​សាសន៍ » នោះ ( ម៉ាថាយ ២៨:១៩ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ការទទួលខុសត្រូវ​របស់​ពួក​សិស្ស​ទាំង​ប្រាំពីរ​នាក់​នោះ ៖ « កិច្ចការ​ដែល​បាន​ចាត់តាំង​ដល់​ពួកគេ​ទាក់ទង​ទៅនឹង​អស់​ទាំង​កិច្ចការ​ខាង​សាច់​ឈាម ដែល​ជា​ទូទៅ​ត្រូវបាន​គ្រប់គ្រង​ដោយ​បព្វជិតភាព​អើរ៉ុន ដើម្បី​ទុក​ពេល​ទំនេរ​ដល់​ពួកសាវក​ឲ្យ​គ្រប់គ្រង​កិច្ចការ​លំបាកៗ​ដែល​ជា​កិច្ចការ​នៃ​បព្វជិតភាព​មិលគីស្សាដែក​របស់​ពួកលោក » ( Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៦៥ ) ។

តើ​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​ដែល​ត្រូវការ​ពី​អស់​អ្នក​ដែល​បាន​រៀបរាប់​នេះ ក្នុង​ការជ្រើសរើស​អស់​អ្នក​ដែល​នឹង​ជួយ ?

តើ​ដំណើរ​ការ​នេះ​វា​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់​សព្វថ្ងៃ​នេះ ដើម្បី​ប្រាកដ​ថា​តម្រូវការ​នានា​របស់​សមាជិក​ត្រូវបាន​បំពេញ​ដោយ​របៀប​ណា ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើររឿង​នេះ​គឺ​ថា សមាជិក​សក្តិសម​ក្នុង​សាសនាចក្រ​ត្រូវបាន​ហៅ​ឲ្យ​ជួយ​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​មនុស្ស​ដទៃ​ទៀត ។

  1. ការបម្រើ​ក្នុង​សាសនាចក្រ​ផ្តល់​ឲ្យ​បុគ្គល​ម្នាក់​នូវ​កាតព្វកិច្ច​ពិសេស ដើម្បី​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​មនុស្ស​ដទៃ ។ សូម​ពិចារណា​ថាតើ​ភាពសក្តិសម​របស់​បុគ្គល​ម្នាក់ ជះ​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​របស់​គាត់​ក្នុង​ការបម្រើ​ដល់​សេចក្តីត្រូវការ​របស់​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច ។ បន្ទាប់មក​សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​បទពិសោធន៍​មួយ​ដែល​អ្នក​ធ្លាប់​មាន​ជាមួយ​នរណា​ម្នាក់​ដែល​បាន​បម្រើ​អ្នក ឬ បាន​បម្រើ​ដល់​នរណា​ម្នាក់​ផ្សេង​ទៀត​តាមរយៈ​ការបម្រើ​យ៉ាង​សក្តិសម​នៅក្នុង​ការហៅ​មួយ ។ សូម​បង្ហាញ​ពី​គំនិត ឬ​អារម្មណ៍​នៃ​អំណរគុណ​ដែល​អ្នក​អាច​មាន​ចំពោះ​ការបម្រើ​បែប​នោះ ។

សូម​អាន កិច្ចការ ៦:៧-៨ ដោយ​រកមើល​លទ្ធផល​វិជ្ជមាន​ដែល​កើត​ឡើង​មក​ពី​ការបម្រើ​របស់​ពួក​សិស្ស​ដ៏​សក្តិសម​ទាំង​ប្រាំពីរ​នាក់​នោះ ដើម្បី​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​មនុស្ស​ដទៃ ។

កិច្ចការ ៦:៩-៧:៥៣

ស្ទេផាន​ត្រូវបាន​នាំ​ទៅ​មុខ​ពួក​សានហេទ្រិន ហើយ​ថ្លែង​ទីបន្ទាល់​ថា​ពួកគេ​បាន​បដិសេធ​ព្រះមែស៊ី​ហើយ

តើ​អ្នក​ធ្លាប់​បដិសេធ​នឹង​នរណា​ម្នាក់​ដែល​កំពុង​ព្យាយាម​ជួយ​អ្នក ឬ មាន​នរណា​ម្នាក់​បដិសេធ​នឹង​អ្នក នៅពេល​អ្នក​កំពុង​ព្យាយាម​ជួយ​គាត់​ដែរ​ឬ​ទេ ? តើ​បុគ្គល​ដែល​ព្យាយាម​ជួយ​អ្នក និង បុគ្គល​ដែល​បដិសេធ​នឹង​ការជួយ​របស់​អ្នក​មាន​អាកប្បកិរិយា​បែប​ណា​ខ្លះ ?

ហេតុអ្វី​ពេលខ្លះ​យើង​បដិសេធ​ជំនួយ​ពី​មនុស្ស​ដទៃ​ទៀត ? សូម​ពិចារណា​ពី​លទ្ធផល​ដែល​អាច​កើត​ឡើង​មក​ពី​ការបដិសេធ​ជំនួយ​ពី​មនុស្ស​ដទៃ​នៅក្នុង​ស្ថានភាព​ដូចតទៅ​នេះ ៖ ធ្វើ​កិច្ចការ​សាលា ចំអិន​ម្ហូប ដោះស្រាយ​បញ្ហា​ធំៗ​ក្នុង​ជីវិត​របស់​យើង និង ការសម្រេចចិត្ត​បម្រើ​បេសកកម្ម​ពេញម៉ោង ។

របៀប​មួយ​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ជំនួយ​ដល់​យើង​នោះ​គឺ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​អ្នក​សិក្សា កិច្ចការ ៦:៩–៧:៥៣ សូម​រកមើល​វិបាក​នានា​នៃ​ការបដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ដូច​មាន​កត់ត្រា​នៅក្នុង កិច្ចការ ៦:៩ មនុស្ស​ជាច្រើន​ដែល​ពុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ស្ទេផាន នៅពេល​លោក​បាន​បង្រៀន​ដំណឹង​ល្អ ។ សូម​អាន កិច្ចការ ៦:១០–១១ ដោយ​រកមើល​អ្វី​ដែល​មនុស្ស​ទាំង​នោះ​បាន​ធ្វើ នៅពេល​ពួកគេ​ពុំ​អាច​បដិសេធ​ប្រាជ្ញា និង ព្រះវិញ្ញាណ​នៃ​ការបង្រៀន​របស់​ស្ទេផាន​បាន ។ ( ពាក្យ សូក នៅ​ក្នុង ខ ទី​១១ មាន​ន័យ​ថា សូក​ប៉ាន់ ) ។

កិច្ចការ ៦:១២–១៤ កត់ត្រា​ថា​ស្ទេផាន​ត្រូវបាន​នាំ​ទៅ​មុខ​ក្រុមប្រឹក្សា​រដ្ឋាបាល​សាសន៍​យូដា ( ពួក​សានហេទ្រិន ) ហើយ​ថា​បាន​ធ្វើ​សាក្សី​ក្លែងក្លាយ​ដោយ​ចោទប្រកាន់​ថា​លោក​បាន​ប្រើ​ពាក្យ​ប្រមាថ ដោយ​បាន​និយាយ​ក្នុង​របៀប​មួយ​ដ៏​ស្អប់ខ្ពើម​ប្រឆាំង​នឹង​ព្រះ ឬ « អ្វីៗ​ដែល​តំណាង​ឲ្យ​ទំនាក់ទំនង​ដ៏​ពិសិដ្ឋ​ជាមួយ​ព្រះ​ដូចជា ព្រះវិហារ​បរិសុទ្ធ ក្រឹត្យវិន័យ ឬ ព្យាការី​របស់​ទ្រង់ » ( Bible Dictionary « Blasphemy » ) ។ នៅក្នុង​ករណី​របស់​ស្ទេផាន​នេះ ពួក​សានហេទ្រិន​បាន​ចោទប្រកាន់​លោក​ខុស​អំពី​ការនិយាយ​ទាស់​នឹង​ព្រះវិហារ​បរិសុទ្ធ ហើយប្រឆាំង​នឹង​ក្រឹត្យវិន័យ​លោក​ម៉ូសេ ( សូមមើល កិច្ចការ ៦:១៣–១៤ ) ។ សមាជិក​នៃ​ពួក​សានហេទ្រិន​បាន​ទាំង​បដិសេធ និង ប្រឆាំង​នឹង​ស្ទេផាន ហើយ​ទីបំផុត​ព្យាយាម​សម្លាប់​លោក ។

សូម​អាន កិច្ចការ ៦:១៥ ដោយ​រកមើល​ភាព​អស្ចារ្យ​ដែល​មាន​លើ​ផ្ទៃមុខ​របស់​ស្ទេផាន​នៅពេល​លោក​បាន​ឈរ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​នោះ ។

ស្ទេផាន​បាន​ប្រែរូប​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​នោះ ។ ការ​ប្រែរូប​គឺ​ជា « ជា​លក្ខណៈ​នៃ​ជន​ទាំងឡាយ​ណា ដែល​បាន​ប្រែប្រួល​រាងកាយ និង​សភាព​មួយ​រយៈ— គឺថា បាន​លើក​ឡើង​ទៅ​ឯ​ស្ថានភាព​ខាង​វិញ្ញាណ​ដែល​ខ្ពស់​ជាង—ដើម្បី​ឲ្យ​ពួក​គេ​អាច​ទ្រាំទ្រ​វត្តមាន និង​សិរីល្អ​នៃ​ពួក​ពល​សួគ៌ា​ទាំងឡាយ​បាន » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែរូប » scriptures.lds.org ) ។ ការប្រែរូប​ដ៏​បរិសុទ្ធ​នេះ​គឺ​ជា​របៀប​មួយ​ដែល​ព្រះ​បាន​បង្ហាញ​មនុស្ស​ថា ទ្រង់​មាន​ព្រះទ័យ​យល់ស្រប​នឹង​ស្ទេផាន ព្រមទាំង​សារលិខិត​របស់​ស្ទេផាន​ផងដែរ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ២:៦៧ ) ។

កិច្ចការ ៧:១–៥០ ពន្យល់​ថា​នៅក្នុង​ការឆ្លើយ​តប​ចំពោះ​ការចោទប្រកាន់​ដែល​មាន​ដល់​លោក​នោះ ស្ទេផាន​បាន​ថ្លែង​ពី​ប្រវត្តិ​មួយ​ចំនួន​របស់​ពួកសាសន៍​អ៊ីស្រាអែល ជាពិសេស​អំពី​ការបដិសេធ​ម្តង​ហើយ​ម្តង​ទៀត​របស់​សាសន៍​អ៊ីស្រអែល​ទៅនឹង​ម៉ូសេ និង ក្រឹត្យវិន័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​មនុស្ស​នៅ​ភ្នំ​ស៊ីណាយ ។ សូម​អាន កិច្ចការ ៧:៣៧ ដោយ​រកមើល​ថា​នរណា​ដែល​ម៉ូសេ​បាន​ព្យាករ​ថា​ថ្ងៃ​ណា​មួយ​កូនចៅ​នៃ​សាសន៍​អ៊ីស្រាអែល​នឹង​ស្តាប់​ឮ ។

« ហោរា » ដែល​បាន​និយាយ​នៅក្នុង​ខគម្ពីរ​នេះ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន កិច្ចការ ៧:៥១-៥៣ ដោយ​រកមើល​របៀប​ដែល​ស្ទេផាន​បាន​ប្រៀបធៀប​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​នៅ​សម័យ​របស់​លោក ទៅនឹង​ពួក​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ដែល​លោក​បាន​ពិពណ៌នា ។ « មនុស្ស​ក្បាល​រឹង » និង « មាន​ចិត្ត​មិន​កាត់​ស្បែក » សំដៅ​លើ​ភាពឆ្មើងឆ្មៃ និង ចិត្ត​ទុច្ចរិត​ដែល​ពេញ​ដោយ​អំពើ​បាប​របស់​ពួក​សាសន៍​យូដា ។

កិច្ចការ ៧:៥២ កត់ត្រា​ថា​ស្ទេផាន​បាន​ចោទប្រកាន់​អ្នក​ដឹកនាំ​សាសន៍​យូដា​ថា​បាន​បដិសេធ « ព្រះ​ដ៏​សុចរិត » មាន​ន័យ​ថា​ជា​ព្រះអង្គ​សង្គ្រោះ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ការបដិសេធ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​នាំ​ឲ្យ​បដិសេធ​ព្រះអង្គសង្គ្រោះ និង ពួក​ព្យាការី​របស់​ទ្រង់ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ និង ធ្វើ​ជា​សាក្សី​អំពី​សេចក្តីពិត​នៃ​ព្រះបន្ទូល និង ប្រសាសន៍​របស់​ពួក​ព្យាការី​របស់​ទ្រង់ ។ ហេតុដូច្នោះ​ហើយ ការបដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​បុគ្គល​ម្នាក់ និង ការសម្រេចិត្ត​របស់​គាត់​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ និង ពួក​ព្យាការី​របស់​ទ្រង់​នោះ​នឹង​មាន​ភាពទន់ខ្សោយ ។

សូម​ពិចារណា​ពី​របៀប​ដែល​បុគ្គល​ម្នាក់​អាច​ត្រូវបាន​ល្បួង​ឲ្យ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ស្ថានភាព​ដូចត​ទៅ​នេះ ៖

  • ជ្រើសរើស​ការកម្សាន្ត និង ប្រព័ន្ធ​ផ្សព្វផ្សាយ

  • ជ្រើសរើស​ថា តើ​ត្រូវ​ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី​ស្តីពី​ការណាត់​ជួប​ដើរ​លេង​ជាគូ​ឬ​ទេ

  • សម្រេច​ចិត្ត​ថា តើ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​នានា​នៃ​ការប្រែចិត្ត ដែល​ព្រះយេស៊ូវគ្រីស្ទ និង ពួក​ព្យាការី​របស់​ទ្រង់​បាន​បង្រៀន​ឬ​ទេ

  1. សូម​សញ្ជឹង​គិត​ពី​ការទទួល​យក​ដោយ​ខ្លួន​អ្នក​ផ្ទាល់​នូវ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​គ្រា​មួយ នៅពេល​អ្នក​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ត្រូវ ឬ ទទួល​យក​ពួក​ព្យាការី និង ការបង្រៀន​របស់​ពួកលោក ។ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​សញ្ជឹង​គិត​ពី​កិច្ចការ​មួយ​ដែល​អ្នក​អាច​ធ្វើ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​យាង​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មាន​យ៉ាង​សកម្ម​ក្នុង​ជីវិត​របស់​អ្នក ? សូម​គិត​ពី​ការសរសេរ​គោលដៅ​របស់​អ្នក​នៅ​លើ​ក្រដាស​មួយ​សន្លឹក និង របៀប​ដែល​អ្នក​នឹង​សម្រេច​គោលដៅ​នោះ ។

កិច្ចការ ៧:៥៤-៦០

ស្ទេផាន​ត្រូវបាន​ចោល​នឹង​ដុំ​ថ្ម​រហូត​ដល់​ស្លាប់

ពាក្យ ការសាកល្បង មានន័យ​ថា ក្តី​អំពល់ ឬ ការរងទុក្ខ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​អាច​រំពឹង​ជួប​នឹង​ការសាកល្បង​មួយ​ចំនួន ?

នៅពេល​អ្នក​សិក្សា កិច្ចការ ៧:៥៤–៦០ សូម​រកមើល គោលការណ៍ ដែល​អាច​ជួយ​អ្នក នៅពេល​អ្នក​ជួប​នូវ​ការសាកល្បង ។

បន្ទាប់​ពី​ស្ទេផាន​បាន​ស្តី​បន្ទោស​ពួក​អ្នក​ដឹកនាំ​ដ៏​ទុច្ចរិត​របស់​សាសន៍​យូដា​ហើយ នោះ​ពួកគេ​បាន​ខឹង​នឹង​លោក ។ សូម​អាន កិច្ចការ ៧:៥៤-៥៦ ដោយ​រកមើល​បទពិសោធន៍​អ្វី​ដែល​ស្ទេផាន​បាន​មាន​អំឡុង​ពេល​នៃ​ការបៀតបៀន​របស់​ពួកគេ ។ អត្ថន័យ​មួយ​នៃ​ឃ្លា « ពួកគេ​បាន​សង្កៀត​ធ្មេញ​ដាក់​គាត់​ផង » ( កិច្ចការ ៧:៥៤ ) គឺ​ថា​ពួកគេ​បាន​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ស្ទេផាន ហើយ​ពួកគេ​មាន​បំណង​ចង់​សម្លាប់​លោក ។

តើ​គោលលទ្ធិ​គ្រឹះ​អ្វី​ខ្លះ​អំពី​ក្រុមព្រះ ដែល​អាច​ជួយ​យើង​រៀន​ពី​ដំណើរ​រឿង​នៃ ការនិមិត្តរបស់​ស្ទេផាន ?

រូបភាព
ស្ទេផាន​ឃើញ​ព្រះយេស៊ូវ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះ

ស្ទេផាន​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

អ្នក​អាច​សរសេរ​គោលលទ្ធិ​ដូចតទៅ​នេះ​នៅ​ក្បែរ កិច្ចការ ៧:៥៥–៥៦ ៖ ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ជា​តួ​អង្គ​បី​ផ្សេង​គ្នា និង ដាច់​ដោយ​ឡែក​ពី​គ្នា ។

សូម​អាន កិច្ចការ ៧:៥៧–៦០ ដោយ​រកមើល​អ្វី​ដែល​មនុស្ស​ទាំងនោះ​បាន​ធ្វើ​ចំពោះ​ស្ទេផាន ។

តើ​ចំណុច​អ្វី​ខ្លះ​នៅ​ក្នុង​ការអធិស្ឋាន​របស់​ស្ទេផាន ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ ?

លូកា​បាន​ពិពណ៌នា​ពី​មរណភាព​ដ៏​សោកសៅ​របស់​ស្ទេផាន​ដោយ​ប្រើ​ឃ្លា​ថា « នោះ​ក៏​ដេក​លក់​ទៅ » ( កិច្ចការ ៧:៦០ ) ។ ឃ្លា​នេះ​អាច​សំដៅ​លើ​ព្រលឹង​ដ៏​សុចរិត​ដែល​សម្រាក​ពី​អស់​ទាំង​ក្តី​អំពល់​នៃ​ជីវិត​រមែង​ស្លាប់ និង​មាន​ភាពសុខសាន្ត ជាមួយ​នឹង​ការផ្លាស់ប្តូរ​របស់​បុគ្គល​ម្នាក់​ពី​ជីវិត​នេះ​ទៅ​ជីវិត​បន្ទាប់​ទៀត ( សូម​មើល គ. និង ស. ៤២:៤៦ ) ។

សូម​គិត​ពី​អ្វី​ដែល​ស្ទេផាន​បាន​ជួប​ប្រទះ នៅពេល​លោក​បាន​ជួប​នឹង​ពួក​សានហេទ្រិន និង ពីមុន​លោក​ត្រូវបាន​គេ​ចាប់​យក​ទៅ​សម្លាប់ ។

តើ​ព្រះ​បាន​ពង្រឹង​ស្ទេផាន​យ៉ាង​ដូចម្តេច​ខ្លះ នៅក្នុង​បទពិសោធន៍​របស់​លោក​ជាមួយ​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​នោះ ?

យោង​តាម​អ្វី​ដែល​អ្នក​បាន​សិក្សា សូម​បំពេញ​គោលការណ៍​ដូចត​ទៅ​នេះ ៖ ប្រសិនបើ​យើង​នៅបន្ត​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​នៃ​ការសាកល្បង  ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖ តើ​ព្រះអម្ចាស់​អាច​គង់​នៅ​ជាមួយ​ពួកយើង​តាម​របៀប​ណា ពេល​យើង​ជួប​នឹង​ការសាកល្បង​នោះ ? ទោះបី​ជា​ស្ទេផាន​បាន​បាត់បង់​ជីវិត​ក្តី តើ​លោក​បាន​ទទួល​អ្វី ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សម្រាប់​ស្ទេផាន ផ្នែក​នៃ​ការបន្ត​នៅ​ស្មោះត្រង់​គឺ​ការបូជា​ជីវិត​របស់​លោក ។ យើង​ទំនង​ជា​ពុំ​ត្រូវបាន​សុំ​ឲ្យ​មាន​ការបូជា​បែប​ដូច​នេះ​នៅ​សព្វថ្ងៃ​នេះ​ឡើយ ប៉ុន្តែ​តើ​ការបូជា​បែប​ណា​ខ្លះ​ដែល​តម្រូវ​ឲ្យ​មាន​នោះ ?

    2. តើ​អ្នក​ជឿ​ថា​អ្នក​នឹង​ទទួល​បាន​អ្វី​ខ្លះ នៅពេល​អ្នក​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ អំឡុង​ពេល​នៃ​ការសាកល្បង ហើយ​ធ្វើ​ការបូជា​នូវ​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​នោះ ?

    3. តើ​អ្នក​ធ្លាប់​បាន​ទទួល​អ្វី​ខ្លះ​ហើយ ?

ស្ទេផាន​ត្រូវបាន​ចាត់​ទុក​ថា​ជា​ទុក្ករបុគ្គល​គ្រីស្ទាន​ដំបូង​គេ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​អាច​ត្រូវបាន​គេ​មើល​ឃើញ​ថា​ជា​គំរូ​មួយ​នៃ​ព្រះគ្រីស្ទ ៖ ទាំង​លោក និង ព្រះអង្គសង្គ្រោះ​បាន​ឈរ​នៅ​ចំពោះ​មុខ​ក្រុមជំនុំ​ដើម្បី​ត្រូវបាន​កាត់ទោស ដោយ​បាន​ប្រកាស​សេចក្តីពិត​នៅចំពោះ​មុខ​មារសត្រូវ​របស់​ខ្លួន បាន​បូជា​ជីវិត​របស់​ខ្លួន​នៅក្នុង​បុព្វហេតុ​នៃ​សេចក្តីសុចរិត ហើយ​នៅទីបំផុត​បង្ហាញ​នូវ​សេចក្តី​ស្មោះស្ម័គ្រ​នោះ​ដោយ​សេចក្តី​ស្លាប់ ( សូមមើល លូកា ២៣:៣៣–៣៤, ៤៦, កិច្ចការ ៧:៥៩–៦០ ) ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ៦-៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖