បណ្ណាល័យ
មេរៀន​ទី ១៨ ថ្ងៃទី ៤ ៖ កិច្ចការ ១០–១២


មេរៀន​ទី ១៨ ៖ ថ្ងៃទី ៤

កិច្ចការ ១០-១២

សេចក្ដីផ្ដើម

ព្រះ​បាន​បើក​សម្ដែង​ដល់​ពេត្រុស​នៅ​ក្នុង​ការ​និមិត្ត​មួយ​ថា ដំណឹងល្អ​គួរ​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ ពេត្រុស​បាន​បង្រៀន​ដំណឹងល្អ​ដល់​កូនេសាល និង​គ្រួសារ​គាត់ ហើយ​ក្រោយ​មក​បាន​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​សាសន៍​យូដា​អំពី​ការ​ប្រកាស​ដំណឹងល្អ​ដល់​ពួក​សាសន៍​ដទៃ ។ កិច្ចការ​របស់​ព្រះអម្ចាស់​បាន​បន្ត​ឆ្ពោះ​ទៅមុខ​ទោះបី​ជា​មាន​ការបៀតបៀន​យ៉ាង​ណា​ក្តី ។ ហេរ៉ូឌ អ័គ្រីប៉ា ទី ១ ជា​ចៅ​ប្រុស​របស់​ស្តេច ហេរ៉ូឌ​ជា​ឯយ្យកោ បាន​សម្លាប់​សាវក​យ៉ាកុប ហើយ​ក្រោយ​មក​បាន​ចាប់ខ្លួន​ពេត្រុស​ដាក់​គុក ។ យប់​ពី​មុន​ពេត្រុស​ត្រូវ​គេ​ប្រហារ​ជីវិត មាន​ទេវតា​មួយ​អង្គ​បាន​ជួយ​លោក​ឲ្យ​គេច​ខ្លួន​ពី​គុក ។ ទេវតា​មួយ​អង្គ​ដែល​បាន​ចាត់​មក​ពី​ព្រះ​បាន​វាយ​ហេរ៉ូឌ ហើយ​ដំណឹងល្អ​បាន​បន្ត​ឆ្ពោះ​ទៅ​មុខ ។

កិច្ចការ ១០

ព្រះ​បើក​សម្ដែង​ដល់​ពេត្រុស​នៅ​ក្នុង​ការ​និមិត្ត​មួយ​ថា ដំណឹងល្អ​គួរ​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ

តើ​មាន​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុកចិត្ត​ធ្វើ​តាម​នរណា​ម្នាក់ ?

សូម​ស្រមៃ​ថា​អ្នក​នៅ​ជាមួយ​ក្រុម​មនុស្ស​ដែល​បាន​វង្វេង​ផ្លូវ ។ សមាជិក​មួយ​ចំនួន​នៃ​ក្រុម​នោះ​បាន​សុំ​ដឹកនាំ​អ្នក​គ្រប់គ្នា​ឲ្យ​ត្រឡប់​ទៅ​ទី​សុវត្ថិភាព​វិញ ពួកគេ​ម្នាក់ៗ​បាន​ផ្តល់​យោបល់​ពី​ផ្លូវ​ផ្សេងៗ​គ្នា ។ តើ​មាន​អ្វី​ខ្លះ ដែល​កំណត់ ឬ ជះ​ឥទ្ធិពល​លើ​នរណា​ម្នាក់​ដែល​អ្នក​នឹង​ដើរ​តាម​នោះ ?

នៅពេល​អ្នក​សិក្សា កិច្ចការ ១០–១២ សូម​រកមើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ទទួល​បាន​ការទុកចិត្ត ក្នុង​ការធ្វើ​តាម​អស់​អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

មក​ដល់​ចំណុច​នេះ​នៅក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ដំណឹង​ល្អ​បាន​ផ្សព្វផ្សាយ ខុស​ប្លែក​ពី​ធម្មតា ដោយ​មិន​រាប់​ពី​ពួក​សាសន៍​យូដា​ឡើយ ។ សូម្បី​តែ​ព្រះយេស៊ូវ ទ្រង់បាន​ផ្សព្វផ្សាយ​តែ​ដល់ « ចៀម​បាត់បង់ របស់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល » ហើយ​បាន​បញ្ជា​ឲ្យ​សាវក​របស់​ទ្រង់​ធ្វើ​កិច្ចការ​នេះ​ដូចគ្នា​នឹង​ទ្រង់​ដែរ ( សូមមើល ម៉ាថាយ ១០:៥–៦ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា បន្ទាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​ពួកលោក នោះ​ពួកលោក​នឹង​ផ្សព្វផ្សាយ​ដំណឹង​ល្អ « រហូត​ដល់​ចុង​ផែនដី​បំផុត » ( កិច្ចការ ១:៨ ) ។ នៅក្នុង កិច្ចការ ១០ យើង​អាន​អំពី​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​នៅក្នុង​របៀប​ដែល​សាសនាចក្រ​បាន​ធ្វើ​ដែល​នឹង​ជួយ​ឲ្យ​ការណ៍​នេះ​កើត​ឡើង​បាន ។

សូម​អាន កិច្ចការ ១០:១–២ ដោយ​រកមើល​ព័ត៌មាន​លម្អិត​អំពី​សាសន៍​ដទៃ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា កូនេសាល ។

កូនេសាល​គឺ​ជា​មេទ័ព ។ មេទ័ព​គឺ​ជា « មេទ័ព​ម្នាក់​នៅ​ក្នុង​កងទ័ព​រ៉ូម ដែល​បញ្ជា​កងទ័ព ៥០ នាក់ទៅ ១០០ នាក់ ។ កងទ័ព​នេះ​ជា​មួយ​ភាគ​ហុកសិប​ក្នុង​កងទ័ព​រ៉ូម » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « មេទ័ព » scriptures.lds.org ) ។

យោង​តាម​បែបបទ​នៅក្នុង​សាសនាចក្រ​នៅ​គ្រា​នោះ ក្នុង​នាម​ជា​សាសន៍​ដទៃ​ម្នាក់ កូនេសាល​ពុំ​អាច​ចូលរួម​ក្នុង​សាសនាចក្រ​ព្រះគ្រីស្ទ​បាន​ដោយ​គ្មាន​ការប្រែចិត្ត​ជឿ​ជា​មុនសិន​ទៅលើ​សាសនា​យូដា​នោះ​ទេ ។ ទោះជា​យ៉ាង​ណា​ក្តី កូនេសាល​ពុំ​អាច​ចូលរួម​សាសនាចក្រ​ក្នុង​នាម​ជា​សាសន៍​ដទៃ​បាន​ឡើយ តើ​គាត់​អាច​បង្ហាញ​សេចក្តី​ជំនឿ​របស់​គាត់​ដល់​ព្រះ​យ៉ាង​ដូចម្តេច ?

រូបភាព
ពេត្រុស និង កូនេលាស

ដូច​បាន​កត់ត្រា​នៅក្នុង កិច្ចការ ១០:៣–៤៨ ពេត្រុស​បាន​ឃើញ​ការនិមិត្ត​មួយ ដែល​លោក​ពុំ​យល់​ឡើយ​កាល​ពី​គ្រា​ដំបូង ។ ប៉ុន្តែ តាមរយៈ​ការធ្វើតាម​ព្រះវិញ្ញាណ ពេត្រុស​ត្រូវបាន​ណែនាំ​ឲ្យ​ស្គាល់​កូនេសាល ដែល​បាន​ឃើញ​ការនិមិត្ត​នោះ ដែល​ទេវតា​មួយ​អង្គ​បាន​មាន​បន្ទូល​ថា ព្រះអម្ចាស់​បាន​ឮ​ការអធិស្ឋាន​របស់​កូនេសាល ។ ពេត្រុស​បាន​ចូល​ទៅក្នុង​ផ្ទះ​របស់​កូនេសាល ហើយ​បាន​បង្រៀន​គាត់ និង គ្រួសារ​អំពី​ដំណឹង​ល្អ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគាត់​គ្រប់​គ្នា​នៅក្នុង​ផ្ទះ ។ ពេត្រុស​បាន​ដឹង​ថា​ការនិមិត្ត​របស់​លោក ដែល​លោក​ត្រូវបាន​បញ្ជា​ឲ្យ​បរិភោគ​សត្វ​ទាំង​នោះ​ដែល​បាន​ចាត់​ទុក​ថា​មិន​ស្អាត គឺ​ជា​ការណែនាំ​មក​ពី​ឋានសួគ៌​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដល់​ពួកសាសន៍​ដទៃ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ជ្រមុជទឹក​ដោយ​គ្មាន​ការប្រែចិត្ត​ជឿ​លើ​សាសនា​យូដា​ជា​មុន​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​អាន កិច្ចការ ១០:៣៤–៣៥ ហើយ​កត់ត្រា​គំនិត ឬ អារម្មណ៍​នានា​ដែល​អ្នក​មាន​អំពី​អ្វី​ដែល​ពេត្រុស​បាន​រៀន​នៅក្នុង​ខគម្ពីរ​ទាំង​ពីរ​នេះ ។

    2. សូម​អាន នីហ្វៃទី២ ២៦:៣៣ ហើយ​ក្រោយ​មក​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​វា​មាន​ន័យ​យ៉ាង​ណា​ដែល « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ( កិច្ចការ ១០:៣៤ ) ?

សូម​ពិចារណា​ពី​សេចក្តី​ថ្លែង​ដូចត​ទៅ​នេះ​ដែល​និយាយ​អំពី​ព្រះ​ថា មិន « រើស​មុខ​អ្នក​ណា​ទេ » ៖

« ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប ។ ព្រះគម្ពីរ​មរមន​ថ្លែង​ថា ‹ ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី…ដូច​គ្នា​នៅ​ចំពោះ​ព្រះ › ( នីហ្វៃទី២ ២៦:៣៣ ) ។ នេះ​គឺ​ជា​ការបង្រៀន​ជា​ផ្លូវការ​របស់​សាសនាចក្រ ។

« មនុស្ស​នៃ​គ្រប់​ពូជ​សាសន៍​ទាំងអស់​តែងតែ​ត្រូវបាន​ស្វាគមន៍ និង ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ​ចាប់តាំង​ពី​ការចាប់ផ្តើម​របស់​សាសនាចក្រ​ម៉្លេះ ។ …

សាសនាចក្រ​ផ្តន្ទាទោស​យ៉ាង​ជាក់ច្បាស់​លើ​ការប្រកាន់​ពូជសាសន៍ រួម​ទាំង​ការប្រកាន់​ពូជសាសន៍​ណា​មួយ ឬ ទាំងអស់​កាល​ពី​អតីតកាល​ដោយ​បុគ្គល​ម្នាក់ៗ ទាំង​នៅក្នុង និង ក្រៅ​សាសនាចក្រ ។ នៅ​ក្នុង​ឆ្នាំ ២០០៦ ប្រធាន​សាសនាចក្រ ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស​ថា ‹ គ្មាន​មនុស្ស​ណា ដែល​បាន​និយាយ​បង្អាប់ អំពី​អ្នក​ទាំងឡាយ​ដែល​មាន​ជាតិសាសន៍​ផ្សេង អាច​គិត​ថា​ខ្លួន​គាត់​ជា​សិស្ស​ពិត​របស់​ព្រះគ្រីស្ទ​ឡើយ ។ ទាំង​ពុំ​អាច​គិត​ថា ខ្លួន​គាត់​បាន​ប្រព្រឹត្ត​សមស្រប​នឹង​ការ​បង្រៀន​របស់​សាសនាចក្រ​ផង ។ … ចូរ​យើង​ទាំងអស់​គ្នា​ទទួល​ស្គាល់​ថា យើង​ម្នាក់ៗ គឺ​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង ដែល​ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​គ្រប់​គ្នា › [ « The Need for Greater Kindness » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៥៨ ] » ( « Race and the Church All Are Alike unto God » mormonnewsroom.org/article/race-church ) ។

កិច្ចការ ១១:១-១៨

ពេត្រុស​បាន​ដោះស្រាយ​ជម្លោះ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​សាសន៍​យូដា អំពី​ការបង្រៀន​ដំណឹង​ល្អ ដល់​ពួកសាសន៍​ដទៃ ។

ចេញពី​អ្វី​ដែល​អ្នក​អាន​នៅក្នុង កិច្ចការ ១០:២៨ តើ​អ្នក​គិតថា​ពួក​បរិសុទ្ធ​សាសន៍​យូដា​មាន​អារម្មណ៍​បែប​ណា នៅពេល​ពួកគេ​បាន​ឮ​អំពី​ទំនាក់ទំនង​របស់​ពេត្រុស​ជាមួយ​ពួកសាសន៍​ដទៃ​នោះ ?

សូម​អាន កិច្ចការ ១១:១-៣ ដោយ​រកមើល​ថា​តើ​ពួកសិស្ស​បាន​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​អ្វី​ដែល​ពេត្រុស​បាន​ធ្វើ ។

ដូច​បាន​កត់ត្រា​នៅក្នុង កិច្ចការ ១១:៤-១៥ ពេត្រុស​បាន​ពិពណ៌នា​ដល់​ពួកសិស្ស​អំពី​ការនិមិត្ត​ដែល​លោក និង កូនេសាល​បាន​ទទួល ។ លោក​បាន​ប្រាប់​ពួកគេ​ថា កូនេសាល និង គ្រួសារ​របស់​គាត់​បាន​ទទួល​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្រោយ​មក​បាន​ទទួល​បទពិសោធន៍​អំពី​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច​គ្នា​ទៅ​នឹង​ពេត្រុស និង ពួក​សិស្ស​ផ្សេង​ទៀត​បាន​មាន​ផងដែរ ។

សូម​អាន កិច្ចការ ១១:១៦–១៧ ដោយ​រក​មើល​ការនិយាយ​បញ្ចប់​របស់​ពេត្រុស​ដល់​ពួកសិស្ស ។

តើ​អ្នក​គិតថា ពេត្រុស​ចង់​មាន​ន័យ​ដូចម្ដេច នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា « ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន » ? ( កិច្ចការ ១១:១៧ ) ?

សូម​អាន កិច្ចការ ១១:១៨ ដោយ​រកមើល​ថា​តើ​ពួកសិស្ស​បាន​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​ការពន្យល់​របស់​ពេត្រុស ។

តើ​ពួកសិស្ស​បាន​ឆ្លើយតប​យ៉ាង​ដូចម្តេច នៅពេល​ពួកគេ​បាន​ដឹង​ថា​ពេត្រុស​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ​នោះ ?

ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​ដំណើរ​រឿង​នេះ ៖ នៅពេល​យើង​ដឹង​ថា​អស់​អ្នក​ដែល​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ នោះ​យើង​អាច​គាំទ្រ និង ធ្វើ​តាម​ពួកលោក​ដោយ​មាន​ទំនុក​ចិត្ត ។ គោលការណ៍​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ព្រះគម្ពីរ​ថ្ងៃ​ចុងក្រោយ​នេះ ដែល​បាន​កត់ត្រា​ថា ព្រះ​បាន​បើក​សម្តែង​ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​អស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ដើម្បី​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ ( សូមមើល គ. និង ស. ១:៣៨, ២៨:២, ៧, ៤២:១១, ១០៧:៦៥–៦៦ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន​ដឹង​ថា អស់​អ្នក​ដែល​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ​យ៉ាង​ដូចម្តេច ?

    2. តើ​អ្នក​បាន​ធ្វើតាម​ការទូន្មាន​ណា​ខ្លះ​មក​ពី​ព្យាការី ដោយសារ​អ្នក​ដឹង​ថា​ព្យាការី​នោះ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ ?

  2. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលដៅ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​បង្កើន​ទីបន្ទាល់​កាន់តែ​រឹងមាំ​ឡើង​ថា អស់​អ្នក​ដែល​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះ ។

កិច្ចការ ១១:១៩–៣០

កិច្ចការ​របស់​ព្រះអម្ចាស់​ឆ្ពោះ​ទៅមុខ​ទោះបី​ជា​មាន​ការបៀតបៀន​យ៉ាង​ណា​ក្តី ។

កិច្ចការ ១១:១៩–២៦ កត់ត្រា​ថា​ដោយសារ​ការបៀតបៀន សិស្ស​មួយ​ចំនួន​បាន​ខ្ចាត់ខ្ចាយ​ទៅតាម​តំបន់​នានា ប៉ុន្តែ​នៅតែ​បន្ត​ផ្សព្វផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មិន​ថា​ទីណា​ដែល​ពួកគេ​បាន​ទៅ​នោះ​ទេ ។ កិច្ចការ ១១:២៧–៣០ កត់ត្រា​ថា ពួក​ព្យាការី​បាន « ចុះ​ពី​ក្រុង​យេរូសាឡិម មក​ដល់​អាន់ទីយ៉ូក » ហើយ​មាន​ព្យាការី​ម្នាក់​ឈ្មោះ អ័ក្កាបុស ដែល​បាន​ថ្លែង​ទីបន្ទាល់​ថា​នឹង​មាន​គ្រោះ​ទុរភិក្ស ។ ក្រោយ​មក​មាន​ការខិតខំ​ផ្តល់​ជំនួយ​ដល់​ប្រជាជន​នៅ​ក្នុង​ស្រុក​យូដា ។

កិច្ចការ ១២:១-១៧

ហេរ៉ូឌ​ប្រហារ​ជីវិត​យ៉ាកុប ហើយ​ចាប់ខ្លួន​ពេត្រុស​បាន​គេច​ខ្លួន​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ

រូបភាព
រូប​ត្រីវិស័យ

ត្រនិច​នៃ​ត្រីវិស័យ​ចង្អុល​ទៅ​ទិស​ខាង​ជើង ដោយសារ​ទំនាញ​នៃ​ប៉ូល​ខាង​ជើង​របស់​ផែនដី​បាន​ទាញ​ចុង​ទ្រនិច​នៃ​មេដែក​របស់​ត្រីវិស័យ​នោះ ។ សូម​គូរ​សញ្ញា X មួយ​នៅ​លើ​ក្ដារ​ខៀន​នៅ​ក្បែរ​នឹង​ត្រី​វិស័យ​នោះ ( ប៉ុន្តែ​ពុំ​មែន​នៅ​ក្បែរ​ចំណុច​ប្រាប់​ទិស​ខាង​ជើង​ទេ ) ហើយ​សូម​នឹក​ស្រមៃ​ថា​សញ្ញា X តំណាង​ឲ្យ​មេដែក​មួយ​ដែល​មាន​ដៃ​យួរ ។

តើ​មេដែក​នេះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ទ្រនិច​ត្រីវិស័យ​នោះ​យ៉ាង​ណា​ដែរ ?

តើ​ការណ៍​នេះ​នឹង​ជះឥទ្ធិពល​ដល់​លទ្ធភាព​របស់​អ្នក​ក្នុង​ការ​ជ្រើសរើស​ទិស​ត្រឹមត្រូវ​ដែល​អ្នក​គួរ​ទៅ​បាន​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា កិច្ចការ ១២ សូម​រក​មើល​ឥទ្ធិពល​មួយ​ដែល​អាច​រារាំង​លទ្ធភាព​របស់​យើង​មិន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ ។

ចាប់​តាំង​ពី​ការធ្វើ​ឃាត​ដោយ​សាសនា​របស់​ស្ទេផាន​មក សមាជិក​សាសនាចក្រ​នៅក្នុង និង នៅ​ជុំ​វិញ​ក្រុង​យេរូសាឡិម​បាន​ជួប​ការបៀតបៀន​ជាច្រើន ។ សូម​អាន កិច្ចការ ១២:១-៤ ដោយ​រកមើល​ថា​តើ​ហេរ៉ូឌ អ័គ្រីប៉ា បាន​រួមចំណែក​យ៉ាង​ដូចម្តេច​ខ្លះ​ក្នុង​ការបៀតបៀន​នេះ ។

តើ​ហេរ៉ូឌ បាន​ប្រហារ​ជីវិត​នរណា ?

គម្ពីរ​យ៉ាកុប​ដែល​បាន​សរសេរ​នៅក្នុង ខ​ទី ២ គឺ​ជា​សាវក​យ៉ាកុប ដែល​ជា​បងប្រុស​របស់​សាវក​យ៉ូហាន និង ជា​កូន​របស់​សេបេដេ ។ យោង​តាម​កំណត់ត្រា យ៉ាកុប​គឺ​ជា​សាវក​ដំបូង​គេ​ដែល​ត្រូវ​គេ​ប្រហារជីវិត​ដោយសារ​សាសនា​នៅ​ជំនាន់​ដំបូង​នៃ​សាសនាចក្រ​ពួកគ្រីស្ទាន ។ លោក​ក៏​ជា​សមាជិក​ម្នាក់​ក្នុង​គណៈ​ប្រធាន​ទី​មួយ​ជាមួយ​ពេត្រុស និង យ៉ូហាន​ផងដែរ ។

យោងតាម កិច្ចការ ១២:៣ តើ​នរណា​គាប់​ចិត្ត​នឹង​ការប្រហារ​ជីវិត​របស់​យ៉ាកុប ?

សូម​ពន្យល់​ថា ឃ្លា « ពួក​សាសន៍​យូដា » នៅ​ក្នុង ខ​ទី ៣ សំដៅ​ទៅ​លើ​ពួក​អ្នក​ដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​សាសន៍​យូដា​នៅ​ក្រុង​យេរូសាឡិម​ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការបៀតបៀន​ដល់​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហេរ៉ូឌ អ័គ្រីប៉ា « មាន​ចិត្ត​អន្ទះសារ​ចង់​បាន​ការកោត​សរសើរ​ក្នុង​នាម​ជា​អ្នក​មាន​ជំនឿ​ដ៏​ត្រឹមត្រូវ​មួយ​រូប​នៃ​សាសន៍​យូដា » ( Bible Dictionary « Herod » ) ហើយ​ព្យាយាម​ផ្គាប់​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​សាសន៍​យូដា​ទាំង​នេះ ។ នៅ​ក្បែរ​អក្សរ X ជិត​រូប​ត្រីវិស័យ សូម​សរសេរ ៖ ប្រសិន​បើ​យើង​ព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ដទៃ ច្រើន​ជាង​ផ្គាប់​ព្រះទ័យ​ព្រះ នោះ…

តើ​ហេរ៉ូឌ​បាន​ធ្វើ​អ្វីខ្លះ​បន្ទាប់​ពី​ទ្រង់​បាន​ទត​ឃើញ​ថា ការប្រហារ​ជីវិត​យ៉ាកុប​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ទាំងនោះ​គាប់​ចិត្ត ? ( សូម​យល់​ថា ក្រុម​ឃ្វកធើរនៀន​មួយ​មាន​ទាហាន​បួន​នាក់ ) ។

ដោយ​ពិចារណា​ពី​រូបភាព​ត្រីវិស័យ និង អក្សរ X តើ​បំណង​ប្រាថ្នា​របស់​ហេរ៉ូឌ​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ដទៃ ច្រើន​ជាង​ផ្គាប់​ព្រះទ័យ​ព្រះ​ប៉ះពាល់​ដល់​ការណែនាំ​នៅក្នុង​ជីវិត​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

យោង​តាម​អ្វី​ដែល​យើង​បាន​រៀន​ចេញ​ពី​គំរូ​របស់​ហេរ៉ូឌ សូម​បំពេញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ដទៃ​ច្រើន​ជាង​ផ្គាប់​ព្រះទ័យ​ព្រះ នោះ  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ក្រៅពី​គំរូ​របស់​ហេរ៉ូឌ តើ​មាន​គំរូ​ណា​ខ្លះ​ទៀត ដែល​បង្ហាញ​ថា ការព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ដទៃ ច្រើនជាង​ផ្គាប់​ព្រះទ័យ​ព្រះ​អាច​ដឹកនាំ​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​អំពើ​បាប​នោះ ?

    2. តើ​ការប៉ង​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ដទៃ អាច​ដឹកនាំ​អ្នក​ឲ្យ​ចាកចេញ​ឆ្ងាយ​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌​តាម​វិធី​ណា​ខ្លះ​ទៀត ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​តទល់​ទៅ​នឹង​ការដឹកនាំ​ទៅរក​អំពើ​បាប ?

សូម​ពិចារណា​ពី​វិធី​នានា ដែល​អាច​បណ្តាល​ឲ្យ​បំណង​ប្រាថ្នា​របស់​អ្នក​ទៅ​ផ្គាប់​ចិត្ត​មនុស្ស​ដទៃ ដឹកនាំ​អ្នក​ឲ្យ​ចាកចេញ​ឆ្ងាយ​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌ ។

សូម​អាន កិច្ចការ ១២:៥–៦ ។ តើ​សមាជិក​សាសនាចក្រ​កំពុង​ធ្វើ​អ្វី​នៅ​គ្រា​នេះ ?

សូម​អាន កិច្ចការ ១២:៧–១០ ។ តើ​ការ​រារាំង និង​ឧបសគ្គ​អ្វី​ខ្លះ​ដែល​ពេត្រុស​បាន​ឆ្លង​កាត់​នៅ​ក្នុង ការ​គេច​ខ្លួននេះ ?

រូបភាព
ទេវតា និង ពេត្រុស​នៅក្នុង​គុក

ទេវតា​មួយ​អង្គ​របស់​ព្រះអម្ចាស់​បាន​ដោះលែង​ពេត្រុស​ចេញ​ពី​គុក ។

សូម​អាន កិច្ចការ ១២:១១-១៥ ។ តើ​នៅពេល​ណា​ដែល​ពេត្រុស​បាន​ដឹង​ថា អ្វី​ដែល​បាន​កើត​ឡើង​គឺ​ពិត មិនមែន​ជា​ការនិមិត្ត​នោះ ?

តើ​មាន​អ្វី​បាន​កើត​ឡើង​នៅ​ពេល​ពេត្រុស​បាន​គោះទ្វារ​ផ្ទះ​របស់​ម៉ារា ?

សូម​អាន កិច្ចការ ១២:១៦-១៧ ។ តើ​ពេត្រុស​បាន​ថ្លែង​អំណរគុណ​ដល់​នរណា​ដែល​បាន​ជួយ​លោក​ឲ្យ​គេច​ខ្លួន​ពី​គុក ?

សូម​មើល កិច្ចការ ១២:៥ ម្តង​ទៀត ហើយ​ពិចារណា​ថា តើ​ខគម្ពីរ​នេះ​ទាក់ទង​នឹង​ការគេច​ខ្លួន​ចេញ​ពី​គុក​របស់​ពេត្រុស​យ៉ាង​ដូចម្តេច ។

តើ​អ្នក​គិត​ថា​ឃ្លា « គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត » ( កិច្ចការ ១២:៥ ) ប្រាប់​អ្វី​ខ្លះ​អំពី​ភាព​ស្មោះត្រង់ និង​ភាព​អស់​ពី​ចិត្ត​ក្នុង​ការ​អធិស្ឋាន​របស់​សមាជិក​សាសនាចក្រ ?

ដំណើរ​រឿង​នេះ​បង្ហាញ​សេចក្តីពិត​ថា ការអធិស្ឋាន​ដ៏​ស្មោះ និង អស់​ពី​ចិត្ត​របស់​យើង ញ៉ាំង​ឲ្យ​មាន​អព្ភូតហេតុ និង​ពរជ័យ​ពី​ព្រះ​ចូល​មក​ក្នុង​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​ដទៃ​ទៀត ។

តើ​ការ​អធិស្ឋាន​ដោយ​ស្មោះ និង​អស់​ពីចិត្ត​មាន​ន័យ​ដូចម្ដេច ?

គោលការណ៍​នេះ​ពុំ​មាន​ន័យ​ថា ប្រសិន​បើ​ការអធិស្ឋាន​របស់​យើង​មាន​ភាព​ស្មោះ​ត្រង់ ហើយ​អស់​ពី​ចិត្ត នោះ​យើង​នឹង​ទទួល​បាន​អ្វី​ដែល​យើង​កំពុង​អធិស្ឋាន​សុំ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ ។ កត្តា​រួម​ចំណែក​ផ្សេង​ទៀត ដើម្បី​ទទួល​បាន​អព្ភូតហេតុ និង​ពរជ័យ​មក​ពី​ព្រះ រួម​បញ្ចូល​ទាំង​ព្រះទ័យ និង​កាល​វេលា​របស់​ព្រះ ក៏​ដូចជា​សិទ្ធិ​ជ្រើស​រើស​របស់​បុគ្គល​ផង​ដែរ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​រកមើល​ថា​ហេតុអ្វី​ការអធិស្ឋាន​សំខាន់ ៖ « ការអធិស្ឋាន​គឺ​ជា​ទង្វើ ដែល​ធ្វើ​ឲ្យ​ព្រះឆន្ទៈ​របស់​ព្រះ​វរបិតា និង​ឆន្ទៈ​របស់​បុត្រ​ទ្រង់ បាន​នាំ​ឲ្យ​មាន​ទំនាក់ទំនង​នឹង​គ្នា​ទៅវិញ​ទៅ​មក ។ គោលបំណង​នៃ​ការ​អធិស្ឋាន គឺ​មិនមែន​ដើម្បី​ប្រែប្រួល​ព្រះ​ហឫទ័យ​នៃ​ព្រះ​ទេ ប៉ុន្តែ​ដើម្បី​សូម​នូវ​ព្រះ​ពរ​ទាំង​ឡាយ​ដែល​ព្រះ​ទ្រង់​ប្រណី​នឹង​ប្រទាន​ឲ្យ​ដល់​យើង និង​ដល់​អ្នក​ឯ​ទៀត ប៉ុន្តែ​គឺ​យើង​ត្រូវ​តែ​សូម​ដើម្បី​ឲ្យ​បាន​ទទួល ។ ព្រះពរ​តម្រូវ​ឲ្យ​មាន​សកម្មភាព ឬ​ការប្រឹងប្រែង​ខ្លះ​នៅ​ក្នុង​ចំណែក​របស់​យើង​មុន​នឹង​អាច​ទទួល​វា​បាន ។ ការអធិស្ឋាន​គឺ​ជា​កិច្ចការ និង​ជា​ធម្យោបាយ​មួយ​ដែល​បាន​តាំង​ឡើង​ដើម្បី​ទទួល​បាន​ពរ​ជ័យ​ទាំង​អស់​ដ៏​ខ្ពស់​បំផុត »​( Bible Dictionary « Prayer » ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ពីរ ឬ ច្រើនជាង​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​តាម​សេចក្តីថ្លែងការណ៍​នេះ​ចេញ​មក​ពី Bible Dictionary តើ​អ្វី​ទៅ​ជា​គោលបំណង​ដ៏​សំខាន់​នៃ​ការ​អធិស្ឋាន ?

    2. ហេតុអ្វី​វា​សំខា​ន់ដែល​ត្រូវ​ចងចាំ​ថា គោលបំណង​នៃ​ការ​អធិស្ឋាន​មិន​មែន​ដើម្បី​ផ្លាស់​ប្ដូរ​ព្រះទ័យ​របស់​ព្រះ​ឡើយ ?

    3. តើ​ការ​អធិស្ឋាន​បាន​ញ៉ាំង​ឲ្យ​មាន​អព្ភូតហេតុ និង​ពរជ័យ​មក​ពី​ព្រះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ឬ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត​ដែល​អ្នក​បាន​អធិស្ឋាន​ឲ្យ​នៅ​ពេល​ណា​ខ្លះ ?

សូម​ពិចារណា​ពី​មនុស្ស​ដែល​អ្នក​អធិស្ឋាន​ឲ្យ ឬ អ្វីៗ​ដែល​អ្នក​អធិស្ឋាន​ទូល​សុំ ។ សូម​ពិចារណា​ថា តើ​អ្នក​អាច​អធិស្ឋាន​ឲ្យ​កាន់​តែ​ស្មោះ​ត្រង់ និង​អស់​ពី​ចិត្ត​ដើម្បី​ញ៉ាំង​ឲ្យ​កើត​មាន​ពរជ័យ និង​អព្ភូតហេតុ​ដែល​ព្រះ​មាន​ព្រះទ័យ​ប្រទាន​ដល់​អ្នក និង​មនុស្ស​ដទៃ​តាម​របៀប​ណា ។

កិច្ចការ ១២:១៨-២៥

ទេវតា​មួយ​អង្គ​ដែល​បាន​ចាត់​មក​ពី​ព្រះ​បាន​វាយ​ហេរ៉ូឌ ហើយ​ដំណឹងល្អ​បាន​បន្ត​ឆ្ពោះ​ទៅ​មុខ ។

កិច្ចការ ១២:១៨-២៥ កត់ត្រា​ថា ហេរ៉ូឌ​បាន​ដឹង​ពី​ការ​គេច​ខ្លួន​របស់​ពេត្រុស ហើយ​បាន​ប្រហារ​ជីវិត​ទាហាន​ដែល​ទ្រង់​គិត​ថា​បាន​អនុញ្ញាត​ឲ្យ​ពេត្រុស​គេច​ខ្លួន​រួច ។ នៅក្នុង​ខគម្ពីរ​ទាំង​នេះ យើង​អាច​រៀន​ផងដែរ​ថា ហេរ៉ូឌ​បាន​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន ដែល​បាន​ថ្វាយ​ការកោតសរសើរ​ដល់​ទ្រង់ ហើយ​បាន​ប្រកាស​ថា​ទ្រង់​បាន​មាន​បន្ទូល​ដូច​ជា​ព្រះ​មាន​បន្ទូល​ដែរ ។ ដោយសារ​ហេរ៉ូឌ​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ នោះ​ទេវតា​បាន​វាយ​ទ្រង់​ដោយ​ជំងឺ ហើយ​ទ្រង់​បាន​សុគត ។

វា​សំខាន់​ដែល​ត្រូវ​យល់​ថា ការដាក់ទោស​របស់​ព្រះ​ចំពោះ​ជន​ទុច្ចរិត​គឺ​ទៅតាម​ព្រះទ័យ និង កាលវេលា​របស់​ទ្រង់ ។ មិនមែន​ជនទុច្ចរិត​ទាំងអស់​ត្រូវ​ទទួល​ការ​ដាក់​ទោស​ភ្លាមៗ​នោះ​ទេ ( សូមមើល អាលម៉ា ១៤:១០–១១ ) ។

យោង​តាម កិច្ចការ ១២:២៤ តើ​មាន​អ្វី​បាន​កើត​ឡើង​ដល់​កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា​របស់​សាសនាចក្រ ទោះបី​ជា​សមាជិក​សាសនាចក្រ​រង​នូវ​ការ​បៀតបៀន​យ៉ាង​ណា​ក្ដី​នោះ ?

សូម​មើល​សេចក្តីពិត​ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ​ឡើង​វិញ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ១០-១២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖