បណ្ណាល័យ
មេរៀន​ទី ១៩ ថ្ងៃ​ទី ១ ៖ កិច្ចការ ១៣-១៤


មេរៀន​ទី ១៩ ៖ ថ្ងៃទី ១

កិច្ចការ ១៣-១៤

សេចក្ដីផ្ដើម

ប៉ុល ( កាល​ពី មុន​ហៅ​ថា​សុល ) បាន​ចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​លើក​ដំបូង​ជាមួយ បាណាបាស​ដែល​ជា​ដៃគូ​របស់​លោក ។ ពួកលោក​បាន​បង្រៀន​ដំណឹង​ល្អ ហើយ​បង្កើត​សាខា​សាសនាចក្រ​ជាច្រើន ទោះបី​ជា​ការបៀតបៀន​បន្ត​កើត​មាន​ក្តី ។ នៅពេល​ពួក​សាសន៍​យូដា​បាន​បដិសេធ​មិន​ទទួល​ព្រះបន្ទូល​ព្រះ នោះ​ប៉ុល និង បាណាបាស​បាន​ផ្តោត​លើ​ការបង្រៀន​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ។

កិច្ចការ ១៣:១-១៣

ប៉ុល និង បាណាបាស​បាន​ចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​សាសនា ហើយ​ស្តី​បន្ទោស​ដល់​ព្យាការី​ក្លែងក្លាយ

រង្វាស់​ខាង​ក្រោម​នេះ​បង្ហាញ​ពី​ចំនួន​នៃ​ការជំទាស់​ដែល​មនុស្ស​ម្នាក់​អាច​ជួប​នៅពេល​ព្យាយាម​រស់នៅ​តាម​ដំណឹង​ល្អ ។ នៅ​ចុង​ម្ខាង​នៃ​រង្វាស់​នេះ​តំណាង​ឲ្យ​គ្មាន​ការជំទាស់ ហើយ​នៅ​ចុង​ម្ខាង​ទៀត​តំណាង​ឲ្យ​ការជំទាស់​ជាប់​ជានិច្ច ។

រូបភាព
ការជំទាស់​ដែល​បន្ត​កើត​មាន

សូម​សរសេរ​ឈ្មោះ ម៉ូសេ នៅក្នុង​កន្លែង​ណា​មួយ​លើ​រង្វាស់​នេះ​ដែល​អ្នក​គិត​ថា វា​បង្ហាញ​ពី​កម្រិត​នៃ​ការជំទាស់​ដែល​ម៉ូសេ​បាន​ជួប ។ សូម​សរសេរ​ឈ្មោះ យ៉ូសែប ស៊្មីធ និង នីហ្វៃ លើ​កន្លែង​ណា​មួយ​នៃ​រង្វាស់​នោះ​ផងដែរ ។ ផ្អែក​លើ​ការជំទាស់​ដែល​អ្នក​បាន​ជួប នៅ ពេល​អ្នក​បាន​ព្យាយាម​រស់នៅ​តាម​ដំណឹង​ល្អ តើ​អ្នក​នឹង​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​កន្លែង​ណា​នៅ លើ​រង្វាស់​នេះ ?

សិស្ស​គ្រប់រូប​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួប​នូវ​ការជំទាស់​នៅ​ពេល​ផ្សេង​គ្នា និង កម្រិត​ខុស​គ្នា​នៅ ក្នុង​ជីវិត​របស់​ពួកគេ ។ នៅពេល​អ្នក​សិក្សា កិច្ចការ ១៣-១៤ សូម​រកមើល​គោលការណ៍ ដែល​អាច​ជួយ​ដឹកនាំ​អ្នក នៅពេល​ពេល​អ្នក​ជួប​នូវ​ការជំទាស់​នៅក្នុង​ការខិតខំ​រស់នៅ​ដោយ​សុចរិត​របស់​អ្នក ។

នៅក្នុង កិច្ចការ ១៣:១–២ យើង​រៀន​ថា នៅពេល​គ្រូ​អធិប្បាយ និង​គ្រូ​បង្រៀន​ខ្លះ​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង អាន់ទីយ៉ូក ពួកគេ​បាន​ទទួល​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា សុល និង បាណាបាស​គប្បី​ត្រូវ ហៅ​ឲ្យ​បង្រៀន​ដំណឹង​ល្អ​ជាមួយ​គ្នា ។

ពី​មុន​ការហៅបម្រើ​បេសកកម្ម​នេះ ប៉ុល​បាន​ចំណាយ​ពេល​រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ចាប់តាំង​ពី​លោក​បាន​ប្រែចិត្ត​ជឿ​មក ( សូមមើល កាឡាទី ១:១៧–១៨) ហើយ​បាន​បង្រៀន និង ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅក្នុង​ស្រុក​ដាម៉ាស, យេរូសាឡិម, តើសុស, ស៊ីរី, គីលីគា និង អាន់ទីយ៉ូក ( សូមមើល Bible Dictionary « Paul » ) ។ បាណាបាស​គឺ​ជា​សាសន៍​យូដា​មក​ពី​កោះ​គីប្រុស ដែល​បាន​ប្រែចិត្តជឿ​លើ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៤:៣៦ ) ។

យើង​រៀន​នៅក្នុង កិច្ចការ ១៣:៣–៦ ថា​បន្ទាប់​ពី​សុល និង បាណាបាស​បាន​ញែក​ចេញ​សម្រាប់​បេសកកម្ម​របស់​ពួក​លោក​ហើយ នោះ​ពួកលោក បាន​ចេញ ពី​ក្រុង អាន់ទីយ៉ូក ទៅកោះ គីប្រុស ព្រមទាំង​បាន​បង្រៀន​នៅក្នុង​សាលាប្រជុំ​នៅក្នុង​ទីក្រុង សាឡាមីន ។ ចេញ​ពី​ទីនោះ​ទៅ​ពួកលោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ត្រើយ​ម្ខាង​ទៀត​នៃ​កោះ​នោះ​ទៅកាន់​ទីក្រុង ប៉ាផុស ។

រូបភាព
ផែនទី ដំណើរ​លើក​ទីមួយ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា

ដំណើរ​លើក​ទីមួយ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា ( សូមមើល កិច្ចការ ១៣–១៤) ។

សូម​អាន កិច្ចការ ១៣:៦-៨ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​សុល និង បាណាបាស​បាន​ទៅ ដល់​ទីក្រុង ប៉ាផុស ។

សូម​អាន កិច្ចការ ១៣:៩–១២ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អេលីម៉ាស ( គេហៅ​ថា បារ-យេស៊ូវ នៅក្នុង កិច្ចការ ១៣:៦ ) ដែល​ធ្វើ​ជា​គ្រូ​អាប​ធ្មប់ ជា​ហោរា​ក្លែងក្លាយ ។ អ្នក​អាច​គិត​ពី​ការគូស​ចំណាំ​ថា​តើ​ការមើល​ឃើញ​ពី​ព្រះចេស្តា​របស់​ព្រះ ជះឥទ្ធិពល​ដូចម្ដេច​លើ​លោក​តំណាង​ជាតិ​សាសន៍​រ៉ូម​ម្នាក់​ឈ្មោះ ស៊ើគាស-ប៉ូល៉ូស នៅក្នុង ខ​ទី ១២ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី កិច្ចការ ១៣:៩–១២ គឺ​ថា ព្រះចេស្តា​នៃ​ព្រះ​មាន​អំណាច​ខ្លាំង​ជាង​អំណាច​របស់​សាតាំង​ទៅ​ទៀត ។ សូម​គិត​ពី​ការសរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​ខគម្ពីរ​ទាំងនេះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ពន្យល់​ថា​តើ​ការយល់​ដឹង​ថា​ព្រះចេស្តា​របស់​ព្រះ​មាន​អំណាច​ខ្លាំង​ជាង​អំណាច​របស់​សាតាំង​អាច​ជួយ​អ្នក​យ៉ាង​ណា​ខ្លះ នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ការជំទាស់​នានា​នៅក្នុង​ជីវិត​អ្នក​នោះ ។

    2. សូម​សរសេរ​ស្ថានភាព​ពីរ ឬ បី​ក្នុង​របៀប​មួយ​ដែល​ការចងចាំ​ពី​គោលការណ៍​នេះ​អាច​ជួយ​អ្នក​បាន ។

សូម​កត់ចំណាំ​ថា កិច្ចការ ១៣:៩ បង្ហាញ​ពី​ការប្តូរ​ឈ្មោះ​ពី​សុល​ទៅ​ហៅ​ថា ប៉ុល​វិញ​នៅក្នុង​ព្រះគម្ពីរ ( សូមមើល កិច្ចការ ១៣:១៣ ) ។

កិច្ចការ ១៣:១៤-៤៣

ប៉ុល​តំណាល​ប្រាប់​ប្រវត្តិ​របស់​ពួក​សាសន៍​អ៊ីស្រាអែល ហើយ​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ដើម្បី​បំពេញ​ការសន្យា​របស់​ព្រះ ។

រូបភាព
ខ្មៅ​ដៃ​មាន​ជ័រលុប

សូម​គិត​ពី​កំហុស​មួយ​ដែល​អ្នក​បាន​ធ្វើ ហើយ​អ្នក​ប្រាថ្នា​ចង់​ត្រឡប់​ក្រោយ​វិញ ហើយ​លុប​បំបាត់​វា​ចេញ ។ ពេលខ្លះ​ការជំទាស់​ដែល​យើង​ជួប កើតឡើង​ដោយសារ​ជម្រើស​ផ្ទាល់​របស់​យើង​ដែល​ពេញ​ដោយ​អំពើបាប ។ នៅពេល​អ្នក​សិក្សា កិច្ចការ ១៣:១៤-៤៣ សូម​រកមើល​គោលការណ៍ ដែល​អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​ការជំទាស់​បែប​នេះ ។

កិច្ចការ ១៣:១៤–៣៧ កត់ត្រា​ថា ប៉ុល និង បាណាបាស​បាន​ចាកចេញ​ពី​កោះ​គីប្រុស ហើយ​ជិះ​ទូក​ទៅ​ស្រុក​ប៉ាមភីលា ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​នៃ​ឈូង​សមុទ្រ​នៃ​ប្រទេស តួកគី​សព្វថ្ងៃ​នេះ ។ ដោយសារ​ហេតុផល​មិន​ជាក់លាក់​មួយ​ចំនួន ដៃគូ​ធ្វើ​ដំណើរ​ម្នាក់​របស់​ពួកលោក​ឈ្មោះ យ៉ូហាន-ម៉ាកុស បាន​សម្រេច​ចិត្ត​ចេញ​ពី​ពួកលោក ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ នៅថ្ងៃ​ឈប់​សម្រាក ប៉ុល​បាន​ឈរ​ឡើង​នៅ​ចំពោះ​មនុស្ស​ទាំងអស់​នៅក្នុង​សាលា​ប្រជុំ​នៅទីក្រុង អាន់ទីយ៉ូក​នៅក្នុង​ស្រុក ពីស៊ីឌា ហើយ​បាន​ដំណាល​ប្រាប់​ពី​ប្រវត្តិ​នៃ​សាសន៍​អ៊ីស្រាអែល រួមទាំង​សេវកភាព​នៅក្នុង​ប្រទេស​អេស៊ីព្ទ ការទទួល​បាន​នូវ​ដែនដី​សន្យា ព្រះ​ហៅ​ស្តេច ដាវីឌ និង ការយាងមក​របស់​ព្រះអង្គសង្គ្រោះ​តាមរយៈ​ពូជពង្ស​របស់ ដាវីឌ ។ បន្ទាប់មក​ប៉ុល​បាន​បង្រៀន​អំពី​ព្រះជន្ម និង បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន កិច្ចការ ១៣:៣២-៣៣ ដោយ​រកមើល​អ្វី ដែល​ប៉ុល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​គូសចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក នូវ​អ្វី​ដែល​លោក​បាន​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ ។

សូម​អាន កិច្ចការ ១៣:៣៨-៣៩ ដោយ​រកមើល​ពរជ័យ​អ្វី​ខ្លះ ដែល​ប៉ុល​បាន​បង្រៀន​ថា​យើង​អាច​ទទួល​បាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ចេញ​ពី កិច្ចការ ១៣:៣៨–៣៩ យើង​រៀន​នូវ​គោលការណ៍​ខាង​ក្រោម​នេះ ៖ យើង​អាច​បាន​អភ័យទោស​ពី​អំពើបាប​យើង ហើយ​បាន​រាប់​ជា​សុចរិត​តាម​រយៈដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ពាក្យ បាន​រាប់​ជា​សុចរិត ដែល​បាន​ប្រើ​នៅក្នុង ខ​ទី ៣៩មាន​ន័យ​ថា « ដើម្បី​ឲ្យ​បាន​លើកលែង [ ឬ​អភ័យទោស​ឲ្យ ] ពី​ការដាក់ទោស​ចំពោះ​អំពើ​បាប ហើយ​រាប់​ថា​ឥត​មាន​ទោស ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រាប់​ជា​សុចរិត, ការ​រាប់​ជា​សុចរិត » scriptures.lds.org) ។ នៅពេល​បុគ្គល​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ទំនាក់ទំនង​រវាង​ពួកគេ​ជាមួយ​ព្រះ​បាន​ចាប់ផ្តើម​ល្អ​ប្រសើរ​ជា​ថ្មី​ម្តង​ទៀត ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

នៅពេល​អ្នក​អាន​អ្វី​ដែល​អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​អត្ថន័យ​នៃ​ការ​រាប់​ជា​សុចរិត​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សូម​គូស​ចំណាំ​ពរជ័យ​នានា​ដែល​លោក​បាន​ថ្លែង​ថា​កើត​ឡើង​តាមរយៈ​ការប្រែចិត្ត ៖ « ព្រះយេស៊ូវគ្រីស្ទ បាន​រងការឈឺចាប់ ហើយ​លះបង់​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប ។ ព្រះចេស្តា​នៃ​ដង្វាយធួន​ទ្រង់​អាច​លុប​បំបាត់​ចោល​អំណាច​នៃ​អំពើបាប​ដែល​មាន​មក​លើ​យើង ។ នៅពេល​យើង​ប្រែចិត្ត នោះ​ព្រះគុណ​ដ៏​ធួន​របស់​ទ្រង់​បង្គ្រប់ ហើយ​លាង​សម្អាត​យើង ( សូម​មើល នីហ្វៃទី៣ ២៧:១៦–២០) ។ នៅពេល​យើង​ពុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការល្បួង គឺ​ដូចជា​យើង​ពុំ​ព្រម​ទៅ​ស្លាប់​ដូច្នេះ​ដែរ » (« That They May Be One in Us » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧១ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​យើង​អាច​បាន​អភ័យទោស​ពី​អំពើបាប​យើង ហើយ​បាន​រាប់​ជា​សុចរិត​តាម​រយៈដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

    2. តើ​អ្នក​ណា​ខ្លះ​នៅក្នុង​ព្រះគម្ពីរ ដែល​បាន​ទទួល​ការអភ័យទោស​ពី​អំពើបាប​ខ្លួន ហើយ​បាន​រាប់​ជា​សុចរិត​តាម​រយៈដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

ប្រសិនបើ​អ្នក​មាន​សៀវភៅ​ទំនុកតម្កើង​សាសនាចក្រ សូមច្រៀង ឬ អាន​វគ្គ​ពីរ​ដំបូង​នៃ​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » (ទំនុក​តម្កើង លេខ ១១៥ ) ។ នៅ​ពេល​អ្នក​ច្រៀង ឬ​អាន សូម​រកមើល​ថា តើ​អ្នក​និពន្ធ​ទំនុកតម្កើង​នេះ​បង្ហាញ​ពី​អំណរគុណ​របស់​គាត់​ចំពោះ​ដង្វាយធួន និង ការអត់ទោស​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្តេច​ខ្លះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​គិត​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ទ្រង់​បាន​ធ្វើ​ឡើង ដើម្បី​ឲ្យ​អ្នក​អាច​ទទួលបាន​ការអត់ទោស​ពី​បាប​របស់​អ្នក ?

សូម​ធ្វើ​តាម​ការបំផុស​គំនិត​នានា ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការអត់ទោស និង បាន​រាប់ជា​សុចរិត​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

កិច្ចការ ១៣:៤០–៤៣ ពន្យល់​ថា​បន្ទាប់​ពី​ការបង្រៀន​របស់​ប៉ុល ពួកសាសន៍​ដទៃ​ជាច្រើន​បាន​សុំ​ឲ្យ​លោក​បង្រៀន​ពួកគេ​ម្តង​ទៀត​នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់ ។

កិច្ចការ ១៣:៤៤-៥២

ប៉ុល និង បាណាបាស បង្រៀន​យ៉ាង​អង់អាច ទោះបី​ជាមាន​ការបៀតបៀន​ជា​ខ្លាំង​ក្តី

នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់ ពួក​អ្នក​ទី​នោះក្រុង​ស្ទើរ​តែ​ទាំង​អស់ ក៏​មក​ប្រជុំ​គ្នា ដើម្បី​ស្តាប់​ប៉ុល និង បាណាបាស​បង្រៀន​ព្រះបន្ទូល​ព្រះ ។

សូម​អាន កិច្ចការ ១៣:៤៤–៥២ សូម​ប្រៀបធៀប​លក្ខណៈ និង ទង្វើ​របស់​ពួកសាសន៍​យូដា ទៅ​នឹង​លក្ខណៈ និង ទង្វើ​របស់​ពួកសាសន៍​ដទៃ នៅពេល​ពួកគេ​បាន​មក​ស្តាប់​ប៉ុល និង បាណាបាស​បង្រៀន ។ ឃ្លា « ពួក​ស្ត្រី​អ្នក​មុខ​អ្នក​ការ » ដែល​បាន​លើក​ឡើង​នៅក្នុង ខ​ទី ៥០ គឺ​ជា​អស់​អ្នក​ដែល​ត្រូវបាន​គេ​គោរព​កោត​សរសើរ​ជា​ខ្លាំង​នៅក្នុង​សហគមន៍​របស់​ពួកគេ ។

សូម​កត់​ចំណាំ​ថា​នៅក្នុង​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ កិច្ចការ ១៣:៤៨ បញ្ជាក់​ថា « អស់​អ្នក​ដែល​បាន​ជឿ ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ កិច្ចការ ១៣:៤៨ [ នៅក្នុង កិច្ចការ ១៣:៤៨  ] ) ។ ពាក្យ បាន​តែងតាំង នៅក្នុង​ខគម្ពីរ​នេះ​អាច​ថ្លែង​បញ្ជាក់​ថា ពួកគេ​បាន​ប្រែចិត្ត​ជឿ ហើយ​ដើរ​លើ​ជំហាន​ដ៏​ចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ។ ជំហាន​ទាំងនោះ​រួមមាន បុណ្យ​ជ្រមុជ​ទឹក ការទទួល​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ការគោរព​ប្រតិបត្តិ និង ការស៊ូទ្រាំ​ដោយ​សេចក្តី​ជំនឿ​រហូត​ដល់​ទីបំផុត ។

កិច្ចការ ១៤

ប៉ុល និង បាណាបាស​សម្តែង​អព្ភូតហេតុ​នៅពេល​ពួកគេ​ផ្សាយ​ដំណឹងល្អ ទោះបី​មាន​ការបៀតបៀន​បន្ត​កើត​មាន​ក្តី

រូបភាព
យុវនារី​មើល​ចុះ​ក្រោម

តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះអម្ចាស់​ឲ្យ​មនុស្ស​ល្អ​ជួប​បទពិសោធន៍​នៃ​ការសាកល្បង​ដ៏​លំបាក ?

នៅពេល​អ្នក​សិក្សា កិច្ចការ ១៤ សូម​រកមើល​គោលការណ៍ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ឆ្លើយ​សំណួរ​នេះ ។

កិច្ចការ ១៤:១–២១ ពិពណ៌នា​ពី​ទុក្ខវេទនា​មួយ​ចំនួន​ដែល​ប៉ុល និង បាណាបាស​បាន​ស៊ូទ្រាំ នៅពេល​ពួកលោក​បន្ត​ផ្សព្វផ្សាយ ។ សូម​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​ថា​តើ​មាន​ទុក្ខវេទនា​អ្វី​ខ្លះ​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ​បាន​ជួប ហើយ​សូម​គិត​ពី​ការគូស​ចំណាំ​ខគម្ពីរ​ទាំង​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​អាច​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​អ្នក​ជា​ប៉ុល និង បាណាបាស​ដែល​ស្ថិត​នៅក្នុង​ការសាកល្បង​ទាំង​នោះ ?

សូម​អាន កិច្ចការ ១៤:២២ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ទុក្ខវេទនា ។

ចេញ​ពី​ខគម្ពីរ​នេះ​យើង​រៀន​នូវ​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​ឆ្លងកាត់​ទុក្ខវេទនា​ដោយ​ស្មោះត្រង់ នោះ​យើង​នឹង​បាន​ត្រៀម​ខ្លួនចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។

សូម​សញ្ជឹង​គិត​ពី​ពរជ័យ​ដែល​កើត​ឡើង​ចំពោះ​អ្នក ឬ មនុស្ស​ដែល​អ្នក​ស្គាល់ នៅពេល​អ្នក ឬ ពួកគេ​បន្ត​ដើរ​ទៅមុខ​ដោយ​ស្មោះត្រង់​ឆ្លងកាត់​ទុក្ខវេទនា​នោះ ។ តើ​អ្នក​គិត​ថា ការ​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដោយ​ស្មោះត្រង់​អាច​រៀបចំ​យើង​ចូល​ក្នុង​នគរស្ថាន​សួគ៌​តាម​របៀប​ណា​ខ្លះ ?

ប្រសិនបើ​អ្នក​មាន​អ៊ិនធើរណែត សូម​ទស្សនា​វីដេអូ Mormon Messages « The Refiner’s Fire » ( ៥:០២ ) ដែល​មាន​នៅលើ​គេហទំព័រ LDS.org ។ ពេល​អ្នក​ទស្សនា សូម​រកមើល​ពរជ័យ​នានា ដែល​អាច​កើត​ឡើង​មក​ពី​ការស៊ូទ្រាំ​នឹង​ទុក្ខវេទនា​ដោយ​ស្មោះត្រង់ ។

សូម​រើស​យក​គោលការណ៍​មួយ​ដែល​អ្នក​បាន​រៀន នៅពេល​អ្នក​សិក្សា កិច្ចការ ១៣–១៤ ដែល​នឹង​ជួយ​អ្នក​ខ្លាំង​បំផុត​អំឡុង​ពេល​នៃ​ការសាកល្បង ។ សូម​សរសេរ​គោលការណ៍​ដែល​អ្នក​បាន​រើស​នោះ​លើ​ប័ណ្ណ​កត់ត្រា ឬ នៅលើ​ក្រដាស​តូច​មួយ ។ សូម​គិត​ពី​ការដាក់​វា​នៅ​កន្លែង​ណា​ដែល​អ្នក​នឹង​មើល​ឃើញ​វា​ញឹកញាប់ « លើ​កញ្ចក់ ទូរសម្ភារ​នៅ​សាលា​របស់​អ្នក ឬ កន្លែង​ផ្សេង​ទៀត​ដែល​អ្នក​មើល​ឃើញ​ញឹកញាប់ ) ដើម្បី​ផ្តល់​ជា​កម្លាំង និង ការលើក​ទឹកចិត្ត​នៅពេល​អ្នក​ជួប​នូវ​ទុក្ខ​វេទនា ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ១៣-១៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖