បណ្ណាល័យ
មេរៀន​ទី ១៩ ថ្ងៃទី ៣ ៖ កិច្ចការ ១៦-១៧


មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ៣

កិច្ចការ ១៦-១៧

សេចក្ដីផ្ដើម

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ណែនាំ ប៉ុល និង ដៃគូ​របស់​លោក​ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ខេត្ត​ម៉ាសេដូន ( ប្រទេស​ក្រិក​ភាគ​ខាង​ជើង ) ។ បន្ទាប់​ពី​ប៉ុល បាន​បណ្តេញ​អារក្ស​ចេញ​ពី​អ្នកបម្រើ​ស្រី​ម្នាក់ នោះ​លោក​និង ស៊ីឡាស ត្រូវបាន​គេ​វាយ​ធ្វើ​បាប និង ចាប់​ដាក់​គុក ។ នា​យប់​នោះ​ពួកលោក​ត្រូវបាន​ដោះលែង​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ បន្ទាប់​មក​ពួកលោក​បាន​ជ្រមុជ​ទឹក​អ្នក​យាម​គុក និង គ្រួសារ​របស់​គាត់ ។ ប៉ុល និង​ស៊ីឡាស​បាន​បង្រៀន​ដំណឹងល្អ​នៅ​ក្រុង​ថែស្សាឡូនីច និង​ក្រុង​បេរា ។ ការ​បៀតបៀន​មក​ពី​សំណាក់​ពួក​អ្នក​ឥត​ជំនឿ​នៅ​ទីក្រុង​ទាំងនេះ​បាន​បង្ខំ​ប៉ុល​ឲ្យ​ភៀស​ខ្លួន​ទៅ​ក្រុង​អាថែន ជា​ទីក្រុង​ដែល​លោក​បាន​បង្រៀន​ដល់​ប្រជាជន​អំពី​លក្ខណៈ​ពិត​របស់​ព្រះ​នៅ​លើ​ភ្នំ​អើរីយ៉ូស ។

កិច្ចការ ១៦:១-១៥

ប៉ុល និង ដៃគូ​របស់​លោក​ផ្សាយ​ដំណឹងល្អ​នៅ​ខេត្ត​ម៉ាសេដូន

ការបំផុស​គំនិត សំដៅ លើ​អារម្មណ៍ ឬ ចំណាប់​អារម្មណ៍​ដែល​យើង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​និយាយ ឬ ធ្វើ​កិច្ចការ​អ្វី​មួយ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ពី​បទពិសោធន៍​មួយ​ដែល​លោក​បាន​មាន​នៅពេល​លោក​បាន​ធ្វើ​តាម​ការបំផុសគំនិត​ឲ្យ​ទៅ ហើយ​ផ្តល់​ពរជ័យ​បព្វជិតភាព​ដល់​មិត្តភក្តិ​ម្នាក់​នៅ​ឯ​មន្ទីរពេទ្យ ។ ជា​លទ្ធផល​ការណ៍​នេះ​បាន​សង្គ្រោះ​ដល់​ជីវិត​មិត្តភក្តិ​របស់​លោក ។ ប្រធាន ម៉នសុន បាន​មាន​ប្រសាសន៍​ថា លោក​បាន​រៀន​មេរៀន​ដូច​តទៅ​នេះ​នៅ​ថ្ងៃ​នោះ ៖ « ចូរ​កុំ ចូរ​កុំ ចូរកុំ បង្អង់​ពេល​ចំពោះ​ការបំផុស​គំនិត​ឡើយ » ( « The Spirit Giveth Life » Ensign ខែ មិថុនា ឆ្នាំ ១៩៩៧ ទំព័រ ៥ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ ចូរកុំ​បង្អង់​ពេល​ចំពោះ​ការបំផុស​គំនិត​ពី​ព្រះអម្ចាស់​ឡើយ ។ នៅ​ក្រោម​សេចក្តីថ្លែង​នោះ​សូម​សរសេរ​អំពី​លទ្ធផល​វិជ្ជមាន​ដែល​អាច​មាន មក​ពី​ការបន្ត​ស្តាប់​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅពេល​អ្នក​សិក្សា កិច្ចការ ១៦ សូម​រកមើល​គោលការណ៍​ដែល​អាច​ជួយ​អ្នក​យល់​បន្ថែម​ទៀត​ពី​ភាពចាំបាច់​នៃ​ការ​ស្តាប់​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅក្នុង កិច្ចការ ១៦:១–៥ យើង​អាន​ថា ប៉ុល ស៊ីឡាស និង ធីម៉ូថេធាស ( ហៅ​ថា ធីម៉ូថេ ) បាន​ធ្វើ​ដំណើរ​ទៅ​សាខា​ជា​ច្រើន​របស់​សាសនាចក្រ ដើម្បី​ប្រកាស​អំពី​ការសម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រុង​យេរូសាឡិម ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​សាសនាចក្រ​ទាំងមូល ហើយ​ពង្រឹង​សេចក្តី​ជំនឿ​សមាជិក​សាសនាចក្រ ។

សូម​អាន កិច្ចការ ១៦:៦–១០ ដោយ​រកមើល​ពី​របៀប​ដែល ប៉ុល និង ដៃគូ​របស់​លោក ដែល​ប្រហែល​ជា​រួមមាន​ទាំង លូកា​ផង ជា​អ្នកបាន​ដឹង​ពី​ទីកន្លែង​ដែល​ពួកលោក​ទៅ នៅពេល​ពួកលោក​ធ្វើ​ដំណើរ ។ អ្នក​អាច​មើល​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » សម្រាប់​ទីតាំង​នានា​ដែល​ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ ។

សូម​កត់ចំណាំ​នៅក្នុង កិច្ចការ ១៦:១០ ថា ប៉ុល និង ដៃគូ​របស់​លោក​បាន​ធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​បាន​ឆ្លើយតប « ភ្លាមៗ » ទៅ​នឹង​ការនិមិត្ត​ដែល​ប៉ុល​បាន​ទទួល ។

យើង​អាន​នៅក្នុង កិច្ចការ ១៦:១១–១៣ ថា ប៉ុល និង ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ពី ក្រុង​ទ្រអាស​រហូត​ដល់​ពួកគេ​បាន​ទៅ​ដល់ ក្រុង​ភីលីព​ជា​ទីក្រុង​មួយ​នៅ​ខេត្ត ម៉ាសេដូន ។ នៅ​ថ្ងៃ​ឈប់​សម្រាក ពួកលោក​បាន​ចាកចេញ​ពី​ទីក្រុង​នោះ​ទៅ​អធិស្ឋាន​ក្បែរ​ច្រាំង​ទន្លេ ហើយ​បាន​ចាប់ផ្តើម​និយាយ​ជាមួយ​ស្ត្រី​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ ។

រូបភាព
លីឌា ជាមួយ​ក្រណាត់ និង ឆ្នាំង​ជ្រលក់​ល័ខ

« លីឌា ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ » ( កិច្ចការ ១៦:១៤ )

សូម​អាន កិច្ចការ ១៦:១៤–១៥ ដោយ​រកមើល​ថា​តើ​ស្ត្រី​ឈ្មោះ លីឌា បាន​ឆ្លើយតប​ចំពោះ​ការបង្រៀន​របស់​ប៉ុល​ដូចម្តេច ។ ក្នុង ខ​ទី ១៤ ឃ្លា « អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ » សំដៅ​លើ​ព្រឹត្តិការណ៍​ដែល​ថា លីឌា​បាន​លក់​ល័ខ​ពណ៌​ស្វាយ ដែល​ថ្លៃ​ខ្លាំង ហើយ​ប្រហែល​ជា​មាន​ន័យ​ថា គាត់​គឺ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ និង អំណាច ។ ពាក្យ យក​ចិត្ត​ទុក​ដាក់​ មាន​ន័យ​ថា នាង​បាន​យកចិត្ត​ទុកដាក់ ឬ បាន​ស្តាប់​តាម ។

តើ​ឃ្លា​ណា​មួយ​នៅក្នុង កិច្ចការ ១៦:១៤ ដែល​បង្ហាញ​ថា លីឌា​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួលយក​ដំណឹង​ល្អ ?

ចេញ​ពី​បទពិសោធន៍​របស់​ប៉ុល យើង​អាច​រៀន​ថា នៅ​ពេល​យើង​ធ្វើ​តាម​វិវរណៈដែល​ព្រះបាន​ប្រទាន​ឲ្យ នោះ​យើង​អាច​បាន​ដឹកនាំ​ឲ្យ​ទៅ​រក​មនុស្ស​ដែល​ត្រៀម​ខ្លួន​ទទួល​យក​ដំណឹងល្អ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ពី អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​គូស​បន្ទាត់​ពីក្រោម​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ថា​យើង​ត្រូវ​ធ្វើ ដើម្បី​ត្រូវបាន​ដឹកនាំ​ទៅ​ជួប​អស់​អ្នក​ដែល​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​ដំណឹង​ល្អ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​សូម​ជំនួយ និង ការណែនាំ​ពី​ព្រះអម្ចាស់ ប្រយោជន៍​ឲ្យ​យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ទ្រង់​សម្រាប់​បុគ្គល​ណា​ម្នាក់​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច—ជា​បុគ្គល​ម្នាក់​ដែល​ចង់​ឲ្យ​យើង​ជួយ​គេ​នា​ថ្ងៃ​នេះ ។ បន្ទាប់​មក យើង​ត្រូវ​ស្ដាប់​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​អំពី​របៀប​ដែល​យើង​ដំណើរ​ការ​នោះ ។

« ការបំផុសគំនិត​ទាំង​នោះ​នឹង​កើត​ឡើង ។ យើង​ដឹង​ពី​ទីបន្ទាល់​ផ្ទាល់​ខ្លួន​រាប់​មិន​អស់​មក​ហើយ​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​មនុស្ស​ទាំងឡាយ​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​របស់​ទ្រង់​តាម​វេលា​របស់​ទ្រង់ និង​តាម​របៀប​របស់​ទ្រង់ ។ មនុស្ស​ទាំងនោះ​កំពុង​ស្រាវជ្រាវ ហើយ​នៅពេល​យើង​ស្វែងរក​ពួកគេ នោះ​ព្រះអម្ចាស់​នឹង​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ​តាមរយៈ​ការឆ្លើយ​តប​ចំពោះ​ការអធិស្ឋាន​របស់​យើង ។ ទ្រង់​នឹង​បំផុស​គំនិត ហើយ​ណែនាំ​ដល់​អស់​អ្នក​ដែល​មាន​បំណង និង មាន​ចិត្ត​ស្មោះសរ​ស្វែងរក​ការណែនាំ​ពី​របៀប ទីកន្លែង ពេលវេលា និង មនុស្ស​ដែល​យើង​ត្រូវ​ចែកចាយ​ដំណឹង​ល្អ​របស់​ទ្រង់ » (« Sharing the Gospel » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៨ ) ។

  1. សូម​ពិចារណា​ពី​គ្រា​មួយ​នៅពេល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ស្តាប់​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ជួប​នរណា​ម្នាក់​ដែល​បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ទទួល​យក​ដំណឹង​ល្អ ឬ នៅពេល​នរណា​ម្នាក់​បាន​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ស្វែងរក​អ្នក នៅពេល​អ្នក​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលយក​ដំណឹង​ល្អ ។ សូម​កត់ត្រា​បទពិសោធន៍​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ព្យាយាម​ធ្វើ​តាម​ដំបូន្មាន​ដែល​ចែកចាយ​ដោយ​អែលឌើរ អូក ដោយ​អធិស្ឋាន​ទូល​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​បន្ទាប់​មក​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន ។

កិច្ចការ ១៦:១៦-៤០

ប៉ុល និង ស៊ីឡាស​ត្រូវបាន​ចាប់​ដាក់​គុក ហើយ​ក្រោយ​មក​ត្រូវបាន​ដោះលែង​វិញ

សូម​អាន កិច្ចការ ១៦:១៦–១៨ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​ធ្វើ នៅពេល​លោក​បាន​ជួប​នឹង « បាវ​ស្រី » ម្នាក់ ( កិច្ចការ ១៦:១៦ ) ឬ អ្នក​បម្រើ​ស្រី ដែល​មាន​វិញ្ញាណ​អារក្ស​ចូល​ខ្លួន ។ អារក្ស​ភីថង់កិច្ចការ ១៦:១៦ ) គឺ​ជា « វិធីសាស្ត្រ​នៃ​ជំនឿ​មួយ​បែប​ដែល​ព្យាយាម​បើក​បង្ហាញ​នូវ​ដំណើរ​រឿង​នៃ​ព្រឹត្តិការណ៍​នា​ពេល​អនាគត ។ ទំនៀមទម្លាប់​បែប​នោះ បាន​មាន​នៅក្នុង​ចំណោម​ពួកសាសន៍​ទាំងអស់ និង នៅ​គ្រប់​ជំនាន់ ជាញឹកញាប់​នៅក្នុង​ព្រះគម្ពីរ​ពួក​នេះ​ត្រូវបាន​គេ​កាត់ទោស » ( Bible Dictionary « Divination » ) ។

សូម​អាន កិច្ចការ ១៦:១៩-២១ ដោយ​រកមើល​ថា​តើ​ចៅហ្វាយ​របស់​បាវ​ស្រី​នោះ​បាន​ឆ្លើយតប​ចំពោះ​សកម្មភាព​របស់​ប៉ុល​ដូចម្តេច ។

យោង​តាម កិច្ចការ ១៦:១៩ ហេតុអ្វី​ពួកគេ​អន់​ចិត្ត ?

នៅក្នុង កិច្ចការ ១៦:២២–២៤ យើង​រៀន​ថា ហ្វូងមនុស្ស និង អាជ្ញា​ធរ​ក្នុង​មូលដ្ឋាន​បាន​បញ្ជា​ថា ប៉ុល និង ស៊ីឡាស ត្រូវ​ឲ្យ​គេ​វាយ​ដំ និង ចាប់​ដាក់​គុក ។

  1. សូម​ចម្លង​តារាង​ខាងក្រោម​ចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​អាន​វគ្គ​បទគម្ពីរ​ដែល​មាន​នៅលើ​តារាង​នោះ ហើយ​គូរ​រូប​សាមញ្ញ​មួយ​នៅលើ​តារាង​ផ្ទាល់​ខ្លួន​នោះ ដោយ​បង្ហាញ​ពី​អ្វី​ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង​វគ្គ​បទគម្ពីរ​នីមួយៗ ។

    កិច្ចការ ១៦:២៥


    កិច្ចការ ១៦:២៦


    កិច្ចការ ១៦:២៧–២៨


    កិច្ចការ ១៦:២៩–៣០


    កិច្ចការ ១៦:៣១–៣២


    កិច្ចការ ១៦:៣៣–៣៤


សូម​កត់ចំណាំ​នៅក្នុង កិច្ចការ ១៦:៣១ ពី​របៀប​ដែល ប៉ុល និង ស៊ីឡាស​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​យាម​គុក​ដែល​សួរ​ថា « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង ? » ( កិច្ចការ ១៦:៣០ ) ។ តើ​ក្រោយ​មក​អ្នក​យាម​គុក​នោះ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​សេចក្តីជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ចេញ​ពី​ការបង្រៀន​របស់​ប៉ុល​ដល់​អ្នក​យាម​គុក នោះ​យើង​រៀន​ថា សេចក្ដីសង្គ្រោះ​តម្រូវ​ឲ្យ​មាន​ការ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​បង្ហាញ​ជំនឿ​របស់​យើង​លើ​ទ្រង់​តាមរយៈ​ការទទួល​បុណ្យជ្រមុជទឹក ។

សេចក្ដី​សង្គ្រោះ មានន័យ​ថា « ដើម្បី​ឲ្យ​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម ព្រមទាំង​ពី​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ផង » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​សង្គ្រោះ » scriptures.lds.org ) ។ តើ​ការ​ទទួល​បុណ្យ​ជ្រមុជទឹក​បង្ហាញ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ដូចម្តេច ?

ក្រៅ​ពី​ការទទួល​បុណ្យ​ជ្រមុជទឹក តើ​មាន​វិធី​ណា​ទៀត ដែល​យើង​អាច​បង្ហាញ​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ?

នៅក្នុង កិច្ចការ ១៦:៣៥-៤០ យើង​រៀន​ថា លោក​នគរបាល​បាន​នាំ​ពាក្យ​ទៅ​ដល់​អ្នក​យាម​គុក​ដោយ​អនុញ្ញាត​ឲ្យ​ដោះលែង ប៉ុល និង ស៊ីឡាស ។ ប៉ុល​បាន​បដិសេធ​ពី​ការដោះលែង​នោះ ដោយសារ​លោក​បាន​ដឹង​ពី​សិទ្ធិ​របស់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ​សាសន៍​រ៉ូម ហើយ​បាន​ដឹង​ថា​ការប្រព្រឹត្ត​របស់​ពួកគេ​ចំពោះ​លោក​គឺ​អយុត្តិធម៌ ។ វា​ជា​រឿង​ខុស​ច្បាប់​ដែល​វាយ​ដំ​ពលរដ្ឋ​សាសន៍​រ៉ូម ដោយ​ពុំ​បាន​ធ្វើ​ការកាត់​ទោស​ជា​មុន​នោះ ។ នៅពេល​លោក​នគរបាល​បាន​ដឹង​ថា ប៉ុល និង ស៊ីឡាស​គឺ​ជា​ពួក​សាសន៍​រ៉ូម នោះ​ពួកគេ​មាន​ការភិតភ័យ ។ លោកនគរបាល​បាន​មក​ឯ​គុក ហើយ​ដោះលែង​ប៉ុល និង ស៊ីឡាស ហើយ​សូម​ឲ្យ​ពួកលោក​ចេញ​ពី​ទីក្រុង​ទៅ ។

កិច្ចការ ១៧:១-១៥

មាន​ពួក​យូដា​មួយ​ចំនួន​នៅ​ក្រុង​ថែស្សាឡូនីច​ព្យាយាម​បញ្ឈប់​ប៉ុល​មិន​ឲ្យ​ប្រកាស​ដំណឹងល្អ

សូម​គិត​ពី​ដំបូន្មាន​ដែល​អ្នក​នឹង​ផ្តល់​ឲ្យ​បុគ្គល​ម្នាក់ៗ​ដែល​នៅ​ក្នុង​ស្ថានភាព​ខាងក្រោម​នេះ ៖

  • យុវជន​ម្នាក់​ដែល​ជា​សមាជិក​សាសនាចក្រ​បាន​ស្ដាប់​សមាជិក​មួយ​រូប​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ថ្លែង​អំពី​សារសំខាន់​នៃ​អាពាហ៍​ពិពាហ៍ និង​គ្រួសារ​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ មិត្ត​មួយ​ចំនួន​របស់​យុវជន​នោះ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ការ​បង្រៀន​របស់​សាវក​រូប​នោះ ។ យុវជន​នោះ​ចង់​ដឹង​ដោយ​ខ្លួន​ឯង​ថា តើ​ការ​បង្រៀន​របស់​សាវក​រូប​នោះ​ជា​ការ​ពិត​ដែរ​ឬទេ ។

  • យុវនារី​ម្នាក់​បាន​ចោទ​សួរ​ពី​សារសំខាន់​នៃ​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​ក្លាយ​ជា​ថ្ងៃ​បរិសុទ្ធ ។ មិត្តភក្ដិ​របស់​នាង​ភាគច្រើន​បាន​បបួល​គ្នា​ទៅ​ហាង​ទំនិញ បរិភោគ​អាហារ​នៅ​ហាង ឬ ទៅ​មើល​ភាពយន្ត​នៅ​ថ្ងៃ​អាទិត្យ ។ ម្ដាយ​នាង​ពន្យល់​ពី​ពរជ័យ​ដែល​អាច​កើត​មាន​ពី​ការ​គោរព​ដល់​ព្រះអម្ចាស់​នៅ​ថ្ងៃ​អាទិត្យ ប៉ុន្តែ​យុវនារី​ម្នាក់​នេះ​នៅ​តែ​មិន​ជឿ​ថា​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​ក្លាយ​ជា​ថ្ងៃ​បរិសុទ្ធ​គឺជា​រឿង​ដ៏​មាន​សារសំខាន់​នោះ​ទេ ។

សូម​រកមើល​គោលការណ៍​នានា នៅ​ពេល​អ្នក​សិក្សា កិច្ចការ ១៧ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ដោយ​ខ្លួន​ឯង ពី​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​សារលិខិត ដែល​យើង​ទទួល​ពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

នៅក្នុង កិច្ចការ ១៧:១ យើង​រៀន​ថា ប៉ុល និង​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ថែស្សាឡូនីច ជា​ទីក្រុង​ដែល​ពួកលោក​បាន​បង្រៀន​នៅ​ក្នុង​សាលាប្រជុំ​របស់​ពួក​យូដា ។

សូម​អាន កិច្ចការ ១៧:២–៣ ដោយ​រកមើល​អ្វី ដែល​ប៉ុល​បាន​ប្រើប្រាស់ ដើម្បី​បង្រៀន​ពួក​សាសន៍​យូដា​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះមែស៊ី ។

ពាក្យ បើក​សំដែង​យ៉ាង​ច្បាស់ នៅ​ក្នុង ខទី ៣ មាន​ន័យ​ថា ការប្រកាស ឬ ការអះអាង ។ ប៉ុល​បាន​ប្រើ​វគ្គ​បទគម្ពីរ​ជា​ភស្តុតាង​ដើម្បី​គាំទ្រ​ទីបន្ទាល់​របស់​លោក​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

សូម​អាន កិច្ចការ ១៧:៤-៥ ដោយ​រកមើល​ថា ប្រជាជន​នៅ​ថែស្សាឡូនីច​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​បង្រៀន​របស់​ប៉ុល ។ ពាក្យ បាន​ចូល​ខាង នៅក្នុង ខ​ទី ៤ មាន​ន័យ​ថា បាន​ប្រមូល​ផ្តុំ​គ្នា ឬ ចូលរួម ហើយ​ពាក្យ ពាល​អនាថា នៅក្នុង ខ​ទី ៥ មាន​ន័យ​ថា​ទុច្ចរិត ឬ អំពើ​អាក្រក់ ។

នៅក្នុង កិច្ចការ ១៧:៦–៩ យើង​រៀន​ថា មនុស្ស​កំណាច​ដែល​ពុំ​ជឿ បាន​ព្យាយាម​ស្វែងរក ប៉ុល និង ស៊ីឡាស ប៉ុន្តែ​នៅ​ពេល​ពួកគេ​រក​មិន​ឃើញ នោះ​ក្រុម​មនុស្ស​កំណាច​នេះ​បាន​យក​អ្នក​មាន​ជំនឿ​មួយ​ចំនួន​​ទៅ​ចំពោះ​មុខ​ពួក​ដឹកនាំ​នៅ​ថែស្សាឡូនីច ហើយ​បាន​អះអាង​ថា​ការបង្រៀន​របស់​ប៉ុល​បាន​គំរាម​កំហែង​ដល់​សិទ្ធិ​អំណាច​របស់​ស្ដេច​សេសា ។

សូម​អាន កិច្ចការ ១៧:១០-១២ ដោយ​រកមើល​កន្លែង​ដែល​ប៉ុល និង ស៊ីឡាស​បាន​រត់គេច​ខ្លួន ហើយ​ថា​ពួក​សាសន៍​យូដា​នៅ​ទីនោះ​បាន​ឆ្លើយតប​ចំពោះ​ការបង្រៀន​របស់​ប៉ុល​ដូចម្តេច ។

សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង កិច្ចការ ១៧:១១ តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ខ្លះ ដែល​បាន​នាំ​ពួកគេ​ឲ្យ​ជឿ​លើ​ការ​បង្រៀន​របស់​ប៉ុល ? ក្រោយ​មក សូម​បំពេញ​សមីការ​ដូចតទៅ​នេះ ជាមួយ​សកម្មភាព​ដែល​អ្នក​បាន​គូស​ចំណាំ ៖

__________________________ + _____________________________ = ជំនឿ

ដើម្បី​យល់​ពី​អត្ថន័យ​នៃ​ការ​« ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​[ ទទួល ]​ព្រះបន្ទូល » ( កិច្ចការ ១៧:១១ ) សូម​ស្រមៃ​ថា​តើ​វា​មាន​សភាព​ដូចម្តេច នៅពេល​នរណា​ម្នាក់​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាប់​បាល់​នោះ ។ ឥឡូវ​នេះ​សូម​ស្រមៃ​ថា តើ​វា​មាន​សភាព​ដូចម្តេច ប្រសិនបើ​នរណា​ម្នាក់ មិន ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចាប់​បាល់​នោះ ។ តើ​វា​មាន​សភាព​ដូចម្តេច​ដែរ នៅពេល​មនុស្ស​ម្នាក់​បាន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ទទួល​យក​ពាក្យ​សម្តី​របស់​អ្នក​បម្រើ​របស់​ព្រះ​នោះ ? តើ​វា​មាន​សភាព​ដូចម្តេច​ដែរ នៅពេល​មនុស្ស​ម្នាក់ មិន បាន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ទទួល​យក​ពាក្យ​សម្តី​របស់​អ្នក​បម្រើ​របស់​ព្រះ​នោះ ?

បុគ្គល​ម្នាក់​ដែល​ទទួល​ព្រះបន្ទូល​ដោយ​បាន​ត្រៀម​គំនិត​ជាស្រេច នោះ​គឺ​ជា​បុគ្គល​ម្នាក់​ដែល​បន្ទាប​ខ្លួន អត់ធ្មត់ និង មាន​ឆន្ទៈ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ នៅពេល​គាត់​បាន​ដឹង​ពី​ព្រះទ័យ​ទ្រង់ ( សូមមើល ម៉ូសាយ ៣:១៩) ។

ចេញ​ពី កិច្ចការ ១៧:១០–១២ យើង​រៀន​ថា ប្រសិន​បើ​យើង​ទទួល​ពាក្យ​សម្ដី​នៃ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដោយ​ត្រៀម​គំនិត​ជាស្រេច ហើយ​ស្រាវជ្រាវ​បទគម្ពីរ​ប្រចាំថ្ងៃ នោះ​ជំនឿ​របស់​យើង​លើ​ប្រសាសន៍​របស់​ពួកលោក​នឹង​មាន​ភាព​រឹងមាំ ។

  1. សូម​មើល​ស្ថានភាព​ដែល​បាន​ពិពណ៌នា​នៅ​ខាង​ដើម​នៃ​វគ្គ​នេះ​ឡើង​វិញ ហើយ​បន្ទាប់​មក ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​គោលការណ៍​នេះ​អាច​ជួយ​មនុស្ស​នៅ​ក្នុង​ស្ថានភាព​ទាំងនេះ​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​ការ​ត្រៀម​គំនិត​ជា​ស្រេច​ដើម្បី​រៀន​អាច​ជួយ​ឲ្យ​សមត្ថភាព​របស់​យើង​ជឿ​លើ​សេចក្ដី​ពិត​បាន​តាម​របៀប​ណា​ខ្លះ ?

    3. តើ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​អាច​ជះឥទ្ធិពល​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការជឿ​លើ​សេចក្ដី​ពិត​យ៉ាង​ដូចម្ដេច ?

សូម​គិត​ពី​គ្រា​ដែល​អ្នក​បាន​ឃើញ​ពី​ភាព​ពេញ​លេញ​នៃ​សេចក្ដីពិត​ចំពោះ​គោលការណ៍​នេះ ។ អ្នក​អាច​គិត​ពី​ការ​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​អ្នក ។

នៅក្នុង កិច្ចការ ១៧:១៣–១៥ យើង​រៀន​ថា នៅ​ពេល​ពួក​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ឮ​ថា ប៉ុល​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​បេរា នោះ​ពួកគេ​បាន​មក​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្រុង​បេរា​ខឹង ។ ប៉ុល​បាន​រត់​ភៀស​ខ្លួន​ម្ដង​ទៀត ដូច្នេះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អាថែន ។

កិច្ចការ ១៧:១៦-៣៤

ប៉ុល​បង្រៀន​នៅ​ភ្នំ​អើរីយ៉ូស

រូបភាព
ប៉ុល​កំពុង​បង្រៀន

ប៉ុល​បាន​បង្រៀន​នៅ​ភ្នំ​អើរីយ៉ូស

នៅក្នុង កិច្ចការ ១៧:១៦–៣៤ យើង​រៀន​ថា នៅ​ក្រុង​អាថែន ប៉ុល​បាន​ឃើញ​អាសនា​មួយ​ជាមួយ​ចំណារ​ថា « ព្រះ​ដ៏​ពុំ​ស្គាល់ » ( កិច្ចការ ១៧:២៣ ) ។ ក្រោយ​មក​ប៉ុល បាន​បង្រៀន ប្រជាជន​នៅ​ក្រុង​អាថែន​អំពី​លក្ខណៈ​នៃ​ព្រះ​ដ៏​ពិត—គឺ​ព្រះវរបិតាសួគ៌—ជា​ព្រះដែល​ពួកគេ​ពុំ​ស្គាល់ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ១៦-១៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖