បណ្ណាល័យ
មេរៀន​ទី ២០ ថ្ងៃទី ១ ៖ កិច្ចការ ២០-២២


មេរៀន​ទី ២០ ៖ ថ្ងៃទី ១

កិច្ចការ ២០-២២

សេចក្តី​ផ្ដើម

ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​ក្នុង​តំបន់​អាស៊ី​តូច ( ប្រទេស​តួកគី​សព្វថ្ងៃ ) ហើយ​កាល​លោក​នៅ​ឯ​ក្រុង​ម៉ាល​ទុស ជា​ទីក្រុង​មួយ​ក្បែរ​ក្រុង​អេភេសូ លោក​បាន​ព្រមាន​ពី​ការ​ក្បត់​សាសនា​នា​ពេល​អនាគត ហើយ​បាន​លើក​ទឹក​ចិត្ត​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ឲ្យ​លើក​តម្កើង​សមាជិក​សាសនាចក្រ ។ បន្ទាប់​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ជា​កន្លែង​ដែល​លោក​ទទួល​ការ​បៀតបៀន ហើយ​ចាប់​ខ្លួន ។ កាល​កំពុង​ឈរ​នៅ​លើ​កាំ​ជណ្ដើរ​នៃ​បន្ទាយ​អានតូនា ( ជា​បន្ទាយ​របស់​ទ័ព​រ៉ូម ) ប៉ុល​បាន​ចែកចាយ​ដំណើរ​រឿង​នៃ​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ។

កិច្ចការ ២០-២១

ប៉ុល​បាន​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​តំបន់​អាស៊ី​តូច ហើយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ជា​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​គេ​វាយ​ដំ ហើយ​ចាប់​ខ្លួន

សូម​គិត​ពី​គ្រា​មួយ​ដែល​អ្នក​ត្រូវ​ចាកចេញ​ពី​គ្រួសារ មិត្តភក្ដិ ឬ​មនុស្ស​ផ្សេង​ទៀត​ដែល​អ្នក​ខ្វល់ខ្វាយ​រយៈពេល​បីបួន​ថ្ងៃ បីបួន​សប្ដាហ៍ ឬ​បីបួន​ខែ ។

  • តើ​អ្នក ឬ​មនុស្ស​ដែល​អ្នក​ធ្លាប់​នៅ​ជាមួយ​បាន​មាន​អារម្មណ៍​បែប​ណា​ពី​មុន​អ្នក​ចាក​ចេញ​ទៅ ?

  • តើ​អ្នក​និយាយ​អ្វី​ខ្លះ​ប្រាប់​គ្នា​ពី​មុន​ចាក​ចេញ​ទៅ​នោះ ?

អំឡុង​ពេល​ដំណើរ​ផ្សព្វផ្សាយ​លើក​ទី​បី​របស់​ប៉ុល លោក​បាន​ចំណាយ​ពេល​នៅ ម៉ាសេដូន ក្រេក និង អាស៊ី​តូច ( សូមមើល​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ល.រ.១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » នៅក្នុង Bible appendix ) ។ នៅ​ក្នុង​ដំណើរ​នេះ លោក​បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ។ នៅ​ពេល​លោក​បាន​ធ្វើ​ដំណើរ លោក​បាន​ឈប់​ដើម្បី​ប្រកាស​ដំណឹងល្អ ហើយ​បាន​លា​សមាជិក​សាសនាចក្រ​នៅ​តាម​ផ្លូវ ។ នា​យប់​ពីមុន​ការចាកចេញ​ពី ទ្រូអាស ប៉ុល​បាន​និយាយ​នឹង​ពួក​បរិសុទ្ធ​រហូត​ដល់​វេលា​យប់ ។

សូម​អាន កិច្ចការ ២០:៩–១២ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យុវជន​ម្នាក់​មាន​ឈ្មោះ អើទីកុស បន្ទាប់​ពី​គាត់​បាន​ដេក​លង់​លក់​កាល​ប៉ុល​កំពុង​បង្រៀន ។ សូម​គិត​ពី​ការគូស​ចំណាំ​នៅក្នុង​គម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​ប៉ុល​បាន​ធ្វើ ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ និង ការខ្វល់ខ្វាយ​ដល់​អើទីកុស ។

តើ​ទង្វើ​របស់​ប៉ុល​ដូច​ទៅនឹង​ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​អំឡុង​ពេល​ការងារ​បម្រើ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ជា​ផ្នែក​មួយ​នៃ​ដំណើរ​ផ្សាយ​សាសនា​លើក​ទី​បី​របស់​លោក ប៉ុល​បាន​ចំណាយ​ពេល​ប្រមាណ​ជា​បី​ឆ្នាំ​នៅ​ក្រុង​អេភេសូរ​ធ្វើ​ការ​នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ទីនោះ ។ នៅក្នុង កិច្ចការ ២០:១៣–១៧ យើង​រៀន​ថា នៅ​តាម​ផ្លូវ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​នោះ ប៉ុល​បាន​ឈប់​នៅ​ក្រុង​មីលេត ហួស​ក្រុង​អេភេសូរ​បន្តិច ហើយ​បាន​ផ្ញើ​សំបុត្រ​ទៅ​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ​ឲ្យ​មក​ជួប​នឹង​លោក ។

សូម​អាន កិច្ចការ ២០:១៨-២៣ ដោយ​រកមើល​អ្វី ដែល​ប៉ុល​បាន​ពន្យល់​អំពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​លោក ។

ប៉ុល​បាន​លើក​ឡើង​ថា​លោក « មិន​បាន​ខាន​នឹង​ប្រាប់​សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍ » ( កិច្ចការ ២០:២០ ) ចេញ​ពី​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្រៀន ។ សូម​កត់ចំណាំ​នៅក្នុង កិច្ចការ ២០:២១ ពី​របៀប​ដែល​ប៉ុល​បាន​បង្រៀន ដែល​មាន​ប្រយោជន៍​បំផុត—លោក​បាន​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​គ្រប់​រូប​ត្រូវតែ​ប្រែចិត្ត ហើយ​មាន​សេចក្តីជំនឿ​លើ​ព្រះនាម​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

យោង​តាម ខ​ទី ២២–២៣ ប៉ុល​ស្ម័គ្រ​ចិត្ត​ប្រឈម​នឹង​ទុក្ខ​លំបាក​នានា​ដែល​រង់ចាំ​លោក​នៅក្នុង​ក្រុង​យេរូសាឡិម ។ លោក​ងាយ​នឹង​រង​នូវ​គ្រោះថ្នាក់​នៅ​ក្រុង​យេរូសាឡិម កាល​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ចាត់​ទុក​លោក​ជា​ជន​ក្បត់ ដោយសារ​ការ​ខិតខំ​របស់​លោក​ដើម្បី​ប្រកាស​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ ហេតុផល​មួយ​ដែល​ប៉ុល​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ក្រុង​យេរូសាឡិម​នោះ គឺ​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ដឹកនាំ​លោក​ឲ្យ​ធ្វើ​ដូច្នោះ ។

សូម​អាន កិច្ចការ ២០:២៤–២៧ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​និយាយ នៅពេល​លោក​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​ជា អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ។ សូម​គិត​ពី​ការគូស​ចំណាំ​អ្វី​ដែល​លោក​បាន​និយាយ​នៅក្នុង ខទី ២៤ ។

ចេញ​ពី កិច្ចការ ២០:២៤–២៧ យើង​រៀន​ថា អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះអម្ចាស់​ធ្វើ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​ស្មោះ​ត្រង់ ហើយ​នៅ​ពេល​ពួកគេ​ធ្វើ​ដូច្នេះ ពួកគេ​មាន​អំណរ ។ អ្នក​អាច​សរសេរ​សេចក្តីពិត​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​ពិចារណា​ថា តើ​វា​ន័យ​ដូចម្តេច​ចំពោះ​អ្នក ដើម្បី​ថ្វាយ​អ្វីៗ​ទាំងអស់​នៅក្នុង​ការបម្រើ​ដល់​ព្រះ ។

តើ​អ្នក​អាច​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់​ដោយ​របៀប​ណា ?

  1. សូម​គិត​ពី​គ្រា​មួយ​នៅក្នុង​ជីវិត​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ នៅពេល​អ្នក ឬ មនុស្ស​ដទៃ​បាន​ជ្រើស​បម្រើ​ព្រះអម្ចាស់ ដោយ​អស់​ពី​កម្លាំង និង ពលំ ហើយ​មាន​បទពិសោធន៍​នៃ​អំណរ​ដ៏​អស្ចារ្យ ។ សូម​សង្ខេប​ពី​បទពិសោធន៍​នេះ និង មេរៀន​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ​ដាក់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ប៉ុល​បាន​ទៅ​ជួប​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ​ជា​លើក​ចុង​ក្រោយ​ពី​មុន​ចាកចេញ​ទៅ​ក្រុង​យេរូសាឡិម ។ ប្រសិន​បើ​អ្នក​ជា​ប៉ុល​វិញ ដោយ​ដឹង​ថា​អ្នក​នឹង​ពុំ​បាន​ជួប​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទាំង​នេះ​នៅ​ក្រុង​អេភេសូរ​ម្ដង​ទៀត​ទេ តើ​ពាក្យ​ទូន្មាន​អ្វីខ្លះ​ដែល​អ្នក​នឹង​ផ្ដល់​ទៅ​ពួកគេ​ពី​មុន​អ្នក​ចាកចេញ​ទៅ ?

សូម​អាន កិច្ចការ ២០:២៨–៣១ ដោយ​រកមើល​ការ​ព្រមាន​របស់​ប៉ុល​ទៅ​កាន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទាំង​នេះ ។

ប៉ុល​បាន​ប្រើ​ពាក្យ​សត្វ​ចចក​ជា​តំណាង​ឲ្យ សមាជិក​សាសានាចក្រ និង មនុស្ស​មិន​ស្មោះ​ត្រង់​ដែល​នឹង​បោក​បញ្ឆោត​សមាជិក​សាសនាចក្រ​ស្មោះត្រង់ ។

ប៉ុល​បាន​រំឭក​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ថា « ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល » ( កិច្ចការ ២០:៣៥ ) ហើយ​បន្ទាប់​ពី​បាន​អធិស្ឋាន​ជាមួយ​ពួកគេ​ហើយ លោក​បាន​លា​ពួកគេ ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ( សូមមើល កិច្ចការ ២០:៣៦–៣៨ ) ។

នៅក្នុង កិច្ចការ ២១:១–១០ យើង​រៀន​ថា ប៉ុល​បាន​បន្ត​ដំណើរ​របស់​លោក​ឆ្ពោះ​ទៅ​កាន់​ក្រុង​យេរូសាឡិម ហើយ​បាន​ឈប់​នៅ​តំបន់​ផ្សេងៗ​ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ ។ នៅ​ពេល​លោក​បាន​ឈប់​នៅ​ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ថា ទីរ៉ុស មាន​ពួក​សិស្ស​មួយ​ចំនួន—ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ប៉ុល—បាន​ប្រាប់​កុំ​ឲ្យ​ប៉ុល​ទៅ​ក្រុង​យេរូសាឡិម ( សូមមើល កិច្ចការ ២១:៤ ) ។

នៅ​ឯ​សេសារា មាន​ព្យាការី​ម្នាក់​ឈ្មោះ អ័ក្កាបុស បាន​ព្យាករ​ទាក់ទង​រឿង​ដែល​នឹង​កើត​ឡើង​ចំពោះ​ប៉ុល​នៅ​ក្រុង​យេរូសាឡិម ។

សូម​អាន កិច្ចការ ២១:១១ ដោយ​រកមើល​ថា តើ​អ័ក្កាបុស​បាន​ព្យាករ​ថា​មាន​អ្វីខ្លះ​នឹង​កើត​ឡើង​ចំពោះ​ប៉ុល​នៅក្នុង​ក្រុង​យេរូសាឡិម ។ ពាក្យ ខ្សែ​ក្រវាត់ សំដៅ​ទៅ​លើ​ខ្សែ​ក្រវាត់​ចង្កេះ ។

សូម​អាន កិច្ចការ ២១:១២–១៤ ដោយ​រកមើល​ថា ប៉ុល និង​ពួក​ដៃ​គូ​របស់​លោក​បាន​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​ព្យាករ​នេះ ។

តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​លើ​ការឆ្លើយតប​របស់​ប៉ុល ?

ពុំ​មែន​គ្រប់​អ្នក​បម្រើ​ទាំងអស់​របស់​ព្រះអម្ចាស់​ត្រូវបាន​ស្នើសុំ​ឲ្យ​បូជា​ជីវិត​របស់​ពួកគេ​នោះ​ឡើយ ។ ប៉ុន្តែ ពួក​អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះអម្ចាស់​គឺ​យល់​ព្រម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ មិន​ថា​ត្រូវ​លះបង់​អ្វី​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការ​លះបង់​បែប​ណា​ខ្លះ​ដែល​អ្នក​អាច​នឹង​ត្រូវ​សុំ​ឲ្យ​ធ្វើ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ?

    2. តើ​អ្នក​ធ្លាប់​យល់​ព្រម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​មិន​ថា​អ្នក​ត្រូវ​លះបង់​អ្វី​ក៏​ដោយ​នៅ​ពេល​ណា ? ហេតុអ្វី​អ្នក​យល់​ព្រម​ធ្វើ​រឿង​នោះ ?

នៅក្នុង កិច្ចការ ២១:១៧–៤០ យើង​រៀន​ថា ប៉ុល​បាន​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​បាន​រាយការណ៍​ពី​ការងារ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ទៅ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​មូល​ដ្ឋាន ។ លោក​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​កាល​ពួក​សាសន៍​យូដា​មួយ​ក្រុម​ដែល​ស្គាល់​លោក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​លោក​បាន​ឃើញ​លោក នោះ​ពួកគេ​បាន​ប្រកាស​ថា ប៉ុល​គឺជា​គ្រូបង្រៀន​ក្លែងក្លាយ​ដែល​បាន​បង្រៀន​ទាស់​នឹង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ហើយ​បាន​នាំ​ពួក​សាសន៍​ដទៃ​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ខុស​ច្បាប់ ។ ដោយសារ​ការ​ចោទ​ប្រកាន់​នេះ មាន​មនុស្ស​កំណាច​មួយ​ក្រុម​បាន​បណ្ដេញ​ប៉ុល​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ចាប់ផ្ដើម​វាយ​ដំ​លោក ។ ពួក​ទាហាន​រ៉ូម​បាន​មក​ធ្វើ​អន្តរាគមន៍ ហើយ​បាន​ចាប់ខ្លួន​លោក​ទៅ​កាត់​ទោស ហើយ​ប៉ុល​បាន​សុំ​ទាហាន ថាតើ​លោក​អាច​និយាយ​ទៅ​កាន់​ប្រជាជន​បាមដែរ​ឬ​ទេ ។

កិច្ចការ ២២

ប៉ុល​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ហើយ​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ

ដើម្បី ប្រែចិត្តជឿ មាន​ន័យ​ថា​ត្រូវ​ផ្លាស់ប្តូរ ។ សូម​គិត​ពី​របៀប​ដែល​ទឹក​អាច​ប្រែ ឬ​ប្ដូរ​រូបរាង​វា ប្រយោជន៍​ឲ្យ​យើង​អាច​ប្រើ​សម្រាប់​គោលបំណង​ផ្សេង​ទៀត​បាន ។ ( ឧទាហរណ៍ ទឹក​អាច​ប្រែ​ជា​ទឹក​កក ឬ ចំហាយ​ទឹក ) ។ សូម​ពិចារណា​ពី​ការ​ផ្លាស់​ប្ដូរ​ទាំងឡាយ ដែល​ការ​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​នាំ​ឲ្យ​មាន ។

សូម​អាន កិច្ចការ ២២:១–៥ ដោយ​រកមើល​ថា ប៉ុល​បាន​ពិពណ៌នា​ពី​ខ្លួន​លោក​ដូចម្ដេច​ខ្លះ កាល​លោក​ថ្លែង​ទៅ​ពួក​យូដា​ពី​លើ​កាំ​ជណ្ដើរ​ប្រាសាទ​មួយ​នៅ​ក្រុង​យេរូសាឡិម ។

សូម​អាន កិច្ចការ ២២:៦–២១ ជា​អ្វី​ដែល​ប៉ុល​ប្រាប់​ពី​ដំណើរ​រឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​លោក ។ បន្ទាប់​មក​ផ្គូរផ្គង​សំណួរ​ខាង​ក្រោម​ជាមួយ​នឹង​ចម្លើយ​ត្រឹមត្រូវ ដោយ​ការ​ដាក់​អក្សរ​នៃ​ចម្លើយ​ត្រឹមត្រូវ​នៅក្នុង​ចន្លោះ​ទំនេរ​នៅ​ជាប់​នឹង​សំណួរ​នោះ ។ ( បន្ទាប់ពី​អ្នក​ធ្វើ​ចប់​ហើយ សូម​ផ្ទៀងផ្ទាត់ ចម្លើយ របស់​អ្នក​ជាមួយ​នឹង​ចម្លើយ​ទាំងឡាយ​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

ការប្រែចិត្តជឿ​របស់​ប៉ុល

  • ____ ១. តើ​មាន​អ្វី​បាន​កើត​ឡើង​ចំពោះ​ប៉ុល​នៅតាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស ? ( សូមមើល កិច្ចការ ២២:៦–៨, ១៤ ) ។

  • ____ ២. តើ​ប៉ុល​បាន​ណែនាំ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( សូមមើល កិច្ចការ ២២:១០–១១ ) ។

  • ____ ៣. តើ​ប៉ុល​បាន​ជួយ​នរណា​នៅ​ក្រុង​ដាម៉ាស ហើយ​ប៉ុល​បាន​ទទួល​អ្វី​ម្ដងទៀត ? ( សូមមើល កិច្ចការ ២២:១២–១៣ ) ។

  • ____ ៤. តើ​អាន៉្នានាស​បាន​ព្យាករ​អ្វីខ្លះ​អំពី​ប៉ុល ? ( សូមមើល កិច្ចការ ២២:១៤–១៥ ) ។

  • ____ ៥. តើ​ប៉ុល​បាន​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់​លោក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? ( សូមមើល កិច្ចការ ២២:១៦សូមមើល​ផងដែរ កិច្ចការ ៩:១៨) ។

  • ក. លោក​ត្រូវ​ទៅ​ក្រុង​ដាម៉ាស ។

  • ខ. លោក​បាន​ជួប​អាន៉្នានាស ជា​បុរស​សុចរិត​ម្នាក់ ហើយ​ភ្នែក​លោក​បា​ភ្លឺ​ឡើង​វិញ ។

  • គ. លោក​បាន​ជ្រមុជទឹក ហើយ​អំពាវនាវ​រក​ព្រះនាម​នៃ​ព្រះអម្ចាស់ ។

  • ឃ. លោក​ត្រូវបាន​ហៅ​ជា​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • ង. លោក​បាន​ឃើញ​ពន្លឺ​មួយ បាន​ឮ​ព្រះសូរសៀង​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ឃើញ​ទ្រង់​នៅក្នុង​ការនិមិត្ត ។

ប៉ុល​បាន​ស្តាប់​តាម ហើយ​ធ្វើតាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ ។ នៅក្នុង កាឡាទី ១:១៧–១៨ យើង​រៀន​ថា បន្ទាប់​ពី​ការនិមិត្ត​ដ៏​អស្ចារ្យ​របស់​លោក​មក ប៉ុល​បាន​ចំណាយ​ពេល​បី​ឆ្នាំ​នៅ អារ៉ាប់ ដែល​ជា​គ្រា​មួយ​ដ៏​ល្អ​នៃ​ការរៀបចំ និង រីកចម្រើន​ខាង​វិញ្ញាណ ពីមុន​ត្រឡប់​ទៅ​ក្រុង ដាម៉ាស​វិញ ហើយ​បន្ទាប់​មក​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ជួប​ពេត្រុស ។

សូម​គិត​អំពី​របៀប​នៃ​ការផ្លាស់ប្ដូរ​ដ៏​ធំ​ក្នុង​ជីវិត​ប៉ុល ដោយសារ​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក​ចំពោះ​ព្រះអង្គសង្គ្រោះ ។ ការប្រែចិត្តជឿ​របស់​ប៉ុល​បង្រៀន​យើង​ថា នៅ​ពេល​យើង​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មាន​ការ​ប្រែចិត្ត​ជឿ​កាន់​តែ​ពេញ​លេញ ។

ស៊ិស្ទើរ បូនី អិល អូស្ការសុន ប្រធាន​យុវនារី​ទូទៅ បាន​ពន្យល់​ពី​របៀប​ដែល​ការគោរព​ប្រតិបត្តិ​តាម​របស់​យើង​ចំពោះ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ទាក់ទង​នឹង​ការប្រែចិត្ត​ជឿ​ដ៏​ពិត ៖

រូបភាព
បូនី អិល. អូស្ការ​សុន

« ការប្រែចិត្ត​ជឿ​ពិត មានន័យ​ច្រើន​ជាង​ការ​មាន​ចំណេះ​ដឹង​ពី​គោលការណ៍​ដំណឹងល្អ ហើយ​មាន​ន័យ​ច្រើន​ជាង​ការ​គ្រាន់​តែ​មាន​ទីបន្ទាល់​អំពី​គោលការណ៍​ទាំង​នោះ​ទៅ​ទៀត ។ វា​អាច​ធ្វើ​ទៅ​បាន​ដើម្បី​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ ដោយ​ពុំ​រស់​នៅ​តាម​វា​នោះ ។ ការប្រែ​ចិត្ត​ជឿ​ពិត មាន​ន័យ​ថា យើង​កំពុង​ធ្វើ​សកម្មភាព​ទៅ​លើ​អ្វី​ដែល​យើង​ជឿ ហើយ​អនុញ្ញាត​ឲ្យ​វា​បង្កើត ‹ ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ដល់​ពួក​យើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង › [ ម៉ូសាយ ៥:២ ] ។ …

…ការប្រែចិត្តជឿ​កើត​ឡើង​នៅពេល​យើង​ឧស្សាហ៍​អធិស្ឋាន សិក្សា​ព្រះគម្ពីរ ទៅ​ព្រះវិហារ ហើយ​មាន​ភាពសក្តិសម​ចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ការប្រែចិត្តជឿ កើត​មាន​ពេល​យើង​ធ្វើ​សកម្មភាព​តាម​គោលការណ៍​សុចរិត ដែល​យើង​បាន​រៀន​ក្នុងផ្ទះ និង​ពីថ្នាក់​រៀន​របស់​យើង ។ ការ​ប្រែ​ចិត្ត​ជឿ កើត​មាន​នៅពេល​យើង​រស់​នៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ ហើយ​មាន​គុណធម៌ ថែមទាំង​រីករាយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ការ​ប្រែ​ចិត្ត​ជឿ កើត​មាន​នៅពេល​យើង​យល់​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ទទួល​ស្គាល់​ទ្រង់​ថា​ជា​ព្រះអង្គសង្គ្រោះ និង ជា​ព្រះប្រោសលោះ ហើយ​អនុញ្ញាត​ឲ្យ​ដង្វាយធួន​មាន​ឥទ្ធិពល​នៅក្នុង​ជីវិត​របស់​យើង » ( « Be Ye Converted » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៦–៧៨ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សំបុត្រ​មួយ​ឲ្យ​ខ្លួន​អ្នក អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​មាន​ការប្រែចិត្តជឿ​ដ៏​ពិត​ទៅ​លើ​ព្រះអង្គសង្គ្រោះ ។

រូបភាព
ប៉ុល​ជាប់​ចំណង

ប៉ុល​ជាប់​ចំណង​ដោយសារ​ពួកសាសន៍​រ៉ូម ។

នៅក្នុង កិច្ចការ ២២:២២–៣០ យើង​រៀន​ថា បន្ទាប់​ពី ប៉ុល​បាន​ដំណាល​ប្រាប់​ពី​រឿង​ប្រែចិត្ត​ជឿ​របស់​លោក នោះ​អ្នក​ស្តាប់​លោក​បាន​ប្រកាស​ថា លោក​គួរតែ​ត្រូវ​ប្រហារ​ជីវិត ។ ប៉ុល​ត្រូវ​បាន​នាំ​ទៅ​ជួប​នឹង​មេទ័ព​ធំ​របស់​កង​ទ័ព​រ៉ូម​នៅ​យេរូសាឡិម ជា​អ្នក​ដែល​បាន​សម្រេច​ចិត្ត​ថា​ប៉ុល​គួរ​ត្រូវ​យក​ទៅ​ធ្វើ​ទុក្ខទោស ឬ​វាយ​នឹង​រំពាត់ ជា​វិធី​មួយ​ដែល​ជា​ធម្មតា​ប្រើ​ដើម្បី​បំបាក់​មុខ ហើយ​ទទួល​បាន​ព័ត៌មាន​ពី​ឧក្រិដ្ឋ​ជន ។ ប៉ុន្តែ នៅ​ពេល​ពួក​មន្ត្រី​រ៉ូម​បាន​ដឹង​ថា ប៉ុល​គឺជា​ពលរដ្ឋ​រ៉ូម​ម្នាក់ នោះ​ពួកគេ​បាន​សម្រេច​ចិត្ត​មិន​វាយដំ​លោក​ទេ ហើយ​ផ្ទុយ​ទៅវិញ​ពួកគេ​បាន​នាំ​លោក​ទៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​គ្រប់គ្រង​សាសន៍​យូដា​គឺ​ពួក​សានហេទ្រិន ។ វា​គឺ​ជា​ការប្រឆាំង​នឹង​ច្បាប់​ពួក​សាសន៍​រ៉ូម​ដើម្បី ចងមុខ ឬ វាយ​នឹង​រំពាត់​ដល់​ប្រជាពលរដ្ឋ​រ៉ូម​ដែល « មិន​ទាន់​បាន​កាត់​ទោស » នៅ​ឡើយ ( កិច្ចការ ២២:២៥ ) ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កិច្ចការ ២០-២២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

  • ចម្លើយ​សម្រាប់​លំហាត់​ផ្គូរផ្គង ៖ (១) ង, (២) ក, (៣) ខ, (៤) ឃ, (៥) គ ។