បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្ដីពី​គម្ពីរ​កិច្ចការ


សេចក្ដី​ណែនាំ​អំពី គម្ពីរ​កិច្ចការ

តើ​ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

គម្ពីរ​កិច្ចការ​នៃ​ពួកសាវក​បង្កើត​បាន​ជា​ការសង្ខេប​រវាង​បញ្ជី​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ និង ការបង្រៀន​នៅក្នុង​ដំណឹង​ល្អ​ទាំង​បួន ព្រមទាំង​ការសរសេរ និង កិច្ចការ​នៃ​ពួកសាវក​របស់​ទ្រង់ ។ គម្ពីរ​កិច្ចការ​បង្ហាញ​ពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ បាន​បន្ត​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ តាមរយៈ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​ប្រទាន​ដល់​អស់​អ្នក​ដែល​បាន​កាន់​កូនសោ​នៃ​បព្វជិតភាព ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បើក​សម្តែង​សេចក្តីពិត​ដល់​ពួក​សាវក ក្រោយ​មក​ពួកគេ​បាន​ដឹកនាំ និង បង្រៀន​សមាជិក​សាសនាចក្រ ។ ពួក​សាវក​ក៏​បាន​ធ្វើ​អព្ហូតហេតុ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ តាមរយៈ​ការសិក្សា​គម្ពីរ​នេះ អ្នក​នឹង​រៀន​របៀប​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​ចាប់ផ្តើម​រីក​លូតលាស់​ពី​ក្រុង​យេរូសាឡិម « រហូត​ដល់​ចុង​ផែនដី​បំផុត​ផង » ( កិច្ចការ ១:៨ ) ។ ការសិក្សា​គម្ពីរ​នេះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​ប្រាជ្ញា​របស់​ព្យាការី និង សាវក​សម័យ​ទំនើប​ជា​បន្ត​បន្ទាប់ ព្រម​ទាំង​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ឈរ​យ៉ាង​រឹងមាំ​ក្នុង​នាម​ជា​សាក្សី​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

លូកា​បាន​សរសេរ​គម្ពីរ​កិច្ចការ​នៃ​ពួក​សាវក​ជា « ភាគ​ទី ២ ក្នុង​ឯកសារ​ពីរ ។ … ភាគ​ទី ១ នោះ​ស្គាល់​ថា​ជា ដំណឹង​ល្អ​តាម​លោក លូកា » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កិច្ចការ​របស់​ពួកសាវក » scriptures.lds.orgសូម​មើល​ផងដែរ លូកា ១:១–៤, កិច្ចការ ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅពេល​ណា ហើយ​នៅ​កន្លែង​ណា ?

គម្ពីរ​កិច្ចការ​បាន​សរសេរ​ឡើង​បន្ទាប់​ពី​ដំណឹងល្អ​នៃ​លូកា ( សូមមើល កិច្ចការ ១:១) វា​ទំនង​ជា​និពន្ធ​ឡើង​នៅ​អំឡុង​ពាក់​កណ្ដាល​សតវត្សរ៍​ទី​មួយ នៃ គ. ស. ។ យើង​ពុំ​ដឹង​ពី​ទី​កន្លែង​ដែល​គម្ពីរ​នេះ​បាន​សរសេរ​ឡើង​ឡើយ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

លូកា​បាន​ការខ្នង​សំបុត្រ​លើ​គម្ពីរ​កិច្ចការ​ទៅ​កាន់​មនុស្ស​ម្នាក់​ឈ្មោះ ថេវភីល ( សូមមើល កិច្ចការ ១:១) ។

តើ​គម្ពីរ​នេះ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

គម្ពីរ​កិច្ចការ​ពិពណ៌នា​អំពី​ការរីកចម្រើន​ឡើង និង លូតលាស់​នៃ​គ្រិស្តសាសនា ដោយ​ចាប់ផ្តើម​នៅក្នុង​ខេត្ត​នៃ​ពួក​សាសន៍​យូដា​ទីក្រុង​យេរូសាឡិម ហើយ​ចុង​បញ្ចប់​នៅក្នុង​ទីក្រុង​រ៉ូម ជា​រាជធានី​ដ៏​ធំ​នៃ​អាណាចក្រ​នោះ ។ ព្រឹត្តិការណ៍​នានា​ដែល​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​កិច្ចការ បាន​កើត​ឡើង​រយៈ​ពេល​ជាង ៣០​ឆ្នាំ ( ប្រមាណ​ជា​ឆ្នាំ ៣០–៦២ នៃ គ. ស. ) ហើយ​ផ្តោត​សំខាន់​ទៅលើ​ការងារ​បម្រើ​របស់​ពេត្រុស ( សូមមើល កិច្ចការ ១–១២) និង ប៉ុល ( សូមមើល កិច្ចការ ១៣–២៨) ។ ប្រសិនបើ​គ្មាន​គម្ពីរ​កិច្ចការ​ទេ នោះ​ចំណេះ​ដឹង​របស់​យើង​អំពី​ប្រវត្តិ​កាល​ពី​ដើម​របស់​សាសនាចក្រ នឹង​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ក្នុង​សំបុត្រ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ លើស​ពី​នេះ​ទៅ​ទៀត គម្ពីរ​កិច្ចការ​ផ្តល់​នូវ​បរិបទ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​សម្រាប់​សំបុត្រ​របស់​ប៉ុល ។

កត្តា​ចាំបាច់​បំផុត​ចំពោះ​ការរីកចម្រើន​ឡើង​នៃ​សាសនាចក្រ​កាល​ពី​ជំនាន់​ដើម​គឺ​ជា​ការប្រែចិត្ត​ជឿ​របស់​ប៉ុល ( សូមមើល កិច្ចការ ៩ ) និង បេសកកម្ម​ជា​បន្ត​បន្ទាប់​របស់​លោក ការនិមិត្ត​ដែល​ពេត្រុស​បាន​ទទួល​ទាក់ទង​នឹង​ការទទួល​សាសន៍​ដទៃ​ឲ្យ​ចូលរួម​សាសនាចក្រ ដែល​ពុំ​ធ្លាប់​ប្រែចិត្តជឿ​លើ​សាសនា​យូដា​កាល​ពីមុន ( សូមមើល កិច្ចការ ១០:៩–១៦, ៣៤–៣៥ ) និង គោលលទ្ធិ​នានា​ដែល​បាន​បង្រៀន​នៅ​ក្នុង​សន្និសីទ​ក្រុង​យេរូសាឡិម ( សូមមើល កិច្ចការ ១៥ ) ។

ដូច​បាន​កត់ត្រា​នៅក្នុង លូកា ២៤:៤៩ ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ពួក​សាវក​ឲ្យ​ចាប់ផ្តើម​ការងារ​បម្រើ​របស់​ពួកគេ ដរាបណា​ពួកគេ​បាន​ទទួល « ព្រះចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់ » តែ​ប៉ុណ្ណោះ ។ គម្ពីរ​កិច្ចការ​កត់ត្រា​ពី​ការប្រគល់​ឲ្យ​នូវ​ព្រះចេស្តា​នេះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ពិពណ៌នា​ពី​លទ្ធផល​ដ៏​អស្ចារ្យ​របស់​វា ដោយ​ចាប់ផ្តើម​ជាមួយ​ការប្រែចិត្ត​ជឿ​របស់​មនុស្ស​រាប់​ពាន់​នាក់​នៅ​បុណ្យ​ថ្ងៃ​ទីហា​សិប ( សូមមើល កិច្ចការ ២ ) ។ ទូទាំង​គម្ពីរ​កិច្ចការ លូកា​បាន​គូស​បញ្ជាក់​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅ​លើ​បុគ្គល​ម្នាក់ៗ និង ក្រុមជំនុំ ។ ឃ្លា​ថា « ព្រះចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់ » ក៏​ទំនង​ជា​មាន​ន័យ​ថា​ពួក​សាវក « បាន​ទទួល​ចំណេះដឹង អំណាច​ជាក់លាក់ និង ពរជ័យ​ពិសេសៗ ដែល​ជា​ធម្មតា​ត្រូវបាន​ប្រទាន​ឲ្យ​តែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​ប៉ុណ្ណោះ » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ភាគ​ទី ៣. [ ឆ្នាំ ១៩៦៥–៧៣ ] ១:៨៥៩ ) ។

គម្រោង​មេរៀន

កិច្ចការ ១-២ ។ ព្រះយេស៊ូវគ្រីស្ទ​បម្រើ​ដល់​ពួកសាវក​របស់​ទ្រង់​អស់​រយៈពេល ៤០​ថ្ងៃ បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​ឡើង​វិញ ហើយ​ក្រោយ​មក​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ ។ តាម​រយៈ​ការ​បំផុស​គំនិត សាវក​ហៅ ម៉ាត់ធាស​ឲ្យ​បំពេញ​តំណែង​ទំនេរ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ឲ្យ​យ៉ាង​ពេញ​បរិបូរ​នៅ​បុណ្យ​ថ្ងៃ​ទីហា​សិប ។ ពេត្រុស​ថ្លែង​ទីបន្ទាល់​ដោយ​ក្លាហាន​អំពី​ព្រះអង្គសង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង អំពី​មនុស្ស ៣០០០ នាក់​ដែល​បាន​ប្រែ​ចិត្ត​ជឿ ។

កិច្ចការ ៣-៨ ។ ពេត្រុស និង យ៉ូហាន​ព្យាបាល​បុរស​ម្នាក់​ដែល​ខ្វិន​ពី​កំណើត ។ ពេត្រុស និង យ៉ូហាន ត្រូវបាន​ចាប់​ខ្លួន ដោយ​ព្រោះ ការបង្រៀន និង ការប្រោស​ឲ្យ​ជា​នៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​បាន​ដោះលែង​ឲ្យ​រួច​ពី​គុក ។ ពួកសាវក​ហៅ​បុរស​ប្រាំ​ពីរ​នាក់​ឲ្យ​ជួយ​ពួកលោក​នៅក្នុង​ការងារ​បម្រើ មាន​បុរស​ម្នាក់​នោះ​ឈ្មោះ ស្ទេផាន ថ្លែង​ទីបន្ទាល់​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ពួក​សាសន៍​យូដា ហើយ​សមាជិក​ក្រុមប្រឹក្សា​នោះ​បាន​ដាក់​ទោស​ប្រហារ​ជីវិត​លោក ។ ភីលីព​ប្រកាស​ដំណឹងល្អ​នៅ​ទូទាំង​ស្រុក សាម៉ារី ។

កិច្ចការ ៩-១២ ។ សុល​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ចាប់ផ្តើម​ការងារ​បម្រើ​របស់​លោក ។ តាមរយៈ​ការនិមិត្ត ពេត្រុស​រៀន​ថា ដំណឹងល្អ​គួរ​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ ។ ហេរ៉ូឌ អ័គ្រីប៉ា ទី I បាន​ប្រហារ​ជីវិត​សាវក​យ៉ាកុប ( បងប្រុស​របស់​យ៉ូហាន ) ហើយ​បាន​ចាប់​ពេត្រុស​ដាក់​គុក ។

កិច្ចការ ១៣-១៥ ។ សុល និង បាណាបាស​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​ជួប​ការប្រឆាំង​ជំទាស់​ពី​សាសន៍​យូដា ប៉ុន្តែ​ពួក​សាសន៍​ដទៃ​មួយ​ចំនួន​បាន​ទទួល​ពួកគេ​វិញ ។ ពួក​ដឹកនាំ​សាសនាចក្រ​ជួប​គ្នា​នៅ​ក្រុង យេរូសាឡិម ហើយ​បាន​សម្រេច​ថា សាសន៍​ដទៃ​ដែល​ប្រែចិត្ត​ជឿ ពុំ​ចាំបាច់​ត្រូវ​កាត់ស្បែក ឬ គោរព​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ឡើយ នៅពេល​ពួកគេ​ចូលរួម​សាសនាចក្រ ។ ប៉ុល ( ដែល​ពីមុន​ហៅ​ថា សុល ) បាន​ចេញ​ដំណើរ​ទៅ​ផ្សព្វផ្សាយ​សាសនា​លើក​ទី​ពីរ​របស់​លោក ជាមួយ​ស៊ីឡាស ។

កិច្ចការ ១៦-២០ ។ ប៉ុល និង ស៊ីឡាស​ពង្រឹង​ព្រះវិហារ ( ក្រុមជំនុំ ) ជាច្រើន​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ដើម ។ នៅ​លើ​ភ្នំ​អើរីយ៉ូស​នៅ​ក្រុង​អាថែន ប៉ុល​បាន​បង្រៀន​ថា « យើង​រាល់​គ្នា​ជា​ពូជ​ព្រះ » ( កិច្ចការ ១៧:២៩ ) ។ ប៉ុល​បាន​បញ្ចប់​បេសកកម្ម​លើក​ទី​ពីរ​របស់​លោក ហើយ​បាន​ចេញ​ដំណើរ​ទៅ​បេសកកម្ម​លើក​ទី​បី​នៅ​ទូទាំង​តំបន់ អាស៊ី​តូច ។ ប៉ុល​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ។

កិច្ចការ ២១-២៨ ។ នៅ​ក្រុង​យេរូសាឡិម ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​បន្ត​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះ​កាយ​ទ្រង់​ម្តង​ទៀត​ដល់​ប៉ុល ។ ពួកសាសន៍​យូដា​ជាច្រើន​នាក់​រៀប​គម្រោង​សម្លាប់​ប៉ុល ។ នៅ​ឯ​សេសារា លោក​ថ្លែង​ទីបន្ទាល់​នៅ​ចំពោះ​មុខ ភេលីច ភេស្ទុស និង ចំពោះ​ព្រះភក្ត្រ​ស្តេច អ័គ្រីប៉ា ។ ប៉ុល​ត្រូវ​គេ​បញ្ជូន​ខ្លួន​ទៅ​តាម​សំពៅ​ទៅ​ក្រុង​រ៉ូម ។ ប៉ុល​ប្រកាស​ដំណឹង​ល្អ​អំឡុង​ពេល​ជាប់​ឃុំឃាំង​ក្នុង​គុក​នៅ​ទីក្រុង​រ៉ូម ។