បណ្ណាល័យ
មេរៀន​ទី ២៦ ថ្ងៃទី ១ ៖ កូល៉ុស


មេរៀន​ទី ២៦ ៖ ថ្ងៃទី ១

កូល៉ុស

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​អំពី​ភាពឧត្តុង្គឧត្តម​បំផុត ( ភាពប្រសើរលើស​គេ ភាពអស្ចារ្យ ឬ ភាពវិសេសវិសាល ) របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ព្រមាន​ទាស់​នឹង​គោលលទ្ធិ​ខុសឆ្គង ។ លោក​បាន​លើកទឹកចិត្ត​ពួក​បរិសុទ្ធ​កូល៉ុស​ឲ្យ​ចេះ​ស្រឡាញ់​អ្វី​ដែល​ជា​របស់​ផង​ស្ថានសួគ៌ ហើយ​អភិវឌ្ឍ​ឲ្យ​មាន​លក្ខណៈសម្បត្តិ​របស់​ព្រះគ្រីស្ទ ។ ប៉ុល​ក៏​បាន​ណែនាំ​ពួកគេ​ឲ្យ​មាន​ភាពគួរសម និង​ឆ្លាតវៃ​ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ដែរ ។

កូល៉ុស ១-២

ប៉ុល​បង្រៀន​អំពី​ភាពឧត្តុង្គឧត្តម​បំផុត​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្រមាន​ទាស់​នឹង​គោលលទ្ធិ​ខុសឆ្គង

រូបភាព
drawing, trees and roots

សូម​ស្រមៃ​អំពី​ដើមឈើ​ពីរ​ដើម​ដែល​មាន​ទំហំ​ស្រដៀង​គ្នា—ដែល​មួយ​ដើម​មាន​ចាក់​ឫស​រាក់ ហើយ​មួយ​ដើម​ទៀត​មាន​ចាក់​ឫស​ជ្រៅ ។ ប្រសិនបើ​មាន​ខ្យល់​ព្យុះ​កើត​ឡើង តើ​ដើម​ឈើ​មួយ​ណា​ដែល​នឹង​រលំ ? ហេតុអ្វី ?

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដោយ​ស្វែងរក​ប្រភេទ​នៃ​ខ្យល់​គួច​ដែល​យើង​គួរតែ​ប្រយ័ត្ន​ខ្លួន ៖ « កង្វល់​ដែល​ធំ​ជាង​ការរញ្ជួយដី និង សង្គ្រាម [ នៅ​ថ្ងៃ​ចុង​ក្រោយ ] ដែល​បាន​ព្យាករ​ទុក​ទៅ​ទៀត​នោះ​គឺ ខ្យល់​គួច​ខាង​វិញ្ញាណ​ដែល​អាច​ផ្ដាច់​អ្នក​ចេញ​ពី​គ្រឹះ​ខាង​វិញ្ញាណ​របស់​អ្នក ហើយ​ដាក់​វិញ្ញាណ​អ្នក​នៅ​ទី​ដែល​អ្នក​នឹង​នឹក​ស្មាន​មិន​ដល់ ពេល​ខ្លះ​អ្នក​មិន​បាន​ទាំង​ដឹង​ខ្លួន​ថា​អ្នក​ត្រូវបាន​ផ្ដាច់​ចេញ​ផង » (  « Spiritual Whirlwinds » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨ ) ។

តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​នៃ​ខ្យល់​គួច​ខាង​វិញ្ញាណ ដែល​អាច​រំលើង​ឫស ឬ​ផ្ដាច់​យើង​ចេញ​ពី​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

ហេតុអ្វី​បាន​ជា​ខ្យល់គួច​ខាង​វិញ្ញាណ​ទាំងនេះ​អាច​ជា​រឿង​កាន់តែ​វឹកវរ​ជាង​ឧបសគ្គ​ខាង​សាច់ឈាម​ដូចជា រញ្ជួញ​ដី ឬ​សង្គ្រាម​ទៅ​ទៀត ?

សូម​ពិចារណា​មួយ​ភ្លែត អំពីខ្យល់​គួច​ខាង​វិញ្ញាណអ្វី​ខ្លះ​ដែល​​​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​អ្នក ។

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូល៉ុស បន្ទាប់​ពី​បាន​ដឹង​អំពី​ឥទ្ធិពល និង​សេចក្ដី​បង្រៀន​ខុសឆ្គង​នៅ​ទីនោះ ដែល​គំរាមកំហែង​ផ្ដាច់​ឫស​ពួកគេ​ចេញ​ពី​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នៅ​ពេល​អ្នក​សិក្សា​គម្ពីរ​កូល៉ុស សូម​ស្វែងរក​របៀប​ដែល​ប៉ុល​បាន​ព្យាយាម​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សមាជិក​សាសនាចក្រ​ទៅ​លើ​ព្រះគ្រីស្ទ ហើយ​ស្វែងរក​ពរជ័យ​នានា​មក​ពី​ការចាក់ឫស​សេចក្ដីជំនឿ​យ៉ាង​ជ្រៅ​ទៅ​លើ​ព្រះគ្រីស្ទ ។

ក្រុង​កូល៉ុស​គឺ​ជា​ទីតាំង​ប្រទេស​តួគី​នា​ពេល​បច្ចុប្បន្ន​នេះ ។ សូម​បើក​ទៅ​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប​លេខ ១៣ « ដំណើរ​របស់​ប៉ុល​ទៅ​ផ្សាយ​សាសនា » ហើយ ស្វែងរក​ទីតាំង ក្រុង​ឡៅឌីសេ​នៅ​លើ​ផែនទី ។ ក្រុង​កូល៉ុស​មាន​ទីតាំង​ប្រមាណ ១៧.៧ គីឡូម៉ែត្រ នៅ​ភាគ​អាគ្នេយ៍​ក្រុង​ឡៅឌីសេ ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូល៉ុស ១:១–១១ ប៉ុល​បាន​ពោល​ពាក្យ​ជម្រាបសួរ​ពួក​បរិសុទ្ធ​កូល៉ុស ហើយ​បាន​ទទួលស្គាល់​ភាពស្មោះត្រង់​របស់​ពួកគេ ។ លោក​បាន​ពន្យល់​ថា ដំណឹងល្អ​នាំ​មក​នូវ​ផលផ្លែ ឬ​ពរជ័យ នៅ​ក្នុង​ជីវិត​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​យក ហើយ​រស់នៅ​តាម​វា ។ ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន កូល៉ុស ១:១២–១៩ ដោយ​ស្វែងរក​សេចក្ដីពិត​នានា​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​គូស​ចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។ ឃ្លា « ​ផ្លាស់​យើង​មក » នៅ​ក្នុង ខទី ១៣ មាន​ន័យ​ថា « បាន​កែប្រែ​យើង » ពាក្យ ដ៏​មើល​មិន​ឃើញ នៅ​ក្នុង ខទី ១៥ មាន​ន័យ​ថា « មិន​អាច​មើល​ឃើញ » ។

កូល៉ុស ១:១២–១៩ បង្រៀន​សេចក្ដីពិត​ដូច​ខាង​ក្រោម​អំពី​ព្រះយេស៊ូវគ្រីស្ទ ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ ជា​បុត្រច្បង​នៃ​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ជា​ព្រះបង្កបង្កើត​របស់​សព្វសារពើ ជា​សិរសា​នៃ​សាសនាចក្រ និង​ជា​អង្គ​ដំបូង​​បង្អស់​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​យើង​ដែល​ត្រូវ​ដឹង ហើយ​ជឿ​លើ​សេចក្ដីពិត​ទាំងនេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

    2. តើ​ការដឹង និង​ការជឿ​លើ​សេចក្ដីពិត​ទាំងនេះ អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ?

ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​ប្រោសលោះ​របស់​យើង ( សូម​មើល កូល៉ុស ១:១៤  ) ។ សូម​អាន កូល៉ុស ១:២០–២២ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​កូល៉ុស អំពី​សេចក្តី​ត្រូវការ​របស់​ពួកគេ​ក្នុង​ការ​មាន​ព្រះប្រោសលោះ​មួយ​ព្រះ​អង្គ ។

យោង​តាម ខទី ២១ តើ​មនុស្ស​ម្នាក់​ងាកចេញ ឬ​បែកចេញ​ពី​ព្រះ​តាម​របៀប​ណា ?

ពាក្យ ឲ្យ​ជា ( សូម​មើល កូល៉ុស ១:២០–២១  ) មាន​ន័យ​ថា នាំ​ឲ្យ​ព្រមព្រៀង ឬ​ចុះសម្រុង ។ យោង​តាម កូល៉ុស ១:២០–២២ តើ​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​យើង​ជា​នឹង​ព្រះ​តាម​របៀប​ណា ? ( ឃ្លា « តាំង​ស្ពាន​មេត្រី ដោយសារ​ព្រះលោហិត​នៃ​ការឆ្កាង​ទ្រង់ » [  ខទី ២០  ] សំដៅ​ទៅ​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។

ពរជ័យ​នៃ​ការបាន​ជា​នឹង​ព្រះ​គឺ​មាន​លក្ខខណ្ឌ ។ សូម​អាន កូល៉ុស ១:២៣ ដោយ​ស្វែងរក​អ្វី​ដែល​តម្រូវ​ឲ្យ​មាន ដើម្បី​បាន​ជា​នឹង​ព្រះ ។

ដើម្បី « តាំង​នៅ​ជាប់លាប់ ហើយ​មាំមួន​ក្នុង​សេចក្តី​ជំនឿ » (  កូល៉ុស ១:២៣  ) មាន​ន័យ​ថា ត្រូវ​បន្ត​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។ ចេញ​ពី កូល៉ុស ១:២០–២៣ យើង​រៀន​សេចក្ដីពិត​ដូចខាង​ក្រោម ៖ យើង​អាច​បាន​ជា​នឹង​ព្រះ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើ​យើង​បន្ត​តាំង​នៅ​ជាប់លាប់ ហើយ​មាំមួន​ក្នុង​សេចក្តី​ជំនឿ ។

  1. សូម​រំឭក​អំពី​ស្ថានភាព​នៃ​ដើម​ឈើ​ពីរ​ដើម​នៅ​ខាងដើម​មេរៀន​នេះ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ស្គាល់​នរណា​ដែល​មាន​លក្ខណៈ​ដូចជា​ដើម​ឈើ​ដែល​មាន​ឫស​វែង—ដែល​តាំង​នៅ​ជាប់លាប់ ហើយ​មាំមួន​ក្នុង​សេចក្តី​ជំនឿ​របស់​គាត់​ដែរ​ឬ​ទេ ?

    2. តើ​គំរូ​របស់​គាត់​ក្លាយ​ជា​ពរជ័យ​ចំពោះ​អ្នកយ៉ាង​ដូចម្ដេច ?

សូម​រំឭក​អំពី​ខ្យល់កួច​ដែល​កួច​បក់បោក​ទៅ​លើ​ដើម​ឈើ​ទាំង​ពីរ​ដើម​នោះ ។ សូម​អាន កូល៉ុស ២:៤, ៨ ដោយ​ស្វែងរក​ខ្យល់កួច​ខាង​វិញ្ញាណ ដែល​គំរាមកំហែង​ផ្តាច់​ឫស​ពួក​បរិសុទ្ធ​កូល៉ុស ។

នៅ​គ្រា​នោះ មាន​ទស្សនៈវិជ្ជា និង​ប្រពៃណី​ជា​ច្រើន​ដែល​បាន​បង្រៀន​ដោយ​មនុស្ស​មួយ​ចំនួន ដែល​ព្យាយាម​លុប​បំបាត់​សារៈសំខាន់​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ទស្សនវិជ្ជា​ដ៏​ខុសឆ្គង​ផ្សេងៗ​ខាង​សាសនា​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នោះ​បាន​ប្រាប់​ថា ពួក​ទេវតា​គឺ​ជា​អ្នក​សង្រួបសង្រួម​យើង​ជាមួយ​ព្រះ​ជា​តួអង្គ​ដែល​គួរតែ​ថ្វាយបង្គំ ព្រមទាំង​គំនិត​ដែល​ថា រូបកាយ​គឺ​ជា​វត្ថុ​អាក្រក់ ( សូម​មើល កូល៉ុស ២:១៦–២៣  ) ។

ហេតុអ្វី​បាន​ជា​ការជឿ​លើ​សេចក្ដី​បង្រៀន​ក្លែងក្លាយ រួមមាន​សេចក្ដី​បង្រៀន​ដែល​លុបបំបាត់​សារៈសំខាន់​នៃ​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ងាយស្រួល​នឹង​ត្រូវ​រំលើង​ឫស​ខាង​វិញ្ញាណ ?

សូម​អាន កូល៉ុស ២:៦–៧ ស្វែងរក​ដំបូន្មាន​ដែល​ប៉ុល​បាន​ផ្ដល់ឲ្យ ដើម្បី​ជួយ​ពួក​បរិសុទ្ធ​​ចៀសវាង​ពី​ការ​​ដឹកនាំ​ឲ្យ​ដើរ​ផ្លូវ​ខុស ដោយសារ​ទស្សនវិជ្ជា និង​ទំនៀម​ទម្លាប់ខាង​លោកិយ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ តាមរយៈ​ការចាក់​ឫស និង​ស្ថាបនា​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ចៀសវាង​​ពី​ការ​ដឹកនាំ​ឲ្យ​ដើរ​ផ្លូវ​ខុស​ដោយសារ​ទស្សនវិជ្ជា និង​ទំនៀម​ទម្លាប់ខាង​លោកិយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ជឿ​ថា​កិច្ចការ​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត ដែល​យើង​អាច​ធ្វើ​ដើម្បី​បាន​ចាក់​ឫស ហើយ​ស្ថាបនា​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

    2. ហេតុអ្វី​បាន​ជា​អ្នក​ជឿ​ថា កិច្ចការ​ជាក់លាក់​នោះ​មាន​សារៈសំខាន់​ដល់​ម្ល៉េះ ?

សូម​ពិចារណា​លើ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដែល​ថ្លែង​ដោយ​អែលឌើរ អាន់ឌើរសិន កាល​លោក​បាន​បន្ត​ថ្លែង​សុន្ទរកថា​របស់​លោក​អំពី​ខ្យល់​កួច​ខាង​វិញ្ញាណ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« ខ្យល់គួច​ដ៏​កំណាច​នេះ គឺ​ជា​ការល្បួង​ពី​មារសត្រូវ ។ អំពើបាប​តែង​មាន​នៅ​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​វា​ពុំ​ធ្លាប់​មាន ហើយ​ងាយ​នឹង​ទទួល​យក​ដូច​សព្វថ្ងៃ​នេះ​នោះ​ទេ ។ ពិតណាស់ មាន​កម្លាំង​ដ៏​អស្ចារ្យ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ខ្យល់គួច​នៃ​អំពើបាប​នេះ​ស្ងប់​បាន ។ វា​ត្រូវបាន​ហៅ​ថា ការប្រែចិត្ត ។

« មិន​មែន​រាល់​ខ្យល់កួច​ក្នុង​ជីវិត​នេះ​សុទ្ធតែ​កើត​មក​ពី​ទង្វើ​របស់​អ្នក​ឡើយ ។ អំពើបាប​ខ្លះ​កើត​ឡើង​ដោយសារ​ការជ្រើសរើស​ខុស​របស់​អ្នកដទៃ ហើយ​ខ្លះ​ទៀត​កើត​ឡើង​ដោយសារ​នេះ​ជា​ជីវិត​រមែង​ស្លាប់ ។ …

« តើ​អ្នក​រៀបចំខ្លួន​សម្រាប់​ខ្យល់កួច​របស់​អ្នក​តាម​របៀប​ណា ? ‹ ចូរ​ចងចាំ … ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន ដើម្បី​កាល​ណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំងក្លា​របស់​វា​មក … ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់គួច … កាលណា​ព្រិល និង ខ្យល់ព្យុះ​កំណាច​ទាំងអស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច … ដើម្បី​ទាញ​កូន​ចុះ … ពីព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ › [  ហេលេមិន ៥:១២  ] ។ នេះ​ជា​សុវត្ថិភាព​របស់​អ្នក​នៅ​ក្នុង​ខ្យល់​គួច​នោះ » (  « Spiritual Whirlwinds » ទំព័រ ១៨–១៩ ) ។

  1. សូម​រំឭក​អំពី​ខ្យល់កួច​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​ទាំងនោះ ដែល​អ្នក​បាន​គិត​អំពី​វា​កាល​នៅខាង​ដើម​មេរៀន​នេះ ។ សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​បន្ត​ចាក់​ឫស និង​ស្ថាបនា​នៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​ចៀសវាង​ពី​ការ​រំលើង​ឫស​ដោយ​ខ្យល់កួច​ខាង​វិញ្ញាណ ។

កូល៉ុស ៣-៤

ប៉ុល​លើក​ទឹកចិត្ត​ពួក​កុល៉ុស​ឲ្យ​ចេះ​ស្រឡាញ់​អ្វី​ដែល​ជា​របស់​ផង​ស្ថានសួគ៌ ហើយ​មាន​ភាពវៃឆ្លាត

ដូច​មាន​កត់ត្រា​នៅ​ក្នុង កូល៉ុស ៣–៤ សាវក​ប៉ុល​បាន​ជំរុញ​ចិត្ត​ឲ្យ​ពួក​បរិសុទ្ធ​កូល៉ុស​បញ្ឈប់​អំពើ​ទុច្ចរិត ហើយ​អភិវឌ្ឍ​ឲ្យ​មាន​លក្ខណៈសម្បត្តិ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន ហើយ​មាន​ភាពឆ្លាតវៃ ជា​ពិសេស​នៅ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ​ជាមួយ​អ្នក​ដែល​មិន​មែន​ជា​គ្រិស្តសាសនិក ។ ក្រោយ​មក​លោក​បាន​បន្ត​ពាក្យ​ជម្រាបសួរ​ដល់​បងប្អូន​រួម​ការងារ​បម្រើ​ជាមួយ​លោក រួមទាំង​លូកា​ផងដែរ ។

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​គម្ពីរ​កូល៉ុស ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖