បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​កូល៉ុស


សេចក្ដី​ណែនាំ​ស្តីពី គម្ពីរ​កូល៉ុស

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​កូល៉ុស ដោយសារតែ​មាន​ដំណឹង​មួយ​ប្រាប់​ថា ពួកគេ​បាន​ធ្លាក់​ទៅ​ក្នុង​កំហុស​ដ៏​ធ្ងន់ធ្ងរ ( សូម​មើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ សេចក្ដីបង្រៀន និង ការប្រព្រឹត្ត​ក្លែងក្លាយ​នៅ​ក្រុង​កូល៉ុស បាន​ជះឥទ្ធិពល​លើ​ពួក​បរិសុទ្ធ​នៅ​ទីនោះ ហើយ​គំរាមកំហែង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ សម្ពាធ​ខាង​វប្បធម៌​ស្រដៀងគ្នា​នេះ​ដែរ បាន​ក្លាយ​ជា​ឧបសគ្គ​ចំពោះ​សមាជិក​សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន​នេះ ។ ផ្នែក​សំខាន់​​ក្នុង​សំបុត្រ​នេះ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​លោក​បង្ហាញ ហើយ​លើកឡើង​អំពី​ភាពខុសឆ្គង ​ខណៈ​ដែល​គូសបញ្ជាក់​​ទៅ​លើ​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ និង កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ តាមរយៈ​ការសិក្សា​គម្ពីរ​កូល៉ុស អ្នក​អាច​ពង្រឹង​ការប្រែចិត្តជឿ​ទៅ​លើ​ព្រះអង្គសង្គ្រោះ​របស់​អ្នក ហើយ​ទទួល​បាន​ការការពារ​ឲ្យ​ផុត​ពី​ការបំភាន់ និង អំពើបាប ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សំបុត្រ​ទៅ​កាន់​ពួក​កូល៉ុស​ត្រូវបាន​ផ្ញើ​មកពី​ប៉ុល និង ធីម៉ូថេ ( សូម​មើល កូល៉ុស ១:១, ២៣; ៤:១៨ ) ។ ប៉ុល​ប្រាកដ​ជា​បាន​សរសេរ​អំពី​ស្ថានភាព​របស់​លោក​ផ្ទាល់ នៅ​ចុង​បញ្ចប់​​សំបុត្រ ( សូម​មើល កូល៉ុស ៤:១៨ ) ដោយ​បង្ហាញ​ថា ប្រហែលជា​ធីម៉ូថេ​គឺ​ជា​ស្មៀន​ម្នាក់ ដែល​បាន​ជួយ​លោក​សរសេរ​តួសេចក្ដី​នៃ​សំបុត្រ​នេះហើយ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​កូល៉ុស អំឡុង​ពេល​ការជាប់ឃុំ​លើកទី​មួយ​របស់​លោក​នៅ​ក្រុង​រ៉ូម ប្រមាណ​ឆ្នាំ ៦០–៦២ នៃ គ.ស. ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។ លោក​ប្រហែលជា​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​នៅ​ពេល​ដំណាល​គ្នា​ដែល​លោក​បាន​សរសេរ​ទៅ​កាន់​ពួក​ភីលីព អេភេសូរ និង ភីលេម៉ូន​ដែរ ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​នេះ​ត្រូវបាន​សរសេរ​ទៅ​កាន់​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​នៅ​ក្រុង​កូល៉ុស ដែល​ជា​ប្រទេស​តួគី​នា​ពេល​បច្ចុប្បន្ន​នេះ ។ ប៉ុល​បាន​មាន​ប្រសាសន៍​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​កូល៉ុស ចែកចាយ​សំបុត្រ​នេះ​ជាមួយ​សមាជិក​សាសនាចក្រ​នៅ​ក្បែរៗ​ក្រុង​ឡៅឌីសេ​ផង ( សូម​មើល កូល៉ុស ៤:១៦ ) ។

ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ « ក្រោយ​ពី​លោក អេប៉ាប្រាស ជា​អ្នក​ផ្សាយ​ដំណឹងល្អ​នៃ​សាសនាចក្រ​នៅ [ កូល៉ុស ] បាន​មក​ជួប​នឹង​លោក [ សូម​មើល កូល៉ុស ១:៧–៨ ] ។ អេប៉ាប្រាស​ប្រាប់​ប៉ុល​ថា ពួក​កូល៉ុស​កំពុងតែ​ធ្លាក់​ក្នុង​កំហុស​ដ៏​ធ្ងន់—គេ​គិត​ថា​ខ្លួន​គេ​គ្រាន់បើ​ជាង​មនុស្ស​ឯ​ទៀត ពី​ព្រោះ​គេ​កាន់​តាម​ពិធី​បរិសុទ្ធ​ខាង​ក្រៅ​ខ្លះៗ​យ៉ាង​ប្រយ័ត្នប្រយែង [ សូម​មើល កូល៉ុស ២:១៦ ] គឺ​ដោយ​អត់​នូវ​សេចក្ដី​ប្រាថ្នា​ខាង​សាច់ឈាម​ខ្លះ ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា [ សូម​មើល កូល៉ុស ២:១៨ ] ។ អំពើ​ទាំងនេះ ធ្វើ​ឲ្យ​ពួក​កូល៉ុស​គិត​ថា ខ្លួន​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ។ គេ​ក៏​គិត​ថា គេ​យល់​នូវ​ការអាថ៌កំបាំង​នៃ​សាកលលោក ជាង​សមាជិក​ដទៃ​ទៀត​ក្នុង​សាសនាចក្រ ។ នៅ​ក្នុង​សំបុត្រ​លោក នោះ​ប៉ុល​បាន​កែតម្រូវ​គេ​ដោយ​បង្រៀន​គេ​ថា សេចក្ដី​ប្រោសលោះ​បាន​មក​តាមរយៈ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ហើយ​ពួកយើង​ត្រូវ​មាន​ប្រាជ្ញា​វាងវៃ ហើយ​បម្រើ​ទ្រង់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កូល៉ុស សំបុត្រ​ដល់​ពួក » scriptures.lds.org ) ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

នៅ​ក្នុង​សំបុត្រ​ទៅ​កាន់​ពួក​កូល៉ុស ប៉ុល​បាន​រៀបរាប់​អំពី​សេចក្ដី​បង្រៀន​ខុសឆ្គង​នៅ​ក្រុង​កូល៉ុស​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ទេវភាព បេសកកម្ម​សង្គ្រោះ និង ឧត្តមភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល កូល៉ុស ១:១៥–២៣ ) ។ លោក​បាន​បង្រៀន​ថា ព្រះគ្រីស្ទ​មាន​រូបអង្គ​របស់​​ព្រះ​ជា​ព្រះវរបិតា អង្គ​បង្កបង្កើត សិរសា​នៃ​សាសនាចក្រ អង្គ​ទី​មួយ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ និង ព្រះអង្គ​ប្រោសលោះ ។ ទ្រង់​គឺ​ជា « សិរសា​លើ​អស់​ទាំង​ពួកគ្រប់គ្រង និង​អំណាច​ទាំង​ប៉ុន្មាន » ( កូល៉ុស ២:១០ ) ហើយ​ទ្រង់​បាន​សម្រេច​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា ( សូម​មើល កូល៉ុស ១:១៩; ៣:១ ) ។

ប៉ុល​បាន​ព្រមាន​ទាស់​នឹង​អស់​អ្នក​ដែល​បាន​បង្រៀន​ថា ជីវភាព​ខាង​ផ្លូវ​វិញ្ញាណ​ដ៏​ពិត​កើត​មាន​ឡើង​តាមរយៈ​ពិធីសាសនា​ពិសេសៗ ពិធីបុណ្យ​នានា និង អាហារ ( សូម​មើល កូល៉ុស ២:១៦–១៨, ២០, ២៣ ) ។ ជំនួស​មក​វិញ លោក​បាន​បង្រៀន​ថា ភាពចាស់ទុំ​ខាង​វិញ្ញាណ និង ចំណេះដឹង​អំពី​ព្រះ​ត្រូវបាន​បង្ហាញ​តាមរយៈ​ការផ្ចង់ « ចិត្ត​ទៅ​ឯ​សេចក្តី​ទាំងអស់​ដែល​នៅ​ខាង​លើ » ( កូល៉ុស ៣:២ ) ដោយ​កម្ចាត់​ចោល​នូវ​ទង្វើ​នានា​ដែល​មិន​សុចរិត ( សូម​មើល កូល៉ុស ៣:៥–៩ ) ហើយ​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ( សូម​មើល កូល៉ុស ៣:១២–១៧ ) ។ ប៉ុល​បាន​ទូន្មាន​អ្នក​អាន​របស់​លោក​ឲ្យ « បាន​តាំង​នៅ​ជាប់លាប់ ហើយ​មាំមួន » ក្នុង​ដំណឹងល្អ ( កូល៉ុស ១:២៣ ) ក៏​ដូចជា « បាន​ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង [ ព្រះយេស៊ូវគ្រីស្ទ ] ទាំង​តាំង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​ជំនឿ » ( កូល៉ុស ២:៧ ) ។

គម្រោង​មេរៀន

កូល៉ុស ១:១–២៣ ។ ប៉ុល​ថ្លែង​ពាក្យ​ជម្រាប​សួរ​ដល់​ពួក​បរិសុទ្ធ ហើយ​ប្រកាស​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ ជា​បុត្រ​ច្បង​ក្នុង​ចំណោម​កូន​វិញ្ញាណ​ទាំងអស់ និង​ជា​ព្រះអម្ចាស់​នៃ​អស់​ទាំង​ភាពគ្រប់លក្ខណ៍ ជា​អង្គ​ដែល​បង្កបង្កើត​ចក្រវាឡ ។ ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

កូល៉ុស ១:២៤–២:២៣ ។ ប៉ុល​ព្រមាន​ទាស់​នឹង​ការជឿ​ទៅ​លើ​ទស្សនៈវិជ្ជា ឬ​សណ្ដាប់​ខុសឆ្គង​របស់​មនុស្ស រួម​មាន​ការថ្វាយបង្គំ​ពួក​ទេវតា និង ភាពជ្រុល​និយម​ក្នុង​ការមិន​ទទួលស្គាល់​សេចក្ដីត្រូវការ​ចាំបាច់​ខាង​សាច់ឈាម​របស់​ខ្លួនឯង ដែល​ជា​ទម្រង់​នៃ​ការដាក់​វិន័យ​ខាង​វិញ្ញាណ ។

កូល៉ុស ៣:១–៤:១៨ ។ ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ដាក់​ចិត្ត​ទៅ​ឯ​សេចក្តី​ទាំងអស់​ដែល​នៅ​ខាង​លើ បោះបង់​ចោល​អំពើបាប​ដែល​មាន​ក្នុង​ជីវិត​ចាស់​របស់​ពួកគេ ហើយ​មាន​ចិត្ត​មេត្តា​ករុណា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​ផ្តល់​ការណែនាំ​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​គួរតែ​ថ្វាយបង្គំ រួច​លោក​ផ្ដល់​ដំបូន្មាន​ដល់​ភរិយា ស្វាមី កូនៗ ឪពុក​ម្ដាយ បាវបម្រើ និង ចៅហ្វាយ ។ លោក​បញ្ចប់​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​កូល៉ុស​ដោយ​ពាក្យ​សរសើរ ការគោរព និង សេចក្ដីណែនាំ​ចុងក្រោយ​ព្រមទាំង​ពាក្យ​ជូនពរ ។