បណ្ណាល័យ
មេរៀន​ទី ២៥ ថ្ងៃទី ១ ៖ អេភេសូរ ២–៣


មេរៀន​ទី ២៥ ៖ ថ្ងៃទី ១

អេភេសូរ ២–៣

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​ក្រុង​អេភេសូរ​ថា មនុស្ស​មាន​បាប​ទាំងអស់​អាច​បាន​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះ ហើយ​ថា​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​ក្លាយ​ទៅ​ជា​សាសន៍​តែ​មួយ​ក្នុង​គ្រួសារ​ព្រះ ។ ប៉ុល​ក៏​បាន​ពន្យល់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​លើ​គ្រឹះ​នៃ​ពួក​សាវក និង​ពួក​ព្យាការី ហើយ​លោក​បាន​មាន​ប្រសាសន៍​ប្រាប់​អំពី​បំណង​ប្រាថ្នា​របស់​លោក​ដែល​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ទទួល​បាន​សេចក្ដីស្រឡាញ់​ពី​ព្រះយេស៊ូវគ្រីស្ទ ។

អេភេសូរ ២

ប៉ុល​បង្រៀន​អំពី​របៀប​ដែល​ព្រះលោហិត​របស់​ព្រះយេស៊ូវគ្រីស្ទ​សង្គ្រោះ​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា មិន​ត្រូវបាន​គេ​រាប់រក ឬ​បែក​ឆ្ងាយ​ពី​មនុស្ស​ដទៃ ។

នៅ​គ្រា​ដែល​សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​អេភេសូរ មាន​សមាជិក​មួយ​ចំនួន​ដែល​ជា​ពួក​សាសន៍​យូដា​បាន​មាន​អារម្មណ៍​ថា​ពួកគេ​ប្រសើរ​ជាង​ពួក​អ្នក​ប្រែចិត្តជឿ​សាសន៍​ដទៃ​ដោយសារ​តែ​ពួក​សាសន៍​យូដា​គឺ​ជា​រាស្ត្រ​អ៊ីស្រាអែល​ពី​កំណើត រីឯ​បុរសៗ​ក៏​បាន​កាត់ស្បែក​ហើយ​ដែរ ។

សូម​អាន អេភេសូរ ២:១–៣ ដោយ​ស្វែងរក​ថា តើ​ប៉ុល​បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​ទាំង​ពួក​បរិសុទ្ធ​សាសន៍​ដទៃ​ផង ( អ្នក​រាល់​គ្នា និង អ្នក​រាល់​គ្នា នៅ​ក្នុង ខទី ១–២ ) និង​ពួក​បរិសុទ្ធ​សាសន៍​យូដា​ផង (  យើង​រាល់​គ្នា នៅ​ក្នុង ខទី ៣ ) ដែល​នៅ​ពីមុន​ពួកគេ​បាន​ប្រែចិត្តជឿ​លើ​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់ ។ ឃ្លា « មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស » នៅ​ក្នុង ខទី ២ សំដៅ​ទៅ​លើ​អារក្ស និង​ឥទ្ធិពល​របស់​វា​ពាសពេញ​ពិភពលោក ។

  • យោង​តាម ខទី ១–២ តើ​ពួក​សាសន៍​ដទៃ​បាន​មាន​ស្ថានភាព​ខាង​វិញ្ញាណ​ដូចម្ដេច​កាល​ពី​មុន​ពួកគេ​បាន​ប្រែចិត្តជឿ ?

  • យោង​តាម ខទី ៣ តើ​ប៉ុល និង​ពួក​សាសន៍​យូដា​បាន​មាន​ស្ថានភាព​ខាង​វិញ្ញាណ​ដូចម្ដេច​ពី​មុន​ពួកគាត់​បាន​ប្រែចិត្តជឿ ?

ប៉ុល​បាន​ពិពណ៌នា​ថា​ទាំង​ពួក​សាសន៍​ដទៃ និង ពួក​សាសន៍​យូដា ទាំងអស់​គ្នា​បាន​ស្លាប់​ខាង​វិញ្ញាណ​ដោយសារតែ​អំពើបាប​របស់​ខ្លួន ( សូម​មើល ខទី ១ ) ។ ពួកគេ​បាន​ធ្វើ​តាម​របៀប ឬ​បំណងប្រាថ្នា​ខាង​សាច់ឈាម ហេតុដូច្នេះហើយ​ទើប​ពួកគេ​បាន​ធ្លាក់​ទៅ​ក្នុង​សេចក្ដីខ្ញាល់​របស់​ព្រះ ។

សូម​អាន អេភេសូរ ២:៤–៦ ដោយ​ស្វែងរក​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​បរិសុទ្ធ​សាសន៍​ដទៃ និង​ពួក​បរិសុទ្ធ​សាសន៍​យូដា​បន្ទាប់​ពី​ពួកគេ​បាន​ប្រែចិត្តជឿ ។ ពាក្យ ប្រោស​ឲ្យ​បាន​រស់ នៅ​ក្នុង ខទី ៥ មាន​ន័យ​ថា ធ្វើ​ឲ្យ​នៅ​មាន​ជីវិត រីឯ​ឃ្លា « ស្ថាន​ដ៏​ខ្ពស់ » នៅ​ក្នុង ខទី ៦ សំដៅ​ទៅ​លើ​នគរ​សេឡេស្ទាល ( សូម​មើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៥០០ ) ។

សូម​កត់ចំណាំ​ថា​បន្ទាប់​ពី​ពួកគេ​បាន​ប្រែចិត្តជឿ នោះ​ព្រះអម្ចាស់​បាន​ប្រោស​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​ឲ្យ​បាន​រស់ ឬ​ធ្វើ​ឲ្យ​ពួកគេ​នៅ​មាន​ជីវិត​ពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង​ស្ថានភាព​មាន​បាប​របស់​ពួកគេ​វិញ ។ យើង​ហៅ​សកម្មភាព​នេះ​ថា ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ ឬ​ការបាន​សង្គ្រោះ​ពី​អំពើបាប​របស់​យើង ។

សូម​អាន អេភេសូរ ២:៧–១០ ដោយ​ស្វែងរក​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា​អាច​មាន​ការផ្លាស់ប្ដូរ​នេះ​បាន ។

ខគម្ពីរ​ទាំងនេះ​បង្រៀន​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ តាមរយៈ​ព្រះគុណ​របស់​ព្រះ នោះ​មនុស្សលោក​អាច​បាន​សង្គ្រោះ​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សេចក្តីជំនឿ​ពិត​លើ​ព្រះយេស៊ូវគ្រីស្ទ តែងតែ​ដឹកនាំ​យើង​ឲ្យ​ដើរតាម​ទ្រង់ ហើយ​ធ្វើ​ទង្វើ​ល្អ​ជានិច្ច ។ សូម​កត់ចំណាំ​ថា ប៉ុល​បាន​សង្កត់ធ្ងន់​ថា យើង​មិន​អាច​សង្គ្រោះ​ខ្លួន​យើង​បាន​ទេ ទោះជា​យើង​ប្រព្រឹត្ត​អំពើ​ល្អ​យ៉ាង​ណា​ក៏​ដោយ ( សូម​មើល អេភេសូរ ២:៨–៩ ) ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​អំពី​តម្រូវការ​របស់​យើង​ឲ្យ​មាន​ព្រះគុណ​របស់​ព្រះ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ដោយសារ​តែ​យើង​ទាំងអស់​គ្នា ‹ បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អ​នៃ​ព្រះ › [ រ៉ូម ៣:២៣ ] ហើយ​ដោយសារ​តែ ‹ គ្មាន​របស់​អ្វី​ដែល​មិន​ស្អាត​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ › បាន [ នីហ្វៃទី១ ១៥:៣៤ ] ទើប​យើង​គ្រប់​គ្នា​ពុំ​សក្ដិសម​នឹង​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ​បាន​ឡើយ ។

« ទោះ​ជា​យើង​បម្រើ​ព្រះ​ដោយ​អស់​ពី​ព្រលឹង​របស់​យើង​ក្ដី ក៏​វា​ពុំ​គ្រប់គ្រាន់​ដែរ ដ្បិត​យើង​នៅតែ​ជា ‹ បាវ​ឥត​ប្រយោជន៍ › ដដែល [ ម៉ូសាយ ២:២១ ] ។ យើង​ពុំ​អាច​រក​វិធី​របស់​យើង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ​បាន​ទេ ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌​ឈរ​ជា​រនាំង ជា​ការទាមទារ​ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​អំណាច​ដើម្បី​យក​ឈ្នះ​ដោយ​ខ្លួន​ឯង​បាន​ឡើយ ។

« ប៉ុន្តែ មនុស្ស​គ្រប់​រូប​មិន​វិនាស​បង់​ឡើយ ។

« ព្រះគុណ​នៃ​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​គ្មាន​ទី​បំផុត ។

« តាមរយៈ​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា​បង្គ្រប់​តាម​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ [ សូម​មើល អាលម៉ា ៤២:១៥ ] ‹ ហើយ [ នាំ ] មក​នូវ​មធ្យោបាយ​ទាំងឡាយ​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការប្រែចិត្ត › [ អាលម៉ា ៣៤:១៥ ] ។

« ទោះបើ​អំពើ​បាប​របស់​យើង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ [ សូម​មើល អេសាយ ១:១៨ ] ។ ដោយសារតែ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង ‹ បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំងអស់ › [ ធីម៉ូថេ ទី១ ២:៦ ] ទើប​ច្រក​ចូល​នគរ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់​បើក​ចំហ​ឲ្យ​យើង​ទាំងអស់​គ្នា​ចូល [ សូម​មើល ពេត្រុស ទី២ ១:១១ ] ។

« ច្រក​ចូល​នោះ​បាន​បើក​ហើយ ! …

« ដើម្បី​ទទួល​បាន​សិរីល្អ យើង​ត្រូវការ​លើស​ពី​ការ​ចាក់​សោ​បើក​ទ្វារ​ច្រក​ចូល​ទៅ​ទៀត យើង​ត្រូវតែ​ចូល​ទៅ​តាម​ក្លោង​ទ្វារ​នោះ ដោយ​មាន​បំណង​ក្នុង​ចិត្ត​ដើម្បី​បាន​ផ្លាស់ប្ដូរ—ជា​ការផ្លាស់ប្ដូរ​មួយ ដែល​ព្រះគម្ពីរ​ពិពណ៌នា​ថា​ជា ‹ ការកើត​ម្ដង​ទៀត មែនហើយ គឺ​កើត​មក​ពី​ព្រះ ផ្លាស់ប្រែ​ពី​ស្ថានភាព [ លោកិយ​របស់​យើង ] និង ការធ្លាក់ ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ នៅ​ពេល​បាន​ព្រះ​ទ្រង់​ប្រោសលោះ នោះ​នឹង​ក្លាយ​ទៅ​ជា​បុត្រាបុត្រី​របស់​ទ្រង់ › [ ម៉ូសាយ ២៧:២៥ ] ។ …

« ព្រះគុណ​គឺ​ជា​អំណោយ​មក​ពី​ព្រះ ចំណែក​ឯ​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការគោរព​តាម​បញ្ញត្តិ​និមួយៗ​របស់​ព្រះ គឺជា​ការបង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ថា យើង​ចង់​ទទួល​បាន​អំណោយ​ពិសិដ្ឋ​នេះ » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨, ១១០ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​អំណោយ​នៃ​ព្រះគុណ​ពី​ព្រះ​យ៉ាង​ដូចម្ដេច ?

រូបភាព
លម្អិត គំរូ​ព្រះវិហារ​បរិសុទ្ធ​របស់​ស្ដេច​ហេរូឌ

រូបភាព​ភ្ជាប់​មក​ជាមួយ​នេះ បង្ហាញ​អំពី​ផ្នែក​មួយ​នៃ​គំរូ​ព្រះវិហារ​បរិសុទ្ធ​របស់​ស្ដេច​ហេរ៉ូឌ​នៅ​ក្រុង​យេរូសាឡិម ។ សញ្ញា​ព្រួញ​ចង្អុល​ទៅ « ជញ្ជាំង​ដែល​ខាន់ » ( អេភេសូរ ២:១៤ ) ក្នុង​បរិវេណ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ។ ដោយសារតែ​ពួក​សាសន៍​ដទៃ​ពុំ​មែន​ជា​រាស្ត្រ​អ៊ីស្រាអែល​ពី​កំណើត ដែល​រស់នៅ​តាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ នោះ​ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ចូល​ហួស​ពី​ជញ្ជាំង​នេះ​ទៅ​កាន់​ទី​កាន់តែ​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ពួកគេ​ត្រូវបាន​ចាត់ទុក​ថា​ជា​អ្នក​ដែល « ឃ្លាត​ចេញ [ ជន​បរទេស] ពី​អំណាច​ជាតិ​អ៊ីស្រាអែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក » ( អេភេសូរ ២:១២ ) ។ ជញ្ជាំង​ដែល​ខាន់​នោះ​ជា​និមិត្តរូប​នៃ​ការបែងចែក​ខាង​វិញ្ញាណ​ដែល​មាន​រវាង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​ពី​មុន​វិវរណៈ​របស់​ពេត្រុស​ដែល​ប្រាប់​ថា ដំណឹងល្អ​ត្រូវ​ប្រកាស​ទៅ​កាន់​ពួក​សាសន៍​ដទៃ ។

សូម​អាន អេភេសូរ ២:១២–១៥ ដោយ​ស្វែងរក​ថា តើ​អ្វី​ដែល​បាន​រុះ​រនាំង​រវាង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​នោះ​ចេញ ។ ពាក្យ សេចក្តី​សំអប់ នៅ​ក្នុង ខទី ១៥ មាន​ន័យ​ថា « សេចក្ដី​ជំទាស់ សេចក្ដី​ប្រឆាំង និង​សេចក្ដី​ស្អប់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដីខ្មាំង » scriptures.lds.org ) ។

យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​បាន​នាំ​ឲ្យ​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា​រួបរួម​គ្នា ?

តាមរយៈ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ ( ដង្វាយធួន ) នោះ​ជញ្ជាំង​ខាន់​ខាង​វិញ្ញាណ​រវាង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​ត្រូវបាន​រុះ​ចេញ ហើយ​ពួកគេ​បាន​ក្លាយ​ទៅ​ជា « ជា​មនុស្ស​ថ្មី​តែ​មួយ » ( អេភេសូរ ២:១៥ ) ឬ​រូបកាយ​រួម​គ្នា​តែ​មួយ ឬ​ក្រុម នៅ​ក្នុង​ព្រះគ្រីស្ទ ។ អ្នក​អាច​សរសេរ ឬ​កត់ចំណាំ​សេចក្ដីពិត​ខាង​ក្រោម​នេះ​ក្បែរ អេភេសូរ ២:១២–១៥ ៖ នៅ​ពេល​យើង​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​ចំណែក​ក្នុង​ព្រះគុណ​របស់​ទ្រង់ នោះ​យើង​បាន​រួបរួម​គ្នា​ជាមួយ​ពួក​បរិសុទ្ធ​នៃ​ព្រះ ។

សូម​អាន អេភេសូរ ២:១៦–១៩ ដោយ​ស្វែងរក​ឃ្លា​ដែល​គូសសម្គាល់​សេចក្ដីពិត​ដែល​ថា នៅ​ពេល​យើង​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​ចំណែក​ក្នុង​ព្រះគុណ​របស់​ទ្រង់ នោះ​យើង​អាច​បាន​រួបរួម​គ្នា​ជាមួយ​ពួក​បរិសុទ្ធ​នៃ​ព្រះ ។

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា សេចក្ដីពិត​នេះ​មាន​សារៈសំខាន់​ចំពោះ​យើង​ដែល​ត្រូវ​យល់ ហើយ​អនុវត្ត​តាម​នៅ​ក្នុង​សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ជា ឬ​ទទួល​អារម្មណ៍​សា​ជា​ថ្មី​ដូចជា « ជាតិ​តែ​១ » ( អេភេសូរ ២:១៩ ) នៅ​ក្នុង​សាសនាចក្រ ជាង​ការដែល​ធ្វើ​ជា ឬ​ទទួល​អារម្មណ៍​ដូចជា​អ្នក​ដទៃ​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ណា ដែល​អ្នក​ធ្លាប់​មាន​នរណាម្នាក់​បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ដូចជា​ជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ ជាង​ទទួល​អារម្មណ៍​ថា​ខ្លួន​ជា​មនុស្ស​ដទៃ ?

    3. តើ​នៅ​ពេល​ណា ដែល​អ្នក​ធ្លាប់​បាន​ព្យាយាម​ជួយ​នរណាម្នាក់​ឲ្យ​ទទួល​អារម្មណ៍​ដូចគ្នា​នេះ ?

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការចូលរួម​សកម្មភាព​មួយ​ក្នុង​សាសនាចក្រ ។ សូម​អញ្ជើញ​បុគ្គល​នេះ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព ឬ​ការប្រជុំ​មួយ​ក្នុង​សាសនាចក្រ រួច​ខិតខំ​ជានិច្ច​ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ការស្វាគមន៍​នៅ​ក្នុង​វួដ ឬ​សាខា​របស់​អ្នក ។

សូម​អាន អេភេសូរ ២:២០–២២ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សាសនាចក្រ ។

សូម​បំពេញ​សេចក្ដីពិត​ខាង​ក្រោម​នេះ ដោយ​ផ្អែក​លើ​សេចក្ដីបង្រៀន​របស់​ប៉ុល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ សាសនាចក្រ​របស់​ព្រះអម្ចាស់​សង់​គ្រឹះ​នៅ​លើ ដោយ​មាន​ព្រះយេស៊ូវគ្រីស្ទ​ជា  ។

ថ្មជ្រុង​គឺ​ជា​ថ្ម​ធំ​ដែល​ដាក់​នៅ​ត្រង់​ជ្រុង​នៃ​គ្រឹះ ដើម្បី​ផ្ដល់​ភាពរឹងមាំ និង​ស្ថេរភាព​ដល់​អគារ​ទាំង​មូល ។

រូបភាព
ថ្ម​ជ្រុង

តើ​ព្រះយេស៊ូវគ្រីស្ទ​ជា « ថ្មជ្រុង​យ៉ាងឯក » ( អេភេសូរ ២:២០ ) នៃ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​ពិចារណា​អំពី អេភេសូរ ២:២១–២២ សូម​គិត​អំពី​អ្វី​ដែល​កើតឡើង​ដល់​សាសនាចក្រ​ដោយសារតែ​ថ្ម​ជ្រុង​នេះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពួក​សាវក និង​ពួក​ព្យាការី​បង្កើត​ជា​គ្រឹះ​ផ្សេង​ទៀត​នៃ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

    2. តើ​គ្រឹះ​នេះ​ផ្ដល់​ឲ្យ​មាន​ស្ថេរភាព​ដល់​សាសនាចក្រ ហើយ​ការពារ​សាសនាចក្រ​ទប់ទល់​នឹង​ការវាយប្រហារ​របស់​អារក្ស​យ៉ាង​ដូចម្ដេច ?

អេភេសូរ ៣

ប៉ុល​មាន​ប្រសាសន៍​ប្រាប់​អំពី​បំណង​ប្រាថ្នា​របស់​លោក​ចំពោះ​ពួក​បរិសុទ្ធ​អេភេសូរ

ដូច​មាន​កត់ត្រា​នៅ​ក្នុង អេភេសូរ ៣:១–១៦ សាវក​ប៉ុល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បង្រៀន​ថា តាមរយៈ​ទ្រង់ នោះ​ពួក​សាសន៍​ដទៃ​អាច​ធ្វើ​ជា « ជាតិ​តែ​១ » ( ខទី ៦ ) ជាមួយ​នឹង​រាស្ត្រ​អ៊ីស្រាអែល និង​ជា​អ្នក​មាន​ចំណែក​ក្នុង​សេចក្ដី​សន្យា​របស់​ព្រះ ។ ការងារ​បម្រើ​របស់​ប៉ុល​គឺ​ត្រូវ​បង្រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ។

សូម​អាន អេភេសូរ ៣:១៧–១៩ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​មាន​បំណង​ប្រាថ្នា​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ស្គាល់ ហើយ​ដឹង ។

យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​ប៉ុល​ចង់​ឲ្យ​ពួក​បរិសុទ្ធ​ស្គាល់ ហើយ​ដឹង​នោះ ?

ចេញ​ពី អេភេសូរ ៣:១–១៩ យើង​រៀន​ថា ពួក​សាវក និង​ពួក​ព្យាការី​ព្យាយាម​ជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​ស្គាល់ ហើយ​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពួក​សាវក និង​ពួក​ព្យាការី ជួយ​បុត្រាបុត្រី​របស់​ព្រះ​ឲ្យ​យល់​អំពី​ពរជ័យ​នៃ​ភាពតម្កើងឡើង ហើយ​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ជំនាន់​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ពេល​ណា​ដែល​​ការបង្រៀន​នៃ​ពួក​សាវក និង​ពួក​ព្យាការី​បាន​ជួយ​អ្នក​ឲ្យ​យល់​អំពី​ពរជ័យ​នៃ​ភាពតម្កើងឡើង ហើយ​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ក្នុង​ជីវិត​របស់​អ្នក ?

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេភេសូរ ២–៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖