បណ្ណាល័យ
មេរៀន​ទី ២៥ ថ្ងៃទី ២ ៖ អេភេសូរ ៤–៦


មេរៀន​ទី ២៥ ៖ ថ្ងៃ​ទី ២

អេភេសូរ ៤–៦

សេចក្ដីផ្ដើម

នៅ​ក្នុង​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​បរិសុទ្ធ​អេភេសូរ សាវក​ប៉ុល​បាន​បង្រៀន​ថា ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើង ហើយ​បាន​ហៅ​ថ្នាក់​ដឹកនាំ​ដើម្បី​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ផង និង​បង្រួបបង្រួម​ពួក​បរិសុទ្ធ​ផង ។ លោក​ក៏​បាន​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​ឲ្យ​ចេញ​ពី​ជីវិត​កាល​ពី​មុន​របស់​ខ្លួន ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី​ជា​អ្នក​ដើរតាម​ព្រះគ្រីស្ទ ។ ក្រោយ​មក ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​របៀប​ពង្រឹង​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ « ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ( អេភេសូរ ៦:១១ ) ដើម្បី​តតាំង​នឹង​ការល្បួង​របស់​សាតាំង ។

អេភេសូរ ៤:១–១៦

ប៉ុល​បង្រៀន​អំពី​សារៈសំខាន់​នៃ​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ

សូម​ពិចារណា​អំពី​ស្ថានភាព​ទាំង​ពីរ​ខាង​ក្រោម​នេះ ៖

  • នៅ​ឯ​សាលា គ្រូ​របស់​អ្នក​ស្នើ​ឲ្យ​សិស្ស​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​អំពី​ប្រធានបទ​ប្រជែងគ្នា​មួយ ។ នៅ​ពេល​សិស្ស​ចែកចាយ​គំនិត​របស់​ពួកគេ អ្នក​ឃើញ​ថា ពួកគេ​ភាគច្រើន​គាំទ្រ​គោលជំហ​មួយ​ដែល​មាន​លក្ខណៈ​ខុស​ពី​ការបង្រៀន​របស់​សាសនាចក្រ ។

  • អ្នក​តែងច្បាប់​នៅ​ក្នុង​ប្រទេស​របស់​អ្នក​កំពុង​ពិចារណា​អំពី​ការដាក់​ឲ្យ​ស្រប​ច្បាប់​នូវ ឥរិយាបថ​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​បង្រៀន​ថា​ជា​រឿង​ខុសឆ្គង ។

ហេតុអ្វី​បាន​ជា​ស្ថានភាព​ទាំងនេះ​អាច​ជា​រឿង​ពិបាក​សម្រាប់​សមាជិក​សាសនាចក្រ ?

នៅ​ពេល​អ្នក​សិក្សា អេភេសូរ ៤:១–១៦ សូម​ស្វែងរក​សេចក្ដីពិត​អំពី​របៀប​ដែល​អ្នក​អាច​ដឹង​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស​នៅ​ក្នុង​ពិភពលោក​ដែល​មាន​ការផ្លាស់ប្ដូរ​ខាង​តម្លៃ និង​ជំនឿ​នេះ ។

សូម​អាន អេភេសូរ ៤:១–៦ ដោយ​ស្វែងរក​សេចក្ដី​ដែល​សាវក​ប៉ុល​បាន​បង្រៀន​អំពី​សាសនាចក្រ និង​គោលលទ្ធិ​នៃ​សាសនាចក្រ ។

តើ​អ្នក​គិត​ថា​ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​កាល​លោក​បាន​បង្រៀន​ថា មាន « ព្រះអម្ចាស់​តែ​១ សេចក្តី​ជំនឿ​តែ​១ [ និង ] បុណ្យ​ជ្រមុជ​តែ​១ » ( អេភេសូរ ៤:៥ ) ?

នៅ​ជំនាន់​របស់​ប៉ុល​ក៏​ដូចជា​ជំនាន់​របស់​យើង​ដែរ មាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ពិត​តែ​មួយ​គត់​នៅ​លើ​ផែនដី​នេះ ( សូម​មើល គ. និង ស. ១:៣០ ) ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង អេភេសូរ ៤:៧–១០ ប៉ុល​បាន​បង្រៀន​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ទាំងអស់​គ្នា​បាន​ទទួល​ឱកាស​ដើម្បី​ទទួលបាន​អំណោយ​នៃ​ព្រះគុណ​របស់​ព្រះ ( ព្រះចេស្ដា​ទ្រង់​ដែល​មាន​ដើម្បី​សង្គ្រោះ​យើង ) ។ លោក​ក៏​បាន​បង្រៀន​ថា ព្រះគ្រីស្ទ​បាន​ប្រទាន​អំណោយ​ដទៃៗទៀត​ដល់​មនុស្ស​លោក​ដែរ ។

សូម​អាន អេភេសូរ ៤:១១ ដោយ​ស្វែងរក​ថា តើ​តំណែង​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន ឬ​ស្ថាបនា​ឡើង​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ( អេភេសូរ ៤:១១–១៤ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

ងារ​ទាំងឡាយ​នៃ​តំណែង​នានា​របស់​បព្វជិតភាព​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នា​ពេល​សព្វថ្ងៃ​នេះ អាច​មិន​ដូចគ្នា​ទៅ​នឹង​ងារ​ទាំងឡាយ​ដែល​ប្រើ​នៅ​ជំនាន់​របស់​ប៉ុល​នោះ​ទេ រីឯ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ពី​ដំបូង​អាច​គ្មាន​គ្រប់​ការហៅ​បម្រើ​ដែល​សាសនាចក្រ​មាន​សព្វថ្ងៃ​នេះ​ឡើយ ។ ឧទាហរណ៍ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « អ្នក​ផ្សាយ​ដំណឹងល្អ​គឺ​ជា​លោក​អយ្យកោ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៤០ ) ។ ក៏​មាន គ្រូគង្វាល​គឺជា​គង្វាល​ចៀម ឬ អ្នក​ដែល​ដឹកនាំ​ហ្វូងសត្វ—ដែល​ដូច​គ្នា​ទៅ​នឹង​ប៊ីស្សព ប្រធានសាខា ប្រធានស្តេក និង​ប្រធាន​មណ្ឌល​សម័យ​ទំនើប​នេះ ។ អ្នក​អាច​សរសេរ ឬ​កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក អំពី​ពាក្យ​សម័យ​ទំនើប​ដែល​ត្រូវ​ទៅ​នឹង​ពាក្យ​ទាំងនេះ ។

  1. សូម​សរសេរ​សេចក្ដីពិត​ដែល​មិន​ទាន់​បាន​បំពេញ​ខាង​ក្រោម​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃៗ​ទៀត​ក្នុង​សាសនាចក្រ​ដើម្បី​ជួយ … ( អ្នក​នឹង​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ ) ។

សូម​អាន អេភេសូរ ៤:១២–១៣ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃៗ​ទៀត​ដល់​សាសនាចក្រ ។

សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃៗ​ទៀត​ដល់​សមាជិក​ក្នុង​សាសនាចក្រ​ដើម្បី ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍ ។ សូម​សរសេរ​ឃ្លា​នេះ​ទៅ​ក្នុង​សេចក្ដីពិត​ដែល​មិន​ទាន់​បាន​បំពេញ ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ផងដែរ អំពី​របៀប​មួយ​ចំនួន​ដែល​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃៗ​ទៀត​ក្នុង​សាសនាចក្រ​ជួយ​យើង​ឲ្យ​បាន​គ្រប់​លក្ខណ៍ ។

សូម​អាន អេភេសូរ ៤:១៤ ដោយ​ស្វែងរក​មូលហេតុ​មួយ​ទៀត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃៗ​ទៀត​ដល់​សាសនាចក្រ​របស់​ទ្រង់ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​នេះ​ថា ព្រះអម្ចាស់​ក៏​បាន​ប្រទាន​ថ្នាក់​ដឹកនាំ​ទាំងនេះ​ដល់​ពួក​បរិសុទ្ធ​ដើម្បី ការពារ​ពួកគេ​ពី​គោលលទ្ធិ​ខុសឆ្គង​ដែរ ។ សូម​សរសេរ​បន្ថែម​ឃ្លា​នេះ​ទៅ​ក្នុង​សេចក្ដីពិត​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

យើង​រៀន​ចេញ​ពី អេភេសូរ ៤:១១–១៤ នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃៗ​ទៀត​ក្នុង​សាសនាចក្រ​ដើម្បី​ជួយ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍ ហើយ​ការពារ​ពួកគេ​ពី​គោលលទ្ធិ​ខុស​ឆ្គង ។

រូបភាព
ទូក​នៅ​កណ្ដាល​ព្យុះ

សូម​ពិចារណា​អំពី​អ្វី​ដែល​អាច​កើតឡើង​ដល់​ទូក​នោះ ដែល​បាន​បោក​ចុះ​ឡើង​លើ​ផ្ទៃ​ទឹក​អំឡុង​ពេល​ព្យុះ​ដ៏​កំណាច ។

  1. សូម​អាន​ស្ថានភាព​ទាំង​ពីរ ដែល​មាន​នៅ​ដើម​មេរៀន​នេះ​ឡើង​វិញ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ទូក​ដែល​បាន​បោក​ចុះ​ឡើង​នៅ​លើ​ផ្ទៃទឹក និង​ដោយ​ខ្យល់​ព្យុះកំណាច​នោះ​អាច​ប្រដូច​ទៅ​នឹង​បុគ្គល​ដែល​ត្រូវ « បោក ហើយ​ផាត់​ចុះ​ឡើង » ( អេភេសូរ ៤:១៤ ) ដោយ​ខ្យល់ព្យុះ​នៃ​សេចក្ដីបង្រៀន​ខុសឆ្គង និង​គំនិត​របស់​ផង​មនុស្ស​យ៉ាង​ដូចម្ដេច ?

    2. តើ​សេចក្ដី​បង្រៀន​របស់​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​ដទៃៗ​ទៀត​ក្នុង​សាសនាចក្រ ជួយ​អ្នក​ដើរ​តាម​ព្រះ​ឲ្យ​ឆ្លង​កាត់​ផ្ទៃ​ទឹក​ដ៏​អំពល់​ទាំងនេះ ហើយ​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌​វិញ​ដោយ​សុវត្ថិភាព​យ៉ាង​ដូចម្ដេច ?

  2. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសរ​អំពី​របៀប​ដែល​សាវក ព្យាការី លោក​អយ្យកោ ប៊ីស្សព ឬ​គ្រូ ដែល​បាន​ជួយ​អ្នក​ឲ្យ​បង្កើន ឬ​រីកចម្រើន​ខាង​វិញ្ញាណ ឬ​ជួយ​ការពារ​អ្នក​ពី​គោលលទ្ធិ​ខុសឆ្គង និង ការបំភាន់ ។ ប្រសិនបើ​បុគ្គល​ដែល​អ្នក​ជ្រើសរើស​គឺ​ជា​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន សូម​គិត​ដល់​ការសរសេរ​សំបុត្រ​ថ្លែង​អំណរគុណ​ទៅ​បុគ្គល​នោះ ដោយ​រៀបរាប់​ថាតើ​គាត់​បាន​ជួយ​អ្នក​ដូចម្ដេច​ខ្លះ ។

សូម​អាន អេភេសូរ ៤:១៥–១៦ ដោយ​ស្វែងរក​របៀប​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​យើង​នឹង​បង្រៀន​យើង​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អេភេសូរ ៤:១១-១៤

  1. ដើម្បី​ជួយ​អ្នក​ហាត់​សម​ពន្យល់​គោលលទ្ធិ​ដែល​មាន​បង្រៀន​នៅ​ក្នុង អេភេសូរ ៤:១១–១៤ សូម​បង្រៀន​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​ឡើង ហើយ​បាន​ត្រាស់​ហៅ​ថ្នាក់​ដឹកនាំ​ឲ្យ​បម្រើ​ក្នុង​សាសនាចក្រ​នេះ ។ សូម​ប្រាកដ​ថា​អ្នក​ប្រើ​សេចក្ដីបង្រៀន​របស់​ប៉ុល​នៅ​ក្នុង អេភេសូរ ៤:១១–១៤ ទុក​ជា​ផ្នែក​មួយ​នៃ​ការបង្រៀន​របស់​អ្នក ។ នៅ​ពេល​អ្នក​បង្រៀន​ចប់ សូម​ឲ្យ​បុគ្គល​ដែល​អ្នក​បាន​បង្រៀន​នោះ​ចុះ​ហត្ថលេខា​លើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

អេភេសូរ ៤:១៧-៣២

ប៉ុល​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​បោះចោល​អំពើ​អាក្រក់ ហើយ​ក្លាយ​ជា​មនុស្ស​ថ្មី​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ

មនុស្ស​ជា​ច្រើន​ដែល​ប៉ុល​បាន​សរសរ​សំបុត្រ​ទៅ​នៅ​ក្រុង​អេភេសូរ អាច​ជា​អ្នក​ប្រែចិត្តជឿ​ថ្មី​លើ​សាសនាចក្រ ។ នៅ​ពេល​អ្នក​សិក្សា អេភេសូរ ៤:១៧–៣២ សូម​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​ទាំងនេះ ជា​សេចក្ដី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន អេភេសូរ ៤:១៧–២០ ដោយ​ស្វែងរក​ពាក្យ ឬ ឃ្លា ដែល​ពិពណ៌នា​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​សាសន៍​ដទៃ ដែល​មិន​បាន​ចូល​សាសនាចក្រ ។ សូម​កត់ចំណាំ​អំពី​អ្វី​ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ជា​មូលហេតុ​ដែល​ពួក​សាសន៍​ដទៃ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ខាង​វិញ្ញាណ​ដូចនេះ ។

សូម​អាន អេភេសូរ ៤:២១–២៤ ដោយ​ស្វែងរក​អ្វី​ដែល​បាន​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​មាន​ភាពខុសប្លែក​ពី​មនុស្ស​ដទៃ ។ សូម​គិត​ដល់​ការគូសចំណាំ ឬ កត់ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

តើ​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​បុគ្គល​ម្នាក់​ដែល​បាន​រៀន​អំពី​សេចក្ដីពិត​ហើយ​គួរតែ « ដោះ » អ្វី​ចេញ ? ( អេភេសូរ ៤:២២ ) ?

យើង « ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ » ( អេភេសូរ ៤:២៤ ) នៅ​ពេល​យើង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ឧស្សាហ៍​ព្យាយាម​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ការបង្កើន​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ ការប្រែចិត្ត​ពី​អំពីបាប និង​ការទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ចេញ​ពី​សេចក្ដី​បង្រៀន​របស់​ប៉ុល យើង​អាច​ស្គាល់​សេចក្តីពិត​ខាងក្រោម​នេះ ៖ ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោះ​មនុស្ស​ចាស់ និង​ផ្លូវ​បាប​ចេញ ហើយ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី និង​មាគ៌ា​សុចរិត​វិញ ។

សូម​អាន អេភេសូរ ៤:២៥–៣២ ដោយ​ស្វែងរក​អ្វី​ដែល​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ​ត្រូវ « ដោះ » ចេញ ( ខទី ២២ ) ឬ « ដក » ចេញ ( ខទី ៣១ ) និង​អ្វី​ដែល​ពួក​សិស្ស​ត្រូវ « ប្រដាប់ខ្លួន » ( ខទី ២៤ ) ។ អ្នក​អាច​គូស​ចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។ សូម​កត់ចំណាំ​ថា ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ នៃ​អេភេសូរ ៤:២៦ ចាប់ផ្ដើម​ដោយ​ឃ្លា « តើ​អ្នក​អាច​ខឹង ហើយ​មិន​ប្រព្រឹត្ត​បាប​បាន​ដែរ​ឬ ? » ( នៅ​ក្នុង អេភេសូរ ៤:២៦ លេខ​យោង a ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​មួយ ឬ ពិពណ៌នា​អំពី​ស្ថានភាព​មួយ​ដែល​បង្ហាញ​អំពី​អាកប្បកិរិយា​ដែល​បុគ្គល​ម្នាក់​អាច​មាន ជា​បុគ្គល​ដែល​បាន​ដោះ​និស្ស័យ​បាប​របស់​គាត់​ចេញ​នៅ​ក្នុង​ចំណុច​មួយ​ដែល​បាន​ពិពណ៌នា ។ សូម​គូរ​រូប ឬ​ពិពណ៌នា​ផងដែរ​អំពី​ស្ថានភាព​មួយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​បុគ្គល​ដដែល​នោះ​អាច​នឹង​ប្រព្រឹត្ត ប្រសិនបើ​គាត់​មក​រក​ព្រះគ្រីស្ទ ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់​ថ្មី ។ នៅ​ពេល​អ្នក​ធ្វើ​កិច្ចការ​នេះ អ្នក​អាច​គូរ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន ឬ​បទពិសោធន៍​របស់​មនុស្ស​ដទៃ ។

សូម​ចងចាំ​ថា ការដោះ​មនុស្ស​ចាស់​យើង​ចេញ និង​ការដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ទាំងស្រុង គឺ​ជា​ដំណើរការ​ឥតឈប់ឈរ ហើយ​វា​មិន​មែន​ជា​ព្រឹត្តិការណ៍​តែ​ម្ដង​នោះ​ទេ ។

អេភេសូរ ៥–៦

ប៉ុល​ទូន្មាន​ពួក​បរិសុទ្ធ​អំពី​ទំនាក់ទំនង​របស់​ពួកគេ ហើយ​ឲ្យ « ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ »

យើង​អាន​នៅ​ក្នុង អេភេសូរ ៥ ថា​សាវក​ប៉ុល​បាន​បង្រៀន​សមាជិក​សាសនាចក្រ​ថា ពួកគេ​គួរតែ​ប្រើ​ទំនាក់ទំនង​របស់​ព្រះអង្គសង្គ្រោះ​ដែល​មាន​ជាមួយ​នឹង​សាសនាចក្រ ទុក​ជា​គំរូ​នៅ​ក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ និង​ជាមួយ​មនុស្ស​ដទៃ ។ ឃ្លា « ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក » នៅ​ក្នុង អេភេសូរ ៥:២១ មាន​ន័យ​ថា ដាក់​មនុស្ស​ដទៃ​នៅ​ពី​មុន​យើង រីឯ​ឃ្លា « សេចក្តី​កោតខ្លាច​ដល់​ព្រះគ្រីស្ទ » សំដៅ​ទៅ​លើ​សេចក្ដីស្រឡាញ់ និង​ការគោរពកោតខ្លាច​របស់​យើង​ចំពោះ​ព្រះ ។

សូម​អាន អេភេសូរ ៦:១–៤ ដោយ​ស្វែងរក​ដំបូន្មាន​របស់​ប៉ុល​ដល់​ក្មេង​តូចៗ​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ឪពុកម្ដាយ​ខ្លួន ។

សូម​ពិចារណា​អំពី​របៀប​ដែល​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​អ្នក អាច​រឹងមាំ​បាន​តាមរយៈ​ការធ្វើតាម​ដំបូន្មាន​នេះ ។

បន្ទាប់​ពី​បាន​ជំរុញ​ឲ្យ​សមាជិក​សាសនាចក្រ « ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី » ( អេភេសូរ ៤:២៤ ) ដើម្បី​បាន​ក្លាយ​ជា​សុចរិត ហើយ​បរិសុទ្ធ នោះ​ប៉ុល​បាន​ទូន្មាន​ពួកគេ​ឲ្យ​ពាក់​អ្វី​ផ្សេង​ទៀត​ដើម្បី​ជា​ការការពារ ។

សូម​អាន អេភេសូរ ៦:១១-១៣ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ពាក់​អ្វី ។

ហេតុអ្វី​បាន​ជា​ប៉ុល​ប្រាប់​ឲ្យ​យើង « ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ( អេភេសូរ ៦:១១ ) ? អ្នក​អាច​គូសចំណាំ ឬ​កត់ចំណាំ​មូលហេតុ​ទាំងនេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូម​អាន អេភេសូរ ៦:១៤–១៧ ដោយ​ស្វែងរក​បំណែក​ផ្សេងៗ​គ្នា​នៃ​គ្រឿង​សឹក​ខាង​វិញ្ញាណ ដែល​ប៉ុល​បាន​មាន​ប្រសាសន៍​ថា​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ។

តើ​ការពាក់​បំណែក​នៃ​គ្រឿង​សឹក​ទាំងនេះ​ជួយ​យើង​ចៀសវាង​ពី​អំពើបាប​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ​បាន​ជា​រៀងរាល់ថ្ងៃ ?

  1. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេភេសូរ ៤–៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖