បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​អេភេសូរ


សេចក្ដី​ណែនាំ​ស្តីពី គម្ពីរ អេភេសូរ

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « គម្ពីរ​អេភេសូរ​គឺ​ជា​សំបុត្រ​ទៅ​កាន់​មនុស្ស​ទាំងអស់ ទៅ​កាន់​ពួក​សាសន៍​យូដា និង សាសន៍ដទៃ ស្វាមី និង ភរិយា ឪពុកម្ដាយ និង កូន ចៅហ្វាយ និង បាវបម្រើ ។ វា​គឺ​ជា​ព្រះទ័យ និង​ព្រះឆន្ទៈ​របស់​ព្រះ​នៅ​ជំនាន់​របស់​ប៉ុល ហើយ​វា​គឺ​ជា​ព្រះសូរសៀង​នៃ​ការបំផុសគំនិត​នៅ​ជំនាន់​របស់​យើង និង​ជា​សំបុត្រ​នៃ​ការអំពាវនាវ និង ស្នើសុំ​ទៅ​ដល់​មនុស្ស​លោក​ទាំងអស់ ។

« … វា​មាន​នូវ​ការសរសេរ​ដ៏​អស្ចារ្យ​បំផុត និង​ជា​ឯកសារ​មួយ​ទាក់ទង​នឹង​មូលដ្ឋានគ្រឹះ និង​ដំណឹងល្អ​នៃ​ព្រះ​នៅ​ក្នុង​សិរីរុងរឿង​នៃ​ការសង្គ្រោះ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៤៨៩ ) ។

ការសិក្សា​អំពី​សំបុត្រ​ទៅ​កាន់​ពួក​អេភេសូរ​នេះ អាច​បំផុសគំនិត​ឲ្យ​អ្នក​ទុក​កិច្ចការ​ខាង​លោកិយ​​មួយ​អន្លើ​សិន ហើយ​អាច​ជួយ​អ្នក​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​រៀន​បង្កើត​សាមគ្គីភាព និង មិត្តភាព​ក្នុង​សាសនាចក្រ​កាន់តែ​ពេញលេញ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​គឺ​ជា​អ្នក​សរសេរ​សំបុត្រ​ដល់​ពួក​អេភេសូរ ( សូម​មើល អេភេសូរ ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ប៉ុល​បាន​មាន​ប្រសាសន៍​ថ្លែង​ថា លោក​កំពុង​ត្រូវ​ជាប់​ឃុំ កាល​លោក​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​ទៅ​កាន់​ពួក​អេភេសូរ ( សូម​មើល អេភេសូរ ៣:១; ៤:១; ៦:២០ ) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​អេភេសូរ អំឡុង​ពេល​ការជាប់ឃុំ​លើក​ទី​មួយ​របស់​លោក​នៅ​ក្រុង​រ៉ូម ប្រមាណ​ឆ្នាំ ៦០–៦២ នៃ គ.ស. ( សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។ នៅ​ពេល​នេះ ប៉ុល​ត្រូវបាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​លោក​មាន​សិទ្ធិ​ទទួល​អ្នក​មក​សួរសុខទុក្ខ និង​​បង្រៀន​ដំណឹងល្អទេ ( សូម​មើល កិច្ចការ ២៨:១៦–៣១ ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

នៅ​ក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍ អេភេសូរ ១:១ សរសេរ​ថា សំបុត្រ​ទៅ​កាន់​ពួក​អេភេសូរ​គឺ​ចំពោះ « ពួក​បរិសុទ្ធ​ដែល​នៅ​ក្រុង​អេភេសូរ » ។ យ៉ាង​ណា​ក៏​ដោយ ឯកសារ​សរសេរ​ដោយ​ដៃ​ដំបូង​បង្អស់​របស់​ពួក​អេភេសូរ​ពុំ​មាន​សរសេរ​ពាក្យ « ដែល​នៅ​ក្រុង​អេភេសូរ » នោះ​ទេ ។ ការណ៍​នេះ​ប្រាប់​អំពី​ភាពប្រហាក់ប្រហែល​ដែល​ថា ប៉ុល​ពុំ​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​អេភេសូរ​ជា​ពិសេស​នោះ​ទេ ប៉ុន្តែ​គឺ​ទៅ​កាន់​ក្រុម​ជំនុំ​ពួក​បរិសុទ្ធមួយ​ចំនួន​ រួម​មាន​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ក្រុង​អេភេសូរ​ដែរ ។ ក្រុង​អេភេសូរ​គឺ​ជា​ការិយាល័យ​កណ្ដាល​របស់​ប៉ុល​អំឡុង​ពេល​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនាជា​លើក​​ទី​បី​របស់​លោក ( សូម​មើល កិច្ចការ ១៩:៩–១០; ២០:៣១ ) ហើយ​លោក​បាន​មាន​សេចក្ដីស្រឡាញ់​ដ៏​ធំធេង​ចំពោះ​ប្រជាជន​ទាំងនេះ ( សូម​មើល កិច្ចការ ២០:១៧, ៣៤–៣៨ ) ។

នៅ​ក្នុង​សំបុត្រ​នេះ ប៉ុល​បាន​ថ្លែង​ទៅ​កាន់​សមាជិក​សាសន៍​ដទៃក្នុង​​សាសនាចក្រ ( សូម​មើល អេភេសូរ ២:១១ ) ដែល​ពួកគេ​ប្រហែល​ជា​អ្នក​ប្រែចិត្ត​ជឿ​ថ្មី ( សូម​មើល អេភេសូរ ១:១៥ ) ។ លោក​បាន​សរសេរ​ដើម្បី​បង្កើន​ជីវភាព​ខាង​វិញ្ញាណ និង ទីបន្ទាល់​របស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ក្លាយ​ជា​សមាជិក​រួច​ហើយ ។ គោលបំណង​សំខាន់​របស់​លោក​គឺ​ដើម្បី​ជួយ​អ្នក​ប្រែចិត្តជឿ​ទាំងនេះ ឲ្យ​បង្កើន​ចំណេះដឹង​ខាង​វិញ្ញាណ​អំពី​ព្រះ និង​អំពី​សាសនាចក្រ ( សូម​មើល អេភេសូរ ១:១៥–១៨; ៣:១៤–១៩ ) ដើម្បី​លើក​កម្ពស់​សាមគ្គីភាព ជា​ពិសេស​រវាង​ពួក​បរិសុទ្ធ​សាសន៍​ដទៃ និង ពួក​បរិសុទ្ធ​សាសន៍​យូដា ( សូម​មើល អេភេសូរ ២:១១–២២; ៤:១–១៦; ៥:១៩–៦:៩ ) និង ដើម្បី​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​តតាំង​នឹង​អំណាច​នៃ​អារក្ស ( សូម​មើល អេភេសូរ ៤:១៧–៥:១៨; ៦:១០–១៨ ) ។ ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​រស់នៅ​ដោយ​សុចរិត​ល្មម​នឹង​បាន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច ( សូម​មើល អេភេសូរ ១:១៣ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ២:៤៩៣–៩៤ ) ។

តើ​មាន​លក្ខណៈ​ពិសេសមួយ​ចំនួន​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

គម្ពីរ​អេភេសូរ​មាន​នូវ​សេចក្ដី​បង្រៀន និង គំនិត​ជា​ច្រើន​ដែល​ងាយ​យល់​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ រួម​មាន ការតែងតាំង​ជាមុន សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា សារៈសំខាន់​នៃ​ព្យាការី និង​ពួក​សាវក គំនិត​អំពី​សាសនាចក្រ​មួយ​ដ៏​ពិត និង​មាន​សាមគ្គីភាព ហើយ​ក៏​មាន​តំណែង ការហៅ ព្រមទាំង​ដំណើរការ​នានា​ដែល​មាន​នៅ​ក្នុង​អង្គការ​នៃ​សាសនាចក្រ​ផងដែរ ។ សំបុត្រ​នេះ​ក៏​មាន​សរសេរ​អំពី​សេចក្ដី​បង្រៀន​ដ៏​អស្ចារ្យ​បំផុត​អំពី​ក្រុមគ្រួសារ ដែល​យើង​ឃើញ​មាន​នៅ​គ្រប់​កន្លែង​ក្នុង​បទគម្ពីរ ។

គម្រោង​មេរៀន

អេភេសូរ ១:១–៤:១៦ ។ ប៉ុល​សរសេរ​អំពី​ការតែងតាំង​ពី​មុន​របស់​ពួក​បរិសុទ្ធ​ឲ្យ​ទទួល​ដំណឹងល្អ សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ការផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា សេចក្ដី​សង្គ្រោះ​តាមរយៈ​ព្រះគុណ សាមគ្គីភាព​រវាង​ពួក​បរិសុទ្ធ​សាសន៍​ដទៃ និង ពួក​បរិសុទ្ធ​សាសន៍​យូដា​នៅ​ក្នុង​សាសនាចក្រ ព្រះអម្ចាស់​តែ​មួយ សេចក្តី​ជំនឿ​តែ​មួយ បុណ្យ​ជ្រមុជ​តែ​មួយ គោលបំណង​នៃ​សាសនាចក្រ និង​ការស្ថាបនា​សាសនាចក្រ​នៅ​លើ​គ្រឹះ​នៃ​ពួក​ព្យាការី និង ពួក​សាវក ដោយ​មាន​ព្រះយេស៊ូវគ្រីស្ទ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ។ ប៉ុល​បង្រៀន​ថា ព្រះ​នឹង​បង្រួបបង្រួម​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ព្រះគ្រីស្ទ​នៅ​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ។

អេភេសូរ ៤:១៧–៦:២៤ ។ ប៉ុល​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​អនុវត្ត​តាម​គោលលទ្ធិ​ពិត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ លោក​លើក​ទឹកចិត្ត​ពួកគេ​ឲ្យសម្រាត​រូប​ចាស់​ចោល ( អំពើបាប​ពី​អតីត​របស់​ពួកគេ ) រួច​លើក​រូប​ថ្មី​ឡើង​​មក​ពាក់ តាមរយៈ​ព្រះគ្រីស្ទ ។ លោក​ទូន្មាន​ដល់​ភរិយា ស្វាមី កូនៗ ឪពុកម្ដាយ បាវបម្រើ ចៅហ្វាយ និង ក្រុមជំនុំ ។ លោក​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ « ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ( អេភេសូរ ៦:១១ ) ។