បណ្ណាល័យ
មេរៀន​ទី ២៤ ថ្ងៃ​ទី ៣ ៖ កាឡាទី


មេរៀន​ទី ២៤ ៖ ថ្ងៃទី ៣

កាឡាទី

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បន្ទោស​ពួក​បរិសុទ្ធ​នៅ​កាឡាទី​ចំពោះ​ការធ្វើ​តាម​សេចក្ដី​បង្រៀន​ខុសឆ្គង​នានា ហើយ​លោក​បាន​បន្ទោស​ដល់​ពួក​គ្រូ​បង្រៀន​ខុសឆ្គង​ដែល​ដឹកនាំ​ពួកគេ​ទៅ​រក​ផ្លូវ​ខុស ។ លោក​ក៏​បាន​បង្រៀន​ដែរ​ថា គឺ​ដូចជា​អ័ប្រាហាំ​បាន​ក្លាយ​ជា​អ្នក​គ្រង​មរតក​ពី​ព្រះ នោះ​ពួក​បរិសុទ្ធ​នៅ​កាឡាទី​ក៏​អាច​ក្លាយ​ជា​អ្នក​គ្រង​មរតក​ពី​ព្រះ​ដែរ តាមរយៈ​ការមាន​សេចក្ដីជំនឿ និង​ការ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ប្រសើរ​ជាង​ការធ្វើ​តាម​ការ​ទាមទារ​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។

កាឡាទី ១–២

ប៉ុល​ស្ដី​បន្ទោស​ពួកបរិសុទ្ធ​ចំពោះ​ការធ្វើ​តាម​ពួក​គ្រូបង្រៀន​ខុសឆ្គង ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​បែរ​មក​រក​ដំណឹងល្អ​វិញ

សូម​ស្រមៃ​ថា បងប្អូន​បង្កើត ឬ​មិត្តភក្ដិ​ម្នាក់​របស់​អ្នក​បាន​ប្រាប់​អ្នក​ថា គាត់​គិត​ថា​សេចក្ដី​បង្រៀន​របស់​សាសនាចក្រ​លែង​ការពិត​ទៀត​ហើយ ។ ជា​លទ្ធផល បុគ្គល​នេះ​បាន​ឈប់​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ឈប់​រស់នៅ​តាម​ដំណឹងល្អ​តទៅ​ទៀត ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថា តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ដូចម្ដេច​ទៅ​កាន់​បងប្អូន​បង្កើត ឬ​មិត្តភក្ដិ​របស់​អ្នក ដើម្បី​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​ជឿ​លើ​សេចក្ដី​បង្រៀន​របស់​សាសនាចក្រ​វិញ ។

នៅ​ពេល​អ្នក​សិក្សា កាឡាទី ១ ហើយ​រៀន​អំពី​មូលហេតុ​ដែល​ពួក​បរិសុទ្ធ​នៅ​ក្រុង​កាឡាទី​បាន​ដើរ​ចេញ​ពី​ដំណឹងល្អ​ដ៏​ពិត សូម​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​អាច​ជួយ​បងប្អូន​បង្កើត ឬ​មិត្តភក្តិ​របស់​អ្នក​ឲ្យ​មាន​សេចក្ដីជំនឿ​ឡើង​វិញ ។

កាឡាទី​គឺ​ជា​តំបន់​មួយ​ស្ថិត​នៅ​អាស៊ីតូច​កណ្ដាល​ភាគ​ខាង​ជើង ដែល​រួម​បញ្ចូល​ទាំង​ទីក្រុង​នានា​ដែល​សាវក​ប៉ុល​បាន​ទៅ​ដល់​អំឡុង​ដំណើរ​ផ្សាយសាសនា​ទី​ពីរ និង​ទី​បី​របស់​លោក ( សូម​មើល កិច្ចការ ១៦:៦; ១៨:២៣ សូម​មើល​ផងដែរ ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ទី ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ សូម​អាន កាឡាទី ១:៦–៧ ដោយ​ស្វែងរក​បញ្ហា​មួយ​ដែល​លេច​ឡើង​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កាឡាទី ។

អ្នក​ទាំងឡាយ​ណា​ដែល​រុកគួន​ដល់​ពួក​បរិសុទ្ធ​កាឡាទី ហើយ​បង្ខូច​សេចក្ដី​បង្រៀន​នៃ​ដំណឹងល្អ​គឺ​កំពុង​បង្កើត​នូវ​ភាពសង្ស័យ ( សូម​មើល កាឡាទី ១:៧  ) អំពី​សេចក្ដី​បង្រៀន​របស់​ប៉ុល​ដែល​ថា សេចក្ដីសង្គ្រោះ​កើត​មាន​តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ ពួក​គ្រូ​បង្រៀន​ខុសឆ្គង​ទាំងនេះ​គឺ​ជា​ពួក​គ្រិស្តសាសនិក​សាសន៍​យូដា​ដែល​ស្គាល់​ថា​ជា​ពួក​គ្រិស្តសាសនិក​ដែល​នៅតែ​មានះ​ធ្វើតាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ ពួកគេ​បាន​អះអាង​ថា ដើម្បី​បាន​សង្គ្រោះ ពួក​បរិសុទ្ធ​នៅ​កាឡាទី​ត្រូវ​កាត់ស្បែក ហើយ​ធ្វើតាម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។

សូម​អាន កាឡាទី ១:៨–៩ ដោយ​ស្វែងរក​ថា​តើ​ប៉ុល​បាន​ថ្លែង​ដូចម្ដេច​អំពី​អ្នក​ទាំងឡាយ ដែល​ផ្សាយ​ដំណឹងល្អ​ផ្ទុយ​ទៅ​នឹង​ដំណឹងល្អ​ដែល​លោក​បាន​ផ្សាយ​ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់ ។

សូម​អាន កាឡាទី ១:១០-១២ ដោយ​ស្វែងរក​ប្រភព​នៃ​សេចក្ដីបង្រៀន​របស់​ប៉ុល ។ អ្នក​អាច​គូស​ចំណាំ ឬ កត់ចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

យើង​រៀន​ចេញ​ពី​សេចក្ដីបង្រៀន​របស់​ប៉ុល​ថា ព្រះយេស៊ូវ​បាន​បើក​សម្ដែង​គោលលទ្ធិ​ពិត​ដល់​ពួក​ព្យាការី​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងអស់​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការចងចាំ​ថា​ព្រះ​គឺ​ជា​ប្រភព​នៃ​គោលលទ្ធិ​ពិត អាច​ជួយ​យើង​នៅ​ពេល​យើង​មាន​មន្ទិល​លើ​សេចក្ដី​បង្រៀន​របស់​ព្យាការី​យ៉ាង​ដូចម្ដេច ?

    2. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​វិវរណៈ​មក​ពី​ព្រះ ដើម្បី​យើង​អាច​ដឹង​ដោយ​ខ្លួន​យើង​ថា សេចក្ដី​បង្រៀន​របស់​ព្យាការី​គឺ​ជា​ការពិត ?

    3. តើ​សេចក្ដីពិត​នេះ​អាច​ជួយ​នរណាម្នាក់​ដែល​មាន​បញ្ហា​ក្នុង​ការជឿ​លើ​សេចក្ដី​បង្រៀន​របស់​ពួក​ព្យាការី​យ៉ាង​ដូចម្ដេច ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កាឡាទី ១:១៣–២:២១ ប៉ុល​បាន​មាន​ប្រសាសន៍​ប្រាប់​អំពី​ការប្រែចិត្តជឿ និង​ដំណើរ​ផ្សាយ​សាសនា​លើក​ដំបូង​របស់​លោក ។ លោក​ក៏​បាន​ពន្យល់​ផងដែរ​អំពី​មូលហេតុ​ដែល​គ្រិស្តសាសនិក​ដែល​ជា​សាសន៍​ដទៃ​ពុំ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ទម្លាប់​ដែល​ថា សេចក្ដី​សង្គ្រោះ​គឺ​មាន​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ឡើយ ផ្ទុយទៅវិញ គឺ​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដែល​យើង​ត្រូវបាន​អត់ទោស​ឲ្យ ( ឬ​បាន​រាប់​ជា​សុចរិត ) ។ ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​ថា​លោក​រស់ « ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ » ( កាឡាទី ២:២០ ) ។

កាឡាទី ៣–៤

ប៉ុល​អញ្ជើញ​ពួក​កាឡាទី​ឲ្យ​ទទួល​ពរជ័យ​ទាំងអស់​ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

ហេតុអ្វី​បាន​ជា​បុគ្គល​ទាំងឡាយ​ខាង​ក្រោម​នេះ​អាច​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ការទទួលបាន​ពរជ័យ​ពី​ព្រះអម្ចាស់ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដទៃទៀត​ក្នុង​សាសនាចក្រ​ដែល​ស្គាល់​ដំណឹងល្អ ហើយ​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​តាំង​ពី​នៅ​ក្មេង ?

  • យុវជន​ម្នាក់​បាន​ធំ​ឡើង​នៅ​ក្នុង​គ្រួសារ​មិន​សូវ​សកម្ម ហើយ​មិន​បាន​រៀន​ដំណឹងល្អ​កាល​ពី​គាត់​នៅ​ក្មេង​ឡើយ ។ គ្រួសារ​គាត់​ឥឡូវនេះ បាន​ត្រឡប់​មក​សកម្ម​ក្នុង​សាសនាចក្រ​វិញ ហើយ​កំពុង​ចាប់ផ្ដើម​រៀន និង​រស់នៅ​តាម​ដំណឹងល្អ ។

  • ស្ត្រី​ម្នាក់​ចំអក ព្រមទាំង​រិះគន់​សាសនាចក្រ​អស់​ជា​ច្រើន​ឆ្នាំ ។ ថ្មីៗ​នេះ គាត់​បាន​ផ្លាស់ប្ដូរ​ចិត្ត ហើយ​បាន​ទទួល​បុណ្យជ្រមុជទឹក ។

នៅ​ពេល​អ្នក​សិក្សា កាឡាទី ៣–៤ សូម​ស្វែងរក​សេចក្ដីពិត​មួយ​ដែល​អាច​ជួយ​អ្នក​យល់​ថា តើ​មាន​ពរជ័យ​ណា​ខ្លះ​សម្រាប់​មនុស្ស​គ្រប់​រូប ដោយ​មិន​គិត​អំពី​ស្ថានភាព ឬ​ជម្រើស​ពី​មុនៗ​របស់​គាត់​ឡើយ ។

ដោយសារ​តែ​ពួក​កាឡាទី​គឺ​ជា​សាសន៍​ដទៃ​ដែល​ប្រែចិត្តជឿ​លើ​គ្រិស្តសាសនា នោះ​ពួកគេ​ពុំ​មែន​ជា​ពូជ​អំបូរ​របស់​អ័ប្រាហាំ ជា​អ្នក​ដែល​ពរជ័យ​ទាំងអស់​របស់​ព្រះ​ត្រូវបាន​សន្យា​នោះ​ទេ ។

សូម​អាន កាឡាទី ៣:៧–៩ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​អ្នក​ទាំងឡាយ​ដែល « មាន​សេចក្តី​ជំនឿ » ( កាឡាទី ៣:៧ ) ឬ​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

យោង​តាម ខទី ៨ តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វី​ខ្លះ​ដល់​អ័ប្រាហាំ ?

យោងតាម ខទី ៩ តើ​មាន​អ្វីខ្លះ​នឹង​កើត​ឡើង​ចំពោះ​អ្នកទាំងឡាយ​ដែល​មាន​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

រូបភាព
អ័ប្រាហាំ​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ

« បាន​ពរ​ជាមួយ​នឹង​លោក​អ័ប្រាហាំ » ( កាឡាទី ៣:៩ ) សំដៅ​ទៅ​លើ​លទ្ធភាព​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​សេចក្ដីសញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ​ថា តាមរយៈ​លោក នោះ​មនុស្ស​ទាំងអស់​អាច​រីករាយ​នឹង​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព​ជាន់ខ្ពស់ អាពាហ៍ពិពាហ៍​សេឡេស្ទាល និង ភាពតម្កើងឡើង ( សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដីសញ្ញា​អ័ប្រាហាំ » scriptures.lds.org ) ។

យើង​អាន​នៅ​ក្នុង កាឡាទី ៣:១០–២៥ ថា ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​មិន​ដែល​ត្រូវ​បាន​រំពឹង​ថា​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​មនុស្ស​អាច « បាន​រាប់​ជា​សុចរិត » ឡើយ ( កាឡាទី ៣:១១ ) វា​មាន​ន័យ​ថា ពួកគេ​ត្រូវបាន​អត់ទោស​ពី​អំពើបាប ហើយ​បាន​រាប់​ថា​គ្មាន​ទោស ។ វាត្រូវបាន​រំពឹង​ឲ្យ​ធ្វើ​ជា​មគ្គុទេសក៍ ឬ « អ្នក​ដឹកនាំ » ( កាឡាទី ៣:២៤ ) ដើម្បី​ជួយ​ពួក​អ៊ីស្រាអែល​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​រាប់​ជា​សុចរិត​តាមរយៈ​សេចក្ដីជំនឿ​ទៅ​លើ​ទ្រង់ ។ សូម​កត់ចំណាំ​ថា ការ​រាប់​ជា​សុចរិត មាន​ន័យ​ថា « បាន​លើកលែង​ពី​ការដាក់ទោស​ចំពោះ​អំពើបាប ហើយ​រាប់​ថា​ឥត​មាន​ទោស » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការរាប់​ជា​សុចរិត រាប់ជា​សុចរិត » scriptures.lds.org ) ។

សូម​បំពេញ​តារាង​ខាង​ក្រោម​ដោយ​អាន​វគ្គបទគម្ពីរ​ទាំងឡាយ រួច​ឆ្លើយ​សំណួរ ៖

កាឡាទី ៣:២៦–២៧ ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ពរជ័យ​ដែល​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ ?

កាឡាទី ៣:២៨–២៩; ៤:៧ ។ ទោះ​យើង​ជា​នរណា ឬ​ជា​អ្វី​ក៏​ដោយ​កាល​ពី​មុន តើ​យើង​ក្លាយ​ជា​មនុស្ស​បែបណា​នៅ​ពេល​យើង​ចូល​ក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក ?

យើង​រៀន​ចេញ​ពី កាឡាទី ៣:២៦–២៩, ៤:៧ ថា អស់​អ្នក​ទាំងឡាយ​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ នឹង​ប្រែក្លាយ​ទៅ​ជា​តែ​មួយ​នៅក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អ្នក​គ្រង​មរតក​របស់​ព្រះ ។

ហេតុអ្វី​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​ដឹង​ថា ព្រះ​សន្យា​ពរជ័យ​ទាំងនេះ​ដល់​មនុស្ស​គ្រប់​រូប​ដែល​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា ដោយ​មិន​គិត​ថា​ពួកគេ​មាន​ស្ថានភាព​យ៉ាង​ណា​នោះ​ទេ ?

យើង​អាន​នៅ​ក្នុង កាឡាទី ៤:៨–៣១ ថា ប៉ុល​បាន​អញ្ជើញ​ពួកបរិសុទ្ធ​កាឡាទី​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​គេច​ចេញ​ពី​សេវកភាព​ដែល​កើត​មាន​មក​ពី​ការព្យាយាម​គោរព​តាម​ទម្លាប់​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។

កាឡាទី ៥–៦

ប៉ុល​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​កាឡាទី​ឲ្យ​ស្ដារ​សេចក្ដីជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ

តើ​មាន​ការល្បួង​ដ៏​លំបាក​បំផុត​មួយ​ចំនួន​ណា​ខ្លះ​ដែល​អ្នក​ជួប​ប្រទះ ? តើ​អ្នក​អាច​យកឈ្នះ​លើ​ការល្បួង​ទាំងនេះ​បាន​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​អ្នក​សិក្សា កាឡាទី ៥–៦ សូម​ស្វែងរក​គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​ការល្បួង ។

សូម​អាន កាឡាទី ៥:១៦–១៧ ដោយ​ស្វែងរក​ឥទ្ធិពល​ទាំង​ពីរ​ដែល​ទាស់​នឹង​គ្នា ដែល​ប៉ុល​បាន​ពិពណ៌នា ។

« ដើរ​ក្នុង​ព្រះវិញ្ញាណ » ( កាឡាទី ៥:១៦ ) មាន​ន័យ​ថា រស់នៅ​សក្ដិសម ហើយ​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម » ( កាឡាទី ៥:១៦ ) មាន​ន័យ​ថា បណ្ដោយ​ខ្លួន​ទៅ​តាម​អំពើបាប ។

សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី កាឡាទី ៥:១៦ ៖ នៅ​ពេល​យើង​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​យើង​នឹង​យក​ឈ្នះ​លើ  ។

សូម​ពិចារណា​ថាតើ​ការដើរ​ក្នុង​ព្រះវិញ្ញាណ អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​ការល្បួង​យ៉ាង​ដូចម្ដេច ។

សូម​អាន កាឡាទី ៥:២២–២៣ ដោយ​ស្វែងរក​លទ្ធផល​ដទៃ​ទៀត​មក​ពី​ការដើរ​ក្នុង​ព្រះវិញ្ញាណ ។ ( សូម​កត់ចំណាំ​ថា កាឡាទី ៥:២២–២៣ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅតាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

រូបភាព
scripturemasteryicon
ចំណេះចំណាន​ខគម្ពីរ—កាឡាទី ៥:២២-២៣

រូបភាព
drawing, tree with fruit
  1. ដើម្បី​ជួយ​អ្នក​ទន្ទេញ​ចាំ កាឡាទី ៥:២២–២៣ សូម​គូរ​រូប​ដើម​ឈើ​មួយ​ដើម​ដែល​មាន​ផ្លែ​ចំនួន​ប្រាំបួន​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក—ផ្លែ​នោះ​ស្ថិត​នៅ​ក្នុង​ជួរ​ចំនួន​បី​ដែល​ជួរ​និមួយៗ​មាន​បី​ផ្លែ ។ សូម​សរសេរ​នៅ​ផ្នែក​ពី​លើ​ដើម​ឈើ​ថា តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ​នោះ​គឺ … នៅ​ផ្នែក​ពី​ក្រោម​ដើម​ឈើ សូម​សរសេរ​ថា គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ​ទេ ។ ចាប់​ពី​ជួរ​ផ្លែ​ឈើ​ខាង​លើ​គេ សូម​សរសេរ​តួ​អក្សរ​ដំបូង​គេ​នៃ​ផល​ផ្លែ​ដែល​ប៉ុល​បាន​លើកឡើង ។ សូម​ហាត់​សូត្រ​ចំណេះចំណាន​ខគម្ពីរ​នេះ​ដោយ​មើល​ទៅ​រូបភាព​នេះ ហើយ​បើក​ទៅ​វគ្គ​បទគម្ពីរ​ប្រសិនបើ​ចាំបាច់ ។ សូម​បន្ត​សូត្រ​រហូត​ដល់​អ្នក​អាច​សូត្រ​ចំណេះចំណានខគម្ពីរ​នេះ​បាន​ដោយ​មិន​ចាំបាច់​មើល​ទៅ​រូបភាព ឬ​បើក​មើល​ព្រះគម្ពីរ ។ សូម​សូត្រ​បទគម្ពីរ​នេះ​ឲ្យ​សមាជិក​គ្រួសារ ឬ​សិស្ស​ក្នុង​ថ្នាក់​សិក្ខាសាលា​ស្ដាប់ ។

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការស្វែងរក​អំណោយទាន​ទាំងនេះ អាច​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​ជួយ​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ?

សូម​អាន កាឡាទី ៦:១–២ ដោយ​ស្វែងរក​ថាតើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​សមាជិក​សាសនាចក្រ​គួរ​ឆ្លើយ​តប​ទៅ​នរណា​ម្នាក់​ដែល​បាន​ធ្វើ​អំពើ​បាប ។ « ធ្វើ​ខុស​អ្វី » ( កាឡាទី ៦:១ ) មាន​ន័យ​ថា​ធ្វើ​អំពើបាប ។

ហេតុអ្វី​សំខាន់​ដែល​ត្រូវ​មាន « ចិត្ត​សុភាព » ( កាឡាទី ៦:១ ) នៅ​ពេល​យើង​ជួយ​នរណា​ម្នាក់​ត្រឡប់​មក​កាន់​មាគ៌ា​នៃ​ដំណឹងល្អ​វិញ ?

ដូច​មាន​កត់ត្រា​នៅ​ក្នុង កាឡាទី ៦:៣–៥ ប៉ុល​បាន​បង្រៀន​ថា យើង​មិន​គួរ​ក្រអឺតក្រទម និង​ប្រកាន់​គំនិត​ខ្លួនឯង​ត្រូវ ហើយ​ថា​មនុស្ស​គ្រប់​រូប​នឹង « ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន » ( កាឡាទី ៦:៥ ) ឬ​ទទួលខុសត្រូវ​លើ​ជម្រើស​របស់​ខ្លួន​ឡើយ ។

តើ​ដើម​អ្វី​នឹង​ដុះ​ឡើង​នៅ​ពេល​អ្នក​ដាំ​គ្រាប់​ពូជ​ដូច​ខាង​ក្រោម​នេះ ? សូម​សរសេរ​ការប៉ាន់ស្មាន​របស់​អ្នក​នៅ​ក្នុង​ចន្លោះ​ដែល​ទាក់ទង ។ ( ចម្លើយ​មាន​នៅ​ខាង​ចុង​នៃ​មេរៀន​នេះ ) ។

ក.

រូបភាព
គ្រាប់​ផ្កាឈូករ័ត្ន

ខ.

រូបភាព
គ្រាប់​ល្ពៅ

គ.

រូបភាព
គ្រាប់​សណ្ដែក

ប៉ុល​បាន​ប្រើ​យោបល់​អំពី​គ្រាប់ពូជ​ដើម្បី​បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ។ សូម​អាន កាឡាទី ៦:៧–៨ ដោយ​ស្វែងរក​សេចក្ដី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​អ្វី​ដែល​យើង​អាច​រំពឹង​ចង់​បាន នៅ​ពេល​យើង​ព្រោះ ឬ​ដាំ​គ្រាប់ពូជ ។ ជា​ញឹកញាប់ សេចក្ដី​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ត្រូវបាន​ហៅ​ថា​ជា​ច្បាប់​នៃ​ការប្រមូលផល ។

សូម​អាន កាឡាទី ៦:៩–១០ ដោយ​ស្វែងរក​មូលហេតុ​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ច្បាប់​នៃ​ការប្រមូលផល បន្ទាប់​ពី​លោក​បាន​អញ្ជើញ​ពួក​កាឡាទី​ឲ្យ​ជួយ​អ្នកដទៃទៀត​ឲ្យ​រឹងមាំ ឬ​ត្រឡប់មក​កាន់​មាគ៌ា​នៃ​ដំណឹងល្អ​វិញ ។

យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​ថា ប្រសិនបើ​យើង​ឧស្សាហ៍​ព្យាយាម​នៅ​ក្នុង​ការធ្វើ​កិច្ចការ​ល្អ នោះ​យើង​នឹង​ប្រមូល​ផល​ពរជ័យ​នៃ​ទង្វើ​របស់​យើង ។

  1. សូម​ធ្វើ​កិច្ចការ​ខាង​ក្រោម​នេះ​យ៉ាងហោចណាស់​ពីរ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការសន្យា​ថា​យើង​នឹង​ប្រមូលផល « ដល់​កំណត់ » អាច​ជួយ​យើង​មិន​ឲ្យ « រសាយ​ចិត្ត » ( កាឡាទី ៦:៩ ) ឬ​បោះបង់​ចោល​ការខិតខំ​របស់​យើង​ដើម្បី​បម្រើ​មនុស្ស​ដទៃ ហើយ​រស់នៅ​តាម​ដំណឹងល្អ​ក្នុង​ជីវិត​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ឧស្សាហ៍​ព្យាយាម​ក្នុង​ការធ្វើការ​ល្អ ទោះជា​ពរជ័យ​ពុំ​បាន​ទទួល​ភ្លាមៗ​យ៉ាងណាក្ដី​នោះ ?

    3. សូម​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​បុគ្គល​ដែល​អ្នក​អាច​ជួយ​ឲ្យ​ត្រឡប់​ទៅ​រក​មាគ៌ា​នៃ​ដំណឹងល្អ​វិញ ។ នៅ​ពេល​អ្នក​ពិចារណា​អំពី​បុគ្គល​នោះ សូម​សរសេរ​គោលដៅ​អំពី​របៀប​ដែល​អ្នក​នឹង​ឧស្សាហ៍​ក្នុង​ការធ្វើការ​ល្អ​នៅ​ពេល​អ្នក​ព្យាយាម​ជួយ​គាត់ ទោះ​ជា​អ្នក​អាច​មិន​ឃើញ​លទ្ធផល​ចេញ​ពី​កិច្ច​ខិតខំ​របស់​អ្នក​ភ្លាមៗ​យ៉ាងណាក្ដី ។

ដូច​មាន​កត់ត្រា​នៅ​ក្នុង កាឡាទី ៦:១១-១៨ ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួកបរិសុទ្ធ​កាឡាទី​ដោយ​ថ្លែង​ទីបន្ទាល់​ថា សេចក្ដីសុខសាន្ដ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​មាន​មក​លើ​មនុស្ស​ទាំងអស់​ដែល​បាន​ក្លាយ​ជា​ការបង្កបង្កើត​ថ្មី​តាមរយៈ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះ​នាម​ទ្រង់ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា កាឡាទី ១–៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖