បណ្ណាល័យ
សេចក្តីណែនាំ​ស្តីពី​គម្ពីរ​កាឡាទី


សេចក្តីណែនាំ​ស្តីពី គម្ពីរ កាឡាទី

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​កាឡាទី​ត្រូវបាន​សរសេរ​ដល់​គ្រិស្តសាសនិក​សាសន៍​យូដា ដែល​ឃ្លាត​ចាក​ឆ្ងាយ​ពី​ព្រះអម្ចាស់​ដោយ​ការពឹងផ្អែក​សារជាថ្មី​ទៅ​លើ​កិច្ចការ​ចេញ​ពី​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។ សាវក​ប៉ុល​បាន​ព្យាយាម​កែប្រែ​បញ្ហានេះ​​ដោយ​គូសបញ្ជាក់​​អំពី​ភាពខុសគ្នា​រវាង​បន្ទុក « នឹម » នៃ​ក្រឹត្យវិន័យ​ម៉ូសេ ដែល​នាំ​ទៅ​រក​សេវកភាព​ខាង​វិញ្ញាណ ចំណែកឯ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នាំ​ទៅ​រក​សេរីភាព​ខាង​វិញ្ញាណ ។ ការសិក្សា​សំបុត្រ​មួយ​ច្បាប់​នេះ អាច​ជួយ​អ្នក​មាន​អំណរគុណ​កាន់តែ​ខ្លាំង​ចំពោះ​សេរីភាព​ដែល​បាន​ប្រទាន​ឲ្យ​តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​បាន​សរសេរ​គម្ពីរ​កាឡាទី ( សូម​មើល កាឡាទី ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា ?

ប៉ុល​ប្រហែលជា​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​កាឡាទី នៅ​ពេល​ធ្វើ​ដំណើរ​កាត់​ខេត្ត​ម៉ាសេដូន​អំឡុង​ពេល​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទី​បី​របស់​លោក​ប្រមាណ​ឆ្នាំ ៥៥–៥៧ នៃ គ.ស. ( សូម​មើល Bible Dictionary « Pauline Epistles » ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​តើ​ហេតុអ្វី ?

« មាន​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន​អំពី​សេចក្ដី​ដែល​បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​នៅ​ក្នុង​សំបុត្រ​មួយ​ច្បាប់​នេះ ។ អំឡុងពេល​ការ​ធ្វើ​​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​លោក ប៉ុល​បាន​ទៅ​ជួប​សមាជិក​នៅ​ភាគ​ខាង​ជើង​ខេត្ត​កាឡាទី​ដែល​មាន​ទីក្រុង​ឈ្មោះ អាន់ស៊ីរ៉ា ឬ​នៅ​ក្នុង​ស្រុក​ស្ថិត​នៅ​ជាប់​ព្រំដែន​ស្រុក​ព្រីគា និង​ស្រុក​កាឡាទី ។ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ប៉ុល​បាន​ទៅ​ជួប​សមាជិក​សាសនាចក្រ​នៅ​ខេត្ត​កាឡាទី​ក្នុង​ពេល​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ទី​ពីរ ( កិច្ចការ ១៦:៦ ) និង លើក​ទី​បី​របស់​លោក ( កិច្ចការ ១៨:២៣ ) » ( Bible Dictionary « Pauline Epistles » ) ។

ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ស្រុក​កាឡាទី ព្រោះ​លោក​បារម្ភ​ជា​ខ្លាំង​ថា​ពួកគេ​បាន​បែក​ចេញ​ពី​ព្រះអម្ចាស់​ទៅ​ធ្វើតាម​សេចក្ដី​បង្រៀន​មក​ពី​មនុស្ស​ដែល​បាន​ព្យាយាម « បង្ខូច​ដំណឹងល្អ​ព្រះគ្រីស្ទ » ( សូម​មើល កាឡាទី ១:៦–៧  ) ។ គ្រិស្តសាសនិក​ជនជាតិ​យូដា​បាន​បង្រៀន​គ្រិស្តសាសនិក​សាសន៍​ដទៃ​អំពី​គោលលទ្ធិ​ខុសឆ្គង​ថា ពួកគេ​ត្រូវ​កាត់ស្បែក ហើយ​បំពេញ​តាម​តម្រូវការ​ខាង​សាសនា​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ដើម្បី​បាន​សង្គ្រោះ ( សូម​មើល កាឡាទី ៦:១២ សូម​មើល​ផងដែរ កិច្ចការ ១៥:១ ) ។ ពួក​បរិសុទ្ធ​កាឡាទី​មួយ​ចំនួន​បាន​ឱបក្រសោប​យក​សេចក្ដី​បង្រៀន​មក​ពី​មនុស្ស​ទាំងនេះ ( សូម​មើល កាឡាទី ៤:១០ ) ។

គោលបំណង​សំខាន់​របស់​ប៉ុល​ក្នុង​ការសរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ​រួម​មាន ៖

  1. ការការពារ​ខ្លួន​លោក​ពី​ការចោទប្រកាន់​មកពី​សំណាក់​ពួក​គ្រូបង្រៀន​ក្លែងក្លាយ​ដែល​ប្រឆាំង​នឹង​លោក ។

  2. ការបង្រៀន​ថា​មនុស្ស​ទាំងអស់​ទោះជា​សាសន៍​យូដា ឬ​សាសន៍​ដទៃ ត្រូវ​បាន​សង្គ្រោះ​ដោយសារ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការសេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ជំនួស​ឲ្យ​ការពឹងផ្អែក​ទៅ​លើ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។

  3. ការស្រាយបំភ្លឺ​អំពី​តួនាទី​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​នៅ​ក្នុង​ផែនការ​របស់​ព្រះ ។

  4. ការបែងចែក​ឲ្យ​ដាច់​រវាង​សេចក្ដីសញ្ញា​ពី​បុរាណ​ដែល​បាន​ធ្វើ​ដោយ​លោក​ម៉ូសេ និង សេចក្ដី​សញ្ញា​ថ្មី​នៅ​ក្នុង​ព្រះគ្រីស្ទ ។

  5. ការអំពាវនាវ​ឲ្យ​ពួក​បរិសុទ្ធ​រស់នៅ​តាម​ព្រះវិញ្ញាណ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

គម្ពីរ​កាឡាទី​គឺ​ជា​សំបុត្រ​របស់​ប៉ុល ដែល​ពញ្ញាក់​អារម្មណ៍​បំផុត​ដែល​ក្នុង​នោះ​លោក​បាន​បន្ទោស​ទាំង​សមាជិក​សាសនាចក្រ​ដែល​បាន​បែកចេញ និង​ពួក​គ្រូបង្រៀន​ក្លែងក្លាយ​ដែល​ដឹកនាំ​ពួកគេ​ឲ្យ​បែកចេញ​ផង ។ គម្ពីរ​កាឡាទី​មាន​នូវ​ការបង្ហាញ​​ដែល​បាន​សរសេរ​ទុក​ដំបូង​បង្អស់​អំពី​គោលលទ្ធិ​នៃ​ការរាប់​ជា​សុចរិត—ថា​យើង​មិន​ត្រូវបាន​រាប់​ជា​សុចរិត​តាមរយៈ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ទេ ប៉ុន្តែ​គឺ​តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​វិញ​ទេ​តើ ។ សំបុត្រ​មួយ​ច្បាប់​នេះ​លើក​ពី​ភាពផ្ទុយគ្នា​រវាង « កិច្ចការ​ខាង​សាច់ឈាម » និង « ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ » ( សូម​មើល កាឡាទី ៥:១៦–២៥ ) ។

គម្រោង​មេរៀន

កាឡាទី ១–២ ។ ប៉ុល​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​បរិសុទ្ធ​កាឡាទី ព្រោះ​ពួកគេ​បាន​បែក​ចេញ​ពី​ព្រះអម្ចាស់ ហើយ​ឱបក្រសោប​យក​សេចក្ដី​បង្រៀន​ក្លែងក្លាយ ។ លោក​ការពារ​ការហៅ​បម្រើ​របស់​លោកក្នុង​នាម​ជា​សាវក​មួយ​រូប​ដោយ​ដំណាល​ប្រាប់​អំពី​ការប្រឆាំង​ទាស់​នឹង​សាសនាចក្រ និង ការប្រែចិត្តជឿ​របស់​លោកពី​ដំបូង​ ។ លោក​បាន​សង្កត់​ធ្ងន់​ថា លោក​បាន​ទទួល​វិវរណៈ​ដោយ​ផ្ទាល់​មកពី​ព្រះ ហើយ​លោក​ស្រាយ​បំភ្លឺ​ថា ការងារ​បម្រើ​របស់​លោក​ដល់​ពួក​សាសន៍​ដទៃ​ត្រូវ​បាន​អនុមតិ​ដោយ​ពួក​សាវក ។ លោក​ថ្លែង​ថា លោក​ធ្លាប់​បាន​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​ពេត្រុស​អំពី​ពួក​បរិសុទ្ធ​សាសន៍​ដទៃ ។ លោក​បង្រៀន​ថា មនុស្ស​ពុំ​ត្រូវបាន​រាប់​ជា​សុចរិត​តាមរយៈ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ទេ ប៉ុន្តែ​គឺ​តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​វិញ​ទេ​តើ ។

កាឡាទី ៣–៤ ។ ប៉ុល​ការពារ​សារលិខិត​នៃ​ដំណឹងល្អ ។ លោក​បង្រៀន​ថា អ័ប្រាហាំ​គឺ​ជា​គំរូ​មួយ​នៃ​បុគ្គល​ដែល​បាន​រាប់​ជា​សុចរិត​តាមរយៈ​សេចក្ដី​ជំនឿ ហើយ​មិន​មែន​តាមរយៈ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ទេ ។ តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រោសលោះ​មនុស្ស​លោក​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ។ គោលបំណង​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​គឺ​ធ្វើ​ជា « អ្នក​ដឹកនាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះគ្រីស្ទ » ( កាឡាទី ៣:២៤ ) ។ តាមរយៈ​សេចក្ដី​ជំនឿ និង ពិធីបុណជ្រមុជទឹក នោះ​ពួកបរិសុទ្ធ​ទទួលបាន​ពរជ័យមក​​ពី​ដង្វាយធួន ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ក្លាយ​ជា​អ្នក​គ្រង​មរតករបស់​​ព្រះ​តាមរយៈ​ព្រះគ្រីស្ទ ហើយ​មិន​ធ្វើ​ជា​បាវ​បម្រើ​ទៀត​ឡើយ ប៉ុន្តែ​ជា​បុត្រាបុត្រី​នៃ​ព្រះ​វិញ ។

កាឡាទី ៥–៦ ។ ប៉ុល​អំពាវនាវ​ឲ្យ​ពួក​បរិសុទ្ធ​បន្ត​រឹងមាំ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះគ្រីស្ទ ។ ប៉ុល​លើក​ឡើង​អំពី​ភាពខុសគ្នា​រវាង​បុគ្គល​ម្នាក់​ដែល​រួមចំណែក​ក្នុង « កិច្ចការ​ខាង​សាច់ឈាម » ( កាឡាទី ៥:១៩ ) និង​បុគ្គល​ដែល​រីករាយ​នឹង « ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ » ( កាឡាទី ៥:២២ ) ។ លោក​បង្រៀន​ថា ពួកបរិសុទ្ធ​គួរតែ​យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​នឿយណាយ​ក្នុង​ការធ្វើ​ល្អ ។ យើង​ច្រូតកាត់​នូវ​អ្វី​ដែល​យើង​បាន​សាប​ព្រោះ ។