បណ្ណាល័យ
មេរៀន​ទី ២៨ ថ្ងៃ​ទី ២ ៖ ហេព្រើរ ៧-១០


មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ២

ហេព្រើរ ៧-១០

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក កណ្តាល​នៃ « សញ្ញា​ថ្មី​ដល់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល » ( ហេព្រើរ ៨:៨ ) ។ លោក​បាន​ពន្យល់​ថា ការបូជា​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ធំ​ជាង​ការបូជា ដែល​ពួក​សង្ឃ​ជាន់​ខ្ពស់​បាន​ធ្វើ​នៅក្រោម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ។ លោក​ក៏​បាន​ពន្យល់​ផងដែរ​ថា ពិធីបរិសុទ្ធ​របស់​លោក​ម៉ូសេ ចង្អុល​បង្ហាញ​មនុស្ស​ឲ្យ​ឆ្ពោះ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ។

ហេព្រើរ ៧-៨

ប៉ុល​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​កណ្តាល​នៃ​សេចក្តីសញ្ញា​ថ្មី

រូបភាព
ស្រមោល​នៃ​រូប​កៅអី លេឡូ សត្វ​ទា

នៅ​ក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ សូម​រកមើល​វត្ថុ​ដែល​បង្កើត​ស្រមោល​និមួយៗ ។

ហេតុអ្វី​អ្នក​អាច​រកឃើញ​ថា​វា​ជា​វត្ថុ​អ្វី​មួយ​ដោយ​ផ្អែក​លើ​ស្រមោល​របស់​វា​ដូច្នោះ ?

ព្រះគម្ពីរសញ្ញាចាស់​ប្រាប់​អំពី​ពិធី​បុណ្យ និង ពិធីបរិសុទ្ធ​ជា​ច្រើន​ដែល ជា​និមិត្តសញ្ញា និង ស្រមោល​អំពី​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ។ ដោយសារ​ប៉ុល​បាន​ដឹង​ថា​ពួក​គ្រីស្ទាន​ជា​សាសន៍​យូដា ឬ សាសន៍​ហេព្រើរ បាន​ស្គាល់​ពិធីបុណ្យ និង ពិធីបរិសុទ្ធ​ទាំង​នេះ នោះ​លោក​បាន​និយាយ​អំពី​ពិធី​ទាំង​នោះ​នៅក្នុង​សំបុត្រ​របស់​លោក ពេល​លោក​បាន​បង្រៀន​ពួកបរិសុទ្ធ​ទាំង​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះគម្ពីរ​ទាំងអស់​រួមមាន​នូវ​គំរូ សណ្ឋាន និមិត្តរូប​ទាំងឡាយ និង​ភាពស្រដៀងគ្នា​នានា​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ គំរូ សណ្ឋាន និមិត្តរូប​ទាំងឡាយ និង​ភាពស្រដៀងគ្នា​នានា គឺ​ជា​តំណាង​នៃ​ភាពពិត​ដ៏​អស្ចារ្យ ។ និមិត្តរូប​ទាំងនេះ​ភាគច្រើន គឺ​ជា​មនុស្ស វត្ថុ ហេតុការណ៍ និង​កាលៈទេសៈ​នានា ។

ក្រឹត្យវិន័យ​លោក​ម៉ូសេ​មាន​គោលបំណង​ធ្វើ​ជា​គំរូ និង សណ្ឋាន​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ ជានិមិត្តរូប​ដែល​ចង្អុល​បង្ហាញ​ដល់​ពួក​អ៊ីស្រាអែល​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ( សូមមើល នីហ្វៃទី ២ ១១:៤; យ៉ាកុប ៤:៤–៥ ) ។ សាវក​ប៉ុល​បាន​ពន្យល់​ពី​របៀប​ដែល​ផ្នែក​ជាច្រើន​នៃ​ក្រឹត្យវិន័យ​នេះ​បាន​សម្រេច​នូវ​ការណ៍​នេះ ។ លោក​ចង់​ជួយ​ពួក​បរិសុទ្ធ​ជា​សាសន៍​យូដា ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ជាជាង​ត្រឡប់​ទៅ​ធ្វើ​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ ដូច​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ ។

អ្នក​អាន​នៅក្នុង ហេព្រើរ ២:១៧ ថា​ប៉ុល​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា « សម្តេច​សង្ឃ ( សង្ឃជាន់ខ្ពស់ ) ដែល​មាន​ព្រះទ័យ​មេត្តាករុណា ហើយ​ក៏​ស្មោះត្រង់ » ។ តាំង​ពី​ជំនាន់​ម៉ូសេ​មក​ដល់​ជំនាន់​ព្រះយេស៊ូវគ្រីស្ទ សង្ឃជាន់ខ្ពស់ គឺ​ជា​តំណែង​អធិបតី​មួយ​នៃ​បព្វជិតភាព​អើរ៉ុន ដែល​ពេល​ខ្លះ​ត្រូវបាន​ហៅ​ថា​ជា​បព្វជិតភាព​ពួក​លេវី សំដៅ​លើ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​អើរ៉ុន​ដែល​កាន់​ដោយ​សមាជិក​នៃ​ពួក​កុលសម្ព័ន្ធ​លេវី ( សូមមើល Bible Dictionary « Aaronic Priesthood » ) ។

រូបភាព
ម៉ូសេ​ហៅ​អើរ៉ុន​ឲ្យ​បម្រើ

ម៉ូសេ​បានតែងតាំង​អើរ៉ុន​ជា​សង្ឃ​ជាន់​ខ្ពស់​នៃ​បព្វជិតភាព​អើរ៉ុន ។

សូម​អាន ហេព្រើរ ៧:១-៤ ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​មិលគីស្សាដែក ។ សូម​អាន​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៧:៣ ( នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ផង​ដែរ សម្រាប់​ការបញ្ជាក់​អំពី​អ្វី​ដែល​ប៉ុល​បាន​បង្រៀននៅក្នុង ខ​ទី ៣ ។

មិលគីស្សាដែក​គឺ​ជា « ព្យាការី និង អ្នក​ដឹកនាំ​ដ៏​មាន​មុខ​មាត់​ម្នាក់​ដែល​បាន​រស់នៅ​ប្រហែល​ជា​ឆ្នាំ ២០០០ មុន​គ. ស. លោក​បាន​ត្រូវ​ហៅ​ថា​ជា ស្ដេច​នៃ​ក្រុង​សាឡិម ( យេរូសាឡិម ) ជា​ស្ដេច​នៃ​សេចក្ដី​សុខសាន្ត ហើយ​ជា ‹ សង្ឃ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត › [ ហេព្រើរ ៧:១ ] » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « មិលគីស្សាដែក » សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០ [ នៅក្នុង សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ ប៉ុល​បាន​យល់​ពី​ភាព​ដ៏​អស្ចារ្យ​របស់​មិលគីស្សាដែក ហើយ​បាន​ប្រើ​លោក​ជា​គំរូ និង ស្រមោល​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុង ហេព្រើរ ៧:១៥–១៧ ប៉ុល​បាន​និយាយ​ពី​ការព្យាករ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អំពី​ការចេញ​មក​នៃ​សង្ឃ​ម្នាក់ « តាម​របៀប​លោក​ម៉ិលគីស្សាដែក » ( ហេព្រើរ ៧:១៧ សូមមើល​ផងដែរ ទំនុកតម្កើង ១១០:៤ ) ។ ប៉ុល​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​តាម​ការព្យាករ​នេះ ។

« គោលបំណង​មួយ​របស់​ប៉ុល​នៅក្នុង ហេព្រើរ ៧ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ធំ​ជាង​របស់​បព្វជិតភាព​មិលគីស្សាដែក លើ​បព្វជិតភាព​លេវី ឬ អើរ៉ុន និង ពិធីបរិសុទ្ធ​នានា​ដែល​មាន​មក​ជា​មួយ​បព្វជិតភាព​នោះ ។ ប្រសិនបើ​ភាព​ល្អ​ឥតខ្ចោះ និង ភាពតម្កើងឡើង​អាច​សម្រេច​យក​បាន​តាមរយៈ​តែ​បព្វជិតភាព​លេវី តើ​ហេតុអ្វី​ចាំបាច់​មាន​ការផ្លាស់ប្តូរ​ទៅ​កាន់​បព្វជិតភាព​ដែល​ខ្ពស់​ជាង​នោះ ? ប៉ុល​បាន​បង្រៀន​ថា ភាព​ល្អឥតខ្ចោះ ឬ ការធ្វើ​ឲ្យ ‹ មាន​ភាព​ដូច​ជា​ព្រះរាជបុត្រា​នៃ​ព្រះ › ( ហេព្រើរ ៧:៣ ) ពុំ​កើត​ឡើង​មក​ពី​បព្វជិតភាព​លេវី​ឡើយ ប៉ុន្តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង តាម​របៀប​នៃ​បព្វជិតភាព​របស់​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ ‹ កើត​ពី​ពូជ​អំបូរ​យូដា › មិនមែន​ពួកលេវី​ឡើយ ដូច្នោះ​ប៉ុល​បាន​បង្រៀន​ថា សិទ្ធិ​របស់​ទ្រង់​ចំពោះ​បព្វជិតភាព​នេះ​នឹង​មិន​ផ្អែក​លើ​ជីដូនជីតា ប៉ុន្តែ​ផ្អែក​លើ ‹ ព្រះចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ › ( សូមមើល ហេព្រើរ ៧:១៤–១៦) ។ កាល​ជីវិត​មុន​ផែនដី​នេះ ព្រះយេហូវ៉ា ទ្រង់​បាន​បង្កើត​ផែនដី ហើយ​គ្រប់គ្រង​ព្រឹត្តិការណ៍​នានា​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ជាមួយ​នឹង​ព្រះចេស្តា​នៃ​បព្វជិតភាព​ដដែរ​នោះ ដែល​ទ្រង់​កាន់​អំឡុង​ពេល​ការងារ​បម្រើ​របស់​ទ្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់ » ( New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤៨០ ) ។

សូម​អាន ហេព្រើរ ៧:២៣–២៨ ដោយ​រកមើល​ភាពខុសគ្នា​រវាង​ព្រះយេស៊ូវគ្រីស្ទ និង សង្ឃជាន់ខ្ពស់​លេវី ដែល​ចាត់ចែង​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន​សម្រាប់​មនុស្ស ។ ឃ្លា « តែងតាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សម្តេច​សង្ឃ ( សង្ឃជាន់ខ្ពស់ ) ដែល​គេ​មាន​សេចក្តី​កំសោយ » នៅក្នុង ខ​ទី ២៨ មាន​ន័យ​ថា ពួកគេ​មាន​ភាព​ទន់ខ្សោយ ។ សូម​អាន​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៧:២៥-២៦ ( នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ផង​ដែរ ។

នៅក្នុង ហេព្រើរ ៧:២៥ ឃ្លា « ទ្រង់​មាន​ព្រះជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ » មាន​ន័យ​ថា បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្របសម្រួល​ជំនួស​យើង ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះវិញ ។

រូបភាព
ព្រះយេស៊ូវ​អធិស្ឋាន​នៅ​ក្នុង​ច្បារ​គែតសេម៉ានី

តើ​អ្នក​អាច​ពន្យល់​អំពី​ភាព​ខុស​គ្នា​រវាង​ព្រះយេស៊ូវគ្រីស្ទ និង សង្ឃជាន់ខ្ពស់​លេវី​តាម​របៀប​ណា ?

សូម​អាន ហេព្រើរ ៨:១-៤ ដោយ​រកមើល​អំណោយ​ទាន ឬ ការបូជា ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ឲ្យ ។ សូម​កត់សម្គាល់​ថា ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ ហេព្រើរ ៨:៤ អាន​ថា « ហេតុដូច្នោះ​ហើយ អំឡុង​ពេល​ទ្រង់​គង់​នៅ​លើ​ផែនដី​នេះ ទ្រង់​បាន​ថ្វាយ​ការបូជា​មួយ​នៃ​ព្រះជន្ម​ទ្រង់​ផ្ទាល់ សម្រាប់​អំពើ​បាប​នៃ​មនុស្ស ។ ឥឡូវ​នេះ​សង្ឃ​គ្រប់​រូប​នៅក្រោម​ក្រឹត្យវិន័យ ចាំបាច់​ត្រូវ​ផ្តល់​អំណាយ​ទាន ឬ ការបូជា ស្រប​តាម​ក្រឹត្យវិន័យ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៨:៤ [ នៅក្នុង ហេព្រើរ ៨:៤] ) ។

តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ មកពី​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៨:៤ អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ?

  1. សូម​ពិចារណា​ថា តើ​ការ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ផ្ទាល់ ហើយ​សូម​បំពេញ​សេចក្តី​ថ្លែង​ដូច​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គិត​ពី​ការស្វែងរក​ពេល​វេលា​សមរម្យ​មួយ ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​បាន​សរសេរ​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ។

    1. ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដោយសារ …

    2. ខ្ញុំ​ដឹង​ថា​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​ខ្ញុំ​ដោយសារ …

    3. ខ្ញុំ​បាន​ទទួល​ពរ​តាមរយៈ​ការ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយសារ …

អ្នក​កណ្តាល​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ដោះស្រាយ​ភាព​ជំទាស់​គ្នា​រវាង​មនុស្ស ឬ ក្រុម​មនុស្ស​ពីរ​ផ្សេង​គ្នា ។ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្សះផ្សារ​មនុស្ស​លោក ( មនុស្ស​ទាំងអស់​ដែល​មាន​អំពើ​បាប ) ទៅនឹង​ព្រះ​ជា​ព្រះវរបិតា ។ ដោយសារ​ការពលិកម្ម​របស់​ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « អ្នក​កណ្តាល​របស់​សេចក្តី​សញ្ញា​មួយ​ដ៏​ប្រសើរ » ( ហេព្រើរ ៨:៦ ) ជា​សេចក្តីសញ្ញា​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ថា ទ្រង់ « នឹង​ដាក់​ក្រឹត្យវិន័យ [ របស់​ទ្រង់ ] នៅ​ក្នុង​គំនិត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​ចិត្ត​គេ​ផង ហើយ​ទ្រង់​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ [ របស់​ទ្រង់ ] » ( ហេព្រើរ ៨:១០ ) ។ សេចក្តីសញ្ញា​នេះ ប្រសិនបើ​មនុស្ស​បាន​ទទួល​យក នោះ​នឹង​ជួយ​ពួកគេ​ឲ្យ « ស្គាល់​ព្រះអម្ចាស់ » ( ហេព្រើរ ៨:១១ ) ហើយ​ត្រូវបាន​សម្អាត​ចេញ​ពី « អំពើ​បាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​គេ​ទៀត » ( ហេព្រើរ ៨:១២ ) ។

ហេព្រើរ ៩-១០

ប៉ុល​បាន​បង្ហាញ​ពី​របៀប​ដែល​ពិធីបរិសុទ្ធ​របស់​លោក​ម៉ូសេ ចង្អុល​បង្ហាញ​ទៅ​រក​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

យើង​អាន​នៅក្នុង ហេព្រើរ ៩–១០ ថា​សាវក​ប៉ុល​បាន​បន្ត​ប្រៀបធៀប​សង្ឃ​ជាន់​ខ្ពស់​លេវី ទៅ​នឹង​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការ​ពិភាក្សា​ពី​កាតព្វកិច្ច​ដែល​ពួក​សង្ឃ​ជាន់​ខ្ពស់​ទាំង​នោះ​បាន​ធ្វើ​នៅ​ថ្ងៃ​នៃ​ដង្វាយ​ធួន ។

រូបភាព
រូប​រោងឧបោសថ

មួយ​ឆ្នាំ​ម្តង​នៅក្នុង​ថ្ងៃ​បរិសុទ្ធ​របស់​សាសន៍​យូដា ត្រូវ​បាន​ហៅ​ថា​ជា​ថ្ងៃ​នៃ​ដង្វាយធួន ( គេ​ក៏​ហៅ​ថា យ៉ុម គីផួរ ផងដែរ ) សង្ឃជាន់ខ្ពស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ទី​បរិសុទ្ធ​បំផុត ( គេ​ក៏​ហៅ​ថា បរិសុទ្ធ​លើ​ទី​បរិសុទ្ធ ឬ ទី​ដ៏​បរិសុទ្ធ​បំផុត ) នៅក្នុង​រោងឧបោសថ ឬ ក្រោយ​មក​ជា​ព្រះវិហារ​បរិសុទ្ធ​យេរូសាឡិម ។ ពីមុន​ចូល​ទៅ​ទីនោះ សង្ឃជាន់ខ្ពស់​បាន​បូជា​គោឈ្មោល​មួយ ដែល​ជា​ការបង្ហាញ​ពី​ការពលិកម្ម « សម្រាប់​ខ្លួន​គាត់ និង គ្រួសារ​គាត់ » ហើយ​ក្រោយ​មក បាន​បូជា​ពពែ​ឈ្មោល​ជា​ការបង្ហាញ​ពី​ការពលិកម្ម « សម្រាប់​ក្រុមជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល » ។ គាត់​បាន​ស្រោច​ឈាម​សត្វ​នោះ​នៅក្នុង​កន្លែង​ពិសេស និង នៅលើ​វត្ថុ​ជាក់​លាក់​មួយ​ចំនួន​នៅក្នុង​ទី​បរិសុទ្ធ​បំផុត​នោះ ដែល​ជា​ការបង្ហាញ​បន្ថែម​ទៀត​នៃ​ដង្វាយ​ធួន ។ ក្រោយ​មក​គាត់ « សារភាព​រាល់​ទោស​កំហុស​របស់​ប្រជាជន​អ៊ីស្រាអែល » ហើយ​យក​ពពែ​ឈ្មោល​មួយ​ទៀត ( ហៅ​ថា​អ្នក​រងកំហុស​អ្នក​ឯ​ទៀត ) បណ្តេញ​ចេញ​ឲ្យ​ទៅ​ក្នុង​ទីរហោស្ថាន ជា​និមិត្តរូប​នៃ​ការដក​ចេញ​នូវ​អំពើ​បាប​របស់​ប្រជាជន ។ បន្ទាប់​មក គាត់​ប្តូរ​សម្លៀកបំពាក់​គាត់ ហើយ « ដុត​ដង្វាយ​ចៀម​ឈ្មោល​ពី​សម្រាប់​ខ្លួន​គាត់ និង ប្រជាជន​គាត់ » ( Bible Dictionary « Fasts » សូមមើល​ផងដែរ លេវីវិន័យ ១៦ ) ។

សូម​អាន ហេព្រើរ ៩:១១–១២, ២៤, ២៨ និង ហេព្រើរ ១០:១, ៤, ១០–១២ ដោយ​រកមើល​របៀប​ដែល​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នៃ​ដង្វាយធួន​គឺ​ជា​គំរូ និង សណ្ឋាន​អំពី​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សង្ឃជាន់ខ្ពស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទី​បរិសុទ្ធ​បំផុត​នៃ​រោងឧបោសថ​មួយ​ឆ្នាំ​ម្តង​នៅ​ថ្ងៃ​នៃ​ដង្វាយធួន ។ តើ « ទីបរិសុទ្ធ » ( ហេព្រើរ ៩:១២ ) អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​យាង​ចូល​បាន ( ហើយ​មនុស្ស​លោក​ទាំង​អស់​ផងដែរ ) ដោយសារ​តែ​ដង្វាយធួន​របស់​ទ្រង់​នោះ ?

តើ​ការបូជា​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​កិច្ចការ​អ្វី​ខ្លះ ដែល « ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល » ( ហេព្រើរ ១០:៤ ) ពុំ​អាច​ធ្វើ​បាន ?

ទោះបី​ជា​ឈាម​សត្វ​ពុំ​អាច​ធ្វើ​ឲ្យ​ធួន​ចំពោះ​អំពើ​បាប​របស់​មនុស្ស​ក្តី ពួក​សង្ឃ​ជាន់​ខ្ពស់​លេវី បាន​ធ្វើ​ពិធីបរិសុទ្ធ​នោះ​ដើម្បី​បង្ហាញ​ពី « ស្រមោល​ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក » ( ហេព្រើរ ១០:១ ) ឬ ចង្អុល​បង្ហាញ​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ។

សូម​អាន ហេព្រើរ ១០:១៧-២០ ដោយ​រកមើល​ថា ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​អ្វី​បាន ។

យោង​តាម ហេព្រើរ ១០:១៩ យើង​អាច​ចូល​ទៅ​ក្នុង​ទី « ដ៏​បរិសុទ្ធ​បំផុត » ឬ វត្តមាន​របស់​ព្រះ​នៅក្នុង​នគរ​សេឡេស្ទាល ដោយសារ​ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ឃ្លា « ជា​ផ្លូវ​ថ្មី ហើយ​រស់ » នៅក្នុង ហេព្រើរ ១០:២០ សំដៅ​លើ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ឬ ផែនការ​ដែល​យើង​អាច​ត្រូវបាន​អភ័យទោស ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ហើយ​ប្រែ​ជា​មាន​ភាពសក្តិសម​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ។

សូម​អាន ហេព្រើរ ១០:២២-២៤ ដោយ​ស្វែងរក​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល ។ បន្ទាប់​មក​សូម​បំពេញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល​បាន ប្រសិនបើ  ។

តើ​អ្នក​គិត​ថា « កាន់​ខ្ជាប់ » មាន​ន័យ​ដូច​ម្ដេច ( ហេព្រើរ ១០:២៣ ) ចំពោះ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អាន ហេព្រើរ ១០:៣៥ ដោយ​រកមើល​ការទូន្មាន​របស់​ប៉ុល ដែល​អាច​ជួយ​យើង​ឲ្យ​កាន់ខ្ជាប់​ចំពោះ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

តើ​អ្នក​គិត​ថា « កុំ​ឲ្យ​បោះ​បង់​ចោល … សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា » មាន​ន័យ​ដូចម្តេច ? ( ហេព្រើរ ១០:៣៥ ) ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ « កុំ​ឲ្យ​បោះ​បង់​ចោល​សេចក្តី​ក្លាហាន [ របស់​យើង ] » ៖ « នៅក្នុង​ការនិយាយ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នោះ វា​ពិតជា​ពិបាក​ណាស់—ពីមុន​អ្នក​ចូលរួម​សាសនាចក្រ អំឡុងពេល​អ្នក​កំពុង​ព្យាយាម​ចូលរួម ហើយ​បន្ទាប់​មក​បាន​ចូលរួម​សាសនាចក្រ ។ ប៉ុល​បាន​និយាយ​ថា នេះ​ជា​របៀប​ដែល​វា​តែងតែ​កើត​ឡើង ប៉ុន្តែ​ចូរ​កុំ​រុញរា​ធ្វើ​តាម​វា​ឡើយ ។ ចូរ​កុំ​ភិតភ័យ និង ដក​ខ្លួន​ចេញ ។ ចូរ​កុំ​បោះបង់​សេចក្តី​ក្លាហាន​របស់​អ្នក ។ ចូរ​កុំ​ភ្លេច​ពី​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ធ្លាប់​មាន ។ ចូរ​កុំ​ខ្វល់​ពី​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន​ឡើយ ។ ការតស៊ូ​ស្វិតស្វាញ​នោះ [ ភាព​រឹងប៉ឹង ] គឺ​ជា​ឧបករណ៍​មួយ​ដែល​បាន​ជួយ​សង្គ្រោះ​ម៉ូសេ និង យ៉ូសែប ស៊្មីធ នៅពេល​មាសត្រូវ​បាន​ប្រឈម​មុខ​ជាមួយ​ពួកគេ ហើយ​វា​ក៏​ជា​អ្វី​ដែល​នឹង​ជួយ​សង្គ្រោះ​អ្នក​ផងដែរ » ( « Cast Not Away Therefore Your Confidence » Ensign ខែ មិនា ឆ្នាំ ២០០០ ទំព័រ ៨ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​មាន​គំរូ​ល្អ​ក្នុង​ការ​កាន់​ខ្ជាប់​ទៅ​នឹង​សេចក្តី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពុំ​បោះបង់​ទំនុក​ចិត្ត​របស់​គាត់​ចោល​ឡើយ ។

  2. សូម​គិត​អំពី​ការប្តេជ្ញាចិត្ត​របស់​អ្នក​ដើម្បី​កាន់ខ្ជាប់​ទៅ​នឹង​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​បង្កើន​ការប្តេជ្ញា​ចិត្ត និង សមត្ថភាព​របស់​អ្នក ដើម្បី​ធ្វើ​កិច្ចការ​នេះ ។

  3. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេព្រើរ ៧-១០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖