បណ្ណាល័យ
មេរៀន​ទី ២៨ ថ្ងៃ​ទី ៤ ៖ ហេព្រើរ ១២–យ៉ាកុប ១


មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ៤

ហេព្រើរ ១២យ៉ាកុប ១

សេចក្តីផ្ដើម

សាវក​ប៉ុល​បាន​ទូន្មាន​ពួកយូដា​ដែល​ជា​សមាជិក​សាសនាចក្រ ឲ្យ​រត់​ប្រណាំង​នៃ​ភាព​ជាសិស្ស តាមរយៈ​ការធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​ពន្យល់​អំពី​ពរជ័យ​នៃ​ការទទួល​នូវ​ការផ្ចាញ់ផ្ចាល់​របស់​ព្រះអម្ចាស់ ។ យ៉ាកុប​ក៏​ជា​សាវក​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​លើក​ទឹកចិត្ត​ពួក​វង្សអ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់ ឲ្យ​មាន​ចិត្ត​អត់ធ្មត់​នៅ​ក្នុង​ការ​រងទុក្ខ​របស់​ខ្លួន ហើយ​ស្វែង​រក​ប្រាជ្ញា​មក​ពី​ព្រះវរបិតា​សួគ៌ ។ យ៉ាកុប​ក៏​បាន​បង្រៀន​ពួកគេ​ផង​ដែរ​ឲ្យ​តតាំង​នឹង​ការ​ល្បួង ធ្វើ​ជា​អ្នក​ធ្វើ​តាម​ព្រះបន្ទូល បម្រើ​មនុស្ស​ដទៃ ហើយ​រស់​នៅ​ដោយ​ស្អាតស្អំ​ខាង​វិញ្ញាណ ។

ហេព្រើរ ១២

ប៉ុល​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ​រត់​ប្រណាំង​នឹង​ជីវិត​ដោយ​សេចក្តី​ជំនឿ និង ការអត់ធ្មត់

នៅក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ សូម​ពិពណ៌នា​ពី​ភាពលំបាក​នានា​ដែល​អត្តពលករ​ម្នាក់​អាច​ជួប នៅពេល​គាត់​រត់​ប្រណាំង​លើ​ផ្លូវ​ដ៏​ឆ្ងាយ ៖

រូបភាព
យុវជន​កំពុង​រត់

តើ​មាន​អ្វីខ្លះ​ដែល​អាច​លើក​ទឹកចិត្ត​ឲ្យ​កីឡាករ​រត់​ប្រណាំង​ម្នាក់ បន្ត​រត់ ទោះបី​ជា​គាត់​ជួប​ការលំបាក​ក្តី ?

តើ​ជីវិត​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ដូច​ទៅនឹង​ការស៊ូទ្រាំ​នឹង​ការប្រណាំង​យ៉ាង​ដូចម្ដេច​ដែរ ? តើ​ការលំបាក​អ្វី​ខ្លះ​ដែល​យើង​អាច​ជួប​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ? តើ​មាន​ការលំបាក​អ្វីខ្លះ​ដែល​អ្នក​បាន​ជួប ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ?

នៅពេល​អ្នក​សិក្សា ហេព្រើរ ១២ សូម​រកមើល​សេចក្តី​ពិត​ដែល​នឹង​ជួយ​អ្នក ឲ្យ​បន្ត​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ទោះបី​ជា​នៅពេល​វា​ប្រែជា​លំបាក​ក្តី ។

សូម​អាន ហេព្រើរ ១២:១ ដោយ​រកមើល​អ្វី​ដែល​សាវក​ប៉ុល បាន​ប្រាប់​ពួកបរិសុទ្ធ​ថា​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​រត់​ប្រណាំង​ក្នុង​ភាព​ជា​សិស្ស​ដោយ​ជោគជ័យ ។

សូម​ស្រមៃ​ពី​ការរត់​ប្រណាំង​មួយ ដែល​មាន​ស្ពាយ​កាបូប​ដាក់​ដុំ​ថ្មពេញ ។ តើ​ការស្ពាយ​កាបូប​នេះ​ប៉ះពាល់​ដល់​ការរត់​ប្រណាំង​របស់​អ្នក​ដូចម្ដេច​ខ្លះ ?

តើ​អំពើ​បាប​របស់​អ្នក ដូច​ទៅ​នឹង​ដុំ​ថ្ម​នៅក្នុង​កាបូប​នោះ​យ៉ាង​ដូចម្តេច ? សូម​ស្រមៃ​ថា តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា នៅពេល​អ្នក​រត់​បាន​បន្តិច ហើយ​អ្នក​បាន​ដក​យក​កាបូប​ស្ពាយ​នោះ​ចេញ ។

សូម​ពិចារណា​ពី​អត្ថន័យ​នៃ​ការរត់​ប្រណាំង​នៃ​ភាពសិស្ស​ដោយ​ការអត់ធ្មត់ ។

សូមមើល ហេព្រើរ ១២:២–៤ ដោយ​រកមើល​អ្វី​ដែល ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទុក​អំពើបាប​របស់​ខ្លួន​មួយ​អន្លើ ហើយ​ស៊ូទ្រាំ​នឹង​ការជំទាស់​នានា​ដោយ​អត់ធ្មត់ ។ ពាក្យ ទទឹងទទែង នៅក្នុង ខ​ទី ៣ សំដៅលើ​ការជំទាស់ ( សូមមើល ហេព្រើរ ១២:៣  ) ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នោះ​គឺ​ថា នៅពេល​យើង​មើល​ទៅ​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ឃើញ​នូវ​កម្លាំង ដើម្បី​ទុក​អំពើ​បាប​របស់​យើង​មួយ​អន្លើ ហើយ​ស៊ូទ្រាំ​នឹង​ការជំទាស់​នានា​ដោយ​អត់ធ្មត់ ។

រូបភាព
ការឆ្កាង​ព្រះគ្រីស្ទ

សូម​អាន ហេព្រើរ ១២:២-៤ ម្តង​ទៀត ដោយ​រកមើល​តួនាទី​ដែល​ព្រះអង្គសង្គ្រោះ​មាន​នៅក្នុង​ជីវិត​របស់​ពួកយើង ។

តើ​អ្នក​គិត​ថា​ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច នៅពេល​លោក​បាន​ពិពណ៌នា​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង » នៅក្នុង ខ​ទី ២ ។ សូម​គិត​ពី​ការគូស​ចំណាំ​ការជំទាស់​នានា ដែល​ព្រះអង្គសង្គ្រោះ​បាន​ស៊ូទ្រាំ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។

ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះឆន្ទៈ​ទទួល​រង​ការសុគត​នៅលើ​ឈើឆ្កាង ហើយ​ស៊ូទ្រាំ​នឹង​ភាពអាម៉ាស់​នៃ​ពិភពលោក ដោយសារ​ទ្រង់​បាន​ដឹង​ថា​ទ្រង់​នឹង​បាន​ទទួល​អំណរ ប្រសិនបើ​ទ្រង់​នៅ​តែ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះវរបិតាសួគ៌ ។

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

អែលឌើរ ណែល អេ. ម៉ាកស្វែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ការរៀន​ស្អប់​នូវ​ការអាម៉ាស់​នៃ​ពិភពលោក​នេះ មាន​ន័យ​ថា គឺ​ជា​ការមិន​គិត​អ្វី​សោះ​ពី​វា គឺ​ដូច​ជា​ការមិន​ស្តាប់​តាម​ការល្បួង​សោះ ( សូមមើល គ. និង ស. ២០:២២ ) » ( Lord Increase Our Faith [ ឆ្នាំ ១៩៩៤ ] ទំព័រ ៩៩ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​មាន​ប្រសាសន៍​ដូចតទៅ​នេះ អំពី​ការស៊ូទ្រាំ​របស់​ព្រះអង្គ​សង្គ្រោះ ៖ « ព្រះយេស៊ូវ​បាន​ស៊ូទ្រាំ ។ ទ្រង់​បាន​បន្ត​ទៅ​មុខ ។ ភាព​ល្អ​នៅក្នុង​ទ្រង់ ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​មាន​ជ័យជំនះ ទោះបី​នៅក្នុង​ស្ថានភាព​មួយ​ដ៏​ឈឺចាប់​ទាំងស្រុង​ក្តី ។ ការទុកចិត្ត​ដែល​ទ្រង់​បាន​រស់​នៅ​តាម បាន​ប្រាប់​ទ្រង់​ថា អារម្មណ៍​នៃ​ក្តីអាណិតអាសូរ​របស់​ព្រះ​មិន​ធ្លាប់​អវត្តមាន​ឡើយ ថា​ព្រះ​មាន​ព្រះទ័យ​ស្មោះត្រង់​ជានិច្ច ថា​ទ្រង់​មិន​ដែល​គេច​វេស ហើយ​ក៏​មិន​ភ្លេច​យើង​ឡើយ » ( « None Were with Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៨ ) ។

សូម​គិត​ថា តើ​ការមើល​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​បាន​យ៉ាង​ដូចម្ដេច កាល​យើង​ជួប​ការរងទុក្ខ និង​ឧបសគ្គ​ទាំងឡាយ​នោះ ។ សូម​ពិចារណា​ថា តើ​ការមើល​គំរូ​របស់​ព្រះអង្គសង្គ្រោះ​អាច បំផុស​គំនិត​អ្នក​ឲ្យ​ទម្លាក់​អំពើ​បាប​របស់​អ្នក​មួយ​អន្លើ ហើយ​មាន​ក្តី​អត់ធ្មត់​កាន់តែ​ច្រើន​ទៀត​ជាមួយ​ខ្លួន​ឯង និង មនុស្ស​ដទៃ​យ៉ាង​ដូចម្តេច​ខ្លះ ។

រូបភាព
ក្មេងប្រុស​កំពុង​ទទួល​ការកែតម្រូវ

តើ​អ្នក​ឆ្លើយតប​នឹង​ការកែតម្រូវ​ដោយ​របៀប​ណា ?

សូម​គិត​អំពី​គ្រា​មួយ នៅ​ពេល​នរណា​ម្នាក់​បាន​កែតម្រូវ​អ្នក ។ តើ​អ្នក​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ ការកែតម្រូវ​នោះ ? ហេតុអ្វី​មាន​ពេល​ខ្លះ​វា​ពិបាក​ដើម្បី​ទទួលការ​កែតម្រូវ​ពី​នរណា​ម្នាក់ ?

តើ​មាន​ហេតុផល​ណា​ខ្លះ ដែល​អ្នក​គិត​ថា​មនុស្ស​អាច​ព្យាយាម​កែតម្រូវ​យើង ជាពិសេស​នៅពេល​ពួកគេ​ដឹង​ថា យើង​មិន​ចូលចិត្ត​ការកែតម្រូវ​របស់​ពួកគេ​នោះ ?

នៅពេល​យើង​រត់​ប្រណាំង​នៃ​ភាព​ជា​សិស្ស យើង​អាច​រំពឹង​ថា​ត្រូវបាន​គេ​ផ្ចាញ់ផ្ចាល ឬ កែតម្រូវ ។

សូម​អាន ហេព្រើរ ១២:៦-៩ ដោយ​រកមើល​ថា​នរណា​នឹង​កែតម្រូវ​យើង ហើយ​មូលហេតុអ្វី ។ ពាក្យ កូន​ឥត​ខាន់ស្លា នៅ​ក្នុង ខ​ទី ៨ សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​ពុំ​កើត​មក​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ជា​អ្នក​ដែល​ពុំ​ត្រូវបាន​ចាត់​ទុក​ថា​ជា​អ្នក​ទទួល​មរតក​ស្រប​ច្បាប់​ឡើយ ។ ( ហេព្រើរ ១២:៩ គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​កាន់តែ​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការផ្ចាញ់ផ្ចាល​របស់​ព្រះវបិតាសួគ៌​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់ ចំពោះ​កូន​ចៅ​របស់​ទ្រង់​តាម​របៀប​ណា​ខ្លះ ?

    2. តើ​ព្រះវរបិតាសួគ៌​អាច​កែតម្រូវ​យើង​តាម​របៀប​ណា​ខ្លះ ?

ទោះបីជា​ការផ្ចាញ់ផ្ចាល​របស់​ព្រះវរបិតាសួគ៌​អាច​កើត​ឡើង​តាម​របៀប​ជា​ច្រើន​ក្តី យើង​គប្បី​ប្រុងប្រយ័ត្ន កុំ​គិត​ស្មាន​ថា គ្រប់​ការសាកល្បង ឬ ការរងទុក្ខ​ដែល​យើង​ជួប​កើត​ឡើង​មក​ពី​ព្រះ​ឲ្យ​សោះ ។

នៅក្នុង ហេព្រើរ ១២:១០ ប៉ុល​បាន​ទទួល​ស្គាល់​ថា ទោះបី​ជា​ឪពុក​នៅផែនដី​របស់​យើង ដែល​ស្រឡាញ់​យើង​ក្តី មាន​ពេលខ្លះ​ផ្ចាញ់ផ្ចាល​យើង​តាម​របៀប​មួយ​ដែល​មិន​ល្អ​ឥតខ្ចោះ ការផ្ចាញ់ផ្ចាល​របស់​ព្រះវរបិតាសួគ៌​របស់​យើង​គឺ​ល្អ​ឥតខ្ចោះ ហើយ​ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។

សូម​អាន ហេព្រើរ ១២:១០-១១ ដោយ​រកមើល​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​ឡើង​ពី​ការបន្ទាបខ្លួន​ចុះចូល​នឹង​ការផ្ចាញ់ផ្ចាល​របស់​ព្រះ ។ ឃ្លា « បាន​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់ » នៅក្នុង ខ​ទី ១០ សំដៅលើ​ការប្រែ​កាន់តែ​ដូច​ជា​ព្រះ ។

សូម​កត់សម្គាល់​នៅក្នុង ខ​ទី ១១ ពីអ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី របៀប​ដែល​យើង​អាច​មាន​អារម្មណ៍​នៅពេល​ដំបូង​ដែល​យើង​ត្រូវបាន​ផ្ចាញ់ផ្ចាល ។ ការចងចាំ​ថា​ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ពី​អ្វី​ដែល​ល្អ​បំផុស​សម្រាប់​យើង អាច​ជួយ​យើង​ឲ្យ​ចុះចូល​ចំពោះ​ការផ្ចាញ់ផ្ចាល​នៅពេល​វា​កើត​ឡើង​ចំពោះ​យើង ។ គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញពី​ខ​គម្ពីរ​ទាំងនេះ​គឺ​ថា ប្រសិនបើ​យើង​ចុះចូល​ទៅនឹង​ការផ្ចាញ់ផ្ចាល​មក​ពី​ព្រះវរបិតាសួគ៌ នោះ​យើង​នឹងប្រែ​កាន់តែ​ដូច​ជា​ទ្រង់ ហើយ​មាន​ភាពសុខសាន្ត ដែល​កើត​ឡើង​មក​ពី​ភាពសុចរិត ។

ប្រសិនបើ​អ្នក​មាន​អ៊ិនធើរណែត អ្នក​អាច​មើល Mormon Messages វីដេអូ « The Will of God » ( ៣:០២ ) ដែល​មាន​នៅ​គេហទំព័រ LDS.org ។ វីដេអូ​នេះ​បង្ហាញ​ពី​សេចក្តីស្រឡាញ់ និង ប្រាជ្ញា​ដែល​មាន​នៅក្នុង​ការតម្រូវ​របស់​ព្រះវរបិតាសួគ៌​នៅក្នុង​ជីវិត​របស់​យើង ។

សូម​គិត​អំពី​គ្រា​មួយ នៅពេល​អ្នក​បាន​មាន​អារម្មណ៍​ទទួល​ការផ្ចាញ់ផ្ចាល​ដោយ​ព្រះវរបិតាសួគ៌ ។ តើ​អ្នក​ឆ្លើយតប​ដោយ​របៀប​ណា ? អ្នក​អាច​គូស​សញ្ញា​មួយ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ដើម្បី​រំឭក​អ្នក​ឲ្យ​ចុះចូល​ចំពោះ​ការផ្ចាញ់ផ្ចាល​របស់​ព្រះវរបិតាសួគ៌​នា​ពេល​អនាគត ។ សូម​ដាក់​សញ្ញា​នោះ​នៅ​កន្លែង​មួយ​ដែល​វា​ជា​ការរំឭក​មួយ​ដល់​អ្នក​អំពី​ការបង្រៀន​របស់​ប៉ុល​នៅ​ក្នុង​គម្ពីរ​ហេព្រើរ ។

នៅក្នុង ហេព្រើរ ១២:១២–២៩ ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ ឲ្យ​ជួយ​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត ឲ្យ​បន្ត​ស្មោះត្រង់ ប្រយោជន៍​ឲ្យ​ពួកគេ​នឹង​មិន​បាត់បង់​នូវ​ពរជ័យ​របស់​ព្រះ ។ លោក​ក៏​បាន​ពន្យល់​ដល់​ពួកបរិសុទ្ធ​ផងដែរ​ថា អស់​អ្នក​ដែល​បន្ត​ស្មោះត្រង់ ហើយ​បម្រើ​ព្រះ​នឹង​ទទួល​បាន​នូវ​សិរី​ល្អ និង កន្លែង​មួយ​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន​នៅក្នុង​នគរ​របស់​ព្រះ ។

រូបភាព
រូបសញ្ញា​ចំណេះចំណា​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—ហេព្រើរ ១២:៩

  1. សូមមើល ហេព្រើរ ១២:៩ ដោយ​រកមើល​គោលលទ្ធិ​បន្ថែម​ទៀត ដែល​យើង​អាច​រៀន​អំពី​ព្រះវរបិតាសួគ៌​របស់​យើង ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ ហេតុអ្វី​វា​សំខាន់​ដើម្បី​ជឿ​ថា​យើង​គឺ​ជា​កូនចៅ​របស់​ព្រះ ?

ហេព្រើរ ១៣

ប៉ុល​ផ្តល់​ការទូន្មាន​ផ្សេងៗ​ទៀត​ដល់​ពួក​បរិសុទ្ធ

ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួកបរិសុទ្ធ​ហេព្រើរ ដោយ​ផ្តល់​ការទូន្មាន​លើ​ប្រធាន​បទ​ផ្សេងៗ​ទៀត ។ សូម​អាន ហេព្រើរ ១៣:១-៩, ១៧ ដោយ​រកមើល​ការទូន្មាន​ដែល​ប៉ុល​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ ។

ចេញ​ពី​អ្វី​ដែល​អ្នក​អាន តើ​ការទូន្មាន​ណា​មួយ​ដែល​អ្នក​គិត​ថា​វា​ចាំបាច់​បំផុត​នៅក្នុង​ជំនាន់​របស់​យើង​នេះ ? ហេតុអ្វី ?

សូម​គិត​ពី​ផ្នែក​ណា​មួយ​នៃ​ការទូន្មាន​របស់​ប៉ុល ដែល​អ្នក​អាច​អនុវត្ត​បានប្រសើរ​ឡើង​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។

នៅក្នុង ហេព្រើរ ១៣:១០–២៥ ប៉ុល​បាន​បង្រៀន​ថា បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ បាន​បំពេញ​ដង្វាយធួន នោះ​ការបូជា​សត្វ​ពុំ​តម្រូវ​ឲ្យ​មាន​ទៀត​ឡើយ ( សូមមើល នីហ្វៃទី ៣ ៩:១៨–២០ ) ។ ផ្ទុយ​ទៅវិញ ពួកបរិសុទ្ធ​ថ្វាយ​ដង្វាយ​ដល់​ព្រះ​ជា​ការសរសើរ និង កិច្ចការ​ល្អ​វិញ ។

យ៉ាកុប ១

យ៉ាកុប​លើក​ទឹកចិត្ត​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់ ឲ្យ​ស្វែងរក​ប្រាជ្ញា​ពី​ព្រះ ហើយ​ធ្វើ​ជា​អ្នក​ធ្វើ​តាម​ព្រះបន្ទូល

តើ​អ្នក​ធ្លាប់​ប្រាថ្នា​ថា អ្នក​មាន​ប្រាជ្ញា​ជាង ឬ អ្នក​មាន​ការយល់​ពី​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​ប្រសើរ​ជាង​មុន​ឬ​ទេ ? សូម​ពិចារណា​អំពី​ស្ថានភាព​នានា​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​នឹង​ចង់​មាន​ប្រាជ្ញា​ជាង​មុន ។

រូបភាព
យ៉ូសែប ស៊្មីធ ស្វែងរក​ប្រាជ្ញា​ពី​ព្រះគម្ពីរ​ប៊ីប

សូម​អាន យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៩-១០ ដោយ​រកមើល​សំណួរ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ មាន​កាល​លោក​នៅក្មេង ។

យ៉ូសែប​កំពុង​អាន​សំបុត្រ​របស់​យ៉ាកុប នៅពេល​លោក​បាន​ឃើញ​ពី​របៀប​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ យ៉ាកុប​ជា​សាវក​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ជា​ប៊ីស្សព​​នៅ​ក្រុង​យេរូសាឡិម ។ តាម​ប្រពៃណី​របស់​ពួកគ្រីស្ទាន ក៏​បាន​ប្រកាន់​ថា យ៉ាកុប​គឺ​ជា​កូន​របស់​ម៉ារ៉ា និង យ៉ូសែប ហេតុដូច្នោះ​ហើយ គឺ​ជា​បងប្អូន​នឹង​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន យ៉ាកុប ១:១-៤ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប បាន​បង្រៀន​វង្ស​អ៊ីស្រាអែល អំពី​ការលំបាក និង ការរងទុក្ខ​វេទនា​របស់​ពួកគេ ។ ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ាកុប ១:២ ( នៅក្នុង យ៉ាកុប ១:២  ) ប្តូរ​ឃ្លា « សេចក្តី​ល្បួង​ផ្សេងៗ » ទៅ​ជា « សេចក្តី​ទុក្ខវេទនា​ដ៏​ច្រើន » ។

សូម​កត់​សម្គាល់​ពី​សេចក្ដី​យោង​ទៅ​នឹង​ពាក្យ​អត់ធ្មត់​នៅក្នុង យ៉ាកុប ១:៣–៤ ។ ហេតុអ្វី​ការមាន​ភាពអត់ធ្មត់​អំឡុង​ពេល​មាន​ការលំបាក និង ទុក្ខ​វេទនា វា​សំខាន់ ?

សូម​អាន យ៉ាកុប ១:៥–៦ ដោយ​រកមើល​អ្វី​ដែល យ៉ូសែប ស៊្មីធ បាន​រកឃើញ​ថា បាន​ជួយ​លោក​ឲ្យ​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា នៅក្នុង ខ​ទី ៥ ពាក្យ សទ្ធា មានន័យ​ថា សេរី និង ដោយ​សប្បុរស និង​ពាក្យ បន្ទោស មាន​ន័យ​ថា ស្តី​ឲ្យ ឬ តិះតៀន ។ ( យ៉ាកុប ១:៥-៦ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលការណ៍​មួយ ឬ ពីរ ដែល​អ្នក​អាច​រៀន​ពី យ៉ាកុប ១:៥–៦ ។

តើ​អ្នក​គិត​ថា « សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ » មាន​ន័យ​ដូចម្តេច ( យ៉ាកុប ១:៦ ) ?

សូម​អាន យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១២ ដែល​បាន​កត់ត្រា​ពី​ប្រតិកម្ម​របស់​យ៉ូសែប ចំពោះ យ៉ាកុប ១:៥ ។ តើ​លទ្ធផល​អ្វី​បាន​កើត​ឡើង ដោយសារ​យ៉ូសែប ស្ម៊ីធ អនុវត្ត​នូវ​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង យ៉ាកុប ១:៥–៦ ?

រូបភាព
ការនិមិត្ត​ដំបូង

សូម​គិត​អំពី​គ្រា​នានា នៅពេល​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តាម​ការអធិស្ឋាន​របស់​អ្នក បន្ទាប់​ពី​អ្នក​បាន​អធិស្ឋាន​ទៅ​កាន់​ទ្រង់​ដោយ​សេចក្ដីជំនឿ ។ សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍ ដែល​អ្នក​រកឃើញ​នៅក្នុង យ៉ាកុប ១:៥–៦ ប្រយោជន៍​ឲ្យ​អ្នក​អាច​ទទួល​បាន​ប្រាជ្ញា និង ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក ។

ដូច​មាន​កត់ត្រា​នៅក្នុង យ៉ាកុប ១:៧–១១ យ៉ាកុប​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​មាន​ចិត្ត​ពីរ ឬ ការគ្មាន​ចិត្ត​ទៀងត្រង់ និង គ្មាន​ការតាំងចិត្ត​ចំពោះ​ព្រះអម្ចាស់ ។ លោក​ក៏​បាន​ព្រមាន​ផងដែរ​ដល់​អ្នក​មាន​អំពី​បញ្ហា​នានា ដែល​នឹង​កើត​ឡើង​ដោយសារ​ទ្រព្យ​សម្បត្តិ ។

នៅក្នុង យ៉ាកុប ១:១២–២១ យ៉ាកុប​បាន​បង្រៀន​ថា យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ តាមរយៈ​ការតទល់​នឹង​ការ​ល្បួង ដែល​វា​ជា​តម្រូវការ​មួយ​សម្រាប់​ការ​ទទួល​បាន​នូវ​មកុដ​នៃ​ជីវិត​ដ៏​នៅ​អស់ក្បល​ជានិច្ច ។ លោក​ក៏​បាន​បង្រៀន​ថា គ្រប់​អំណោយ​ទាន​ល្អៗ​ទាំង​អស់​គឺ​មក​ពី​ព្រះ ហើយ​ថា​ពួកបរិសុទ្ធ​គប្បី​បោះបង់​ចោល​នូវ « អំពើ​ស្មោកគ្រោក » ហើយ​ទទួល​ព្រះបន្ទូល​ព្រះ « ដោយ​ចិត្ត​សុភាព » ( យ៉ាកុប ១:២១ ) ។

សូម​អាន យ៉ាកុប ១:២២ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​តាម​ព្រះបន្ទូល​ព្រះ ។

សូម​គិត​ពី​របៀប​ដែល យ៉ូសែប ស៊្មីធ បាន​ធ្វើ​តាម​ការទូន្មាន​នេះ ៖ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន នៅពេល​អ្នក​សិក្សា​មេរៀន​នេះ ។

សូម​អាន យ៉ាកុប ១:២៧ ដោយ​រកមើល​របៀប​នានា ដែល​អ្នក​អាច​ក្លាយ​ជា​អ្នក​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ ។ ការប្រើ​ពាក្យ​របស់​យ៉ាកុប​នៃ​ពាក្យ សាសនា នៅក្នុង​បរិបទ​នេះ​សំដៅ​ទៅលើ​ការ​បង្ហាញ​ភក្តីភាព​របស់​យើង​ចំពោះ​ព្រះ ។

រូបភាព
រូបសញ្ញា​ចំណេះចំណា​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—យ៉ាកុប ១:៥-៦

ការទន្ទេញ យ៉ាកុប ១:៥–៦ នឹង​ជួយ​អ្នក​ពេញ​មួយ​ជីវិត នៅពេល​អ្នក​មាន​សំណួរ​អំពី​ដំណឹង​ល្អ នៅពេល​អ្នក​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ក្នុង​ការ​សម្រេច​ចិត្ត និង នៅពេល​អ្នក​បង្រៀន​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ ។

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ព្យាយាម​ទន្ទេញ យ៉ាកុប ១:៥–៦ ។ សូម​ចាំ ដើម្បី​ទន្ទេញ​ចំណេះចំណាន​ខគម្ពីរ​ឲ្យ​បាន​ញឹកញាប់ ប្រយោជន៍​ឲ្យ​អ្នក​អាច​បន្ត​ចាំ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេព្រើរ ១២យ៉ាកុប ១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖