បណ្ណាល័យ
មេរៀន​ទី ២៩ ថ្ងៃ​ទី ២ ៖ យ៉ាកុប ៤-៥


មេរៀន​ទី ២៩ ៖ ថ្ងៃ​ទី ២

យ៉ាកុប ៤-៥

សេចក្តីផ្ដើម

សាវក​យ៉ាកុប​បាន​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​ទប់ទល់​នឹង​អំពើ​អាក្រក់ ខិត​កាន់តែ​ជិត​ព្រះ ហើយ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​អត់ធ្មត់ អំឡុង​ពេល​រង់ចាំ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​បង្រៀន​ថា អ្នក​ឈឺ​គួរតែ « ហៅ​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ ( សាសនាចក្រ ) » ( យ៉ាកុប ៥:១៤ ) ព្យាបាល​ពួកគេ ។ យ៉ាកុប​ក៏​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​ជួយ​អ្នក​មាន​បាប​ឲ្យ​ប្រែចិត្ត​ផងដែរ ។

យ៉ាកុប ៤

យ៉ាកុប​ទូន្មាន​ពួកបរិសុទ្ធ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ហើយ​ទប់ទល់​នឹង​អំពើ​អាក្រក់

សូម​គិត​ពី​សមាជិក​ម្នាក់​នៃ​គ្រួសារ ឬ​មិត្តភក្តិ​ដែល​អ្នក​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ពួកគាត់ ។ ហេតុអ្វី​អ្នក​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​បុគ្គល​ម្នាក់​នោះ ?

តើ​អ្នក​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​បុគ្គល​ម្នាក់​នោះ​ដោយ​របៀប​ណា ?

ឥឡូវ​សូម​ពិចារណា​ពី​អារម្មណ៍​ស្និទ្ធស្នាល​ដែល​អ្នក​មាន​ចំពោះ​ព្រះ ។ តើ​ជីវិត​របស់​អ្នក​អាច​បាន​ទទួល​ពរ តាមរយៈ​ការមាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​ព្រះ​យ៉ាង​ដូចម្ដចេ ?

នៅពេល​អ្នក​សិក្សា យ៉ាកុប ៤ សូមរក​មើល​សេចក្តី​ពិត​ដែល​អាច​ជួយ​អ្នក​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ ។

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ាកុប ៤:១-៣ យ៉ាកុប​បាន​បន្ទោស​ដល់​ពួក​បរិសុទ្ធ ដោយ​សារ​តែ​ការបណ្ដោយ​ចិត្ត​ខ្លួន​ទៅក្នុង​ក្តីប្រាថ្នា​នៃ​លោកិយ ។ សូម​អាន យ៉ាកុប ៤:៤ ដោយ​រកមើល​មិត្តភាព​បែប​ណា ដែល​យ៉ាកុប​បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ ។ ពាក្យ ស្អប់ មាន​ន័យ​ថា ជា​សត្រូវ ឬ ការស្អប់ខ្ពើម​រអើម ។

ការទូន្មាន​របស់​យ៉ាកុប​នៅក្នុង ខ​ទី ៤ ពុំ​មែនមាន​ន័យ​ថា យើង​គួរតែ​ចៀសវាង​ការមាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​ឡើយ ។ ផ្ទុយ​ទៅវិញ​យើង​គប្បី​ចៀសវាង​ពី​ការទទួល​យក ឬ ធ្វើ​តាម​ការបង្រៀន​ខុស​ឆ្គង និង បំណង​ប្រាថ្នា បទដ្ឋាន និង ទំនៀមទម្លាប់​​មិន​សុចរិត​នៃ​លោកិយ ។ យ៉ាកុប​បាន​បង្រៀន​ថា ការ​ធ្វើ​ជា​មិត្ត​នឹង​លោកិយ ( នៃ​លោកិយ ) នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​សត្រូវ​នឹង​ព្រះ ។

សូម​អាន យ៉ាកុប ៤:៦-៨ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​ទូន្មាន​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ ។

ដោយ​យោង​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី យ៉ាកុប ៤:៨ សូម​បំពេញ​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ខិតកាន់តែ​ជិត​ព្រះ  ។ សូម​គូសចំណាំ​ពាក្យ​នៅ​ក្នុង យ៉ាកុប ៤:៨ ដែល​បង្រៀន​ពី​គោលការណ៍​នេះ ។ គោលការណ៍​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​វិវរណៈ​សម័យ​ទំនើប​នេះ ( សូមមើល គ. និង ស. ៨៨:៦៣ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ខិតកាន់តែ​ជិត​ព្រះ ។

របៀប​មួយ​ដែល​អ្នក​អាច​ខិតកាន់តែ​ជិត​ព្រះ​នោះ​គឺ ធ្វើ​តាម​ការទូន្មាន​របស់​ប៉ុល​ឲ្យ « លាង​ដៃ​ឲ្យ​ស្អាត​ចុះ » ហើយ « សំអាត [ ចិត្ត] ឡើង » ( យ៉ាកុប ៤:៨ ) ។ ដូច​បាន​ប្រើ​នៅក្នុង​ព្រះគម្ពីរ ដៃ​អាច​តំណាង​ឲ្យ​សកម្មភាព ហើយ​ដួងចិត្ត​របស់​យើង​អាច​តំណាង​ឲ្យ​បំណង​ប្រាថ្នា​របស់​យើង ។ សូម​ពិចារណា​ថា តើ​ការលាង​ដៃ​ឲ្យ​ស្អាត ហើយ​សម្អាត​ចិត្ត​ឡើង អាច​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​យ៉ាង​ដូចម្តេច ។

សូម​អាន យ៉ាកុប ៤:៩-១២, ១៧ ដោយ​រកមើល​ការទូន្មាន​បន្ថែម​ទៀត ដែល​យ៉ាកុប​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ។ ឃ្លា « សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ » ខ​ទី ៩ សំដៅ​លើ​អារម្មណ៍នៃ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ដោយសារ​អំពើ​បាប ។

យោង​តាម យ៉ាកុប ៤:១៧ តើ​យ៉ាកុប​បាន​បង្រៀន​ថា​អ្វី​ជា​អំពើ​បាប ?

យើង​អាច​រៀន​ចេញ​ពី យ៉ាកុប ៤:១៧ ថា ប្រសិន​បើ​យើង​ដឹង​ថា ការធ្វើ​ល្អ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​យើង​ជ្រើសរើស​ពុំ​ធ្វើ​វា នោះ​យើង​ប្រព្រឹត្ត​អំពើ​បាប​ហើយ ។ សូម​គូសចំណាំ​ពាក្យ​នៅ​ក្នុង យ៉ាកុប ៤:១៧ ដែល​បង្រៀន​ពី​សេចក្តីពិត​នេះ ។

ហេតុអ្វី​អ្នក​គិត​ថា វា​ជា​អំពើ​បាប ដើម្បី​ដឹង​ពី​កិច្ចការ​ល្អៗ​ដែល​យើង​គួរ​ធ្វើ ប៉ុន្តែ​យើង​ជ្រើស​ពុំ​ធ្វើ​វា​នោះ ?

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ពី​សេចក្តីពិត​នេះ ៖ ពាក្យ ព្រងើយ​កន្តើយ នៅក្នុង​បរិបទ​នេះ សំដៅ​លើ​ទង្វើ​ល្អ ដែល​យើង​គួរ​ធ្វើ ប៉ុន្តែ​យើង​បែរ​ជា​អើពើរ ឬ ទុកចោល​ពុំ​ធ្វើ​វា ។

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ខ្ញុំ​មាន​អារម្មណ៍​ថា អំពើ​បាប​ដ៏​ធំ​បំផុត​របស់​យើង​មួយ​ចំនួន​គឺ​ជា​អំពើ​បាប​នៃ​ការព្រងើយ​កន្តើយ ។ មាន​ក្រឹត្យវិន័យ​សំខាន់ៗ​មួយ​ចំនួន ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​យើង​ពុំ​គួរ​ទុកចោល​មិន​ធ្វើ​វា​នោះ​ទេ [ សូមមើល ម៉ាថាយ ២៣:២៣] ។ ទាំង​នេះ​គឺ​ជា​ទង្វើ​ដែល​មាន​ការគិតគូរ ខ្វល់ខ្វាយ ដែល​យើង​ខកខាន​ពុំ​បាន​ធ្វើ ហើយ​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​ដោយសារ​បាន​ព្រងើយ​កន្តើយ​នឹង​ធ្វើ​វា ។

កាល​នៅ​ក្មេង នៅ​ក្នុង​កសិដ្ឋាន អំឡុងពេល​រដូវ​ក្តៅ​ខ្លាំង​មួយ ខ្ញុំ​ចាំ​ថា​ជីដូន​ខ្ញុំ ម៉ារី ហ្វីនលីសុន បាន​ចម្អិន​អាហារ​យ៉ាង​ឆ្ងុយឆ្ងាញ់​លើ​ចង្ក្រាន​ដុត​អុស​ដ៏​ក្តៅ​មួយ ។ នៅពេល​អស់​អុស​ពី​ប្រអប់​ក្បែរ​ចង្ក្រាន​នោះ ជីដូន​ខ្ញុំ​បាន​លើក​ប្រអប់​នោះ ទៅ​រើសអុស​ដាក់​ដោយ​ស្ងាត់ស្ងៀម គាត់​បាន​ទៅ​ក្រៅ​ផ្ទះ​ដើម្បី​រើស​អុស​ដើម​ស៊ីដា ហើយ​យក​អុស​ពេញ​មួយ​ប្រអប់​យ៉ាង​ធ្ងន់​នោះ​ចូល​ក្នុង​ផ្ទះ​វិញ ។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ និង ចង់​ជជែក​គ្នា​នៅក្នុង​ផ្ទះបាយ​នោះ​យ៉ាង​ខ្លាំង ខ្ញុំ​បាន​អង្គុយ​នៅ​ទីនោះ ហើយ​ឲ្យ​ជីដូន​ជា​ទីស្រឡាញ់​របស់​ខ្ញុំ រក​អុស​ដាក់​ក្នុង​ប្រអប់​ឈើ​នោះ​មក​ដាក់​ក្នុង​ផ្ទះបាយ​តែ​ម្នាក់​ឯង ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន ហើយ​សោកស្តាយ​ចំពោះ​ការមិន​អើពើរ​របស់​ខ្ញុំ​នោះ​ពេញ​មួយ​ជីវិត​ខ្ញុំ ។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​សូម​ទោស​គាត់ » ( « The Weightier Matters of the Law: Judgment, Mercy, and Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៥៩ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ខ្លះ​ជា​ឧទាហរណ៍​អំពី « អំពើ​បាប​នៃ​ការព្រងើយ​កន្តើយ » ដែល​រារាំង​យើង​មិន​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​នោះ ?

    2. តើ​មាន​កិច្ចការ​ណា​មួយ ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ខិតកាន់តែ​ជិត​ព្រះ ? សូម​ប្តេជ្ញា​ចិត្ត​អនុវត្ត​តាម​ការបំផុស​គំនិត​នានា ដែល​អ្នក​បាន​ទទួល ដែល​នឹង​ជួយ​អ្នក​ឲ្យ​បំពេញ​គោលដៅ​នេះ ។

យ៉ាកុប ៥

យ៉ាកុប​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​នឹង​សេចក្តី​ទុក្ខ​វេទនា​ដោយ​អត់ធ្មត់ ហើយ​បង្គាប់​ឲ្យ​អ្នក​ឈឺ​ហៅ​ពួក​ចាស់ទុំ

នៅក្នុង យ៉ាកុប ៥:១-៦ យើង​អាន​ថា សាវក​យ៉ាកុប​បាន​ថ្កោលទោស​ដល់​ពួក​អ្នក​មាន ដែល​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ក្នុង​ផ្លូវ​ខុស ហើយ​បៀតបៀន​ដល់​សេចក្តី​យុត្តធម៌ ។ លោក​បាន​ព្រមាន​ថា សេចក្តីវេទនា និង ការជំនុំជម្រះ​កំពុង​រង់ចាំ​ពួកគេ ។

សូម​អាន យ៉ាកុប ៥:៧–១១ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​បង្គាប់​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ នៅពេល​ពួកគេ​បាន​ជួប​នូវ​សេចក្តីវេទនា អំឡុង​ពេល​រង់ចាំ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ ។

ខគម្ពីរ​ទាំង​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការសាកល្បង និង ក្តីអំណត់ និង របៀប​ដែល​ពួក​អ្នក​ស្មោះត្រង់ ដូច​ជា​យ៉ូប ឆ្លើយតប​ចំពោះ​ការរងទុក្ខ និង សេចក្តីលំបាក ។ សូម​កត់សម្គាល់​នៅក្នុង យ៉ាកុប ៥:១០ ថា​តើ​នរណា​ដែល​ពួកបរិសុទ្ធ​អាច សម្លឹង​មើល​ធ្វើ​ជា​គំរូ​នៃ​មនុស្ស​ដែល​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​ដោយ​ការអត់ធ្មត់​នោះ ។

សូម​សរសេរ​គំរូ​មួយ​ចំនួន​ចេញ​មក​ពី​ព្រះគម្ពីរ​អំពី​ព្យាការី​នានា ដែល​បាន​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​ដោយ​ការអត់ធ្មត់ ៖

សូម​ពិចារណា​ពី​ការទូន្មាន​ដែល​អ្នក​ទូន្មាន​ដល់​មិត្ត​ម្នាក់​ដែល​បាន​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺ​ចាប់​ណាស់ ។ ខ្ញុំ​បាន​ឈឺ​មួយ​សប្តាហ៍​ជាង​ហើយ ។ ខ្ញុំ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត ហើយ​បាន​លេប​ថ្នាំ​រួច​ហើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​ពុំ​ទាន់​បាន​ស្រួល​ខ្លួន​នៅ​ឡើយ ។ ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ឡើយ » ។

សូម​អាន យ៉ាកុប ៥:១៣-១៦ ដោយ​រកមើល​ថា​យ៉ាកុប​បាន​ទូន្មាន​ដល់​អស់​អ្នក​ដែល​ឈឺ និង រងទុក្ខ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « នៅពេល​ពួក​អែលឌើរ​បាន​លាប​តាំង​ដល់​បុគ្គល​ម្នាក់​ដែល​ឈឺ ហើយ​ផ្សារភ្ជាប់​ការលាប​តាំង នោះ​ពួកគេ​បើក​បង្អួច​ស្ថានសួគ៌ ឲ្យ​ព្រះអម្ចាស់​ចាក់​ស្រោច​ពរជ័យ​នានា​ដែល​តាម​ព្រះទ័យ​ទ្រង់ ដល់​បុគ្គល​ដែល​រងទុក្ខ​នោះ » ( « Healing the Sick » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៨ ) ។

រូបភាព
យុវនារី​កំពុង​ឈឺ​ម្នាក់​ទទួល​ការប្រសិទ្ធពរ

សូមមើល យ៉ាកុប ៥:១៥ ម្តង​ទៀត ។ ក្រៅ​ពី​សិទ្ធិ​អំណាច​បព្វជិតភាព តើ​មាន​អ្វី​ទៀត​ដែល​យ៉ាកុប​បាន​និយាយ​ថា​នឹង​ជួយ​សង្គ្រោះ ឬ ព្យាបាល​ជំងឺ​បាន ?

សេចក្ដីពិត​មួយ​ដែល​យើង អាច​រៀន​ចេញ​ពី យ៉ាកុប ៥:១៤–១៦ គឺ​ថា តាម​រយៈ​ការអធិស្ឋាន​នៃ​សេចក្តីជំនឿ និង អំណាច​នៃ​បព្វជិតភាព នោះ​អ្នក​ឈឺ​អាច​ត្រូវបាន​ព្យាបាល ។

អែលឌើរ អូក បាន​បង្រៀន​ដូច​តទៅ​នេះ អំពី​ការអធិស្ឋាន​ដោយ​សេចក្តី​ជំនឿ និង អំណាច​ព្យាបាល​នៃ​បព្វជិតភាព ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« នៅពេល​យើង​អនុវត្ត​អំណាច​បព្វជិតភាព​នៃ​ព្រះ​ដោយ​ឥតសង្ស័យ និង​នៅពេល​យើង​ឱប​ក្រសោប​ដល់​សេចក្ដី​សន្យា​របស់​ទ្រង់ ថា​ទ្រង់​នឹង​ឮ និង​ឆ្លើយតប​ការអធិស្ឋាន​ដោយ​សេចក្ដីជំនឿ នោះ​យើង​តែងតែ​ត្រូវ​ចងចាំ​ថា សេចក្ដីជំនឿ និង​អំណាច​បព្វជិតភាព​នៃ​ការព្យាបាល​មិន​អាច​មាន​លទ្ធផល​មួយ ផ្ទុយទៅនឹង​ព្រះឆន្ទៈ​របស់​ទ្រង់ ដែល​មាន​បព្វជិតភាព​នោះ​ឡើយ ។ …

… ទោះបីជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ដែល​មាន​ការអនុវត្ត​អំណាច​ដ៏​ទេវភាព​របស់​ទ្រង់​នៅក្នុង​កាលៈទេសៈ​មួយ ដែល​មាន​សេចក្ដីជំនឿ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការព្យាបាល​ក្ដី ក៏​មិន​អាច​ផ្ដល់​ពរជ័យ​បព្វជិតភាព​មួយ ដែល​នឹង​បណ្ដាល​ឲ្យ​បុគ្គល​ម្នាក់​នោះ​ជា​សះស្បើយ​ដែរ ប្រសិនបើ​ការព្យាបាល​នោះ​មិន​មែន​ជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។

ក្នុងនាម​ជា​បុត្រ​របស់​ព្រះ ដោយ​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ និង​ចំណេះ​ដឹង​ដ៏​គ្មាន​កម្រិត​របស់​ទ្រង់​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​សុខុមាលភាព​ដ៏​អស់កល្ប​របស់​យើង នោះ​យើង​នឹង​ទុកចិត្ត​លើ​ទ្រង់ ។ គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺជា​សេចក្ដីជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ហើយ​សេចក្ដីជំនឿ​មាន​ន័យ​ថា​ការទុកចិត្ត ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដឹងពី​ទំនុកចិត្ត​នោះ នៅក្នុង​ការ​និយាយ​ដែល​បងប្អូនជីដូនមួយ​របស់ខ្ញុំ​បាន​ផ្ដល់​នៅ​ពិធីបុណ្យសព​របស់​ក្មេង​ស្រីជំទង់​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ធ្ងន់ ។ គាត់​បាន​និយាយ​ពាក្យ​ទាំងនេះ ដែល​ដំបូង​វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ហើយ​បន្ទាប់មក​វា​បាន​ធ្វើ​ខ្ញុំ​បាន​ស្កប់​ចិត្ត ៖ ‹ ខ្ញុំ​ដឹង​ថា វា​គឺជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ដែល​ថា​នាង​ត្រូវ​ស្លាប់ ។ នាង​បាន​ទទួល​នូវ​ការយក​ចិត្ត​ទុក​ដាក់​ពី​វេជ្ជសាស្ដ្រ​ដ៏​ល្អ ។ នាង​ត្រូវបាន​ប្រទានពរ​ពី​អំណាច​បព្វជិតភាព ។ ឈ្មោះ​របស់​នាង​ត្រូវបាន​ដាក់​នៅក្នុង​បញ្ជី​អធិស្ឋាន​ក្នុង​ព្រះវិហារបរិសុទ្ធ ។ នាង​គឺជា​ប្រធានបទ​នៃ​ការអធិស្ឋាន​របស់​មនុស្ស​រាប់រយ​នាក់ ដែល​សុំ​ឲ្យ​នាង​មានសុខភាព​ល្អ​ប្រសើរ​វិញ ។ ហើយ​ខ្ញុំ​ដឹង​ថា មាន​សេចក្ដីជំនឿ​គ្រប់គ្រាន់​នៅក្នុង​គ្រួសារ​នេះ ថា​នាង​នឹង​ត្រូវ​បានជា​សះស្បើយ លើកលែង​តែ​វា​ជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​នឹងយក​នាង​ទៅផ្ទះ​វិញ​នៅពេល​នេះ › ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ពី​ទំនុកចិត្ត​ដូចគ្នា​នេះ ទៅលើ​ពាក្យ​របស់​ឪពុក​របស់​ក្មេងស្រី​ជម្រើស​ម្នាក់​ទៀត ដែល​បាន​ស្លាប់​ដោយសារ​មហារីក ក្នុង​វ័យ​ជំទង់​របស់​នាង ។ គាត់​បាន​ប្រកាស​ថា ‹ សេចក្ដី​ជំនឿ​របស់​គ្រួសារ​យើង គឺ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​វា​មិន​ពឹងផ្អែក​ទៅលើ​លទ្ធផល​ណា​មួយ​នោះទេ › ។ ការបង្រៀន​ទាំងនោះ ស្ដាប់​ទៅ​វា​ពិត​ចំពោះ​ខ្ញុំ ។ យើង​ធ្វើ​នូវ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ដើម្បី​ព្យាបាល​ដល់​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង រួច​ហើយ​យើង​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​ចំពោះ​លទ្ធផល​ដែល​កើត​ឡើង » ( « Healing the Sick » ទំព័រ ៥០ ) ។

តើ​ការបង្រៀន​របស់​អែលឌើរ អូក ជួយ​អ្នក​ឲ្យ​យល់​ពី​អំណាច​នៃ​ការព្យាបាល​នៃ​បព្វជិតភាព​យ៉ាង​ដូចម្តេច ? ហេតុអ្វី​សេចក្ដី​ជំនឿ និង ការអធិស្ឋាន​របស់​យើង​ត្រូវតែ​ស្រប​ទៅ​នឹង​ព្រះ​ទ័យ​របស់​ព្រះ ? ( សូមមើល សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការអធិស្ឋាន » ) ។

  1. សូម​ស្រមៃ​ថា មិត្ត​ម្នាក់​របស់​អ្នក ឬ សមាជិក​គ្រួសារ​អ្នក​ឈឺ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សំបុត្រ​មួយ​ទៅកាន់​បុគ្គល​ម្នាក់​នោះ ដោយ​ពន្យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី អំណាច​នៃ​ការព្យាបាល​នៃ​បព្វជិតភាព ។ សូម​ប្រាកដ​ថា អ្នក​ពន្យល់​ពី​មូលហេតុ​សំខាន់​ដែល​ថា សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ពុំ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការប្រសិទ្ធពរ​បព្វជិតភាព​ឡើយ ។ សូម​សរសេរ​បញ្ចូល​នូវ​គំរូ​នានា​អំពី​មនុស្ស​ដែល​អ្នក​ស្គាល់​ដែល បាន​ទទួល​ពរ​តាមរយៈ​ការអធិស្ឋាន​ដោយ​សេចក្តី​ជំនឿ និង អំណាច​នៃ​បព្វជិតភាព ។

យ៉ាកុប​ក៏​បាន​ប្រៀបធៀប​ការព្យាបាល​ជំងឺ​ទៅនឹង​ការអភ័យទោស​ចំពោះ​អំពើ​បាប​ផងដែរ ( សូមមើល យ៉ាកុប ៥:១៦ ) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ការបន្ទាបខ្លួន និង សេចក្តីជំនឿ ដែល​តម្រូវ​ឲ្យ​យើង​មាន ដើម្បី​ទទួល​បាន​ការជា​សះស្បើយ​ខាង​រូបកាយ គឺ​វា​ដូច​គ្នា​ទៅ​នឹង ការបន្ទាបខ្លួន និង សេចក្តីជំនឿ ដែល​តម្រូវ​ឲ្យ​យើង​មាន ដើម្បី​ទទួល​ការអភ័យ​ទោស​ផងដែរ ៖ « មាន​…ឱកាស​ពិសិដ្ឋ​នានា​ជាច្រើន ដែល​មនុស្ស​មាន​ឯកសិទ្ធិ ដើម្បី​ឡើង​ឆ្ពោះ​ទៅដល់​កំពស់​ខាង​វិញ្ញាណ​ទាំង​នោះ ដែល​ជា​ទី​ដែល​ពួកគេ​ទទួល​បាន​នូវ​ការបញ្ជាក់​អនុមតិ​ពី​ព្រះវិញ្ញាណ សម្រាប់​កិច្ចការ​របស់​ពួកគេ ហើយ​ជា​លទ្ធផល​ត្រូវបាន​ទទួល​ការអភ័យ​ទោស​ពី​អំពើ​បាប​របស់​ខ្លួន ។ យ៉ាកុប​បាន​ដាក់​ឈ្មោះ​ពិធីបរិសុទ្ធ​នៃ​ការព្យាបាល​អ្នក​ជំងឺ​នេះ​ថា​ជា​កិច្ចការ​មួយ​នៃ​កិច្ចការ​ទាំង​នេះ ។ … បុគ្គល​ណា​ដែល​មាន​សេចក្តី​ជំនឿ ការបូជា សុចរិត និង មាន​ភាពសក្តិសម​ផ្ទាល់​ខ្លួន គឺ​ស្ថិត​នៅក្នុង​លក្ខខណ្ឌ​ដើម្បី​បាន​ជា​សះស្បើយ ហើយ​ក៏​នៅក្នុង​លក្ខខណ្ឌ ដើម្បី​ទទួល​បាន​ការបញ្ជាក់​អនុមតិ​ពី​ព្រះវិញ្ញាណ​សម្រាប់​ដំណើរ​ជីវិត​របស់​ខ្លួន ហើយ​អំពើ​បាប​របស់​គាត់​ត្រូវបាន​អភ័យ​ទោស​ឲ្យ ដែល​បាន​ឃើញ​តាមរយៈ​ភាពពិត​ដែល​គាត់​ទទួល​បាន​ភាព​ជា​គូគន​នៃ​ព្រះវិញ្ញាណ ដែល​គាត់​ពុំ​អាច​មាន​វា​បាន​ឡើយ ប្រសិនបើ​គាត់​មិន​សក្តិសម​នោះ » ( Mormon Doctrine ការបោះពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៩៧–៩៨ ) ។

ប៉ុន្តែ ការណ៍​នេះ​ពុំ​មែន​បាន​ន័យ​ថា បុគ្គល​ម្នាក់​ដែល​ពុំ​បាន​ជា​សះស្បើយ នៅពេល​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព​នោះ​មិន​សក្តិសម​ឡើយ ។ ពរជ័យ​ទាំង​អស់​ដែល​បាន​ផ្តល់​ឲ្យ គឺ​ស្រប​ទៅ​តាម​ព្រះទ័យ​យល់​ដឹង​ដ៏​មហិមា​របស់​ព្រះ ហើយ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ទ្រង់ និង ភាពសុខសាន្ត​នៃ​ព្រះវិញ្ញាណ​ដែល​បញ្ជាក់​ពី​ភាពសក្តិសម​របស់​យើង ។

ដូច​បាន​កត់ត្រា​នៅក្នុង យ៉ាកុប ៥:១៧–២០ យ៉ាកុប​បាន​និយាយ​អំពី​ព្យាការី​អេលីយ៉ា ថា​ជា​គំរូ​មួយ​នៃ​បុគ្គល​ដែល​បាន​ប្រើ​អំណាច​នៃ​ការអធិស្ឋាន​ដោយ​ចិត្ត​ស្មោះ ។ លោក​ក៏​បាន​ទូន្មាន​ឲ្យ​ពួកបរិសុទ្ធ​ជួយ​អ្នក​មាន​បាប​ឲ្យ​ប្រែចិត្ត​ផងដែរ ។ សូម​កត់សម្គាល់​នៅក្នុង យ៉ាកុប ៥:២០ ពី​ពរជ័យ​ដែល​បាន​សន្យា​ថា នឹង​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល « [ នាំ ] មនុស្ស​មាន​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ » ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ាកុប ៤-៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖