បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​យ៉ាកុប


សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ យ៉ាកុប

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​ទូទៅ​របស់​យ៉ាកុប​គឺ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ច្បាស់​នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដោយសារ​តែ​វគ្គ​គម្ពីរ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង យ៉ាកុប ១:៥ ដែល​បាននាំ​ឲ្យ​យុវជន​យ៉ូសែប ស្ម៊ីធ​ស្វែងរក​សេចក្តីពិត​ពី​ព្រះ ។ ពេញ​ទាំង​សំបុត្រ​នោះ​យ៉ាកុប​បាន​គូស​បញ្ជាក់​ថា យើង​គឺ​ជា « អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ហើយ​កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ » ( យ៉ាកុប ១:២២ ) ។ ការសិក្សា​គម្ពីរ​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការបើក​សម្តែង សេចក្តី​ជំនឿ​របស់​អ្នក តាមរយៈ « កិច្ចការ » ឬ ទង្វើ​នានា ( សូមមើល យ៉ាកុប ២:១៤–២៦) ហើយ​បំផុស​គំនិត​អ្នក​ឲ្យ​ព្យាយាម « ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់ » ( យ៉ាកុប ១:១២ ) ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

សំបុត្រ​នេះ​ថ្លែង​ថា វា​ត្រូវ​បាន​សរសេរ​ឡើង​ដោយ « យ៉ាកុប​ជា​បាវ​បម្រើ​របស់​ព្រះ ហើយ​របស់​ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ » ( យ៉ាកុប ១:១ ) ។

ទំនៀម​ទម្លាប់​របស់​ពួកគ្រីស្ទាន​បាន​កាន់​មក​ថា យ៉ាកុប​នេះ​គឺ​ដូច​ជា​យូដាស​ដែរ គឺ​ជា​កូន​ប្រុស​របស់ យ៉ូសែប និង ម៉ារា ហេតុដូច្នោះ​ហើយ​ត្រូវ​ជា​ប្អូន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ១៣:៥៥, ម៉ាកុស ៦:៣, កាឡាទី ១:១៩) ។ ការពិត​ដែល​យ៉ាកុប​ត្រូវបាន​ថ្លែង​ប្រាប់​លើក​ដំបូង​នៅក្នុង​បញ្ជី​ឈ្មោះ​ប្អូនៗ​របស់​ព្រះយេស៊ូវ​នៅក្នុង ម៉ាថាយ ១៣:៥៥ អាច​បង្ហាញ​ថា លោក​គឺ​ជា​កូន​ច្បង​នៃ​ប្អូនៗ​ទាំង​អស់ ។ ដូច​ជា​ប្អូនៗ​ដទៃ​ទៀត​របស់​ព្រះអម្ចាស់​ដែរ កាល​ដើម​ឡើយ​យ៉ាកុប​ពុំ​បាន​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​ឡើយ ( សូមមើល យ៉ូហាន ៧:៣–៥ ) ។ ប៉ុន្តែ បន្ទាប់​ពី​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យ៉ាកុប​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ទ្រង់​បាន​បង្ហាញ​ព្រះកាយ ក្នុង​សភាព​ជា​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ( សូមមើល កូរិនថូសទី ១ ១៥:៧ ) ។

ក្រោយ​មក យ៉ាកុប​បាន​ក្លាយ​ជា​សាវក ហើយ​យោង​តាម​អ្នកនិពន្ធ​ពួក​គ្រីស្ទាន​ពី​ជំនាន់​ដើម ថា​លោក​គឺ​ជា​ប៊ីស្សព​ដំបូង​គេ​របស់​សាសនាចក្រ​នៅក្នុង​ក្រុង​យេរូសាឡិម ( សូមមើល កិច្ចការ ១២:១៧, ២១:១៨, កាឡាទី ១:១៨–១៩, ២:៩ ) ។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​នៅក្នុង​សាសនាចក្រ លោក​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅក្នុង​ក្រុមប្រឹក្សា​ដែល​ធ្វើ​ឡើង​នៅក្នុង​ក្រុង​យេរូសាឡិម ( សូមមើល កិច្ចការ ១៥:១៣ ) ។ អំណាច​របស់​លោក​នៅក្នុង​សាសនាចក្រ​គឺ​គ្មាន​ការសង្ស័យ​ថា វា​បាន​ពង្រឹង​ដោយសារ​ជាប់​សាច់​ញាតិ​ទៅ​នឹង​ព្រះយេស៊ូវ​នោះ​ទេ ប៉ុន្តែ​យ៉ាកុប​បាន​បង្ហាញ​ការបន្ទាបខ្លួន​នៅក្នុង​ការណែនាំ​ខ្លួន​លោក​ថា​មិនមែន​ជា ប្អូន របស់​ព្រះយេស៊ូវ​ទេ ប៉ុន្តែ​ថា​ជា បាវ​បម្រើ របស់​ព្រះអម្ចាស់​វិញ ( សូមមើល យ៉ាកុប ១:១ ) ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅកន្លែង​ណា ?

យើង​ពុំ​ដឹង​ពី​ពេលវេលា​ជាក់លាក់​ដែល​យ៉ាកុប​បាន​សរសេរ​សំបុត្រ​នេះ​ទេ ។ ដោយសារ​លោក​បាន​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​បាន​មើល​ការខុសត្រូវ​លើ​កិច្ចការ​សាសនាចក្រ​នៅ​ទីនោះ ទើប​លោក​ប្រហែល​ជា​បាន​សរសេរ​សំបុត្រ​នេះ​មក​ពី​តំបន់​នោះ ។

ភាពពិត​ដែល​យ៉ាកុប​ពុំ​បាន​ថ្លែង​ពី​សន្និសីទ​នៅ​ក្រុង​យេរូសាឡិម​កាល​ប្រហែល​ជា​ឆ្នាំ ៥០ គ. ស. ( សូមមើល កិច្ចការ ១៥) អាច​បង្ហាញ​ថា សំបុត្រ​នេះ​ត្រូវបាន​សរសេរ​មុន​ពេល​សន្និសីទ​នេះ​បាន​ប្រារព្ធ​ឡើង ។ ប្រសិនបើ​សំបុត្រ​នេះ​ពិត​ជា​បាន​សរសេរ​ពីមុន​សន្និសីទ​ក្រុង​យេរូសាឡិម​មែន​នោះ វា​គឺ​ជា​សំបុត្រ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​ហេតុអ្វី ?

យ៉ាកុប​បាន​ការ​លើ​ខ្នង​សំបុត្រ​ថា « ផ្ញើ​មក​ជំរាប​សួរ​ដល់​ពូជ​អំបូរ​ទាំង​ដប់​ពីរ​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ » ( យ៉ាកុប ១:១ ) មាន​ន័យ​ថា វង្សអ៊ីស្រាអែល​ទាំងអស់ លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ « ទទួល​យក​ដំណឹង​ល្អ … [ ហើយ ] ចូល​មក​កាន់​ក្រោល​នៃ​ព្រះគ្រីស្ទ » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary ភាគ​ទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ៣:២៤៣ ) ។ យ៉ាកុប​បាន​បង្គាប់​សមាជិក​សាសនាចក្រ​ឲ្យ​រស់នៅ​ដោយ​ការបង្ហាញ​អំពី​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

មាន​ពេល​ខ្លះ សំបុត្រ​របស់​យ៉ាកុប​ត្រូវបាន​ចាត់​ថ្នាក់​ជា​អក្សរ​សាស្ត្រ​ដ៏​ខ្ពង់ខ្ពស់ ស្រដៀង​ទៅ​នឹង​គម្ពីរ​សុភាសិត​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ ។ អត្ថបទ​នៃ​សំបុត្រ​នោះ​មាន​ការពន្យល់​ខ្លីៗ​អំពី​គោលការណ៍​សម្រាប់​ការរស់នៅ​ជា​គ្រិស្តសាសនិក ។ លើស​ពី​នេះ​ទៅ​ទៀត មាន​ភាព​ស្រប​គ្នា​ទៅនឹង​ទេសនាកថា​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​លើភ្នំ ដែល​មាន​កត់ត្រា​នៅក្នុង ម៉ាថាយ ៥–៧ និង ពាក្យ​ពេចន៍​របស់​យ៉ាកុប ។ ប្រធានបទ​ស្រដៀង​គ្នា​មួយ​ចំនួន រួម​មាន ការស៊ូទ្រាំ​នឹង​ការបៀតបៀន ( សូមមើល យ៉ាកុប ១:២–៣, ១២, ម៉ាថាយ ៥:១០–១២ ) ការប្រែ​ជា « ល្អ​ឥតខ្ចោះ » ឬ មាន​ភាព​ចាស់ទុំ​ខាង​វិញ្ញាណ ( សូមមើល យ៉ាកុប ១:៤; ២:២២, ម៉ាថាយ ៥:៤៨ ) ការទូលសួរ​ដល់​ព្រះ ( សូមមើល យ៉ាកុប ១:៥, ម៉ាថាយ ៧:៧–៨ ) ការធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ( សូមមើល យ៉ាកុប ១:២២, ម៉ាថាយ ៧:២១–២៥ ) ការ​ស្រឡាញ់​អ្នក​ដទៃ ( សូមមើល យ៉ាកុប ២:៨, ម៉ាថាយ ៥:៤៣–៤៤, ៧:១២ ) ដឹង​ថា​ល្អ និង អាក្រក់​តាម​ផលផ្លែ​ដែល​គេ​បង្កើត ( សូមមើល យ៉ាកុប ៣:១១–១២, ម៉ាថាយ ៧:១៥–២០ ) ការធ្វើ​ជា​អ្នក​ផ្សះផ្សារ​គេ ( សូមមើល យ៉ាកុប ៣:១៨, ម៉ាថាយ ៥:៩ ) និង ការ​មិន​ស្បថ​នឹង​សម្បថ ( សូមមើល យ៉ាកុប ៥:១២, ម៉ាថាយ ៥:៣៤–៣៧ ) ។

គម្រោង​មេរៀន

យ៉ាកុប ១–២ ។ យ៉ាកុប​ស្វាគមន៍​ដល់​អ្នក​អាន​សំបុត្រ​របស់​លោក ហើយ​ណែនាំ​ប្រធាន​បទ​ចម្បងៗ​មួយ​ចំនួន​អំពី​សំបុត្រ​របស់​លោក រួម​មាន ការស៊ូទ្រាំ​នឹង​ការសាកល្បង ស្វែងរក​ប្រាជ្ញា និង ការរស់នៅ​ដោយ​ខ្ជាប់ខ្ជួន​ជាមួយ​នឹង​សេចក្តីជំនឿ ។ អ្នក​ស្តាប់​ព្រះបន្ទូល​របស់​ព្រះ ក៏​ជា​អ្នក​ដែល​ត្រូវ​ធ្វើ​តាម​ព្រះបន្ទូល​នោះ​ផងដែរ ។ យ៉ាកុប​បាន​ផ្តល់​និយមន័យ​នៃ «សាសនា​បរិសុទ្ធ » ថា​ជា​ការមើល​ថែទាំ​ដល់ « ពួក​កំព្រា និង​ពួក​មេម៉ាយ » ហើយ​ព្យាយាម​រស់នៅ​ឲ្យ​ចៀស​ឆ្ងាយ​ពី​អំពើ​បាប ( យ៉ាកុប ១:២៧ ) ។ ពួកបរិសុទ្ធ​ត្រូវ​ស្រឡាញ់​អ្នក​ជិតខាង​របស់​ខ្លួន ហើយ​បង្ហាញ​សេចក្តី​ជំនឿ​របស់​ពួកគេ​តាមរយៈ​កិច្ចការ​របស់​ខ្លួន ។

យ៉ាកុប ៣–៤ ។ យ៉ាកុប​បង្ហាញ​ពី​លក្ខណៈ​ដ៏​បំផ្លិចបំផ្លាញ​នៃ​ពាក្យ​សម្ដី​ដែល​គ្មាន​ការ​គ្រប់គ្រង ហើយ​ប្រៀបធៀប​វា​ទៅ​នឹង​ផលផ្លែ​សុចរិត​នៃ​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​ភាព​សុខសាន្ត ។ លោក​បាន​ព្រមាន​ដល់​អ្នក​អាន​សំបុត្រ​របស់​លោក កុំ​ឲ្យ​ធ្វើ​ជា​មិត្ត​ជាមួយ​លោកិយ​ឡើយ ប៉ុន្តែ​ត្រូវ​ទប់ទល់នឹង​សេចក្តី​អាក្រក់ ហើយ​ខិតជិត​ព្រះ ។

យ៉ាកុប ៥ ។ យ៉ាកុប​បាន​ព្រមាន​ពួក​អ្នក​ដែល​ទុច្ចរិត ។ លោក​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ជាមួយ​នឹង​ការទូន្មាន​ខ្លីៗ​មួយ​ចំនួន​អំពី​ការទទួល​ខុស​ត្រូវ​របស់​ពួក​បរិសុទ្ធ ចំពោះ​សមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ ។ លោក​ទូន្មាន​ឲ្យ​ពួកបរិសុទ្ធ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់ រហូត​ដល់​ការយាង​មក​របស់​ព្រះអម្ចាស់ ហើយ​មាន​ចិត្ត​ស្មោះត្រង់​នៅ​ក្នុង​គ្រប់​ការនិយាយ​ស្តី​ទាំង​អស់​របស់​ពួកគេ ។ លោក​លើក​ទឹក​ចិត្ត​ពួក​អ្នក​ឈឺ​ឲ្យ ហៅ​រក​ចាស់ទុំ ( ពួក​អែលឌើរ ) ដើម្បី​លាបតាំង​ប្រេង​ដល់​ពួកគេ ។