បណ្ណាល័យ
មេរៀន​ទី ១២ ថ្ងៃទី ៤ ៖ យ៉ូហាន ១


មេរៀន​ទី ១២ ៖ ថ្ងៃ​ទី ៤

យ៉ូហាន ១

សេចក្តីផ្ដើម

សាវក​យ៉ូហាន ក៏​ត្រូវ​បាន​គេស្គាល់​ផងដែរ​ថា​ជា​យ៉ូហានជា​ទី​ស្រឡាញ់ បាន​កត់ត្រា​គោលលទ្ធិ​សំខាន់ៗ​ទាក់ទង​នឹង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​មុន​ផែនដី ។ យ៉ូហាន បាទីស្ទ ក៏​បាន​ថ្លែង​ទីបន្ទាល់​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង បាន​ជ្រមុជទឹក​ថ្វាយ​ទ្រង់​ផងដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​ពីទ្រង់ ។

យ៉ូហាន ១:១–១៨, ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១–១៩

យ៉ូហាន​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា​ព្រះរាជបុត្រា​នៃព្រះ

នៅក្នុង​មេរៀន​នេះ​អ្នក​នឹង​ចាប់ផ្តើម​ការសិក្សា​របស់​អ្នក​អំពីគម្ពីរ​យ៉ូហាន ។ សាវក​យ៉ូហាន​​បាន​កត់ត្រា​នូវ​អ្វីដែល​លោក​ចង់​ឲ្យ​មនុស្ស​ដទៃ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ។ យ៉ូហាន​គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក អំពី​ដំណើរ​រឿង​ជាច្រើន​ដែល​លោក​បាន​សរសេរ ។ ឯកសារ​ភាគច្រើន​នៅក្នុង​ដំណឹង​ល្អ​របស់​យ៉ូហាន គឺគ្មាន​នៅក្នុង​ដំណឹង​ល្អ​របស់​ម៉ាថាយ ម៉ាកុស និង លូកា ដែល​ត្រូវបាន​សរសេរ​ឡើង​ដើម្បី​ជួយ​ពួក​សាសន៍​យូដា និង ពួកសាសន៍​ដទៃ​ឲ្យ​ជឿថា ព្រះយេស៊ូវ​គឺ​ជាព្រះមែស៊ី និង ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក​ទាំងអស់​ឡើយ ។ យ៉ូហាន​បាន​សរសេរ​ដល់​អស់​អ្នក​ដែល​បាន​យល់​ព្រះគម្ពីរ និង បាន​ជឿ​រួច​ហើយ​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។

  1. សូម​ស្រមៃ​ថា អ្នក​កំពុង​និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​ដឹង​តិចតួច​បំផុត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​សួរ​អ្នក​ថា​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ទ្រង់ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចំណុច​អ្វី​ដែល​អ្នក​នឹង​បង្រៀន​បុគ្គល​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

នៅពេល​អ្នក​សិក្សា យ៉ូហាន ១សូម​រក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:១–២ ( នៅក្នុង Bible appendix ) ដោយ​រកមើល​សេចក្តី​ពិត​ដែល​ថា​យ៉ូហាន​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ( នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ អ្នក​នឹង​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:១–៣៤។ ពាក្យ​ដែល​ជា​អក្សរ​ទ្រេត​គឺ​ជា​ពាក្យ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ​បាន​បន្ថែម ឬ ផ្លាស់ប្តូរ ) ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រកឃើញ​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​គង់​នៅ​ជាមួយ​នឹង​ព្រះ​តាំងតែ​ពី​ដើម​ដំបូង​មក ។ សូម​បន្ថែម​សេចក្តីពិត​នេះ​ទៅក្នុង​បញ្ជី​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ឃ្លាថា « កាល​ដើម​ដំបូង » សំដៅ​លើ​ជីវិត​មុខ​ឆាក​ជីវិត​នេះ ។ នៅពេល​ព្រះគម្ពីរ​កត់ត្រា​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​គង់​នៅជាមួយ​ព្រះ « កាល​ដើម​ដំបូង » នោះ​វា​បង្រៀន​យើង​ថា ព្រះយេស៊ូវ​គឺ​ជា​កូន​វិញ្ញាណ​ច្បង​របស់​ព្រះវរបិតា ( សូមមើល គ. និង ស. ៩៣:២១) ទ្រង់​មើល​ទៅ « ដូចជា​ព្រះ » នៅក្នុង​ចំណោម​វិញ្ញាណ​ដែល​ជុំគ្នា​នៅទៅនោះ « មុន​កំណើត​លោកិយ​មកម្ល៉េះ » ( សូមមើល អ័ប្រាហាំ ៣:២២–២៤) ហើយ​ទ្រង់​ត្រូវបាន​រើសតាំង​ដោយ​ព្រះបិតា​តាំងតែ​ពី​ដំបូង​មក ( សូមមើល ម៉ូសេ ៤:២) ។

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:៣សូម​រកមើល​សេចក្តី​ពិត​បន្ថែម​ដែល​ថា​យ៉ូហាន​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រក​ឃើញ ។

ចេញ​ពី​វគ្គ​បទគម្ពីរ​ទាំងនេះ​យើង​រៀន​ថា អ្វីៗ​គ្រប់​យ៉ាង​ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​បន្ថែម​ចំណុច​នេះ​លើ​បញ្ជី​នៃ​សេចក្តីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​បាន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ឋានសួគ៌ និង ផែនដី​ព្រមទាំង « ពិភពលោក​ដ៏​ច្រើន​ឥត​គណនា » ក្រោម​ការដឹកនាំ​នៃ​ព្រះវរបិតា (ម៉ូសេ ១:៣៣) ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

ប៉ុន្តែ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេរ​ថា ព្រះវរបិតា​សួគ៌​បានបម្រុងទុក « ព្រឹត្តិការណ៍​ពីរ​នៃ​ការ​បង្ក​បង្កើត » ចំពោះ​ទ្រង់​ផ្ទាល់ ៖ ព្រឹត្តិការណ៍​ទីមួយ ទ្រង់​គឺ​ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​ទាំងអស់ រួម​ទាំង​វិញ្ញាណ​របស់​ព្រះគ្រីស្ទ​ផងដែរ ។ … ព្រឹត្តិការណ៍​ទីពីរ ទ្រង់​គឺ​ជា​អង្គ​បង្កបង្កើត​នៃ​រូប​កាយ [ រូបកាយ​នៃ​អ័ដាម និង អេវ៉ា ] » (A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៦៣ សូមមើល​ផងដែរ ម៉ូសេ ២:២៧) ។

« ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គូស​បញ្ជាក់​យ៉ាង​ច្បាស់​បន្ថែម​ទៀត​ថា « មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ដូច្នេះ​ហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង គោលដៅ​នៃ​ព្រះ » (EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:៤–៥ដោយ​រកមើល​សេចក្តី​ពិត​បន្ថែម​ដែល​ថា​យ៉ូហាន​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ និង ដំណឹងល្អ​របស់​ទ្រង់ ។

តើអ្នកគិត​ថា​វា​មានន័យ​យ៉ាង​ណា ដែល​ថា​ព្រះយេស៊ូវ​គ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​គឺ​ជា​ពន្លឺ​ដែល « ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ ? »

ក្រោយ​មក​សាវក​យ៉ូហាន​បាន​បង្រៀន​អំពី​យ៉ូហាន​បាទីស្ទ ។ សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:៦–១០ដោយ​រកមើល​សេចក្តី​ពិត​បន្ថែម​ណា​ខ្លះ​ដែល​ថា​យ៉ូហាន​បាទីស្ទ​បាន​ថ្លែង​ទីបន្ទាល់​អំពី​វា ។

សូម​បន្ថែម​សេចក្តីពិត​នេះ​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ពន្លឺ​នៃ​ពិភពលោក ។ សូម​ពិចារណា​ពី​របៀប​នានា​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ពន្លឺ​នៃ​ពិភពលោក ។ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥–១៣ សម្រាប់​ការយល់​ដឹង​បន្ថែម​ទៀត ។

ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១១–១៨ រួម​មាន​នៅ​ក្នុង​ការបង្រៀន​ផ្សេង​ទៀត​អំពី ទីបន្ទាល់​របស់​យ៉ូហាន​បាទីស្ទ​ថា អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះយេស៊ូវ​នឹង​ទទួល​បាន​អមតភាព និង ជីវិត​អស់កល្ប​ជានិច្ច ។ សូម​កត់សម្គាល់​ថា​នៅក្នុង ខ ១៤ និង ១៦ យ៉ូហាន បាន​ហៅ​ព្រះយេស៊ូវ​គ្រីស្ទ​ថា​ជា « ព្រះបន្ទូល » ។ នេះ​គឺ​ជា​ព្រះនាម​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​នៅក្នុង​ខ​គម្ពីរ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ ( សូមមើល យ៉ូហាន ១:១, យ៉ូហានទី ១ ១:១, វិវរណៈ ១៩:១៣, គ. និង ស. ៩៣:៨, ម៉ូសេ ១:៣២) ។

ដោយសារ​យើង​ប្រើ​ពាក្យ​នានា​ដើម្បី​សម្តែង ឬ បើក​បង្ហាញ​អ្វី​មួយ​ដល់​មនុស្ស​ដទៃ​នោះ តើ​ « ព្រះបន្ទូល » ​គឺ​ជា​ព្រះនាម​ដ៏​សមរម្យ​មួយ​របស់​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា​ខ្លះ ?

សូម​ពិចារណា​នូវ​ហេតុផល​មួយ​ចំនួន​ដូច​តទៅ​នេះ ដែល​ថា​នេះ​ជា​ព្រះនាម​ដ៏​សមរម្យ​មួយ ៖ ទ្រង់​គឺ​ជា​អង្គ​បើក​បង្ហាញ​មួយ​នៃ​ព្រះវរបិតា​ចំពោះ​ពិភពលោក ទ្រង់​ថ្លែង​ពី​ព្រះបន្ទូល​របស់​ព្រះបិតា ទ្រង់​គឺ​ជា​សារទូត​អំពី​សេចក្តី​សង្គ្រោះ ( សូមមើល គ. និង ស. ៩៣:៨) ទ្រង់​គឺ​ជា​គំរូ​ដ៏​ល្អឥតខ្ចោះ​អំពី​របៀប​រស់នៅ​តាម​ព្រះបន្ទូល​នៃ​ព្រះ ទ្រង់​ប្រទាន​ព្រះបន្ទូល​នៃ​ជីវិត​អស់កល្ប​ជានិច្ច ហើយ​ព្រះបន្ទូល​ទ្រង់​ប្រទាន​ឲ្យ​ជីវិត​បាន​រស់ ។

សូម​ប្រៀបធៀប យ៉ូហាន ១:១៨ ជាមួយ​នឹង​ភាព​ស្រប​គ្នា​នៃ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១៩។ បើ​គ្មាន​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នោះ អ្នក​អាន យ៉ូហាន ១:១៨ មួយ​ចំនួន​អាច​យល់​ខុស និង ជឿ​ថា​គ្មាន​នរណា​ម្នាក់​ធ្លាប់​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា​ឡើយ ។ តើ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ​យ៉ូហាន ១:១៩ បញ្ជាក់​ច្បាស់​ពី យ៉ូហាន ១:១៨ ដូច​ដែល​វា​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​យ៉ាង​ដូចម្តេច ?

  1. សូម​ពិចារណា​ម្តង​ទៀត​អំពី​សកម្មភាព​នៅពេល​ចាប់ផ្តើម​មេរៀន​នេះ នៅពេល​អ្នក​ត្រូវបាន​សូម​ឲ្យ​ស្រមៃ​អំពី​ការបង្រៀន​មនុស្ស​ម្នាក់​ដែល​ដឹង​តិចតួច​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​អ្វី ដែល​អ្នក​គិត​ថា​វា​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ ដើម្បី​ដឹង​នូវ​គោលលទ្ធិ​បន្ថែម​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​បាន​រកឃើញ​ពី ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១–១៩?

យ៉ូហាន ១:១៩–៣៤, ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:២០–៣៤

យ៉ូហាន បាទីស្ទ បាន​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង បាន​ជ្រមុជទឹក​ថ្វាយ​ទ្រង់

នៅក្នុង ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:២០–២៨ ( នៅក្នុង Bible appendix ) សាសន៍​យូដា​បាន​បញ្ជូន​ពួក​សង្ឃ​ទៅ​រក​យ៉ូហាន បាទីស្ទ ដើម្បី​សួរ​លោក​ថា​តើ​លោក​ជា​ជា​ព្រះមែស៊ី​ឬ ។ យ៉ូហាន​បាន​ពន្យល់​ថា តួនាទី​របស់​លោក​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះមែស៊ី ដែល​នឹង​ជ្រមុជ​ដោយ​ភ្លើង និង ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅថ្ងៃ​បន្ទាប់​មក យ៉ូហាន បាទីស្ទ បាន​ឃើញ​ព្រះយេស៊ូវ​ដែល​លោក​បាន​ជ្រមុជទឹក​កាល​ពី​មុន ។

សូម​អាន​ពាក្យ​សម្តី​របស់​យ៉ូហាន បាទីស្ទ​នៅក្នុង ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:២៩–៣៣ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន បាទីស្ទ​ចង់​ឲ្យ​មនុស្ស​ដទៃ​ដឹង​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​មើល​សេចក្តីពិត​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​សេចក្តីពិត ឬ ការពិពណ៌នា​អ្វី​ផ្សេង​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អ្នក​អាច​បន្ថែម​មក​ពី ការ​បកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ១:២៩–៣៣? ( សូម​សរសេរ​សេចក្តីពិត​ដែល​អ្នក​រកឃើញនៅ​ក្រោម​សេចក្តីពិត​ផ្សេង​ទៀត​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ) ។

សូម​កត់ចំណាំ​ថា យ៉ូហាន​បាន​ហៅ​ព្រះយេស៊ូវ​ថា​ជា « កូនចៀម​របស់​ព្រះ » ។ គឺ​ដូច​ជា​ឈាម​នៃ​កូន​ចៀម​នៃ​បុណ្យ​រំលង​បាន​សង្គ្រោះ​ពួក​សាសន៍​អ៊ីស្រាអែល​ពី​សេចក្តី​មរណា ហើយ​បាន​នាំ​មក​នូវ​ការរំដោះ​ឲ្យ​រួច​ពី​ទេសភាព​នៃ​សាសន៍​អេស៊ីព្ទ នោះ​ព្រះនាម​នៃ « កូនចៀម​របស់​ព្រះ » ធ្វើ​ជា​និមិត្ត​សញ្ញា​ថា ព្រះយេស៊ូវ​នឹង​ច្រូច​ព្រះលោហិត​ទ្រង់​ដើម្បី​សង្គ្រោះ​រាស្ត្រ​ទ្រង់ ហើយ​រំដោះ​ពួកគេ​ឲ្យ​រួច​ផុត​ពី​អំពើ​បាប ។

យ៉ូហាន ១:៣៥-៥១

ព្រះយេស៊ូវ​អញ្ជើញ​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​រៀន​បន្ថែម​ទៀត​ពី​ទ្រង់

សូម​ស្រមៃ​ថា​យុវវ័យ​ម្នាក់​ចូលរួម​ការប្រជុំ​តមអាហារ និង ថ្លែងទីបន្ទាល់ ស្តាប់​ឮ​មិត្តភក្តិ​ជា​ច្រើន​ថ្លែង​ទីបន្ទាល់​ថា ពួកគេ​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្លួន ។ យុវវ័យ​ម្នាក់​នេះ​ឆ្ងល់​ពី​របៀប​ដែល​មិត្តភក្តិ​ទាំង​នោះ « ដឹង » រឿង​ទាំង​នោះ ។ សូមគិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​សំណួរ​បែប​នេះ ។

នៅពេល​អ្នក​សិក្សា យ៉ូហាន ១:៣៥–៥១សូម​យកចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អំពី អ្វីដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល ឬ ពង្រឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ថា​ជា​អង្គ​សង្គ្រោះ​របស់​អ្នក ។

សូមអាន យ៉ូហាន ១:៣៥-៣៧ដោយ​រកមើល​​អ្វី​ដែល​យ៉ូហាន បាទីស្ទ​បាន​និយាយ​ទៅកាន់​កូន​សិស្ស​ពីរ​នាក់​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​រួច ។

បន្ទាប់មក​សូម​អាន យ៉ូហាន ១:៣៨-៣៩ដោយ​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​កូន​សិស្ស​ទាំងពីរ​នាក់ និង របៀប​ដែល​ពួកគេ​បាន​ឆ្លើយតប ។

តើ​ព្រះយេស៊ូវ​បាន​ប្រទាន​ការអញ្ជើញ​អ្វី​ខ្លះ​ដល់​សិស្ស​ទាំង​ពីរ​នាក់​នោះ ?

សូម​អាន យ៉ូហាន ១:៤០–៤២។ នៅពេល​អ្នក​អាន សូម​គូសចំណាំ​នូវ​អ្វី​ដែល​បុរស​ម្នាក់​បាន​រៀន​បន្ទាប់​ពី​គាត់​បាន​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី « ចូរ​មក​ហើយ​មើល » ។

នៅក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ១:៤២ យើង​រៀន​ថា​ព្រះយេស៊ូវ​បាន​បន្ទូល​ថា ពេត្រុស​នឹង​ត្រូវបាន​ហៅ​ថា « កេផាស​គឺ​ប្រែថា អ្នក​មើល​ឆុត ឬ ថ្ម » ( នៅក្នុង យ៉ូហាន ១:៤២ លេខយោង) ដោយ​បង្ហាញ​ថា​ពេត្រុស​នឹង​ត្រូវ​ក្លាយ​ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​បើក​សម្តែង ។

សូមអាន យ៉ូហាន ១:៤៣-៤៦ដោយ​រកមើល​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​គឺ​ភីលីព​ឲ្យ​ធ្វើ ។

សូម​គូស​ចំណាំ​ពាក្យ​នៅក្នុង ខ ៤៥ ដែល​បង្ហាញ​ថា​ភីលីព​បាន​ទទួល​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ បន្ទាប់​ពី​លោក​បាន​ទទួល​ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ធ្វើ​តាម​ទ្រង់ ។ តើ​ក្រោយ​មក​ការអញ្ជើញ​អ្វី​ខ្លះ ដែល​ភីលីព​បាន​ផ្តល់​ដល់​ណាថាណែល ?

សូម​ស្រាវជ្រាវ យ៉ូហាន ១:៤៧-៥១ដោយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​ណាថាណែល​បាន​ទទួល​យក​ការអញ្ជើញ​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​ដំណើរ​រឿង​ទាំងនេះ សូម​បំពេញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​ទទួល​យក​ការអញ្ជើញ​ឲ្យ​រៀន និង ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ទទួល

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដបពីរ​នាក់ សូម​រកមើល​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ទទួល​ការអញ្ជើញ​ឲ្យ​រៀន ហើយ​ធ្វើ​តាម​ព្រះអម្ចាស់ ៖ « វា​ទំនង​ថា អត្ថន័យ​ដ៏សំខាន់​បំផុត​នៃ​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង និង ចម្លើយ​នានា​ចំពោះ​សំណួរ​សំខាន់ៗ​បំផុត​នៅក្នុង​ជីវិត​គឺ​ត្រូវបាន​មើល​ឃើញ​នៅ​ក្នុង​កត្តា​ដ៏​សង្ខេប​ទាំង​ពីរ​នេះ​ក្នុងឆាក​ចាប់ផ្ដើម​នៃ​ការ​បម្រើ​ក្នុង​ជីវិត​លើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ ។ កត្តា​ទីមួយ​គឺ​ជា​សំណួរ​មួយ​ឃ្លា​ដែល​មាន​ចំពោះ​យើង​នៅលើ​ផែនដី នេះ ៖ ‹ តើ​អ្នក​ស្វែងរក​អី ? តើ​អ្នក​ចង់​បាន​អ្វី ? › ទីពីរ​គឺ​ជា​ចម្លើយ​របស់​ទ្រង់​ចំពោះ​ចម្លើយ​របស់​យើង ទោះបីជា​ចម្លើយ​នោះ​វា​ជា​អ្វី​ក៏​ដោយ ។ មិនថា​យើង​ជា​នរណា ហើយ​យើង​ឆ្លើយ​តប​ដោយ​របៀប​ណា​នោះ​ទេ ចម្លើយ​របស់​ទ្រង់​គឺ តែងតែ ដូចគ្នា​ជានិច្ច ៖ ‹ ចូរមក​ចុះ› ទ្រង់​មាន​បន្ទូល​ដោយ​ក្តីស្រឡាញ់ ។ ‹ ចូរ​មក​តាម​ខ្ញុំ ›។ ទីណា​ក៏​ដោយ​ដែល​អ្នក​នឹង​ទៅ រឿង​ដំបូង​នោះ សូម​មក ហើយ​មើល​អ្វី​ដែល​យើង​ធ្វើ និង ពី​របៀប​ដែល​យើង​ចំណាយ​ពេល​វេលា​របស់​យើង ។ ចូរ​រៀន​ពី​ខ្ញុំ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ ចូរ​និយាយ​ជាមួយ​យើង​ចុះ សូម​ជឿ​ចុះ ។ សូម​ស្ដាប់​ខ្ញុំ​អធិស្ឋាន ។ ជា​ផល​តបស្នង​មក​វិញ អ្នក​នឹង​រកឃើញ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក ។ ព្រះ​នឹង​នាំ​នូវ​ការសម្រាក​ដល់​ព្រលឹង​អ្នក ។ ចូរ​មក​តាម​ខ្ញុំ » (« He Hath Filled the Hungry with Good Things » Ensign ខែ ​វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៦៥ ) ។

យោង​តាម​សេចក្តី​ថ្លែង​ចុងក្រោយ​របស់​អែលឌើរ ហូឡិន តើ​ពរជ័យ​ពីរ​ដែល​យើង​នឹង​ទទួល​បាន​នោះ​គឺ​ជា​អ្វី នៅពេល​យើង​ទទួល​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី « ចូរ​មក​ហើយ​មើល ? »

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ទីបន្ទាល់​របស់​អ្នក​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កើន​ឡើង​តាម​របៀប​ណា​ខ្លះ នៅពេល​អ្នក​បាន​រៀន និង បាន​ធ្វើ​តាម​ទ្រង់​នោះ ?

សូម​ពិចារណា​ពី​កិច្ចខិតខំ​ផ្ទាល់​របស់​អ្នក​ដើម្បី​រៀន​ពី​ព្រះយេស៊ូវ និង ធ្វើ​តាម​ទ្រង់ ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​កាន់តែ​ទទួល​យក​ពេញ​លេញ​នូវ​ការអញ្ជើញ​ឲ្យ​មក​ធ្វើ​តាម​ទ្រង់ ដើម្បី​ឲ្យ​សេចក្តីជំនឿ និង ទីបន្ទាល់​របស់​អ្នក​នឹង​រីកចម្រើន ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖