បណ្ណាល័យ
មេរៀន​ទី ១៣ ថ្ងៃទី ៣ ៖ យ៉ូហាន ៤


មេរៀន​ទី ១៣ ៖ ថ្ងៃ​ទី ៣

យ៉ូហាន ទី ៤

សេចក្តីផ្ដើម

ខណៈដែល​យាង​ទៅ​ស្រុក​កាលីឡេ ព្រះយេស៊ូវ​បាន​ឆ្លង​កាត់​ស្រុក​សាម៉ារី ហើយ​បង្រៀន​ស្ត្រី​ម្នាក់​នៅ​ឯ​អណ្តូង​ទឹក ។ ស្ត្រី​នោះ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ។ ក្រោយ​មក​ព្រះយេស៊ូវ​បាន​ព្យាបាល​កូន​ប្រុស​បុរស​ត្រកូល​ខ្ពង់ខ្ពស់​ម្នាក់ ។

យ៉ូហាន ៤:១-៤២

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់

សូម​គិត​ពី​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​ធនធាន​ធម្មជាតិ​អ្វី​ដែល​មាន​តម្លៃ​បំផុត​នៅលើ​ផែនដី​នេះ ? នៅពេល​អ្នក​គិត​អំពី​ចម្លើយ​របស់​អ្នក សូម​ពិចារណា​ពី​ធនធាន​ធម្មជាតិ​ដូច​ជា ដី ដែក ធ្យូង​ថ្ម ប្រេង មាស និង ពេជ្រ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« យើង​អាច​គិត​ជាមុន​ថា មាស ប្រេង ឬ ពេជ្រ​មាន​តម្លៃ​ខ្លាំង​បំផុត ។ ប៉ុន្តែ​ក្រៅ​ពី​ជាតិ​ខនិច ដែក ត្បូង​ច្នៃ​ហើយ និង ធាតុ​រំលាយ​នានា​ដែល​មាន​នៅលើ​ដី និង ក្នុង​ដី នោះ​ទឹក​គឺ​មាន​តម្លៃ​ខ្លាំង​បំផុត ។

« ជីវិត​មាន​ប្រភព​មក​ពី​ទឹក ។ « ជីវិត​ត្រូវបាន​គាំពារ​ដោយ​ទឹក ។ ទឹក​គឺ​ជា​ធាតុ​មធ្យម​មួយ​ដែល​ត្រូវការ ដើម្បី​ធ្វើ​កិច្ចការ​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ទម្រង់​ទាំងអស់​នៃ​ជីវិត ។ រូប​កាយ​របស់​យើង​មាន​ទឹក​ប្រមាណ​ជា​ពីរ​ភាគ​បី ។ ចំណែក​ឯ​មនុស្ស​អាច​រស់នៅ​បាន​ច្រើន​ថ្ងៃ ឬ ច្រើន​សប្តាហ៍​ដោយ​គ្មាន​អាហារ ជាទូទៅ​មនុស្ស​ម្នាក់​នឹង​ស្លាប់​ក្នុង​រង្វង់​តែ​បី ឬ បួន​ថ្ងៃ​បើ​គ្មាន​ទឹក ។ របាយ​នៃ​បណ្តុំ​មនុស្ស​ដ៏​ច្រើន​បំផុត​នៅលើ​ពិភពលោក​គឺ​មាន​ទីតាំង​នៅ​ក្បែរ​ប្រភព​ទឹក​សាប ។ និយាយ​ដោយ​សាមញ្ញ​ទៅ ជីវិត​ពុំ​អាច​រស់នៅ​បាន​ដោយ​គ្មាន​ការផ្គត់ផ្គង់​ទឹក​ស្អាត​គ្រប់គ្រាន់​ឡើយ » (« A Reservoir of Living Water » [ Church Educational System fireside for young adults ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ១ lds.org/broadcasts) ។

នៅពេល​អ្នក​សិក្សា យ៉ូហាន ៤សូម​រក​មើល​ថា​ទឹក​បែប​ណា​ដែល​ចាំបាច់​សម្រាប់​វិញ្ញាណ​របស់​អ្នក ហើយ​ថា​តើ​អ្នក​អាច​រក​ធនធាន​ដ៏​មាន​តម្លៃ​នោះ​ពី​កន្លែង​ណា ។

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ យ៉ូហាន ៤:១-៤ ( នៅក្នុង Bible appendix ) យើង​រៀន​ថា​ទាំង​ព្រះយេស៊ូវ និង ពួក​សិស្ស​របស់​ទ្រង់​បាន​ជ្រមុជទឹក ។

ព្រះយេស៊ូវ​បាន​យាង​ចេញ​ពី​ស្រុក​យូដា ហើយ​យាង​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ ។ សូម​អាន យ៉ូហាន ៤:៤ដោយ​រកមើល​កន្លែង​ដែល​ទ្រង់​បាន​ឆ្លង​កាត់​ខណៈ​ដែល​ទ្រង់​យាង​ទៅ​ស្រុក​កាលីឡេ ។

សូមមើល​ផែនទី​នៃ​ព្រះគម្ពីរប៊ីប លេខ ១១ « ដែន​ដី​បរិសុទ្ធ​នៅក្នុង​ជំនាន់​គម្ពីរ​សញ្ញា​ថ្មី » ហើយ​ប្រាប់​ពី​ទីតាំង​នៃ​ស្រុក​យូដា ស្រុក​សាម៉ារី និង ស្រុក កាលីឡេ ។

រូបភាព
ផែនទី ដែន​ដី​បរិសុទ្ធ​នៅក្នុង​ជំនាន់​គម្ពីរ​សញ្ញា​ថ្មី

ជាទូទៅ​ពួក​សាសន៍​យូដា​ធ្វើ​ដំណើរ​វាង​ស្រុក​សាម៉ារី​ជាជាង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​នោះ​ដោយ​សារ​ភាព​ជា​សត្រូវ​ដែល​មាន​រវាង​សាសន៍​យូដា និង សាសន៍​សាម៉ារី ( សូមមើល Bible Dictionary « Samaritans ») ។ ព្រះយេស៊ូវ​បាន​ជ្រើសរើស​យាង​កាត់​ស្រុក​សាម៉ារី​ជាជាង​វាង​​ពី​ស្រុក​នោះ ។

សូម​អាន យ៉ូហាន ៤:៥-៩ដោយ​រកមើល​អ្វី​ដែល​កើត​ឡើង​នៅពេល​ព្រះយេស៊ូវ​បាន​ឈប់​គង់​នៅ​ឯ​អណ្តូង​ក្បែរ​ទីក្រុង​ស៊ូខារ​នៅ​ស្រុង សាម៉ារី ។ ( ឃ្លា « ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ » នៅក្នុង ខ ៦ មាន​ន័យ​ថា​វា​នៅ​អំឡុង​ថ្ងៃ​ត្រង់ ) ។ សូម​កត់សម្គាល់​ពី​ការ​ភ្ញាក់​ផ្អើល​របស់​ស្ត្រី​នោះ នៅពេល​ព្រះយេស៊ូវ​បាន​សូម​ទឹក​នាង​ផឹក ។

សូម​អាន យ៉ូហាន ៤:១០–១២ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ​ស្ត្រី​នោះ ។

រូបភាព
ព្រះយេស៊ូវ និង ស្ត្រី​នៅ​ឯ​អណ្ដូង​ទឹក

តើ​ទ្រង់​បាន​សុំ​អ្វី​ពី​នាង ?

នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ឃ្លា « ​អំណោយ​ទាន​នៃ​ព្រះ » នៅក្នុង ខ ១០គឺ​ទ្រង់​កំពុង​មាន​បន្ទូល​ពី​ខ្លួន​ទ្រង់​ថា​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក និង ប្រភព​នៃ​ទឹក​រស់ ។

សូម​អាន យ៉ូហាន ៤:១៣-១៤ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ទឹក​ដែល​ទ្រង់​បាន​សុំ ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ដើម្បី​យល់​កាន់តែ​ប្រសើរ​ពី​អ្វី​ដែល​តំណាង​ឲ្យ​ទឹក​រស់​នោះ​សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ បែដណា ៖ « ទឹករស់​ដែល​បាន​និយាយ​នៅក្នុង​រឿង​នេះ​គឺ​តំណាង​ឲ្យ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ ។ ហើយ​ដោយសារ​ទឹក​វា​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត​ឲ្យរស់ នោះ​ព្រះអង្គសង្គ្រោះ និង គោលលទ្ធិ គោលការណ៍ ព្រម​ទាំង​ពិធី​បរិសុទ្ធ​របស់​ទ្រង់​គឺ​ចាំបាច់​សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច ។ អ្នក និង រូប​ខ្ញុំ​ត្រូវការ​ទឹក​រស់​របស់​ទ្រង់​រាល់​ថ្ងៃ ហើយ​វា​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ការរីកចម្រើន និង ការអភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ខាង​វិញ្ញាណ​របស់​យើង » (« A Reservoir of Living Water »២ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​ទឹក​មួយ​ពែង ហើយ​ដាក់​ឈ្មោះ​វា ៖ ព្រះអង្គ​សង្គ្រោះ និង ដំណឹង​ល្អ​ទ្រង់ ។ ក្រោយ​មក​សូម​សរសេរ​ពី​មូលហេតុ​ដែល​ទឹក​ជា​និមិត្ត​ដ៏​សមរម្យ​នៃ​ព្រះអង្គសង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ។

ដោយ​មាន​និមិត្ត​សញ្ញា​នេះ​នៅក្នុង​ចិត្ត​សូម​អាន យ៉ូហាន ៤:១៤ ម្តង​ទៀត ហើយ​ពិចារណា​ថា​គោលការណ៍​អ្វី​ដែល​យើង​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង ដំណឹង​ល្អ​របស់​ទ្រង់ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រកឃើញ​ចេញ​ពី​ខគម្ពីរ​នេះ​គឺ​ថា ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​ទាន​ដំណឹង​ល្អ​របស់​ទ្រង់​ដោយ​ចិត្ត​ស្មោះត្រង់ នោះ​យើង​នឹង​អាច​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​គិត​អំពី​ការសរសេរ​គោលការណ៍​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ។

សូមអាន យ៉ូហាន ៤:១៥-១៨ដោយ​រកមើល​នូវ​អ្វី​ដែល​ស្ត្រីម្នាក់​នោះ​បាន​ស្នើសុំ​ពី​ព្រះយេស៊ូវ និង របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប ។ សូម​គិត​ពី​របៀប​ដែល​ស្ត្រី​នេះ​ត្រូវការ​ទឹក​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ ។

ចម្លើយ​របស់​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ទ្រង់​បាន​ស្គាល់​ស្ថានភាព​របស់​ស្ត្រី​ម្នាក់​នោះ ។

តើ​គំនិត ឬ អារម្មណ៍​បែប​ណា​ដែល​ស្ត្រី​ម្នាក់​នេះ​អាច​មាន នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​សម្តែង​ព័ត៌មាន​លម្អិត​អំពី​នាង ដែល​ទ្រង់​ជា​ជន​ចម្លែក​ដែល​នាង​មិន​ដែល​ស្គាល់ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះយេស៊ូវ​គ្រីស្ទ​ត្រាស់​ដឹង​ពី​អំពើ​បាប​របស់​យើង ហើយ​បាន​ប្រទាន​ដល់​យើង​នូវ​ដំណឹង​ល្អ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​វា ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង និង យល់​ពី​សេចក្តីពិត​នេះ ?

សូមអាន យ៉ូហាន ៤:១៩-២០ដោយ​រកមើល​នូវ​អ្វី​ដែល​ស្ត្រី​នោះ​បាន​និយាយ​ទៅ​កាន់​ព្រះយេស៊ូវ ដែល​បង្ហាញ​ថា​ការយល់​ដឹង​របស់​នាង​អំពី​ទ្រង់​បាន​ផ្លាស់ប្តូរ ។

នៅក្នុង​ស្រុក​សាម៉ារី​មាន​ភ្នំ​មួយ​ឈ្មោះ​កេរិស៊ីម ។ ជា​ច្រើន​សតវត្សរ៍​ពីមុន​ការបម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ នោះ​សាសន៍​សាម៉ារី​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនោះ​ទុក​ជា​ទី​ថ្វាយ​បង្គំ ។ ប៉ុន្តែ​មិន​ដូច​ជា​សាសន៍​យូដា​ឡើយ សាសន៍​សាម៉ារី​ពុំ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នានា​ឡើយ ហើយ​ពួកគេ​បាន​បដិសេធ​ការបង្រៀន​ជា​ច្រើន​ពី​ព្យាការី​នៃ​ព្រះ ។

សូម​អាន យ៉ូហាន ៤:២១–២៤ និង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៤:២៦ ( នៅក្នុង យ៉ូហាន ៤:២៤ លេខយោង) ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ស្ត្រី​នោះ​អំពី​ការថ្វាយ​បង្គំ​ព្រះ ។

ស្របតាម ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ តើ​ពរជ័យ​អ្វីខ្លះ​នឹង​ទទួល​បាន នៅពេល​ពេល​យើង​ថ្វាយ​បង្គំ​ព្រះ​នៅក្នុង « វិញ្ញាណ និង សេចក្តីពិត ? »

ចេញ​ពី​ខគម្ពីរ​ទាំងនេះ​យើង​រៀន​ថា ប្រសិនបើ​យើង​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅក្នុង​វិញ្ញាណ និង សេចក្តីពិត នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​ពួក​យើង​នៅក្នុង​វិញ្ញាណ​របស់​ទ្រង់ ។

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​រកមើល និង គូស​ចំណាំ​ពី​អត្ថន័យ​នៃ​ការថ្វាយបង្គំ​ព្រះវរបិតា​នៅក្នុង​វិញ្ញាណ និង សេចក្តីពិត ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« គោលបំណង​របស់​យើង​គឺ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត និង មាន​ព្រះជន្ម​រស់ ហើយ​ធ្វើ​កិច្ចការ​នោះ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ និង តាម​របៀប​ដែល​ទ្រង់​បាន​តាំង​ឡើង ។ ការយល់​ព្រម​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​នោះ​បាន​ដឹកនាំ​ទៅ​រក​សេចក្តី​សង្គ្រោះ ភក្តីភាព​ដែល​បាន​ផ្តល់​ឲ្យ​ដល់​ព្រះ​ក្លែងក្លាយ និង ដែល​មិន​បាន​ស្ថាបនា​នៅ​លើ​សេចក្តីពិត​អស់​កល្ប​ពុំ​មាន​នូវ​ការ​ធានា​អះអាង​បែប​នេះ​ឡើយ ។

« ចំណេះ​ដឹង​នៃ​សេចក្តីពិត​នេះ​គឺ​ចាំបាច់​ចំពោះ​ការថ្វាយ​បង្គំ​ដ៏​ពិត​នេះ ។ …

« …សេចក្តីពិត និង ការថ្វាយ​បង្គំ​ដ៏​ឥត​ខ្ចោះ រួម​មាន​នៅក្នុង​ជំហាន​នានា​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ វា​មាន​នៅក្នុង​ការរក្សា​ព្រះបញ្ញត្តិ ព្រមទាំង​ការគោរព​តាម​ព្រះឆន្ទៈ​នៃ​ព្រះវរបិតា ទៅ​នឹង​កម្រិត​នោះ ដែល​យើង​រីកចម្រើន​ពី​ព្រះគុណ​ថែម​លើ​ព្រះគុណ រហូត​ដល់​យើង​បាន​សិរីរុងរឿង​នៅក្នុង​ព្រះគ្រីស្ទ ដូច​ដែល​ទ្រង់​នៅក្នុង​ព្រះវរបិតា​ទ្រង់​ដែរ ។ វា​លើស​ពី​ការគ្រាន់តែ​អធិស្ឋាន និង បង្រៀន ព្រម​ទាំង​ច្រៀង​ទៅ​ទៀត ។ វា​គឺ​ជា​ការរស់នៅ​តាម ហើយ​ធ្វើតាម និង គោរព​តាម ។ វា​គឺ​ជា​ការប្រឹង​ធ្វើ​តាម​ជីវិត​នៃ​អង្គ​ជា​គំរូ​ដ៏​អស្ចារ្យ [ ព្រះយេស៊ូវ​គ្រីស្ទ ] » (« How to Worship » Ensign ខែ ធ្នូ ឆ្នាំ ១៩៧១ ទំព័រ ១២៩–៣០ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពេលណា​ដែល ដែល​ការថ្វាយ​បង្គំ​របស់​អ្នក បាន​អញ្ជើញ​ព្រះវិញ្ញាណ​ដើម្បី​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក ?

    2. ស្របតាម​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ម៉ាក់ខនឃី តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅក្នុង​វិញ្ញាណ និង សេចក្តីពិត​បាន​កាន់តែ​ប្រសើរ​នោះ ? ( សូម​សរសេរ​គោលដៅ​មួយ​នូវ​អ្វី​ដែល​អ្នក​ធ្វើ​វា​បាន​កាន់តែ​ប្រសើរ​ឡើង​ក្នុង​របៀប​មួយ​ដ៏​ពិសេស ) ។

សូម​អាន យ៉ូហាន ៤:២៥-២៦ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បើក​សម្តែង​អំពី​ព្រះអង្គ​ទ្រង់​ចំពោះ​ស្ត្រី​នោះ ។

សូមអាន យ៉ូហាន ៤:២៧-៣០ដោយ​រកមើល​អ្វី​ដែល​ស្ត្រី​ម្នាក់​នោះ​បាន​ធ្វើ​បន្ទាប់​ពី​បាន​ជជែក​ជាមួយ​ព្រះអង្គ​សង្គ្រោះ ។

តើ​គាត់​បាន​និយាយ​អ្វី​ខ្លះ ដែល​បង្ហាញ​ថា​គាត់​បាន​ទទួល​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

ចេញ​ពី​ដំណើរ​រឿង​នេះ​យើង​អាច​រៀន​ថា នៅពេល​យើង​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​ដើម្បី​ចែកចាយ​វា​ដល់​មនុស្ស​ដទៃ​ទៀត ។

នៅក្នុង យ៉ូហាន ៤:៣១–៣៧ យើង​អាន​ថា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ត្រឡប់​មក​វិញ​ដោយ​មាន​អាហារ ។ នៅពេល​ពួកគេ​បាន​អញ្ជើញ​ឲ្យ​ទ្រង់​សោយ​អាហារ នោះ​ទ្រង់​បាន​បង្រៀន​ពួកគេ​ថា ទ្រង់​ត្រូវបាន​ទ្រទ្រង់​ឲ្យ​រស់​ពុំ​មែន​ដោយ​ការសោយ​អាហារ​នោះ​ទេ ប៉ុន្តែ​ដោយ​ការធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​ទ្រង់​វិញ ។ ក្រោយ​មក​ទ្រង់​បាន​អញ្ជើញ​ពួកគេ​ឲ្យ​មើល​ឃើញ​ថា ឱកាស​នានា​ដើម្បី​ផ្សាយ​ដំណឹងល្អ​វា​មាន​ច្រើន​ណាស់ ។

សូម​អាន យ៉ូហាន ៤:៣៩–៤២ដោយ​រក​មើល​ឥទ្ធិពល​ដែល​ទីបន្ទាល់​របស់​ស្ត្រី​ម្នាក់​នោះ​មាន​លើ​ប្រជាជន​នៅក្នុង​ទីក្រុង​របស់​នាង ។

ស្របតាម យ៉ូហាន ៤:៤២តើ​ប្រជាជន​បាន​និយាយ​អ្វី​ដល់​ស្ត្រី​នោះ ?

យ៉ូហាន ៤:៤៣-៥៤

ព្រះយេស៊ូវ​ព្យាបាល​កូន​ប្រុស​របស់​បុរស​ត្រកូលខ្ពង់​​ខ្ពស់​ម្នាក់

យ៉ូហាន ៤:៤៣–៤៥ កត់ត្រា​ថា​ព្រះយេស៊ូវ​បាន​យាង​ចេញ​ពី​ស្រុង​សាម៉ារី ហើយ​បាន​យាង​ចូល​ស្រុក​កាលីឡេ ។ សូម​អាន យ៉ូហាន ៤:៤៦-៥៤ដោយ​រក​មើល​ថា​នរណា​ដែល​បាន​ជួប​ព្រះយេស៊ូវ និង ពរជ័យ​ដែល​បុគ្គល​នេះ​បាន​ស្វែងរក​ពី​ព្រះយេស៊ូវ ។

ដោយ​ផ្អែក​លើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បន្ទូល​នៅក្នុង ខ ៤៨ហេតុអ្វី​បាន​ជា​ទ្រង់​បាន​ពន្យា​ពេល​ក្នុង​ការ​ការប្រទាន​ពរ​ដល់​ការស្វែងរក​របស់​បុរស​ម្នាក់​នេះ ? តើ​បុរស​ម្នាក់​នេះ​បាន​បង្ហាញ​ថា​គាត់​ពុំ​ត្រូវការ​ទីសម្គាល់​មួយ​ដើម្បី​ជឿ​ដោយ​របៀប​ណា ?

ចេញ​ពី​ដំណើរ​រឿង​នេះ​យើង​អាច​រៀន​ថា នៅពេល​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ពុំ​ត្រូវការ​ទីសម្គាល់ នោះ​ព្រះអម្ចាស់​នឹង​បញ្ជាក់​ពី​សេចក្តីជំនឿ​របស់​យើង ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​បង្រៀន​ពី​សារៈ​សំខាន់​នៃ​ការព្យាបាល​របស់​កូន​ប្រុស​បុរស​ត្រកូល​ខ្ពង់​ខ្ពស់​ម្នាក់​នេះ ៖ « នេះ​គឺ​ជា​អព្ភូត​ហេតុដំបូង​គេ ដែល​បាន​ពិពណ៌នា​យ៉ាង​លម្អិត​នៅក្នុង​ដំណឹង​ល្អ ។ អព្ភូតហេតុ​ដែល​បាន​សម្តែង​ឡើង​នៅ​ពិធី​ជប់​លៀង​នៃ​បុណ្យ​រំលង និង អព្ភូតហេតុ​ទាំងអស់​ដែល​មាន​នៅ​ស្រុក​យូដា​គឺ​ពុំ​បាន​ពិពណ៌នា ឬ​ពន្យល់​ឡើយ ។ អព្ភូតហេតុ​នេះ—ការសម្តែង​លើក​ទីពីរ​នៅក្នុង​ស្រុក​កាណា—បន្ថែម​​ទំហំ​នៃការ​យល់​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​ទៅ​លើ​ការព្យាបាល​របស់​ព្រះយេស៊ូវ ដែល​យើង​ពុំបាន​ឃើញ​រហូត​មក​ដល់​ចំណុច​នេះ ។ ពិត​ណាស់​វា​គឺ​ជា​អព្ភូតហេតុ​ពីរ​ផ្សេង​គ្នា ៖ អព្ភូតហេតុ​មួយ​នោះ​គឺ​បាន​ព្យាបាល​រូបកាយ​នៃ​កូន​ប្រុស​ដែល​ពុំមាន​មុខ​នៅ​ទីនោះ ហើយ​មួយ​ទៀត​គឺ​បាន​ព្យាបាល​នូវ​ការឥត​ជំនឿ និង បាន​ដាំគ្រាប់​ពូជ​នៃ​សេចក្តីជំនឿ​នៅក្នុង​ដួងចិត្ត​នៃ​ឪពុក​ដែល​មាន​វត្តមាន​នៅ​ទីនោះ »​(The Mortal Messiah From Bethlehem to Calvary ភាគ​ទី ៤ [ ឆ្នាំ ១៩៧៩–៨១ ] ២:១២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​វា​សំខាន់​ថា​យើង​ត្រូវ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ពុំ​ចាំបាច់​ត្រូវការ​ទីសម្គាល់ ?

    2. តើ​ព្រះអម្ចាស់​បព្ជាក់​សេចក្តីជំនឿ​របស់​យើង​យ៉ាង​ដូចម្តេច នៅពេល​យើង​ជឿ​លើ​ទ្រង់​ដោយ​ស្មោះត្រង់​នោះ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖